Khmer Abridged Explanation of the Quran — Tevbe 9:1 – Hud 11:123
Contents
- Tevbe 9:1
- Tevbe 9:2
- Tevbe 9:3
- Tevbe 9:4
- Tevbe 9:5
- Tevbe 9:6
- Tevbe 9:7
- Tevbe 9:8
- Tevbe 9:9
- Tevbe 9:10
- Tevbe 9:11
- Tevbe 9:12
- Tevbe 9:13
- Tevbe 9:14
- Tevbe 9:15
- Tevbe 9:16
- Tevbe 9:17
- Tevbe 9:18
- Tevbe 9:19
- Tevbe 9:20
- Tevbe 9:21
- Tevbe 9:22
- Tevbe 9:23
- Tevbe 9:24
- Tevbe 9:25
- Tevbe 9:26
- Tevbe 9:27
- Tevbe 9:28
- Tevbe 9:29
- Tevbe 9:30
- Tevbe 9:31
- Tevbe 9:32
- Tevbe 9:33
- Tevbe 9:34
- Tevbe 9:35
- Tevbe 9:36
- Tevbe 9:37
- Tevbe 9:38
- Tevbe 9:39
- Tevbe 9:40
- Tevbe 9:41
- Tevbe 9:42
- Tevbe 9:43
- Tevbe 9:44
- Tevbe 9:45
- Tevbe 9:46
- Tevbe 9:47
- Tevbe 9:48
- Tevbe 9:49
- Tevbe 9:50
- Tevbe 9:51
- Tevbe 9:52
- Tevbe 9:53
- Tevbe 9:54
- Tevbe 9:55
- Tevbe 9:56
- Tevbe 9:57
- Tevbe 9:58
- Tevbe 9:59
- Tevbe 9:60
- Tevbe 9:61
- Tevbe 9:62
- Tevbe 9:63
- Tevbe 9:64
- Tevbe 9:65
- Tevbe 9:66
- Tevbe 9:67
- Tevbe 9:68
- Tevbe 9:69
- Tevbe 9:70
- Tevbe 9:71
- Tevbe 9:72
- Tevbe 9:73
- Tevbe 9:74
- Tevbe 9:75
- Tevbe 9:76
- Tevbe 9:77
- Tevbe 9:78
- Tevbe 9:79
- Tevbe 9:80
- Tevbe 9:81
- Tevbe 9:82
- Tevbe 9:83
- Tevbe 9:84
- Tevbe 9:85
- Tevbe 9:86
- Tevbe 9:87
- Tevbe 9:88
- Tevbe 9:89
- Tevbe 9:90
- Tevbe 9:91
- Tevbe 9:92
- Tevbe 9:93
- Tevbe 9:94
- Tevbe 9:95
- Tevbe 9:96
- Tevbe 9:97
- Tevbe 9:98
- Tevbe 9:99
- Tevbe 9:100
- Tevbe 9:101
- Tevbe 9:102
- Tevbe 9:103
- Tevbe 9:104
- Tevbe 9:105
- Tevbe 9:106
- Tevbe 9:107
- Tevbe 9:108
- Tevbe 9:109
- Tevbe 9:110
- Tevbe 9:111
- Tevbe 9:112
- Tevbe 9:113
- Tevbe 9:114
- Tevbe 9:115
- Tevbe 9:116
- Tevbe 9:117
- Tevbe 9:118
- Tevbe 9:119
- Tevbe 9:120
- Tevbe 9:121
- Tevbe 9:122
- Tevbe 9:123
- Tevbe 9:124
- Tevbe 9:125
- Tevbe 9:126
- Tevbe 9:127
- Tevbe 9:128
- Tevbe 9:129
- Yunus 10:1
- Yunus 10:2
- Yunus 10:3
- Yunus 10:4
- Yunus 10:5
- Yunus 10:6
- Yunus 10:7
- Yunus 10:8
- Yunus 10:9
- Yunus 10:10
- Yunus 10:11
- Yunus 10:12
- Yunus 10:13
- Yunus 10:14
- Yunus 10:15
- Yunus 10:16
- Yunus 10:17
- Yunus 10:18
- Yunus 10:19
- Yunus 10:20
- Yunus 10:21
- Yunus 10:22
- Yunus 10:23
- Yunus 10:24
- Yunus 10:25
- Yunus 10:26
- Yunus 10:27
- Yunus 10:28
- Yunus 10:29
- Yunus 10:30
- Yunus 10:31
- Yunus 10:32
- Yunus 10:33
- Yunus 10:34
- Yunus 10:35
- Yunus 10:36
- Yunus 10:37
- Yunus 10:38
- Yunus 10:39
- Yunus 10:40
- Yunus 10:41
- Yunus 10:42
- Yunus 10:43
- Yunus 10:44
- Yunus 10:45
- Yunus 10:46
- Yunus 10:47
- Yunus 10:48
- Yunus 10:49
- Yunus 10:50
- Yunus 10:51
- Yunus 10:52
- Yunus 10:53
- Yunus 10:54
- Yunus 10:55
- Yunus 10:56
- Yunus 10:57
- Yunus 10:58
- Yunus 10:59
- Yunus 10:60
- Yunus 10:61
- Yunus 10:62
- Yunus 10:63
- Yunus 10:64
- Yunus 10:65
- Yunus 10:66
- Yunus 10:67
- Yunus 10:68
- Yunus 10:69
- Yunus 10:70
- Yunus 10:71
- Yunus 10:72
- Yunus 10:73
- Yunus 10:74
- Yunus 10:75
- Yunus 10:76
- Yunus 10:77
- Yunus 10:78
- Yunus 10:79
- Yunus 10:80
- Yunus 10:81
- Yunus 10:82
- Yunus 10:83
- Yunus 10:84
- Yunus 10:85
- Yunus 10:86
- Yunus 10:87
- Yunus 10:88
- Yunus 10:89
- Yunus 10:90
- Yunus 10:91
- Yunus 10:92
- Yunus 10:93
- Yunus 10:94
- Yunus 10:95
- Yunus 10:96
- Yunus 10:97
- Yunus 10:98
- Yunus 10:99
- Yunus 10:100
- Yunus 10:101
- Yunus 10:102
- Yunus 10:103
- Yunus 10:104
- Yunus 10:105
- Yunus 10:106
- Yunus 10:107
- Yunus 10:108
- Yunus 10:109
- Hud 11:1
- Hud 11:2
- Hud 11:3
- Hud 11:4
- Hud 11:5
- Hud 11:6
- Hud 11:7
- Hud 11:8
- Hud 11:9
- Hud 11:10
- Hud 11:11
- Hud 11:12
- Hud 11:13
- Hud 11:14
- Hud 11:15
- Hud 11:16
- Hud 11:17
- Hud 11:18
- Hud 11:19
- Hud 11:20
- Hud 11:21
- Hud 11:22
- Hud 11:23
- Hud 11:24
- Hud 11:25
- Hud 11:26
- Hud 11:27
- Hud 11:28
- Hud 11:29
- Hud 11:30
- Hud 11:31
- Hud 11:32
- Hud 11:33
- Hud 11:34
- Hud 11:35
- Hud 11:36
- Hud 11:37
- Hud 11:38
- Hud 11:39
- Hud 11:40
- Hud 11:41
- Hud 11:42
- Hud 11:43
- Hud 11:44
- Hud 11:45
- Hud 11:46
- Hud 11:47
- Hud 11:48
- Hud 11:49
- Hud 11:50
- Hud 11:51
- Hud 11:52
- Hud 11:53
- Hud 11:54
- Hud 11:55
- Hud 11:56
- Hud 11:57
- Hud 11:58
- Hud 11:59
- Hud 11:60
- Hud 11:61
- Hud 11:62
- Hud 11:63
- Hud 11:64
- Hud 11:65
- Hud 11:66
- Hud 11:67
- Hud 11:68
- Hud 11:69
- Hud 11:70
- Hud 11:71
- Hud 11:72
- Hud 11:73
- Hud 11:74
- Hud 11:75
- Hud 11:76
- Hud 11:77
- Hud 11:78
- Hud 11:79
- Hud 11:80
- Hud 11:81
- Hud 11:82
- Hud 11:83
- Hud 11:84
- Hud 11:85
- Hud 11:86
- Hud 11:87
- Hud 11:88
- Hud 11:89
- Hud 11:90
- Hud 11:91
- Hud 11:92
- Hud 11:93
- Hud 11:94
- Hud 11:95
- Hud 11:96
- Hud 11:97
- Hud 11:98
- Hud 11:99
- Hud 11:100
- Hud 11:101
- Hud 11:102
- Hud 11:103
- Hud 11:104
- Hud 11:105
- Hud 11:106
- Hud 11:107
- Hud 11:108
- Hud 11:109
- Hud 11:110
- Hud 11:111
- Hud 11:112
- Hud 11:113
- Hud 11:114
- Hud 11:115
- Hud 11:116
- Hud 11:117
- Hud 11:118
- Hud 11:119
- Hud 11:120
- Hud 11:121
- Hud 11:122
- Hud 11:123
Tevbe 9:1
នេះគឺជាការកាត់ផ្តាច់ទំនាក់ទំនងរបស់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) និងជាការជូនដំណឹងពីការបញ្ចប់កិច្ចព្រមព្រៀងដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានចុះជាមួយនឹងពួកមុស្ហរីគីនក្នុងឧបទ្វីបអារ៉ាប់។
Tevbe 9:2
ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ធ្វើដំណើរនៅលើផែនដីរយៈពេលបួនខែដោយសុវត្ថិភាពចុះ ហើយចំពោះពួកអ្នក គឺគ្មានកិច្ចព្រមព្រៀង និងគ្មានសុវត្ថិភាពទៀតនោះទេបន្ទាប់ពី(រយៈពេលបួនខែ)នេះទៅ។ ហើយចូរពួកអ្នកដឹងច្បាស់ចុះថា ជាការពិតណាស់ ពួកអ្នកនឹងមិនអាចគេផុតពីទណ្ឌកម្មរបស់អល់ឡោះបាននោះឡើយប្រសិនបើពួកអ្នកនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿលើទ្រង់ដដែលនោះ។ ហើយចូរពួកអ្នកដឹងផងដែរថា ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគ្មានជំនឿអាប់ឱនតាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹកនៅក្នុងលោកិយនេះ និង(ធ្វើឲ្យពួកគេអាប់ឱន)តាមរយៈការ(ឲ្យពួកគេ)ចូលក្នុងឋាននរកនាថ្ងៃបរលោក។ ហើយរាប់បញ្ចូលក្នុងនេះផងដែរ រាល់អ្នកទាំងឡាយណាដែលបានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេ និងអ្នកទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជាទូទៅដោយគ្មានកំណត់ពេលវេលាជាក់លាក់។ រីឯអ្នកដែលបានចុះកិច្ចព្រមព្រៀងដោយមានកំណត់ពេលវេលាជាក់លាក់វិញនោះ បើទោះបីជាលើសរយៈពេលបួនខែក៏ដោយ ក៏ត្រូវបំពេញតាមកិច្ចព្រមព្រៀងឲ្យពួកគេរហូតដល់កិច្ចព្រមព្រៀងនោះផុតកំណត់ដែរ។
Tevbe 9:3
ហើយនេះជាសេចក្តីប្រកាសពីអល់ឡោះ និងជាសេចក្តីប្រកាសពីអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់នាថ្ងៃសម្លេះគួរហ្ពាន(ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ)ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនពាក់ព័ន្ធនឹងពួកមុស្ហរីគីនទៀតឡើយ ហើយអ្នកនាំសាររបស់ទ្រង់ក៏មិនពាក់ព័ន្ធនឹងពួកគេដូចគ្នាដែរ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សារភាពកំហុសពីទង្វើស្ហ៊ីរិករបស់ពួកអ្នកនោះ ពិតណាស់ការសារភាពកំហុសរបស់ពួកអ្នក គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប៉ុន្តែ ប្រសិនបើពួកអ្នកងាកចេញពីការសារភាពកំហុស ដូចនេះចូរពួកអ្នកដឹងចុះថា ពួកអ្នកពិតជាមិនអាចរួចផុតពីអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនអាចគេចផុតពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ដំណឹងអាក្រក់ដល់ពួកដែលគ្មានជំនឿនឹងអល់ឡោះចុះ នោះគឺទណ្ឌកម្មយ៉ាងឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេ។
Tevbe 9:4
លើកលែងតែពួកមូស្ហរីគីនទាំងឡាយណាដែលពួកអ្នកបានចុះកិច្ចព្រមព្រៀងជាមួយពួកគេ ហើយពួកគេអនុវត្តតាមកិច្ចព្រមព្រៀងនោះ និងមិនក្បត់ពួកអ្នកនូវប្រការណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់(ដើម្បី)ប្រឆាំងនឹងពួកអ្នកប៉ុណ្ណោះ គឺពួកគេត្រូវបានគេលើកលែងនូវច្បាប់ដូចខាងលើនេះ។ ដូច្នេះ ចូរពួកអ្នកបំពេញតាមកិច្ចសន្យានោះជាមួយពួកគេរហូតដល់ពេលកំណត់របស់វា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលគោរពកោតខ្លាចដែលអនុវត្តតាមបទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយដែលក្នុងនោះ ក៏មានការក្បត់ផងដែរ។
Tevbe 9:5
ហើយបើកាលណាខែពិសិដ្ឋដែលពួកអ្នកបានឲ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះបានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅកន្លែងណាក៏ដោយ ហើយចូរពួកអ្នកឡោមព័ទ្ធពួកគេក្នុងបន្ទាយរបស់ពួកគេ និងចាំឃ្លាំមើល(ពួនស្ទាក់)ពួកគេនៅតាមផ្លូវរបស់ពួកគេ។ តែប្រសិនបើពួកគេបានសារភាពកំហុសចំពោះអល់ឡោះពីទង្វើស្ហ៊ីរិក ហើយពួកគេប្រតិបត្តិសឡាត និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ជាការពិតណាស់ ពួកគេបានក្លាយជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម។ ហេតុនេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លាប់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tevbe 9:6
ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជួយការពាររូបគេនោះ ចូរអ្នកឆ្លើយតបចំពោះការស្នើសុំរបស់គេចុះដើម្បីឲ្យគេបានស្តាប់(ការសូត្រ)គម្ពីរគួរអាន។ ក្រោយមក ចូរអ្នកនាំគេទៅកាន់កន្លែងដែលមានសុវត្ថិភាពចុះ។ ការធ្វើដូចនេះ គឺដោយតែពួកមុស្ហរីគីន គឺជាក្រុមមួយដែលមិនយល់ដឹងពីសិទ្ធិទាំងឡាយនៅក្នុងសាសនានេះឡើយ។ ប្រសិនបើពួកគេបានដឹងអំពីវាតាមរយៈការស្តាប់ការសូត្រគម្ពីរគួរអាននោះ ជួនកាលពួកគេអាចទទួលបាននូវការចង្អុលបង្ហាញ(ពីអល់ឡោះ)។
Tevbe 9:7
មិនត្រឹមត្រូវទេដែលថាពួកមុស្ហរីគីនមានកិច្ចព្រមព្រៀងជាមួយ និងមានសុវត្ថិភាពពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ លើកលែងតែកិច្ចព្រមព្រៀងដែលពួកមុស្ហរីគីនទាំងនោះបានចុះជាមួយពួកអ្នក(ឱអ្នកមូស្លីម)នៅឯម៉ាស្ជិតហារ៉មនៅក្នុងកិច្ចព្រមព្រៀងហ៊ូហ្ទៃពីយ៉ះប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគេនៅតែគោរពកិច្ចព្រមព្រៀងដែលពួកគេបានចុះជាមួយពួកអ្នក ហើយពួកគេមិនរំលាយវាទេនោះ ដូច្នេះ ចូរពួកអ្នកគោរពកិច្ចព្រមព្រៀងជាមួយពួកគេវិញ និងមិនត្រូវរំលាយកិច្ចព្រមព្រៀងនោះទេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយដែលគោរពកោតខ្លាចដែលអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីប្រការដែលទ្រង់ហាមឃាត់។
Tevbe 9:8
តើពួកគេអាចមានកិច្ចព្រមព្រៀងនិងមានសុវត្ថិភាពយ៉ាងដូចម្តេច ខណៈពេលដែលពួកគេជាសត្រូវរបស់ពួកអ្នក ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក ពួកគេក៏មិនខ្វល់ថាពួកអ្នកជាសាច់ញាតិរបស់ពួកគេ និងមិនខ្វល់ថា(ពួកអ្នក)មានកិច្ចព្រមព្រៀងជាមួយពួកគេផងនោះ ផ្ទុយទៅវិញ ពួកគេនឹងឲ្យពួកអ្នកភ្លក្សរសជាតិទារុណយ៉ាងព្រៃផ្សៃនោះ? ពួកគេយល់ព្រមជាមួយពួកអ្នកតែនឹងពាក្យសម្តីផ្អែមល្ហែមដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តរបស់ពួកគេវិញ មិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ដូចនេះ ចូរអ្នកកុំទុកចិត្តចំពោះអ្វីដែលពួកគេនិយាយ។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលចេញពីការគោរពប្រតិបត្តិអល់ឡោះដោយសារតែពួកគេបានក្បត់កិច្ចសន្យា។
Tevbe 9:9
ពួកគេបានជំនួស និងបានផ្លាស់ប្តូរពីការដើរតាមបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ដែលក្នុងនោះ គឺមានការ(បង្គាប់ប្រើឲ្យ)គោរពតាមកិច្ចព្រមព្រៀង ជាមួយនឹងតម្លៃដ៏តិចតួចនៃទ្រព្យសម្បត្តិលោកិយដែលនាំពួកគេទៅកាន់(ការដើរតាម)ចំណង់តណ្ហា និងទំនើងចិត្តរបស់ពួកគេ។ ពិតណាស់ ពួកគេបានរារាំងខ្លួនពួកគេពីការដើរតាមសេចក្តីពិត និងបានប្រឆាំងចំពោះវា ព្រមទាំងរារាំងអ្នកដទៃពីសេចក្តីពិតនោះផងដែរ។ ពិតណាស់ ទង្វើរបស់ពួកគេដែលពួកគេបានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។
Tevbe 9:10
ពួកគេមិនខ្វល់ពីអល់ឡោះ មិនខ្វល់ពីសាច់ញាតិ ហើយក៏មិនខ្វល់ពីកិច្ចព្រមព្រៀងដែលបានចុះជាមួយអ្នកមានជំនឿនោះដែរ ព្រោះពួកគេស្ថិតនៅក្នុងភាពជាសត្រូវ។ ពិតណាស់ ពួកគេគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយសារតែការបំពាននិងភាពជាសត្រូវដែលពួកគេមាន។
Tevbe 9:11
ហើយប្រសិនបើពួកគេសារភាពកំហុសទៅកាន់អល់ឡោះពីការប្រឆាំងរបស់ពួកគេ និងបានពោលពាក្យសច្ចាទាំងពីរ(ស្ហាហាទះ) ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ពិតប្រាកដណាស់ ពួកគេបានក្លាយជាអ្នកមូស្លីមហើយ ហើយពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ពួកគេមានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏មានកាតព្វកិច្ច(ដែលត្រូវធ្វើ)ដូចពួកអ្នកដែរ ហើយគេមិនអនុញ្ញាតឲ្យពួកអ្នកសម្លាប់ពួកគេនោះទេ ពីព្រោះ (ការចូល)ឥស្លាមរបស់ពួកគេ គឺបានការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់ពួកគេ។ ហើយយើងនឹងបញ្ជាក់ និងបកស្រាយបំភ្លឺនូវបណ្តាវាក្យខណ្ឌរបស់យើងសម្រាប់ក្រុមដែលយល់ដឹង ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវា និងអាចជួយផ្តល់ផលប្រយោជន៍ដល់អ្នកដទៃក្រៅពីពួកគេថែមទៀត។
Tevbe 9:12
តែប្រសិនបើពួកមុស្ហរីគីនទាំងនោះបានរំលាយកិច្ចព្រមព្រៀងដែលពួកអ្នកបានចុះជាមួយពួកគេលើការបោះបង់ការប្រយុទ្ធក្នុងកំឡុងពេល(កំណត់)ដែលគេបានដឹងជាក់លាក់ ហើយពួកគេបានមើលងាយ និងមើលស្រាលសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ ពីព្រោះពួកគេគឺជាមេដឹកនាំនៃពួកប្រឆាំង។ ហើយគ្មានកិច្ចសន្យាអ្វីជាមួយពួកគេនោះទេ ហើយក៏គ្មានកិច្ចព្រមព្រៀងអ្វីដែលរារាំងពីការបង្ហូរឈាមពួកគេនោះដែរ។ ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ សង្ឃឹមថាពួកគេនឹងបញ្ឈប់ការប្រឆាំង ការក្បត់កិច្ចព្រមព្រៀង និងការមើលងាយរបស់ពួកគេមកលើសាសនាឥស្លាម។
Tevbe 9:13
ហេតុអ្វីបានជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចសន្យានិងកិច្ចព្រមព្រៀងរបស់ពួកគេ និងព្យាយាមប្រមូលផ្តុំគ្នានៅកន្លែងប្រជុំរបស់ពួកគេក្នុងគោលបំណងបណ្តេញអ្នកនាំសារមូហាំម៉ាត់ចេញពីក្រុងម៉ាក្កះ ដោយពួកគេបានផ្តើមប្រយុទ្ធជាមួយពួកអ្នកដំបូងគេបង្អស់ នៅពេលដែលពួកគេបានជួយអម្បួរហ្ពាកើរដែលជាសម្ព័ន្ធមិត្តរបស់ពួកគូរ៉័ស្ស ប្រយុទ្ធនឹងអម្បូរឃូហ្សាអះដែលជាសម្ព័ន្ធមិត្តរបស់អ្នកនាំសារមូហាំម៉ាត់នោះ? តើពួកអ្នកខ្លាចពួកគេឬបានជាពួកអ្នកមិនផ្តើមប្រយុទ្ធទៅលើពួកគេមុនដូច្នេះ? ពិតប្រាកដណាស់ គឺអល់ឡោះទេដែលសាកសមនឹងពួកអ្នកគោរពកោតខ្លាចយ៉ាងពិតប្រាកដនោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ។
Tevbe 9:14
ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងនោះចុះ។ ជាការពិតណាស់ ប្រសិនបើពួកអ្នកប្រយុទ្ធនឹងពួកគេនោះ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេដោយស្នាដៃរបស់ពួកអ្នក ដោយសារតែការសម្លាប់របស់ពួកអ្នកចំពោះពួកគេ។ ហើយទ្រង់នឹងធ្វើឲ្យពួកគេអាប់ឱន ដោយធ្វើឲ្យពួកគេចុះចាញ់ និងត្រូវបានចាប់ជាឈ្លើយសឹក។ ហើយទ្រង់នឹងជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ ដោយធ្វើឲ្យពួកអ្នកទទួលជោគជ័យលើពួកគេ ព្រមទាំងធ្វើឲ្យទុក្ខកង្វល់រសាយចេញពីដួងចិត្តក្រុមដែលមានជំនឿដែលមិនបានចូលរួមប្រយុទ្ធតាមរយៈអ្វីដែលបានកើតឡើងចំពោះសត្រូវរបស់ពួកគេនៃការសម្លាប់ ការចាប់ជាឈ្លើយសឹក ការទទួលបរាជ័យ និងការទទួលបានជ័យជម្នះរបស់អ្នកមានជំនឿទៅលើពួកគេ។
Tevbe 9:15
ហើយទ្រង់នឹងធ្វើឲ្យកំហឹងរសាយចេញពីដួងចិត្តខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿដោយឲ្យពួកគេទទួលបានជ័យជម្នះទៅលើសត្រូវរបស់ពួកគេ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកប្រឆាំង ប្រសិនបើពួកគេសារភាពកំហុស ដូចដែលបានកើតឡើងចំពោះអ្នកស្រុកម៉ាក្កះមួយចំនួននាថ្ងៃរំដោះ(ក្រុងម៉ាក្កះ)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះភាពសច្ចរបស់អ្នកដែលបានសារភាពកំហុសក្នុងចំណោមពួកគេ ហើយទ្រង់មហាគតិបណ្ឌិតបំផុតចំពោះការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
Tevbe 9:16
តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់បោះបង់(បណ្តោយ)ពួកអ្នកដោយមិនធ្វើការសាកល្បង(ពួកអ្នក)ឬ? ជាការពិតណាស់ ការសាកល្បង គឺជាមាគ៌ាមួយក្នុងចំណោមមាគ៌ាទាំងឡាយរបស់អល់ឡោះ។ ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង រហូតទាល់តែអល់ឡោះជាម្ចាស់ទ្រង់ដឹងយ៉ាងច្បាស់ ថាតើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នកដោយចិត្តស្មោះសចំពោះអល់ឡោះ ដែលពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
Tevbe 9:17
មិនមែនជាតួនាទីរបស់ពួកមុស្ហរីគីនឡើយក្នុងការកសាង ឬថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះដោយការគោរពសក្ការៈនិងការគោរពប្រតិបត្តិផ្សេងៗនោះ ខណៈដែលពួកគេជាអ្នកដែលទទួលស្គាល់ដោយខ្លួនឯងចំពោះភាពគ្មានជំនឿ តាមរយៈអ្វីដែលពួកគេបានស្តែងចេញអំពីវា(ភាពគ្មានជំនឿ)។ ពួកទាំងនោះ ទង្វើរបស់ពួកគេមិនបានផលឡើយដោយសារតែបាត់បង់នូវលក្ខខណ្ឌមួយនៃការទទួលយកទង្វើ នោះគឺការមានជំនឿ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងត្រូវចូលឋាននរកដោយត្រូវស្ថិតនៅទីនោះជាអមតៈ លើកលែងតែពួកគេបានសារភាពកំហុសពីទង្វើស្ហ៊ីរិករបស់ពួកគេមុនពេលដែលពួកគេស្លាប់ប៉ុណ្ណោះ។
Tevbe 9:18
តាមពិត អ្នកដែលសាកសមចំពោះការកសាង ឬថែទាំបណ្តាម៉ាស្ជិតនិងអនុវត្តនូវសិទ្ធិរបស់វានោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយ ហើយពួកគេមានជំនឿចំពោះថ្ងៃបរលោក ពួកគេប្រតិបត្តិសឡាត ពួកគេបរិច្ចាគហ្សាកាត់ទ្រព្យរបស់ពួកគេ ហើយពួកគេមិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះហើយ គឺជាអ្នកដែលគេសង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ រីឯពួកមុស្ហរីគីនវិញ ពួកគេឃ្លាតឆ្ងាយបំផុតពីរឿងនេះ។
Tevbe 9:19
តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកអ្នកដែលផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងអ្នកដែលថែទាំម៉ាស្ជិតហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយ និងមានជំនឿចំពោះថ្ងៃបរលោក ព្រមទាំងតស៊ូដោយខ្លួនរបស់គេនិងទ្រព្យសម្បត្តិរបស់គេដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកដែលប្រឆាំងទាបថោកឬ? តើពួកអ្នកចាត់ទុកពួកគេទាំងពីរក្រុមនេះមានភាពល្អប្រសើរស្មើគ្នា(ដូចគ្នា)ចំពោះអល់ឡោះជាម្ចាស់ឬ? គឺ(ពួកគេទាំងពីរក្រុម)មិនអាចស្មើគ្នាជាដាច់ខាតចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញពួកដែលបំពានតាមរយៈការធ្វើស្ហ៊ីរិកនោះឡើយ បើទោះបីជាពួកគេបានធ្វើអំពើល្អ ដូចជាផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជីក៏ដោយ។
Tevbe 9:20
បណ្តាអ្នកដែលមានទាំងជំនឿចំពោះអល់ឡោះ និងការភៀសខ្លួនពីទឹកដីគ្មានជំនឿទៅកាន់ទឹកដីឥស្លាម ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណនោះ គឺពួកគេមានឋានៈខ្ពង់ខ្ពស់បំផុតចំពោះអល់ឡោះជាងអ្នកដទៃទៀត។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យដោយទទួលបាននូវឋានសួគ៌។
Tevbe 9:21
អល់ឡោះជាម្ចាស់របស់ពួកគេបានផ្តល់ដំណឹងរីករាយដល់ពួកគេពីក្តីមេត្តាករុណារបស់ទ្រង់ និងការពេញចិត្តរបស់ទ្រង់ចំពោះពួកគេ ដោយទ្រង់នឹងមិនខឹងសម្បារចំពោះពួកគេជារៀងរហូត ហើយនិងផ្តល់ឲ្យពួកគេនូវឋានសួគ៌ ដែលមាននូវឧបការគុណជាអមតៈនៅក្នុងនោះដោយទីបញ្ចប់ឡើយ។
Tevbe 9:22
ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈដោយគ្មានទីបញ្ចប់ឡើយ ជាតបស្នងដល់ពួកគេចំពោះទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយ។ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេងបំផុតសម្រាប់អ្នកដែលគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការដែលទ្រង់ហាមឃាត់ដោយចិត្តស្មោះសចំពោះសាសនារបស់ទ្រង់។
Tevbe 9:23
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើតាមនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនបង្កើតរបស់ពួកអ្នក ក៏ដូចជាអ្នកផ្សេងទៀតក្រៅពីពួកគេទៀតក្នុងចំណោមសាច់ញាតិរបស់ពួកអ្នក ធ្វើជាអ្នកជំនិតនិងជាអ្នកគាំពាររបស់ពួកគេ ដោយ(ពួកអ្នក)ចែកចាយ ឬផ្សព្វផ្សាយនូវរឿងរ៉ាវអាថ៌កំបាំងរបស់អ្នកមានជំនឿនិងពិភាក្សាជាមួយពួកគេឲ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មានជំនឿជាងការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងខណៈដែលពួកគេនៅតែបន្តស្ថិតលើភាពគ្មានជំនឿ ហើយបង្ហាញក្តីស្រឡាញ់ទៅចំពោះពួកគេនោះ ពិតប្រាកដណាស់ គេបានប្រឆាំងនឹងអល់ឡោះ និងបានបំពានលើខ្លួនឯងហើយ ព្រោះតែគេបានបណ្តោយខ្លួនឲ្យធ្លាក់ក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រព្រឹត្តល្មើស។
Tevbe 9:24
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើឪពុកម្តាយរបស់ពួកអ្នក(ឱអ្នកមានជំនឿ) កូនចៅរបស់ពួកអ្នក បងប្អូនរបស់ពួកអ្នក ប្រពន្ធរបស់ពួកអ្នក សាច់ញាតិរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នករកបាន ហើយនិងជំនួញរបស់ពួកអ្នកដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងផលចំណេញរបស់វាហើយខ្លាចខាតបង់វា ព្រមទាំងលំនៅដ្ឋានរបស់ពួកអ្នកដែលពួកអ្នកពេញចិត្តក្នងការស្នាក់នៅក្នុងវានោះ ប្រសិនបើរបស់នេះ គឺជាទីស្រឡាញ់ពេញចិត្តរបស់ពួកអ្នកជាងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ារបស់ទ្រង់នោះ ចូរពួកអ្នករង់ចាំទណ្ឌកម្មដែលអល់ឡោះនឹងទម្លាក់ទៅលើពួកអ្នកចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមទ្រង់ឲ្យសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តនោះទេ។
Tevbe 9:25
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ឲ្យទទួលបានជ័យជម្នះទៅលើពួកមុស្ហរីគីនក្នុងសមរភូមិជាច្រើន ទោះបីជាពួកអ្នកមានគ្នាតិចនិងគ្រឿងសព្វាវុធទន់ខ្សោយក៏ដោយ នៅពេលដែលពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ ព្រមទាំងប្រកាន់យកនូវមូលហេតុទាំងឡាយ(ដែលនាំឲ្យទទួលជោគជ័យ)។ ហើយពួកអ្នកមិនត្រូវមានមោទនភាពនឹងចំនួនដ៏ច្រើនរបស់ពួកអ្នកនោះទេ ពីព្រោះចំនួន(ទ័ព)ដ៏ច្រើនរបស់ពួកអ្នកនោះ មិនមែនជាមូលហេតុដែលនាំឲ្យពួកអ្នកទទួលបានជ័យជម្នះលើពួកគេនោះទេ។ រីឯនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលកងទ័ពជាច្រើនរបស់ពួកអ្នកបានធ្វើឲ្យពួកអ្នកមានមោទនភាព ដោយពួកអ្នកបានពោលថាៈ នៅថ្ងៃនេះ ពួកយើងនឹងមិនទទួលបរាជ័យដោយសារតែពួកយើងមានគ្នាតិចទៀតនោះទេ។ ក៏ប៉ុន្តែ ចំនួនទ័ពដ៏ច្រើនរបស់ពួកអ្នកដែលធ្វើឲ្យពួកអ្នកមានមោទនភាពនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ដូច្នេះ សត្រូវរបស់ពួកអ្នកក៏បានយកឈ្នះលើពួកអ្នក ហើយផែនដីដែលធ្លាប់តែមានភាពទូលំទូលាយនោះ បែរជាមានភាពចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយចេញពីសត្រូវរបស់ពួកអ្នកដោយភាពបរាជ័យ។
Tevbe 9:26
បន្ទាប់មក ក្រោយពីពួកអ្នកបានរត់គេចពីសត្រូវរបស់ពួកអ្នកនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះភាពនឹងនរទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ ពួកគេក៏មានភាពនឹងនរលើការប្រយុទ្ធ(មានស្មារតីប្រយុទ្ធ)ឡើងវិញ។ ហើយទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដែលពួកអ្នកមិនបានឃើញពួកគេ(ឲ្យមកជួយពួកអ្នក) ព្រមទាំងបានដាក់ទណ្ឌកម្មទៅលើពួកប្រឆាំងនូវអ្វីដែលបានកើតឡើងចំពោះពួកគេ ដូចជាការសម្លាប់ ការចាប់ជាឈ្លើយសឹក ការរឹបអូសទ្រព្យសម្បត្តិនិងស្បៀងអាហាររបស់ពួកគេ។ ការតបស្នងដែលគេបានតបស្នងចំពោះពួកទាំងនោះ គឺជាការតបស្នងចំពោះពួកប្រឆាំងដែលបដិសេធអ្នកនាំសាររបស់ពួកគេ និងងាកចេញពីអ្វីដែលគាត់បាននាំមក។
Tevbe 9:27
បន្ទាប់មក ជនណាហើយដែលបានសារភាពកំហុសពីភាពគ្មានជំនឿ និងភាពវង្វេងរបស់គេក្រោយពីទទួលរងទណ្ឌកម្មនេះមក ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រលាញ់ចំពោះពួកគេដោយទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេក្រោយពីពួកគេបានប្រឆាំង និងបានប្រព្រឹត្តល្មើសចំពោះទ្រង់។
Tevbe 9:28
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយប្រតិបត្តិតាមនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកគេ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺគ្មានភាពជ្រះស្អាតនោះទេ(ណាជិស) ដោយសារតែពួកគេប្រឡាក់ទៅដោយភាពគ្មានជំនឿ ទង្វើអយុត្តិធម៌ សីលធម៌ដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងទម្លាប់ដែលអាក្រក់។ ហេតុនេះ ចូរកុំឲ្យពួកគេចូលក្នុងទឹកដីពិសិដ្ឋម៉ាក្កះឲ្យសោះ(ដែលក្នុងនោះដែរ គឺម៉ាស្ជិតហារ៉ម) ទោះបីជាពួកគេជាអ្នកធ្វើហាជ្ជី ឬជាអ្នកធ្វើអ៊ុមរ៉ោះក៏ដោយបន្ទាប់ពីឆ្នាំនេះទៅ ពោលគឺបន្ទាប់ពីឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ(បន្ទាប់ពីភៀសខ្លួន)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លាចក្រដោយសារតែការកាត់ផ្តាច់នូវអ្វីដែលពួកគេធ្លាប់នាំចូលទៅកាន់ពួកអ្នក ដូចជាចំណីអាហារ និងជំនួញផ្សេងៗជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះមហាដឹងបំផុតចំពោះស្ថានភពរបស់ពួកអ្នកដែលពួកអ្នកកំពុងស្ថិតនៅ និងមហាគតិបណ្ឌិតបំផុតចំពោះអ្វីដែលទ្រង់បានចាត់ចែងសម្រាប់ពួកអ្នក។
Tevbe 9:29
ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកប្រឆាំងក្នុងចំណោមពួកយូដានិងពួកណាសរ៉នីដែលពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយដោយគ្មានស្ហ៊ីរិកនឹងទ្រង់ ហើយគ្មានជំនឿចំពោះថ្ងៃបរលោក និងមិនចៀសវាងពីប្រការទាំងឡាយដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ចំពោះពួកគេ ដូចជា(ការបរិភោគ)សត្វស្លាប់តៃហោង សាច់ជ្រូក ស្រា និងប្រាក់ការ ហើយពួកគេមិនឱនលំទោនចំពោះបញ្ញត្តិច្បាប់របស់អល់ឡោះដែលទ្រង់បានដាក់ រហូតដល់ពួកគេព្រមបង់ពន្ធដោយផ្ទាល់ដៃរបស់ពួកគេដោយភាពចុះញ៉ម។
Tevbe 9:30
ជាការពិតណាស់ ទាំងពួកយូដា និងពួកណាសរ៉នី គឺជាពួកមុស្ហរីគីន(ពួកពហុទេពនិយម)។ ចំពោះពួកយូដា ពួកគេបានធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារពួកគេអះអាងថា ពិតណាស់ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកណាសរ៉នីវិញ ពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារតែពួកគេអះអាងថា ពិតណាស់ ម៉ាសៀហអ៊ីសា(ព្យាការីអ៊ីសា) គឺជាបុត្ររបស់អល់ឡោះ។ ពាក្យសម្តីដែលពួកគេបានប្រឌិតឡើងនេះ ពួកគេបាននិយាយវាចេញពីមាត់របស់ពួកគេដោយគ្មានភស្តុតាងបញ្ជាក់នោះឡើយ។ ហើយពាក្យសម្តីដែលពួកគេបានពោលនេះ គឺដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកមុស្ហរីគីនជំនាន់មុនពួកគេដែរ ដោយពួកគេបាននិយាយថាៈ ពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់នោះ គឺជាបុត្រី(កូនស្រី)របស់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានពោលនេះ ហើយអល់ឡោះក៏បានបំផ្លាញពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញពីសេចក្តីពិតដ៏ច្បាស់លាស់ទៅកាន់ភាពមិនពិតយ៉ាងដូចម្តេច?
Tevbe 9:31
ពួកយូដាបានយកអ្នកចេះដឹងរបស់ពួកគេ ហើយពួកណាសរ៉នីវិញបានយកបុព្វជិតរបស់ពួកគេធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេ(ពួកអ្នកចេះដឹងនិងពួកបុព្វជិត)បានអនុញ្ញាតដល់ពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះដាក់បម្រាមទៅលើពួកគេ និងបានដាក់បម្រាមចំពោះពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតចំពោះពួកគេ។ ហើយពួកណាសរ៉នីវិញ បានយកម៉ាសៀហអ៊ីសាកូនរបស់ម៉ារយ៉ាំធ្វើជាព្រះគោរពសក្ការៈរួមជាមួយនឹងអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មិនបានប្រើពួកអ្នកចេះដឹងក្នុងចំណោមពួកយូដា និងពួកបុព្វជិតក្នុងចំណោមពួកណាសរ៉នី ហើយក៏មិនបានប្រើអ៊ូហ្សៃរ៍ និងអ៊ីសាកូនម៉ារយ៉ាំឲ្យធ្វើការគោរពសក្ការៈចំពោះព្រះណាផ្សេងក្រៅពីគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះដែរ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះទេ ពីព្រោះ ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈតែមួយគត់ ដោយគ្មានព្រះដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីការមានដៃគូរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីន និងអ្នកផ្សេងពីពួកគេបានចោទប្រកាន់នោះ។
Tevbe 9:32
ពួកដែលប្រឆាំងទាំងនោះ និងអ្នកផ្សេងទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលស្ថិតនៅលើសាសនាណាមួយក្នុងចំណោមសាសនារបស់ពួកប្រឆាំងនោះ តាមរយៈការប្រឌិតរបស់ពួកគេនិងការបដិសេធរបស់ពួកគេចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកនេះ គឺពួកគេមានបំណងចង់បំបាក់ និងបំផ្លាញសាសនាឥស្លាម ព្រមទាំង(មានបំណងចង់)បំផ្លាញនូវបណ្តាអំណះអំណាងនិងភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលគេបាននាំមក។ ហើយពិតណាស់ អ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះ គឺជាការពិត។ ហើយអល់ឡោះមិនឲ្យ(គោលបំណងរបស់ពួកគេ)បានសម្រេចឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញសាសនារបស់ទ្រង់ និងធ្វើឲ្យវាលេចធ្លោឡើង ព្រមទាំងធ្វើឲ្យវាខ្ពង់ខ្ពស់ជាងសាសនាផ្សេងៗទៀតទាំងអស់ បើទោះបីជាពួកប្រឆាំងមិនពេញចិត្តចំពោះការដែលទ្រង់បំពេញសាសនារបស់ទ្រង់ ធ្វើឲ្យវាលេចធ្លោឡើង និងធ្វើឲ្យវាខ្ពង់ខ្ពស់ជាងសាសនាផ្សេងៗទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់ជាអ្នកបំពេញសាសនារបស់ទ្រង់ ជាអ្នកធ្វើឲ្យវាលេចធ្លោឡើង និងជាអ្នកធ្វើឲ្យវាខ្ពង់ខ្ពស់នោះដែរ។ ហើយនៅពេលដែលអល់ឡោះទ្រង់មានចេតនាលើកិច្ចការណាមួយនោះ ទ្រង់នឹងធ្វើឲ្យចេតនាឬគោលបំណងរបស់អ្នកដទៃក្រៅពីទ្រង់ គ្មានបានផលនោះឡើយ។
Tevbe 9:33
ហើយអល់ឡោះគឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដោយនាំមកនូវគម្ពីរគួរអានដែលវាជាការចង្អុលបង្ហាញដល់មនុស្ស និងនាំមកនូវសាសនាដ៏ពិត នោះគឺសាសនាឥស្លាម ដើម្បីឲ្យវាបានភាពខ្ពង់ខ្ពស់ជាងសាសនាដទៃទៀត តាមរយៈអំណះអំណាង ភស្តុតាង និងក្បួនច្បាប់ជាច្រើនដែលមាននៅក្នុងវា(សាសនាឥស្លាម) បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។
Tevbe 9:34
ឱបណ្តាអ្នកដែលមានជំនឿ និងបានអនុវត្តតាមច្បាប់បញ្ញត្តិដែលអល់ឡោះទ្រង់បានដាក់លើពួកគេ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតនៃពួកណាសរ៉នី គឺពួកគេយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់សាសនា(ដែលបានកំណត់) ដោយពួកគេយកទ្រព្យសម្បត្តិនេះ តាមរយៈការស៊ីសំណូកសូកប៉ាន់ និងផ្សេងៗទៀត ហើយពួកគេបានរារាំងមនុស្សពីការចូលសាសនារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមូលផ្តុំមាសនិងប្រាក់ ហើយពួកគេមិនបានចេញហ្សកាត់ដែលជាកាតព្វកិច្ចទៅលើពួកគេទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ពួកគេចុះពីរឿងអាក្រក់ដែលនឹងធ្លាក់លើពួកគេនៅថ្ងៃបរលោក នោះគឺទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Tevbe 9:35
នៅថ្ងៃបរលោក គេនឹងដុតអ្វីៗដែលពួកគេខិតខំប្រមូលទុកដោយមិនបានបំពេញសិទ្ធិរបស់វា(ដកហូតហ្សាកាត់)ទេនោះ ក្នុងភ្លើងនរកជើហាន់ណាំ។ នៅពេលដែលវាឡើងក្តៅហើយនោះ គេនឹងយកវាទៅដុតរោលលើថ្ងាស់របស់ពួកគេ ចំហៀងខ្លួនរបស់ពួកគេ និងខ្នងរបស់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ នេះហើយជាទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកប្រឹងប្រែងប្រមូលវាទុកដោយមិនបំពេញសិទ្ធិដែលជាកាតព្វកិច្ចចំពោះវានោះ។ ដូចនេះ ចូរពួកអ្នកភ្លក្សចុះនូវអ្វីដែលពួកអ្នកខិតខំប្រមូលវាទុកដោយមិនបំពេញសិទ្ធិរបស់វានោះ។ នេះហើយជាលទ្ធផលចុងក្រោយនៃការធ្វើដូច្នោះ។
Tevbe 9:36
ជាការពិតណាស់ ចំនួនខែក្នុងមួយឆ្នាំនៅក្នុងច្បាប់របស់អល់ឡោះ និងនៅក្នុងការកំណត់របស់ទ្រង់នោះ គឺមានចំនួនដប់ពីរខែ ហើយដែលអល់ឡោះបានចារទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូសតាំងពីថ្ងៃដំបូងដែលទ្រង់បានបង្កើតមេឃនិងផែនដីមកម្លេះ។ ក្នុងចំណោមខែទាំងដប់ពីរនោះ គឺមានបួនខែដែលជាខែដែលអល់ឡោះបានដាក់បម្រាមមិនឲ្យធ្វើសង្គ្រាមនៅក្នុងវានោះឡើយ ក្នុងនោះមានបីខែដែលនៅបន្តបន្ទាប់គ្នា(គឺខែហ្ស៊ុលក៏អ៊ីហ្ទះ ខែហ្ស៊ុលហ៊ិជ្ជះ និងខែមូហារ៉ម) និងមួយខែទៀតដែលនៅដាច់តែឯង (នោះគឺខែរ៉ហ្ជប់)។ ចំនួនខែក្នុងមួយឆ្នាំ និងការដាក់បម្រាមចំនួនបួនខែនៅក្នុងវាដែលបានលើកឡើងនោះ វានោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែបម្រាមទាំងនោះ តាមរយៈការធ្វើសង្គ្រាមនៅក្នុងវា ហើយធ្វើឲ្យខូចនូវបម្រាមរបស់វាឲ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នករាល់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាចទ្រង់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីបម្រាមទាំងឡាយណាដែលទ្រង់បានហាមឃាត់ តាមរយៈការជួយ និងការពង្រឹង(ឲ្យមានជំហរឹងប៉ឹង)។ ហើយជនណាដែលអល់ឡោះនៅជាមូយគេនោះ ពិតប្រាកដណាស់ គ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។
Tevbe 9:37
ជាការពិតណាស់ ការពន្យារ(លើកខែ)ខែបម្រាមទៅកាន់ខែផ្សេងដែលមិនមែនជាខែបម្រាម ហើយយកខែផ្សេងដែលមិនមែនជាខែបម្រាមមកធ្វើជាខែបម្រាម(ដូចដែលពួកអារ៉ាប់សម័យអវិជ្ជាបានធ្វើ)បែបនេះ គឺជាការបន្ថែមនូវភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះថែមទៀត ដោយសារតែពួកគេប្រឆាំងនឹងច្បាប់របស់អល់ឡោះក្នុងខែបម្រាម។ ហើយដោយសារការពន្យារ(លើកខែ)នេះ ស្ហៃតនបានធ្វើឲ្យពួកដែលប្រឆាំងនឹងអល់ឡោះវង្វេង ខណៈដែលវាបានបង្កើតនូវមាគ៌ានេះដល់ពួកគេ ដែលជាមាគ៌ាដ៏អាក្រក់ ដោយពួកគេបានអនុញ្ញាត(ឲ្យប្រយុទ្ធ)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសមកវិញនូវខែផ្សេងដែលមិនមែនជាខែបម្រាម ឬក៏ពួកគេរក្សាទុកការបម្រាមនេះដដែលទៅមួយឆ្នាំទៀត(នៅឆ្នាំបន្ទាប់)ដើម្បីឲ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឲ្យប្រយុទ្ធនោះ) បើទោះបីជាពួកគេធ្វើខុសពីខែដែលអល់ឡោះបានកំណត់នោះក៏ដោយ។ ដូច្នេះ ក្នុងខែបម្រាមណាដែលពួកគេអនុញ្ញាត(ឲ្យប្រយុទ្ធ) ពួកគេនឹងជំនួសកន្លែងរបស់វាដោយខែផ្សេង(ដែលមិនមែនជាខែបម្រាម)វិញ។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់ពាក់ព័ន្ធនឹងខែបម្រាមនោះ និងបានធ្វើផ្ទុយពីច្បាប់របស់វា។ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់នានា ហើយពួកគេក៏បានប្រព្រឹត្តនូវទង្វើនោះ ហើយក្នុងចំណោមនោះ គឺការដែលពួកគេបានបង្កើតឲ្យមាននូវការលើកខែនេះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះពួកដែលប្រឆាំងដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះឡើយ។
Tevbe 9:38
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអនុវត្តតាមអ្វីដែលគេដាក់បញ្ញត្តិច្បាប់លើពួកគេ! តើមានរឿងអ្វីចំពោះពួកអ្នកបានជានៅពេលដែលគេអំពាវនាវពួកអ្នកទៅកាន់ការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដើម្បីប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នក ពួកអ្នកបែរជាយឺតយ៉ាវ មិនរវាសរវៃ ហើយបន្តស្ថិតក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញដូចនេះ? តើពួកអ្នកពេញចិត្តទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរ ហើយភាពរីករាយរបស់វានឹងត្រូវកាត់ផ្តាច់នេះ ជាងការសោយសុខដ៏អមតៈនៅថ្ងៃបរលោកដែលអល់ឡោះបានរៀបចំវាសម្រាប់បណ្តាអ្នកដែលតស៊ូក្នុងមាគ៌ារបស់ទ្រង់ឬ? ជាការពិតណាស់ សុភមង្គលនៃឆាកជីវិតលោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះ តើអ្នកដែលមានប្រាជ្ញាស្មារតីជ្រើសរើសយករបស់ដែលនឹងវិនាសដោយបោះបង់របស់ដែលនៅគង់វង្សស្ថិតស្ថេរ និង(ជ្រើសរើស)របស់ដែលតិចតួច គ្មានតម្លៃ ដោយបោះបង់របស់ដែលមានភាពធំធេងយ៉ាងដូចម្តេច?
Tevbe 9:39
ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នកទេនោះ អល់ឡោះជាម្ចាស់ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចំពោះពួកអ្នក និងធ្វើឲ្យពួកអ្នកអាម៉ាសបំផុត ហើយទ្រង់នឹងជំនួសពួកអ្នកដោយក្រុមមួយ(ផ្សេងទៀត)ដែលប្រតិបត្តិតាមអល់ឡោះ នៅពេលដែលគេស្នើឲ្យពួកគេចេញទៅប្រយុទ្ធ ពួកគេក៏នាំគ្នាចេញទៅប្រយុទ្ធ។ ការធ្វើផ្ទុយពីបទបញ្ជារបស់អល់ឡោះរបស់ពួកអ្នកនោះ មិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការពួកអ្នកឡើយ តែពួកអ្នកទៅវិញទេដែលត្រូវការទ្រង់នោះ។ ហើយអល់ឡោះទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ដូច្នេះ ទ្រង់មានសមត្ថភាពក្នុងការជួយសាសនារបស់ទ្រង់និងព្យាការីរបស់ទ្រង់ដោយមិនត្រូវការពួកអ្នកឡើយ។
Tevbe 9:40
ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនជួយអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) និងមិនឆ្លើយតបចំពោះការអំពាវនាវរបស់គាត់ ដោយពួកអ្នកមិនចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយដល់គាត់(រួចទៅហើយ)ទោះបីជាពួកអ្នកមិននៅជាមួយគាត់ក៏ដោយ ខណៈពេលដែលពួកមុស្ហរីគីនបានបណ្តេញគាត់ និងអាពូហ្ពាកើរ ដោយគ្មានអ្នកទីបីនៅជាមួយពួកគេនោះឡើយ។ ពេលដែលគេទាំងពីរស្ថិតនៅក្នុងរូងភ្នំ”ស៊ួរ”លាក់បាំងពីពួកប្រឆាំងដែលកំពុងតែស្វែងរកពួកគេទាំងពីរ ខណៈពេលដែលអ្នកនាំសាររបស់ទ្រង់បានពោលទៅកាន់មិត្តរបស់គាត់ គឺអាពូហ្ពាកើរ អាស្ស៊ិទ្ទីក នៅពេលដែលអាពូហ្ពាកើរព្រួយបារម្ភខ្លាចពួកមុស្ហរីគីនដឹង(មើលឃើញពួកគាត់)ថាៈ ចូរអ្នកកុំព្រួយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកយើងដោយការគាំទ្រ និងការជួយរបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវភាពនឹងនរទៅក្នុងដួងចិត្តអ្នកនាំសាររបស់ទ្រង់ ហើយទ្រង់បានបញ្ជូនកងទ័ពយ៉ាងច្រើនដែលពួកអ្នកមិនអាចមើលឃើញពួកគេបាន នោះគឺពពួកម៉ាឡាអ៊ីកាត់ ដើម្បីជួយពង្រឹងដល់គាត់។ ហើយទ្រង់បានធ្វើឲ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោកបំផុត ចំណែកឯពាក្យបន្ទូលរបស់អល់ឡោះវិញ គឺខ្ពង់ខ្ពស់បំផុត ខណៈដែលទ្រង់បានធ្វើឲ្យសាសនាឥស្លាមខ្ពស់ត្រដែតឡើង។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់ អំណាចរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង ការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។
Tevbe 9:41
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ចេញដំណើរទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងពេលលំបាក និងក្នុងពេលមានភាពងាយស្រួល ទាំងយុវជន និងទាំងអ្នកមានវ័យចំណាស់ ហើយចូរពួកអ្នកតស៊ូដោយលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកចុះ។ ជាការពិតណាស់ ការចាកចេញ(ទៅប្រយុទ្ធ) និងការតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណនោះ គឺទទួលបានផលប្រយោជន៍យ៉ាងច្រើនបំផុតទាំងនៅក្នុងជីវិតលោកិយនិងនៅថ្ងៃបរលោកជាងការមិនចូលរួមប្រយុទ្ធ និងការថែរក្សាសុវត្ថិភាពចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតទៅទៀត។ ប្រសិនបើពួកអ្នកបានដឹងដូច្នោះនោះ ចូរពួកអ្នកយកចិត្តទុកដាក់ចំពោះវា(ការចេញទៅប្រយុទ្ធ)។
Tevbe 9:42
ប្រសិនបើអ្វីដែលអ្នក(ឱព្យាការីមូហាំម៉ាត់)អំពាវនាវពួកពុតត្បុតដែលបានសុំការអនុញ្ញាតពីអ្នកដើម្បីមិនទៅចូលរួមប្រយុទ្ធនោះ គឺជាទ្រព្យជ័យភណ្ឌដែលងាយស្រួល(យកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេនឹងគោរពតាមអ្នកជាមិនខាន។ ក៏ប៉ុន្តែ ការធ្វើដំណើរដែលអ្នកបានអំពាវនាវពួកគេទៅកាន់នោះ គឺ(ផ្លូវធ្វើដំណើរ)វែងឆ្ងាយ។ ដូច្នេះ ទើបពួកគេមិនទៅចូលរួមប្រយុទ្ធ(ជាមួយពួកអ្នក)។ ហើយពួកពុតត្បុតដែលសុំការអនុញ្ញាតមិនទៅប្រយុទ្ធទាំងនោះនឹងស្បថចំពោះអល់ឡោះនៅពេលដែលអ្នកត្រឡប់ទៅកាន់ពួកគេវិញ ដោយពួកគេនិយាយថាៈ ប្រសិនបើពួកយើងមានលទ្ធភាពក្នុងការចេញទៅតស៊ូប្រយុទ្ធជាមួយពួកអ្នកនោះ ពួកយើងប្រាកដជានឹងចេញទៅប្រយុទ្ធ(ជាមួយពួកអ្នក)ជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯងដោយបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់ ដោយសារតែពួកគេមិនចេញទៅប្រយុទ្ធ និងដោយសារតែសម្បថបោកប្រាស់របស់ពួកគេនេះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពិតណាស់ពួកគេ គឺជាពួកអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេ និងចំពោះការស្បថរបស់ពួកគេ។
Tevbe 9:43
សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអភ័យទោសដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះការព្យាយាមរបស់អ្នកក្នុងការអនុញ្ញាតឲ្យពួកគេ(ពួកពុតត្បុត)អាចអវត្តមានពីសង្គ្រាមបាន(មិនចូលរួមប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពួកគេមិនចូលរួមប្រយុទ្ធ? លុះត្រាតែអ្នកបានដឹងច្បាស់ថា អ្នកណាដែលជាអ្នកស្មោះត្រង់ និងអ្នកណាដែលជាអ្នកភូតកុហកចំពោះការសុំអនុញ្ញាតមិនចូលរួមក្នុងសង្គ្រាមរបស់ពួកគេនោះសិន ដោយពេលនោះអ្នកអាចអនុញ្ញាតដល់អ្នកដែលស្មោះត្រង់ក្នុងចំណោមពួកគេ(អាចអវត្តមានពីសង្គ្រាមបាន) និងមិនអនុញ្ញាតចំពោះអ្នកដែលភូតកុហកនោះទេ។
Tevbe 9:44
វាមិនមែនជារឿងរបស់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកដោយការមានជំនឿជាក់យ៉ាងពិតប្រាកដនោះទេដែលស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុញ្ញាតឲ្យពួកគេអាចអវត្តមានពីការតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេបាននោះ។ ផ្ទុយទៅវិញ រឿងរបស់ពួកគេនោះ គឺការចេញទៅប្រយុទ្ធពេលណាដែលគេស្នើសុំពួកគេឲ្យចេញទៅប្រយុទ្ធប៉ុណ្ណោះ ហើយពួកគេចេញទៅប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះបណ្តាអ្នកដែលកោតខ្លាចអល់ឡោះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដែលពួកគេមិនសុំការអនុញ្ញាតពីអ្នកនោះឡើយ លើកលែងតែមានឧបសគ្គយ៉ាងពិតប្រាកដដែលរារាំងពួកគេមិនឲ្យចេញទៅប្រយុទ្ធជាមួយអ្នកបាន។
Tevbe 9:45
ជាការពិតណាស់ ពួកដែលបានស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យអនុញ្ញាតដល់ពួកគេអាចអវត្តមានពីការចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេគឺជាពួកពុតត្បុតដែលគ្មានជំនឿចំពោះអល់ឡោះ និងគ្មានជំនឿចំពោះថ្ងៃបរលោក ហើយដួងចិត្តបស់ពួកគេមានការសង្ស័យចំពោះសាសនារបស់អល់ឡោះ។ ដោយសារតែភាពសង្ស័យនោះហើយទើបធ្វើឲ្យពួកគេស្ទាក់ស្ទើរ មិនទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតឡើយ។
Tevbe 9:46
ហើយប្រសិនបើពួកគេពិតជាមានភាពស្មោះត្រង់ចំពោះការអះអាងរបស់ពួកគេដែលថា ពួកគេពិតជាមានបំណងចង់ចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយអ្នកមែននោះ ប្រាកដជាពួកគេរៀបចំខ្លួន និងសម្ភារៈសឹក(សម្រាប់ប្រយុទ្ធ)ជាមិនខានឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនពេញចិត្តឲ្យពួកគេចាកចេញ(ទៅប្រយុទ្ធ)ជាមួយអ្នកឡើយ។ ដូច្នេះ ទ្រង់បានធ្វើឲ្យពួកគេខ្ជិលច្រអូសក្នុងការចេញទៅប្រយុទ្ធ រហូតដល់ពួកគេជ្រើសយកការអង្គុយនៅផ្ទះរបស់ពួកគេ(មិនចេញទៅប្រយុទ្ធ)។
Tevbe 9:47
ជាការល្អប្រសើរនោះ គឺកុំឲ្យពួកពុតត្បុតទាំងនោះចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នក ពីព្រោះប្រសិនបើពួកគេចេញទៅជាមួយពួកអ្នកនោះ ក៏គ្មានបន្ថែមអ្វីដល់ពួកអ្នកក្រៅពីភាពវិនាសកម្ម តាមរយៈការធ្វើឲ្យពួកអ្នកបាក់ទឹកចិត្ត(ក្នុងការប្រយុទ្ធ) និងការបង្កចលាចល ហើយពួកគេរួសរាន់ក្នុងការចូលជួររបស់ពួកអ្នកដើម្បីផ្សព្វផ្សាយនូវពាក្យអុចអាលនិងញុះញង់ដើម្បីបំបែកបំបាក់ពួកអ្នកប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) គឺមានអ្នកដែលស្តាប់នូវដំណឹងបោកប្រាស់អំពីពួកគេ ហើយបានទទួលយកវា និងបានផ្សព្វផ្សាយវា ដែលជាហេតុធ្វើឲ្យមានការខ្វែងយោបល់គ្នារវាងពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកដែលបំពានក្នុងចំណោមពួកពុតត្បុតដែលពួកគេប្រើឧបាយកល និងបង្កនូវការភ័ន្តច្រឡំរវាងបណ្តាអ្នកមានជំនឿ។
Tevbe 9:48
ជាការពិតណាស់ ពួកពុតត្បុតទាំងនោះបានព្យាយាមបង្កវិនាសកម្មដោយបំបែកបំបាក់សាមគ្គីភាពរបស់អ្នកមានជំនឿ និងបំបែកបំបាក់ការរួបរួមគ្នារបស់ពួកគេតាំងពីមុនសង្គ្រាមតាពូកមកម្លេះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយពួកគេសង្ឃឹមថា ឧបាយកលរបស់ពួកគេអាចផ្តល់ផលប៉ះពាល់លើការតាំងចិត្តរបស់អ្នកក្នុងការប្រយុទ្ធ រហូតទាល់តែជំនួយរបស់អល់ឡោះ និងការពង្រឹងរបស់ទ្រង់បានមកដល់អ្នក។ ហើយអល់ឡោះបានធ្វើឲ្យសាសនារបស់ទ្រង់មានភាពខ្លាំងក្លា និងធ្វើឲ្យសត្រូវរបស់ទ្រង់ចុះខ្សោយ។ តែពួកគេមិនពេញចិត្តដូច្នោះឡើយ ពីព្រោះពួកគេមានបំណងចង់ឲ្យប្រការខុសឆ្គងទទួលជ័យជម្នះលើប្រការត្រឹមត្រូវ។
Tevbe 9:49
ហើយក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលយកលេសដើម្បីមិនទៅចូលរួមប្រយុទ្ធ ដោយគេនិយាយថាៈ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញាតដល់ខ្ញុំក្នុងការមិនចេញទៅធ្វើសង្គ្រាមផងចុះ ហើយសូមអ្នកកុំដាក់បន្ទុកលើខ្ញុំឲ្យចាកចេញជាមួយនឹងអ្នកដើម្បីកុំឲ្យខ្ញុំមានបាបកម្មដោយសារតែភាពចលាចលដែលបណ្តាលមកពីពួកនារីៗរបស់ពួកសត្រូវ(ពួករ៉ូម)នៅពេលដែលខ្ញុំឃើញពួកនាង។ តើពុំមែនទេឬ តាមពិតពួកគេបានធ្លាក់ក្នុងភាពចលាចលដ៏ធំធេងជាងអ្វីដែលពួកគេបានអះអាងទៅទៀត នោះគឺភាពចលាចលនៃភាពពុតត្បុត និងភាពចលាចលនៃការមិនចូលរួមក្នុងសង្គ្រាម។ ពិតណាស់ ឋាននរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកប្រឆាំងនៅថ្ងៃបរលោកដោយគ្មាននរណាម្នាក់អាចគេចផុតនោះឡើយ ហើយពួកគេក៏គ្មានផ្លូវគេចផុតពីវានោះដែរ។
Tevbe 9:50
ប្រសិនបើអ្នក(ឱអ្នកនាំសាររបស់អល់ឡោះ)ទទួលបាននូវឧបការគុណពីអល់ឡោះដែលនាំឲ្យអ្នកសប្បាយរីករាយ ដូចជាការទទួលបានជ័យជំនះ ឬក៏ទ្រព្យជ័យភណ្ឌនោះ គឺពួកគេ(ពួកពុតត្បុត)មិនពេញចិត្តដូច្នោះឡើយ ហើយពួកគេមានទុក្ខព្រួយថែមទៀត។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់ ដូចជាការលំបាក និងការបរាជ័យ(ក្នុងសង្គ្រាម)នោះ ពួកគេនឹងនិយាយថាៈ ពួកយើងបានការពារខ្លួនរបស់ពួកយើង ហើយពួកយើងបានប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្ន ដោយពួកយើងមិនបានចេញទៅប្រយុទ្ធដូចដែលបណ្តាអ្នកមានជំនឿបានចេញ(ទៅប្រយុទ្ធ) ដែលជាហេតុធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ទទួលរងគ្រោះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក។ ក្រោយមក ពួកពុតត្បុតទាំងនោះនាំគ្នាបែរចេញត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញដោយភាពសប្បាយរីករាយ ដោយសារពួកគេទទួលបាននូវសុវត្ថិភាព។
Tevbe 9:51
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ពួកយើងមិនទទួលបានអ្វីក្រៅតែពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានចារកំណត់សម្រាប់ពួកយើងប៉ុណ្ណោះ។ ជាការពិតណាស់ ទ្រង់គឺជាចៅហ្វាយនាយរបស់ពួកយើង និងជាអ្នកគាំពារពួកយើងដែលពួកយើងសុំការគាំពារពីទ្រង់ ហើយពួកយើងប្រគល់រាល់កិច្ចការទាំងឡាយរបស់ពួកយើងទៅកាន់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែលអ្នកមានជំនឿប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។ ទ្រង់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកគេ ហើយទ្រង់ជាអ្នកគាំពារដ៏ល្អបំផុត។
Tevbe 9:52
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើពួកអ្នករង់ចាំឲ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីការទទួលជ័យជម្នះ ឬការពលីជីវិត(ស្លាប់ស្ហាហ៊ីទ)នោះឬ? ចំណែកឯពួកយើងវិញ គឺពួកយើងរង់ចាំមើលទណ្ឌកម្មដែលអល់ឡោះនឹងទម្លាក់ទៅលើពួកអ្នក ដោយទ្រង់បំផ្លាញពួកអ្នក ឬដាក់ទណ្ឌកម្មពួកអ្នកដោយស្នាដៃរបស់ពួកយើងផ្ទាល់តាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹកនៅពេលដែលគេអនុញ្ញាតឲ្យពួកយើងប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកយើងចុះ។ ពិតណាស់ យើងក៏រង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកអ្នកដែរ។
Tevbe 9:53
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកបានបរិច្ចាគនោះ ទោះធ្វើដោយពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីពួកអ្នកដែរ ដោយសារតែការប្រឆាំងរបស់ពួកអ្នកនិងការចាកចេញរបស់ពួកអ្នកពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះ។
Tevbe 9:54
ហើយគ្មានអ្វីដែលរារាំងពួកគេមិនឲ្យគេ(អល់ឡោះ)ទទួលយកការបរិច្ចាគរបស់ពួកគេនោះឡើយ លើកលែងតែបីប្រការប៉ុណ្ណោះ គឺការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ភាពខ្ជិលច្រអូសរបស់ពួកគេនៅពេលដែលពួកគេប្រតិបត្តិសឡាត ហើយពួកគេមិនបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដោយស្ម័គ្រចិត្តឬពេញចិត្ត។ តាមពិត ពួកគេបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដោយមិនពេញចិត្តនោះឡើយ(ធ្វើដោយបង្ខំចិត្ត) ពីព្រោះពួកគេពុំសង្ឃឹម(ថាទទួលបាន)ផលបុណ្យចំពោះការសឡាតរបស់ពួកគេ និងការបរិច្ចាគទានរបស់ពួកគេនោះទេ។
Tevbe 9:55
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំបណ្តោយឲ្យទ្រព្យសម្បត្តិរបស់ពួកពុតត្បុត និងកូនចៅរបស់ពួកគេ ព្រមទាំងភាពល្អប្រសើររបស់វានោះធ្វើឲ្យអ្នកភ្ញាក់ផ្អើល(ចាប់អារម្មណ៍)ឲ្យសោះ ពីព្រោះលទ្ធផលចុងក្រោយនៃទ្រព្យសម្បត្តិរបស់ពួកគេនិងកូនចៅរបស់ពួកគេនោះ គឺអាក្រក់បំផុត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យវាក្លាយជាទណ្ឌកម្មទៅលើពួកគេ តាមរយៈការធ្វើឲ្យពួកគេទទួលបានរបស់ទាំងអស់នោះដោយភាពហត់នឿយនិងលំបាក និងតាមរយៈការបញ្ចុះនូវគ្រោះផ្សេងៗនៅក្នុងវា រហូតដល់អល់ឡោះជាម្ចាស់ដកយកជីវិតរបស់ពួកគេខណៈដែលពួកគេស្ថិតក្នុងភាពប្រឆាំង ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេដោយឲ្យពួកគេស្ថិតនៅឯបាតក្រោមបង្អស់នៃឋាននរកជាអមតៈ។
Tevbe 9:56
ហើយពួកពុតត្បុតទាំងនោះនឹងស្បថចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដោយកុហកបោកប្រាស់ថាៈ ពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នកដែរ ខណៈដែលការពិត ផ្នែកខាងក្នុងរបស់ពួកគេមិនមែនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នកនោះទេ ទោះបីពួកគេស្តែងចេញឲ្យគេឃើញថា ពួកគេស្ថិតក្នុងចំណោមពួកអ្នកក៏ដោយ។ ប៉ុន្តែពួកគេ គឺជាក្រុមដែលខ្លាចទទួលរងគ្រោះ ដូចដែលពួកមុស្ហរីគីនបានទទួលរង ដោយត្រូវគេសម្លាប់និងចាប់ជាឈ្លើយសឹក។ ហេតុនេះ ពួកគេសម្តែងឲ្យគេឃើញពីឥស្លាមរបស់ពួកគេដើម្បីជាការការពារ(ខ្លួនរបស់ពួកគេ)ប៉ុណ្ណោះ។
Tevbe 9:57
ប្រសិនបើពួកពុតត្បុតទាំងនោះមានកន្លែងការពារខ្លួន ដូចជាបន្ទាយដែលអាចការពារខ្លួនរបស់ពួកគេ ឬមានរូងភ្នំដែលពួកគេអាចលាក់ខ្លួនបាន ឬក៏មានរូងក្រោមដីដែលពួកគេអាចចូលបាននោះ ពួកគេប្រាកដជានឹងទៅរកទីនោះមិនខាន ហើយពួកគេចូលទៅក្នុងវាដោយប្រញាប់ប្រញាល់បំផុត។
Tevbe 9:58
ហើយក្នុងចំណោមពួកពុតត្បុត មានអ្នកដែលរិះគន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងបែងចែកទ្រព្យបរិច្ចាគនៅពេលដែលពួកគេមិនទទួលបានដូចអ្វីដែលពួកគេចង់បាន។ ពិតប្រាកដណាស់ ប្រសិនបើអ្នកផ្តល់ឲ្យពួកគេ(នូវការបរិច្ចាគ)តាមអ្វីដែលពួកគេទាមទារនោះ ពួកគេពេញចិត្តនឹងអ្នក។ តែប្រសិនបើអ្នកមិនផ្តល់ឲ្យពួកគេតាមអ្វីដែលពួកគេទាមទារទេនោះ ពួកគេនឹងស្តែងចេញនូវការរិះគន់(ចំពោះអ្នក)មិនខាន។
Tevbe 9:59
ហើយប្រសិនបើពួកពុតត្បុតដែលរិះគន់អ្នកចំពោះការបែងចែកទ្រព្យបរិច្ចាគទាំងនោះពេញចិត្តនូវអ្វីដែលអល់ឡោះទ្រង់ដាក់កាតព្វកិច្ចចំពោះពួកគេ និងអ្វីដែលអ្នកនាំសាររបស់ទ្រង់បានផ្តល់ឲ្យពួកគេអំពីចំណែកនៃទ្រព្យបរិច្ចាគ ហើយពួកគេនិយាយថា អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងផ្តល់ឲ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់តាមដែលទ្រង់មានចេតនា ហើយអ្នកនាំសាររបស់ទ្រង់នឹងផ្តល់ឲ្យពួកយើងនូវអ្វីដែលអល់ឡោះបានផ្តល់ដល់គាត់។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលថាទ្រង់នឹងប្រទានឲ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់។ ប្រសិនបើពួកគេបានធ្វើ(និយាយ)ដូច្នោះនោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់អ្នក។
Tevbe 9:60
តាមពិត ទ្រព្យហ្សាកាត់ដែលជាកាតព្វកិច្ចនោះ គឺចាំបាច់ត្រូវបែងចែកទៅឲ្យអ្នកក្រខ្សត់ (គឺអ្នកដែលមានទ្រព្យសម្បត្តិដែលបានមកពីការងារ ឬមុខរបររបស់ពួកគេ ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ពួកគេនោះទេ) និងអ្នកទីទាល់ក្រ (គឺអ្នកដែលស្ទើរតែគ្មានកម្មសិទ្ធិអ្វីសោះ ហើយពួកគេគ្មានអ្វីលាក់បាំង លើមនុស្សនោះទេ ដោយសារតែស្ថានភាពរបស់ពួកគេ) និងអ្នកដែលប្រមូលហ្សាកាត់ដែលថ្នាក់ដឹកនាំបានចាត់តាំងឲ្យប្រមូលហ្សាកាត់ និងអ្នកដែលទើបចូលសាសនាឥស្លាម (ឬអ្នកដែលគ្មានជំនឿដែលគេទាក់ទាញចិត្តរបស់ពួកគេដោយទ្រព្យហ្សាកាត់នោះដើម្បីឲ្យគេចូលឥស្លាម ឬក៏អ្នកដែលមានជំនឿទន់ខ្សោយដើម្បីពង្រឹងនូវជំនឿរបស់គេ ឬក៏សម្រាប់ជនដែលគេប្រើទ្រព្យហ្សាកាត់នេះដើម្បីការពារប្រការអាក្រក់ពីបុគ្គលនោះ)។ ហើយគេបែងចែកវាផងដែរទៅកាន់អ្នកដែលចង់រំដោះខ្លួនពីនឹមទាសករគេ អ្នកដែលលិចលង់ក្នុងបំណុលដែលមិនមែនជាចំណាយខ្ជះខ្ជាយ ឬប្រព្រឹត្តល្មើសប្រសិនបើគេមិនមានអ្វីសម្រាប់សងបំណុល ឬគ្មានលទ្ធភាពសងបំណុលគេវិញ។ គេត្រូវបែងចែកផងដែរសម្រាប់អ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងសម្រាប់អ្នកដំណើរដាក់ស្បៀង។ នេះគឺជាការរៀបរាប់ដោយសង្ខេបចំពោះការបែងចែកទ្រព្យហ្សាកាត់ទៅកាន់ពួកគេដែលជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង និងបញ្ញត្តិច្បាប់របស់ទ្រង់។
Tevbe 9:61
ហើយក្នុងចំណោមពួកពុតត្បុត គឺមានពួកដែលធ្វើបាបអ្នកនាំរបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ដោយពាក្យសម្តី(របស់ពួកគេ) ដោយពួកគេនិយាយនៅពេលដែលពួកគេបានឃើញភាពអត់ឱនរបស់គាត់ថាៈ ពិតប្រាកដណាស់ គាត់ស្តាប់រាល់អ្វីៗទាំងអស់ដែលមនុស្សគ្រប់គ្នានិយាយ ហើយជឿចំពោះវា ដោយមិនបែងចែកថាអ្វីត្រឹមត្រូវ អ្វីមិនត្រឹមត្រូវនោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ អ្នកនាំសារ(របស់អល់ឡោះ)ស្តាប់តែអ្វីដែលល្អប៉ុណ្ណោះ ហើយគាត់ជឿជាក់ចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្វីដែលអ្នកមានជំនឿដ៏ស្មោះត្រង់បាននិយាយប្រាប់គាត់ ហើយគាត់មានចិត្តអាណិតស្រឡាញ់ចំពោះពួកគេ។ ជាការពិតណាស់ យើង(អល់ឡោះ)បានតែងតាំងគាត់ជាក្តីមេត្តាករុណាចំពោះអ្នកទាំងឡាយដែលមានជំនឿចំពោះគាត់។ ហើយពួកដែលធ្វើបាបគាត់ មិនថាជាការធ្វើបាបតាមរបៀបណាក៏ដោយ គឺពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។
Tevbe 9:62
ពួកពុតត្បុតស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ថាៈ ពិតប្រាកដណាស់ ពួកគេមិនបាននិយាយអ្វីដែលនាំឲ្យប៉ះពាល់ដល់ព្យាការីមូហាំម៉ាត់នោះទេ។ ពួកគេធ្វើដូច្នោះ គឺដើម្បីផ្គាប់ចិត្តពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទៅវិញទេដែលសាកសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្តដោយការមានជំនឿនិងសាងនូវទង្វើកុសល ប្រសិនបើពួកទាំងនោះពិតជាអ្នកមានជំនឿពិតប្រាកដមែននោះ។
Tevbe 9:63
) តើពួកពុតត្បុតទាំងនោះមិនបានដឹងទេឬថា ពិតប្រាកដណាស់ ទង្វើរបស់ពួកគេនេះ គឺជាការបង្កភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ? ហើយជនណាហើយដែលបង្កភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ នាថ្ងៃបរលោកពួកគេនឹងចូលឋាននរក ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ នោះគឺជាការទាបថោក និងជាភាពអាម៉ាសមួយដ៏ធំបំផុត។
Tevbe 9:64
ពួកពុតត្បុតទាំងនោះបារម្ភខ្លាចអល់ឡោះបញ្ចុះជំពូកណាមួយទៅកាន់អ្នកនាំសាររបស់ទ្រង់ដោយលាតត្រដាងឲ្យបណ្តាអ្នកមានជំនឿបានដឹងពីភាពគ្មានជំនឿដែលពួកគេលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ចូរពួកអ្នក(នែពួកពុតត្បុត)បន្តការសើចចំអក និងមួលបង្កាច់ចំពោះសាសនា(របស់អល់ឡោះ)ទៀតចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ជាអ្នកដែលលាតត្រដាងនូវអ្វីដែលពួកអ្នកកំពុងតែមានការបារម្ភខ្លាចនេះ ដោយការបញ្ចុះនូវជំពូកមួយ ឬដោយការប្រាប់អ្នកនាំសាររបស់ទ្រង់នូវរឿងនោះ។
Tevbe 9:65
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកពុតត្បុតនូវអ្វីដែលពួកគេបាននិយាយចោទប្រកាន់ និងជេរប្រមាថចំពោះបណ្តាអ្នកមានជំនឿក្រោយពីអល់ឡោះបានប្រាប់អ្នកពីរឿងនេះ ពួកគេប្រាកដជានឹងឆ្លើយថាៈ ពិតណាស់ អ្វីដែលពួកយើងបាននិយាយ គឺគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ មិនមែនជាការពិតអ្វីនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេចុះថាៈ តើពួកអ្នកយកអល់ឡោះ និងបណ្តាវាក្យខណ្ឌរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់មកចំអកលេងសើចឬ?
Tevbe 9:66
ពួកអ្នកមិនបាច់និយាយដោះសារភូតកុហកទៀតនោះទេ។ ពិតប្រាកដណាស់ ពួកអ្នកបានស្តែងចេញនូវភាពគ្មានជំនឿទៅហើយតាមរយៈការសើចចំអកលេងសើចរបស់ពួកអ្នកនេះ ក្រោយពីពួកអ្នកធ្លាប់បានលាក់ទុកវា(នៅក្នុងចិត្តពួកអ្នក)។ ប្រសិនបើយើងលើកលែងទោសឲ្យក្រុមមួយក្នុងចំណោមពួកអ្នកដោយសារតែគេបោះបង់ភាពពុតត្បុតនិងបានទទួលសារភាពកំហុសរបស់គេអំពីវា ហើយនិងមានចិត្តស្មោះសចំពោះអល់ឡោះនោះ យើងក៏នឹងដាក់ទណ្ឌកម្មក្រុមមួយទៀតក្នុងចំណោមពួកអ្នកដែរ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពពុតត្បុត និងមិនព្រមទទួលសារភាពកំហុស(កែខ្លួន)ពីភាពពុតត្បុតនោះ។
Tevbe 9:67
ពួកពុតត្បុតទាំងនោះ មិនថាប្រុសមិនថាស្រី គឺពួកគេមានភាពពុតត្បុតដូចគ្នា ហើយពួកគេប្រឆាំងនឹងអ្នកមានជំនឿ។ ពួកគេប្រើគ្នាឲ្យប្រព្រឹត្តអំពើអាក្រក់ ហើយហាមឃាត់គ្នាពីការសាងអំពើល្អ ហើយពួកគេមានភាពកំណាញ់ចំពោះទ្រព្យសម្បត្តិរបស់ពួកគេដោយមិនព្រមចំណាយវាក្នុងមាគ៌ារបស់អល់ឡោះឡើយ។ ពួកគេបោះបង់អល់ឡោះដោយមិនព្រមប្រតិបត្តិតាមទ្រង់នោះឡើយ។ ដូច្នេះ អល់ឡោះក៏បោះបង់ពួកគេវិញដោយទ្រង់មិនផ្តល់ការចង្អុលបង្ហាញដល់ពួកគេឡើយ។ ជាការពិតណាស់ ពួកពុតត្បុត គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ និងចេញពីមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ការប្រព្រឹត្តល្មើសនឹងទ្រង់ ព្រមទាំងទៅកាន់មាគ៌ាដែលវង្វេង។
Tevbe 9:68
អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះពួកពុតត្បុត និងពួកប្រឆាំងដែលពួកគេមិនបានសារភាពកំហុសថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងនរកជើហាន់ណាំ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ វាគឺគ្រប់គ្រាន់សម្រាប់ពួកគេនូវទណ្ឌកម្ម(ដែលមាននៅក្នុងនរកនោះ) ហើយអល់ឡោះបានបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយពួកគេនឹងទទួលនូវទណ្ឌកម្មជានិរន្តន៍។
Tevbe 9:69
ពួកអ្នក(នែពួកពុតត្បុត) ចំពោះការប្រឆាំងនិងការសើចចំអក(របស់ពួកអ្នក)នេះ គឺដូចទៅនឹងប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នកដែរ។ ពួកគេមានភាពខ្លាំងក្លាជាងពួកអ្នក និងមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត ហើយពួកគេសោយសុខនឹងភាពត្រេកត្រអាលនៃលោកិយ(លាភសក្ការៈ)ដែលគេបានកំណត់ទុកសម្រាប់ពួក។ ហើយពួកអ្នក(នែពួកពុតត្បុត)ក៏បានត្រេកត្រអាលនឹងលាភសក្ការៈដែលគេបានកំណត់សម្រាប់ពួកអ្នក ដូចប្រជាជាតិដែលបានបដិសេធជំនាន់មុនៗបានត្រេកត្រអាលនឹងលាភសក្ការៈរបស់ពួកគេនោះដែរ។ ហើយការដែលពួកអ្នកនិយាយលេងសើចដោយបដិសេធនឹងការពិត ព្រមទាំងមួលបង្កាច់ទៅលើអ្នកនាំសាររបស់ទ្រង់នោះ ដូចដែលពួកគេបាននិយាយលេងសើចដោយបដិសេធនឹងការពិត និងមួលបង្កាច់ចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ដូចគ្នាដែរ។ ពួកដែលមានលក្ខណៈដ៏អាក្រក់ដូចដែលបានរៀបរាប់នេះ ពួកគេគឺជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យ ដោយសារតែពួកគេបានបំផ្លាញវាដោយការប្រឆាំងចំពោះអល់ឡោះ។ ហើយពួកគេគឺជាពួកដែលខាតបង់ខ្លួនឯង ដោយបានបណ្តោយខ្លួនឲ្យធ្លាក់ក្នុងរណ្តៅនៃភាពអន្តរាយ។
Tevbe 9:70
តើរឿងរ៉ាវរបស់អ្នកជំនាន់មុនដែលពួកគេបានធ្វើ និងទណ្ឌកម្មដែលពួកគេទទួលរងនោះមិនបានមកដល់ពួកពុតត្បុតទាំងនោះទេឬ? ក្រុមទាំងនោះមានដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទ ក្រុមរបស់ព្យាការីសឡេះ ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម អ្នកស្រុកម៉ាទយ៉ាន់ និងភូមិស្រុកក្រុមរបស់ព្យាការីលូត។ ពួកទាំងនោះ បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឲ្យពួកគេនូវបណ្តាភស្តុតាង និងអំណះអំណាងយ៉ាងច្បាស់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានលើពួកគេទេ ព្រោះជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេក៏បានព្រមានដាស់តឿពួកគេរួចហើយ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង ដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះ និងបដិសេធបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។
Tevbe 9:71
ហើយបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី គឺពួកគេជួយគ្នាទៅវិញទៅមក ដោយសារតែពួកគេអស់គ្នា គឺជាអ្នកដែលមានជំនឿ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ពោលគឺរាល់អំពើទាំងឡាយណាដែលអល់ឡោះស្រឡាញ់ពេញចិត្ត គ្រប់ប្រភេទនៃការគោរពប្រតិបត្តិទាំងអស់ ដូចជាការមានជំនឿអល់ឡោះជាម្ចាស់តែមួយគត់ និងការសឡាតជាដើម។ ហើយពួកគេហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ពោលគឺរាល់អំពើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បារនៃរាល់អំពើល្មើសទាំងឡាយ ដូចជាការប្រឆាំង និងការស៊ីប្រាក់ការ។ ហើយពួកគេ(អ្នកមានជំនឿ)ប្រតិបត្តិសឡាតយ៉ាងពេញលេញទៅតាមរបៀបរបបរបស់វាយ៉ាងពេញលក្ខណៈ។ ហើយពួកគេគោរពប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់។ បណ្តាអ្នកដែលមានលក្ខណៈគួឲ្យកោតសរសើរដូចដែលបានរៀបរាប់ខាងលើនេះហើយដែលអល់ឡោះជាម្ចាស់ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។
Tevbe 9:72
អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ ទាំងប្រុសទាំងស្រីថាៈ នៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈដោយពួកគេមិនស្លាប់ទៀតនោះទេ ហើយឧបការគុណរបស់ពួកគេក៏មិនកាត់ផ្តាច់ពីពួកគេទៀតនោះដែរ។ ហើយទ្រង់ក៏បានសន្យាចំពោះពួកគេដែរថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងលំនៅឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន ហើយការពេញចិត្តពីអល់ឡោះចំពោះពួកគេគឺធំធេងជាងនោះទៅទៀត។ ការតបស្នងដូចដែលបានរៀបរាប់ខាងលើនេះ គឺជាជោគជ័យធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Tevbe 9:73
ឱអ្នកនាំសារ! ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿដោយការប្រយុទ្ធជាមួយពួកគេដោយផ្លែដាវ ហើយចូរអ្នកតស៊ូប្រឆាំងនឹងពួកពុតត្បុតដោយប្រើពាក្យសម្តីនិងអំណះអំណាង ហើយអ្នកត្រូវតស៊ូប្រឆាំងឲ្យខ្លាំងក្លាជាមួយក្រុមទាំងពីរនេះ ពីព្រោះពួកគេ គឺជាក្រុមដែលសាកសមនឹងទទួលបែបនេះហើយ។ ហើយទីកន្លែងរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺឋាននរកជើហាន់ណាំដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់ពួកគេ។
Tevbe 9:74
ពួកពុតត្បុតបានស្បថនឹងអល់ឡោះដោយកុហកបោកប្រាស់ថាៈ ពួកគេមិនបាននិយាយពាក្យសម្តីប្រមាថចំពោះអ្នក(ព្យាការីមូហាំម៉ាត់) និងមើលងាយចំពោះសាសនារបស់អ្នកដូចដែលបានលេចលឺទៅដល់អ្នកនោះឡើយ តែតាមពិត ពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែលធ្វើឲ្យពួកគេក្លាយជាពួកដែលគ្មានជំនឿដូចដែលបានលេចលឺទៅដល់អ្នកពិតមែន ហើយពួកគេបានស្តែងចេញនូវភាពគ្មានជំនឿក្រោយពីពួកគេបង្ហាញពីការមានជំនឿរបស់ពួកគេហើយនោះ។ ជាការពិតណាស់ ពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលមិនអាចសម្រេចបានដោយការប៉ុនប៉ងសម្លាប់ព្យាការី។ ហើយពួកគេមិនអាចធ្វើអ្វីបានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់ប្រោសប្រទានឲ្យពួកគេដោយឲ្យពួកគេមានបានតាមរយៈជ័យភណ្ឌដែលអល់ឡោះបានប្រទានវាដល់ព្យាការីរបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេសារភាពកំហុសចំពោះអល់ឡោះពីទង្វើពុតត្បុតរបស់ពួកគេនោះ ពិតណាស់ ការសារភាពកំហុសរបស់ពួកគេនោះគឺល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេនៅតែបន្តស្ថិតនៅលើភាពពុតត្បុតនោះ។ តែប្រសិនបើពួកគេបែរចេញពីការសារភាពកំហុសចំពោះអល់ឡោះនោះ ទ្រង់នឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះពួកគេនៅក្នុងលោកិយនេះ ដោយការសម្លាប់និងការចាប់ជាឈ្លើយសឹក។ ហើយទ្រង់ក៏នឹងដាក់ទណ្ឌកម្មពួកគេផងដែរនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតដោយ(បញ្ចូលពួកគេទៅក្នុង)ភ្លើងនរក។ ហើយពួកគេគ្មានអ្នកគាំពារណាដែលអាចគាំពារពួកគេ និងអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មបានឡើយ ហើយក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មបាននោះដែរ។
Tevbe 9:75
ហើយក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលបានសន្យានឹងអល់ឡោះថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ផ្តល់ឲ្យពួកយើងនូវការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់នោះ ពួកយើងប្រាកដជានឹងធ្វើការបរិច្ចាគទៅឲ្យអ្នកដែលមានតម្រូវការចាំបាច់ជាមិនខាន ហើយពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសលមិនខានឡើយ។
Tevbe 9:76
តែនៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ឲ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់នោះ ពួកគេបែរជាមិនគោរពតាមអ្វីដែលពួកគេបានសន្យាជាមួយនឹងអល់ឡោះទៅវិញ។ ផ្ទុយទៅវិញ ពួកគេបានហាមឃាត់(កំណាញ់)ទ្រព្យសម្បត្តិរបស់ពួកគេដោយមិនព្រមបរិច្ចាគអ្វីបន្តិចឡើយ ហើយពួកគេបានបែរចេញក្នុងនាមពួកគេជាពួកដែលប្រឆាំងនឹងសេចក្តីជំនឿ។
Tevbe 9:77
ហើយទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេ ដោយបានដាក់ភាពពុតត្បុតទៅក្នុងដួងចិត្តរបស់ពួកគេរហូតដល់ថ្ងៃបរលោក ជាទណ្ឌកម្មសម្រាប់ពួកគេដោយសារតែពួកគេក្បត់សន្យាចំពោះអល់ឡោះ និងចំពោះការកុហកបោកប្រាស់របស់ពួកគេ។
Tevbe 9:78
តើពួកពុតត្បុតទាំងនោះមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងពីអាថ៌កំបាំងនៃឧបាយកលដែលពួកគេបានពិភាក្សាគ្នានៅក្នុងការប្រជុំរបស់ពួកគេនោះ? ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេបានសាង។
Tevbe 9:79
ពួកដែលមើលស្រាលសប្បុរសជនទាំងឡាយរបស់អ្នកមានជំនឿដែលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្តិ)បន្តិចបន្តួច និងអ្នកដែលពួកគេពុំសូវមានទ្រព្យធនក្នុងការបរិច្ចាគ តែពួកគេបានបរិច្ចាគតាមលទ្ធភាពដែលពួកគេមាន ដោយពួកគេ(ពួកដែលមើលស្រាល)បានសើចចំអកឲ្យអ្នកទាំងនោះ(អ្នកមានជំនឿដែលបរិច្ចាគ)ដោយពួកគេបាននិយាយថាៈ តើពួកគេទទួលបានអ្វីពីការបរិច្ចាគ(ដ៏តិចតួច)របស់ពួកគេនេះ? អល់ឡោះជាម្ចាស់ក៏បានសើចចំអកចំពោះពួកគេវិញដែរ ដែលវាជាការតបស្នងទៅលើការសើចចំអករបស់ពួកគេចំពោះបណ្តាអ្នកមានជំនឿ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។
Tevbe 9:80
ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោស(ពីអល់ឡោះ)ឲ្យពួកគេ ឬមិនសុំអភ័យទោសឲ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឲ្យពួកគេដែរ) ហើយទោះបីអ្នកសុំការអភ័យទោសឲ្យពួកគេចំនួនចិតសិបដងទៀតក៏ដោយ ក៏ចំនួនដ៏ច្រើននៃការសុំការអភ័យទោស(របស់អ្នក)ឲ្យពួកគេនោះ មិនអាចឲ្យអល់ឡោះជាម្ចាស់ផ្តល់ការអភ័យទោសដល់ពួកគេនោះដែរ ពីព្រោះពួកគេ គឺជាពួកប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញទៅកាន់ការពិតចំពោះពួកដែលចាកចេញពីការប្រតិបត្តិតាមច្បាប់របស់ទ្រង់ដោយចេតនានោះឡើយ។
Tevbe 9:81
ពួកពុតត្បុតដែលមិនបានចូលរួមក្នុងសង្គ្រាមតាពូកទាំងនោះ ពួកគេសប្បាយរីករាយក្នុងការដែលពួកគេមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនពេញចិត្តក្នុងការចេញទៅតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិរបស់ពួកគេនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះដូចបណ្តាអ្នកមានជំនឿបានតស៊ូនោះឡើយ ហើយពួកគេថែមទាំងបាននិយាយរារាំង បង្អាក់ទឹកចិត្តបងប្អូនរបស់ពួកគេដែលជាពួកពុតត្បុតថាៈ ពួកអ្នកមិនត្រូវចេញដំណើរក្នុងពេលថ្ងៃក្តៅនោះទេ (ដោយសារសមរភូមិតាពូកនាពេលនោះ គឺកើតឡើងក្នុងរដូវក្តៅ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកគេវិញចុះថាៈ ភ្លើងនរកជើហាន់ណាំដែលកំពុងរង់ចាំពួកពុតត្បុតនោះ គឺក្តៅខ្លាំងជាងកម្តៅដែលពួកគេខំគេចពីវានេះទៅទៀត ប្រសិនបើពួកគេបានដឹង។
Tevbe 9:82
ហេតុនេះ ចូរឲ្យពួកពុតត្បុតទាំងនោះសើចសប្បាយចំពោះការដែលពួកគេមិនបានចេញទៅតស៊ូប្រយុទ្ធនោះបន្តិចសិនចុះក្នុងជីវិតលោកិយដែលមិនស្ថិតស្ថេរនេះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើនក្នុងជីវិតបរលោករបស់ពួកគេដែលស្ថិតស្ថេរនោះជាមិនខាន។ វាជាការតបស្នងចំពោះការប្រឆាំង អំពើល្មើស និងបាបកម្មដែលពួកគេបានសាងនៅក្នុងលោកិយនេះ។
Tevbe 9:83
ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឲ្យត្រឡប់ទៅកាន់ក្រុមមួយនៃពួកពុតត្បុតទាំងនោះ ដែលពួកគេនៅបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកគេ ហើយពួកគេបានស្នើសុំអ្នកឲ្យអនុញ្ញាតដល់ពួកគេអាចចេញទៅប្រយុទ្ធក្នុងសង្គ្រាមផ្សេងទៀតជាមួយអ្នកនោះ ចូរអ្នកពោលទៅកាន់ពួកគេចុះថាៈ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយនឹងខ្ញុំបានជាដាច់ខាត ដែលនេះជាទណ្ឌកម្មលើពួកអ្នក ហើយក៏ជាការប្រុងប្រយ័ត្នខ្លាចភាពវិនាសកម្មដែលអាចកើតមានឡើងដោយសារតែវត្តមានរបស់ពួកអ្នក(ចូលរួមក្នុងសង្គ្រាម)ជាមួយនឹងខ្ញុំ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការអង្គុយ(នៅក្នុងផ្ទះ) ហើយមិនចេញទៅច្បាំងក្នុងសមរភូមិតាពូកមកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅក្នុងផ្ទះរបស់ពួកអ្នកជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធឯទៀតៗ ដូចជាអ្នកជំងឺ ស្ត្រី និងក្មេងៗចុះ។
Tevbe 9:84
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវសឡាតទៅលើសពនរណាម្នាក់នៃពួកពុតត្បុតដែលបានស្លាប់នោះជាដាច់ខាត ហើយអ្នកក៏មិនត្រូវឈរនៅទីផ្លូវរបស់ពួកគេដើម្បីបួងសួងសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យពួកគេនោះដែរ។ នោះគឺដោយសារតែពួកគេមិនបានមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ ហើយពួកគេបានស្លាប់ខណៈដែលពួកគេគឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ហើយជនណាដែល(ស្លាប់ទៅ)ស្ថិតក្នុងលក្ខណៈដូចពួកគេនេះ គឺគេមិនត្រូវសឡាត និងមិនត្រូវបួងសួងឲ្យជននោះនោះឡើយ។
Tevbe 9:85
ហើយចូរកុំបណ្តោយឲ្យទ្រព្យសម្បត្តិរបស់ពួកគេ និកូនចៅរបស់ពួកគេធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ភ្ញាក់ផ្អើល(ចាប់អារម្មណ៍)ឲ្យសោះ។ តាមពិត អល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកគេជាមួយនឹងប្រការទាំងអស់នេះក្នុងជីវិតលោកិយ(របស់ពួកគេ)។ (ការដាក់ទណ្ឌកម្ម)នោះ គឺតាមរយៈការធ្វើឲ្យពួកគេមានលំបាកក្នុងស្វែងវា(ទ្រព្យសម្បត្តិនិងកូនចៅ)ហើយនិងទទួលរងនូវគ្រោះផ្សេងៗដែលកើតឡើងចំពោះវា ហើយនិងដើម្បីឲ្យព្រលឹងរបស់ពួកគេចាកចេញពីខ្លួនរបស់ពួកគេក្នុងខណៈដែលពួកគេស្ថិតនៅលើភាពប្រឆាំង។
Tevbe 9:86
ហើយនៅពេលដែលអល់ឡោះបានបញ្ចុះជំពូកណាមួយទៅលើព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដែលផ្ទុកទៅដោយបទបញ្ជាប្រើឲ្យមានជំនឿចំពោះអល់ឡោះ និងត្រូវតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់នោះ ពួកដែលមានទ្រព្យសម្បត្តិក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីអ្នកដើម្បីមិនចូលរួម(ប្រយុទ្ធ)តស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយពួកគេបាននិយាយថាៈ សូមអ្នកមេត្តាទុកឲ្យពួកយើងនៅជាមួយអ្នកដែលមិនអាចចេញទៅច្បាំងផ្សេងទៀត ដូចជាអ្នកទន់ខ្សោយ និងចាស់ជរាផងចុះ។
Tevbe 9:87
ពួកពុតត្បុតទាំងនោះ ពួកគេពេញចិត្តនឹងឲ្យខ្លួនរបស់ពួកគេទទួលនូវភាពអាម៉ាស និងភាពអាប់ឱន ខណៈពេលដែលពួកគេពេញចិត្តនឹងនៅជាមួយបណ្តាអ្នកដែលមិនអាចចេញទៅប្រយុទ្ធដែលច្បាប់អនុគ្រោះ។ ហើយអល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ដោយសារតែភាពគ្មានជំនឿនិងភាពពុតត្បុតរបស់ពួកគេ។ ដូច្នេះ ពួកគេមិនដឹងថា តើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះឡើយ។
Tevbe 9:88
រីឯអ្នកនាំសារមូហាំម៉ាត់ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់វិញ ពិតណាស់ ពួកគេមិនបានអវត្តមាន(គេចវេស)ពីការតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដូចពួក(ពុតត្បុត)ទាំងនោះនោះឡើយ។ តាមពិត ពួកគេបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ ហើយការតបស្នងរបស់ពួកគេនៅឯអល់ឡោះជាម្ចាស់នោះ គឺផលប្រយោជន៍លោកិយនេះនឹងកើតមានដល់ពួកគេ ដូចជាការទទួលបានជ័យជំនះ(លើសត្រូវ) និងទទួលបាននូវទ្រព្យជ័យភណ្ឌជាដើម។ ហើយពួកគេក៏នឹងទទួលបានផលប្រយោជន៍សម្រាប់ថ្ងៃបរលោករបស់ពួកគេផងដែរ ដែលក្នុងនោះ គឺពួកគេនឹងបានចូលឋានសួគ៌ ហើយនិងទទូលបានជោគជ័យនូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេច។
Tevbe 9:89
អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈដោយមិនស្លាប់នោះឡើយ។ ការតបស្នងទាំងនោះហើយ គឺជាជោគជ័យយ៉ាងធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Tevbe 9:90
ហើយមានក្រុមមួយនៃពួកអារ៉ាប់ជនបទដែលនៅក្រុងម៉ាទីណះ និងអ្នកដែលនៅជុំវិញម៉ាទីណះបានមកជួបនឹងអ្នកនាំសាររបស់អល់ឡោះ ដោយពួកគេបាននិយាយយកលេសដើម្បីឲ្យគាត់(អ្នកនាំសារ)អនុញ្ញាតឲ្យពួកគេអាចអវត្តមានពីការចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ហើយមានក្រុមមួយផ្សេងទៀតដែលពួកគេមិនចេញទៅប្រយុទ្ធនោះ ពួកគេមិនបាននិយាយយកលេសដោះសារអ្វីឡើយ ដោយសារតែពួកគេមិនជឿជាក់ចំពោះព្យាការី និងមិនមានជំនឿចំពោះការសន្យារបស់អល់ឡោះ។ ពួកទាំងនោះនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។
Tevbe 9:91
គ្មានទោសពៃរ៍អ្វីឡើយចំពោះស្ត្រីភេទ ក្មេងៗ អ្នកជំងឺ ចាស់ជរា អ្នកពិការភ្នែក និងអ្នកក្រីក្រដែលមិនមានទ្រព្យសម្បត្តិដើម្បីបរិច្ចាគក្នុងការរៀបចំដើម្បីធ្វើសង្គ្រាម ចំពោះការដែលពួកគេមិនចេញទៅប្រយុទ្ធនោះ ពីព្រោះពួកគេមានហេតុផលដែលត្រូវបានគេអនុគ្រោះឲ្យ ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអនុវត្តតាមបទបញ្ញត្តិរបស់ទ្រង់នោះ។ គ្មានហេតុផលណាដែលត្រូវទទួលទណ្ឌកម្មចំពោះបណ្តាអ្នកដែលសាងអំពើល្អក្នុងចំណោមអ្នកដែលគេអនុគ្រោះឲ្យ(មិនចេញទៅប្រយុទ្ធ)ទាំងនោះនោះឡើយ។ ហើយអល់ឡោះមហាអភ័យទោសបំផុតនូវរាល់បាបកម្មរបស់បណ្តាអ្នកដែលសាងអំពើល្អ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tevbe 9:92
ហើយក៏គ្មានទោសពៃរ៍ឬបាបកម្មអ្វីនោះដែរចំពោះអ្នកដែលមិនបានចូលរួមប្រយុទ្ធជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកគេបានមកជួបនឹងអ្នកដោយពួកគេស្នើសុំសត្វជំនិះដែលអាចដឹកពួកគេបាន ហើយអ្នកបានតបទៅកាន់ពួកគេវិញថាៈ ខ្ញុំមិនមានសត្វជំនិះសម្រាប់ដឹកពួកអ្នកនោះឡើយ។ ពួកគេក៏បានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខព្រួយ ព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ។
Tevbe 9:93
តាមពិត មធ្យោបាយ(ឬកត្តា)ដែលនាំឲ្យគេដាក់ទោសទណ្ឌ និងទទួលនូវទោសពៃរ៍នោះ គឺចំពោះតែអ្នកទាំងឡាយដែលពួកគេបានមកសុំការអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បី(អនុញ្ញាតឲ្យពួកគេ)មិនចេញទៅច្បាំង ខណៈដែលពួកគេមានសមត្ថភាពចំពោះវា ដោយពួកគេមាននូវអ្វី(គ្រឿងសព្វាវុធ និងលទ្ធភាព)ដែលគេរៀបចំដើម្បីប្រយុទ្ធប៉ុណ្ណោះ។ ពួកគេពេញចិត្តឲ្យខ្លួនពួកគេទទួលនូវភាពអាម៉ាស និងទាបថោកដោយការស្នាក់នៅក្នុងផ្ទះជាមួយនឹងបណ្តាអ្នកដែលគេអនុគ្រោះ(ក្នុងការមិនចេញទៅប្រយុទ្ធ) ហើយអល់ឡោះជាម្ចាស់ក៏បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ដែលជាហេតុធ្វើឲ្យការណែនាំ និងការឲ្យដំបូន្មាន គឺគ្មានជះឥទ្ធិពលអ្វីទៅលើពួកគេនោះឡើយ។ ហើយដោយសារតែការបោះត្រា(ភ្ជិតលើដួងចិត្ត)នេះ ពួកគេមិនដឹងនូវអ្វីដែលជាប្រការល្អដើម្បីឲ្យពួកគេជ្រើសរើសវា និង(មិនដឹង)អ្វីដែលផ្តល់នូវភាពអន្តរាយដើម្បីពួកគេចៀសវាងពីវានោះឡើយ។
Tevbe 9:94
ពួកពុតត្បុតដែលមិនបានចូលរួមក្នុងប្រយុទ្ធនឹងនិយាយដោះសារទៅចំពោះអ្នកមូស្លីមនៅពេលដែលពួកគេ(អ្នកមូស្លីម)វិលត្រឡប់មកពីសមរភូមិវិញ។ អល់ឡោះទ្រង់បានបង្គាប់ឲ្យព្យាការីរបស់ទ្រង់(មូហាំម៉ាត់) និងអ្នកមានជំនឿឲ្យឆ្លើយតបទៅកាន់ពួកគេ(ពួកពុតត្បុត)វិញថាៈ ពួកអ្នកមិនចាំបាច់ដោះសារភូតកុហកអ្វីនោះទេ។ ពួកយើងមិនជឿនូវអ្វីដែលពួកអ្នកដោះសារប្រាប់ពួកយើងនោះឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកអស់ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលពួកអ្នក ថាតើពួកអ្នកនឹងសារភាពកំហុស ហើយអល់ឡោះទ្រង់ទទួលយការសារភាពកំហុសរបស់ពួកអ្នក ឬក៏ពួកអ្នកនៅតែបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកអ្នកតទៅទៀត? ក្រោយមក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ដែលជាអ្នកដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត ហើយនិងតបស្នងដល់ពួកអ្នកចំពោះវាវិញ។ ដូច្នេះ ចូរពួកអ្នករួសរាន់ទៅកាន់ការសារភាកំហុស និងសាងនូវអំពើល្អចុះ។
Tevbe 9:95
ពួកដែលមិនចូលរួមប្រយុទ្ធទាំងនោះនឹងស្បថនឹងអល់ឡោះនៅពេលដែលពួកអ្នក(បណ្ដាអ្នកមានជំនឿ)វិលត្រឡប់មកកាន់ពួកគេវិញ ដើម្បីឲ្យពួកអ្នកជឿជាក់លើពាក្យដោះសារមិនពិតរបស់ពួកគេ និងដើម្បីពួកគេរួចផុតពីការស្ដីបន្ទោស។ ហេតុនេះ ចូរពួកអ្នកបោះបង់ពួកគេដោយបោះបង់ទាំងខឹងសម្បារ និងចាកចេញពីពួកគេចុះ។ ពិតណាស់ ពួកគេគឺមានភាពកខ្វក់ ដែលជាភាពកខ្វក់ផ្នែកខាងក្នុង។ ហើយទីជម្រករបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺនរកជើហាន់ណាំ ដែលជាការតបស្នងដល់ពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្តនៃភាពពុតត្បុតនិងអំពើបាបកម្ម។
Tevbe 9:96
ពួកដែលមិនចូលរួមប្រយុទ្ធទាំងនោះបានស្បថចំពោះពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ) ដើម្បីឲ្យពួកអ្នកអនុគ្រោះដល់ពួកគេ និងទទួលយកការដោះសាររបស់ពួកគេ។ ហេតុនេះ ចូរពួកអ្នកកុំអនុគ្រោះដល់ពួកគេឲ្យសោះ ព្រោះប្រសិនបើពួកអ្នកអនុគ្រោះដល់ពួកគេនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាបានល្មើសនឹងម្ចាស់របស់ពួកអ្នកហើយ ដោយសារតែអល់ឡោះទ្រង់មិនអនុគ្រោះដល់ក្រុមដែលងាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ដោយការប្រឆាំងនិងពុតត្បុតឡើយ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្ដាអ្នកមូស្លីម)ប្រុងប្រយ័ត្នចំពោះការអនុគ្រោះដល់អ្នកដែលអល់ឡោះមិនអនុគ្រោះដល់គេ។
Tevbe 9:97
ពួកអារ៉ាប់ជនបទ ប្រសិនបើពួកគេប្រឆាំងឬមានភាពពុតត្បុតនោះ ការប្រឆាំងរបស់ពួកគេ និងភាពពុតត្បុតរបស់ពួកគេ គឺខ្លាំងជាងការប្រឆាំង និង(ខ្លាំងជាង)ភាពពុតត្បុតរបស់អ្នកទីក្រុង(ម៉ាទីណះ)ទៅទៀត។ ពួកគេមិនត្រឹមតែមានភាពល្ងង់ខ្លៅចំពោះសាសនាប៉ុណ្ណោះទេ ថែមទាំងមិនដឹងអំពីកាតព្វកិច្ច ប្រការគួរគប្បីធ្វើ និងក្បួនច្បាប់ផ្សេងៗដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នកនាំសាររបស់ទ្រង់ថែមទៀត ដោយសារតែពួកគេមានភាពរឹងរូស ឃោឃៅ និងមិនសូវចូលចំណោមគេ។ ហើយអល់ឡោះដឹងបំផុតពីស្ថានភាពរបស់ពួកគេ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។
Tevbe 9:98
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលជាពួកពុតត្បុត មានអ្នកខ្លះចាត់ទុកអ្វីដែលគេបរិច្ចាគអំពីទ្រព្យម្បត្តិក្នុងមាគ៌ារបស់អល់ឡោះនោះ គឺជាការខាតបង់ និងជាការផាកពិន័យ(ចំពោះពួកគេ)ប៉ុណ្ណោះ ដោយរូបគេគិតថា វា(ការបរិច្ចាគ)នឹងមិនត្រូវបានគេ(អល់ឡោះ)ផ្ដល់ផលបុណ្យឲ្យនោះទេប្រសិនបើគេបានបរិច្ចាគនោះ ហើយអល់ឡោះក៏មិនដាក់ទណ្ឌកម្មដល់គេនោះដែរ ប្រសិនបើគេមិនបរិច្ចាគ។ ក៏ប៉ុន្តែ ជាមួយគ្នានេះ ជួនកាលគេបរិច្ចាគដើម្បីគ្រាន់តែចង់ឲ្យមនុស្សឃើញ និងដើម្បីការពារខ្លួនគេ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ) ពេលនោះរូបគេនឹងគេចខ្លួនអំពីពួកអ្នក។ ផ្ទុយទៅវិញ អល់ឡោះបានធ្វើឲ្យអ្វីដែលពួកគេប្រាថ្នាចង់ឲ្យវាកើតឡើងទៅលើអ្នកមានជំនឿអំពីប្រការអាក្រក់នោះ កើតមានចំពោះពួកគេទៅវិញទេ មិនមែនកើតឡើងចំពោះបណ្តាអ្នកមានជំនឿនោះឡើយ។ ហើយអល់ឡោះមហាឮបំផុតនូវអ្វីដែលពួកគេបាននិយាយ និងមហាដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។
Tevbe 9:99
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទនោះដែរ គឺមានអ្នកខ្លះមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះថ្ងៃបរលោក ហើយរូបគេចាត់ទុកអ្វីដែលគេបរិច្ចាគអំពីទ្រព្យសម្បត្តិក្នុងមាគ៌ាអល់ឡោះនោះ គឺដើម្បីបញ្ជិតខ្លួនទៅចំពោះទ្រង់ និងជាមធ្យោបាយមួយដើម្បីទទួលបានការបួងសួង និងការសុំការអភ័យទោសពីអ្នកនាំសារ(របស់អល់ឡោះ)ដល់រូបគេផងដែរ។ តើពុំមែនទេឬដែលថា ពិតណាស់ ការបរិច្ចាគរបស់គេក្នុងមាគ៌ាអល់ឡោះ និងការបួងសួងរបស់អ្នកនាំសារ(របស់អល់ឡោះ)ដល់រូបគេ គឺដើម្បីបញ្ជិតខ្លួនគេទៅចំពោះអល់ឡោះនោះ? រូបគេនឹងបានឃើញផលបុណ្យរបស់វា(ការបរិច្ចាគ)នៅនឹងអល់ឡោះ ដោយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងក្ដីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ ដែលពោរពេញទៅដោយការអភ័យទោស និងឋានសួគ៌របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tevbe 9:100
បណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមបណ្ដាពួកមូហាជីរីន ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងមាតុភូមិរបស់ពួកគេទៅកាន់អល់ឡោះ និងពួកអាន់ស័រ ដែលពួកគេបានជួយដល់ព្យាការីរបស់ទ្រង់ ហើយនិងបណ្តាអ្នកដែលដើរតាមគន្លងធម៌របស់ពួកមូហាជីរីននិងពួកអាន់ស័រដែលជាអ្នករួសរាន់ទៅកាន់ការមានជំនឿដំបូងគេដោយមានភាពត្រឹមត្រូវទាំងក្នុងគោលជំនឿ ពាក្យសម្ដី និងកាយវិកានោះ អល់ឡោះជាម្ចាស់ទ្រង់បានពេញចិត្តចំពោះពួកគេ ហើយទ្រង់បានទទួលយកការប្រតិបត្តិរបស់ពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះអល់ឡោះវិញដែរនូវអ្វីដែលទ្រង់បានប្រទានឲ្យពួកគេនៃផលបុណ្យដ៏ធំធេង។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការតបស្នងទាំងនោះហើយ គឺជាជោគជ័យដ៏ធំធេង។
Tevbe 9:101
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលរស់នៅក្បែរទីក្រុងម៉ាទីណះនោះ មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ាទីណះ ក៏មានអ្នកខ្លះជាពួកពុតត្បុតដែរ ដោយពួកគេនៅតែស្ថិតនៅក្នុងភាពពុតត្បុតនៅឡើយ ដែលអ្នក(ឱអ្នកនាំសារ)មិនស្គាល់ពួកគេនោះទេ តែអល់ឡោះជាម្ចាស់ទ្រង់ស្គាល់ពួកគេ។ អល់ឡោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេពីរដង ដោយមួយដងនៅក្នុងលោកិយ តាមរយៈលាតត្រដាងនូវភាពពុតត្បុតរបស់ពួកគេ សម្លាប់ពួកគេ និងចាប់ពួកគេជាឈ្លើយសឹក ហើយមួយដងទៀត គឺនៅថ្ងៃបរលោក ដោយការដាក់ទណ្ឌកម្ម(ពួកគេ)នៅក្នុងផ្នូរ។ ក្រោយមក នៅថ្ងៃបរលោក ពួកគេនឹងត្រូវគេបញ្ជូនទៅកាន់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅឯបាតនរក។
Tevbe 9:102
ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ាទីណះនោះដែរ គឺមានមួយក្រុមផ្សេងទៀតដែលពួកគេមិនបានចូលរួម(ប្រយុទ្ធ)ក្នុងសមរភូមិដោយគ្មានហេតុផលដែលត្រូវបានគេអនុគ្រោះនោះឡើយ ហើយពួកគេទទួលស្គាល់ថា ពួកគេ(ពិតជាមិនបានចូលរួមប្រយុទ្ធដោយ)គ្មានហេតុផលដែលត្រូវបានគេអនុគ្រោះនោះមែន ហើយពួកគេក៏មិនបាននាំមកនូវលេសដោះសារភូតកុហកអ្វីនោះដែរ។ ពួកគេបានយកអំពើកុសលរបស់ពួកគេដែលបានសាងកន្លងមក ដូចជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងប្រកាន់ខ្ជាប់នូវក្បួនច្បាប់របស់ទ្រង់ ហើយនិងការតស៊ូក្នុងមាគ៌ារបស់ទ្រង់មកលាយឡំជាមួយនឹងអំពើអាក្រក់ ដោយពួកគេសង្ឃឹមថា អល់ឡោះជាម្ចាស់ទ្រង់នឹងទទួលយកនូវការសារភាពកំហុសរបស់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tevbe 9:103
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកហូតហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួន ដើម្បីជាការជម្រះសម្អាតពួកគេពីភាពកខ្វក់នៃអំពើល្មើសនិងបាបកម្មទាំងឡាយតាមរយៈការបរិច្ចាគហ្សាកាត់នេះ និងដើម្បីឲ្យអំពើល្អរបស់ពួកគេកើនឡើង ហើយចូរអ្នកបួងសួងឲ្យពួកគេផងបន្ទាប់ពីអ្នកបានយកវា(ទ្រព្យហ្សាកាត់)ពីពួកគេហើយនោះ។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាក្តីមេត្តាករុណាចំពោះពួកគេ និងធ្វើឲ្យចិត្តពួកគេនឹងនរ។ ហើយអល់ឡោះមហាឮបំផុតនូវការបួងសួងរបស់អ្នក មហាដឹងបំផុតនូវរាល់ទង្វើរបស់ពួកគេ និងការនៀត(តាំងចិត្ត)របស់ពួកគេ។
Tevbe 9:104
ដើម្បីឲ្យពួកដែលមិនបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងនោះ និងបណ្តាអ្នកដែលបានសារភាពកំហុសចំពោះអល់ឡោះដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ទទួលយកការសារភាពកំហុសពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសារភាពទោសកំហុសទៅចំពោះទ្រង់ និងទទួលយកការបរិច្ចាគទាំងឡាយ ហើយទ្រង់មហាមានលើសលប់ មិនត្រូវការវានោះឡើយ។ ហើយទ្រង់នឹងផ្តល់ផលបុណ្យដល់អ្នកដែលបរិច្ចាគចំពោះការបរិច្ចាគរបស់គេ។ ហើយទ្រង់ជាអ្នកទទួលយកការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tevbe 9:105
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងបណ្តាអ្នកដែលបានសារភាពកំហុសពីបាបកម្មរបស់ពួកគេថាៈ ចូរពួកអ្នកមានភាពស្មោះសក្នុងទង្វើរបស់ពួកអ្នកចំពោះអល់ឡោះ និងសាងនូវទង្វើដែលទ្រង់ពេញចិត្តចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកដែលជាអ្នកដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលអ្នកធ្លាប់បានសាងនៅក្នុងលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។
Tevbe 9:106
ហើយក្នុងចំណោមអ្នកដែលអវត្តមានមិនបានចូលរួមក្នុងសង្រ្គាមតាពូកនោះ គឺមានមួយក្រុមផ្សេងទៀតដែលពួកគេមិនមានហេតុផលដែលគេអនុគ្រោះ(ក្នុងការមិនចូលរួមច្បាំង)នោះឡើយ។ ជាការពិតណាស់អ្នកទាំងនោះ ពួកគេត្រូវបានគេពន្យារពេលដើម្បីរង់ចាំការសម្រេចរបស់អល់ឡោះ និងការកាត់សេចក្ដីរបស់ទ្រង់ចំពោះពួកគេ ដោយទ្រង់នឹងកាត់សេចក្ដីពួកគេតាមអ្វីដែលទ្រង់មានចេតនា ដោយទ្រង់អាចនឹងដាក់ទណ្ឌកម្មពួកគេប្រសិនបើពួកគេមិនបានសារភាពកំហុសចំពោះទ្រង់ ឬក៏ទ្រង់នឹងទទួលយកការសារភាពកំហុសពីពួកគេប្រសិនបើពួកគេបានសារភាពកំហុសចំពោះទ្រង់។ ហើយអល់ឡោះមហាដឹងបំផុត ថាតើជនណាដែលសក្តិសមនឹងទទួលទណ្ឌកម្មរបស់ទ្រង់ និងជនណាដែលសក្តិសមនឹងទទួលបានការអភ័យទោសពីទ្រង់។ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិច្បាប់ និងចាត់ចែងរបស់ទ្រង់។ អ្នកទាំងនោះគឺៈ មូរ៉រ៉ោះ កូនប្រុសរបស់ អាររ៉ពៀក, កាអាប់ កូនប្រុសរបស់ ម៉ាលិក និងហ៊ីឡាល កូនប្រុសរបស់ អ៊ូម៉ៃយ៉ះ។
Tevbe 9:107
ហើយក្នុងចំណោមពួកពុតត្បុតនោះដែរ គឺមានអ្នកដែលបានកសាងម៉ាស្ជិតពុំមែនដើម្បីប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេកសាងម៉ាស្ជិតនេះឡើង គឺដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងបង្ហាញនូវភាពគ្មានជំនឿតាមរយៈការធ្វើឲ្យពួកពុតត្បុតមានភាពខ្លាំងក្លា ហើយនិងដើម្បីបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀម និងរង់ចាំសម្រាប់ជនណាដែលបានធ្វើសង្រ្គាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុនពេលសាងសង់ម៉ាស្ជិតនេះឡើងប៉ុណ្ណោះ។ ហើយពួកពុតត្បុតទាំងនោះប្រាកដជានឹងស្បថចំពោះពួកអ្នកថាៈ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អចំពោះអ្នកមូស្លីមឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេនេះ។
Tevbe 9:108
ម៉ាស្ជិតដែលកសាងឡើងក្នុងលក្ខណៈបែបនេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំទទួលយកការអញ្ជើញរបស់ពួកពុតត្បុតដែលបានអញ្ជើញអ្នកឲ្យទៅសឡាតនៅក្នុងម៉ាស្ជិតនោះឲ្យសោះ។ ពិតប្រាកដណាស់ ម៉ាស្ជិតគូហ្ពាក ដែលត្រូវបានសាងសង់ឡើងតាំងពីដំបូង ដែលសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)នោះ គឺសាកសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាងម៉ាស្ជិតដែលគេ(ពួកពុតត្បុត)កសាងឡើងនៅលើភាពគ្មានជំនឿ។ នៅក្នុងម៉ាស្ជិតគូហ្ពាកនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តសម្អាត(ខ្លួនរបស់គេ)ពីប្រការអាក្រក់និងប្រការកខ្វក់ទាំងឡាយនឹងទឹក ហើយនិងសម្អាតពីអំពើល្មើសដោយការសារភាពកំហុសនិងការសុំអភ័យទោស។ ហើយអល់ឡោះទ្រង់ស្រឡាញ់ចូលចិត្តបណ្ដាអ្នកដែលស្អាតស្អំពីប្រការអាក្រក់ ស្អាតស្អំពីប្រការកខ្វក់ និងពីបាបកម្មទាំងឡាយ។
Tevbe 9:109
តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិត)របស់គេនៅលើការកោតខ្លាចអល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ និង(នៅលើ)ការពេញចិត្តពីអល់ឡោះតាមរយៈការពង្រីកនូវទង្វើល្អនោះ មានភាពស្មើគ្នាដែរឬទេជាមួយនឹងអ្នកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងដើម្បីពង្រឹងភាពគ្មានជំនឿ ព្រមទាំងដើម្បីបំបែកបំបាក់រវាងបណ្ដាអ្នកមានជំនឿនោះ? ពិតប្រាកដណាស់ ក្រុមទាំងពីរនេះមិនអាចស្មើគ្នាជាដាច់ខាត ពីព្រោះ អ្នកទីមួយ គ្រឹះនៃសំណង់របស់គេមានភាពរឹងមាំ ស្អិតរមួតជាប់គ្នា ដែលគេមិនមានការភ័យខ្លាចពីការធ្លាក់ស្រុតនោះឡើយ។ រីឯអ្នកទីពីរវិញ ការប្រៀបធៀប(សំណង់)របស់គេ គឺប្រៀបដូចជាអ្នកដែលសង់សំណង់នៅលើមាត់ជ្រោះដែលចាំតែនឹងធ្លាក់បាក់ស្រុតប៉ុណ្ណោះ ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងបាតឋាននរកជើហាន់ណាំ។ ហើយអល់ឡោះនឹងមិនចង្អុលបង្ហាញក្រុមដែលបំពានដោយការប្រឆាំង ពុតត្បុត និងអ្វីផ្សេងទៀតនោះឡើយ។
Tevbe 9:110
ម៉ាស្ជិតរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបានកសាងវាឡើងដើម្បីបង្កគ្រោះថ្នាក់(ដល់អ្នកមូស្លីម)នោះ នៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យ និងភាពពុតត្បុតក្នុងដួងចិត្តរបស់ពួកគេដដែល លុះត្រាតែវា(ចិត្ត)ត្រូវបានកាត់ដោយការស្លាប់ ឬត្រូវបានសម្លាប់ដោយផ្លែដាវ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់ទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិតចំពោះអ្វីដែលទ្រង់កាត់សេចក្ដីចំពោះវានៃការតបស្នងទៅលើប្រការល្អ ឬប្រការអាក្រក់។
Tevbe 9:111
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ(ខណៈដែលពួកគេ គឺជាកម្មសិទ្ធិរបស់ទ្រង់)នឹងតម្លៃមួយដ៏ខ្ពស់បំផុត នោះគឺឋានសួគ៌ ខណៈដែលពួកគេប្រយុទ្ធជាមួយនឹងពួកប្រឆាំងដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់បំផុត ដោយពួកគេបានសម្លាប់ពួកប្រឆាំង ហើយពួកប្រឆាំងក៏បានសម្លាប់ពួកគេវិញដែរ។ ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត (ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូសា) គម្ពីរអ៊ីញជីល(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីសា) និងគម្ពីរគួរអាន(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់)។ ហើយគ្មាននរណាម្នាក់ដែលគោរពពាក្យសន្យារបស់ខ្លួនជាងអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដាអ្នកមានជំនឿ)សប្បាយរីករាយជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវាជាមួយនឹងអល់ឡោះចុះ។ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបាននូវផលចំណេញមួយដ៏ធំធេងបំផុត ហើយកិច្ចព្រមព្រៀងនោះ វាគឺជាជោគជ័យមួយដ៏ធំធេង។
Tevbe 9:112
បណ្តាអ្នកដែលទទួលបាននូវការតបស្នងបែបនេះ ពួកគេទាំងនោះ គឺបណ្តាអ្នកដែលវិលត្រឡប់(ងាកចេញ)ពីអ្វីដែលអល់ឡោះមិនពេញចិត្តនិងខឹងសម្បារ ទៅកាន់អ្វីដែលអល់ឡោះទ្រង់ស្រឡាញ់និងពេញចិត្ត បណ្តាអ្នកដែលឱនលំទោននិងបន្ទាបខ្លួនដោយការកោតខ្លាចចំពោះអល់ឡោះ ដោយពួកគេប្រឹងប្រែងក្នុងការគោរពប្រតិបត្តិចំពោះទ្រង់ បណ្ដាអ្នកកោតសរសើរចំពោះម្ចាស់របស់ពួកគេនៅគ្រប់ស្ថានភាពទាំងអស់ បណ្ដាអ្នកដែលបួស បណ្ដាអ្នកដែលប្រតិបត្តិសឡាត បណ្ដាអ្នកដែលប្រើគ្នាឲ្យធ្វើនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានដាក់បទបញ្ជា និងបណ្ដាអ្នកដែលហាមឃាត់គ្នាអំពីប្រការដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានដាក់បម្រាមហាមឃាត់ ហើយនិងបណ្ដាអ្នកថែរក្សាបទបញ្ជាទាំងឡាយរបស់អល់ឡោះដោយការគោរពតាម និង(ថែរក្សា)ប្រការដែលទ្រង់ហាមឃាត់ដោយការចៀសវាង។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលមាននូលក្ខណៈសម្បត្តិបែបនេះនូវដំណឹងល្អដែលនាំឲ្យពួកគេរីករាយទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកចុះ។
Tevbe 9:113
១១៣. មិនគប្បីនោះទេចំពោះព្យាការី ហើយក៏មិនគប្បីដែរចំពោះបណ្ដាអ្នកមានជំនឿ ក្នុងការសុំការអភ័យទោសពីអល់ឡោះឲ្យពួកមុស្ហរីគីននោះ ទោះបីជាពួកគេនោះជាសាច់ញាតិនឹងគ្នាក៏ដោយ បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន) គឺជាអ្នកដែលស្ថិតក្នុងចំណោមពួកនរក ដោយការស្លាប់របស់ពួកគេស្ថិតនៅក្នុងភាពស្ហ៊ីរិក(ចំពោះអល់ឡោះ)ហើយនោះ។
Tevbe 9:114
ហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែហេតុផលដែលគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យគាត់ ដោយសង្ឃឹមថា គាត់នឹងចូលឥស្លាមនោះឡើយ។ តែនៅពេលដែលគេបានបញ្ជាក់ប្រាប់ដល់ព្យាការីអ៊ីព្រហ៊ីមយ៉ាងច្បាស់ថា ពិតណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ ដោយសារតែការទូន្មានរបស់គាត់(ចំពោះឪពុកគាត់)នោះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ ឬក៏គាត់បានដឹងតាមរយៈវ៉ាហ៊ី(ដែលគេផ្តល់ឲ្យគាត់បានដឹង)ថាៈ ពិតណាស់ ឪពុករបស់គាត់នឹងស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ គាត់ក៏បានចាកចេញពីឪពុករបស់គាត់វិញ។ ហើយការសុំអភ័យទោសរបស់គាត់ឲ្យឪពុករបស់គាត់នោះ វាគឺជាការព្យាយាមរបស់គាត់ប៉ុណ្ណោះ ដោយវាមិនមែនជាការបំពានលើច្បាប់ដែលអល់ឡោះបានផ្តល់វ៉ាហ៊ីឲ្យគាត់នោះឡើយ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនទៅចំពោះអល់ឡោះយ៉ាងច្រើនបំផុត ជាអ្នកអភ័យទោសនិងអធ្យាស្រ័យច្រើនបំផុតដល់ក្រុមរបស់គាត់ដែលជាពួកបំពាន។
Tevbe 9:115
ហើយអល់ឡោះមិនសម្រេចឲ្យក្រុមណាមួយវង្វេងក្រោយពីពួកគេទទួលបានការចង្អុលបង្ហាញនោះឡើយ លុះត្រាតែទ្រង់បានបញ្ជាក់ប្រាប់ដល់ពួកគេនូវប្រការដែលគេហាមឃាត់ដែលពួកគេចាំបាច់ត្រូវចៀសវាង។ ដូច្នេះ ប្រសិនបើពួកគេបានប្រព្រឹត្តនូវទង្វើដែលគេបានហាមឃាត់ចំពោះពួកគេក្រោយពី¬បានបញ្ជាក់ប្រាប់ដល់ពួកគេថា វាជាប្រការដែលគេហាមឃាត់ហើយនោះ ទើបទ្រង់សម្រេចឲ្យពួកគេវង្វេង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយពិតណាស់ ទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹង។
Tevbe 9:116
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ដោយទ្រង់គ្មានដៃគូនោះឡើយនៅក្នុងការគ្រប់គ្រងវាទាំងពីរនោះ។ គ្មានអាថ៌កំបាំងណាមួយដែលមាននៅក្នុងវាទាំងពីរ(មេឃដី)អាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់គឺជាអ្នកធ្វើឲ្យរស់ចំពោះជនណាដែលទ្រង់មានចេតនាចង់ឲ្យគេរស់ ហើយទ្រង់ជាអ្នកធ្វើឲ្យស្លាប់ចំពោះជនណាដែលមានចេតនាឲ្យគេស្លាប់។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)គ្មានអ្នកគាំពារណាដែលអាចគាំពារកិច្ចការរបស់ពួកអ្នកក្រៅពីអល់ឡោះឡើយ ហើយពួកអ្នកក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកអ្នកពីប្រការអាក្រក់ និងជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក(ក្រៅពីអល់ឡោះ)នោះដែរ។
Tevbe 9:117
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការីមូហាំម៉ាត់នៅពេលដែលគាត់បានអនុញ្ញាតឲ្យពួកពុតត្បុតមិនចូលរូមក្នុងសង្រ្គាមតាពូក។ ហើយជាការពិតណាស់ ទ្រង់ក៏បានទទួលយកការសារភាពកំហុសផងដែរពីពួកមូហាជីរីន និងពួកអាន់សរ៍ ដែលពួកគេមិនបានអវត្តមានពីសង្គ្រាមឡើយ។ ផ្ទុយទៅវិញ ពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ដោយចេញទៅធ្វើសង្គ្រាមតាពូកនេះ ទោះបីជាអាកាសធាតុក្តៅខ្លាំង មានគ្នាតិច ហើយសត្រូវមានកម្លាំងខ្លាំងក្លាក៏ដោយ ក្រោយពីក្រុមមួយក្នុងចំណោមពួកគេ(អ្នកមានជំនឿ) ចិត្តរបស់ពួកគេស្ទើរតែបោះបង់ចោលសមរភូមិប្រយុទ្ធទៅហើយ ដោយសារតែក្នុងសង្គ្រាមនោះ ពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត។ ក្រោយមក អល់ឡោះបានធ្វើឲ្យពួកមានភាពនឹងនរ និងបានចាកចេញទៅប្រយុទ្ធវិញ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់(ចំពោះពួកគេ)នោះ គឺទ្រង់បានចង្អុលបង្ហាញពួកគេឲ្យសារភាពកំហុស និងទទួលយកនូវការសារភាពកំហុសពីពួកគេ។
Tevbe 9:118
ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ក៏បានទទួលយកការសារភាពកំហុសផងដែរពីបុគ្គលបីរូប ដែលពួកគេនោះគឺ កាអាប់ កូនប្រុសរបស់ ម៉ាលិក, មូរ៉រោះ កូនប្រុសរបស់ អាររ៉ពៀក, និងហ៊ីឡាល កូនប្រុសរបស់ អ៊ូម៉ៃយ៉ះ ដែលពួកគេត្រូវបានគេទុកចោល ហើយគេបានពន្យារពេលក្នុងការទទួលយកការសារភាពកំហុសរបស់ពួកគេ(ទាំងបី) ក្រោយពីពួកគេមិនបានចេញទៅចូលរួមក្នុងសមរភូមិតាពូកជាមួយនឹងអ្នកនាំសារមូហាំម៉ាត់។ ពេលនោះ ព្យាការីមូហាំម៉ាត់ បានប្រើមនុស្សលោកឲ្យគេបោះបង់ចោលពួកគេ(មិននិយាយរកពួកគេ) ហើយពួកគេ(ទាំងបី)ក៏ទទួលរងនូវទុក្ខព្រួយចំពោះរឿងនោះ រហូតដល់ផែនដីដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយដួងចិត្តរបស់ពួកគេក៏មានភាពចង្អៀតចង្អល់ផងដែរ ដោយសារតែពួកគេទទួលនូវភាពឯកោ។ ហើយពួកគេបានដឹងថា ពិតណាស់ គ្មានកន្លែងជ្រកកោនណាសម្រាប់ពួកគេឡើយ លើកលែងតែការវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ដូច្នេះ ទ្រង់ក៏មានក្តីមេត្តាករុណាចំពោះពួកគេដោយចង្អុលបង្ហាញពួកគេឲ្យទទួលសារភាពកំហុស។ បន្ទាប់មក ទ្រង់បានទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុសរបស់ខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tevbe 9:119
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់ ហើយបានអនុវត្តតាមក្បួនច្បាប់របស់ទ្រង់! ចូរពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់ ហើយពួកអ្នកត្រូវស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀងត្រង់ ទាំងក្នុងការមានជំនឿ ពាក្យសម្ដី និងទង្វើរបស់ពួកគេ។ ពិតណាស់ គ្មានអ្វីដែលអាចជួយសង្រ្គោះពួកអ្នកនោះទេ លើកលែងតែភាពទៀងត្រង់ប៉ុណ្ណោះ។
Tevbe 9:120
ចំពោះអ្នកដែលរស់នៅទីក្រុងម៉ាទីណះនិងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺមិនអាចបោះបង់អ្នកនាំសាររបស់អល់ឡោះបានឡើយ នៅពេលដែលគាត់ចេញទៅប្រយុទ្ធដោយខ្លួនរបស់គាត់ផ្ទាល់នោះ ហើយពួកគេក៏មិនអាចស្រឡាញ់ខ្លួនពួកគេនិងការពារខ្លួនពួកគេជាងខ្លួនអ្នកនាំសារមូហាំម៉ាត់នោះដែរ។ ផ្ទុយទៅវិញ ចាំបាច់លើពួកគេត្រូវលះបង់ខ្លួនប្រាណរបស់ពួកគេដើម្បីការពារគាត់។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រកឃ្លានមិនប៉ះពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្រ្គាម)ឡើយ ហើយពួកគេក៏មិនឈានជើងទៅកន្លែងណាដែលធ្វើឲ្យពួកប្រឆាំងមានកំហឹងនោះដែរ ហើយពួកគេក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដូចជាការសម្លាប់ ការចាប់ជាឈ្លើយសឹក ឬភាពបរាជ័យនោះឡើយ ផ្ទុយទៅវិញ អល់ឡោះបានកត់ត្រាឲ្យពួកគេនូវផលបុណ្យពីទង្វើកុសលដែលពួកគេបានសាង ហើយទ្រង់បានទទួលយកវាពីពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើល្អឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងផ្តល់វាដល់ពួកគេយ៉ាងពេញលេញ និងបន្ថែមឲ្យពួកគេទ្វេដង។
Tevbe 9:121
ហើយទោះបីជាពួកគេលះបង់(បរិច្ចាគ)ទ្រព្យសម្បត្តិតិចក្ដី ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមួយក៏ដោយ គឺសុទ្ធតែត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអ្វីដែលពួកបានប្រព្រឹត្តនៃការលះបង់ និងការធ្វើដំណើរ ដើម្បីឲ្យអល់ឡោះនឹងតបស្នងដល់ពួកគេយ៉ាងពេញលេញ។ ហេតុនេះ នៅថ្ងៃបរលោក អល់ឡោះនឹងតបស្នងឲ្យពួកគេនូវផលបុណ្យដ៏ប្រសើរបំផុតនូវអ្វីដែលពួកគេបានសាង។
Tevbe 9:122
ហើយចំពោះបណ្ដាអ្នកដែលមានជំនឿ គឺមិនគប្បីចេញទៅធ្វើសង្រ្គាមទាំងអស់គ្នានោះទេ ដើម្បីកុំឲ្យពួកគេត្រូវបានសត្រូវសម្លាប់ទាំងអស់គ្នាប្រសិនបើសត្រូវរបស់ពួកគេបង្ហាញខ្លួនចំពោះពួកគេ។ ដូច្នេះ មួយក្រុមក្នុងចំណោមពួកគេត្រូវចេញទៅប្រយុទ្ធ និងទុកមួយក្រុមទៀតឲ្យនៅជាមួយអ្នកនាំសារអល់ឡោះ និងឲ្យពួកគេស្វែងយល់ពីសាសនានូវអ្វីដែលពួកគេស្ដាប់ឮពីអ្នកនាំសារអំពីគម្ពីរគួរអាន និងក្បួនច្បាប់ផ្សេងៗ និងដើម្បីទូន្មាននូវអ្វីដែលពួកគេបានដឹងទៅចំពោះក្រុមរបស់ពួកគេនៅពេលដែលពួកគេបានត្រឡប់មកពីធ្វើសង្គ្រាមវិញ។ សង្ឃឹមថាពួកគេនឹងប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះ និងការដាក់ទោសរបស់ទ្រង់។ ហេតុនេះ ពួកគេត្រូវអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់របស់ទ្រង់។ ច្បាប់នេះគឺចំពោះកងពលតូច(សារីយ៉ះ)ដែលអ្នកនាំសារមូហាំម៉ាត់បានបញ្ជូនទៅកាន់តំបន់ណាមួយ ហើយគាត់បានជ្រើសរើសមួយក្រុមក្នុងចំណោមមិត្តភក្តិរបស់គាត់ដើម្បីចេញទៅប្រយុទ្ធ។
Tevbe 9:123
អល់ឡោះបានបង្គាប់ប្រើបណ្ដាអ្នកមានជំនឿឲ្យប្រយុទ្ធនឹងពួកប្រឆាំងដែលនៅជិតពួកគេបំផុត ពីព្រោះពួកគេអាចបង្កគ្រោះថ្នាក់ដល់បណ្ដាអ្នកដែលមានជំនឿដោយសារតែពួកគេនៅជិតនឹងអ្នកមានជំនឿ។ ហើយក៏ដូចគ្នាដែរ ទ្រង់បានបង្គាប់ប្រើពួកគេឲ្យបង្ហាញពីភាពរឹងមាំ និងភាពខ្លាំងក្លារបស់ពួកគេដើម្បីបំភ័យពួកប្រឆាំង និងដើម្បីទប់ស្កាត់ប្រការអាក្រក់របស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្ដាអ្នកមានជំនឿដែលកោតខ្លាច តាមរយៈការជួយ និងការគាំទ្ររបស់ទ្រង់។
Tevbe 9:124
ហើយនៅពេលដែលអល់ឡោះបានបញ្ចុះជំពូកមួយ(នៃគម្ពីរគួរអាន)ទៅលើអ្នកនាំសាររបស់ទ្រង់នោះ ក្នុងចំណោមពួកពុតត្បុត មានអ្នកខ្លះបានសួរដោយការចំអកថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលការបញ្ចុះជំពូកមួយនេះធ្វើឲ្យគេកាន់តែមានជំនឿថែមទៀតចំពោះអ្វីដែលមូហាំម៉ាត់បាននាំមកនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់វិញនោះ ពិតណាស់ការបញ្ចុះជំពូកនេះ គឺកាន់តែបន្ថែមនូវសេចក្តីជំនឿទៅលើសេចក្តីជំនឿរបស់ពួកគេ(ដែលមាន)ពីមុនថែមទៀត ហើយពួកគេសប្បាយរីករាយនឹងវ៉ាហ៊ីដែលគេ(អល់ឡោះ)បានបញ្ចុះមក ដោយសារនៅក្នុងវានោះ គឺពោរពេញទៅដោយផលប្រយោជន៍ចំពោះពួកគេ ទាំងក្នុងលោកិយនិងថ្ងៃបរលោក។
Tevbe 9:125
ហើយចំណែកឯពួកពុតត្បុតវិញ ជាការពិតណាស់ ការបញ្ចុះគម្ពីរគួរអានដែលនៅក្នុងវានូវក្បួនច្បាប់ និងច្បាប់ព្រហ្មទណ្ឌនោះ គឺកាន់តែបន្ថែមឲ្យពួកគេនូវជំងឺ(ក្នុងដួងចិត្ត) និងភាពអាក្រក់(ដល់ពួកគេ)ថែមទៀត ដោយសារតែការបដិសេធរបស់ពួកគេចំពោះអ្វីដែលគេបានបញ្ចុះមក។ ដូច្នេះ ចិត្តរបស់ពួកគេកាន់តែមានជំងឺថែមទៀតនៅពេលណាដែលគម្ពីរគួរអានកាន់តែបញ្ចុះមក ពីព្រោះពួកគេ រាល់ពេលដែលមានអ្វីមួយបានបញ្ចុះមក គឺពួកគេតែងមានភាពមន្ទិលសង្ស័យចំពោះអ្វីដែលមាននៅក្នុងវា ហើយពួកគេស្លាប់ដោយស្ថិតក្នុងភាពគ្មានជំនឿ។
Tevbe 9:126
តើពួកពុតត្បុត(ទាំងនោះ)មិនមើលដោយយកជាមេរៀនចំពោះការសាកល្បងរបស់អល់ឡោះចំពោះពួកគេ តាមរយៈការលាតត្រដាងពីស្ថានភាពរបស់ពួកគេ និងបកអាក្រាតពីភាពពុតត្បុតរបស់ពួកគេ ជារៀងរាល់ឆ្នាំ ចំនួនមួយដង ឬពីរដងទេឬ? ក្រោយមក ទោះបីជាពួកគេដឹងថា អល់ឡោះទ្រង់គឺជាអ្នកដែលធ្វើបែបនោះចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែមិនសារភាពកំហុសចំពោះទ្រង់ពីភាពគ្មានជំនឿរបស់ពួកគេ និងនៅតែមិនបោះបង់(បញ្ឈប់)ភាពពុតត្បុតរបស់ពួកគេដដែល។ ហើយពួកគេក៏មិនភ្ញាក់រលឹកចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេដែរ ដែលថា ជាការពិតណាស់ វា(ការសាកល្បង)គឺមកពីអល់ឡោះជាម្ចាស់នោះ។
Tevbe 9:127
ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានអល់ឡោះបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ដែលមានរំលឹកនៅក្នុងជំពូកនោះពីស្ថានភាពរបស់ពួកពុតត្បុតនោះ ពួកពុតត្បុតមួយចំនួនបានក្រលេកមើលគ្នាទៅវិញទៅមក រួចនិយាយថាៈ តើមាននរណាម្នាក់មើលឃើញពួកអ្នកដែរឬទេ? ប្រសិនបើគ្មាននរណាម្នាក់មើលឃើញពួកគេទេនោះ ពួកគេនឹងចាកចេញពីកន្លែងជួបជុំនោះ។ តើពុំមែនទេឬ អល់ឡោះបានបង្វែរចិត្តរបស់ពួកគេចេញពីការចង្អុលបង្ហាញ និងពីប្រការល្អ ហើយទ្រង់បានបោះបង់ពួកគេ ដោយសារតែពួកគេ គឺជាក្រុមដែលគ្មានការយល់ដឹង។
Tevbe 9:128
ជាការពិតណាស់ អ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)ដែលចេញមកអំពីពូជពង្សរបស់ពួកអ្នក(ឱជនជាតិអារ៉ាប់)បានមកដល់ពួកអ្នក ដែលគាត់ក៏ជាជនជាតិអារ៉ាប់ដូចពួកអ្នកដែរ។ គាត់ជាអ្នកទទួលរងការលំបាកដូចអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះដែរ។ គាត់ប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចង្អុលបង្ហាញពួកអ្នក និងយកចិត្តទុកដាក់ចំពោះពួកអ្នក ហើយគាត់ជាអ្នកដែលមានភាពទន់ភ្លន់ និងក្តីមេត្តាករុណាចំពោះបណ្ដាអ្នកដែលមានជំនឿជាពិសេស។
Tevbe 9:129
តែប្រសិនបើពួកគេបែរចេញពីអ្នក(ព្យាការីមូហាំម៉ាត់) និងមិនមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយទ្រង់ជាម្ចាស់អារ៉ស្ហដ៏ធំធេង។
Yunus 10:1
អាលីហ្វ ឡាម រ៉ (ត្រូវបានបកស្រាយរួចមកហើយនៅដើមជំពូក “អាល់ហ្ពាក៏រ៉ោះ”)។ បណ្តាវាក្យខណ្ឌទាំងឡាយដែលគេសូត្រនៅក្នុងជំពូកនេះ គឺជាវាក្យខណ្ឌនៃគម្ពីរគួរអានដែលមានភាពសុក្រឹតច្បាស់លាស់ ពោពេញទៅដោយគតិបណ្ឌិត និងក្បួនច្បាប់នានា។
Yunus 10:2
តើវាជារឿងមួយដែលធ្វើឲ្យមនុស្សលោកមានការភ្ញាក់ផ្អើលឬដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់បុសម្នាក់(ព្យាការីមូហាំម៉ាត់)ដែលជាជាតិសាសន៍របស់ពួកគេ ដោយគេបង្គាប់ប្រើចំពោះគាត់ឲ្យដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ? ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានឋានៈដ៏ខ្ពង់ខ្ពស់បំផុត(ពីម្ចាស់របស់ពួកគេ) ជាការតបស្នងចំពោះទង្វើកុសលដែលពួកគេធ្លាប់បានសាងពីមុនមក។ ពួកគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ បុរសម្នាក់(ព្យាការីមូហាំម៉ាត់)ដែលបាននាំយកបណ្តាវាក្យខណ្ឌទាំងនេះមកនេះ គឺជាគ្រូមន្តអាគមយ៉ាងច្បាស់លាស់។
Yunus 10:3
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱបណ្ដាអ្នកដែលមានការភ្ញាក់ផ្អើល)នោះ គឺអល់ឡោះជាម្ចាស់ ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់ដែលមានភាពធំធេង និង(បានបង្កើត)ផែនដីដែលមានភាពធំទូលាយក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ដូច្នេះ តើពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការដែលទ្រង់បញ្ជូន(តែងតាំង)បុរសម្នាក់(ធ្វើជាអ្នកនាំសារ)ដែលចេញមកពីជាតិសាសន៍របស់ពួកអ្នកនោះយ៉ាងដូចម្ដេច? ហើយទ្រង់តែមួយគត់ដែលបានកំណត់ព្រេងវាសនានៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដ៏ទូលំទូលាយ។ ហើយគ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍ចំពោះអ្វីមួយនៅចំពោះមុខទ្រង់បានឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានអនុញ្ញាត និងយល់ព្រមឲ្យអន្តរាគមន៍ប៉ុណ្ណោះ។ អ្នកដែលមានលក្ខណៈសម្បត្តិទាំងអស់នេះហើយ គឺអល់ឡោះ ដែលជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ដូច្នេះ តើពួកអ្នកមិនយកភស្តុតាង និងអំណះអំណាងទាំងឡាយដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ទាំងអស់នេះមកធ្វើជាមេរៀនទេឬ? ពិតណាស់ ជនណាហើយដែលយកវាធ្វើជាមេរៀនតែបន្តិចនោះ គេប្រាកដជាបានដឹងដូច្នោះ ហើយមានជំនឿចំពោះទ្រង់មិនខាន។
Yunus 10:4
ចំពោះទ្រង់តែមួយគត់ដែលជាការវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ ហើយការសន្យារបស់អល់ឡោះចំពោះមនុស្សលោកយ៉ាងដូច្នោះនោះ គឺជាការសន្យាយ៉ាងពិតប្រាកដ ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពចំពោះរឿងទាំងនោះ។ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់ដោយគ្មានគំរូពីមុនមក។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឲ្យមានវត្តមាន)សារជាថ្មីបន្ទាប់ពីគេបានស្លាប់ ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនោះប្រកបដោយភាពយុត្តិធម៌បំផុត ដោយទ្រង់មិនធ្វើឲ្យបាត់បង់អំពើល្អរបស់ពួកគេនោះឡើយ ហើយទ្រង់ក៏មិនបន្ថែមអំពើអាក្រក់ដល់ពួកគេនោះដែរ។ ចំណែកឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេនឹងផឹកទឹកក្ដៅដែលកំពុងពុះ ដែលវានឹងកាត់ផ្ដាច់ពោះវៀនរបស់ពួកគេ។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់។
Yunus 10:5
ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង ហើយទ្រង់បានបង្កើតព្រះចន្ទឲ្យមានពន្លឺដើម្បីបំភ្លឺ។ ហើយទ្រង់បានកំណត់ដំណើរគោចររបស់វាជា២៨ថ្ងៃ(ដែលជាវដ្ដនៃព្រះចន្ទ)ដើម្បីឲ្យពួកអ្នក(មនុស្សលោកទាំងឡាយ)ដឹងពីចំនួនថ្ងៃតាមរយៈព្រះអាទិត្យ និង(ដឹង)ចំនួនខែ និងចំនួនឆ្នាំតាមរយៈព្រះចន្ទ។ អល់ឡោះ ពិតជាបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរដោយពិតប្រាកកដ ដើម្បីបង្ហាញពីសមត្ថភាពនិងភាពធំធេងរបស់ទ្រង់ចំពោះមនុស្សលោកទាំងឡាយ។ ទ្រង់បានបញ្ជាក់នូវភស្តុតាងនិងអំណះអំណាងដ៏ច្បាស់លាស់ទាំងនេះ(ដើម្បីបញ្ជាក់)ទៅលើភាពតែមួយរបស់ទ្រង់សម្រាប់ក្រុមដែលចេះយកវាធ្វើជាភស្តុតាងបញ្ជាក់លើរឿងនោះ។
Yunus 10:6
ពិតប្រាកដណាស់ ការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃទៅចំពោះមនុស្សលោក ការផ្លាស់ប្តូរពីភាពងងឹត(នៃពេលយប់) ទៅជាពន្លឺភ្លឺ(នៃពេលថ្ងៃ) ពេលខ្លះ ពេលយប់វែងជាងពេលថ្ងៃ និងពេលខ្លះទៀត ពេលថ្ងៃវែងជាងពេលយប់ ហើយនិងអ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីនោះ គឺជាសញ្ញាភស្តុតាងដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលកោតខ្លាចទ្រង់ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
Yunus 10:7
ពិតប្រាកដណាស់ ពួកគ្មានជំនឿដែលមិនសង្ឃឹមថានឹងជួបអល់ឡោះជាម្ចាស់ដែលជាហេតុនាំឲ្យពួកគេគោរពកោតខ្លាចអល់ឡោះ ឬក៏រីករាយចំពោះការជួបទ្រង់ ហើយពួកគេពេញចិត្តនឹងការរស់នៅក្នុងលោកិយដែលនឹងវិនាសអន្តរាយជាងការរស់នៅក្នុងថ្ងៃបរលោកដែលអមតៈ ហើយពួកគេរស់នៅក្នុងវា(លោកិយ)ដោយភាពសប្បាយរីករាយនឹងវា ហើយនិងពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបណ្ដាភស្តុតាងទាំងឡាយរបស់ទ្រង់ដោយភាពព្រងើយកន្តើយនោះ។
Yunus 10:8
ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ កន្លែងស្នាក់នៅរបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺឋាននរក ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំង និងការបដិសេធនឹងថ្ងៃបរលោក។
Yunus 10:9
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ អល់ឡោះជាម្ចាស់នឹងផ្ដល់ការចង្អុលបង្ហាញដល់ពួកគេឲ្យប្រព្រឹត្តនូវអំពើល្អដែលនាំទៅរកការពេញចិត្តពីទ្រង់ ដោយសារតែការមានជំនឿរបស់ពួកគេ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដ៏សែនរីករាយជាអមតៈ ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។
Yunus 10:10
ការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ ហើយពាក្យស្វាគមន៍របស់អល់ឡោះទៅកាន់ពួកគេ និងពាក្យស្វាគមន៍របស់ម៉ាឡាអ៊ីកាត់ ហើយនិងពាក្យស្វាគមន៍គ្នាទៅវិញទៅមករបស់ពួកគេគឺ សាឡាម(សន្តិភាព)។ ហើយពួកគេបញ្ចប់ការបួងសួងរបស់ពួកគេ ដោយការកោតសរសើរចំពោះអល់ឡោះដែលជាម្ចាស់នៃអ្វីៗទាំងអស់។
Yunus 10:11
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់មនុស្ស (ពេលដែលពួកគេបួងសួងសុំ)ទៅលើខ្លួនរបស់ពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រការអាក្រក់ណាមួយនៅពេល(ដែលពួកគេ)មានការខឹងសម្បា ដូចដែលទ្រង់ឆ្លើយតបចំពោះពួកគេ(ភ្លាមៗ)នៅពេលដែលពួកគេបួងសួងសុំនូវប្រការល្អនោះ ប្រាកដជាពួកគេនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ពន្យារពេលឲ្យពួកគេ ដោយទុកឲ្យពួកដែលមិនរំពឹងថានឹងជួបទ្រង់នោះឲ្យពួកគេមានការស្ទាក់ស្ទើរ មិនមានភាពច្បាស់លាស់ចំពោះថ្ងៃជំនំជម្រះ(ពីព្រោះពួកគេមិនមានការភ័យខ្លាចទណ្ឌកម្មឡើយ ហើយក៏មិនចង់បានផលបុណ្យអ្វីនោះដែរ)។
Yunus 10:12
ហើយនៅពេលដែលជំងឺ ឬស្ថានភាពអាក្រក់ណាមួយកើតឡើងចំពោះពួកដែលបំពានលើខ្លួនឯងនោះ គេបានបួងសួងសុំពីយើងយ៉ាងទន់ភ្លន់ និងឱនលំទោន ដោយដេកផ្អៀង ឬអង្គុយ ឬឈរ ដោយសង្ឃឹមថា គេ(អល់ឡោះ)នឹងដកយកគ្រោះថ្នាក់នោះពីរូបគេ។ តែនៅពេលដែលយើងទទួលយកនូវការបួងសួងរបស់គេ និងបានដកយកគ្រោះចេញពីរូបគេ គេក៏បានបន្តធ្វើដូចកាលពីមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឲ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះដែរ។ ដូចដែលគេបានលម្អ សម្រាប់អ្នកដែលងាកចេញ(ពីការពិត)រូបនេះដោយឲ្យគេបន្តស្ថិតនៅក្នុងការវង្វេងរបស់គេនោះដែរ គេក៏បានតុបតែងលម្អសម្រាប់ពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានសាងនៃការប្រឆាំងនិងការប្រព្រឹត្តល្មើស ដោយពួកគេនឹងមិនបោះបង់វា(ការប្រឆាំង)ឡើយ។
Yunus 10:13
ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជាច្រើនជំនាន់មកហើយមុនពួកអ្នក(ឱពួកមុស្ហរីគីន) ដោយសារតែការប្រឆាំងរបស់ពួកគេនឹងបណ្ដាអ្នកនាំសារអល់ឡោះ និងការប្រព្រឹត្តអំពើល្មើសរបស់ពួកគេ។ ហើយពិតប្រាកដណាស់ បណ្ដាអ្នកនាំសាររបស់ពួកគេដែលយើងបានបញ្ចូនពួកគេទៅនោះ បាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេចំពោះអ្វីដែលពួកគេ(អ្នកនាំសារ)បាននាំមកពីម្ចាស់របស់ពួកគេ ប៉ុន្តែពួកគេមិនមានជំនឿនោះឡើយ ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ការមានជំនឿ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេទទួលនូវភាពបរាជ័យ ហើយទ្រង់មិនចង្អុលបង្ហាញពួកគេទៅកាន់ការមានជំនឿនោះឡើយ។ ដូចដែលយើងបានតបស្នងចំពោះបណ្ដាប្រជាជាតិដែលបំពានទាំងនោះដែរ យើងនឹងតបស្នងពួកដែលមានលក្ខណៈដូចពួកគេនេះនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។
Yunus 10:14
ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យបន្តវេនពីប្រជាជាតិដែលបដិសេធដែលយើងបានបំផ្លាញទាំងនោះ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើដូចម្ដេច? តើពួកអ្នកនឹងសាងនូវអំពើល្អដែលនឹងទទួលបានផលបុណ្យ ឬក៏ពួកអ្នកនឹងសាងនូវអំពើអាក្រក់ដែលនឹងទទួលនូវទណ្ឌកម្ម?
Yunus 10:15
ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់ដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះឲ្យពួកគេស្តាប់ ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដែលពួកគេមិនសង្ឃឹមថានឹងទទួលបានផលបុណ្យ និងមិនខ្លាចទណ្ឌកម្ម(របស់អល់ឡោះ)នោះ បាននិយាយថាៈ ចូរអ្នក(ឱមូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផ្សេងក្រៅពីគម្ពីរគួរអានដែលពោរពេញទៅដោយការជេរប្រមាថចំពោះការគោរពសក្ការៈរូបបបដិមានានាឬផ្សេងៗពីនេះ ដោយផ្លាស់ប្តូរមួយចំនួនអំពីវា(គម្ពីរគួរអាន) ឬផ្លាស់ប្តូរទាំងស្រុងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកយើងទៅ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ វាមិនត្រឹមត្រូវនោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវា(តាមទំនើងចិត្ត)នោះ ហើយខ្ញុំក៏គ្មានលទ្ធភាពនាំយកអ្វី(គម្ពីរ)ផ្សេងពីវា(គម្ពីរគួរអាន)មកនោះដែរ។ ផ្ទុយទៅវិញ មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកអាចផ្លាស់ប្ដូរវា(គម្ពីរគួរអាន)តាមអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលទ្រង់បានបញ្ចុះមកឲ្យខ្ញុំនោះទេ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង នោះគឺថ្ងៃបរលោក ប្រសិនបើខ្ញុំល្មើសនឹងអល់ឡោះដោយឆ្លើយតបចំពោះពួកអ្នកនូវអ្វីដែលពួកអ្នកទាមទារនោះ។
Yunus 10:16
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យពួកអ្នកស្ដាប់ទេនោះ ខ្ញុំក៏មិនសូត្រវាឲ្យពួកអ្នកស្ដាប់ ហើយខ្ញុំក៏មិនផ្សព្វផ្សាយវាដល់ពួកអ្នកនោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ពួកអ្នកក៏មិនបានដឹងអំពីគម្ពីរគួរអាន តាមរយៈអណ្ដាត(ពាក្យសម្តី)របស់ខ្ញុំនោះដែរ។ ជាការពិតណាស់ ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកអស់មួយរយៈកាលដ៏យូរ(គឺរយៈពេល៤០ឆ្នាំ) ដោយខ្ញុំមិនចេះអាន មិនចេះសរសេរ ហើយខ្ញុំក៏មិនបានទាមទារ និងក៏មិនបានស្វែងរករឿងនេះនោះដែរ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាដោយខួរក្បាលរបស់ពួកអ្នកទេឬថា ពិតណាស់ អ្វីដែលខ្ញុំបាននាំមកនោះ គឺមកពីអល់ឡោះ ហើយមិនពាក់ព័ន្ធនឹងខ្ញុំទេនោះ?
Yunus 10:17
គ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងអ្នកដែលបានប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ តើឲ្យខ្ញុំផ្លាស់ប្ដូរគម្ពីរគួរអានដោយបង្កើតពាក្យភូតកុហកទៅលើទ្រង់យ៉ាងដូចម្តេច? ពិតប្រាកដណាស់ ពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយប្រឌិតពាក្យភូតកុហកទៅលើទ្រង់នោះ ពួកគេនឹងមិនទទួលបានជោគជ័យចំពោះអ្វីដែលពួកគេប៉ងប្រាថ្នានោះឡើយ។
Yunus 10:18
ហើយពួកមុស្ហរីគីនបានគោរពសក្ការៈចំពោះព្រះក្លែងក្លាយនានាផ្សេងពីអល់ឡោះជាម្ចាស់ដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ និងមិនអាចផ្ដល់គ្រោះថ្នាក់ដល់ពួកគេនោះឡើយ។ ចំណែកឯ(អល់ឡោះ)ម្ចាស់ដែលត្រូវគេគោរពសសក្ការៈយ៉ាងពិតប្រាកដវិញ ទ្រង់អាចផ្ដល់ផលប្រយោជន៍និងផ្ដល់គ្រោះថ្នាក់នៅពេលណាដែលទ្រង់មានចេតនា។ ហើយពួកគេបាននិយាយអំពីព្រះនានាដែលពួកគេគោរពសក្ការៈថាៈ ពួកវាទាំងនោះគឺជាអ្នកកណ្តាលដែលនឹងជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះអល់ឡោះ។ ដូច្នេះ ទ្រង់នឹងមិនដាក់ទណ្ឌកម្មពួកយើងដោយសារបាបកម្មរបស់ពួកយើងនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើពួកអ្នកកំពុងតែបា្រប់ថា អល់ឡោះជាម្ចាស់ដែលមហាដឹងបំផុតនោះ ទ្រង់មានដៃគូឬ ខណៈដែលទ្រង់មិនដឹងសោះថា ទ្រង់មានដៃគូនោះឡើយ ទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់ពីអ្វីដែលពួកមុស្ហរីគីនបាននិយាយនៃប្រការដែលមិនពិត និងការភូតកុហកបោកប្រាស់។
Yunus 10:19
ហើយមនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ មានជំនឿ(ចំពោះអល់ឡោះជាម្ចាស់)តែមួយគត់ តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។ ពេលនោះ ក្នុងចំណោមពួកគេ មានអ្នកដែលនៅមានជំនឿ និងខ្លះទៀតក្នុងចំណោមពួកគេគ្មានជំនឿនោះឡើយ។ ហើយប្រសិនបើគ្មានការកំណត់របស់អល់ឡោះពីមុនដែលថា ពិតប្រាកដណាស់ ទ្រង់នឹងមិនកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នានៅក្នុងលោកិយនេះឡើយ តាមពិត ទ្រង់នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោក។ បើមិន(មានការកំណត់)ដូច្នោះទេនោះ ទ្រង់ពិតជានឹងកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នានៅក្នុងលោកិយនេះជាមិនខានឡើយ ហើយទ្រង់នឹងបញ្ជាក់ប្រាប់ថា អ្នកណាដែលទទួលបានការចង្អុលបង្ហាញ ហើយអ្នកណាដែលវង្វេង។
Yunus 10:20
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងណាមួយពីម្ចាស់របស់គេ ដើម្បីជាការបញ្ជាក់ពីសច្ចភាពរបស់គេទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញថាៈ ការបញ្ចុះនូវភស្តុតាងទាំងឡាយនោះ គឺជាប្រការអាថ៌កំបាំងដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង។ ដូច្នេះ ចូរពួកអ្នករង់ចាំសញ្ញាភស្តុតាងរូបី(ដែលអាចមើលឃើញជាក់ស្តែង)ដែលពួកអ្នកបានស្នើសុំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំវាជាមួយពួកអ្នកដែរ។
Yunus 10:21
ហើយនៅពេលដែលយើងបានឲ្យពួកមុស្ហរីគីនភ្លក្សរសជាតិនៃឧបការគុណ ដូចជា ទឹកភ្លៀងនិងភាពសម្បូរហូរហៀរក្រោយពីមានគ្រោះរាំងស្ងួតនិងគ្រោះទុរភិក្សបានកើតឡើងចំពោះពួកគេនោះ ស្រាប់តែពួកគេបានចំអក ហើយបដិសេធនឹងបណ្តាភស្តុតាងរបស់យើងទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលតបនឹងឧបាយកលដ៏លឿនបំផុត ហើយទ្រង់ក៏ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងលឿនបំផុតដែរ។ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់”ហាហ្វាហ្សោះ”នឹងកត់ត្រានូវឧបាយកលដែលពួកអ្នកបានរៀបចំដោយគ្មានអ្វីមួយអាចរំលងផុតពីការកត់ត្រារបស់គេនោះឡើយ។ ដូច្នេះ តើវាអាចរំលងផុត(ពីការដឹង)ពីម្ចាស់របស់ពួកគេយ៉ាងដូចម្តេចទៅ? ហើយអល់ឡោះនឹងតបស្នងដល់ពួកអ្នកចំពោះល្បិចកលរបស់ពួកអ្នកដែលពួកអ្នកបានរៀបចំ។
Yunus 10:22
អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នក(ឱមនុស្សលោក)តាមផ្លូវគោក តាមរយៈការធ្វើដំណើរដោយថ្មើរជើងនិងដោយសត្វជំនិះ ហើយទ្រង់ជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នកតាមផ្លូវទឹក តាមរយៈសំពៅ។ លុះដល់ពេលពួកអ្នកស្ថិតនៅក្នុងសំពៅ ហើយមានខ្យល់បរិសុទ្ធបានបក់បោកមកលើពួកគេ អ្នកដំណើរទាំងឡាយក៏មានភាពសប្បាយរីករាយជាមួយនឹងខ្យល់បរិសុទ្ធទាំងនោះ។ ខណៈពេលដែលពួកគេកំពុងតែមានភាពសប្បាយរីករាយនោះ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបានបក់បោកមកលើពួកគេ ហើយរលកសមុទ្របានបក់បោកមកលើពួកគេពីគ្រប់ទិសទី ហើយពួកគេគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវវិនាសអន្តរាយ ពេលនោះពួកគេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្នកផ្សេងឡើយ ដោយពួកគេបានបួងសួងថាៈ ប្រសិនបើទ្រង់ជួយសង្រោះពួកយើងពីគ្រោះមហន្តរាយនេះ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទ្រង់ទៅលើឧបការគុណដែលទ្រង់បានប្រទានវាមកឲ្យពួកយើងជាមិនខាន។
Yunus 10:23
ហើយនៅពេលដែលទ្រង់បានទទួលយកការបួងសួងរបស់ពួកគេ និងបានជួយសង្រ្គោះពួកគេពីគ្រោះមហន្តរាយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើដែនដី ដោយពួកគេបានប្រព្រឹត្តនូវការប្រឆាំង អំពើល្មើស(នឹងអល់ឡោះ) និងអំពើបាបកម្មទៅវិញ។ ចូរពួកអ្នកប្រុងប្រយ័ត្ន(ឱមនុស្សលោក)! ជាការពិតណាស់ លទ្ធផលចុងក្រោយដ៏អាក្រក់នៃការបំពានរបស់ពួកអ្នកនោះ គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មិនទទួលនូវគ្រោះថ្នាក់ដោយសារតែការបំពានរបស់ពួកអ្នកនោះឡើយ។ ពួកអ្នកគ្រាន់តែត្រេកត្រអាលនឹងជីវិតលោកិយដែលជាកន្លែងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក្រោយមក ចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកអ្នកនូវអំពើល្មើសដែលពួកអ្នកធ្លាប់បានសាង(ក្នុងលោកិយ) ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
Yunus 10:24
ជាការពិតណាស់ ការប្រៀបធៀបការរស់នៅក្នុងលោកិយដែលពួកអ្នកកំពុងសោយសុខនៅក្នុងវាដែលនឹងត្រូវបញ្ចប់ទៅយ៉ាងលឿននោះ គឹប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃដែលវាបានធ្វើឲ្យរុក្ខជាតិនៅលើផែនដីដុះចម្រុះគ្នានូវអ្វីដែលមនុស្សអាចបរិភោគបាន ដូចជាគ្រាប់ធញ្ញជាតិ និងផ្លែឈើ និងអ្វីដែលជាចំណីសត្វពាហនៈ ដូចជាស្មៅជាដើម។ លុះដល់ពេលដែលដីបានបញ្ចេញនូវភាពស្រស់បំព្រងនិងសោភ័ណភាពដ៏ស្រស់ស្អាតរបស់វាតាមរយៈការដុះចេញមកនូវរុក្ខជាតិជាច្រើនប្រភេទ ហើយម្ចាស់របស់វាគិតថា ពួកគេជាអ្នកដែលមានលទ្ធភាពអាចប្រមូលផលអំពីដំណាំនិងផ្លែឈើបាននោះ ស្រាប់តែការកំណត់របស់យើង(អល់ឡោះ)ដែលឲ្យវា(ចម្ការដំណាំ)វិនាសអន្តរាយនោះក៏បានមកដល់។ ពេលនោះ យើងក៏បានធ្វើឲ្យវាត្រូវខូចខ្ទេចខ្ទីអស់ ហាក់ដូចជាមិនធ្លាប់មានដើមឈើ និងដំណាំរុក្ខជាតិនានានៅក្នុងវា(ចម្ការ)ពីមុនមកនោះឡើយ។ ដូចដែលយើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នកពីស្ថានភាពនៃលោកិយ និងទីបញ្ចប់ដ៏លឿនរបស់វានេះដែរ យើងក៏បានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា និងយកវាជាមេរៀន។
Yunus 10:25
ហើយអល់ឡោះទ្រង់អំពាវនាវមនុស្សលោកទាំងអស់ទៅកាន់ឋានសួគ៌របស់ទ្រង់ ដែលវាជាលំនៅឋាននៃសន្តិភាព ជាកន្លែងដែលមនុស្សមានសុវត្ថិភាពពីគ្រោះថ្នាក់និងទុក្ខព្រួយនានា និងមានសុវត្ថិភាព(រួចផុត)ពីសេចក្ដីស្លាប់។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់សាសនានៃសន្តិភាព(សាសនាឥស្លាម) ដែលនាំ(ពួកគេ)ទៅកាន់លំនៅឋាននៃសន្តិភាពនេះ។
Yunus 10:26
ចំពោះបណ្ដាអ្នកដែលបានសាងអំពើល្អ ដោយពួកគេអនុវត្តនូវអ្វីដែលអល់ឡោះទ្រង់បានដាក់កាតព្វកិច្ចចំពោះពួកគេក្នុងចំណោមការប្រតិបត្តិទាំងឡាយ ហើយបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់ពួកគេក្នុងចំណោមការអំពើល្មើសទាំងឡាយនោះ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងមួយដ៏ល្អប្រពៃ នោះគឺឋានសួគ៌ ហើយនិងទទួលបាននូវការបន្ថែមលើសពីនោះទៀត នោះគឺការបានឃើញព្រះភក្ត្ររបស់អល់ឡោះជាម្ចាស់(ដោយផ្ទាល់នឹងភ្នែក)។ ហើយគ្មានធូលីខ្មៅគ្របដណ្ដប់លើមុខរបស់ពួកគេនោះទេ ហើយក៏គ្មានភាពអាម៉ាស់ និងអាប់ឱនអ្វីគ្របដណ្តប់លើវានោះដែរ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដ៏ល្អប្រពៃដូចនេះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Yunus 10:27
ចំណែកឯពួកដែលបានសាងអំពើអាក្រក់ ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ ការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តនោះ គឺដូចនឹងវា(ដូចនឹងអ្វីដែលពួកគេបានប្រព្រឹត្ត)នៃទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ហើយភាពអាម៉ាស់និងភាពអាប់ឱនបានគ្របដណ្ដប់លើមុខរបស់ពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារណាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅពេលគេបញ្ចុះវា(ទណ្ឌកម្ម)ទៅចំពោះពួកគេនោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ ដោយសារតែផ្សែងដ៏ខ្មៅងងឹតនៃភ្លើងនរកបានគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។ ពួកដែលមានលក្ខណៈសម្បត្តិបែបននេះ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដែលពួកគេនឹងស្ថិតនៅទីនោះអមតៈ។
Yunus 10:28
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃបរលោក នៅពេលដែលយើងប្រមូលផ្ដុំម៉ាខ្លូកទាំងអស់ បន្ទាប់មក យើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកនឹងអល់ឡោះកាលនៅក្នុងលោកិយថាៈ ចូរពួកអ្នក(ឱពួកមុស្ហរីគីន) និងព្រះនានារបស់ពួកអ្នក ដែលពួកអ្នកធ្លាប់គោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ ប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងអ្នកដែលត្រូវគេគោរពសក្ការៈ(ព្រះនានា) និងអ្នកដែលគោរពសក្ការៈគេ(ពួកដែលធ្វើស្ហ៊ីរិក)។ ហើយព្រះនានាដែលពួកគេគោរពសក្ការៈបាននិយាយយករួចខ្លួនពីពួកដែលគោរពសក្ការៈមកចំពោះខ្លួននោះ ដោយនិយាយថាៈ ពួកអ្នកមិនធ្លាប់គោរពសក្ការៈមកចំពោះពួកយើងនោះទេកាលនៅក្នុងលោកិយនោះ។
Yunus 10:29
នៅទីនេះ(ថ្ងៃបរលោក) ព្រះនានារបស់ពួកគេដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះពួកវា(នៅក្នុងលោកិយ)ក្រៅពីអល់ឡោះនោះបាននិយាយយករួចខ្លួនពីពួកគេ ដោយនិយាយថាៈ អល់ឡោះគឺជាសាក្សី(គឺវាគ្រប់គ្រាន់ហើយក្នុងរឿងនេះ)ដែលថា ពិតណាស់ពួកយើងមិនបានយល់ព្រមឲ្យពួកអ្នកគោរពសក្ការៈមកចំពោះពួកយើងនោះឡើយ ហើយពួកយើងក៏មិនបានប្រើពួកអ្នកឲ្យគោរពសក្ការៈចំពោះពួកយើងនោះដែរ។ ហើយពិតប្រាកដណាស់ ពួកយើងមិនទទួលអារម្មណ៍អ្វី(មិនដឹងលឺ)ចំពោះការគោរពសក្ការៈរបស់ពួកអ្នកនោះឡើយ។
Yunus 10:30
នៅទីកន្លែងដ៏ធំធេង(កន្លែងកាត់សេចក្ដី)នោះ ជីវិតគ្រប់ៗរូបនឹងបានដឹងនូវអ្វីដែលខ្លួនធ្លាប់បានសាងពីមុនមកកាលនៅក្នុងលោកិយ។ ហើយពួកមុស្ហរីគីនត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ម្ចាស់ដ៏ពិតប្រាកដរបស់ពួកគេ ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលជាអ្នកគ្រប់គ្រងលើការកាត់សេចក្ដីរបស់ពួកគេ។ ហើយព្រះនានាដែលពួកគេធ្លាប់បានអះអាងថា ពួកវាអាចជួយអន្តរាគមន៍ដល់ពួកគេបាននោះ បានរសាត់បាត់បង់ពីពួកគេ។
Yunus 10:31
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ថាៈ តើនរណាជាអ្នកប្រទានលាភសក្ការៈឲ្យពួកអ្នកពីលើមេឃ តាមរយៈការបញ្ចុះទឹកភ្លៀងមកឲ្យពួកអ្នកនោះ? ហើយតើនរណាជាអ្នកដែលប្រទានលាភសក្ការៈដល់ពួកអ្នកពីក្នុងដីតាមរយៈដំណាំដែលដុះចេញពីក្នុងវា(ផែនដី) ហើយនិងរ៉ែជាច្រើនដែលមាននៅក្នុងផែនដីនោះ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់រស់ពីរបស់ស្លាប់(ដូចជា បង្កើតមនុស្សអំពីទឹកកាម និងបង្កើតបក្សីអំពីស៊ុត) និងជាអ្នកបញ្ចេញរបស់ស្លាប់ពីរបស់រស់(ដូចជា បញ្ចេញទឹកកាមអំពីសត្វពាហនៈ និងបញ្ចេញស៊ុតអំពីបក្សី)? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការបស់ម៉ាខ្លូកទាំងអស់ដែលមាននៅលើមេឃជាច្រើននៅលើផែនដី និងនៅចន្លោះរវាងវាទាំងពីរនោះ? ពួកគេប្រាកដជានឹងឆ្លើយថាៈ ពិតប្រាកដណាស់ អ្នកដែលចាត់ចែងកិច្ចការទាំងអស់នោះ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ តើពួកអ្នកមិនបានដឹងដូច្នោះ ហើយកោតខ្លាចអល់ឡោះ ដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះទេឬ?
Yunus 10:32
ហើយអ្នកដែលធ្វើប្រការទាំងអស់នោះ ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតពួកអ្នកយ៉ាងពិតប្រាកដ និងជាអ្នកចាត់ចែងរាល់កិច្ចការរបស់ពួកអ្នក។ ដូច្នេះ តើមានអ្វីទៀតបន្ទាប់ពីការដឹងពីប្រការពិត ក្រៅតែពីការឃ្លាតឆ្ងាយពីវា និងវង្វេងនោះ? ហើយតើសតិបញ្ញារបស់ពួកអ្នកបានបាត់បង់ចេញពីការពិតនេះយ៉ាងដូចម្តេច?
Yunus 10:33
ដូចដែលទ្រង់បានបញ្ជាក់អំពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនៅក្នុងការបង្កើតនោះដែរ បន្ទូលនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះពួកដែលចាកចេញអំពីការពិតបានកំណត់រួចជាស្រេចថាៈ ពិតប្រាកដណាស់ ពួកគេគឺគ្មានជំនឿឡើយ។
Yunus 10:34
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះ តើមានអ្នកណាដែលបានបង្កើតម៉ាខ្លូកណាមួយដោយគ្មានគំរូពីមុន បន្ទាប់មក ពង្រស់វាឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់វានោះ? ចូរអ្នកពោលទៅកាន់ពួកគេថាៈ អល់ឡោះគឺជាអ្នកដែលបង្កើតម៉ាខ្លូក(ទាំងអស់)ដោយគ្មានគំរូពីមុនមកឡើយ បន្ទាប់មក ទ្រង់នឹងពង្រស់វាឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់វា។ ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ត្រូវបានគេបង្វែរចេញពីការពិតទៅកាន់ប្រការដែលមិនពិតបានយ៉ាងដូចម្ដេច?
Yunus 10:35
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះ? ចូរអ្នកពោលទៅកាន់ពួកគេថាៈ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលអាចចង្អុលបង្ហាញទៅកាន់ការពិតបាន។ ដូច្នេះ តើអ្នកដែលចង្អុលបង្ហាញមនុស្សទៅរកសេចក្តីពិត និងអំពាវនាវពួកគេទៅកាន់វានោះ ជាអ្នកដែលសាកសមនឹងគេដើរតាមជាង ឬក៏ព្រះនានារបស់ពួកអ្នកដែលពួកវាមិនអាចសូម្បីតែចង្អុលបង្ហាញខ្លួនឯង លើកលែងតែត្រូវការគេចង្អុលបង្ហាញនោះសាកសាមនឹងដើរតាមជាង? តើពួកអ្នកមានបញ្ហាអ្វី? តើពួកអ្នកកាត់សេចក្តីនឹងប្រការដែលមិនពិតយ៉ាងដូចម្ដេច ខណៈពេលពួកអ្នកអះអាងថា ពិតណាស់ ពួកវា(ព្រះនានា)គឺជាដៃគូរបស់អល់ឡោះនោះ? អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្ដី(មិនពិត)ដែលពួកគេបាននិយាយ។
Yunus 10:36
ហើយភាគច្រើននៃពួកមុស្ហរីគីននោះ ពួកគេមិនដើរតាមអ្វីក្រៅពីអ្វីដែលពួកគេមិនដឹងនោះឡើយ។ ហើយពួកគេក៏មិនតាមអ្វីក្រៅពីការស្មាននិងការសង្ស័យនោះដែរ។ ពិតប្រាកដណាស់ ការសង្ស័យមិនអាចជំនួសឲ្យការដឹងយ៉ាងពិតប្រាកដនោះបានឡើយ ហើយក៏មិនអាចប្រើជាប្រយោជន៍អ្វីជំនួសវា(ចំណេះដឹង)បាននោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។
Yunus 10:37
ហើយវាមិនត្រឹមត្រូវនោះទេដែលថា គម្ពីរគួរអាននេះត្រូវបានគេបង្កើតឡើង និងថាវាមិនមែនមកពីអល់ឡោះជាម្ចាស់នោះ ព្រោះតែការអសមត្ថភាពរបស់មនុស្សក្នុងការនាំមកនូវអ្វី(គម្ពីរ)ដែលដូចនឹងគម្ពីរគួរអាននេះ។ ប៉ុន្តែវា(គម្ពីរគួរអាន) គឺជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះពីមុនវា និងជាការអធិប្បាយបញ្ជាក់យ៉ាងពិស្តារអំពីក្បួនច្បាប់នានា។ ពិតប្រាកដណាស់ គ្មានការសង្ស័យឡើយនៅក្នុងវាដែលថា ពិតណាស់ វាជាគម្ពីរដែលបញ្ចុះមកពីម្ចាស់នៃម៉ាខ្លូកទាំងអស់។
Yunus 10:38
ផ្ទុយទៅវិញ ពួកមុស្ហរីគីនបែរជានិយាយថាៈ ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់ គឺជាអ្នកដែលបានបង្កើតគម្ពីរគួរអាននេះដោយខ្លួនគាត់ផ្ទាល់ ហើយនិយាយថា វា(គម្ពីរគួរអាន)មកពីអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ¬ប្រសិនបើខ្ញុំពិតជាអ្នកដែលបាននាំវា(គម្ពីរគួរអាន)មកដោយខ្លួនខ្ញុំមែន ខណៈដែលរូបខ្ញុំគឺជាមនុស្សលោកដូចពួកអ្នកដែរនោះ ដូច្នេះ ចូរពួកអ្នកនាំមកនូវជំពូកណាមួយដែលដូចនឹងគម្ពីរគួរអាន ហើយចូរពួកអ្នកហៅអ្នកណាដែលពួកអ្នកអាចហៅពួកគេមកបានដើម្បីមកជួយពួកអ្នកចុះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់គម្ពីរគួរអាននេះ គឺត្រូវបានគេប្រឌិតឡើងមក(មិនមែនមកពីអល់ឡោះ)មែននោះ។ ហើយពួកអ្នកមិនអាចធ្វើដូច្នោះបានជាដាច់ខាត។ ហើយការអសមត្ថភាពរបស់ពួកអ្នក(ក្នុងការនាំមកនូវជំពូកមួយដែលដូចនឹងគម្ពីរគួរអាន ខណៈដែលពួកអ្នកគឺជាពួកដែលពូកែបំផុតខាងវោហាសព្ទ)នោះ គឺ(ជាភស្តុតាង)បញ្ជាក់ថា ពិតណាស់ គម្ពីរគួរអាននេះ គឺពិតជាត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចាស់(យ៉ាងពិតប្រាកដ)។
Yunus 10:39
ប៉ុន្តែពួកគេមិនបានឆ្លើយតប(នឹងសំណើខាងលើ)នោះទេ ផ្ទុយទៅវិញ ពួកគេបែរជាប្រញាប់បដិសេធនឹងគម្ពីរគួរអានមុននឹងពួកគេស្វែងយល់និងត្រិះរិះពិចារណាចំពោះវា និងមុនពេលដែលទណ្ឌកម្មដែលគេដាស់តឿនព្រមានពួកគេនោះបានកើតឡើងទៅវិញ។ ពិតប្រាកដណាស់ ទណ្ឌកម្មជិតមកដល់(ពួកគេ)ហើយ។ ដូចនឹងការបដិសេធនេះដែរ ប្រជាជាតិជំនាន់មុនក៏បានបដិសេធដូចគ្នាដែរ ហើយទណ្ឌកម្មក៏បានធ្លាក់ទៅលើពួកគេ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយរបស់ប្រជាជាតិដែលបដិសេធនោះទៅជាយ៉ាងណា? ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបំផ្លាញពួកគេ។
Yunus 10:40
ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះនឹងមានជំនឿនឹងគម្ពីរគួរអាននេះមុនពេលសេចក្ដីស្លាប់មកដល់ ហើយក៏មានអ្នកខ្លះទៀតក្នុងចំណោមពួកគេ មិនមានជំនឿនឹងវា(គម្ពីរគួរអាន)ដោយភាពចចេសរឹងរូសនិងក្រអឺតក្រទម រហូតដល់គេស្លាប់។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះពួកដែលនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅលើភាពគ្មានជំនឿរបស់ពួកគេ។
Yunus 10:41
ហើយប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបដិសេធនឹងអ្នកនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ សម្រាប់ខ្ញុំ គឺនឹងទទួលបានការតបស្នងចំពោះទង្វើរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះវា។ ហើយសម្រាប់ពួកអ្នក ក៏នឹងទទួលបាននូវការតបស្នងចំពោះទង្វើរបស់ពួកអ្នកដូចគ្នាដែរ ហើយពួកអ្នកនឹងទទួលទណ្ឌកម្មចំពោះទង្វើដែលពួកអ្នកបានសាង។ ពួកអ្នកមិនពាក់ព័ន្ធនឹងទណ្ឌកម្មដែលខ្ញុំបានសាងនោះទេ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងទណ្ឌកម្មដែលពួកអ្នកបានសាងនោះដែរ។
Yunus 10:42
ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះកំពុងស្ដាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកសូត្រគម្ពីរគួរអាន តែ(ពួកគេ)មិនព្រមទទួលយកនោះទេ។ ដូច្នេះ តើអ្នកមានលទ្ធភាពអាចឲ្យមនុស្សថ្លង់ស្តាប់លឺឬ? ក៏ដូចគ្នាដែរ អ្នកនឹងមិនមានលទ្ធភាពផ្តល់ការចង្អុលបង្ហាញដល់ពួកដែលថ្លង់ស្ដាប់មិនឮការពិត ហើយមិនចេះគិតពិចារណាពីវានោះបានឡើយ។
Yunus 10:43
ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះមើលទៅកាន់អ្នក(ឱអ្នកនាំសារ)ដោយភ្នែករបស់គេ ពុំមែនដោយចំណេះដឹងរបស់គេនោះទេ។ ដូច្នេះ តើអ្នកមានសសមត្ថភាពអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញដែរឬទេ? ជាការពិតណាស់ អ្នកមិនមានសមត្ថភាពធ្វើដូច្នោះនោះឡើយ។ ក៏ដូចគ្នាដែរ អ្នកក៏មិនអាចចង្អុលបង្ហាញដល់អ្នកដែលគ្មានចំណេះដឹងបាននោះដែរ។
Yunus 10:44
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ(ចាកផុត)ពីការបំពានចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនបំពានលើពួកគេនោះឡើយ សូម្បីតែតូចប៉ុនគ្រាប់ស្ពៃក៏ដោយ។ ប៉ុន្តែ ពួកទៅវិញទេដែលជាអ្នកបំពានលើខ្លួនឯងដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ដោយសារតែការងប់ងុលនឹងភាពមិនត្រឹមត្រូវ ក្អេងក្អាង និងការចចេសរឹងរូស។
Yunus 10:45
ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំមនុស្សលោកទាំងអស់ គឺថ្ងៃបរលោក ដើម្បីជំនុំជម្រះពួកគេ ពួកគេគឺហាក់ដូចជាមិនធ្លាប់បានរស់នៅក្នុងជីវិតលោកិយ និងនៅក្នុងផ្នូរនោះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីនៃពេលថ្ងៃដែលពួកគេបានស្គាល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ បន្ទាប់មក ការស្គាល់គ្នារបស់ពួកគេត្រូវបានគេកាត់ផ្ដាច់ ដោយសារតែពួកគេបានឃើញពីភាពភ័យរន្ធត់នៃថ្ងៃបរលោក។ ពិតប្រាកដណាស់ ពួកដែលបដិសេធនឹងការជួបម្ចាស់របស់ពួកគេនៅថ្ងៃបរលោកនោះ ពិតជាបានខាតបង់។ ហើយកាលនៅក្នុងលោកិយ ពួកគេគឺជាពួកដែលមិនមានជំនឿចំពោះថ្ងៃពង្រស់ឡើងវិញ(ថ្ងៃបរលោក)នោះឡើយ ដែលជាហេតុនាំឲ្យពួកគេទទួលរងនូវការខាតបង់បែបនេះ។
Yunus 10:46
ហើយបើទោះបីជាយើងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញទណ្ឌកម្មខ្លះៗដែលយើងបានសន្យាចំពោះពួកគេមុនពេលអ្នកស្លាប់ ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុនពេលអ្នកបានឃើញទណ្ឌកម្មនោះក៏ដោយ ក៏នៅក្នុងករណីទាំងពីរនេះ កន្លែងវិលត្រឡប់របស់ពួកគេនៅថ្ងៃបរលោកនោះ គឺឆ្ពោះមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាអ្នកដឹងបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ត។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បន្តិចណាឡើយ ហើយទ្រង់នឹងស្នងដល់ពួកគេចំពោះទង្វើដែលពួកគេបានសាង។
Yunus 10:47
ហើយរាល់ប្រជាជាតិគ្រប់ជំនាន់ទាំងអស់ គឺមានអ្នកនាំសារម្នាក់ដែលគេ(អល់ឡោះ)បានបញ្ជូនទៅកាន់ពួកគេ។ ហើយនៅពេលដែលអ្នកនាំសារបានផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបានប្រើគាត់ឲ្យផ្សព្វផ្សាយ ហើយពួកគេបានបដិសេធចំពោះអ្នកនាំសារនោះ គេ(អល់ឡោះ)បានកាត់សេចក្ដីរវាងពួកគេនិងគាត់(អ្នកនាំសារ)ដោយយុត្តិធម៌។ ពេលនោះ អល់ឡោះបានជួយសង្រ្គោះគាត់(អ្នកនាំសារ)ដោយក្តីសប្បុរសរបស់ទ្រង់ និងបានបំផ្លាញពួកគេ(ពួកប្រឆាំង)ដោយភាពយុត្តិធម៌របស់ទ្រង់ ហើយពួកគេមិនត្រូវបានគេបំពានពីការតបស្នងចំពោះទង្វើរបស់ពួកគេនោះឡើយ។
Yunus 10:48
ហើយពួកដែលគ្មានជំនឿនិយាយដោយភាពចចេសរឹងរូសនិងនិងប្រឆាំងថាៈ តើពេលវេលានៃការដាក់ទណ្ឌកម្មដែលពួកអ្នកបានសន្យានឹងពួកយើងនោះ នៅពេលណា(ទើបវាកើតឡើង) ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងមែននោះ?
Yunus 10:49
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ខ្ញុំគ្មានលទ្ធភាពការពារខ្លួនខ្ញុំពីគ្រោះថ្នាក់ ឬក៏នាំផលប្រយោជន៍អ្វីមួយដល់ខ្លួនខ្ញុំនោះឡើយ។ ដូចនេះ តើខ្ញុំអាចនាំផលប្រយោជន៍ណាមួយដល់អ្នកដទៃ ឬក៏បង្កគ្រោះថ្នាក់ដល់គេបានយ៉ាងដូចម្តេចទៅ? លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាចំពោះប្រការទាំងនោះប៉ុណ្ណោះ។ ដូច្នេះ តើខ្ញុំអាចដឹងនូវប្រការអាថ៌កំបាំងរបស់ទ្រង់បានដូចម្ដេច? រាល់ប្រជាជាតិទាំងអស់ គឺអល់ឡោះបានសន្យាបំផ្លាញពួកគេនៅក្នុងពេលកំណត់មួយដ៏ជាក់លាក់ ដែលគ្មានអ្នកណាដឹងក្រៅពីទ្រង់នោះឡើយ។ ដូច្នេះ នៅពេលណាដែលពេលវេលានៃការបំផ្លាញប្រជាជាតិនោះបានមកដល់ គឺគេមិនអាចពន្យារពេលបាននោះឡើយ ហើយក៏មិនអាចឲ្យវាកើតឡើងមុនពេលកំណត់បានដែរ សូម្បីមួយវិនាទីក៏ដោយ។
Yunus 10:50
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មកើតឡើងភ្លាមៗថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកនៅក្នុងពេលណាមួយនៃពេលយប់ ឬពេលថ្ងៃនោះ តើអ្វីដែលពួកអ្នកតក់ក្រហល់ចង់បានពីទណ្ឌកម្មនេះ?
Yunus 10:51
តើពួកអ្នករង់ចាំរហូតទាល់តែទណ្ឌកម្មដែលគេបានសន្យាចំពោះពួកអ្នកនោះបានកើតឡើងចំពោះពួកអ្នកឬទើបពួកអ្នកមានជំនឿ ខណៈដែលការមានជំនឿនៅពេលនោះ(ពេលដែលទណ្ឌកម្មបានមមកដល់) គឺគ្មានប្រយោជន៍នោះឡើយ ប្រសិនបើពួកអ្នកមិនបានមានជំនឿពីមុនមកទេនោះ? តើពេលនេះទើបពួកអ្នកមានជំនឿឬ ខណៈដែលពីមុនមក ពួកអ្នកធ្លាប់សុំឲ្យទណ្ឌកម្មឆាប់កើតឡើង ដោយសារពួកអ្នកបដិសេធ(មិនជឿ)ចំពោះវានោះ?
Yunus 10:52
ក្រោយមក បន្ទាប់ពីគេបានបញ្ចូលពួកគេទៅក្នុងទណ្ឌកម្ម ហើយពួកគេបានសុំឲ្យគេបញ្ចេញពួកគេពីវា(ទណ្ឌកម្ម)វិញ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មជាអមតៈនៅថ្ងៃបរលោកនេះចុះ។ ដូច្នេះ តើពួកអ្នកមិនត្រូវបានគេតបស្នងអ្វីក្រៅទង្វើដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៃការប្រឆាំងនិងការប្រព្រឹត្តល្មើសទេឬ?
Yunus 10:53
ហើយពួកមុស្ហរីគីននឹងសុំសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ តើទណ្ឌកម្មដែលគេបានសន្យាចំពោះពួកយើងនេះ ជាការពិតឬ? ចូរអ្នកពោលថាៈ ពិតមែនហើយ សូមស្បថនឹងអល់ឡោះ វាគឺជាការពិត ហើយពួកអ្នកមិនអាចគេចផុតពីវាបានឡើយ។
Yunus 10:54
ហើយប្រសិនបើគ្រប់អ្នកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះ ប្រមូលទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់នៅលើផែនដីមកធ្វើជាថ្នូរដោះដូរ(លោះ)រូបគេពីទណ្ឌកម្មរបស់អល់ឡោះនោះ ប្រាកដជាគេសុខចិត្តដោះដូរ(លោះ)ខ្លួននឹងវា។ ហើយពួកមុស្ហរីគីនបានលាក់បាំងវិប្បដិសារីនៃការប្រឆាំងរបស់ពួកគេនៅពេលដែលពួកគេបានឃើញទណ្ឌកម្មនៅថ្ងៃបរលោក។ ហើយអល់ឡោះទ្រង់កាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។ តាមពិត គេតបស្នងឲ្យពួកគេតែទៅលើទង្វើដែលពួកគេបានសាងប៉ុណ្ណោះ។
Yunus 10:55
តើពុំមែនទេឬដែលរាល់អ្វីៗដែលមាននៅលើមេឃជាច្រើន និងអ្វីៗដែលនៅលើផែនដី គឺជាម្ចាស់កម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់នោះ? ហើយតើពុំមែនទេឬដែលការសន្យារបស់អល់ឡោះដែលថានឹងដាក់ទណ្ឌកម្មទៅលើពួកប្រឆាំងនោះពិតជាកើតឡើងដោយគ្មានការសង្ស័យនោះ? ក៏ប៉ុន្តែពួកគេភាគច្រើនមិនដឹងពីរឿងទាំងនោះឡើយ។ ដូចនេះហើយទើបពួកគេមានភាពមន្ទិលសង្ស័យ។
Yunus 10:56
ទ្រង់គឺជាអ្នកពង្រស់អ្នកដែលស្លាប់(ផ្ដល់ជីវិត) និងជាអ្នកដកយកជីវិតអ្នកដែលនៅរស់។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
Yunus 10:57
ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ គម្ពីរគួរអានបានមកដល់ពួកអ្នក ដោយនៅក្នុងគម្ពីរនោះ មានទាំងការរំលឹក ការជម្រុញលើកទឹកចិត្ត(អំពីផលបុណ្យ) និងការបំភ័យ(ពីទណ្ឌកម្ម) ហើយវា(គម្ពីរគួរអាន)ជាឱសថព្យាបាលជំងឺសង្ស័យនិងភាពស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្ត និងជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ហើយនៅក្នុងវា(គម្ពីរគួរអាន)នោះទៀត គឺជាក្ដីមេត្តាករុណាចំពោះបណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីវា។
Yunus 10:58
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងអស់ថាៈ អ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នកនៃគម្ពីរគួរអាននោះ គឺជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់ដល់ពួកអ្នក និងជាក្ដីមេត្តាករុណាអំពីទ្រង់ចំពោះពួកអ្នក។ ដូចនេះ ដោយការប្រោសប្រទានរបស់អល់ឡោះទៅលើពួកអ្នក និងក្ដីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកដោយការបញ្ចុះគម្ពីរគួរអាននោះ ចូរពួកអ្នកសប្បាយរីករាយចុះ គ្មានអ្វីប្រៀបស្មើវាទាំងពីរនោះទេ។ ជាការពិតណាស់ អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកកាន់ពួកគេពីម្ចាស់របស់គាត់នោះ គឺវាប្រសើរជាងទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរដែលពួកគេខំប្រមូលវាទុកនេះទៅទៀត។
Yunus 10:59
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកចំពោះលាភសក្ការៈរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នកជាការប្រោសប្រទានរបស់ទ្រង់ ហើយពួកអ្នកបានប្រើប្រាស់វាតាមទំនើងចិត្តរបស់ពួកអ្នក ដោយពួកអ្នកធ្វើឲ្យវាមួយចំនួនទៅរបស់ហាមឃាត់ និងមួយចំនួនទៀតទៅជារបស់អនុញ្ញាត។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ តើអល់ឡោះទ្រង់អនុញ្ញាតឲ្យពួកអ្នកអាចហាមឃាត់ឬអនុញ្ញាតចំពោះរបស់មួយចំនួន(តាមទំនើងចិត្តពួកអ្នក) ឬមួយក៏ពួកអ្នកបានប្រឌិតពាក្យភូតកហកចំពោះទ្រង់(ដោយខ្លួនឯង)?
Yunus 10:60
ហើយតើអ្វីមួយដែលពួកដែលប្រឌិតកុហកចំពោះទ្រង់នោះគិតថានឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោកនោះ? តើពួកគេគិតថាទ្រង់នឹងអភ័យទោសឲ្យពួកគេឬ? វាមិនអាចទៅរួចនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រណីបំផុតចំពោះមនុស្សលោក ដោយពន្យារពេលឲ្យពួកគេ និងមិនដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះឡើយ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺជាពួកដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះលើពួកគេ ដោយពួកគេមិនចេះដឹងគុណឡើយ។
Yunus 10:61
ហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នក ដឹងអំពីពួកអ្នក និងស្ដាប់ឮពួកអ្នកទាំងអស់នៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីការដឹងនៃម្ចាស់របស់អ្នកឡើយ សូម្បីតែវត្ថុដ៏តូចបំផុតនៅលើមេឃនិងនៅលើផែនដីក៏ដោយ (ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ) ហើយសូម្បីតែវត្ថុដែលតូច ឬធំជាងនេះទៀតក៏ដោយ ក៏វាត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ដែរ។
Yunus 10:62
តើពុំមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះជាម្ចាស់ ពិតជាគ្មានការភ័យខ្លាចចំពោះភាពភ័យរន្ធត់ដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកនោះឡើយ ហើយពួកគេក៏មិនមានទុក្ខព្រួយចំពោះអ្វីដែលពួកគេបានខកខានអំពីលាភសំណាងលោកិយនោះដែរ។
Yunus 10:63
បណ្ដាអ្នកដែលមានជំនឿស្មោះត្រង់ទាំងនោះ គឹបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ហើយពួកគេកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
Yunus 10:64
ពួកគេនឹងទទួលបានដំណឹងរីករាយពីម្ចាស់របស់ពួកគេនៅក្នុងលោកិយ តាមរយៈសុបិនល្អ ឬការកោតសរសើររបស់មនុស្សលោកចំពោះពួកគេ ហើយពួកគេក៏នឹងទទួលបានដំណឹងរីករាយពីម៉ាឡាអ៊ីកាត់ផងដែរនៅពេលគេដកយកព្រលឹងរបស់ពួកគេ បន្ទាប់ពីពួកគេស្លាប់ និងនៅពេលដែលគេប្រមូលផ្ដុំមនុស្ស(នៅថ្ងៃបរលោក)។ ការសន្យារបស់អល់ឡោះចំពោះពួកគេនោះ គឺមិនមានការផ្លាស់ប្ដូរឡើយ។ ការតបស្នងទាំងនោះ គឹជាជោគជ័យដ៏ធំធេង ដោយសារតែពួកគេបានទទួលនូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលគេភ័យខ្លាច។
Yunus 10:65
សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានទុក្ខព្រួយចំពោះការចោទប្រកាន់ និងការប្រមាថចំពោះសាសនារបស់អ្នកដែលពួក(ប្រឆាំង)ទាំងនោះបាននិយាយ។ ពិតប្រាកដណាស់ អំណាចក៏ខ្លាំងក្លា និងការទទួលជោគជ័យទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ទ្រង់មហាឮបំផុតនូវពាក្យសម្ដីរបស់ពួកគេ មហាដឹងបំផុតពីទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។
Yunus 10:66
តើពុំមែនទេឬ អ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់នោះ? ហើយពួកមុស្ហរីគីនដែលគោរពសក្ការៈចំពោះព្រះនានាក្រៅពីអល់ឡោះនោះមិនបានប្រតិបត្តិតាមព្រះនានារបស់ពួកគេនោះឡើយ។ ពួកគេមិនប្រតិបត្តិតាមនោះឡើយ លើកលែងតែតាមការនឹកស្មានប៉ុណ្ណោះ ហើយពួកគេក៏គ្មានអ្វីក្រៅពីការប្រឌិតភូតកុហកនោះដែរចំពោះការចោទដែលពួកគេប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យចោទប្រកាន់របស់ពួកគេ។
Yunus 10:67
ទ្រង់តែមួយគត់ជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកបានសម្រាកពីសកម្មភាពផ្សេងនិងការនឿយហត់នៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃជាពន្លឺ ដើម្បីឲ្យពួកអ្នកបានស្វែងរកនូវអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ការរស់នៅរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលស្ដាប់ឮដោយការពិចារណា និងទទួលយក។
Yunus 10:68
មានពួកមុស្ហរីគីនមួយក្រុមបាននិយាយថាៈ អល់ឡោះទ្រង់បានយកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី។ អល់ឡោះមហាស្អាតស្អំបំផុតពីពាក្យសម្ដី(ចោទប្រកាន់)របស់ពួកគេ។ ពិតណាស់ ទ្រង់មហាមានលើសលប់មិនត្រូវការម៉ាខ្លូករបស់ទ្រង់ទាំងអស់នោះឡើយ។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ពួកអ្នក(ឱពួកមុស្ហរីគីន)គ្មានអំណះអំណាងណាមួយដែលបញ្ជាក់ពីពាក្យសម្ដីរបស់ពួកអ្នកចំពោះរឿងនេះ(ការចោទថាម៉ាឡាអ៊ីកាត់ជាបុត្រីរបស់អល់ឡោះ)នោះឡើយ។ តើពួកអ្នកនិយាយ(ចោទប្រកាន់)ទៅលើអល់ឡោះនូវពាក្យសម្ដីដ៏ធ្ងន់ធ្ងរបំផុត(ដោយចោទថាទ្រង់មានបុត្រ)ដែលពួកអ្នកមិនដឹងពីការពិតរបស់វា និងគ្មានភស្តុតាងបញ្ជាក់ផងនោះឬ?
Yunus 10:69
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ពួកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះដោយចោទថាទ្រង់មានបុត្រនោះ ពួកគេនឹងមិនទទួលបានជោគជ័យ(ទទួលបាន)ចំពោះអ្វីដែលពួកគេប្រាថ្នាចង់បាននោះឡើយ ហើយពួកគេក៏មិនអាចគេចផុតពីអ្វីដែលពួកគេមានការភ័យខ្លាចអំពីវានោះដែរ។
Yunus 10:70
ដូច្នេះ ពួកគេមិនត្រូវចាញ់បោកនឹងអ្វីដែលពួកគេកំពុងតែសើយសុខនឹងវានៃភាពត្រេកត្រអាលនៃលោកិយ និងសេចក្ដីរីករាយរបស់វានោះឡើយ។ ពិតណាស់ វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលដ៏ខ្លីដែលមិនឋិតឋេរតែប៉ុណ្ណោះ។ ក្រោយមក ការវិលត្រឡប់របស់ពួកគេនៅថ្ងៃបរលោកនោះ គឺឆ្ពោះមកកាន់យើង។ បន្ទាប់មក យើងនឹងឲ្យពួកគេភ្លក្សរសជាតិទណ្ឌកម្មដ៏ខ្លាំងក្លាដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះអ្នកនាំសាររបស់ទ្រង់។
Yunus 10:71
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ដល់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះនូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំជាមួយពួកអ្នក និងការដាស់តឿនរំលឹក ហើយនិងការទូន្មានរបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក រហូតដល់ពួកអ្នកមានបំណងចង់សម្លាប់ខ្ញុំនោះ ដូច្នេះ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្តនៅក្នុងបំផ្លាញឧបាយកលរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកសម្រេចកិច្ចការរបស់ពួកអ្នក និងប្តេជ្ញាចិត្តក្នុងការបំផ្លាញខ្ញុំចុះ ហើយចូរពួកអ្នកអំពាវនាវហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកគេមកជួយពួកអ្នកចុះ។ បន្ទាប់មក កុំឲ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឲ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត បន្ទាប់ពីការរៀបចំឧបាយកលរបស់ពួកអ្នកដើម្បីសម្លាប់ខ្ញុំហើយនោះ ចូរពួកអ្នកដាក់ទោសខ្ញុំតាមអ្វីដែលពួកអ្នកចង់ដាក់ទោសចុះ ហើយចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំឲ្យសោះ។
Yunus 10:72
ប៉ុន្តែ ប្រសិនបើពួកអ្នកពិតជាបានបែរចេញពីការអំពាវនាវរបស់ខ្ញុំនោះ ចូរពួកអ្នកដឹងថា ពិតណាស់ ខ្ញុំមិនបានស្នើសុំការតបស្នងពីពួកអ្នកចំពោះការផ្ដល់ឲ្យពួកអ្នកនូវសារនៃម្ចាស់របស់ខ្ញុំឡើយ។ ផលបុណ្យរបស់ខ្ញុំគឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ទោះបីជាពួកអ្នកមានជំនឿចំពោះខ្ញុំ ឬមួយក៏ពួកអ្នកមិនមានជំនឿចំពោះខ្ញុំក៏ដោយ។ ហើយអល់ឡោះបានបង្គាប់ប្រើខ្ញុំឲ្យក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់ ដោយការគោរពប្រតិបត្តិនិងការសាងទង្វើកុសល។
Yunus 10:73
ប៉ុន្តែក្រុមរបស់គេបានបដិសេធចំពោះគេ(ព្យាការីនួហ) ហើយពួកគេមិនមានជំនឿចំពោះគេនោះឡើយ។ ហេតុនេះ យើងក៏បានជួយសង្រ្គោះគេ និងអ្នកមានជំនឿដែលនៅជាមួយគេនៅក្នុងសំពៅ ហើយយើងបានធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ជាអ្នកបន្តវេនពីអ្នកជំនាន់មុនពួកគេ។ យើងបានបំផ្លាញពួកដែលបដិសេធនឹងបណ្តាភស្តុតាងនិងអំណះអំណាងទាំងឡាយដែលគេ(ព្យាការីនួហ)បាននាំមកដោយទឹកជំនន់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃកិច្ចការរបស់ក្រុមដែលព្យាការីនួហបានព្រមានពួកគេ ហើយពួកគេមិនមានជំនឿនោះ យ៉ាងដូចម្តេចដែរ?
Yunus 10:74
ហើយមួយរយៈកាលក្រោយមក យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៀតបន្ទាប់ពីព្យាការីនួហទៅកាន់ក្រុមរបស់ពួកគេ ហើយបណ្តាអ្នកនាំសារទាំងនោះក៏បាននាំមកឲ្យក្រុមរបស់ពួកគេនូវសញ្ញាភស្តុតាង និងអំណះអំណាងយ៉ាងច្រើន ប៉ុន្តែពួកគេនៅតែមិនមានជំនឿដដែល ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការបដិសេធនឹងអ្នកនាំសារដូចមុន ហើយអល់ឡោះក៏បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូចដែលយើងបានបោះត្រាទៅលើដួងចិត្តរបស់ពួកដែលបដិសេធមិនដើរតាមបណ្តាអ្នកនាំសារពីមុនមកនោះដែរ យើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកប្រឆាំងដែលបំពានព្រំដែនរបស់អល់ឡោះដោយភាពគ្មានជំនឿ នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងទាំងអស់។
Yunus 10:75
ហើយមួយរយៈកាលក្រោយមកទៀត បន្ទាប់ពីបណ្តាអ្នកនាំសារទាំងនោះមក យើងក៏បានបញ្ជូនព្យាការីមូសា និងបងប្រុសរបស់គេ គឺព្យាការីហារូន ទៅកាន់ហ្វៀរអោនដែលជាមហាក្សត្រនៃប្រទេសអេហ្ស៊ីប និងពួកមន្ត្រីទាំងឡាយក្នុងចំណោមក្រុមរបស់គេ។ យើងបានបញ្ជូនគេទាំងពីរជាមួយនឹងបណ្ដាភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេទាំងពីរ ប៉ុន្តែពួកគេបែរជាក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអ្វីដែលគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)បាននាំមកនោះទេ។ ហើយពិតណាស់ ពួកគេគឹជាក្រុមដែលធ្លាប់ប្រព្រឹត្តអំពើបាប ដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងបដិសេធបណ្តាអ្នកនាំសាររបស់ទ្រង់។
Yunus 10:76
ហើយនៅពេលដែលសាសនាដែលព្យាការីមូសានិងព្យាការីហារូបាននាំមកនោះ បានមកដល់ហ្វៀរអោននិងក្រុមមន្ត្រីរបស់គេ ពួកគេបាននិយាយចំពោះភស្តុតាងដែលបញ្ជាក់ទៅលើសច្ចភាពនៃអ្វីដែលព្យាការីមូសាបាននាំមកនោះថាៈ ពិតប្រាកដណាស់ វាគឺជាមន្តអាគមយ៉ាងច្បាស់លាស់ ហើយវាមិនមែនជាការពិតឡើយ។
Yunus 10:77
ព្យាការីមូសាបាននិយាយបដិសេធទៅកាន់ពួកគេវិញថាៈ តើពួកអ្នកនិយាយមួលបង្កាច់ចំពោះការពិតនៅពេលដែលវាបានមកដល់ពួកអ្នក ថាជាមន្តអាគមឬ? មិនដូច្នោះឡើយ។ វាមិនមែនជាមន្តអាគមនោះទេ ហើយពិតប្រាកដណាស់ ខ្ញុំពិតជាដឹងថា អ្នកដែលប្រើមន្តអាគមននោះនឹងមិនទទួលជោគជ័យជាដាច់ខាត។ ដូច្នេះ តើឲ្យខ្ញុំធ្វើដូច្នោះយ៉ាងដូចម្តេចទៅ?
Yunus 10:78
ក្រុមរបស់ហ្វៀរអោនបានតបទៅកាន់ព្យាការីមូសាវិញដោយនិយាយថាៈ តើអ្នកនាំយកមន្តអាគមនេះមកកាន់ពួកយើងដើម្បីឲ្យពួកយើងបែរចេញពីសាសនាដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងប្រកាន់យក និងដើម្បីឲ្យអ្នកនិងបងប្រុសរបស់អ្នកទទួលបានអំណាចគ្រប់គ្រងឬ? ចំណែកពួកយើងវិញមិនទទួលស្គាល់ថា អ្នកទាំងពីរ(ឱមូសានិងហារូន)គឺជាអ្នកនាំសារដែលគេ(អល់ឡោះ)បានបញ្ជូនមកកាន់ពួកយើងនោះឡើយ។
Yunus 10:79
ហើយហ្វៀរអោនបាននិយាយទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកនាំគ្រូមន្តអាគមដែលពូកែខាងមន្តអាគមទាំងអស់មកកាន់យើងមក។
Yunus 10:80
ហើយនៅពេលដែលគ្រូមន្តអាគមទាំងអស់បានមកជួបហ្វៀរអោន ព្យាការីមូសាបាននិយាយទៅកាន់ពួកគេដោយមានទំនុកចិត្តចំពោះជ័យជម្នះរបស់គាត់ទៅលើពួកគេថាៈ ចូរពួកអ្នក(ឱពួកគ្រូមន្តអាគមទាំងឡាយ)បោះនូវអ្វីដែលពួកអ្នកចង់បោះនោះចុះ។
Yunus 10:81
ហើយនៅពេលពួកគេបានបោះនូវអ្វីដែលពួកគេមានអំពីមន្តអាគមនោះ ព្យាការីមូសាក៏បាននិយាយទៅកាន់ពួកគេថាៈ អ្វីដែលពួកអ្នកបង្ហាញវាឲ្យគេបានឃើញនោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឲ្យអ្វីដែលពួកអ្នកបានធ្វើឡើង(ដើម្បីបំភ័ន្តភ្នែកអ្នកដទៃ)នោះ ក្លាយជាអសារចង់ គ្មានប្រសិទ្ធភាពឡើយ។ ពិតប្រាកដណាស់ ដោយសារតែមន្តអាគមរបស់ពួកអ្នកនេះ ពួកអ្នកគឺជាអ្នកបង្កវិនាសកម្មនៅលើផែនដី ហើយអល់ឡោះនឹងមិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មនោះឡើយ។
Yunus 10:82
ហើយអល់ឡោះនឹងបញ្ជាក់ឲ្យឃើញនូវការពិត ហើយទ្រង់នឹងពង្រឹងសេចក្តីពិតនោះតាមរយៈបន្ទូលទាំងឡាយដ៏មានអានុភាពរបស់ទ្រង់ និងតាមរយៈអ្វីដែលមាននៅក្នុងបន្ទូលរបស់ទ្រង់នេះនៃក្បួនច្បាប់អំពីភស្តុតាង និងអំណះអំណាងជាច្រើន ទោះបីជាពួកប្រឆាំងដែលប្រព្រឹត្តអំពើអាក្រក់ដែលស្ថិតនៅក្នុងចំណោមបក្សពួករបស់ហ្វៀរអោនទាំងនោះមិនពេញចិត្តក៏ដោយ។
Yunus 10:83
ក្រុមទាំងនោះបានធ្វើជាថ្លង់មិនដឹងមិនឮដោយការបែរចេញ។ ហើយគ្មាននរណាម្នាក់មានជំនឿចំពោះព្យាការីមូសានោះឡើយ(ទោះបីជាគាត់បាននាំមកនូវបណ្តាភស្តុតាង និងអំណះអំណាងដ៏ជាក់ច្បាស់ក៏ដោយ) លើកលែងតែយុវជនក្នុងចំណោមក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែលប៉ុណ្ណោះ ទោះបីជាពួកគេភ័យខ្លាចហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេបង្វែរពួកគេចេញពីការមានជំនឿតាមរយៈការធ្វើទារុណកម្មពួកគេប្រសិនបើពួកគេលាតត្រដាងសេចក្តីជំនឿរបស់ពួកគេក៏ដោយ។ ហើយពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្អេងក្អាង ជាអ្នកដែលត្រួតត្រាទឹកដីនិងប្រជាជានអេហ្ស៊ីប។ ហើយពិតណាស់ ហ្វៀរអោន គឺស្ថិតក្នុងចំណោមពួកដែលបំពានព្រំដែនចំពោះការប្រឆាំង ការសម្លាប់ និងការធ្វើទារុណកម្មចំពោះអម្បូរអ៊ីស្រាអែល។
Yunus 10:84
ហើយព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់នូវសេចក្តីជំនឿមួយដ៏ពិតប្រាកដហើយនោះ ចូរពួកអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះតែមួយគត់ ប្រសិនបើពួកអ្នកគឺជាអ្នកមូស្លីមមែននោះ ពីព្រោះការប្រគល់ការទុកចិត្តលើអល់ឡោះនោះ នឹងការពារពួកអ្នកពីប្រការអាក្រក់ ហើយនាំមកឲ្យពួកអ្នកនូវប្រការល្អ។
Yunus 10:85
ពេលនោះ ពួកគេ(អម្បូរអ៊ីស្រាអែល)ក៏បានតបទៅកាន់ព្យាការីមូសា ដោយពួកគេបាននិយាយថាៈ ពួកយើងបានប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ហើយ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាកុំធ្វើឲ្យពួកបំពានត្រួតត្រាមកលើពួកយើងឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកគេបង្កភាពវឹកវរមកចំពោះពួកយើងឲ្យចេញពីសាសនារបស់ពួកយើង ដោយការធ្វើទារុណកម្ម ការសម្លាប់ និងការទិញទឹកចិត្ត។
Yunus 10:86
ហើយសូមទ្រង់(ឱម្ចាស់របស់ពួកយើង)មេត្តាជួយសង្រ្គោះពួកយើងចេញពីកណ្ដាប់ដៃរបស់ក្រុមហ្វៀរអោនដែលជាពួកគ្មានជំនឿដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។ ជាការពិតណាស់ ពួកគេបានយកពួកយើងធ្វើជាទាសករ និងបានធ្វើទុក្ខបុកម្នេញពួកយើងដោយការធ្វើទារុណកម្មនិងការកាប់សម្លាប់។
Yunus 10:87
ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានិងបងប្រុសរបស់គេ(ព្យាការីហារូន)ឲ្យតាំងលំនៅឋាន(នៅប្រទេសអេហ្ស៊ីប)ដើម្បីធ្វើការគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់សម្រាប់ក្រុមរបស់ពួកគេទាំងពីរ ហើយចូរពួកអ្នកធ្វើឲ្យលំនៅដ្ឋានរបស់ពួកអ្នកជាកន្លែងសម្រាប់តម្រង់ទៅកាន់ទិសគិបឡាត់(ពៃទុលមឹកទីស) ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ។ ហើយចូរអ្នក(ឱព្យាការីមូសា)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿអំពីការជួយរបស់អល់ឡោះ ការជួយគាំទ្ររបស់ទ្រង់ចំពោះពួកគេ ការកំចាត់សត្រូវរបស់ពួកគេ និងការធ្វើឲ្យពួកគេក្លាយជាអ្នកស្នងតំណែង(គ្រប់គ្រង)នៅលើផែនដី។
Yunus 10:88
ហើយព្យាការីមូសាបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់បានប្រទានដល់ហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេនូវលាភសក្ការៈលោកិយ និងភាពត្រចេះត្រចង់របស់វាហើយទ្រង់បានប្រទានដល់ពួកគេនូវទ្រព្យសម្បត្តិជាច្រើននៅក្នុងឆាកជីវិតលោកិយនេះ។ ប៉ុន្តែពួកគេមិនបានដឹងគុណទ្រង់ចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកគេនោះឡើយ ផ្ទុយទៅវិញ ពួកគេបែរជាយករបស់ទាំងនោះធ្វើឲ្យពួកគេវង្វេងចេញពីមាគ៌ារបស់ទ្រង់ទៅវិញ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេផងចុះ ហើយសូមទ្រង់ធ្វើឲ្យចិត្តរបស់ពួកគេមានភាពរឹងរូស(មិនទទួលការពិត)ផង ដោយសារតែពួកគេមិនមានជំនឿនោះឡើយ រហូតដល់ពួកគេឃើញទណ្ឌកម្មដ៏ឈឺចាប់(ទើបពួកគេមានជំនឿ) ខណៈដែលការមានជំនឿរបស់ពួកគេ(នៅក្នុងពេលនោះ)មិនអាចផ្តល់ផលប្រយោជន៍អ្វីចំពោះពួកគេសោះនោះ។
Yunus 10:89
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ យើងបានទទួលយកការបួងសួងរបស់អ្នកទាំងពីរ(ឱព្យាការីមូសា និងព្យាការីហារូន)ដែលបានបួងសួងទៅលើហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេ(ឲ្យទទួលនូវភាពអន្តរាយ)។ ដូច្នេះ ចូរអ្នកទាំងពីរប្រកាន់ខ្ជាប់ចំពោះសាសនារបស់អ្នកទាំងពីរចុះ ហើយចូរអ្នកទាំងពីរកុំងាកចេញពីវាទៅដើរតាមមាគ៌ារបស់ពួកល្ងង់ខ្លៅដែលពួកគេមិនដឹងពីមាគ៌ាត្រឹមត្រូវឲ្យសោះ។
Yunus 10:90
ហើយយើងបានសម្រួលដល់អម្បូរអ៊ីស្រាអែលក្នុងការដើរឆ្លងកាត់សមុទ្រ បន្ទាប់ពីយើងបានញែកវា(ចេញពីគ្នា) រហូតដល់ពួកគេបានឆ្លងផុតដោយសុវត្ថិភាព។ ហើយហ្វៀរអោននិងទាហានរបស់គេបានដេញតាមពីក្រោយពួកគេដោយរំលោភបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែលទឹកសមុទ្របានគ្របដណ្ដប់លើគេ(ហ្វៀរអោន) ហើយគេបានលិចលង់(ក្នុងទឹកសមុទ្រ) ព្រមទាំងអស់សង្ឃឹមពីការរួចផុត(ពីការលង់ទឹកសមុទ្រ) គេ(ហ្វៀរអោន)ក៏បាននិយាយថាៈ ខ្ញុំមានជំនឿហើយថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគេគោរពដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអម្បូរអ៊ីស្រាអែលបានជឿទៅលើទ្រង់នោះឡើយ ហើយខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។
Yunus 10:91
តើអ្នកមានជំនឿ(ចំពោះយើង)នៅក្នុងពេលនេះ ក្រោយពីអ្នកអស់សង្ឃឹមថាមិនអាចមានជីវិតរស់នៅតទៀតនោះឬ? ហើយជាការពិតណាស់ អ្នក(នែហ្វៀរអោន)ធ្លាប់បានប្រឆាំងនឹងអល់ឡោះ មុនពេលដែលទណ្ឌកម្មមកដល់ ដោយការគ្មានជំនឿចំពោះទ្រង់ និងបានរារាំង(មនុស្ស)ពីមាគ៌ារបស់ទ្រង់ ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្មដោយតែភាពវង្វេងរបស់អ្នកចំពោះខ្លួនឯង និងការដែលអ្នកធ្វើឲ្យអ្នកដទៃវង្វេង(ដូចអ្នកដែរ)។
Yunus 10:92
ដូច្នេះ នៅក្នុងថ្ងៃនេះ យើងនឹងស្រង់សាកសពអ្នក(នែហ្វៀរអោន)ចេញពីសមុទ្រ ហើយយើងនឹងធ្វើឲ្យអ្នកស្ថិតនៅលើទីខ្ពស់ផុតពីដី ដើម្បីឲ្យមនុស្សជំនាន់ក្រោយអ្នកយកអ្នកធ្វើជាមេរៀន។ តែជាការពិតណាស់ មនុស្សភាគច្រើនគឺធ្វេសប្រហែស និងព្រងើយកន្តើយនឹងអំណះអំណាងនិងបណ្ដាភស្តុតាងដែលបញ្ជាក់ពីអានុភាពរបស់យើង ដោយពួកគេមិនគិតពិចារណាចំពោះវាឡើយ។
Yunus 10:93
ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដែលត្រូវបានគេកោតសរសើរ និងជាកន្លែងមួយដែលត្រូវបានគេពេញចិត្ត នៅក្នុងទឹកដីស្ហាមដែល(ជាទឹកដី)ប្រកបដោយពរជ័យ។ ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗដែលគេអនុញ្ញាតដល់ពួកគេ។ ហើយពួកគេមិនមានការខ្វែងគំនិតគ្នាឡើយនៅក្នុងកិច្ចការសាសនារបស់ពួកគេ រហូតដល់គម្ពីរគួរអានបានមកដល់ពួកគេ ដែលជាការបញ្ជាក់នូវអ្វីដែលពួកគេបានសូត្រនៅក្នុងគម្ពីរតាវរ៉តអំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់។ ហើយនៅពេលពួកគេបានបដិសេធរឿងទាំងនោះ គេក៏បានដកយកទឹកដីរបស់ពួកគេ(ដែលពួកគេធ្លាប់រស់នៅ)។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាចំពោះវា ហើយទ្រង់នឹងតបស្នងដល់អ្នកត្រូវ និងអ្នកខុសក្នុងចំណោមពួកគេនូវអ្វីដែលសាកសមសម្រាប់គេទាំងពីរក្រុម។
Yunus 10:94
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការសង្ស័យ និងងឿងឆ្ងល់អំពីធាតុពិតនៃអ្វីដែលយើងបានបញ្ចុះមកឲ្យអ្នកអំពីគម្ពីរគួរអាននោះ ចូរអ្នកសួរអ្នកដែលមានជំនឿក្នុងចំណោមពួកយូដា ដែលពួកគេសូត្រគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលពួកគេសូត្រគម្ពីរអ៊ីញជីលចុះ។ ពេលនោះ ពួកគេនឹងប្រាប់អ្នកថា ពិតប្រាកដណាស់ អ្វីដែលបានបញ្ចុះទៅលើអ្នកនោះ គឺជាការពិត ដោយសារតែពួកគេបានប្រទះឃើញនូវការរៀបរាប់ពីលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងគម្ពីររបស់ពួកគេទាំងពីរក្រុម។ ជាការពិតណាស់ ការពិតពីម្ចាស់របស់អ្នកដែលគ្មានការសង្ស័យនៅក្នុងវានោះបានមកដល់អ្នកហើយ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឲ្យសោះ។
Yunus 10:95
ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងអំណះអំណាងទាំងឡាយរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមពួកដែលខាតបង់ ដែលជាអ្នកខាតបង់ខ្លួនរបស់ពួកគេផ្ទាល់ ដោយសារតែការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ព្រោះតែភាពគ្មានជំនឿរបស់ពួកគេ។ ហើយរាល់ការព្រមានទាំងនេះ គឺដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៃការមានភាពមន្ទិលសង្ស័យ និងការបដិសេធ(ចំពោះការពិត)ប៉ុណ្ណោះ។ ប៉ុន្តែតាមពិត ព្យាការីមូហាំម៉ាត់ត្រូវបានគេការពារមិនឲ្យធ្លាក់ទៅក្នុងប្រការទាំងនោះឡើយ។
Yunus 10:96
ពិតប្រាកដណាស់ ពួកដែលអល់ឡោះបានកំណត់លើពួកគេដោយឲ្យពួកគេស្លាប់នៅក្នុងភាពគ្មានជំនឿដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿនោះ គឺពួកគេនឹងមិនអាចមានជំនឿជាដាច់ខាត។
Yunus 10:97
ហើយបើទោះបីជាភស្តុតាងទាំងអស់ ទាំងភស្តុតាងនៃច្បាប់ និងភស្តុតាងដែលមាននៅក្នុងចក្រវាឡបានមកដល់ពួកគេក៏ដោយ(ក៏ពួកគេគ្មានជំនឿនោះដែរ) រហូតដល់ពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(បានមកដល់)ផ្ទាល់នឹងភ្នែក ទើបពួកគេមានជំនឿ ខណៈដែលការមានជំនឿ(នៅពេលនោះ) គឺគ្មានផលប្រយោជន៍អ្វីចំពោះពួកគេឡើយ។
Yunus 10:98
គ្មានភូមិស្រុកណាមួយក្នុងចំណោមភូមិស្រុកទាំងឡាយដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់ពួកគេ ហើយពួកគេមានជំនឿមុននឹងពួកគេមានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក ហើយជំនឿរបស់ពួកគេមានផលប្រយោជន៍ចំពោះពួកគេ ដោយសារតែពួកគេមានជំនឿមុននឹងបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក លើកលែងតែក្រុមរបស់ព្យាការីយូនូសប៉ុណ្ណោះ នៅពេលពួកគេមានជំនឿយ៉ាងពិតប្រាកដហើយ យើងក៏បានដកយកទណ្ឌកម្មដ៏អាម៉ាសនៅក្នុងឆាកជីវិតលោកិយចេញពីពួកគេ ហើយបានផ្ដល់ភាពសុខសាន្តដល់ពួកគេរហូតដល់ពេលកំណត់បានមកដល់ពួកគេ។
Yunus 10:99
ហើយប្រសិនបើម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនាចង់ឲ្យអ្នកដែលរស់នៅលើផែនដីទាំងអស់មានជំនឿនោះ គឺពួកគេពិតជាមានជំនឿជាមិនខាន ប៉ុន្តែទ្រង់មិនមានចេតនាបែបនេះនោះឡើយ ដោយគតិបណ្ឌិតរបស់ទ្រង់។ ហើយទ្រង់នឹងធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់នឹងចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ដូច្នេះ អ្នកមិនអាចបង្ខំមនុស្សលោកឲ្យពួកគេក្លាយទៅជាអ្នកដែលមានជំនឿបានឡើយ ពីព្រោះពិតណាស់ ការចង្អុលបង្ហាញពួកគេឲ្យមានជំនឿនោះ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់។
Yunus 10:100
ហើយគ្មានបុគ្គលណាម្នាក់អាចមានជំនឿដោយខ្លួនឯងឡើយ លើកលែងតែអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ ហើយការមានជំនឿក៏នឹងមិនអាចកើតឡើងដែរ លុះត្រាតែដោយចេតនារបស់ទ្រង់។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំបំផ្លាញខ្លួនឯងដោយសារទុក្ខព្រួយចំពោះពួកគេឲ្យសោះ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មនិងភាពអាម៉ាសទៅលើពួកដែលមិនគិតពិចារណាពីបណ្តាភស្តុតាង បទបញ្ជា និងការហាមឃាត់របស់ទ្រង់។
Yunus 10:101
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលសុំឲ្យអ្នកបង្ហាញភស្តុតាងទាំងឡាយដល់ពួកគេថាៈ ចូរពួកអ្នកពិចារណាមើលចុះ តើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីដែលជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(បញ្ជាក់ពី)សមត្ថភាពរបស់ទ្រង់នោះ? ប៉ុន្តែការបញ្ចុះនូវបណ្តាភស្តុតាង អំណះអំណាង និងអ្នកនាំសារនានានោះ គឺពុំមានប្រយោជន៍អ្វីចំពោះក្រុមដែលមិនបានត្រៀមខ្លួនក្នុងការមានជំនឿនោះឡើយ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿ។
Yunus 10:102
ដូច្នេះ តើពួកដែលបដិសេធទាំងនោះមិនរង់ចាំអ្វីក្រៅពី(ក្ដីវិនាស)ដូចអ្វីដែលអល់ឡោះបានទម្លាក់ទៅលើប្រជាជាតិជំនាន់មុនៗដែលបដិសេធនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នករង់ចាំទណ្ឌកម្មរបស់អល់ឡោះចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកចំពោះការសន្យានៃម្ចាស់របស់ខ្ញុំដែរ។
Yunus 10:103
បន្ទាប់មក យើងនឹងទម្លាក់ទណ្ឌកម្មទៅលើពួកគេ ហើយយើងនឹងជួយសង្រ្គោះបណ្ដាអ្នកនាំសាររបស់យើង និងជួយសង្រ្គោះបណ្ដាអ្នកមានជំនឿដែលនៅជាមួយពួកគេ។ ដូចនេះ ពួកគេមិនបានទទួលរងគ្រោះថ្នាក់ដូចដែលក្រុមរបស់ពួកគេទទួលរងនោះទេ។ ដូចដែលយើងបានជួយសង្រ្គោះបណ្ដាអ្នកនាំសារនិងបណ្ដាអ្នកមានជំនឿដែលនៅជាមួយពួកគេ(ពួកប្រឆាំង)ទាំងនោះដែរ យើងនឹងជួយសង្រ្គោះអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿដែលនៅជាមួយគេដែរ ដែលការជួយសង្រ្គោះនេះ គឺជាតួនាទីរបស់យើង។
Yunus 10:104
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានភាពមន្ទិលសង្ស័យចំពោះសាសនារបស់ខ្ញុំដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វា ដែលវាគឺជាសាសនាដែលគោរពសក្ការៈចំពោះម្ចាស់(អល់ឡោះ)តែមួយគត់នោះ ពីព្រោះខ្ញុំជឿជាក់ថា សាសនារបស់ពួកអ្នក នឹងត្រូវវិនាសអន្តរាយ។ ដូច្នេះ ខ្ញុំមិនដើរតាមវានោះទេ ហើយខ្ញុំក៏មិនគោរពសក្ការៈអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះនោះដែរ។ ក៏ប៉ុន្តែ ខ្ញុំគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់)ដែលទ្រង់ជាអ្នកបញ្ចប់ជីវិតរបស់ពួកអ្នក។ ហើយទ្រង់បានប្រើខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលជំនឿដោយចិត្តស្មោះសចំពោះសាសនារបស់ទ្រង់។
Yunus 10:105
ម្យ៉ាងទៀត ទ្រង់បានបង្គាប់ប្រើខ្ញុំឲ្យស្ថិតនៅលើសាសនាដ៏ត្រឹមត្រូវ និងឲ្យខ្ញុំប្រកាន់ខ្ជាប់នឹងវា ចៀសឆ្ងាយអំពីសាសនាដទៃផ្សេងទៀតទាំងអស់។ ហើយទ្រង់បានហាមឃាត់ខ្ញុំមិនឲ្យស្ថិតនៅក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។
Yunus 10:106
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំបួងសួងសុំពីព្រះនានា រូបបដិមា និងអ្វីផ្សេងទៀតក្រៅពីអល់ឡោះឲ្យសោះ ដែលពួកវាទាំងនោះមិនអាចផ្ដល់ផលប្រយោជន៍ដល់អ្នក ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះដែរ។ តែប្រសិនបើអ្នកគោរពសក្ការៈចំពោះពួកវានោះ ពិតណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកបំពានដែលល្មើសលើសិទ្ធិរបស់អល់ឡោះ និងសិទ្ធិរបស់ខ្លួនឯងជាមិនខាន។
Yunus 10:107
ហើយប្រសិនបើអល់ឡោះឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលរងនូវគ្រោះថ្នាក់ ហើយអ្នកស្នើសុំឲ្យគេដកយកវាចេញពីអ្នកវិញនោះ គឺគ្មាននរណាម្នាក់អាចដកយកគ្រោះថ្នាក់នោះចេញពីអ្នកក្រៅពីអល់ឡោះនោះឡើយ។ តែប្រសិនបើទ្រង់មានចេតនាផ្ដល់ឲ្យអ្នកនូវភាពសុខសាន្តវិញនោះ ក៏គ្មាននរណាម្នាក់អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បាននោះដែរ។ ទ្រង់នឹងផ្ដល់ការប្រោសប្រទានរបស់ទ្រង់ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Yunus 10:108
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ គម្ពីរគួរអានដែលបានបញ្ចុះមកពីម្ចាស់របស់ពួកអ្នកនោះបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ និងមានជំនឿនឹងវា(គម្ពីរគួរអាន)នោះ ផល(ល្អ)នៃការធ្វើដូច្នោះនោះនឹងត្រឡប់ទៅកាន់ខ្លួនគេផ្ទាល់ ព្រោះអល់ឡោះមហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ឡើយ។ តែបើបុគ្គលណាបានវង្វេងវិញនោះ គ្រោះថ្នាក់នៃការវង្វេងរបស់គេនោះ គឺនឹងធ្លាក់ទៅលើខ្លួនគេវិញប៉ុណ្ណោះ ពីព្រោះ ការប្រព្រឹត្តល្មើសនៃខ្ញុំបម្រើរបស់អល់ឡោះ មិនបង្កផលប៉ះពាល់អ្វីដល់ទ្រង់នោះឡើយ។ ហើយខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ពួកអ្នកនោះទេ ហើយក៏មិនមែនជាអ្នកកាត់សេចក្តីលើទង្វើរបស់ពួកអ្នកនោះដែរ។
Yunus 10:109
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមអ្វីដែលម្ចាស់របស់បានអ្នកផ្ដល់វ៉ាហ៊ីមកឲ្យអ្នក និងអនុវត្តតាមវាចុះ ហើយចូរអ្នកអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់សត្រូវរបស់អ្នកក្នុងចំណោមក្រុមរបស់អ្នក និងអត់ធ្មត់ទៅលើការផ្សព្វផ្សាយនូវអ្វីដែលគេប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយចុះ។ ហើយចូរអ្នកបន្តធ្វើដូច្នោះរហូតដល់អល់ឡោះកាត់សេចក្ដីចំពោះពួកគេ ដោយការជួយអ្នកឲ្យទទួលជោគជ័យលើពួកគេនៅក្នុងលោកិយ និងដោយការដាក់ទណ្ឌកម្មពួកគេនៅថ្ងៃបរលោក ប្រសិនបើពួកគេស្លាប់ដោយស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេនោះ។
Hud 11:1
អាលីហ្វ ឡាម រ៉ (ត្រូវបានបកស្រាយរួចមកហើយនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរគួរអាន គឺជាគម្ពីរមួយដែលបណ្តាវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រឹតនិងល្អឥតខ្ចោះ ទាំងឃ្លោងឃ្លា និងអត្ថន័យ។ ដូច្នេះ អ្នកនឹងមិនឃើញមាននៅក្នុងគម្ពីរនេះនូវភាពខ្វះចន្លោះត្រង់ណានោះឡើយ។ បន្ទាប់មក គេបានបញ្ជាក់នៅក្នុងវា ដោយលើកឡើងពីប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ បទបញ្ជាដែលគេបង្គាប់ បម្រាមដែលហាមឃាត់ ការសន្យា(ផ្តល់ផលបុណ្យ) ការដាស់តឿនព្រមាន(ដាក់ទណ្ឌកម្ម) ច្បាប់ព្រហ្មទណ្ឌ និងអ្វីផ្សេងៗទៀត ដែលមកពីម្ចាស់ដ៏មហាគតិបណ្ឌិតក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និង(ជាអ្នក)មហាដឹងពីស្ថានភាពរបស់ខ្ញុំបម្រើរបស់ទ្រង់ និងអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។
Hud 11:2
ខ្លឹមសារសំខាន់នៃបណ្តាវាក្យខណ្ឌ(នៃគម្ពីរគួរអាន)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ទាំងនេះគឺ ៖ ហាមឃាត់បណ្ដាខ្ញុំបម្រើទាំងឡាយមិនឲ្យពួកគេគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកមិនមានជំនឿចំពោះទ្រង់ និងប្រឆាំងចំពោះទ្រង់នោះ ហើយខ្ញុំជាអ្នកផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីការតបស្នងដ៏ល្អប្រពៃអំពីទ្រង់ ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់ ហើយបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។
Hud 11:3
ហើយចូរអ្នក(ឱមនុស្សលោកទាំងឡាយ)សុំការអភ័យទោសពីម្ចាស់របស់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកចុះ និងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយបង្ហាញពីការសោកស្ដាយទៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្តខុសចំពោះទ្រង់ នោះទ្រង់នឹងផ្ដល់ឲ្យពួកអ្នកទទួលបាននូវភាពសុខសាន្តក្នុងជីវិតលោកិយរបស់ពួកអ្នកដោយភាពរីករាយដ៏ល្អប្រពៃ រហូតដល់ពេលវេលាកំណត់នៃអាយុជីវិត(សេចក្តីស្លាប់)របស់ពួកអ្នកដែលត្រូវបានគេកំណត់នោះបានមកដល់។ ហើយទ្រង់នឹងផ្ដល់ឲ្យរាល់អ្នកដែលមានភាពខ្ពង់ខ្ពស់នៅក្នុងការគោរពប្រតិបត្តិនិងសាងទង្វើកុសលនោះ នូវការតបស្នងដ៏ប្រពៃអំពីទ្រង់យ៉ាងពេញលេញដោយគ្មានការខ្វះខាតឡើយ។ តែប្រសិនបើពួកអ្នកបែរចេញពីការមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមកពីម្ចាស់របស់ខ្ញុំនោះ ពិតប្រាកដណាស់ ខ្ញុំបារម្មណ៍ខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនាថ្ងៃដ៏រន្ធត់បំផុត នោះគឺថ្ងៃបរលោក។
Hud 11:4
កន្លែងវិលត្រឡប់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅថ្ងៃបរលោកនោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អមត្ថភាពនោះឡើយ។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់ពួកអ្នក និងកាត់សេចក្តីពួកអ្នកបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។
Hud 11:5
តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះបានបង្វែរចិត្តរបស់ពួកគេដើម្បីលាក់បាំងនូវអ្វីដែលមាននៅក្នុងវាអំពីភាពសង្ស័យចំពោះអល់ឡោះដោយភាពល្ងង់ខ្លៅរបស់ពួកគេ។ តើពុំមែនទេឬ ខណៈពេលពួកគេគ្របក្បាលរបស់ពួកគេនឹងសម្លៀកបំពាក់របស់ពួកគេនោះ អល់ឡោះដឹងនូវអ្វីដែលពួកគេលាក់បាំងនិងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។
Hud 11:6
ហើយរាល់ម៉ាខ្លូកដែលរស់នៅលើភពផែនដីនេះ ទោះបីជានៅទីកន្លែងណាក៏ដោយ គឺសុទ្ធតែត្រូវបានអល់ឡោះជាម្ចាស់ទ្រង់ផ្តល់លាភសក្ការៈដល់ពួកវាដោយក្តីសប្បុរសរបស់ទ្រង់ទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវកន្លែងស្នាក់នៅរបស់វានៅលើផែនដី ហើយទ្រង់ក៏ដឹងផងដែរនូវកន្លែងដែលវាត្រូវស្លាប់។ ហើយរាល់សត្វលោកទាំងអស់ លាភសក្ការៈរបស់វា និងកន្លែងស្នាក់នៅរបស់វា ហើយនិងកន្លែងស្លាប់របស់វា គឺមាន(កត់ត្រា)នៅក្នុងគម្ពីរយ៉ាងច្បាស់លាស់ គឺ(សៀវភៅកំណត់ត្រា)ឡាវហ៊ុលម៉ះហ៊្វូស។
Hud 11:7
ហើយទ្រង់គឺជាអ្នកដែលបានបង្កើមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេងបំផុត ហើយទ្រង់បានបង្កើតអ្វីៗដែលមាននៅក្នុងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអារ៉ស្ហរបស់ទ្រង់មុនពេលដែលទ្រង់បង្កើតវាទាំងពីរនោះ គឺស្ថិតនៅលើទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលមានអំពើល្អប្រសើរជាងគេដែលជាទង្វើដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត ហើយតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលសាងនូវអំពើអាក្រក់ជាងគេដែលជាទង្វើដែលអល់ឡោះទ្រង់ខឹងសម្បារនោះ។ ហើយទ្រង់នឹងតបស្នងដល់ពួកគេទាំងពីរក្រុមនេះនូវអ្វីដែលសាកសមសម្រាប់ពួកគេ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ពិតណាស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកដើម្បីជំនុំជម្រះនោះ ប្រាកដជាពួកដែលប្រឆាំងនឹងអល់ឡោះ ហើយបដិសេធនឹងការរស់ឡើងវិញនោះនឹងនិយាយថាៈ គម្ពីរគួរអានដែលអ្នកកំពុងសូត្រវានេះ គឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។ ពិតណាស់ វា(គម្ពីរគួរអាន) គឺជាប្រការដែលមិនត្រឹមត្រូវយ៉ាងច្បាស់លាស់។
Hud 11:8
ហើយប្រសិនបើយើងពន្យារពេលដល់ពួកមុស្ហរីគីនចំពោះទណ្ឌកម្មដែលសាកសមសម្រាប់ពួកគេ(ទទួលបាន)នៅក្នុងលោកិយនេះរហូតដល់រយៈពេលកំណត់មួយនោះ ពួកគេប្រាកដជានឹងនិយាយស្នើសុំឲ្យវាឆាប់កើតឡើងភ្លាមៗក្នុងន័យចំអកថាៈ តើអ្វីមួយដែលអាចរារាំងពួកយើងពីទណ្ឌកម្មបាននោះ? តើមិនមែនទេឬ ពិតណាស់ ទណ្ឌកម្មដែលពួកគេសមនឹងទទួលនោះ ត្រូវបានអល់ឡោះពន្យារពេល(ដល់ពួកគេ) ហើយនៅថ្ងៃដែលវា(ទណ្ឌកម្ម)មកដល់ពួកគេនោះ គឺគ្មាននរណាម្នាក់អាចបង្វែរវាចេញពីពួកគេបានឡើយ។ ផ្ទុយទៅវិញ គឺវានឹងធ្លាក់ទៅលើពួកគេ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសុំឲ្យវាឆាប់កើតឡើងក្នុងន័យចំអកនិងមើលស្រាលចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។
Hud 11:9
ហើយប្រសិនបើយើងបានប្រទានឲ្យមនុស្សលោកនូវឧបការគុណណាមួយអំពីយើងដូចជា សុខភាពល្អ និងភាពមានបាន បន្ទាប់មក យើងដកហូតឧបការគុណទាំងនោះពីពួកគេវិញនោះ ពិតណាស់ ភាគច្រើននៃពួកគេនឹងមានការអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ ហើយរមិលគុណយ៉ាងខ្លាំងក្លាចំពោះឧបការគុណរបស់ទ្រង់។ ពួកគេបានភ្លេចឧបការគុណនោះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានដកយកវាវិញអំពីពួកគេ។
Hud 11:10
តែប្រសិនបើយើងបានឲ្យពួកគេភ្លក្សនូវរសជាតិនៃលាភសក្ការៈដ៏ទូលំទូលាយ និងមានសុខភាពល្អក្រោយពីភាពក្រីក្រនិងមានជំងឺនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ ហើយគ្រោះថ្នាក់ក៏បានបាត់បង់ដែរ តែពួកគេមិនបានថ្លែងអំណរគុណចំពោះអល់ឡោះចំពោះរឿងនេះនោះទេ។ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលមានភាពសប្បាយរីករាយដោយមោទនភាពបំផុត និងជាអ្នកដែលក្រអឺតក្រទមទៅលើមនុស្សលោក ហើយអួតអាងចំពោះអ្វីដែលអល់ឡោះប្រទានចំពោះពួកគេ។
Hud 11:11
លើកលែងតែបណ្តាអ្នកដែលបានអត់ធ្មត់ចំពោះប្រការដែលពួកគេមិនពេញចិត្ត អត់ធ្មត់ក្នុងការគោរពប្រតិបត្តិ និងអត់ធ្មត់(មិនប្រព្រឹត្ត)ចំពោះអំពើល្មើសនានា ហើយសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតណាស់ ពួកគេគឺស្ថិតនៅក្នុងស្ថានភាពមួយផ្សេងទៀត ដោយពួកគេមិនអស់សង្ឃឹម និងមិនរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ ហើយនិងមិនក្រអឺតក្រទមលើមនុស្សលោកឡើយ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ ពួកគេនឹងទទួលបានការអភ័យទោសពីម្ចាស់របស់ពួកគេចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ហើយពួកគេនឹងទទួលបាននូវការតបស្នងយ៉ាងធំធេងបំផុតនៅថ្ងៃបរលោក។
Hud 11:12
ដូច្នេះ ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបោះបង់ចោលនូវការផ្សព្វផ្សាយបទបញ្ជាមួយចំនួនដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើអ្នកឲ្យផ្សព្វផ្សាយវា(ព្រោះតែអ្នកប្រឈមមុខនឹងការប្រឆាំងពីពួកគេ ភាពចចេសរឹងរូស និងការជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយ)ចំពោះអ្វីដែលពួកគេលំបាកក្នុងការអនុវត្តវា ហើយទ្រូងរបស់អ្នកមានភាពចង្អៀតចង្អល់ក្នុងការផ្សព្វផ្សាយវា ដោយខ្លាចក្រែងពួកគេនឹងនិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឲ្យគាត់(ព្យាការីមូហាំម៉ាត់)ដើម្បីឲ្យគាត់ក្លាយជាអ្នកមាន ឬនាំមកជាមួយគាត់នូវម៉ាឡាអ៊ីកាត់ម្នាក់ដើម្បីបញ្ជាក់ពីសច្ចភាពរបស់គាត់ទៅ? ដូច្នេះ ចូរអ្នកកុំបោះបង់នូវវ៉ាហ៊ីមួយចំនួនដែលគេ(អល់ឡោះ)ផ្តល់ទៅកាន់អ្នកដោយសារតែមូលហេតុដូចនេះឲ្យសោះ។ តាមពិតរូបអ្នក គ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន(ដល់ពួកគេ)ដោយផ្សព្វផ្សាយនូវអ្វីដែលអល់ឡោះបានបញ្ជាអ្នកឲ្យផ្សព្វផ្សាយវាប៉ុណ្ណោះ ហើយមិនមែនជាតួនាទីរបស់អ្នកនោះទេក្នុងការនាំមកនូវសញ្ញាភស្តុតាងណាមួយតាមអ្វីដែលពួកគេស្នើសុំនោះ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកថែរក្សាការពារលើរាល់អ្វីៗទាំងអស់។
Hud 11:13
ឬមួយពួកមុស្ហរីគីននឹងនិយាយថាៈ មូហាំម៉ាត់បានប្រឌិតនូវគម្ពីរគួរអាននេះឡើង ហើយវាមិនមែនជាវ៉ាហ៊ីមកពីអល់ឡោះជាម្ចាស់នោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកដែលចោទប្រកាន់អ្នកដូច្នោះថាៈ ចូរពួកអ្នកនាំយកដប់ជំពូកដែលពួកអ្នកអាចបង្កើតឡើងឲ្យដូចនឹងគម្ពីរគួរអានដែលពួកអ្នកចោទប្រកាន់ថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅពួកគេបានដើម្បីសុំឲ្យពួកគេជួយពួកអ្នកលើកិច្ចការនេះចុះ ប្រសិនបើពួកអ្នក ជាពួកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរគួរអានត្រូវបានគេប្រឌិតឡើងមែននោះ។
Hud 11:14
តែប្រសិនបើពួកគេមិនអាចមានសមត្ថភាពក្នុងការនាំមកតាមអ្វីដែលពួកអ្នកបានស្នើសុំពួកគេទេនោះ ដូច្នេះចូរពួកអ្នក(ឱអ្នកដែលមានជំនឿ)ដឹង និងជឿជាក់ចុះថាៈ ពិតប្រាកណាស់ គម្ពីរគួរអាននោះ ត្រូវបានអល់ឡោះបញ្ចុះមកដោយចំណេះដឹងរបស់ទ្រង់ទៅកាន់អ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយវាមិនត្រូវបានគេប្រឌិតឡើងនោះទេ។ ហើយចូរពួកអ្នកជ្រាបចុះថាៈ ពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ តើពួកអ្នកនឹងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយខ្លួនជាអ្នកមូស្លីម)បន្ទាប់ពីបានឃើញភស្តុតាងដ៏ច្បាស់លាស់ទាំងនេះដែរឬទេ?
Hud 11:15
ជនណាដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពសប្បាយរីករាយរបស់វាដែលមិនស្ថិតស្ថេរនេះតាមរយៈទង្វើរបស់គេដោយគេមិនចង់បាន(ការតបស្នង)សម្រាប់ថ្ងៃបរលោកទេនោះ យើងនឹងប្រទានឲ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេនៅក្នុងលោកិយនេះដូចជា (ឲ្យពួកគេ)សុខភាពល្អ មានសុខសុវត្ថិភាព ទទួលបានលាភសក្ការៈដ៏ទូលាយជាដើម ដោយពួកគេមិនត្រូវបានគេកាត់បន្ថយនូវផលបុណ្យនៃទង្វើរបស់ពួកគេបន្តិចណាឡើយ។
Hud 11:16
ពួកដែលមានគោលបំណងគួរឲ្យស្អប់ខ្ពើមដូចបានរៀបរាប់នេះ នៅថ្ងៃបរលោកនោះ ពួកគេនឹងមិនទទួលបានការតបស្នងអ្វីក្រៅពីការចូលឋាននរកនោះឡើយ ហើយផលនៃទង្វើទាំងឡាយរបស់គេបានបាត់បង់អំពីពួកគេ ហើយទង្វើ(កុសល)របស់ពួកគេក៏ត្រូវបានចាត់ទុកជាអសារបង់ ដោយសារតែពួកគេមិនមានជំនឿ និងមិនមានគោលបំណងត្រឹមត្រូវ ពីព្រោះពួកគេមិនបានសាងទង្វើទាំងនោះដើម្បីចង់បានការពេញចិត្តពីអល់ឡោះ និងឋានបរលោកនោះឡើយ។
Hud 11:17
មិនស្មើគ្នាទេ ព្យាការីមូហាំម៉ាត់ ជាអ្នកដែលមាននៅជាមួយគេនូវភស្តុតាងពីម្ចាស់របស់គេ ហើយមានសាក្សីមកពីម្ចាស់របស់គេទៀត នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល ព្រមទាំងមានសាក្សីពីមុនមកផងដែរដែលបញ្ជាក់ពីភាពជាព្យាការីរបស់គេ នោះគឺគម្ពីរតាវរ៉តដែលបានបញ្ចុះទៅលើព្យាការីមូសា ដែលជាគំរូមួយសម្រាប់មនុស្សលោក និងជាក្តីអាណិតស្រឡាញ់ចំពោះពួកគេនោះ។ គេ(ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿជាមួយគេនោះ មិនស្មើគ្នានោះទេជាមួយនឹងពួកប្រឆាំងដែលងប់ងុលក្នុងភាពវង្វេងនោះ។ អ្នកទាំងនោះ ពួកគេមានជំនឿនឹងគម្ពីរគួរអាន និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ដែលគេបានបញ្ចុះគម្ពីរគួរអានទៅកាន់គាត់។ ហើយជនណាដែលប្រឆាំងនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមអ្នកដែលកាន់តាមសាសនាដទៃនោះ ពិតណាស់នាថ្ងៃបរលោក ឋាននរកគឺជាកន្លែងសន្យាសម្រាប់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះគម្ពីរគួរអាន និងការសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេឲ្យសោះ ពីព្រោះ វាគឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សភាគច្រើនគ្មានជំនឿនោះទេ ទោះបីជាមានភស្តុតាងនិងអំណះអំណាងយ៉ាងច្បាស់លាស់ជាច្រើនយ៉ាងណាក៏ដោយ។
Hud 11:18
ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះដោយចោទថា ទ្រង់មានដៃគូ ឬមានបុត្រនោះឡើយ។ ពួកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះទាំងនោះ នឹងត្រូវគេយកទៅបង្ហាញនៅចំពោះមុខម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ដើម្បីសួរនាំពីទង្វើរបស់ពួកគេ។ ហើយមានសាក្សីជាច្រើននៃបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាអ្នកនាំសារ(ដែលបានធ្វើជាសាក្សីប្រឆាំងនឹងរូបគេ)បាននិយាយថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូតកុហកទៅលើអល់ឡោះដោយពួកគេបានចោទប្រកាន់ថា ទ្រង់មានដៃគូ និងមានបុត្រ។ តើមិនមែនទេឬ អល់ឡោះជាម្ចាស់នឹងបណ្តេញពួកដែលបំពានចេញពីក្តីមេត្តាករុណារបស់ទ្រង់ ដោយសារតែការភូតកុហករបស់ពួកគេទៅលើអល់ឡោះជាម្ចាស់នោះ?
Hud 11:19
ពួកដែលហាមឃាត់អ្នកដទៃពីមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវ ហើយពួកគេទាមទារចង់ឲ្យមាគ៌ារបស់ទ្រង់មានភាពវៀចវេរចេញពីភាពត្រឹមត្រូវដើម្បីកុំឲ្យនរណាម្នាក់អាចដើរតាមវាបាននោះ ពួកគេគឺជាពួកដែលប្រឆាំង និងបដិសេធ(គ្មានជំនឿ)នឹងការរស់ឡើងវិញក្រោយពេលស្លាប់។
Hud 11:20
ពួកដែលមានលក្ខណៈសម្បត្តិដូចដែលបានរៀបរាប់ខាងលើនេះ ពួកគេគ្មានលទ្ធភាពក្នុងការរត់គេចពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅពេលណាដែលទ្រង់ទម្លាក់ទៅលើពួកគេ ហើយពួកគេក៏គ្មានអ្នកគាំពារ និងគ្មានអ្នកជួយដែលអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះក្រៅពីទ្រង់នោះដែរ។ គេនឹងបន្ថែមទណ្ឌកម្មទៅលើពួកគេនាថ្ងៃបរលោកថែមទៀតដោយសារតែពួកគេបានបង្វែរខ្លួនពួកគេផ្ទាល់ និងបានបង្វែរអ្នកដទៃទៀតពីមាគ៌ារបស់អល់ឡោះ។ នៅលើលោកិយនេះ ពួកគេគ្មានលទ្ធភាពស្តាប់លឺអ្វីដែលជាការពិតនិងការចង្អុលបង្ហាញ ដោយការស្តាប់លឺហើយទទួលយកវានោះទេ ហើយពួកគេក៏មិនធ្លាប់មើលឃើញនូវបណ្តាភស្តុតាងរបស់អល់ឡោះនៅក្នុងចក្រវាឡនេះនូវការមើលឃើញដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ ដោយសារតែពួកគេងាកចេញយ៉ាងខ្លាំងអំពីការពិត។
Hud 11:21
ពួកដែលមានលក្ខណៈដូចដែលបានរៀបរាប់នេះ គឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយតាមរយៈការយកព្រះនានាមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហើយព្រះនានា និងអ្នកដែលពួកគេធ្លាប់សុំអន្តរាគមន៍ដែលពួកគេបានប្រឌិតឡើងនោះ ក៏បានបាត់បង់ពីពួកគេដែរ។
Hud 11:22
វាជាការពិត ពួកគេគឺជាពួកដែលខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយសារតែពួកគេប្តូរយកភាពគ្មានជំនឿនឹងភាពមានជំនឿ និងប្តូរយកលោកិយនឹងថ្ងៃបរលោក ហើយប្តូរយកទណ្ឌកម្មនឹងក្តីមេត្តាករុណា។
Hud 11:23
ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបានសាងនូវទង្វើកុសល ហើយពួកគេបន្ទាបខ្លួននិងឱនលំទោនចំពោះអល់ឡោះជាម្ចាស់នោះ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Hud 11:24
ការប្រៀបធៀបរវាងក្រុមទាំងពីរ គឺក្រុមអ្នកគ្មានជំនឿនិងក្រុមអ្នកមានជំនឿ គឺប្រៀបដូចជាមនុស្សពិការភ្នែកដែលមិនអាចមើលអ្វីឃើញ ហើយនិងមនុស្សថ្លង់ដែលស្តាប់អ្វីមិនលឺនោះដែរ។ នេះគឺប្រៀបដូចទៅនឹងក្រុមអ្នកដែលគ្មានជំនឿ ដែលពួកគេមិនអាចស្តាប់លឺការពិតនូវការស្តាប់លឺហើយទទួលយកនោះទេ ហើយពួកគេក៏មិនអាចមើលឃើញ(ការពិត)នូវការមើលឃើញដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ។ ហើយអ្នកដែលស្តាប់លឺ និងអ្នកដែលអាចមើលឃើញនោះ គឺប្រៀបដូចទៅនឹងក្រុមអ្នកមានជំនឿ ដែលពួកគេអាចស្តាប់លឺនិងអាចមើលឃើញបាន។ តើស្ថានភាព និងលក្ខណៈរបស់ក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? គឺក្រុមទាំងពីរនេះពិតជាមិនអាចស្មើគ្នានោះទេ។ ដូចនេះ តើពួកអ្នកមិនយកភាពមិនស្មើគ្នានៃក្រុមទាំងពីរនេះធ្វើជាមេរៀនទេឬ?
Hud 11:25
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហ ជាអ្នកនាំសារម្នាក់ទៅកាន់ក្រុមរបស់គេ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នកអំពីទណ្ឌកម្មរបស់អល់ឡោះ ជាអ្នកបញ្ជាក់ដល់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំទៅកាន់ពួកអ្នក។
Hud 11:26
ហើយខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកកុំគោរពសក្ការៈ(ចំពោះអ្វីមួយ) លើកលែងតែទៅចំពោះទ្រង់ប៉ុណ្ណោះ។ ពិតណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មដ៏ឈឺចាប់នៅថ្ងៃណាមួយ។
Hud 11:27
ពួកដែលមានឋានៈសក្តិនិងពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គេបាននិយាយថាៈ ពួកយើងមិនទទួលយកការអំពាវនាវរបស់អ្នកដាច់ខាត ព្រោះអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងនោះទេ។ ពិតណាស់ អ្នកក៏ជាមនុស្សធម្មតាដូចពួកយើងដែរ និងដោយសារតែពួកយើងមិនបានមើលឃើញអ្នកដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿដោយគ្មានការពិចារណានោះដែរ។ ហើយនិងក៏ដោយសារតែពួកអ្នកមិនមានភាពខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិ និងឋានៈសក្តិប្រសើរជាងពួកយើង ដើម្បីឲ្យពួកយើងដើរតាមពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហកបោកប្រាស់ចំពោះអ្វីដែលពួកអ្នកអំពាវនាវ។
Hud 11:28
ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្តុតាងពីម្ចាស់របស់ខ្ញុំដែលជាសាក្សីបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយគេបង្គាប់ប្រើលើពួកអ្នកឲ្យមានជំនឿជាក់ចំពោះខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ នោះគឺភាពជាព្យាការី និងសារ(អំពីទ្រង់) តែគេបានបិទបាំងវាទៅលើពួកអ្នកដោយសារតែភាពអវិជ្ជារបស់ពួកអ្នកចំពោះវានោះ តើខ្ញុំបង្ខំពួកអ្នកឲ្យមានជំនឿចំពោះវា និងបញ្ចូលវា(ជំនឿ)ទៅក្នុងដួងចិត្តរបស់ពួកអ្នកទាំងដែលពួកអ្នកមិនពេញចិត្តនោះឬ? ខ្ញុំគ្មានលទ្ធភាពនឹងធ្វើដូច្នេះនោះឡើយ។ ជាការពិតណាស់ អ្នកដែលអាចចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។
Hud 11:29
ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកលើការផ្សព្វផ្សាយសារនេះឡើយ។ ពិតណាស់ ផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនបណ្តេញអ្នកក្រីក្រទាំងឡាយដែលជាអ្នកមានជំនឿឲ្យចេញពីកន្លែងជួបជុំរបស់ខ្ញុំតាមការស្នើសុំរបស់ពួកអ្នកដែលស្នើឲ្យបណ្តេញពួកគេចេញនោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបម្ចាស់របស់ពួកគេនាថ្ងៃបរលោក ហើយទ្រង់ជាអ្នកដែលតបស្នងចំពោះការមានជំនឿរបស់ពួកគេ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នកគឺជាក្រុមដែលមិនយល់អំពីធាតុពិតនៃការអំពាវនាវនេះឡើយ ខណៈដែលពួកអ្នកទាមទារឲ្យបណ្តេញបណ្តាអ្នកមានជំនឿដែលទន់ខ្សោយចេញនោះ។
Hud 11:30
ឱក្រុមរបស់ខ្ញុំ! តើអ្នកណាដែលនឹងការពារខ្ញុំពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើខ្ញុំបណ្ដេញបណ្តាអ្នកមានជំនឿទាំងនោះដោយបំពាន ដោយពួកគេគ្មានបាបកម្មសោះនោះ? តើពួកអ្នកមិនពិចារណា និងដើរទៅរកអ្វីដែលនាំមកនូវផលល្អ និងផលប្រយោជន៍ដល់ពួកអ្នកទេឬ?
Hud 11:31
ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងទ្រព្យជាច្រើនរបស់អល់ឡោះដែលក្នុងនោះ គឺមានលាភសក្ការៈរបស់ទ្រង់ ដោយខ្ញុំនឹងបរិច្ចាគវាដល់ពួកអ្នកប្រសិនបើពួកអ្នកមានជំនឿនោះទេ ហើយខ្ញុំក៏មិននិយាយដែរថាៈ ពិតប្រាកដណាស់ ខ្ញុំដឹងពីប្រការអាថ៌កំបាំងនោះ ហើយខ្ញុំក៏មិននិយាយថាៈ ជាការពិតណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះដែរ។ ផ្ទុយទៅវិញ រូបខ្ញុំក៏ជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ ខ្ញុំក៏មិននិយាយទៅកាន់អ្នកក្រីក្រដែលជាអ្នកដែលត្រូវបានពួកអ្នកមើលងាយពួកគេ និងបន្ទាបតម្លៃរបស់ពួកគេថា “អល់ឡោះមិនផ្តល់នូវការចង្អុលបង្ហាញដល់ពួកគេ” នោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវការនៀត(បំណង)របស់ពួកគេ និងស្ថានភាពរបស់ពួកគេ។ ពិតប្រាកដណាស់ ប្រសិនបើខ្ញុំនិយាយដូច្នេះមែននោះ គឺរូបខ្ញុំពិតជាស្ថិតក្នុងចំណោមពួកបំពានដែលសាកសមនឹងទទួលទណ្ឌកម្មរបស់អល់ឡោះជាមិនខាន។
Hud 11:32
ពួកគេបាននិយាយដោយភាពរឹងរូស និងក្រអឺទក្រទមថាៈ ឱនួហ! ពិតប្រាកដណាស់ អ្នកបានឈ្លោះប្រកែកនិងបង្កជម្លោះជាមួយពួកយើងច្រើនដងមកហើយ។ ហេតុនេះ ចូរអ្នកនាំមកនូវទណ្ឌកម្មដែលអ្នកបានសន្យានឹងពួកយើងនោះមកកាន់ពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។
Hud 11:33
ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ខ្ញុំមិនអាចនាំទណ្ឌកម្មមកកាន់ពួកអ្នកបាននោះទេ។ តាមពិត គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំទណ្ឌកម្មមកកាន់ពួកអ្នកប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកគ្មានលទ្ធភាពអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយនៅពេលណាដែលទ្រង់មានបំណងដាក់ទណ្ឌកម្មមកលើពួកអ្នកនោះ។
Hud 11:34
ហើយដំបូន្មាន និងការរំលឹករបស់ខ្ញុំមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយប្រសិនបើអល់ឡោះមានចេតនាធ្វើឲ្យពួកអ្នកវង្វេងពីមាគ៌ាដែលត្រឹមត្រូវ និងបង្វែរពួកអ្នកចេញពីការចង្អុលបង្ហាញរបស់ទ្រង់ដោយសារតែភាពរឹងរូសរបស់ពួកអ្នកហើយនោះ។ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក។ ដូចនេះ ទ្រង់គឺជាអ្នកដែលគ្រប់គ្រងលើកិច្ចការរបស់ពួកអ្នក។ ដូច្នេះ ទ្រង់ពិតជាអាចធ្វើឲ្យពួកអ្នកវង្វេងបានប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
Hud 11:35
ហើយដោយសារតែការប្រឆាំងនៃក្រុមរបស់ព្យាការីនួហ ពួកគេបានចោទប្រកាន់(ទៅលើគាត់)ថាៈ ពិតណាស់ គាត់(ព្យាការីនួហ)បានប្រឌិតភូតកុហកទៅលើអល់ឡោះចំពោះសាសនាដែលគាត់បាននាំមកកាន់ពួកគេនេះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ប្រសិនបើខ្ញុំប្រឌិតវាមែននោះ រូបខ្ញុំតែម្នាក់គត់ដែលជាអ្នកទទួលទណ្ឌកម្មចំពោះបាបកម្មរបស់ខ្ញុំនោះ។ ហើយខ្ញុំមិនទទួលរ៉ាប់រងចំពោះបាបកម្មនៃការបដិសេធរបស់ពួកអ្នកបន្តិចណាឡើយ។ ពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងវានោះទេ។
Hud 11:36
ហើយអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់នៃក្រុមរបស់អ្នក(ឱព្យាការីនួហ)មានជំនឿទៀតនោះទេ ក្រៅតែពីអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។។ ហេតុនេះ ចូរអ្នក(ឱព្យាការីនួហ)កុំកើតទុក្ខដោយសារតែការបដិសេធ និងការសើចចំអកដែលពួកគេបានប្រព្រឹត្តវាក្នុងអំឡុងពេលវេលាដ៏យូរនេះឲ្យសោះ។
Hud 11:37
ហើយចូរអ្នកសង់សំពៅមួយក្រោមការត្រួតពិនិត្យ និងការថែរក្សាពីយើង និងតាមរយៈវ៉ាហ៊ីរបស់យើងក្នុងការបង្រៀនអ្នក ថាតើអ្នកត្រូវធ្វើសំពៅនោះដោយរបៀបណា។ ហើយចូរអ្នកកុំសុំពីយើងឲ្យពន្យារពេលដល់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងឲ្យសោះ។ ពិតណាស់ ពួកគេគឺជាពួកដែលត្រូវបានគេពន្លិចដោយទឹកជំនន់(ដោយចៀសមិនផុតឡើយ) ដែលជាទណ្ឌកម្មសម្រាប់ពួកគេទៅលើការដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនោះ។
Hud 11:38
ពេលនោះ ព្យាការីនូហក៏បានអនុវត្តតាមបទបញ្ជាម្ចាស់របស់គាត់ ហើយគាត់ក៏បានចាប់ផ្តើមសង់សំពៅ។ រាល់ពេលដែលពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិនៃក្រុមរបស់គាត់បានដើរឆ្លងកាត់គាត់នោះ ពួកគេតែងតែសើចចំអកឲ្យគាត់ ដោយសារតែគាត់សង់សំពៅ តែកន្លែងដែលគាត់សង់សំពៅនោះ គឺគ្មានទឹក ហើយក៏គ្មានទន្លេនោះដែរ។ នៅពេលដែលពួកគេសើចចំអកឲ្យគាត់ដដែលៗច្រើនដងពេក គាត់ក៏បានតបវិញថាៈ ប្រសិនបើពួកអ្នក(ឱពួកមេដឹកនាំ)សើចចំអកឲ្យយើងនាថ្ងៃនេះនៅពេលដែលយើងកំពុងសង់សំពៅនោះ ពិតណាស់ យើងនឹងសើចចំអកឲ្យពួកអ្នកវិញ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកកំពុងតែសំដៅទៅរកការលិចលង់នោះ។
Hud 11:39
ហើយពួកអ្នកប្រាកដជានឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេ ដែលនឹងធ្វើឲ្យគេអាម៉ាស់ និងថោកទាបនៅក្នុងលោកិយនេះ ហើយនឹងត្រូវទទួលទណ្ឌកម្មជាអមតៈដោយគ្មានស្រាកស្រាន្តនាថ្ងៃបរលោកនោះ។
Hud 11:40
ហើយព្យាការីនួហក៏បានបញ្ចប់ការសង់សំពៅដែលម្ចាស់របស់គាត់បង្គាប់ប្រើឲ្យសង់នោះ។ លុះនៅពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)ដោយការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើន ជាសញ្ញាបញ្ជាក់ពីការចាប់ផ្តើមកើតមាននូវទឹកជំនន់នោះ យើងក៏បានមានបន្ទូលទៅកាន់ព្យាការីនួហថាៈ ចូរអ្នកប្រមូលសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី មួយគូៗ គឺមានឈ្មោលមានញឺដាក់លើសំពៅនេះមក ហើយចូរអ្នកដឹកក្រុមគ្រួសាររបស់អ្នកផងដែរ(នៅក្នុងសំពៅនេះ) លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយថា រូបគេជាអ្នកដែលត្រូវបានគេពន្លិច(ក្នុងទឹក)ដោយសារតែគេជាអ្នកគ្មានជំនឿប៉ុណ្ណោះ ហើយចូរអ្នកដឹកអ្នកដែលអ្នកមានជំនឿជាមួយអ្នកនៃក្រុមរបស់អ្នកផងដែរ។ ហើយក្នុងចំណោមក្រុមរបស់គាត់ គ្មានអ្នកដែលមានជំនឿជាមួយគាត់នោះឡើយ លើកលែងតែក្នុងចំនួនដ៏តិចដែលគាត់បានចំណាយពេលវេលាយ៉ាងយូរស្នាក់នៅជាមួយពួកគេ អំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
Hud 11:41
ហើយព្យាការីនួហបាននិយាយទៅកាន់អ្នកដែលមានជំនឿក្នុងចំណោមក្រុមគ្រួសាររបស់គាត់ និងក្រុមរបស់គាត់ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅនេះមក ក្នុងនាមអល់ឡោះដែលធ្វើឲ្យសំពៅនេះធ្វើដំណើរ ហើយក្នុងនាមរបស់ទ្រង់ដែលធ្វើឲ្យវាឈប់។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាកុណារបស់ទ្រង់ចំពោះអ្នកមានជំនឿនោះ គឺទ្រង់បានសង្គ្រោះពួកគេពីការបំផ្លាញ។
Hud 11:42
ហើយសំពៅបានដឹកមនុស្ស និងអ្វីៗដែលនៅលើសំពៅនោះធ្វើដំណើរឆ្លងកាត់ទឹករលកដ៏ធំៗប្រៀបដូចជាភ្នំ។ ហើយដោយសារតែមនោសញ្ចេតនាក្នុងនាមជាឪពុក ព្យាការីនួហបានស្រែកហៅកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ ហើយគេធ្លាប់ឃ្លាតពីឪពុករបស់គេនិងក្រុមរបស់គេនៅកន្លែងមួយថាៈ ឱកូនសម្លាញ់! សូមកូនឡើងជិះលើសំពៅជាមួយពួកយើងមក នោះកូននោះនឹងបានរួចផុតពីការលិចលង់ហើយ ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឲ្យសោះ ដែលជាហេតុនាំឲ្យកូនទទួលរងនូវគ្រោះមហន្តរាយដោយការលិចលង់ដូចពួកគេទទួលរងជាមិនខានឡើយ។
Hud 11:43
កូនរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដ៏ខ្ពស់ដែលវានឹងអាចជួយការពារខ្ញុំមិនឲ្យទឹកទៅដល់ខ្ញុំ(លិចខ្ញុំ)ឡើយ។ ព្យាការីនួហក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់វិញថាៈ នៅថ្ងៃនេះ គ្មាននរណាម្នាក់ដែលអាចរារាំងពីទណ្ឌកម្មរបស់អល់ឡោះដោយការពន្លិចនៅក្នុងទឹកជំនន់បាននោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់មហាអាណិតស្រឡាញ់ចំពោះគេដោយក្តីមេត្តាកុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ នោះទ្រង់នឹងការពាររូបគេពីការលិចលង់នេះបាន។ ហើយទឹករលកបានបំបែកព្យាការីនួហនិងកូនប្រុសរបស់គាត់ដែលគ្មានជំនឿចេញពីគ្នា។ ពេលនោះ កូនរបស់គាត់ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្លិចដោយទឹកជំនន់ផងដែរ ដោយសារតែភាពគ្មានជំនឿរបស់គេ។
Hud 11:44
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទួលទៅកាន់ដីក្រោយពីទឹកជំនន់បានបញ្ចប់ទៅវិញថាៈ ឱដី! ចូរឯងលេបទឹកជំនន់ដែលស្ថិតនៅលើឯងទៅវិញចុះ។ ហើយទ្រង់ក៏បានមានបន្ទូលទៅកាន់មេឃផងដែរថាៈ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញ រហូតដល់ដីបានស្ងួតអស់។ ហើយអល់ឡោះបានបំផ្លាញពួកដែលគ្មានជំនឿ ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថាៈ មហន្តរាយចុះចំពោះក្រុមដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រឆាំង និងភាពគ្មានជំនឿនោះ។
Hud 11:45
ហើយព្យាការីនួហក៏បានស្រែកហៅម្ចាស់របស់គាត់ ដោយបួងសួងសុំពីទ្រង់ដោយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ កូនរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែលទ្រង់បានសន្យានឹងខ្ញុំថានឹងរំដោះពួកគេ(ពីការលិចលង់)ផងដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ទ្រង់ គឺជាការពិត ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់នោះឡើយ។ ហើយទ្រង់គឺជាម្ចាស់ដែលកាត់សេចក្តីដោយយុត្តិធម៌បំផុត និងដឹងបំផុតអំពីពួកគេ។
Hud 11:46
អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ពិតប្រាកដណាស់ កូនប្រុសរបស់អ្នកដែលអ្នកបានសុំយើងឲ្យជួយសង្គ្រោះគេនោះ មិនមែនជាក្រុមគ្រួសាររបស់អ្នកដែលយើងបានសន្យានឹងអ្នកថា នឹងសង្គ្រោះពួកគេនោះទេ ពីព្រោះរូបគេគឺអ្នកដែលគ្មានជំនឿ។ ជាការពិតណាស់ ការស្នើសុំរបស់អ្នកនេះ ឱព្យាការីនួហ(ដែលសុំឲ្យអល់ឡោះសង្គ្រោះកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ) គឹជាទង្វើដែលមិនសាកសមចេញពីអ្នកនោះទេ ហើយវាក៏មិនគប្បីចេញពីអ្នកដែលស្ថិតក្នុងតំណែង(ជាអ្នកនាំសារ)ដូចអ្នកនេះដែរ។ ដូចនេះ ចូរអ្នកកុំស្នើសុំពីយើងនូវអ្វីដែលអ្នកមិនបានដឹងពីវាឲ្យសោះ។ ពិតប្រាកដណាស់ យើងឲ្យអ្នកប្រុងប្រយ័ត្នខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ ដោយអ្នកសុំពីយើងនូវអ្វីដែលផ្ទុយពីចំណេះដឹង និងគតិបណ្ឌិតរបស់យើង។
Hud 11:47
ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំជ្រកកោនពីទ្រង់ និងសុំការការពារពីទ្រង់ពីការដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងអំពីវា។ ប្រសិនបើទ្រង់មិនអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំ និងមិនមានក្តីមេត្តាករុណាចំពោះខ្ញុំទេនោះ ខ្ញុំនឹងស្ថិតក្នុងចំណោមពួកខាតបង់ដែលជាអ្នកខាតបង់លាភសំណាងរបស់ពួកគេនាថ្ងៃបរលោកជាក់ជាមិនខាន។
Hud 11:48
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ចូរអ្នកចុះពីសំពៅទៅលើដីដោយភាពសុខសាន្ត និងសុខសុវត្ថិភាព ព្រមទាំងប្រកបដោយពរជ័យរបស់អល់ឡោះយ៉ាងច្រើនទៅលើអ្នក និងទៅលើពូជពង្សរបស់បណ្តាអ្នកដែលបានស្ថិតនៅជាមួយនឹងអ្នកនៅលើសំពៅក្នុងចំណោមអ្នកមានជំនឿ(ជាអ្នកជំនាន់ក្រោយៗ)ដែលនឹងមកដល់បន្ទាប់ពីអ្នកចុះ។ ហើយចំពោះប្រជាជាតិដទៃទៀតក្នុងចំណោមកូនចៅរបស់ពួកគេ គឺជាពួកដែលគ្មានជំនឿនោះ យើងនឹងផ្តល់ឲ្យពួកគេនូវការសោយសុខនៅក្នុងជីវិតលោកិយនេះ និងផ្តល់ឲ្យពួកគេនូវអ្វីដែលគេត្រូវការសម្រាប់ការរស់នៅ។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតពីយើងនាថ្ងៃបរលោក។
Hud 11:49
រឿងរ៉ាវរបស់ព្យាការីនួហនេះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងមួយដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក។ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានដឹងអំពីវានោះទេ ហើយក្រុមរបស់អ្នកក៏មិនធ្លាប់បានដឹងវាពីមុនមកនោះដែរ មុនពេលដែលយើងបានផ្តល់វ៉ាហ៊ីនេះទៅកាន់អ្នកនោះ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ទៅលើការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធរបស់ពួកគេ ដូចដែលព្យាការីនួហបានអត់ធ្មត់ចុះ។ ជាការពិតណាស់ ជំនួយ និងការទទួលបានជោគជ័យ គឺសម្រាប់បណ្តាអ្នកដែលអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បង្គាប់ប្រើ ហើយចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។
Hud 11:50
ហើយយើងបានបញ្ជូនព្យាការីហ៊ូទទៅកាន់ក្រុមអាទដែលជាបងប្អូនរបស់ពួកគេ។ គាត់(ព្យាការីហ៊ូទ)បានពោលទៅកាន់ពួកគេ(ក្រុមរបស់គាត់)ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយឲ្យសោះ។ សម្រាប់ពួកអ្នក គឺគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ ហើយការដែលពួកអ្នកអះអាងថា ទ្រង់មានដៃគូនោះ គ្មានអ្វីក្រៅពីពួកអ្នកជាពួកដែលភូតកុហកនោះទេ។
Hud 11:51
ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានសុំពីពួកអ្នកនូវការតបស្នងចំពោះការផ្សព្វផ្សាយ(សារ)ពីម្ចាស់របស់ខ្ញុំ និងការ(ដែលខ្ញុំ)អំពាវនាវ(ពួកអ្នក)ទៅកាន់ទ្រង់នោះទេ។ ការតបស្នងរបស់ខ្ញុំ គឺនៅលើអល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតខ្ញុំប៉ុណ្ណោះ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះរឿងនេះ ហើយទទួលយកនូវអ្វីដែលខ្ញុំកំពុងតែអំពាវនាវពួកអ្នកទៅកាន់វាទេឬ?
Hud 11:52
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការភ័យទោសពីអល់ឡោះចុះ។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសពីរាល់បាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះទ្រង់ (ហើយបាបកម្មដែលធំជាងគេនោះគឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ)។ តាមរយៈនេះ ទ្រង់នឹងតបស្នងដល់ពួកអ្នកវិញដោយការបញ្ចុះទឹកភ្លៀងយ៉ាងច្រើន ហើយទ្រង់នឹងបន្ថែម(ដល់ពួកអ្នក)នូវភាពខ្លាំងក្លាទៅលើភាពខ្លាំងក្លារបស់ពួកអ្នកថែមទៀត តាមរយៈការធ្វើឲ្យពួកអ្នកមានកូនចៅនិងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយចូរពួកអ្នកកុំបែរចេញពីអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វាឲ្យសោះ ដែលជាហេតុនាំឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកដែលប្រព្រឹត្តអាក្រក់ ដោយសារតែការងាកចេញរបស់ពួកអ្នកពីការអំពាវនាវរបស់ខ្ញុំនេះ និង(ដោយសារ)ការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ ហើយនិងការបដិសេធរបស់ពួកអ្នកចំពោះអ្វីដែលខ្ញុំបាននាំមក។
Hud 11:53
ក្រុមរបស់គាត់បានពោល(ទៅកាន់គាត់វិញ)ថាៈ ឱហ៊ូទ! អ្នកមិនបាននាំមកនូវភស្តុតាងដ៏ជាក់ច្បាស់ណាមួយមកកាន់ពួកយើងដើម្បីឲ្យពួកយើងមានជំនឿចំពោះអ្នកនោះឡើយ ហើយពួកយើងក៏មិនបោះបង់ការគោរពសក្ការៈចំពោះព្រះនានារបស់ពួកយើងដោយសា្តប់តាមសម្តីរបស់អ្នកដែលគ្មានអំណះអំណាងអ្វីនោះដែរ។ ហើយពួកយើងមិនមានជំនឿលើអ្នកចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(របស់អល់ឡោះ)ឡើយ។
Hud 11:54
ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថាៈ ព្រះមួយចំនួនរបស់ពួកយើងបានធ្វើឲ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះឡើយនៅពេលដែលអ្នកបានហាមឃាត់ពួកយើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្ការៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះជាម្ចាស់នោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។
Hud 11:55
ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា ព្រះរបស់ពួកយើងមួយចំនួនបានធ្វើឲ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះដែរ នៅពេលដែលអ្នកបានហាមឃាត់ពួកយើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្ការៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានាដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។
Hud 11:56
ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំបានប្រគល់កិច្ចការរបស់ខ្ញុំចំពោះទ្រង់ហើយ។ ពិតណាស់ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មានសត្វលោកណាមួយនៅលើផែនដីនេះមានចលនានោះឡើយ លើកលែងតែវាឱនលំទោនទៅចំពោះអល់ឡោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ និង(ស្ថិតក្រោម)អំណាចរបស់ទ្រង់។ ទ្រង់ចាត់ចែងចំពោះវាតាមរបៀបដែលទ្រង់មានចេតនា។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតនៅលើការពិត និងភាពយុត្តិធម៌។ ដូចនេះ ទ្រង់នឹងមិនឲ្យពួកអ្នកអាចគ្រប់គ្រងមកលើខ្ញុំបានជាដាច់ខាត ព្រោះរូបខ្ញុំស្ថិតនៅលើការពិត ចំណែកឯពួកអ្នកវិញស្ថិតនៅលើភាពខុសឆ្គង។
Hud 11:57
តែប្រសិនបើពួកអ្នកបែរចេញ និងងាកចេញពីអ្វីដែលខ្ញុំបាននាំមកនោះ ពិតណាស់ ខ្ញុំគ្មាន(តួនាទី)អ្វីក្រៅពីការផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះទេ។ ពិតណាស់ ខ្ញុំនៅតែបន្តផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់អ្វី(សារ)ដែលអល់ឡោះទ្រង់ផ្តល់មកកាន់ខ្ញុំ និងដាក់បទបញ្ជាមកលើខ្ញុំឲ្យផ្សព្វផ្សាយវា។ ពិតប្រាកដណាស់ ភស្តុតាង(ពីអល់ឡោះ)បានមកដល់ពួកអ្នកហើយ ហើយម្ចាស់របស់ខ្ញុំទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ តាមរយៈការប្រឆាំង និងការបដិសេធរបស់ពួកអ្នកនេះ ពួកអ្នកមិនអាចបង្កនូវគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ មិនថាធំមិនថាតូចនោះទេ ព្រោះទ្រង់មហាមានលើសលប់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់ជាអ្នកមើលថែរក្សាលើរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ជាអ្នកដែលថែរក្សាការពារខ្ញុំពីរាល់ប្រការអាក្រក់ទាំងឡាយដែលពួកអ្នកធ្វើល្បិចកលប្រឆាំងនឹងខ្ញុំនោះ។
Hud 11:58
ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេ(ព្យាការីហ៊ូទនិងបណ្តាអ្នកមានជំនឿ)ពីទណ្ឌកម្មដែលយើងបានដាក់ទៅលើក្រុមរបស់គេដែលជាពួកប្រឆាំង។
Hud 11:59
ហើយក្រុមអាទនោះ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងរបស់អល់ឡោះដែលជាម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងព្យាការីហ៊ូទដែលជាអ្នកនាំសាររបស់ពួកគេ ព្រមទាំងបានដើរតាមបទបញ្ជារបស់ពួកដែលក្អេងក្អាងចំពោះការពិត ក្រអឺតក្រទមមិនទទួលយកវា និងមិនគោរពតាមវា(ការពិត)។
Hud 11:60
ហើយនៅក្នុងលោកិយនេះ ពួកគេនឹងទទួលរងនូវភាពអាម៉ាស់ និងការបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ហើយក៏ដូចគ្នាដែរ នៅថ្ងៃបរលោក ពួកគេគឺជាពួកដែលត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ។ នោះគឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់។ តើពុំមែនទេឬ អល់ឡោះបានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីរាល់ប្រការល្អៗទាំងឡាយ ហើយធ្វើឲ្យពួកគេខិតជិតទៅរកប្រការដែលអាក្រក់វិញនោះ?
Hud 11:61
ហើយយើងបានបញ្ជូនព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពួកអ្នកគ្មានម្ចាស់ណាដែលសាកសមត្រូវគោរពសក្ការៈក្រៅពីទ្រង់នោះឡើយ។ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី ដោយការបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នកពីដី ហើយទ្រង់ក៏បានឲ្យពួកអ្នកតាំងទីលំនៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់ដោយការសាងនូវទង្វើកុសល ហើយបោះបង់ចោលនូវអំពើល្មើសចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយនឹងអ្នកដែលគោរពសក្ការៈដោយស្មោះសចំពោះទ្រង់ និងជាអ្នកឆ្លើយតបចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់។
Hud 11:62
ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់វិញថាៈ ឱសឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមពួកយើងមុននឹងអ្នកធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ)នេះ។ ជាការពិតណាស់ ពួកយើងធ្លាប់សង្ឃឹមថា អ្នកនឹងក្លាយជាមនុស្សដែលមានប្រាជ្ញាស្មារតីពេញលេញ ជាអ្នកផ្តល់ដំបូន្មាន និងជាដៃគូពិភាក្សាគ្នា។ តើអ្នក(ឱសឡេះ)ហាមឃាត់ពួកយើងមិនឲ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយនោះ ដែលធ្វើឲ្យពួកយើងចោទប្រកាន់ថា អ្នកកំពុងតែប្រឌិតភូតកុហកទៅលើអល់ឡោះហើយ។
Hud 11:63
ព្យាការីសឡេះបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណារបស់ទ្រង់ ពោលគឺភាពជាព្យាការីនោះ ដូច្នេះ តើនរណាដែលអាចការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់បានប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់ដោយបោះបង់ការផ្សព្វផ្សាយនូវអ្វីដែលទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំក្រៅពីការធ្វើឲ្យវង្វេង និងឃ្លាតឆ្ងាយពីការពេញចិត្តរបស់ទ្រង់នោះទេ។
Hud 11:64
ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នកដែល(ជាសញ្ញា)បញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ។ ដូច្នេះ ចូរពួកអ្នកលែងវាឲ្យស្វែងរកចំណីនៅលើផែនដីរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពានចំពោះវាដោយធ្វើឲ្យមានការប៉ះពាល់ដល់វានូវប្រការអាក្រក់ណាមួយឲ្យសោះ ដែលជាហេតុនាំឲ្យពួកអ្នកទទួលរងនូវទណ្ឌកម្មដ៏ឆាប់រហ័ស(ភ្លាមៗ)នៅពេលដែលពួកអ្នកសម្លេះវាជាមិនខានឡើយ។
Hud 11:65
តែពួកគេបានសម្លេះវា(សត្វអូដ្ឋនោះ) ដែលវាជាការប្រឆាំងមួយដ៏ហួសហេតុ។ ពេលនោះ ព្យាការីសឡេះក៏បានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខនឹងឆាកជីវិត(របស់ពួកអ្នក)ក្នុងទឹកដីរបស់ពួកអ្នកនេះរយៈពេលបីថ្ងៃក្រោយពីពួកអ្នកបានសម្លេះវាសិនចុះ។ ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នក។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះដែលមកដល់ក្រោយពីការសន្យានោះ គឺវានឹងកើតឡើងដោយចៀសមិនផុត ពុំមែនជាការកុហកនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការសន្យាមួយយ៉ាងពិតប្រាកដ។
Hud 11:66
) ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង។ ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេពីភាពអាម៉ាស់និងភាពអាប់ឱននៅថ្ងៃនោះ។ ពិតណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ហេតុនេះ ទ្រង់បានធ្វើឲ្យប្រជាជាតិដែលបដិសេធទាំងនោះទទួលរងនូវភាពវិនាសអន្តរាយ។
Hud 11:67
ហើយពេលនោះ សម្រែកដ៏ខ្លាំងមួយបានបំផ្លាញពួកសាមូទ ហើយពួកគេក៏បានស្លាប់ទាំងអស់គ្នាព្រោះតែសម្រែកដ៏ខ្លាំងរបស់វា និងបានធ្វើឲ្យពួកគេដួលផ្កាប់មុខទៅនឹងដីនៅក្នុងលំនៅឋានរបស់ពួកគេ។
Hud 11:68
វាហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងទឹកដីរបស់ពួកគេនោះប្រកបដោយឧបការគុណ និងរស់នៅប្រកបដោយភាពសុខស្រួលដូច្នោះដែរ។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកសាមូទបានប្រឆាំងនឹងអល់ឡោះដែលជាម្ចាស់របស់ពួកគេ ដោយពួកគេនៅតែត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។
Hud 11:69
ហើយជាការពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់បានមកដល់ព្យាការីអ៊ីព្រហ៊ីមក្នុងរូបភាពជាមនុស្សប្រុសក្នុងនាមជាអ្នកដែលផ្តល់ដំណឹងរីករាយចំពោះគាត់និងចំពោះប្រពន្ធរបស់គាត់នូវ(ការទទួលបានកូនប្រុស)ឈ្មោះអ៊ីស្ហាក បន្ទាប់មក(នឹងមានចៅម្នាក់ទៀត)ឈ្មោះយ៉ាក់កូប។ ហើយម៉ាឡាអ៊ីកាត់បាននិយាយថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)បានដើរចេញយ៉ាងលឿន។ ក្រោយមក គាត់ក៏បាននាំមកឲ្យពួកគេនូវកូនគោអាំងមួយក្បាលដើម្បីឲ្យពួកគេទទួលទានវា ដោយគាត់គិតស្មានថា ពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ) គឺជាមនុស្សធម្មតា(មិនមែនជាម៉ាឡាអ៊ីកាត់)។
Hud 11:70
ប៉ុន្តែនៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់គោ(ដើម្បីទទួលទាន) និងមិនបានទទួលទានវានោះ គាត់បានបដិសេធពួកគេពីទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេ។ នៅពេលដែលម៉ាឡាអ៊ីកាត់បានឃើញគាត់មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេបែបនេះ ពួកគេក៏បាននិយាយថាៈ ចូរអ្នកកុំមានអារម្មណ៍ខ្លាចចំពោះពួកយើងអី។ ពួកយើងត្រូវបានអល់ឡោះចាត់តាំងនិងបញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូតដើម្បីឲ្យពួកយើងដាក់ទណ្ឌកម្មពួកគេ។
Hud 11:71
ហើយប្រពន្ធរបស់ព្យាការីអ៊ីព្រហ៊ីម គឺនាង”សារ៉ោះ”វិញ បានឈរស្តាប់នៅទីនោះ។ (ម៉ាឡាអ៊ីកាត់បានបន្តថា) ហើយពួកយើង(ម៉ាឡាអ៊ីកាត់)សូមប្រាប់ដល់នាងនូវដំណឹងល្អមួយដែលធ្វើឲ្យនាងរីករាយ នោះគឺ នាងនឹងប្រសូត្របានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក ហើយសម្រាប់អ៊ីស្ហាកនោះ នឹងមានកូនប្រុសម្នាក់ឈ្មោះថា យ៉ាក់កូប។ ពេលនោះ នាងក៏បានសើច និងមានភាពរីករាយចំពោះអ្វីដែលនាងបានស្តាប់លឺ។
Hud 11:72
នៅពេលដែលម៉ាឡាអ៊ីកាត់បានផ្តល់ដំណឹងរីករាយដល់នាងដូច្នេះ នាងសារ៉ោះក៏បាននិយាយដោយភ្ញាក់ផ្អើលថាៈ តើឲ្យខ្ញុំមានកូនយ៉ាងដូចម្តេចទៅខណៈដែលខ្ញុំមានវ័យចំណាស់ ដែលអស់សង្ឃឹមពីការមានកូនហើយនោះ ហើយប្តីរបស់ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)ទៀតសោត ក៏មានវ័យចំណាស់ណាស់ដែរហើយនោះ? ប្រសិនបើ(ពួកយើង)មានកូនក្នុងស្ថានភាពបែបនេះ(ក្នុងវ័យចំណាស់)មែននោះ វាគឺជារឿងមួយចម្លែកណាស់ មិនធ្លាប់មានដូច្នោះនោះទេ។
Hud 11:73
នៅពេលដែលនាងសារ៉ោះមានការភ្ញាក់ផ្អើលចំពោះដំណឹងរីករាយ(នៃការមានបុត្រ)នោះ ម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់នាងថាៈ តើនាងមានការភ្ញាក់ផ្អើលចំពោះការកំណត់របស់អល់ឡោះ និងសមត្ថភាពរបស់ទ្រង់ឬ? ពិតណាស់ ស្ថានភាពរបស់នាងមិនបានលាក់បាំងចំពោះទ្រង់នោះឡើយ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាមានសមត្ថភាពចំពោះរឿងនោះ។ សូមក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់ពួកអ្នក(ឱគ្រួសារបស់អ៊ីព្រហ៊ីម)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាទីកោតសរសើរចំពោះលក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយមហាថ្កុំថ្កើង និងខ្ពង់ខ្ពស់បំផុត។
Hud 11:74
ហើយនៅពេលដែលភាពភ័យខ្លាចបានរសាយចេញពីព្យាការីអ៊ីព្រហ៊ីមដែលកើតឡើងដោយសារតែភ្ញៀវរបស់គាត់មិនទទួលទានអាហារក្រោយពីគាត់បានដឹងថា ពួកគេគឺជាម៉ាឡាអ៊ីកាត់ ហើយដំណឹងល្អក៏បានមកដល់គាត់ដែលថា គាត់នឹងទទួលបានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក ក្រោយមកទៀត គឺឈ្មោះយ៉ាក់កូប(ជាចៅ)នោះ គាត់ក៏បានចាប់ផ្តើមជជែកវែកញែកជាមួយនឹងអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់)ពីរឿងក្រុមរបស់ព្យាការីលូត ដោយគាត់សង្ឃឹមថា ពួកគេ(ម៉ាឡាអ៊ីកាត់)នឹងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ(ក្រុមរបស់ព្យាការីលូត) និងសង្ឃឹមថា ពួកគេនឹងសង្គ្រោះព្យាការីលូតនិងក្រុមគ្រួសាររបស់គាត់(ពីទណ្ឌកម្ម)។
Hud 11:75
ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺជាអ្នកទន់ភ្លន់ដោយគាត់ពេញចិត្តនឹងឲ្យគេពន្យារពេលដាក់ទណ្ឌកម្ម ជាអ្នកអង្វករដ៏ច្រើនចំពោះម្ចាស់របស់គាត់ ជាអ្នកដែលតែងតែបួងសួង និងជាអ្នកដែលសារភាពទោសកំហុសទៅចំពោះទ្រង់ជានិច្ច។
Hud 11:76
ម៉ាឡាអ៊ីកាត់បានពោលថាៈ ឱព្យាការីអ៊ីព្រហ៊ីម! ចូរអ្នកបោះបង់ការជជែកតវ៉ាក្នុងរឿងក្រុមរបស់ព្យាការីលូតនេះចុះ។ ជាការពិតណាស់ បទបញ្ជានៃម្ចាស់របស់អ្នកដោយការទម្លាក់នូវទណ្ឌកម្មទៅលើពួកគេដែលទ្រង់បានកំណត់ចំពោះពួកគេនោះបានមកដល់ហើយ។ ពិតប្រាកដណាស់ ទណ្ឌកម្មដ៏ធំធេងនឹងទៅដល់ក្រុមរបស់ព្យាការីលូតដោយគ្មានការជជែកតវ៉ានិងការបួងសួងណាអាចរារាំងបាននោះឡើយ។
Hud 11:77
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់បានទៅដល់ព្យាការីលូតក្នុងរូបភាពជាមនុស្សប្រុស គាត់មានការព្រួយបារម្មណ៍ចំពោះការមកដល់របស់ពួកគេ និងមានភាពតឹងទ្រូង(តានតឹង)ដោយសារតែខ្លាច(មានបញ្ហា)ចំពោះពួកគេពីសំណាក់ក្រុមរបស់គាត់ដែលជាអ្នកដែលយកបុរស(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី(រួមភេទនឹងបុរសដូចគ្នា)។ ហើយព្យាការីលូតក៏បាននិយាយថាៈ ថ្ងៃនេះ គឺជាថ្ងៃមួយដ៏លំបាកបំផុត ដោយសារតែគាត់គិតថា ក្រុមរបស់គាត់នឹងបំពារបំពានទៅលើភ្ញៀវរបស់គាត់មិនខានឡើយ។
Hud 11:78
ហើយក្រុមរបស់ព្យាការីលូតក៏បានមកជួបនឹងព្យាការីលូតទាំងប្រញាប់ប្រញាល់ក្នុងគោលបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះភ្ញៀវរបស់គាត់ ដោយសារតែពីមុនមក ទម្លាប់របស់ពួកគេ គឺការយកបុរសដូចគ្នាមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី(រួមភេទនឹងបុរសដូចគ្នា)។ ព្យាការីលូតក៏បាននិយាយការពារក្រុមរបស់គាត់ និងសុំការអធ្យាស្រ័យសម្រាប់ខ្លួនរបស់គាត់ចំពោះមុខភ្ញៀរបស់គាត់ថាៈ ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំដែលស្ថិតក្នុងចំណោមនារីដ៏ស្រស់ស្អាតបំផុតនៃពួកអ្នក(ឱក្រុមរបស់ខ្ញុំ)។ ចូរពួកអ្នករៀបការជាមួយពួកនាងចុះ។ ពិតណាស់ ពួកនាងស្អាតបរិសុទ្ធសម្រាប់ពួកអ្នកជាងការប្រព្រឹត្តនូវទង្វើអសីលធម៌(រួមភេទជាមួយនឹងបុរសដូចគ្នា)បែបនេះ។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរកុំធ្វើឱ្យខ្ញុំខ្មាស់គេនៅចំពោះមុខភ្ញៀវរបស់ខ្ញុំឲ្យសោះ។ តើក្នុងចំណោមពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គ្មានបុរសដែលមានប្រាជ្ញាស្មារតីល្អណាម្នាក់ដែលហាមឃាត់ពួកអ្នកពីទង្វើដ៏ស្មោគគ្រោកនេះទេឬ?
Hud 11:79
ក្រុមរបស់គាត់ក៏បានតបទៅកាន់គាត់វិញថាៈ ជាការពិតណាស់ អ្នក(ឱលូត)បានដឹងហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកនោះទេ ហើយក៏មិនត្រូវការពួកនារីៗនៃក្រុមរបស់អ្នកនោះដែរ ហើយពួកយើងក៏គ្មានអារម្មណ៍(ចំពោះពួកនាងដែរ) ហើយអ្នកក៏បានដឹងដែរថា តើអ្វីទៅដែលពួកយើងត្រូវការនោះ។ ពិតណាស់ ពួកយើងមិនត្រូវការអ្វីក្រៅពីពួកបុរសៗ(ដើម្បីមកបំពេញចំណង់តណ្ហា)នោះឡើយ។
Hud 11:80
ព្យាការីលូតបាននិយាយថាៈ គួរឲ្យសោកស្តាយណាស់ ប្រសិនបើខ្ញុំមានអំណាចដែលអាទប់ទល់នឹងពួកអ្នក ឬក៏មានញាតិមិត្តដែលអាចជួយការពារខ្ញុំបាននោះ ខ្ញុំនឹងព្យាយាមការពារភ្ញៀវរបស់ខ្ញុំពីពួកអ្នកជាមិនខាន។
Hud 11:81
ម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ព្យាការីលូតថាៈ ឱព្យាការីលូត! ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកនាំសារដែលអល់ឡោះបានចាត់តាំងពួកយើងមក។ ក្រុមរបស់អ្នក ពួកគេនឹងមិនអាចប៉ះពាល់ដល់អ្នកនូវប្រការអាក្រក់ណាមួយជាដាច់ខាត។ ដូច្នេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញពីភូមិនេះនៅពេលពាក់កណ្តាលយប់(ក្នុងពេលដែលងងឺតខ្លាំង) ហើយចូរកុំឲ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើលក្រោយឲ្យសោះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះដែលធ្វើផ្ទុយ(ពីបម្រាមនេះ) ដោយនាងនឹងងាកមើលក្រោយ ពីព្រោះនាងក៏នឹងទទួលទណ្ឌកម្មដូចអ្វីដែលបានធ្លាក់ទៅលើក្រុមរបស់អ្នកដូច្នោះដែរ។ ជាការពិតណាស់ ពេលសន្យានៃការបំផ្លាញពួកគេនោះ គឺនៅពេលទៀបភ្លឺ ហើយវាគឺជាពេលសន្យាដែលកៀកនឹងមកដល់បំផុត។
Hud 11:82
ដូច្នេះ នៅពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)ដោយការបំផ្លាញក្រុមរបស់ព្យាការីលូតបានមកដល់ យើងបានធ្វើឲ្យភូមិរបស់ពួកគេក្រឡាប់ពីលើចុះក្រោម ដោយលើកភូមិនោះឡើងលើ ហើយផ្កាប់ឬក្រឡាប់វាចុះមកវិញ(សង្កត់លើពួកគេ)។ ហើយយើងបានបញ្ចុះភ្លៀងថ្មពីដីដែលគេដុតទៅលើភូមិនោះជាបន្តបន្ទាប់។
Hud 11:83
ដុំថ្មទាំងនេះ វាគឺជានិមិត្តសញ្ញាមកពីអល់ឡោះ ដែលវាមានសញ្ញាពិសេស(សម្រាប់សម្គាល់) ហើយថ្មទាំងនោះមិនស្ថិតនៅឆ្ងាយពីពួកដែលបំពាននៃពួកគូរ៉័ស្ស និងអ្នកផ្សេងពីពួកគេនោះឡើយ ផ្ទុយទៅវិញ វាស្ថិតនៅជិតបង្កើយនឹងពួកគេ។ នៅពេលណាដែលអល់ឡោះទ្រង់កំណត់ថានឹងទម្លាក់ទៅលើពួកគេនោះ វានឹងធ្លាក់(ទៅលើពួកគេភ្លាម)ជាមិនខាន។
Hud 11:84
ហើយយើងបានបញ្ជូនព្យាការីស៊្ហូអែបទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មានម្ចាស់ឯណាដែលស័ក្ដិសមនឹងត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ចូរពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងនៅក្នុងការថ្លឹងនៅពេលដែលពួកអ្នកវាល់(ទំនិញ)ឱ្យមនុស្ស ឬក៏ថ្លឹងឱ្យពួកគេឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំសង្កេតឃើញពួកអ្នកមានលាភសក្ការៈដ៏ទូលាយ(ទ្រព្យសម្បត្តិហូរហៀរ) និងឧបការគុណផ្សេងៗជាច្រើនហើយ។ ហេតុនេះ ចូរពួកអ្នកកុំផ្លាស់ប្តូរឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកអ្នកនឹងការប្រព្រឹត្តល្មើស(ចំពោះទ្រង់)ឱ្យសោះ។ ពិតប្រាកដណស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃណាមួយដែលម្នាក់ៗក្នុងចំណោមពួកអ្នកនឹងដឹង ដែលពួកអ្នកគ្មានកន្លែងដែលអាចគេចផុតពីគ្រោះថ្នាក់ និងគ្មានកន្លែងដែលអាចជ្រកកោនពីវានោះឡើយ។
Hud 11:85
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបំពេញនូវការថ្លឹង និងការវាល់(ឲ្យគ្រប់ចំនួន)ប្រកបដោយភាពយុត្តិធម៌នៅពេលដែលពួកអ្នកថ្លឹងឬវាល់ឲ្យអ្នកដទៃ។ ហើយចូរពួកអ្នកកុំកេងប្រវ័ញ្ចពីមនុស្សលោកនូវកម្មសិទ្ធិរបស់ពួកគេតាមរយៈការបន្លំ ការបោកប្រាស់ និងការប្រើល្បិចកលឲ្យសោះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មលើផែនដីដោយការកាប់សម្លាប់ និងអំពើល្មើសផ្សេងៗទៀតឲ្យសោះ។
Hud 11:86
អ្វីដែលបន្សល់ទុកពីអល់ឡោះដែលទ្រង់បានបន្សល់ទុកវាសម្រាប់ពួកអ្នកអំពីប្រការដែលគេអនុញ្ញាតក្រោយពីការបំពេញនូវកម្មសិទ្ធិរបស់មនុស្សប្រកបដោយយុត្តិធម៌ហើយនោះ គឺមានផលប្រយោជន៍ និងមានពរជ័យច្រើនជាងការទទួលបានផលចំណេញតាមរយៈការបន្លំ និងការបង្ករវិនាសកម្មលើផែនដីនេះទៅទៀត ប្រសិនបើពួកអ្នកគឺជាអ្នកមានជំនឿដ៏ពិតប្រាកដមែននោះ។ ហេតុនេះ ចូរពួកអ្នកពេញចិត្តចំពោះការបន្សល់ទុក(របស់អល់ឡោះ)នេះចុះ ហើយខ្ញុំមិនមែនជាអ្នកដែលឃ្លាំមើលនូវទង្វើរបស់ពួកអ្នក ហើយកាត់សេចក្តីពួកអ្នកចំពោះវានោះទេ។ តាមពិត អ្នកដែលឃ្លាំមើលទៅលើរឿងនោះ គឺ(អល់ឡោះ)ជាម្ចាស់ដែលមហាដឹងនូវប្រការអាថ៌កំបាំង និងការខ្សឹបខ្សៀវគ្នា។
Hud 11:87
ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបថាៈ ឱស៊្ហូអែប! តើការសឡាតរបស់អ្នកចំពោះអល់ឡោះនោះបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់ការគោរពសក្ការៈចំពោះរូបបដិមាទាំងឡាយដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈចំពោះវា និងបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់ការចាត់ចែងទ្រព្សសម្បត្តិរបស់ពួកយើងតាមអ្វីដែលអ្នកចង់ ហើយបង្កើនវាតាមអ្វីដែលអ្នកចង់មែនទេ? ជាការពិតណាស់ អ្នកគឺជាមនុស្សដែលទន់ភ្លន់ ឈ្លាសវៃ មានប្រាជ្ញាស្មារតីល្អ និងមានគតិបណ្ឌិតដូចអ្វីដែលពួកយើងបានស្គាល់អ្នកមុនពេលដែលអ្នកបានធ្វើការអំពាវនាវនេះ។ ហេតុនេះ តើមានរឿងអ្វីកើតឡើងចំពោះអ្នក(ទើបបានជាអ្នកផ្លាស់ប្តូរបែបនេះ)?
Hud 11:88
ព្យាការីស៊្ហូអែបបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំពីស្ថានភាពរបស់ពួកអ្នកមក ប្រសិនបើខ្ញុំមានភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ ព្រមទាំងចំណេះដឹងអំពីទ្រង់ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដែលស្របច្បាប់សម្រាប់ខ្ញុំ ដែលក្នុងនោះ ក៏មានភាពជាព្យាការីផងដែរនោះ? ហើយខ្ញុំក៏មិនចង់ហាមឃាត់ពួកអ្នកពីប្រការណាមួយ ហើយប្រឆាំងនឹងពួកអ្នកមិនឲ្យធ្វើប្រការណាមួយនោះដែរ។ អ្វីដែលខ្ញុំចង់នោះ គឺគ្មានអ្វីក្រៅពីចង់ឲ្យពួកអ្នកបានល្អតាមយៈការអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ និង(ទៅកាន់)ការគោរពប្រតិបត្តិទ្រង់តាមលទ្ធភាពរបស់ខ្ញុំអាចធ្វើបានប៉ុណ្ណោះ។ ហើយការណែនាំរបស់ខ្ញុំមិនអាចទទួលបានដូច្នោះនោះទេ លើកលែងតែការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំ ហើយចំពោះទ្រង់តែមួយគត់ដែលខ្ញុំនឹងវិលត្រឡប់ទៅកាន់។
Hud 11:89
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំដោយបដិសេធនូវអ្វីដែលខ្ញុំបាននាំមកឲ្យសោះ ខ្លាចក្រែងពួកអ្នកទទួលរងនូវទណ្ឌកម្មដូច(ទណ្ឌកម្ម)ដែលបានធ្លាក់ទៅលើក្រុមរបស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះឲ្យសោះ។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ ទាំងសម័យកាល និងទីកន្លែង ក៏ស្ថិតនៅមិនឆ្ងាយពីពួកអ្នកប៉ុន្មាននោះដែរ ហើយពួកអ្នកបានដឹងហើយនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេ(ក្រុមរបស់ព្យាការីលូត)បានទទួលរងនោះ។ ហេតុនេះ ចូរពួកអ្នកយកវាធ្វើជាមេរៀន។
Hud 11:90
ហើយចូរពួកអ្នកសុំការអភ័យទោសពីម្ចាស់របស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកសារភាពទោសកំហុសចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកទៅចំពោះទ្រង់ចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកទាំងឡាយដែលសារភាពទោសកំហុស ហើយទ្រង់ស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់ក្នុងចំណោមពួកគេ។
Hud 11:91
ក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ឱស៊្ហូអែប! ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកបាននាំវាមកនោះ តែពួកយើងយល់ឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលទន់ខ្សោយ ដោយសារតែភ្នែកទាំងពីររបស់អ្នកខ្សោយ ឬមើលមិនឃើញ។ ហើយប្រសិនបើគ្មានសាច់ញាតិអ្នកដែលស្ថិតនៅលើសាសនារបស់ពួកយើងទេនោះ ពួកយើងនឹងសម្លាប់អ្នកដោយគប់នឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ពួកយើង រហូតដល់ពួកយើងសម្លាប់អ្នកមិនបាននោះទេ។ តាមពិត យើងបោះបង់ការសម្លាប់អ្នក(មិនសម្លាប់អ្នក)នេះ ដោយសារតែពួកយើងគោរពដល់សាច់ញាតិរបស់អ្នកប៉ុណ្ណោះ។
Hud 11:92
ព្យាការីស៊្ហូអែបបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! តើសាច់ញាតិរបស់ខ្ញុំគួរឲ្យគោរពចំពោះពួកអ្នក និងមានឥទ្ធិពលចំពោះអ្នកជាងអល់ឡោះដែលជាម្ចាស់របស់ពួកអ្នកឬ? ពួកអ្នកបានបោះបង់អល់ឡោះដាក់នៅពីក្រោយពួកអ្នក ខណៈដែលពួកអ្នកគ្មានជំនឿចំពោះព្យាការីរបស់ទ្រង់ដែលទ្រង់បានបញ្ជូនគេមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើនោះនៅក្នុងលោកិយនេះដោយការបំផ្លាញ និង(តបស្នងដល់ពួកអ្នក)នៅថ្ងៃបរលោកដោយការដាក់ទណ្ឌកម្ម(ក្នុងភ្លើងនរក)។
Hud 11:93
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកអនុវត្តតាម(ប្រកាន់ខ្ជាប់)មាគ៌ារបស់ពួកអ្នកដែលពួកអ្នកពេញចិត្តនឹងវាតាមលទ្ធភាពរបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏អនុវត្តតាមមាគ៌ាដែលខ្ញុំពេញចិត្តចំពោះវាទៅតាមលទ្ធភាពរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេដោយធ្វើឲ្យរូបគេអាម៉ាស់ដែលជាទណ្ឌកម្មសម្រាប់គេ ហើយតើអ្នកណាក្នុងចំណោមពួកយើងដែលជាអ្នកភូតកុហកចំពោះអ្វីដែលគេបានអះអាងនោះ។ ហេតុនេះ ចូពួកអ្នករង់ចាំមើលនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។
Hud 11:94
ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញក្រុមរបស់ព្យាការីស៊្ហូអែបបានមកដល់ យើងបានសង្គ្រោះព្យាការីស៊្ហូអែប និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង។ ចំណែកឯពួកដែលបំពាននៃក្រុមរបស់គេក៏បានទទួលរងនូវសម្រែកមួយយ៉ាងខ្លាំងក្លាដែលបានបំផ្លាញពួកគេ ហើយពួកគេក៏បានស្លាប់ ដោយដួលផ្កាប់មុខទៅនឹងដី។
Hud 11:95
វាហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះពីមុនមកសោះ។ តើពុំមែនទេ គេបានបណ្តេញពួកម៉ាទយ៉ាន់ចេញពីក្តីមេត្តាករុណារបស់អល់ឡោះ ដោយទម្លាក់នូវការផ្តន្ទាពីអល់ឡោះជាម្ចាស់ទៅលើពួកគេ ដូចដែលគេបានបណ្តេញក្រុមសាមូទចេញពីក្តីមេត្តាករុណារបស់ទ្រង់ ដោយការទម្លាក់នូវការខឹងសម្បាររបស់ទ្រង់ទៅលើពួកគេដូច្នោះដែរ។
Hud 11:96
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវបណ្តាភស្តុតាងរបស់យើងដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ និងបាននាំមកនូវអំណះអំណាងយ៉ាងច្បាស់លាស់ដែលបង្ហាញទៅលើសច្ចភាពចំពោះអ្វីដែលគេបាននាំមក។
Hud 11:97
យើងបានបញ្ជូនគេ(ព្យាការីមូសា)ទៅកាន់ហ្វៀរអោន និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៃក្រុមរបស់គេ។ ពិតប្រាកដណាស់ ពួកដែលមានឋានៈខ្ពង់ខ្ពស់ទាំងនោះបានធ្វើតាមបញ្ជារបស់ហ្វៀរអោនដែលបានបញ្ជាពួកគេឲ្យប្រឆាំងនឹងអល់ឡោះ។ ហើយបទបញ្ជារបស់ហ្វៀរអោន គឺមិនមែនជាបទបញ្ជាដែលមានភាពត្រឹមត្រូវទៅកាន់ការពិតដែលគេត្រូវគោរពតាមនោះឡើយ។
Hud 11:98
ហ្វៀរអោននឹងនាំមុខក្រុមរបស់គេនាថ្ងៃបរលោក រហូតដល់គេបញ្ចូលពួកគេទាំងអស់គ្នាទៅក្នុងឋាននរក ហើយវាជាកន្លែងដ៏អាក្រក់បំផុតសម្រាប់អ្នកដែលនៅទីនោះ។
Hud 11:99
ហើយបណ្តាសា និងការបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះត្រូវបានគេដាក់ទៅលើពួកគេនៅក្នុងលោកិយនេះ ជាមួយនឹងការទទួលរងនូវការបំផ្លាញដោយការលិចលង់(ក្នុងទឹកសមុទ្រ)។ ហើយបណ្តាសា និងការបណ្តេញចេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណានោះ ក៏ត្រូវបានអល់ឡោះដាក់ទៅលើពួកគេផងដែរនាថ្ងៃបរលោក។ អ្វីដែលពួកគេទទួលបាននៃការដាក់បណ្តាសារចំនួនពីរដង ហើយនិង(ការទទួល)ទណ្ឌកម្មទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកនោះ គឺអាក្រក់បំផុត។
Hud 11:100
ទាំងនោះ គឺជាដំណឹងអំពីរឿងរ៉ាវស្រុកភូមិមួយចំនួនដែលយើងបានលើកឡើងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅក្នុងជំពូកនេះ។ ក្នុងចំណោមស្រុកភូមិទាំងនេះ មានស្រុកភូមិមួយចំនួនបានបន្សល់ទុកស្លាកស្នាម(ដល់អ្នកជំនាន់ក្រោយ) និងមួយចំនួនទៀតមិនបានបន្សល់ទុកស្លាកស្នាមអ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។
Hud 11:101
ហើយយើងមិនបានបំពានទៅលើពួកគេនោះឡើយនូវអ្វីដែលបានកើតឡើងចំពោះពួកគេនៃការបំផ្លាញនោះ។ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយតាមរយៈការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់នោះ។ ហើយព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ មិនអាចការពារពួកគេបានឡើយចំពោះទណ្ឌកម្មដែលបានធ្លាក់ទៅលើពួកគេនៅពេលណាដែលបទបញ្ជារបស់ម្ចាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃការបំផ្លាញពួកគេបានមកដល់ហើយនោះ។ ហើយព្រះនានារបស់ពួកគេនោះមិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីភាពខាតបង់ និងភាពវិនាសអន្តរាយនោះឡើយ។
Hud 11:102
ហើយជាទណ្ឌកម្មដែលអល់ឡោះជាម្ចាស់បានទម្លាក់ទៅលើស្រុកភូមិដែលបដិសេធ(នឹងបណ្តាអ្នកនាំសារ)នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ចំពោះភូមិស្រុកដែលបំពាននោះ គឺជាទណ្ឌកម្មដ៏ឈឺចាប់ និងខ្លាំងក្លាបំផុត។
Hud 11:103
ពិតប្រាកដណាស់ ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លារបស់អល់ឡោះចំពោះស្រុកភូមិទាំងឡាយដែលបំពាននោះ គឺជាមេរៀននិងជាដំបូន្មានមួយសម្រាប់ជនណាដែលខ្លាចទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក (ជាថ្ងៃ)ដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សទាំងអស់ទៅកាន់ទ្រង់ដើម្បីជំនុំជម្រះពួកគេ។ ហើយនៅថ្ងៃនោះ អ្វីៗទាំងអស់នឹងត្រូវមានវត្តមាន។ ហើយអ្នកដែលគេប្រមូលផ្តុំទាំងអស់ត្រូវមានវត្តមាន។
Hud 11:104
ហើយយើងមិនពន្យារពេលថ្ងៃបរលោក ក្រៅពីពេលដែលត្រូវបានគេកំណត់នោះដែរ។
Hud 11:105
ហើយនៅពេលដែលថ្ងៃនោះមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយលើកហេតុផលដោះសារ ឬសុំអន្តរាគមន៍ណាមួយនោះឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានអនុញ្ញាតប៉ុណ្ណោះ។ ហើយមនុស្សលោកនៅថ្ងៃនោះ គឺមានពីរក្រុម គឺក្រុមអ្នកដែលសំណាងអាក្រក់ដោយត្រូវចូលឋាននរក និងក្រុមអ្នកដែលទទួលសំណាងល្អដោយបានចូលឋានសួគ៌។
Hud 11:106
ចំណែកឯពួកដែលមានសំណាងអាក្រក់ ដោយសារតែការប្រឆាំងរបស់ពួកគេ និងការដែលទង្វើរបស់ពួកគេត្រូវអន្តរាយនោះ ពួកគេនឹងត្រូវចូលឋាននរក។ នៅក្នុងនោះ ពួកគេតំឡើងសម្លេង(ស្រែក)របស់ពួកគេ និងសម្លេងនៃខ្យល់ដង្ហើមចេញចូលរបស់ពួកគេ ដោយសារតែពួកគេទទួលរងនូវអណ្តាតភ្លើងដ៏ខ្លាំងក្លានៃឋាននរក(ដែលឆាបឆេះពួកគេ)។
Hud 11:107
ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេមិនអាចចេញពីវាបានឡើយ ដរាបណាមេឃជាច្រើនជាន់និងផែនដី(ថ្ងៃបរលោក)នៅស្ថិតស្ថេរ លើកលែងតែជនណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចេញគេពីឋាននរកមកវិញ ក្នុងចំណោមពួកប្រព្រឹត្តល្មើសដែលគេមានជំនឿចំពោះទ្រង់តែមួយ(ពុំមែនស្លាប់ក្នុងភាពស្ហ៊ីរិក)ប៉ុណ្ណោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់ធ្វើអ្វីក៏ដោយតាមតែទ្រង់មានចេតនា ដោយគ្មានអ្នកបង្ខិតបង្ខំទ្រង់នោះឡើយ។
Hud 11:108
រីឯបណ្តាអ្នកដែលមានសំណាងល្អដែលពួកគេទទួលបាននូវសុភមង្គលពីអល់ឡោះជាម្ចាស់ដោយសារតែការមានជំនឿរបស់គេនិងការសាងទង្វើកុសលរបស់ពួកគេពីមុនមកវិញនោះ ពិតណាស់ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតស្ថេរ លើកលែងតែជនណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចូលគេទៅក្នុងឋាននរកមុននឹងបានចូលឋានសួគ៌ ក្នុងចំណោមអ្នកប្រព្រឹត្តល្មើសដែលជាអ្នកមានជំនឿប៉ុណ្ណោះ។ ជាការពិតណាស់ ឧបការគុណរបស់អល់ឡោះចំពោះអ្នកនៅក្នុងឋានសួគ៌នោះ គឺមិនមានការកាត់ផ្តាច់ពីពួកគេឡើយ(ពោលគឺនៅបន្តជារៀងរហូត)។
Hud 11:109
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះភាពមិនត្រឹមត្រូវនៃអ្វីដែលពួកមុស្ហរីគីនទាំងនោះគោរពសក្ការៈឲ្យសោះ ពីព្រោះពួកគេមិនមានភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃការគោរពសក្ការៈរបស់ពួកគេឡើយ មិនថាផ្អែកលើប្រាជ្ញា ឬផ្អែកលើច្បាប់នោះទេ។ តាមពិត ការគោរពសក្ការៈរបស់ពួកគេចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់នោះ គឺពួកគេធ្វើតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឲ្យពួកគេចំពោះទង្វើនោះនូវចំណែកនៃទណ្ឌកម្មដោយពុំមានបាត់បង់ឡើយ។
Hud 11:110
ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរតាវរ៉តដល់ព្យាការីមូសា តែមនុស្សលោកបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ ដោយពួកគេខ្លះមានជំនឿចំពោះវា ឯពួកគេខ្លះទៀតមិនមានជំនឿចំពោះវានោះទេ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានកំណត់ពីមុនមកថា ទ្រង់នឹងមិនដាក់ទណ្ឌកម្មភា្លមៗលើពួកគេទេ ដោយទ្រង់នឹងពន្យារពេលដាក់ទណ្ឌកម្មលើពួកគេរហូតដល់ថ្ងៃបរលោកដោយគតិបណ្ឌិតរបស់ទ្រង់ទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែលសាកសមសម្រាប់ពួកគេនៅក្នុងលោកិយនេះ(ភ្លាមៗ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកដែលប្រឆាំងក្នុងចំណោមពួកយូដា និងពួកមុស្ហរីគីននោះ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះគម្ពីរគួរអាននេះ។
Hud 11:111
ហើយជាការពិតណាស់ រាល់ក្រុមដែលខ្វែងគំនិតគ្នាដែលត្រូវបានលើកឡើងទាំងនោះ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឲ្យពួកគេនូវការតបស្នងចំពោះទង្វើរបស់ពួកគេ។ ប្រសិនបើទង្វើរបស់គេល្អ គេនឹងទទួលបាននូវការតបស្នងដែលល្អ ហើយប្រសិនបើទង្វើរបស់គេអាក្រក់វិញនោះ គេនឹងទទួលបាននូវការតបស្នងដែលអាក្រក់ដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
Hud 11:112
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់ជានិច្ចនូវមាគ៌ាដ៏ត្រឹមត្រូវដូចដែលអល់ឡោះបានដាក់បទបញ្ជាចំពោះអ្នក។ ដូចនេះ ចូរអ្នកអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះ ហើយចូរឲ្យអ្នកដែលបានសារភាពកំហុសជាមួយអ្នកក្នុងចំណោមបណ្តាអ្នកដែលមានជំនឿនោះ ប្រកាន់ខ្ជាប់ជានិច្ចនូវមាគ៌ាដ៏ត្រឹមត្រូវនេះដែរ។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ដោយការប្រព្រឹត្តល្មើសឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងរាល់ទង្វើទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកបានសាង។
Hud 11:113
ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកប្រឆាំងដែលជាពួកបំពាន ដោយការមានភាពទន់ភ្លន់ចំពោះពួកគេនិងស្រឡាញ់ពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកដោយសារតែការទោរទន់នេះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះដែលអាចសង្គ្រោះពួកអ្នកពីវា(នរក)បានឡើយ។ បន្ទាប់មក ពួកអ្នកក៏នឹងមិនឃើញមានអ្នកដែលអាចជួយពួកអ្នកនោះដែរ។
Hud 11:114
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតឲ្យបានល្អប្រសើរនៅវេលាចុងទាំងពីរនៃពេលថ្ងៃ ពោលគឺនៅពេលព្រឹកនិងពេលល្ងាច ហើយចូរអ្នកប្រតិបត្តិសឡាតនៅពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អ វានឹងលុបបំបាត់នូវបាបកម្មតូចៗទាំងឡាយ។ អ្វីដែលបានលើកឡើងទាំងនេះ គឺជាដំបូន្មាននិងជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។
Hud 11:115
ហើយចូរអ្នកអត់ធ្មត់ក្នុងការអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើអ្នកឲ្យអនុវត្តវា និងប្រការផ្សេងៗទៀត ហើយនិង(អត់ធ្មត់)ចំពោះការបោះបង់នូវប្រការទាំងឡាយដែលគេបានហាមឃាត់អ្នក ដូចជាការបំពាន និងការទោរទន់ទៅរកភាពងងឹត(វង្វេង)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ ផ្ទុយទៅវិញ ទ្រង់ទទួលយកពីពួកគេប្រសើរជាងទង្វើដែលពួកគេបានធ្វើ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញនូវផលបុណ្យរបស់ពួកគេប្រសើរជាងអ្វីដែលពួកគេបានសាងទៅទៀត។
Hud 11:116
ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិដែលត្រូវគេដាក់ទណ្ឌកម្មកាលពីមុនពួកអ្នក គ្មានអ្នកដែលមានឧត្តមគតិ និងមនុស្សល្អនៅសេសសល់ដែលហាមឃាត់ប្រជាជាតិទាំងនោះពីការប្រឆាំង និងពីការបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តល្មើស? គ្មានសេសសល់ឡើយក្នុងចំណោមពួកគេ លើកលែងតែចំនួនដ៏តិចប៉ុណ្ណោះដែលហាមឃាត់គ្នាពីការបង្កវិនាសកម្ម។ ដូចនេះ យើងក៏បានសង្គ្រោះពួកគេខណៈដែលយើងបានបំផ្លាញក្រុមរបស់ពួកគេដែលជាពួកបំពាន។ ហើយពួកដែលបំពានក្នុងចំណោមក្រុមរបស់ពួកគេបានដើរតាមអ្វីដែលពួកគេសប្បាយរីករាយ ហើយគឺជាពួកដែលបំពានដោយសារតែការធ្វើដូច្នោះ។
Hud 11:117
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបំផ្លាញភូមិស្រុកណាមួយឡើយ ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនៅលើផែនដីនោះ។ តាមពិត ទ្រង់បំផ្លាញវា(ភូមិស្រុក)ប្រសិនបើអ្នកស្រុកភូមិនោះជាពួកដែលបង្កវិនាសកម្មដោយការប្រឆាំង ការបំពាន និងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។
Hud 11:118
ហើយប្រសិនបើម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនាធ្វើឲ្យមនុស្សលោកទាំងអស់ក្លាយជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតនោះ ទ្រង់ពិតជានឹងធ្វើវាជាមិនខាន ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។ ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នាចំពោះវា ដោយសារតែការធ្វើតាមចំណង់តណ្ហានិងការបំពាន។
Hud 11:119
លើកលែងតែជនណាដែលអល់ឡោះទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយបង្ហាញផ្លូវពួកគេទៅកាន់ការចង្អុលបង្ហាញប៉ុណ្ណោះ។ ពិតណាស់ ពួកគេនឹងមិនមានការខ្វែងគំនិតគ្នានោះទេចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះនោះ។ ព្រោះតែការសាកល្បងនឹងការខ្វែងគំនិតគ្នានេះហើយទើបទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចដែលទ្រង់កំណត់វាតាំងពីបុព្វេមកម្លេះ (ដែលពាក្យសន្យា)នោះគឺ ទ្រង់នឹងបំពេញឋាននរកជើហាន់ណាំនោះដោយជនទាំងឡាយណាដែលដើរតាមស្ហៃតនក្នុងចំណោមពពួកជិននិងមនុស្សលោក។
Hud 11:120
ហើយរាល់ដំណឺងទាំងអស់ដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមរឿងរ៉ាវរបស់អ្នកនាំសារជំនាន់មុនអ្នកនោះ គឺដើម្បីឲ្យចិត្តរបស់អ្នកមានភាពនឹងនរនៅលើការពិត និងពង្រឹងវាឲ្យរឹងមាំ។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឲ្យអ្នកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយនៅក្នុងជំពូកនេះផងដែរ គឺបាននាំមកឲ្យអ្នកនូវការទូន្មានសម្រាប់ពួកប្រឆាំង និងជាការរំលឹកដាស់តឿនដល់បណ្តាអ្នកដែលមានជំនឿ ដែលពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍ពីការរំលឹក។
Hud 11:121
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ និងពួកដែលមិនគោរពសក្ការៈចំពោះទ្រង់តែមួយគត់ថាៈ ចូរពួកអ្នកអនុវត្តតាមមាគ៌ារបស់ពួកអ្នកក្នុងការប្រឆាំងនឹងការពិត និងរារាំងអ្នកដទៃអំពីវាចុះ។ ចំណែកឯពួកយើងវិញ ក៏ជាអ្នកដែលអនុវត្តតាមមាគ៌ារបស់ពួកយើង និងប្រកាន់ខ្ជាប់នឹងវា ព្រមទាំងអំពាវនាវទៅកាន់វានិងអត់ធ្មត់ចំពោះវាទៀតផង។
Hud 11:122
ហើយចូរពួកអ្នករង់ចាំមើលចុះនូវអ្វីដែលនឹងធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលនូវអ្វីដែលនឹងធ្លាក់ទៅលើពួកអ្នកដូចគ្នាដែរ។
Hud 11:123
ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ កិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងប្រគល់ការទុកចិត្តលើកិច្ចការទាំងអស់របស់អ្នកចំពោះទ្រង់ចុះ។ ហើយម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មហាដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលគេបានសាង។