Khmer Abridged Explanation of the Quran — İsra' 17:1 – Tâhâ 20:135
Contents
- İsra' 17:1
- İsra' 17:2
- İsra' 17:3
- İsra' 17:4
- İsra' 17:5
- İsra' 17:6
- İsra' 17:7
- İsra' 17:8
- İsra' 17:9
- İsra' 17:10
- İsra' 17:11
- İsra' 17:12
- İsra' 17:13
- İsra' 17:14
- İsra' 17:15
- İsra' 17:16
- İsra' 17:17
- İsra' 17:18
- İsra' 17:19
- İsra' 17:20
- İsra' 17:21
- İsra' 17:22
- İsra' 17:23
- İsra' 17:24
- İsra' 17:25
- İsra' 17:26
- İsra' 17:27
- İsra' 17:28
- İsra' 17:29
- İsra' 17:30
- İsra' 17:31
- İsra' 17:32
- İsra' 17:33
- İsra' 17:34
- İsra' 17:35
- İsra' 17:36
- İsra' 17:37
- İsra' 17:38
- İsra' 17:39
- İsra' 17:40
- İsra' 17:41
- İsra' 17:42
- İsra' 17:43
- İsra' 17:44
- İsra' 17:45
- İsra' 17:46
- İsra' 17:47
- İsra' 17:48
- İsra' 17:49
- İsra' 17:50
- İsra' 17:51
- İsra' 17:52
- İsra' 17:53
- İsra' 17:54
- İsra' 17:55
- İsra' 17:56
- İsra' 17:57
- İsra' 17:58
- İsra' 17:59
- İsra' 17:60
- İsra' 17:61
- İsra' 17:62
- İsra' 17:63
- İsra' 17:64
- İsra' 17:65
- İsra' 17:66
- İsra' 17:67
- İsra' 17:68
- İsra' 17:69
- İsra' 17:70
- İsra' 17:71
- İsra' 17:72
- İsra' 17:73
- İsra' 17:74
- İsra' 17:75
- İsra' 17:76
- İsra' 17:77
- İsra' 17:78
- İsra' 17:79
- İsra' 17:80
- İsra' 17:81
- İsra' 17:82
- İsra' 17:83
- İsra' 17:84
- İsra' 17:85
- İsra' 17:86
- İsra' 17:87
- İsra' 17:88
- İsra' 17:89
- İsra' 17:90
- İsra' 17:91
- İsra' 17:92
- İsra' 17:93
- İsra' 17:94
- İsra' 17:95
- İsra' 17:96
- İsra' 17:97
- İsra' 17:98
- İsra' 17:99
- İsra' 17:100
- İsra' 17:101
- İsra' 17:102
- İsra' 17:103
- İsra' 17:104
- İsra' 17:105
- İsra' 17:106
- İsra' 17:107
- İsra' 17:108
- İsra' 17:109
- İsra' 17:110
- İsra' 17:111
- Kehf 18:1
- Kehf 18:2
- Kehf 18:3
- Kehf 18:4
- Kehf 18:5
- Kehf 18:6
- Kehf 18:7
- Kehf 18:8
- Kehf 18:9
- Kehf 18:10
- Kehf 18:11
- Kehf 18:12
- Kehf 18:13
- Kehf 18:14
- Kehf 18:15
- Kehf 18:16
- Kehf 18:17
- Kehf 18:18
- Kehf 18:19
- Kehf 18:20
- Kehf 18:21
- Kehf 18:22
- Kehf 18:23
- Kehf 18:24
- Kehf 18:25
- Kehf 18:26
- Kehf 18:27
- Kehf 18:28
- Kehf 18:29
- Kehf 18:30
- Kehf 18:31
- Kehf 18:32
- Kehf 18:33
- Kehf 18:34
- Kehf 18:35
- Kehf 18:36
- Kehf 18:37
- Kehf 18:38
- Kehf 18:39
- Kehf 18:40
- Kehf 18:41
- Kehf 18:42
- Kehf 18:43
- Kehf 18:44
- Kehf 18:45
- Kehf 18:46
- Kehf 18:47
- Kehf 18:48
- Kehf 18:49
- Kehf 18:50
- Kehf 18:51
- Kehf 18:52
- Kehf 18:53
- Kehf 18:54
- Kehf 18:55
- Kehf 18:56
- Kehf 18:57
- Kehf 18:58
- Kehf 18:59
- Kehf 18:60
- Kehf 18:61
- Kehf 18:62
- Kehf 18:63
- Kehf 18:64
- Kehf 18:65
- Kehf 18:66
- Kehf 18:67
- Kehf 18:68
- Kehf 18:69
- Kehf 18:70
- Kehf 18:71
- Kehf 18:72
- Kehf 18:73
- Kehf 18:74
- Kehf 18:75
- Kehf 18:76
- Kehf 18:77
- Kehf 18:78
- Kehf 18:79
- Kehf 18:80
- Kehf 18:81
- Kehf 18:82
- Kehf 18:83
- Kehf 18:84
- Kehf 18:85
- Kehf 18:86
- Kehf 18:87
- Kehf 18:88
- Kehf 18:89
- Kehf 18:90
- Kehf 18:91
- Kehf 18:92
- Kehf 18:93
- Kehf 18:94
- Kehf 18:95
- Kehf 18:96
- Kehf 18:97
- Kehf 18:98
- Kehf 18:99
- Kehf 18:100
- Kehf 18:101
- Kehf 18:102
- Kehf 18:103
- Kehf 18:104
- Kehf 18:105
- Kehf 18:106
- Kehf 18:107
- Kehf 18:108
- Kehf 18:109
- Kehf 18:110
- Meryem 19:1
- Meryem 19:2
- Meryem 19:3
- Meryem 19:4
- Meryem 19:5
- Meryem 19:6
- Meryem 19:7
- Meryem 19:8
- Meryem 19:9
- Meryem 19:10
- Meryem 19:11
- Meryem 19:12
- Meryem 19:13
- Meryem 19:14
- Meryem 19:15
- Meryem 19:16
- Meryem 19:17
- Meryem 19:18
- Meryem 19:19
- Meryem 19:20
- Meryem 19:21
- Meryem 19:22
- Meryem 19:23
- Meryem 19:24
- Meryem 19:25
- Meryem 19:26
- Meryem 19:27
- Meryem 19:28
- Meryem 19:29
- Meryem 19:30
- Meryem 19:31
- Meryem 19:32
- Meryem 19:33
- Meryem 19:34
- Meryem 19:35
- Meryem 19:36
- Meryem 19:37
- Meryem 19:38
- Meryem 19:39
- Meryem 19:40
- Meryem 19:41
- Meryem 19:42
- Meryem 19:43
- Meryem 19:44
- Meryem 19:45
- Meryem 19:46
- Meryem 19:47
- Meryem 19:48
- Meryem 19:49
- Meryem 19:50
- Meryem 19:51
- Meryem 19:52
- Meryem 19:53
- Meryem 19:54
- Meryem 19:55
- Meryem 19:56
- Meryem 19:57
- Meryem 19:58
- Meryem 19:59
- Meryem 19:60
- Meryem 19:61
- Meryem 19:62
- Meryem 19:63
- Meryem 19:64
- Meryem 19:65
- Meryem 19:66
- Meryem 19:67
- Meryem 19:68
- Meryem 19:69
- Meryem 19:70
- Meryem 19:71
- Meryem 19:72
- Meryem 19:73
- Meryem 19:74
- Meryem 19:75
- Meryem 19:76
- Meryem 19:77
- Meryem 19:78
- Meryem 19:79
- Meryem 19:80
- Meryem 19:81
- Meryem 19:82
- Meryem 19:83
- Meryem 19:84
- Meryem 19:85
- Meryem 19:86
- Meryem 19:87
- Meryem 19:88
- Meryem 19:89
- Meryem 19:90
- Meryem 19:91
- Meryem 19:92
- Meryem 19:93
- Meryem 19:94
- Meryem 19:95
- Meryem 19:96
- Meryem 19:97
- Meryem 19:98
- Tâhâ 20:1
- Tâhâ 20:2
- Tâhâ 20:3
- Tâhâ 20:4
- Tâhâ 20:5
- Tâhâ 20:6
- Tâhâ 20:7
- Tâhâ 20:8
- Tâhâ 20:9
- Tâhâ 20:10
- Tâhâ 20:11
- Tâhâ 20:12
- Tâhâ 20:13
- Tâhâ 20:14
- Tâhâ 20:15
- Tâhâ 20:16
- Tâhâ 20:17
- Tâhâ 20:18
- Tâhâ 20:19
- Tâhâ 20:20
- Tâhâ 20:21
- Tâhâ 20:22
- Tâhâ 20:23
- Tâhâ 20:24
- Tâhâ 20:25
- Tâhâ 20:26
- Tâhâ 20:27
- Tâhâ 20:28
- Tâhâ 20:29
- Tâhâ 20:30
- Tâhâ 20:31
- Tâhâ 20:32
- Tâhâ 20:33
- Tâhâ 20:34
- Tâhâ 20:35
- Tâhâ 20:36
- Tâhâ 20:37
- Tâhâ 20:38
- Tâhâ 20:39
- Tâhâ 20:40
- Tâhâ 20:41
- Tâhâ 20:42
- Tâhâ 20:43
- Tâhâ 20:44
- Tâhâ 20:45
- Tâhâ 20:46
- Tâhâ 20:47
- Tâhâ 20:48
- Tâhâ 20:49
- Tâhâ 20:50
- Tâhâ 20:51
- Tâhâ 20:52
- Tâhâ 20:53
- Tâhâ 20:54
- Tâhâ 20:55
- Tâhâ 20:56
- Tâhâ 20:57
- Tâhâ 20:58
- Tâhâ 20:59
- Tâhâ 20:60
- Tâhâ 20:61
- Tâhâ 20:62
- Tâhâ 20:63
- Tâhâ 20:64
- Tâhâ 20:65
- Tâhâ 20:66
- Tâhâ 20:67
- Tâhâ 20:68
- Tâhâ 20:69
- Tâhâ 20:70
- Tâhâ 20:71
- Tâhâ 20:72
- Tâhâ 20:73
- Tâhâ 20:74
- Tâhâ 20:75
- Tâhâ 20:76
- Tâhâ 20:77
- Tâhâ 20:78
- Tâhâ 20:79
- Tâhâ 20:80
- Tâhâ 20:81
- Tâhâ 20:82
- Tâhâ 20:83
- Tâhâ 20:84
- Tâhâ 20:85
- Tâhâ 20:86
- Tâhâ 20:87
- Tâhâ 20:88
- Tâhâ 20:89
- Tâhâ 20:90
- Tâhâ 20:91
- Tâhâ 20:92
- Tâhâ 20:93
- Tâhâ 20:94
- Tâhâ 20:95
- Tâhâ 20:96
- Tâhâ 20:97
- Tâhâ 20:98
- Tâhâ 20:99
- Tâhâ 20:100
- Tâhâ 20:101
- Tâhâ 20:102
- Tâhâ 20:103
- Tâhâ 20:104
- Tâhâ 20:105
- Tâhâ 20:106
- Tâhâ 20:107
- Tâhâ 20:108
- Tâhâ 20:109
- Tâhâ 20:110
- Tâhâ 20:111
- Tâhâ 20:112
- Tâhâ 20:113
- Tâhâ 20:114
- Tâhâ 20:115
- Tâhâ 20:116
- Tâhâ 20:117
- Tâhâ 20:118
- Tâhâ 20:119
- Tâhâ 20:120
- Tâhâ 20:121
- Tâhâ 20:122
- Tâhâ 20:123
- Tâhâ 20:124
- Tâhâ 20:125
- Tâhâ 20:126
- Tâhâ 20:127
- Tâhâ 20:128
- Tâhâ 20:129
- Tâhâ 20:130
- Tâhâ 20:131
- Tâhâ 20:132
- Tâhâ 20:133
- Tâhâ 20:134
- Tâhâ 20:135
İsra' 17:1
អល់ឡោះដ៏មហាខ្ពង់ខ្ពស់ មហាស្អាតស្អំ ដោយអនុភាពរបស់ទ្រង់ដែលគ្មាននរណាម្នាក់មានអានុភាពដូចទ្រង់ឡើយ ដោយទ្រង់ជាអ្នកដែលបាននាំយកទាំងព្រលឹង និងរូបកាយខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ឲ្យធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទហ្ពៃតុលមឹកទីស(ក្រុងយេរូសាឡឹម) ដែលយើងបានប្រសិទ្ធពរជ័យនៅជុំវិញវា(ហ្ពៃតុលមឹកទីស) តាមរយៈ(ការប្រទាន)ផលានុផលនិងដំណាំគ្រប់ប្រភេទ និងតាមរយៈគេហដ្ឋាននៃបណ្ដាព្យាការីជាច្រើន ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញពីសញ្ញាភស្តុតាងនានារបស់យើងដែលបង្ហាញពីអានុភាពរបស់អល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីការឮរបស់ទ្រង់ឡើយ ហើយទ្រង់មហាឃើញបំផុតដោយគ្មានអ្វីអាចលាក់បាំងពីការឃើញរបស់ទ្រង់នោះឡើយ។
İsra' 17:2
ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបានចាត់ទុកវាជាអ្នកចង្អុលបង្ហាញ និងជាអ្នកណែនាំដល់អម្បូរអ៊ីស្រាអែល ហើយយើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នកកុំយកអ្នកគាំពារដែលពួកអ្នកប្រគល់រាល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅឲ្យគេក្រៅពីយើងឲ្យសោះ។ ផ្ទុយទៅវិញ ចូរពួកអ្នកប្រគល់ការទុកចិត្តមកចំពោះយើងតែមួយគត់។
İsra' 17:3
ពួកអ្នក(អម្បូរអ៊ីស្រាអែល) គឺជាពូជពង្សរបស់អ្នកដែលយើងបានប្រោសប្រទានដល់ពួកគេដោយការជួយសង្រ្គោះពួកគេជាមួយនឹងព្យាការីនួហពីការលិចលង់នៅក្នុងទឹកជំនន់។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណមួយនេះ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះជាម្ចាស់ តាមរយៈការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយចូរយកគំរូតាមព្យាការីនួហចំពោះរឿងនោះចុះ។ ពិតប្រាកដណាស់ គេ(ព្យាការីនួហ) គឺជាខ្ញុំបម្រើម្នាក់(របស់អល់ឡោះ)ដែលដឹងគុណទៅចំពោះអល់ឡោះច្រើនបំផុត។
İsra' 17:4
ហើយយើងបានប្រាប់អម្បូរអ៊ីស្រាអែលឲ្យពួកគេបានដឹងនៅក្នុងគម្ពីរតាវរ៉តថាៈ ពិតប្រាកដណាស់ ការបង្កវិនាសកម្មនៅលើផែនដីនេះចាំបាច់ត្រូវតែកើតចេញពីពួកគេចំនួនពីរដង (ដែលការបង្កវិនាសកម្មនោះ) គឺតាមរយៈការប្រព្រឹត្តល្មើសនិងការរមិលគុណ ហើយពួកអ្នកពិតជានឹងរំលោភបំពានទៅលើមនុស្សដោយភាពអយុត្តិធម៌ បំពាន និងការក្រអឺតក្រទមហួសព្រំដែនជាទីបំផុតទៅលើពួកគេ។
İsra' 17:5
ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើងចេញអំពីពួកគេ(អម្បូរអ៊ីស្រាអែល)នោះ យើងក៏បានឲ្យខ្ញុំបម្រើរបស់យើងដែលជាក្រុមដែលខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកគេ(អម្បូរអ៊ីស្រាអែល) ដោយបានសម្លាប់ពួកគេ និងធ្វើឲ្យពួកគេបែកខ្ញែកគ្នា ដោយពួកគេ(ក្រុមដែលខ្លាំងពូកែ)បានចូលលុកលុយនៅចន្លោះលំនៅឋានរបស់ពួកគេ បំផ្លាញរាល់អ្វីៗដែលពួកគេបានឆ្លងកាត់។ ហើយការសន្យារបស់អល់ឡោះចំពោះរឿងនោះ គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។
İsra' 17:6
ក្រោយមក យើងបានត្រឡប់មកឲ្យពួកអ្នកវិញ(ឱអម្បូរអ៊ីស្រាអែល)នូវទឹកដី និងជ័យជម្នះទៅលើពួកដែលបានគ្រប់គ្រងលើពួកអ្នក(កាលពីមុន) នៅពេលដែលពួកអ្នកបានសារភាពកំហុសទៅចំពោះអល់ឡោះ។ ហើយយើងបានបន្ថែមឲ្យពួកអ្នកនូវទ្រព្យសម្បត្តិជាច្រើនបន្ទាប់ពីពួកគេបានប្លន់យកវា និងទទួលបានកូនចៅជាច្រើនបន្ទាប់ពីពួកគេចាប់ធ្វើជាឈ្លើយសឹក ព្រមទាំងបានធ្វើឲ្យពួកអ្នកមានធនធានច្រើនជាងសត្រូវរបស់ពួកអ្នកទៀតផង។
İsra' 17:7
ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)បានសាងអំពើល្អ និងបានប្រតិបត្តិវាទៅតាមអ្វីដែលគេទាមទារនោះ ពិតប្រាកដណាស់ ការតបស្នង(ផលល្អ)ចំពោះទង្វើទាំងនោះ គឺវិលត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់ពួកអ្នកឡើយ។ តែប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់វិញ ពិតណាស់ផលអាក្រក់នោះនឹងធ្លាក់ទៅលើពួកអ្នកខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលបានផលប្រយោជន៍អ្វីពីទង្វើល្អរបស់ពួកអ្នកនោះទេ ហើយក៏មិនទទួលគ្រោះថ្នាក់ពីទង្វើអាក្រក់(របស់ពួកអ្នក)នោះដែរ។ ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីពីរបានកើតឡើង យើងក៏បានឲ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នក(ម្តងទៀត) ដើម្បីឲ្យពួកគេធ្វើឲ្យពួកអ្នកអាម៉ាស់មុខ និងធ្វើអាក្រក់(ទៅលើពួកអ្នក)ដែលស្ដែងឲ្យឃើញយ៉ាងជាក់ច្បាស់នៅចំពោះមុខរបស់ពួកអ្នក ដោយពួកគេនឹងឲ្យពួកអ្នកភ្លក់នូវភាពអាប់ឱនជាច្រើនប្រភេទ និងដើម្បីឲ្យពួកគេចូលក្នុងហ្ពៃទុលមឹកទីស និងកម្ទេចវា ដូចដែលពួកគេបានចូលនិងបានកម្ទេចវាកាលពីលើកដំបូង(លើកទីមួយ)ដែរ ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវទឹកដីដែលពួកគេបានត្រួតត្រាទៅលើវា។
İsra' 17:8
សង្ឃឹមថាម្ចាស់របស់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹងអាណិតស្រឡាញ់ពួកអ្នកបន្ទាប់ពីការដាក់ទណ្ឌទោសដ៏ខ្លាំងក្លាមួយនេះ ប្រសិនបើពួកអ្នកបានសារភាពកំហុសទៅចំពោះទ្រង់ និងបានសាង អំពើល្អវិញនោះ។ តែប្រសិនបើពួកអ្នកត្រឡប់ទៅការបង្កវិនាសកម្មជាលើកទីបី ឬច្រើនជាងនេះទៀតនោះ យើងក៏នឹងត្រឡប់ទៅដាក់ទោសពួកអ្នកវិញដែរ។ ហើយយើងបានបង្កើតនរកជើហាន់ណាំជាកន្លែងស្នាក់អស្រ័យសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ហើយពួកគេមិនអាចចេញពីវាវិញបានឡើយ។
İsra' 17:9
ពិតប្រាកដណាស់ នេះគឺជាគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ដែលវាចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាគ៌ាដ៏ល្អប្រពៃ(ត្រឹមត្រូវ) នោះគឺជាមាគ៌ានៃសាសនាឥស្លាម និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះដែលពួកគេបានសាងនូវទង្វើកុសលថា ជាការពិតណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់។
İsra' 17:10
ហើយក៏ជាការផ្តល់ដំណឹងអាក្រក់ដល់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកថាៈ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក។
İsra' 17:11
ហើយមនុស្សលោក (ពេលខ្លះ)ដោយសារតែភាពល្ងង់ខ្លៅរបស់គេ គឺគេបានបួងសួងសុំឲ្យខ្លួនរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេឲ្យទទួលរងនូវប្រការអាក្រក់នៅពេលដែលគេមានកំហឹង ដូចជាការដែលពួកគេបួងសួងសុំឲ្យខ្លួនគេទទួលបាននូវប្រការល្អដែរ។ ពិតប្រាកដណាស់ ប្រសិនបើយើងទទួលយកការបួងសួងសុំប្រការអាក្រក់របស់គេនោះ វានឹងបំផ្លាញខ្លួនរបស់គេ បំផ្លាញទ្រព្យសម្បត្តិរបស់គេ និងបំផ្លាញកូនចៅរបស់គេជាមិនខានឡើយ។ ហើយមនុស្សលោកត្រូវបានគេបង្កើតមកដោយមានលក្ខណៈអន្ទះសារ(ប្រញាប់ប្រញាល់ក្នុងការធ្វើអ្វីមួយ)។ ហេតុនេះហើយទើបជួនកាល គេចង់ឲ្យអ្វីដែលបង្កគ្រោះថ្នាក់ដល់រូបគេនោះ កើតឡើងភ្លាមៗផងដែរ។
İsra' 17:12
ហើយយើងបានបង្កើតពេលយប់និងពេលថ្ងៃ ជាសញ្ញាសម្គាល់ពីរដែលបញ្ជាក់ពីភាពតែមួយគត់របស់អល់ឡោះ និងអានុភាពដ៏ខ្លាំងក្លារបស់ទ្រង់ ដោយសារតែនៅក្នុងវាទាំងពីរនោះ គឺមានដូចជាភាពខុសគ្នានៃរយៈពេលវែង ខ្លី និងភាពក្ដៅ ត្រជាក់។ ក្រោយមក យើងបានបង្កើតពេលយប់ឲ្យមានភាពងងឹតសម្រាប់(ឲ្យពួកគេ)សម្រាកនិងគេង ហើយយើងបានបង្កើតពេលថ្ងៃឲ្យមានពន្លឺភ្លឺ ដែលធ្វើឲ្យមនុស្សលោកបានមើលឃើញ ហើយពួកគេអាចស្វែងរកលាភសក្ការៈសម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ពួកគេ។ សង្ឃឹមថា តាមរយៈការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងពេលយប់និងពេលថ្ងៃនេះ ពួកអ្នកអាចដឹងពីចំនួនឆ្នាំ និងអ្វីដែលពួកអ្នកត្រូវកាចំពោះរវា ដូចជាការគណនារយៈពេលនៃខែ ថ្ងៃ និងម៉ោងជាដើម។ ហើយរាល់អ្វីៗទាំងអស់ យើងបានបញ្ជាក់ប្រាប់វាយ៉ាងច្បាស់លាស់ ដើម្បីឲ្យពួកអ្នកអាចបែងចែកអ្វីៗទាំងអស់ និងដើម្បីបញ្ជាក់ពីអ្នកដែលត្រូវ និងអ្នកដែលខុស។
İsra' 17:13
ហើយមនុស្សគ្រប់រូប យើងបានឲ្យទង្វើរបស់គេនៅជាប់ជាមួយនឹងគេជានិច្ចដូចជាខ្សែកដែលជាប់នៅនឹងកដូច្នោះដែរ ដែលវា(ទង្វើ)មិនឃ្លាតចេញពីរូបគេឡើយ រហូតដល់គេជំនុំជម្រះលើរូបគេ។ ហើយយើងនឹងបញ្ចេញឲ្យគេនៅថ្ងៃបរលោកនូវសៀវភៅកំណត់ហេតុមួយ ដែលនៅក្នុងសៀវភៅនោះ គឺមានរាល់អ្វីៗទាំងអស់ដែលគេបានសាង(កន្លងមក) ទាំងប្រការល្អនិងប្រការអាក្រក់ ដែលគេនឹងឃើញវាត្រូវបានបើកចំហនៅពីមុខរបស់គេ។
İsra' 17:14
ហើយនៅថ្ងៃនោះ យើងនឹងមានបន្ទូលទៅកាន់គេថាៈ ចូរអ្នក(មនុស្សលោក)អានសៀវភៅកំណត់ហេតុរបស់អ្នក ហើយគិតគូរ(គណនា)ដោយខ្លួនឯងចុះចំពោះទង្វើរបស់អ្នក(ដែលអ្នកបានសាងក្នុងលោកិយ)។ គ្រប់គ្រាន់ហើយនៅថ្ងៃបរលោកដោយរូបអ្នកគឺជាអ្នកដែលគិតគូរចំពោះខ្លួនឯងនោះ។
İsra' 17:15
ជនណាហើយដែលទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះ ពិតណាស់ផលបុណ្យនៃការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានវង្វេងនោះ ពិតណាស់ ទណ្ឌកម្មនៃការវង្វេងរបស់គេនោះ គឺធ្លាក់ទៅលើខ្លួនឯងប៉ុណ្ណោះ ហើយគ្មានបុគ្គលណាម្នាក់ទទួលរ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃនោះឡើយ។ ហើយយើងមិនដាក់ទណ្ឌកម្មទៅលើក្រុមណាមួយឡើយ លុះត្រាតែយើងមានអំណះអំណាងគ្រប់គ្រាន់ ដោយការបញ្ជូនបណ្តាអ្នកនាំសារទៅកាន់ពួកគេជាមុនសិន។
İsra' 17:16
ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយដោយសារតែការបំពានរបស់ពួកគេនោះ យើងបានបញ្ជាឲ្យអ្នកដែលរមិលចំពោះឧបការគុណ(របស់យើង)នោះ គោរពប្រតិបត្តិ(មកចំពោះយើង) តែពួកគេមិនបានគោរពតាមនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រឆាំង និងងាកចេញពីការគោរពប្រតិបត្តិ(ចំពោះយើង)ទៅវិញ។ ដូច្នេះ ពាក្យសម្តីដាក់ទណ្ឌកម្មពួកគេឲ្យផុតពូជនោះ គឺបានកើតឡើងយ៉ាងពិតប្រាកដទៅលើពួកគេ ហើយពេលនោះ យើងក៏បានបំផ្លាញពួកគេឲ្យវិនាសសាបសូន្យ។
İsra' 17:17
ហើយមានប្រជាជាតិដែលបដិសេធជាច្រើនដែលយើងបានបំផ្លាញពួកគេបន្ទាប់ពីព្យាការីនួហ ដូចជាក្រុមអាទ និងពួកសាមូទជាដើម។ គ្រប់គ្រាន់ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាអ្នកដែលដឹង និងឃើញបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេចំពោះវា(បាបកម្ម)។
İsra' 17:18
ជនណាហើយដែលប្រាថ្នាចង់បានឆាកជីវិតលោកិយតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេមិនមានជំនឿនឹងថ្ងៃបរលោក និងមិនខ្វល់ខ្វាយពីវា(ថ្ងៃបរលោក)ទេនោះ យើងនឹងផ្ដល់ឲ្យគេនូវឧបការគុណភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនា មិនមែនទៅតាមអ្វីដែលគេមានចេតនា(ចង់បាន)នោះទេ។ បន្ទាប់មក យើងបានរៀបចំនរកជើហាន់ណាំឲ្យគេដែលគេនឹងចូលទៅក្នុងនោះនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្ដៅដ៏ក្តៅរបស់វា ជាការស្ដីបន្ទោសចំពោះការដែលគេជ្រើសយកលោកិយ និងការគ្មានជំនឿរបស់ពួកគេចំពោះថ្ងៃបរលោក ហើយនិងត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។
İsra' 17:19
រីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានផលបុណ្យនៅថ្ងៃបរលោកតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេបានតស៊ូប្រឹងប្រែងធ្វើវាដោយគា្មនភាពរីយ៉ាក(ធ្វើអ្វីមួយដើម្បីគ្រាន់តែឲ្យគេឃើញ) និងមិនចង់បានកេរ្តិ៍ឈ្មោះ ហើយគេជាអ្នកដែលមានជំនឿនឹងអ្វីដែលអល់ឡោះដាក់កាតព្វកិច្ចឲ្យមានជំនឿចំពោះវាទៀតនោះ ពិតណាស់ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលយកឯអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
İsra' 17:20
យើងនឹងបន្ថែមឲ្យក្រុមនីមួយៗក្នុងចំណោមពួកគេ ទាំងក្រុមដែលសាងទង្វើអាក្រក់ និងក្រុមដែលសាងទង្វើល្អនោះនូវការប្រោសប្រទានពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយឥតមានការកាត់ផ្តាច់ឡើយ។ ហើយការប្រោសប្រទាននៃម្ចាស់របស់អ្នកនៅក្នុងលោកិយនេ គឺមិនត្រូវបានរារាំងពីនរណាម្នាក់ឡើយ មិនថាអ្នកដែលសាងទង្វើល្អ ឬអ្នកដែលសាងទង្វើអាក្រក់នោះទេ។
İsra' 17:21
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឲ្យមានភាពប្រសើរជាងគ្នាចំពោះលាភសក្ការៈនិងឋានៈសក្តិនៅក្នុងលោកិយនេះយ៉ាងដូចម្ដេច? ហើយនៅថ្ងៃបរលោកវិញ ពួកគេមានភាពខុសគ្នាខ្លាំងបំផុតចំពោះកម្រិតនៃឧបការគុណជាងឆាកជីវិតលោកិយនេះទៅទៀត និងមានភាពល្អប្រសើរជាងគ្នាធំធេងបំផុត។ ដូច្នេះ ចូរឲ្យអ្នកដែលមានជំនឿយកចិត្តទុកដាក់ចំពោះវា(ថ្ងៃបរលោក)។
İsra' 17:22
ចូរអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)កុំបង្កើតម្ចាស់ផ្សេងដោយអ្នកគោរពសក្ការៈចំពោះវារួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកទទួលរងនូវការស្ដីបន្ទោសពីអល់ឡោះ និងពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសល ដោយគ្មានអ្នកដែលលើកសរសើរចំពោះអ្នកឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នកទទួលបរាជ័យ ដោយគ្មានអ្នកណាជួយសង្រ្គោះអ្នកនោះឡើយ។
İsra' 17:23
ហើយម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជា និងដាក់កាតព្វកិច្ចលើអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះឪពុកម្ដាយ ជាពិសេសនៅពេលដែលពួកគាត់ចូលដល់វ័យចាស់ជរា។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នកនោះ ចូរអ្នកកុំធុញទ្រាន់នឹងគាត់ទាំងពីរដោយការប្រើបា្រស់ពាក្យសម្ដីដែលបង្ហាញពីការមិនពេញចិត្តចំពោះពួកគាត់ កុំស្រែកគំហកដាក់គាត់ទាំងពីរ និងកុំប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ(មិនសមរម្យ)ទៅកាន់គាត់ទាំងពីរឲ្យសោះ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃដែលមានភាពទន់ភ្លន់។
İsra' 17:24
ហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយការឱនលំទោន និងមានក្ដីមេត្តាករុណាចំពោះគាត់ទាំងពីរ។ ហើយចូរអ្នកបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអាណិតស្រឡាញ់គាត់ទាំងពីរផងចុះ ដោយសារតែគាត់ទាំងពីរបានចិញ្ចឹមបីបាច់ថែរក្សាមកចំពោះខ្ញុំកាលពីខ្ញុំនៅតូច។
İsra' 17:25
ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកនៃភាពស្មោះសចំពោះទ្រង់នៅក្នុងការគោរពសក្ការៈ និងការសាងនូវអំពើល្អ ហើយនិងការធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើការនៀត(ចេតនា)របស់ពួកអ្នកក្នុងការគោរពសក្ការៈ និងការទំនាក់ទំនងរបស់ពួកអ្នកជាមួយនឹងឪពុកម្ដាយរបស់ពួកអ្នក និងជាមួយអ្នកផ្សេងក្រៅពីពួកគាត់ទាំងពីរ គឺជាចេតនាដែលល្អនោះ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុស។ ដូច្នេះ ជនណាហើយដែលបានសារភាពកំហុសពីការធ្វសប្រហែសរបស់គេកាលពីមុនចំពោះការគោរពប្រតិបត្តិចំពោះម្ចាស់របស់គេ ឬចំពោះឪពុកម្ដាយរបស់គេនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ។
İsra' 17:26
ហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឲ្យញាតិសន្ដាននូវសិទ្ធិរបស់គេ ដូចជាការភ្ជាប់សាច់សាលោហិត និងផ្ដល់ឲ្យជនក្រីក្រដែលមានតម្រូវការចាំបាច់ និងផ្ដល់ឲ្យអ្នកដំណើរដែលដាច់ស្បៀងក្នុងការធ្វើដំណើររបស់គេ។ ហើយចូរអ្នកកុំចំណាយទ្រព្យសម្បត្តិរបស់អ្នកក្នុងអំពើបាប ឬក៏ចំណាយដោយខ្ជះខ្ជាយឲ្យសោះ។
İsra' 17:27
ពិតប្រាកដណាស់ អ្នកដែលចំណាយទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំពើបាប និងអ្នកដែលចំណាយដោយខ្ជះខ្ជាយនោះ ពួកគេគឺជាបងប្អូនរបស់ពួកស្ហៃតន ដោយពួកគេប្រតិបត្តិតាមពួកស្ហៃតនដែលបានប្រើពួកគេឲ្យមានភាពខ្ជះខ្ជាយ។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងម្ចាស់របស់គេ(អល់ឡោះ) ដោយវាមិនធ្វើអ្វីក្រៅពីអំពើល្មើសនោះឡើយ ហើយវាក៏មិនប្រើគេឲ្យធ្វើអ្វី ក្រៅពីទង្វើដែលធ្វើឲ្យម្ចាស់របស់គេខឹងសម្បានោះដែរ។
İsra' 17:28
ហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បែរចេញមិនបានផ្ដល់(នូវការបរិច្ចាគទាន)ទៅឲ្យពួកគេ(ញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង)ដោយសារតែអ្នកគ្មានអ្វីផ្ដល់ឲ្យពួកគេ ដោយរង់ចាំការប្រទានលាភសក្ការៈពីអល់ឡោះជាម្ចាស់មកឲ្យអ្នកនោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសម្ដីដែលទន់ភ្លន់បំផុត ដូចជា អ្នកអាចបួងសួងសុំឲ្យពួកគេទទួលបាននូវលាភសក្ការៈដ៏ទូលំទូលាយ ឬក៏អ្នកសន្យានឹងពួកគេថា នឹងផ្ដល់ឲ្យពួកគេ ប្រសិនបើអល់ឡោះប្រទានលាភសក្ការៈជាទ្រព្យសម្បត្តិដល់អ្នក។
İsra' 17:29
ហើយចូរអ្នកកុំក្តាប់ដៃរបស់អ្នក(កំណាញ់)មិនហ៊ានចំណាយ ហើយក៏មិនត្រូវខ្ជះខ្ជាយហួសហេតុនៅក្នុងការចំណាយនោះដែរ ដែលជាហេតុធ្វើឲ្យអ្នកទទួលនូវការស្ដីបន្ទោសពីមនុស្សលោកចំពោះភាពកំណាញ់របស់អ្នកប្រសិនបើអ្នកក្ដាប់ដៃរបស់អ្នកជាប់(កំណាញ់)មិនហ៊ានចំណាយ និងធ្វើឲ្យអ្នកក្លាយជាអ្នកដែលគ្មានអ្វីនឹងចំណាយទៀត ប្រសិនបើអ្នកចំណាយខ្ជះខ្ជាយហួសហេតុ។
İsra' 17:30
ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់បើកទូលាយលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងត្បិតត្បៀតវាចំពោះជនណាដែលទ្រង់មានចេតនា ប្រកបដោយគតិបណ្ឌិតបំផុត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹង និងឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់ចាត់ចែងកិច្ចការរបស់ទ្រង់ចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា។
İsra' 17:31
ហើយចូរពួកអ្នកកុំសម្លាប់កូនចៅរបស់ពួកអ្នកព្រោះតែខ្លាចភាពក្រីក្រនាពេលអនាគតនៅពេលណាដែលពួកអ្នកចំណាយទៅលើពួកគេឲ្យសោះ។ យើងទេដែលជាអ្នកទទួលរ៉ាប់រងក្នុងការផ្គត់ផ្គង់លាភសក្ការៈដល់ពួកគេនោះ ហើយក៏ជាអ្នកទទួលរ៉ាប់រងចំពោះការផ្ដល់លាភសក្ការៈដល់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេ(កូនចៅ) គឺជាបាបកម្មមួយដ៏ធំបំផុត ព្រោះពួកគេគ្មានកំហុសអ្វីនោះឡើយ ហើយក៏គ្មានហេតុផលដែលចាំបាច់ត្រូវសម្លាប់ពួកគេនោះដែរ។
İsra' 17:32
ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីប្រការហ្ស៊ីណា និងត្រូវចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលជម្រុញចិត្តពួកអ្នកឲ្យប្រព្រឹត្តវា។ ពិតប្រាកដណាស់ វាជាទង្វើអសីលធម៌ដ៏អាក្រក់បំផុត និងជាមាគ៌ាដ៏អាក្រក់បំផុត ព្រោះវានាំទៅកាន់ការច្របូកច្របល់គ្នាចំពោះពូជអម្បូរ ហើយនិងទទួលទណ្ឌកម្មរបស់អល់ឡោះ។
İsra' 17:33
ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែលអល់ឡោះបានការពារឈាម(អាយុជីវិត)របស់គេ តាមរយៈការមានជំនឿ ឬតាមរយៈការផ្តល់សុវត្ថិភាពឲ្យសោះ លើកលែងតែអ្នកដែលមានមូលហេតុត្រឹមត្រូវដែលត្រូវសម្លាប់ប៉ុណ្ណោះ ដូចជាអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកដែលប្រព្រឹត្តហ្ស៊ីណាបន្ទាប់ពីរៀបការហើយ ឬការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ហើយអ្នកដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ដោយពុំមានមូលហេតុស្របច្បាប់ដែលត្រូវសម្លាប់ទេនោះ ជាការពិតណាស់ យើងបានប្រគល់ឲ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមត៌កពីគេនោះ នូវសិទ្ធិចាត់ចែងទៅលើឃាតករដែលបានសម្លាប់គេ។ ដូចនេះ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ)អាចទាមទារឲ្យសម្លាប់ឃាតករនោះវិញដោយអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ឬក៏អាចអភ័យទោស(មិនសម្លាប់)ឲ្យឃាតករតែម្តងដោយមិនទាមទារសំណង ឬអភ័យទោសឲ្យឃាតករដោយទាមទារសំណង។ ប៉ុន្តែ គេមិនត្រូវបំពានព្រំដែនដែលអល់ឡោះបានអនុញ្ញាតដល់គេនោះទេ ដូចជាការយកសាកសព(ឃាតករដែលស្លាប់)ទៅធ្វើទារុណកម្ម ឬក៏សម្លាប់អ្នកផ្សេងដែលមិនមែនជាឃាតករជាដើម។ ពិតប្រាកដណាស់ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ) គឺត្រូវបានគេជួយពង្រឹង និងជួយការពារ។
İsra' 17:34
ហើយចូរអ្នកកុំចាយវាយទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)ឲ្យសោះ លើកលែងតែលើប្រការដែលល្អ(ផ្ដល់ផលប្រយោជន៍)ដល់គេ(ក្មេងកំព្រា)ប៉ុណ្ណោះ ដូចជាការធ្វើឲ្យវា(ទ្រព្យសម្បត្តិក្មេងកំព្រានោះ)កើនឡើង(តាមរយៈការវិនិយោគជាដើម) ហើយត្រូវថែរក្សាទ្រព្យសម្បត្តិក្មេងកំព្រានោះ រហូតដល់គេធំដឹងក្តី ដែលចិត្តគំនិតនិងការយល់ដឹងរបស់គេមានភាពពេញលេញ។ ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យាដែលពួកអ្នកបានចុះរវាងពួកអ្នកនឹងអល់ឡោះ និង(កិច្ចសន្យាដែលបានចុះ)រវាងពួកអ្នកនឹងខ្ញុំរបស់ទ្រង់ ដោយមិនត្រូវក្បត់ឬកេងបំបាត់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងសួរអ្នកដែលចុះកិច្ចសន្យានៅថ្ងៃបរលោក ថាតើគេគោរពតាមកិច្ចសន្យាដែលគេបានចុះនោះដែរឬទេ។ ប្រសិនបើគេគោរពតាម នោះគេនឹងទទួលបាននូវការតបស្នងផលបុណ្យ តែប្រសិនបើគេមិនគោរពតាមវាទេនោះ គឺគេនឹងទទួលទណ្ឌកម្ម។
İsra' 17:35
ហើយចូរពួកអ្នកបំពេញនូវការវាល់ឲ្យបានពេញលេញនៅពេលដែលពួកអ្នកវាល់ឲ្យអ្នកដទៃ និងកុំកេងបំបាត់ពីគេឲ្យសោះ។ ហើយចូរអ្នកថ្លឹងនឹងជញ្ជីងដែលមានភាពសុក្រឹតត្រឹមត្រូវដែលវាមិនធ្វើឲ្យបាត់បង់អ្វីមួយ ឬក៏មិនគ្រប់(ភ្នែកជញ្ជីង)ឡើយ។ ការវាល់ និងការថ្លឹងឲ្យបានគ្រប់(ដោយមិនបន្លំ បំបាត់ ឬស៊ីភ្នែកជញ្ជីង)នោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក និងជាលទ្ធផលចុងក្រោយដ៏ប្រសើរបំផុតជាងការកេងបន្លំ តាមរយៈការកេងបំបាត់នៅក្នុងការវាល់ និងក្នុងការថ្លឹងនោះទៅទៀត។
İsra' 17:36
ហើយអ្នក(ឱកូនចៅអាហ្ទាំ)កុំប្រតិបត្តិតាមអ្វីដែលអ្នកមិនបានដឹងអំពីវា ដោយពួកអ្នកធ្វើតាមការប៉ាន់ស្មានឲ្យសោះ។ ពិតប្រាកដណាស់ មនុស្សលោកគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលគេបានប្រើប្រាស់ ដូចជា ត្រចៀក ភ្នែក និងចិត្តរបស់ពួកគេ(ដែលគេប្រើប្រាស់វា)ក្នុងប្រការល្អ ឬប្រការអាក្រក់។ ដូច្នេះ គេនឹងតបស្នងផលបុណ្យទៅលើប្រការល្អ និងដាក់ទណ្ឌកម្មទៅលើប្រការអាក្រក់។
İsra' 17:37
ហើយចូរអ្នកកុំដើរនៅលើផែនដីនេះដោយភាពក្រអឺតក្រទមនិងក្អេងក្អាងឲ្យសោះ។ ពិតប្រាកដណាស់ ទោះបីជាអ្នកដើរនៅលើវា(ផែនដី)ដោយភាពក្រអឺតក្រទមក៏ដោយ ក៏អ្នកមិនអាចពុះបំបែកផែនដីនឹងការដើរបស់អ្នកនោះឡើយ ហើយការឈររបស់អ្នក ក៏មិនអាចខ្ពស់ស្មើភ្នំនោះដែរ។ ដូច្នេះ តើមានអ្វីដែលអ្នកត្រូវក្រអឺតក្រទមនោះ?
İsra' 17:38
រាល់ប្រការដែលបានលើកឡើងខាងលើនេះ សុទ្ធតែជាប្រការអាក្រក់ដែលត្រូវបានហាមឃាត់ពីម្ចាស់របស់អ្នក(ឱមនុស្សលោកទាំងឡាយ)។ អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការប្រព្រឹត្តវានោះទេ តែផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើមបំផុតចំពោះវា។
İsra' 17:39
បទបញ្ជា ការហាមឃាត់ និងច្បាប់បញ្ញត្តិនានាដែលយើងបានបញ្ជាក់វាយ៉ាងច្បាស់លាស់ទាំងនោះហើយគឺជាអ្វីដែលម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)។ ហើយចូរអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំនាថ្ងៃបរលោក ដោយអ្នកស្ដីបន្ទោសចំពោះខ្លួនឯង ហើយមនុស្សលោកក៏ស្តីបន្ទោសអ្នកផងដែរ ហើយនិងត្រូវបានគេបណ្តេញចេញឲ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ។
İsra' 17:40
ឱអ្នកដែលអះអាងថា ជាការពិតណាស់ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ! តើសមរម្យដែរឬទេដែលថា ម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកសម្រាប់ខ្លួនទ្រង់ផ្ទាល់នូវម៉ាឡាអ៊ីកាត់ធ្វើជាបុត្រីនោះ? អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកអ្នកបាននិយាយ(ចោទប្រកាន់)។ ពិតប្រាកដណាស់ ពួកអ្នកពិតជានិយាយចោទប្រកាន់ទៅលើអល់ឡោះនូវពាក្យសម្ដីដ៏អាក្រក់បំផុតដោយពួកអ្នកចោទថា ទ្រង់មានបុត្រ និងអះអាងថាកូនស្រី គឺជាបុត្រីរបស់អល់ឡោះ ដែលវាជាការប្រឆាំងចំពោះទ្រង់យ៉ាងធ្ងន់ធ្ងរបំផុត។
İsra' 17:41
ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះនូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើនដើម្បីឲ្យមនុស្សលោកយកវាធ្វើជាមេរៀន ដោយពួកគេដើរតាមអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងបោះបង់នូវអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ។ តែជាក់ស្តែង ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលនិស្ស័យពីធម្មជាតិរបស់ពួកគេបាត់បង់នោះ ប្រការទាំងនោះគឺមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយពីការពិត និងការស្អប់ចំពោះការពិតនោះឡើយ។
İsra' 17:42
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើមានព្រះផ្សេងៗជាច្រើនរួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយប្រឌិតភូតកុហកមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់អល់ឡោះដែលជាម្ចាស់នៃអារ៉ស្ហ ដើម្បីយកឈ្នះ និងដណ្តើមអំណាចពីទ្រង់ជាមិនខាន។
İsra' 17:43
អល់ឡោះមហាបរិសុទ្ធ មហាស្អាតស្អំបំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់ចំពោះទ្រង់ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេ(ពួកមុស្ហរីគីន)និយាយ។
İsra' 17:44
មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងម៉ាខ្លូកទាំងអស់ដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដីសុទ្ធតែលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់នោះទេ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងសរសើររបស់ពួកវាឡើយ ពីព្រោះពួកអ្នកមិនយល់អ្វីក្រៅពីការលើកតម្កើងសរសើររបស់អ្នកដែលលើកតម្កើងសរសើរដោយអណ្ដាតរបស់ពួកអ្នកតែប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់នឹងមិនដាក់ទណ្ឌកម្មភ្លាមៗឡើយ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបានសារភាពកំហុសទៅចំពោះទ្រង់។
İsra' 17:45
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន ហើយពួកគេ(ពួកគ្មានជំនឿ)បានស្ដាប់ឮនូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការស្តីបន្ទោស និងដំបូន្មានទាំងឡាយនោះ គឺយើងបានដាក់របាំងមួយរវាងអ្នកនិងរវាងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដែលវានឹងរារាំងពួកគេមិនឲ្យយល់គម្ពីរគួរអាន ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះការងាកចេញរបស់ពួកគេ។
İsra' 17:46
ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឲ្យពួកគេយល់ពីគម្ពីរគួរអាន និងយើងបានធ្វើឲ្យត្រចៀករបស់ពួកគេធ្ងន់(ថ្លង់)ដើម្បីកុំឲ្យពួកគេស្ដាប់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។ ហើយនៅពេលដែលអ្នកបានរំលឹកពីម្ចាស់របស់អ្នកតែមួយគត់នៅក្នុងគម្ពីរគួរអាន និងមិនបានរំលឹកពីព្រះនានារបស់ពួកគេនោះ ពួកគេក៏បានបែរខ្នងរបស់ពួកគេចេញឆ្ងាយអំពីការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
İsra' 17:47
យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់គម្ពីរគួរអាននោះ។ ពិតប្រាកដណាស់ ពួកគេមិនចង់បានការចង្អុលបង្ហាញពីវា(គម្ពីរគួរអាន)នោះទេ ផ្ទុយទៅវិញ ពួកគេចង់មើលស្រាល និងលេងសើចនៅពេលដែលអ្នកសូត្រ(គម្ពីរគួរអាន)ប៉ុណ្ណោះ។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងខ្សឹបខ្សៀវគ្នាអំពីការបដិសេធនិងការរារាំងអ្នកដទៃពីការស្តាប់គម្ពីរគួរអាននោះ ខណៈដែលពួកបំពានទាំងនោះនិយាយទៅកាន់ខ្លួនឯងដោយភាពគ្មានជំនឿថាៈ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) មិនដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមដែលសតិបញ្ញារបស់គេច្របូកច្របល់នោះឡើយ។
İsra' 17:48
ចូរអ្នក(អ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលដោយហួសចិត្តចំពោះអ្វីដែលពួកគេបានចោទប្រកាន់អ្នកនូវលក្ខណៈដែលអាក្រក់ផ្សេងៗចុះ។ ដូច្នេះហើយទើបពួកគេវង្វេងចេញពីការពិត និងបានបែរចេញ ដោយពួកគេមិនទទួលបាននូវការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវឡើយ។
İsra' 17:49
ហើយពួកមុស្ហរីគីនបាននិយាយបដិសេធចំពោះការពង្រស់ឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)ថាៈ នៅពេលដែលពួកយើងបានស្លាប់ក្លាយទៅជាឆ្អឹង ហើយរាងកាយរបស់ពួកយើងរលួយទៅជាដីហើយនោះ តើពួកយើងពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញសារជាថ្មីឬ? វាពិតជាមិនអាចទៅរួចឡើយ។
İsra' 17:50
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ប្រសិនបើពួកអ្នកមានលទ្ធភាពនោះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្មដែលមានភាពរឹង ឬក៏ក្លាយទៅជាដែកដែលមានភាពខ្លាំងចុះ តែពួកអ្នកនឹងមិនអាចធ្វើបានជាដាច់ខាត។
İsra' 17:51
ឬក្លាយទៅជាអ្វីមួយផ្សេងទៀតដែលអស្ចារ្យជាងវាទាំងពីរ(ថ្មនិងដែក)ក្នុងចំណោមរបស់ដែលក្នុងចិត្តរបស់ពួកអ្នកគិតថាវាអស្ចារ្យចុះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលត្រឡប់ពួកអ្នកដូចអ្វីដែលទ្រង់បានចាប់ផ្ដើម(បង្កើត)ពួកអ្នក និងជាអ្នកពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូចដែលទ្រង់បានបង្កើតពួកអ្នកកាលពីលើកដំបូងនោះ។ ពេលនោះ ពួកដែលចចេសរឹងរូសទាំងនោះនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឲ្យយើងរស់ឡើងវិញបន្ទាប់ពីពួកយើងបានស្លាប់នោះ? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អ្នកដែលនឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនោះ គឺជាអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងដោយគ្មានគំរូពីមុនមកនោះឯង។ ពេលនោះពួកគេនឹងងក់ក្បាលដោយការចំអកដាក់អ្នកចំពោះការឆ្លើយតបរបស់អ្នកទៅកាន់ពួកគេ ហើយពួកគេនឹងនិយាយដោយមិនជឿថាវាអាចទៅរួចថាៈ តើការពង្រស់ឡើងវិញនេះនឹងកើតឡើងនៅពេលណា? ចូរអ្នកពោលទៅកាន់ពួកគេថាៈ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។
İsra' 17:52
អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឲ្យក្រោកចេញពីផ្នូរ)ទៅកាន់ទីវាលប្រមូលផ្តុំ។ ពេលនោះ ពួកអ្នកនឹងឆ្លើយតបដោយគោរពតាមបទបញ្ជារបស់ទ្រង់ ក្នុងនាមជាអ្នកដែលកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថាៈ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅក្នុងលោកិយនេះទេ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
İsra' 17:53
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿចំពោះយើង ដោយឲ្យពួកគេនិយាយតែពាក្យសម្ដីដែលល្អៗនៅពេលដែលពួកគេជជែកគ្នា និងឲ្យពួកគេចៀសវាងនូវពាក្យសម្ដីដែលមិនល្អ អសុរស ព្រោះថាស្ហៃតននឹងប្រើប្រាស់វា(ពាក្យសម្តីមិនល្អ) ដោយវាព្យាយាមបង្កភាពវឹកវររវាងពួកគេទាំងនៅក្នុងជីវិតរបស់ពួកគេនៅក្នុងលោកិយ និងជីវិតនាថ្ងៃបរលោក។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះមនុស្សលោក។ ដូច្នេះ គេត្រូវតែមានការប្រុងប្រយ័ត្នចំពោះវា។
İsra' 17:54
ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតចំពោះពួកអ្នកដោយគ្មានអ្វីមួយនៃពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រសិនបើទ្រង់មានចេតនាអាណិតស្រឡាញ់ពួកអ្នកនោះ ទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយចង្អុលបង្ហាញពួកអ្នកឲ្យមានជំនឿនិងសាងទង្វើកុសលជាមិនខាន។ តែប្រសិនបើទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកអ្នកនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកដោយឲ្យពួកអ្នកងាកចេញពីការមានជំនឿ និងធ្វើឲ្យពួកអ្នកស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿជាមិនខាន។ ហើយយើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកគាំពារពួកគេ ដោយអ្នកអាចបង្ខំពួកគេឲ្យមានជំនឿ និងហាមឃាត់ពួកគេពីភាពគ្មានជំនឿ ព្រមទាំងកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយ(សារ)អំពីអល់ឡោះនូវអ្វីដែលទ្រង់បានបង្គាប់ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាតែប៉ុណ្ណោះ។
İsra' 17:55
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ដឹងបំផុតពីស្ថានភាពរបស់ពួកគេ និងអ្វីដែលពួកគេសក្តិសមនឹងទទួលបាន។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឲ្យមានភាពល្អប្រសើរជាងព្យាការីមួយចំនួនទៀត ដោយឲ្យពួកគេមានអ្នកដើរតាមច្រើន និងដោយការបញ្ចុះគម្ពីរនានា(ទៅឲ្យពួកគេ)។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវគម្ពីរមួយ នោះគឺគម្ពីរហ្សាពួរ។
İsra' 17:56
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីពួកដែលពួកអ្នកបានអះអាងថា ពួកគេគឺជាព្រះផ្សេងពីអល់ឡោះនោះចុះនៅពេលដែលអល់ឡោះទម្លាក់គ្រោះថ្នាក់ទៅលើពួកអ្នកនោះ។ ជាការពិតណាស់ ពួកវា(ព្រះនានា)មិនអាចបញ្ចៀសគ្រោះថ្នាក់ចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(គ្រោះថ្នាក់)ទៅឲ្យអ្នកផ្សេងក្រៅពីពួកអ្នកនោះដែរ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយជនណាដែលអសមត្ថភាពនោះ គឺមិនមែនជាព្រះនោះឡើយ។
İsra' 17:57
អ្នកដែលពួកមុស្ហរីគីននៅបួងសួងសុំពីពួកគេ ដូចជាម៉ាឡាអ៊ីកាត់ជាដើមនោះ ពួកគេខ្លួនឯងក៏ស្វែងរកអ្វីដែលអាចបញ្ជិតខ្លួនរបស់ពួកគេទៅកាន់អល់ឡោះជាម្ចាស់ដូចគ្នាដែរ ដូចជាការសាងទង្វើកុសលជាដើម ហើយពួកគេប្រកួតប្រជែងគ្នា ថាតើនរណាម្នាក់ក្នុងចំណោមពួកគេដែលជិតនឹងអល់ឡោះជាងគេតាមរយៈការគោរពប្រតិបត្តិ ហើយពួកគេសង្ឃឹមថាទ្រង់នឹងអាណិតស្រឡាញ់ពួកគេ ហើយពួកគេខ្លាចទ្រង់ដាក់ទណ្ឌកម្មពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។
İsra' 17:58
ហើយគ្មានភូមិស្រុកណាមួយ ឬក៏ទីក្រុងណាមួយ(ដែលគ្មានជំនឿហើយប្រឆាំងនឹងអ្នកនាំសារ)នោះទេ លើកលែងតែយើងជាអ្នកទម្លាក់ទណ្ឌកម្មទៅលើវា(ភូមិស្រុក) និងបំផ្លាញវាឲ្យអន្តរាយនៅក្នុងជីវិតលោកិយនេះដោយសារតែភាពគ្មានជំនឿរបស់ពួកគេ(អ្នកស្រុកភូមិ) ឬក៏យើងបង្កភាពវឹកវរដល់វា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា តាមរយៈការសម្លាប់ ឬផ្សេងពីនោះ ព្រោះតែភាពគ្មានជំនឿរបស់វា។ ការបំផ្លាញ និងការដាក់ទណ្ឌកម្ម¬ទាំងនោះ គឺជាការកំណត់របស់ព្រះជាម្ចាស់(អល់ឡោះ)ដែលត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។
İsra' 17:59
ហើយយើងមិនបានបញ្ឈប់ការបញ្ចុះសញ្ញាភស្តុតាងអច្ឆរិយភាពទាំងឡាយដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកនាំសារដែលពួកមុស្ហរីគីនបានទាមទារ ដូចជាការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញនោះទេ លើកលែងតែដោយសារតែយើងបានបញ្ចុះវាទៅកាន់ប្រជាជាតិជំនាន់មុនរួចមកហើយ តែពួកគេនៅតែបដិសេធ(មិនជឿ)ចំពោះវា(សញ្ញាភស្តុតាង)ដដែល។ ជាការពិតណាស់ យើងបានប្រទានឲ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងមួយដ៏ធំធេងនិងច្បាស់លាស់ នោះគឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាប្រឆាំងនឹងវា។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេភ្លាមៗ។ ហើយយើងមិនបានបញ្ចុះអច្ឆរិយភាពទៅឲ្យបណ្តាអ្នកនាំសារនោះឡើយ លើកលែងតែដើម្បីជាការបន្លាចដល់ប្រជាជាតិរបស់ពួកគេតែប៉ុណ្ណោះ សង្ឃឹមថាពួកគេនឹងប្រគល់ខ្លួន(ចូលកាន់សាសនាឥស្លាម)។
İsra' 17:60
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលយើងបានប្រាប់អ្នកថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សលោកដោយអានុភាព(របស់ទ្រង់) ពីព្រោះពួកគេស្ថិតក្នុងកណ្ដាប់ដៃរបស់ទ្រង់ ហើយអល់ឡោះគឺជាអ្នករារាំង(ការពារ)អ្នកពីពួកគេ។ ដូច្នេះ ចូរអ្នកផ្សព្វផ្សាយនូវអ្វីដែលគេបង្គាប់ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាចុះ។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឲ្យបានឃើញផ្ទាល់នឹងភ្នែកនៅយប់អ៊ីសរ៉កឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ ថាតើពួកគេជឿចំពោះវា ឬក៏បដិសេធនឹងវា? ហើយយើងក៏មិនបានបង្កើតដើមហ្សឹកគូមដែលគេបានលើកឡើងនៅក្នុងគម្ពីរគួរអាននោះ ថាវាពិតជាត្រូវបានដាំនៅបាតនរកជើហ៊ីមនោះដែរ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ប្រសិនពួកគេមិនមានជំនឿនឹងភស្តុតាងទាំងពីរនេះទេនោះ ពួកគេក៏មិនមានជំនឿចំពោះអ្វីផ្សេងក្រៅពីភស្តុតាងទាំងពីរនេះនោះដែរ។ ហើយយើងបានបន្លាចពួកគេ(នូវទណ្ឌកម្ម)ដោយការបញ្ចុះនូវភស្តុតាងជាច្រើន តែការបន្លាច(ពួកគេ)ដោយការបញ្ចុះសញ្ញាភស្តុតាងទាំងនោះ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការបន្ថែមនូវភាពគ្មានជំនឿ និងការបន្តស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។
İsra' 17:61
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះព្យាការីអាហ្ទាំ ដែលជាការស៊ូជូតបែបស្វាគមន៍ មិនមែនជាការស៊ូជូតក្នុងន័យគោរពសក្ការៈនោះទេ។ ពេលនោះ ពួកគេក៏បានធ្វើតាម និងឱនស៊ូជូតទៅកាន់គេ(ព្យាការីអាហ្ទាំ)ទាំងអស់គ្នា។ ក៏ប៉ុន្តែ អ៊ីព្លីសវិញ បែរជាបដិសេធដោយភាពក្រអឺតក្រទមមិនព្រមស៊ូជូតទៅចំពោះគេ(ព្យាការីអាហ្ទាំ)នោះទេ ដោយវាបាននិយាយថាៈ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលទ្រង់បានបង្កើតពីដីឥដ្ឋ ទាំងដែលខ្ញុំត្រូវបានទ្រង់បង្កើតពីភ្លើងឬ? ពិតប្រាកដណាស់ ខ្ញុំល្អប្រសើរជាងរូបគេ(ព្យាការីអាហ្ទាំ) ។
İsra' 17:62
អ៊ីព្លីសបាននិយាយទៅកាន់ម្ចាស់របស់វាថាៈ តើទ្រង់យល់ឃើញថា ម៉ាខ្លូកមួយនេះឬដែលទ្រង់បានលើកតម្កើងគេជាងខ្ញុំ ដោយទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំស៊ូជូតទៅចំពោះគេនោះ? ប្រសិនបើទ្រង់ទុកជីវិតឲ្យខ្ញុំ រហូតដល់ពេលចុងក្រោយនៃជីវិតលោកិយ(ថ្ងៃបរលោកមកដល់)នោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេ និងធ្វើឲ្យពួកគេវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ទ្រង់ជាមិនខាន លើកលែងតែ(មនុស្ស)មួយចំនួនតូចក្នុងចំណោមអ្នកដែលទ្រង់ការពារពួកគេប៉ុណ្ណោះ ហើយពួកគេ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ទ្រង់។
İsra' 17:63
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់វាវិញថាៈ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេនោះទៅចុះ។ ពិតប្រាកដណាស់ នរកជើហាន់ណាំនោះ គឺជាការតបស្នងចំពោះឯង និងជាការតបស្នងសម្រាប់ពួកគេ ដែលវាជាការតបស្នងមួយយ៉ាងពេញលេញចំពោះទង្វើរបស់ពួកឯង(អ៊ីព្លិស និងអ្នកដែលដើរតាមវា)។
İsra' 17:64
ហើយចូរឯង(អ៊ីព្លិស)លួងលោមអ្នកទាំងឡាយណាដែលឯងអាចលួងលោមគេបានក្នុងចំណោមពួកគេ(កូនចៅអាហ្ទាំ)ដោយប្រើសម្លេងរបស់ឯងអំពាវនាវ(ពួកគេ)ទៅកាន់អំពើល្មើស(ដោយអំពាវនាវពួកគេឲ្យដើរខុសពីការណែនាំរបស់អល់ឡោះ) ហើយចូរឯងប្រមូលទ័ពសេះរបស់ឯង និងទ័ពថ្មើរជើងរបស់ឯងឲ្យពួកគេគោរពប្រតិបត្តិតាមឯងចុះ។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិរបស់ពួកគេ តាមរយៈការតុបតែងលម្អរាល់ការចំណាយរបស់ពួកគេ(ឲ្យពួកគេចំណាយ)ដែលផ្ទុយពីច្បាប់(របស់អល់ឡោះ) និងចូលរួមជាមួយពួកគេនៅក្នុងកូនចៅរបស់ពួកគេតាមរយៈការអំពាវនាវពួកគេ(កូនចៅ)ឲ្យបដិសេធ និងជម្រុញពួកគេឲ្យប្រព្រឹត្តហ្ស៊ីណា និងឲ្យពួកគេគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះនៅពេលដែលពួកគេដាក់ឈ្មោះ(ឲ្យកូនចៅ)ចុះ។ ហើយចូរឯងលម្អសម្រាប់ពួកគេដោយការសន្យាភូតកុហក និងក្តីស្រមៃដែលមិនត្រឹមត្រូវនោះចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការសន្យាភូតកុហកដែលជាការបោកប្រាស់ពួកគេនោះឡើយ។
İsra' 17:65
ពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដែលគោរពប្រតិបត្តិចំពោះយើងនោះ គឺឯង(ឱអ៊ីព្លីស)មិនអាចគ្រប់គ្រងពួកគេបានឡើយ ព្រោះអល់ឡោះបានការពារពួកគេពីប្រការអាក្រក់របស់ឯងហើយ។ គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាអ្នកគាំពារ សម្រាប់ជនណាដែលប្រគល់ការទុកចិត្តទៅចំពោះទ្រង់នៅក្នុងកិច្ចការនានារបស់គេនោះ។
İsra' 17:66
ម្ចាស់របស់អ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឲ្យសំពៅដំណើការបាននៅលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងស្វែងរកលាភសក្ការៈរបស់ទ្រង់ដោយទទួលបានផលចំណេញពីការជួញដូរ និងអ្វីផ្សេងទៀត។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នក ខណៈពេលដែលទ្រង់ជួយសម្រួលនូវមធ្យោបាយ(ធ្វើដំណើរ)ទាំងអស់នេះសម្រាប់ពួកអ្នក។
İsra' 17:67
ហើយនៅពេលដែលមហន្តរាយ និងប្រការអាក្រក់ផ្សេងៗបានកើតឡើងចំពោះពួកអ្នក(ពួកមុស្ហរីគីន)នៅលើផ្ទៃសមុទ្ររហូតដល់ធ្វើឲ្យពួកអ្នកមានការភ័យខ្លាចទទួលនូវវិនាសកម្មនោះ អ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈក្រៅពីអល់ឡោះនោះបានបាត់បង់ពីចិត្តរបស់ពួកអ្នកអស់ ហើយពួកអ្នកមិននឹកឃើញ(ពួកវា)នោះទេ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយពួកអ្នកក៏បានសុំជំនួយពីទ្រង់។ ក៏ប៉ុន្តែនៅពេលដែលទ្រង់បានជួយពួកអ្នក និងធ្វើឲ្យពួកអ្នកមានសុវត្ថិភាពពីអ្វីដែលពួកអ្នកមានការភ័យខ្លាច និងបានសង្រ្គោះពួកអ្នកឲ្យបានមកដល់លើគោកនោះ ពួកអ្នកបែរជាងាកចេញពីការមានជំនឿចំពោះទ្រង់តែមួយគត់ និង(ងាកចេញពី)ការបួងសួងសុំចំពោះទ្រង់តែមួយគត់ ហើយពួកអ្នកបានវិលត្រឡប់ទៅរកព្រះនានារបស់ពួកអ្នកទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។
İsra' 17:68
តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬទេនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកឲ្យទៅបានទៅដល់ដីគោកនោះ ដោយអល់ឡោះធ្វើឲ្យវា(ដីគោក)បាត់ស្រុតស្រូបយកពួកអ្នក(ទៅក្នុងដី)នោះ? ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលទ្រង់បញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកអ្នក ដូចដែលទ្រង់បានធ្វើចំពោះក្រុមរបស់ព្យាការីលូត បន្ទាប់មកពួកអ្នកគ្មានអ្នកការពារដែលនឹងការពារពួកអ្នក ហើយក៏គ្មានអ្នកជួយដែលនឹងរារាំងពួកអ្នកពីគ្រោះមហន្តរាយដែរនោះ?
İsra' 17:69
ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលអល់ឡោះបញ្ជូនពួកអ្នកត្រឡប់ទៅសមុទ្រម្ដងទៀត ក្រោយមកទ្រង់បញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លាទៅលើពួកអ្នក ពេលនោះទ្រង់ធ្វើឲ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកចំពោះឧបការគុណរបស់អល់ឡោះនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកលើកដំបូងនោះ? បន្ទាប់មក ពួកអ្នកគ្មានអ្នកទាមទារដែលនឹងស្នើរសុំពីយើងនូវអ្វីដែលយើងធ្លាប់បានធ្វើចំពោះពួកអ្នក ជាការជួយដល់ពួកអ្នកទៀតនោះទេ។
İsra' 17:70
ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក) តាមរយៈការផ្តល់ឲ្យពួកគេនូវប្រាជ្ញាស្មារតី(ចេះគិតពិចារណា) និងការឲ្យម៉ាឡាអ៊ីកាត់ស៊ូជោតទៅកាន់ឪពុករបស់ពួកគេជាដើម។ ហើយយើងបានសម្រួលមធ្យោបាយធ្វើដំណើរដល់ពួកគេដូចជាសត្វជំនិះ និងយាន្តជំនិះដែលអាចដឹកជញ្ជូនពួកគេនៅលើដីគោក ហើយនិងសំពៅដែលអាចដឹកជញ្ជូនពួកគេនៅលើសមុទ្រ។ ហើយយើងបានប្រទាបឲ្យពួកគេនូវលាភសក្ការៈល្អៗអំពីចំណីអាហារ ភេសជ្ជៈ និងអ្វីផ្សេងពីនេះទៀត។ ហើយយើងបានលើកតម្កើងពួកគេប្រសើរជាងម៉ាខ្លូកដទៃដែលយើងបានបង្កើតមក។ ហេតុនេះ ចាំបាច់លើពួកគេ(មនុស្សលោក)ត្រូវថ្លែងអំណរគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ។
İsra' 17:71
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលយើងនឹងហៅរាល់ក្រុមនីមួយៗជាមួយនឹងមេដឹកនាំរបស់ពួកគេ ដែលពួកគេធ្លាប់បានដើរតាមគេ(មេដឹកនាំនោះ)កាលនៅក្នុងលោកិយនេះ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួនដោយភាពសប្បាយរីករាយ ហើយពួកគេនឹងមិនត្រូវបានគេបំបាត់ផលបុណ្យរបស់ពួកគេសូម្បីតែបន្តិចឡើយ បើទោះបីជាវាមានទំហំតូចប៉ុនសរសៃឆ្មារដែលស្ថិតនៅក្នុងផ្លែល្មើក៏ដោយ។
İsra' 17:72
ហើយជនណាដែលនៅក្នុងជីវិតលោកិយនេះ ដួងចិត្តរបស់គេងងឹតមិនព្រមទទួលយកសេចក្តីពិត និងគោរពតាមវាទេនោះ គឺអ្នកនោះកាន់តែងងឹតថែមទៀតនៅថ្ងៃបរលោក ដោយគេមិនទទួលបានការបង្ហាញផ្លូវទៅកាន់ឋានសួគ៌ឡើយ ហើយរឹតតែវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញថែមទៀត។ ហើយការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានសាង។
İsra' 17:73
ហើយជាការពិតណាស់ ពួកមុស្ហរីគីនស្ទើរតែធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីគម្ពីរគួរអានដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកដើម្បីឲ្យអ្នកប្រឌិតអ្វីផ្សេងពីវា(គម្ពីរគួរអាន)មកលើយើងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកគេទៅហើយ។ ហើយប្រសិនបើអ្នកធ្វើតាមអ្វីដែលពួកគេចង់បានមែននោះ ពួកគេពិតជាជ្រើសរើសអ្នកធ្វើជាមិត្តសម្លាញ់(របស់ពួកគេ)មិនខាន។
İsra' 17:74
ហើយប្រសិនបើយើងមិនបានប្រោសប្រទានដល់អ្នកតាមរយៈការពង្រឹងរូបអ្នកឲ្យស្ថិតនៅលើសេចក្តីពិតទេនោះ ពិតប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។ ពេលនោះ អ្នកនឹងយល់ស្របជាមួយពួកគេនូវអ្វីដែលពួកគេស្នើមកកាន់អ្នកជាមិនខាន ដោយសារតែការបោកបញ្ឆោតនិងការបោកប្រាស់ដ៏ខ្លាំងក្លារបស់ពួកគេ ខណៈដែលអ្នកយកចិត្តទុកដាក់ចំពោះការមានជំនឿរបស់ពួកគេនោះ។ ក៏ប៉ុន្តែយើងបានការពារអ្នកពីការទោរទន់ទៅរកពួកគេ។
İsra' 17:75
ហើយប្រសិនបើអ្នកទោរទន់ទៅរកពួកគេចំពោះអ្វីដែលពួកគេស្នើសុំមកចំពោះអ្នកមែននោះ យើងប្រាកដជានឹងឲ្យអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មទ្វេដងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ បន្ទាប់មក អ្នកនឹងគ្មានឃើញអ្នកជួយណាដែលគេនឹងជួយអ្នកប្រឆាំងនឹងយើង និងការពារអ្នកពីទណ្ឌកម្ម(របស់យើង)ឡើយ។
İsra' 17:76
ជាការពិតណស់ ពួកគ្មានជំនឿស្ទើរតែបំភិតបំភ័យអ្នកដោយភាពជាសត្រូវរបស់ពួកគេចំពោះអ្នកដើម្បីបណ្ដេញអ្នកឲ្យចេញពីទឹកដីម៉ាក្កះទៅហើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានរារាំងពួកគេពីការបណ្ដេញអ្នក រហូតទាល់តែអ្នកបានភៀសខ្លួនចេញតាមបទបញ្ជានៃម្ចាស់របស់អ្នក។ ហើយប្រសិនបើពួកគេបណ្ដេញអ្នកចេញបានមែននោះ ពួកគេក៏នឹងមិនអាចរស់នៅកន្លែងនោះក្រោយពីបណ្ដេញអ្នកចេញនោះឡើយ លើកលែងតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
İsra' 17:77
ច្បាប់ដែលកំណត់ថា មិនឲ្យពួកគេរស់នៅទីនោះបន្ទាប់ពី(ពួកគេបានបណ្តេញ)អ្នក លើកលែងតែមួយររយៈពេលដ៏ខ្លីនោះ គឺជាច្បាប់របស់អល់ឡោះដែលបានកំណត់រួចជាស្រេចចំពោះបណ្តាអ្នកនាំសារទាំងឡាយមុនអ្នក នោះគឺ អ្នកនាំសារណាម្នាក់ដែលក្រុមរបស់គាត់បានបណ្ដេញគាត់ចេញពី(ទឺកដី)ពួកគេនោះ គឺអល់ឡោះនឹងបញ្ចុះទណ្ឌកម្មទៅលើពួកគេ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ច្បាប់របស់យើងមានការកែប្រែឡើយ។ ផ្ទុយទៅវិញ អ្នកនឹងឃើញវានៅស្ថិតស្ថេរបែបនេះជារៀងរហូត។
İsra' 17:78
ចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញនៅក្នុងពេលវេលារបស់វា គឺចាប់ផ្ដើមពីថ្ងៃជ្រេ ដែលក្នុងនោះ គឺរួមបញ្ចូលទាំងការសឡាតហ្ស៊ូហូរ និងសឡាតអាសើរ រហូតដល់ពេលយប់ងងឹត ដែលក្នុងនោះ គឺរួមបញ្ចូលទាំងការសឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា។ ហើយចូរអ្នកប្រតិបត្តិសឡាតស៊ូពុស និងចូរសូត្រឲ្យបានវែងនៅក្នុងការសឡាតស៊ូពុសនោះ។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺមានវត្តមានទាំងម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃ(ធ្វើជាសាក្សី)។
İsra' 17:79
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាត ដើម្បីឲ្យការសឡាតរបស់អ្នកនោះគឺកាន់តែបន្ថែម(លើកតម្កើង)ឋានៈរបស់អ្នកឲ្យកាន់តែខ្ពង់ខ្ពស់ ដោយសង្ឃឹមថានៅថ្ងៃបរលោក ម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យធ្វើជាអ្នកអន្តរាគមន៍ដល់មនុស្សលោកអំពីអ្វីដែលពួកគេកំពុងតែមានការភ័យរន្ធត់នៅថ្ងៃបរលោកនោះ ហើយវានឹងក្លាយជាកន្លែងអន្តរាគមន៍មួយដ៏ធំធេងសម្រាប់អ្នក ដែលអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយកោតសរសើរ។
İsra' 17:80
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យរាល់ច្រកចូលរបស់ខ្ញុំនិងច្រកចេញរបស់ខ្ញុំទាំងអស់ ស្ថិតនៅក្នុងការគោរពប្រតិបត្តិចំពោះទ្រង់ និងស្ថិតនៅលើការពេញចិត្តចំពោះទ្រង់ផងចុះ។ ហើយសូមទ្រង់មេត្តាប្រទានឲ្យខ្ញុំនូវភស្តុតាងយ៉ាងច្បាស់លាស់ពីទ្រង់ផង ដែលទ្រង់នឹងជួយដល់ខ្ញុំតាមរយៈវាឲ្យយកឈ្នះលើសត្រូវរបស់ខ្ញុំ។
İsra' 17:81
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ សាសនាឥស្លាមបានមកដល់ ហើយអ្វីដែលអល់ឡោះបានសន្យាថានឹងជួយនោះបានក្លាយជាការពិត។ ហើយប្រការស្ហ៊ីរិក(ពហុទេពនិយម) និងការប្រឆាំង(ភាពគ្មានជំនឿ) ត្រូវបានរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវរលាយសាបសូន្យដោយមិនអាចគង់វង្សនៅពីមុខការពិតបានឡើយ។
İsra' 17:82
ហើយយើងបានបញ្ចុះ(ឲ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាឱសថព្យាបាលដួងចិត្តពីភាពល្ងង់ខ្លៅ ភាពគ្មានជំនឿ និងការមន្ទិលសង្ស័យ ហើយក៏ជាឱសថព្យាបាលរាងកាយផងដែរនៅពេលដែលអ្នកស្តោះផ្លុំនឹងវានោះ ហើយវាក៏ជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿដែលអនុវត្តតាមវាផងដែរ។ ហើយគម្ពីរគួរអាននេះមិនបានបន្ថែមអ្វីដល់ពួកគ្មានជំនឿក្រៅពីការវិនាសនោះឡើយ ដោយសារតែការស្ដាប់គម្ពីរគួរអានធ្វើឲ្យពួកគេមានភាពក្តៅក្រហាយ ហើយវាកាន់តែបន្ថែមឲ្យពួកគេនូវការបដិសេធ និងការបែរចេញអំពីវា។
İsra' 17:83
ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក ដូចជាសុខភាពល្អ និងភាពមានបាននោះ ពួកគេបែរចេញពីការថ្លែងអំណរគុណចំពោះអល់ឡោះ និងការគោរពប្រតិបត្តិចំណោះទ្រង់ ព្រមទាំងបានចាកចេញដោយភាពក្រអឺតក្រទម។ ហើយនៅពេលដែលពួកគេទទួលរងនូវជំងឺ និងភាពក្រខ្សត់ជាដើមនោះ គឺគេអស់សង្ឃឹមបំផុតពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។
İsra' 17:84
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ មនុស្សគ្រប់រូបតែងតែប្រព្រឹត្តទៅតាមមាគ៌ារបស់គេដែលស្រដៀងទៅនឹងស្ថានភាពរបស់គេ ទាំងក្នុងការចង្អុលបង្ហាញនិងការវង្វេង(ពីមាគ៌ាដ៏ត្រឹមត្រូវ)។ ដូច្នេះ ម្ចាស់របស់ពួកអ្នកដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវជាងគេ។
İsra' 17:85
ហើយពួកគ្មានជំនឿក្នុងចំណោមពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដា និងពួកណាសរ៉នី)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីធាតុពិតនៃវិញ្ញាណ។ ពេលនោះ ចូរអ្នកពោលទៅកាន់ពួកគេវិញថាៈ គ្មាននរណាម្នាក់ដឹងពីធាតុពិតនៃវិញ្ញាណក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ ហើយពួកអ្នក និងម៉ាខ្លូកទាំងអស់មិនត្រូវបានគេផ្តល់ឲ្យនូវចំណេះដឹង(អំពីវិញ្ញាណ)នោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ បើធៀបទៅនឹងចំណេះដឹង(គ្មានដែនកំណត់)របស់អល់ឡោះជាម្ចាស់នោះ។
İsra' 17:86
សូមស្បថនឹងអល់ឡោះ! ប្រសិនបើយើង(អល់ឡោះ)មានចេតនាលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយការលុបបំបាត់វាចេញពីដួងចិត្ត និងពីបណ្តាគម្ពីរទាំងឡាយ(ដែលបានកត់ត្រា)នោះ យើងប្រាកដជានឹងលុបបំបាត់វាជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយអ្នក និងទទួលរ៉ាប់រងក្នុងការនាំវាត្រឡប់មកវិញនោះឡើយ។
İsra' 17:87
ប៉ុន្តែ យើងមិនបានលុបបំបាត់វានោះទេ ជាក្ដីមេត្តាករុណាពីម្ចាស់របស់អ្នក ហើយយើងបានថែរក្សាទុកវា។ ពិតប្រាកដណាស់ ការប្រោសប្រទានពីម្ចាស់របស់អ្នកចំពោះអ្នក គឺធំធេងបំផុត ខណៈដែលទ្រង់បានធ្វើឲ្យអ្នកក្លាយទៅជាអ្នកនាំសារ និងបិទបញ្ចប់ការបញ្ជូនព្យាការីទាំងឡាយនឹងអ្នក(ឲ្យអ្នកក្លាយជាព្យាការីចុងក្រោយបង្អស់) និងបានបញ្ចុះគម្ពីរគួរអានមកឲ្យអ្នក។
İsra' 17:88
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើមនុស្សលោកទាំងអស់ រួមនិងជិន ប្រមូលផ្ដុំគ្នាដើម្បីចងក្រងគម្ពីរមួយដែលមានឃ្លោងឃ្លាចំណាប់ចុងជួន និងមានរចនាបថល្អ ឲ្យដូចទៅនឹងគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យអ្នកនោះ គឺពួកគេមិនអាចចងក្រងឲ្យដូចនឹងគម្ពីរគួរអានបាននោះឡើយ បើទោះបីជាពួកគេប្រឹងប្រែងជួយគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។
İsra' 17:89
ហើយជាការពិតណាស់ យើងបានបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ និងបានបែងចែកនៅក្នុងវាជាប្រភេទផ្សេងៗគ្នាអំពីរាល់ប្រការទាំងឡាយដែលគេអាចយកជាមេរៀន ដូចជា ការណែនាំ មេរៀន បទបញ្ជា ការហាមឃាត់ និងរឿងរ៉ាវអ្នកជំនាន់មុន ដោយសង្ឃឹមថាពួកគេនឹងមានជំនឿ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនគ្មានអ្វីក្រៅពីការបដិសេធ និងប្រឆាំងចំពោះគម្ពីរគួរអាននេះនោះឡើយ។
İsra' 17:90
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ពួកយើងនឹងមិនជឿអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឲ្យប្រភពទឹកផុសចេញពីទឺកដីនៅម៉ាក្កះដែលមិនចេះរីងស្ងួតសម្រាប់ពួកយើងសិន។
İsra' 17:91
ឬក៏អ្នកមានចម្ការមួយដែលមានដើមឈើជាច្រើន ព្រមទាំងមានទន្លេជាច្រើនហូរតាមចន្លោះរបស់វា(ចម្ការនោះ)។
İsra' 17:92
ឬក៏អ្នកដាក់ទណ្ឌកម្ម(លើពួកយើង) ដោយធ្វើឲ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើង(ដូចដែលអ្នកបានអះអាង) ឬក៏អ្នកនាំអល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់(របស់ទ្រង់)មកឲ្យពួកយើងបានឃើញផ្ទាល់នឹងភ្នែកសិន ដើម្បីឲ្យពួកគេធ្វើជាសាក្សីឲ្យអ្នកបញ្ជាក់ពីភាពត្រឹមត្រូវចំពោះអ្វីដែលអ្នកបានអះអាង។
İsra' 17:93
ឬក៏អ្នកមានផ្ទះដែលត្រូវបានតុបតែងអំពីមាស ឬពីផ្សេងពីនេះ ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយបើទោះបីជាអ្នកបានឡើងទៅលើមេឃក៏ដោយ ក៏ពួកយើងមិនមានជំនឿថា អ្នកជាអ្នកនាំសារនោះដែរ លុះត្រាតែអ្នកចុះមក(ពីលើមេឃវិញ)ដោយនាំមកនូវគម្ពីរមួយមកពីអល់ឡោះដែលគេបានចារក្នុងគម្ពីរនោះថាៈ ពិតណាស់ រូបអ្នកគឺពិតជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ពិតមែន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សលោកដែលត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារម្នាក់ដូចអ្នកនាំសារដទៃទៀតទេឬ? ខ្ញុំគ្មានលទ្ធភាពនាំមកនូវអ្វីមួយឡើយ។ ដូច្នេះ តើខ្ញុំអាចនាំមកនូវអ្វីដែលពួកអ្នកស្នើសុំបានយ៉ាងដូចម្តេចទៅ?!
İsra' 17:94
ហើយគ្មានអ្វីដែលហាមឃាត់ពួកប្រឆាំងមិនឲ្យមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអនុវត្តតាមអ្វីដែលអ្នកនាំសារបាននាំមក ក្រៅពីការបដិសេធរបស់ពួកគេដែលថា ពិតណាស់អ្នកនាំសារគឺជាមនុស្សលោក(ដូចពួកគេដែរ)នោះឡើយ ដោយពួកគេបាននិយាយបដិសេធ(មិនទទួលស្គាល់)ថាៈ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារមកកាន់ពួកយើង(ដែលជាមនុស្សដូចគ្នា)ឬ?
İsra' 17:95
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ប្រសិនបើនៅលើផែនដីមានបណ្ដាម៉ាឡាអ៊ីកាត់ដែលរស់នៅលើវា និងដើរដោយភាពសុខសាន្ត(នៅលើផែនដី)ដូចទៅនឹងស្ថានភាពរបស់ពួកអ្នកនោះ យើង(អល់ឡោះ)ប្រាកដជានឹងតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកគេដែលជាម៉ាឡាអ៊ីកាត់ដូចពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)ដែរជាមិនខាន ពីព្រោះគេ(អ្នកនាំសារដែលជាម៉ាឡាអ៊ីកាត់នោះ)ជាអ្នកដែលអាចធ្វើឲ្យពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)យល់ពីអ្វីដែលគេបានបញ្ចុះទៅចំពោះពួកគេ។ ដូច្នេះ វាមិនមែនជាហេតុផលនោះទេក្នុងការបញ្ជូនទៅកាន់ពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)នូវអ្នកនាំសារដែលជាមនុស្សលោកនោះ។ ក៏ដូចគ្នាដែរ ស្ថានភាពរបស់ពួកអ្នក(ពួកអ្នកជាមនុស្សលោក ដូច្នេះ អ្នកនាំសារដែលគេបញ្ជូនមកកាន់ពួកអ្នក ក៏ត្រូវតែជាមនុស្សលោកដែរ)។
İsra' 17:96
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាសាក្សីរវាងខ្ញុំនិងពួកអ្នកដែលថា ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារដែលគេបញ្ជូនមកកាន់ពួកអ្នក។ ហើយពិតប្រាកដណាស់ ខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលគេបានផ្ដល់វាមកឲ្យខ្ញុំទៅចំពោះពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់ដឹងជ្រួតជ្រាបបំផុតពីស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាឃើញបំផុតនូវរាល់ប្រការអាថ៌កំបាំងដែលលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ។
İsra' 17:97
ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញផ្លូវដល់គេនោះ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ ចំណែកឯជនណាដែលអល់ឡោះទ្រង់បង្វែររូបគេអំពីវា(ការចង្អុលបង្ហាញ) និងធ្វើឲ្យគេវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញអ្នកគាំពារណាដែលអាចចង្អុលបង្ហាញពួកគេទៅកាន់ការពិត ការពារពួកគេអំពីគ្រោះថ្នាក់ និងនាំមកនូវផលប្រយោជន៍ដល់ពួកគេនោះឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោក ដោយពួកគេត្រូវបានគេអូសផ្កាប់មុខ ដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ទីកន្លែងរបស់ពួកគេដែលពួកគេនឹងទៅស្នាក់នៅនោះ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងបានបន្ថែមអណ្ដាតភ្លើងឲ្យឆាបឆេះលើពូកគេថែមទៀត។
İsra' 17:98
ទណ្ឌកម្មដែលពួកគេទទួលរងនោះ គឺជាការតបស្នងសម្រាប់ពួកគេ ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅឲ្យអ្នកនាំសាររបស់យើង និងដោយសារតែសម្តីរបស់ពួកគេដែលពួកគេធ្លាប់បាននិយាយបដិសេធនឹងការពង្រស់ឲ្យរស់ឡើងវិញថាៈ នៅពេលដែលពួកយើងបានស្លាប់ ក្លាយទៅជាឆ្អឹងដែលពុកផុយ និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេធ្វើឲ្យរស់ឡើងវិញសារជាថ្មីឬ?
İsra' 17:99
តើពួកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានដឹងទេឬថាៈ ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងជាអ្នកដែលបានបង្កើតផែនដីដែលមានភាពធំធេងបំផុតនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឲ្យដូចដើមវិញនោះ? ជាការពិតណាស់ អ្នកដែលមានសមត្ថភាពអាចបង្កើតរបស់ដែលមានភាពធំធេងបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពអាចបង្កើតអ្វីផ្សេងពីនោះបានដែរ។ ហើយជាការពិតណាស់ អល់ឡោះបានកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ពួកគេនៅក្នុងលោកិយ ដែលវានឹងបញ្ចប់ជីវិតរបស់ពួកគេ ហើយទ្រង់បានកំណត់ពេលវេលាមួយយ៉ាងជាក់លាក់សម្រាប់ពួកគេផងដែរដើម្បីពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មានការសង្ស័យឡើយចំពោះរឿងនោះ។ ហើយទោះបីជាមានភស្តុតាងដែលបញ្ជាក់ពីការពង្រស់ឡើងវិញយ៉ាងច្បាស់លាស់ដ៏ដោយ ក៏ពួកមុស្ហរីគីនបានបដិសេធ និងប្រឆាំងមិនទទួលស្គាល់ការពង្រស់ឡើងវិញនោះដែរ។
İsra' 17:100
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងនៃក្តីមេត្តាករុណាម្ចាស់របស់ខ្ញុំដែលមិនចេះអស់និងមិនចេះសាបសូន្យមែននោះ ពួកអ្នកនឹងមិនបរិច្ចាគវានោះឡើយ ព្រោះតែពួកអ្នកខ្លាចបាត់បង់ដែលជាហេតុធ្វើពួកអ្នកក្លាយជាអ្នកក្រ។ ហើយធម្មជាតិរបស់មនុស្សលោក គឺមានភាពកំណាញ់បំផុត លើកលែងតែអ្នកដែលមានជំនឿប៉ុណ្ណោះ ពីព្រោះគេបរិច្ចាគវាដោយសង្ឃឹមនូវផលតបស្នងពីអល់ឡោះ។
İsra' 17:101
ហើយជាការពិតណស់ យើងបានប្រទានឲ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ជាសាក្សីសម្រាប់គេ ដែលមានដូចជាៈ ដំបង ដៃ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផលជាច្រើន ទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកយូដាចុះ នៅពេលដែលព្យាការីមូសាបានមកជួបនឹងជីដូនជីតារបស់ពួកគេដោយនាំមកជាមួយនូវសញ្ញាភស្តុតាងទាំងនោះ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់(ព្យាការីមូសា)ថាៈ ពិតប្រាកណាស់ ខ្ញុំយល់ថារូបអ្នក(ឱមូសា)ជាបុរសម្នាក់ដែលត្រូវមន្តអាគម ដោយសារតែអ្នកបាននាំមកនូវរឿងរ៉ាវដែលចម្លែកៗជាច្រើន។
İsra' 17:102
ព្យាការីមូសាក៏បានតបទៅកាន់គេ(ហ្វៀរអោន)វិញថាៈ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីអល់ឡោះដែលជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដីនោះឡើយ។ ទ្រង់បានបញ្ចុះសញ្ញាភស្តុតាងទាំងនេះដើម្បីជាភស្តុតាងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងបញ្ជាក់ពីសច្ចភាពនៃអ្នកនាំសាររបស់ទ្រង់។ ក៏ប៉ុន្តែអ្នកបែរជាបដិសេធទៅវិញ។ ហើយពិតប្រាកដណាស់ខ្ញុំដឹងច្បាស់ថា ពិតណាស់អ្នក(ឱហ្វៀរអោន) គឺជាអ្នកដែលត្រូវវិនាសអន្តរាយ និងខាតបង់។
İsra' 17:103
ពេលនោះ ហ្វៀរអោនមានបំណងចង់ធ្វើទារុណកម្មព្យាការីមូសា និងក្រុមរបស់គាត់ តាមរយៈការបណ្ដេញពួកគេចេញពីទឹកដីអេហ្ស៊ីប តែយើង(អល់ឡោះ)បានធ្វើឲ្យគេ(ហ្វៀរអោន) និងអ្នកដែលនៅជាមួយគេក្នុងចំណោមកងទ័ពរបស់គេទាំងអស់វិនាសអន្តរាយដោយការលិចលង់(នៅក្នុងសមុទ្រ)។
İsra' 17:104
ហើយបន្ទាប់ពីយើងបានធ្វើឲ្យហ្វៀរអោននិងកងទ័ពរបស់គេវិនាសអន្តរាយរួចមក យើងក៏បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នករស់នៅលើទឹកដីស្ហាមនោះចុះ! ពិតប្រាកដណាស់ នៅពេលដែលថ្ងៃបរលោកកើតឡើងនោះ យើងនឹងនាំពួកអ្នកទាំងអស់គ្នាទៅកាន់កន្លែងប្រមូលផ្តុំដើម្បីជំនុំជម្រះជាមិនខាន។
İsra' 17:105
តាមរយៈការពិត យើងបានបញ្ចុះគម្ពីរគួរអាននេះទៅលើព្យាការីមូហាំម៉ាត់ ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមកឲ្យគេ(ព្យាការីមូហាំម៉ាត់) ដោយគ្មានការផ្លាស់ប្ដូរ និងគ្មានការកែប្រែឡើយ។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក ក្រៅពី(ដើម្បីធ្វើ)ជាអ្នកផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលកោតខ្លាចនូវ(ការទទួលបាន)ឋានសួគ៌ និងព្រមានបន្លាចដល់ពួកប្រឆាំង និងពួកដែលប្រព្រឹត្តល្មើសនូវឋាននរកនោះឡើយ។
İsra' 17:106
ហើយយើងបានបញ្ចុះគម្ពីរគួរអាន(ឲ្យអ្នក) ដោយយើងបានបញ្ជាក់និង(ពន្យល់)បកស្រាយវាយ៉ាងច្បាស់ សង្ឃឹមថាអ្នកនឹងសូត្រវាឲ្យមនុស្សលោកស្ដាប់ដោយសូត្រមួយៗ និងច្បាស់ៗ ពីព្រោះគម្ពីរគួរអាននេះ ទាមទារឲ្យមានការស្វែងយល់ និងត្រិះរិះពិចារណា(ពីអត្ថន័យរបស់វា)។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗអាស្រ័យទៅតាមហេតុការណ៍ និងស្ថានភាព។
İsra' 17:107
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន)ចុះ ព្រោះការមានជំនឿរបស់ពួកអ្នកមិនបានបន្ថែមអ្វីដល់វាបន្តិចណាឡើយ ឬក៏មិនមានជំនឿលើវា(គម្ពីរគួរអាន) ព្រោះភាពគ្មានជំនឿរបស់ពួកអ្នកក៏មិនបានកាត់បន្ថយអ្វីបន្តិចពីវានោះដែរ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលបានសូត្រគម្ពីរនានាដែលគេបានបញ្ចុះពីលើមេឃកាលពីមុន(មុននឹងគម្ពីរគួរអានបានបញ្ចុះ) និងបានដឹងពីវ៉ាហ៊ី និងភាពជាព្យាការី(របស់ព្យាការីមូហាំម៉ាត់)នោះ នៅពេលដែលមានគេសូត្រគម្ពីរគួរអានឲ្យពួកគេស្ដាប់ គឺពួកគេឱនមុខរបស់ពួកគេក្រាបស៊ូជូតចំពោះអល់ឡោះដោយការថ្លែងអំណរគុណ។
İsra' 17:108
ហើយពួកគេបួងសួងនៅក្នុងការស៊ូជូតរបស់ពួកគេថាៈ ម្ចាស់របស់ពួកយើងមហាបរិសុទ្ធបំផុតចាកផុតពីការក្បត់កិច្ចសន្យា ព្រោះអ្វីដែលទ្រង់បានសន្យាអំពីការតែងតាំងព្យាការីមូហាំម៉ាត់នោះ គឺបានកើតឡើងពិតមែន។ ពិតប្រាកដណាស់ កិច្ចសន្យានៃម្ចាស់របស់ពួកយើងចំពោះរឿងទាំងនោះ និងរឿងផ្សេងៗទៀតនោះ ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុតឡើយ។
İsra' 17:109
ហើយពួកគេបានឱនមុខរបស់ពួកគេដោយក្រាបស៊ូជូតចំពោះអល់ឡោះ ហើយពួកគេយំដោយការខ្លាចទ្រង់។ ហើយការស្ដាប់គម្ពីរគួរអាន និងត្រិះរិះពិចារណាចំពោះអត្ថន័របស់វា គឺបានបន្ថែមឲ្យពួកគេនូវការឱនលំទោនចំពោះអល់ឡោះ និងកោតខ្លាចទៅចំពោះទ្រង់។
İsra' 17:110
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបានប្រឆាំងនឹងអ្នកចំពោះការដែលអ្នកបួងសួងសុំដោយពោលថា “ឱអល់ឡោះជាម្ចាស់! ឱម្ចាស់មហាសប្បុរស!” នោះថាៈ អល់ឡោះ និងអាល់រ៉ោះម៉ាន(ម្ចាស់មហាសប្បុរស) នាមទាំងពីរនេះ គឺជានាមរបស់អល់ឡោះជាម្ចាស់។ ដូច្នេះ ចូរអ្នកបួងសួងសុំពីទ្រង់តាមរយៈនាមមួយណាក៏បានក្នុងចំណោមនាមទាំងពីរ ឬនាមមួយណាក៏បានក្នុងចំណោមបណ្ដានាមទាំងឡាយរបស់ទ្រង់ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មាននាមដ៏ល្អប្រពៃជាច្រើន ហើយនាមទាំងពីរនេះ (អល់ឡោះ និង អាល់រ៉ោះម៉ាន) គឺស្ថិតក្នុងចំណោមបណ្តានាមទាំងនោះ។ ហើយចូរអ្នកកុំបញ្ចេញសម្លេងឮខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)នៅក្នុងការប្រតិបត្តិសឡាតរបស់អ្នក ដែលជាហេតុធ្វើឲ្យពួកមុស្ហរីគីនស្ដាប់ឮអ្នក(សូត្រវា) ហើយក៏មិនត្រូវបញ្ចេញសម្លេងតិចពេកដែរ ដែលធ្វើឲ្យអ្នកដែលមានជំនឿស្ដាប់មិនឮ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាល(មិនសូត្រលឺតិចពេក និងមិនសូត្រលឺខ្លាំងពេក) ។
İsra' 17:111
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកសាកសមនឹងទទួលការកោតសរសើរទាំងឡាយ ដែលទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានបុត្រ ហើយទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានដៃគូ ដោយទ្រង់គ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនទទួលរងនូវភាពអាប់ឱន និងអាម៉ាស់នោះដែរ ពីព្រោះទ្រង់មិនត្រូវអ្នកជួយ និងអ្នកធ្វើឲ្យទ្រង់ខ្លាំងក្លាឡើយ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឲ្យបានថ្កុំថ្កើងបំផុត ដោយអ្នកមិនត្រូវចោទថាទ្រង់មានបុត្រ ឬទ្រង់មានដៃគូនៅក្នុងការគ្រប់គ្រង ឬត្រូវការអ្នកជួយទ្រង់នោះឡើយ។
Kehf 18:1
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ចំពោះលក្ខណៈដ៏ពេញលេញនិងឧត្តុង្គឧត្តម និងចំពោះឧបការគុណជាច្រើនទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង ដែលទ្រង់បានបញ្ចុះគម្ពីរគួរអានទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់ គឹព្យាការីមូហាំម៉ាត់ ហើយទ្រង់មិនបានដាក់អ្វីមួយនៅក្នុងគម្ពីរគួរអាននេះឲ្យមានភាពវៀចវេរ និងលម្អៀងចេញពីការពិតឡើយ។
Kehf 18:2
ផ្ទុយទៅវិញ ទ្រង់បានបង្កើតវា(គម្ពីរគួរអាន)ប្រកបដោយភាពត្រឹមត្រូវដែលគ្មានភាពផ្ទុយគ្នានោះឡើយនៅក្នុងវា ហើយក៏មិនមានការខ្វែងគំនិតគ្នានោះដែរ ដើម្បីដាស់តឿនព្រមានដល់ពួកប្រឆាំងពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះដែលកំពុងតែរង់ចាំពួកគេ និង(ដើម្បី)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលសាងទង្វើកុសលថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យ(ការតបស្នង)ដ៏ប្រសើរបំផុតដែលគ្មានផលបុណ្យ(ការតបស្នង)ណាអាចប្រៀបផ្ទឹមបានឡើយ។
Kehf 18:3
ពួកគេរស់នៅក្នុងផលបុណ្យ(ឋានសួគ៌)នោះជាអមតៈ ដោយមិនមានការកាត់ផ្ដាច់ពីពួកគេឡើយ។
Kehf 18:4
ហើយវា(គម្ពីរគួរអាន)ជាការដាស់តឿនព្រមានដល់ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីនមួយចំនួនដែលបាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។
Kehf 18:5
ពួកដែលប្រឌិតភូតកុហកទាំងនោះពុំមានចំណេះដឹង ឬក៏ភស្តុតាងណាមួយដែលបញ្ជាក់ទៅលើអ្វីដែលពួកគេអះអាងដោយចោទប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រនោះឡើយ ហើយជីដូនជីតារបស់ពួកគេដែលពួកគេគោរពតាមទាំងងងឹតងងុលនោះ ក៏ពុំមានចំណេះដឹងនៅក្នុងបញ្ហានេះ(ការចោទថាអល់ឡោះមានបុត្រ)នោះដែរ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសម្ដីដ៏អាក្រក់ដែលចេញពីមាត់របស់ពួកគេដោយគ្មានការគិតពិចារណាបែបនេះ។ អ្វីដែលពួកគេនិយាយ គ្មានអ្វីក្រៅពីពាក្យសម្តីភូតកុហកដែលមិនមានមូលដ្ឋានគ្រឹះ ឬមានអ្វីជាបង្អែកនោះឡើយ។
Kehf 18:6
ហើយប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងធ្វើឲ្យខ្លួនឯងវិនាសដោយសារតែទុក្ខព្រួយនិងការសោកស្ដាយ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាននេះ។ ដូច្នេះ ចូរអ្នកកុំធ្វើបែបនេះ ពីព្រោះអ្នកមិនមានកាតព្វកិច្ចផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះទេ។ តាមពិត កាតព្វកិច្ចលើអ្នក គឺគ្រាន់តែធ្វើការផ្សព្វផ្សាយប៉ុណ្ណោះ។
Kehf 18:7
ពិតប្រាកដណាស់ យើងបានបង្កើតម៉ាខ្លូកជាច្រើននៅលើផែនដីនេះជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើល្អជាងគេដែលអល់ឡោះពេញចិត្ត ហើយតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើអាក្រក់ជាងគេ។ ហើយយើងពិតជានឹងតបស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសក្តិសមនឹងទទួលបាន។
Kehf 18:8
ហើយពិតប្រាកដណាស់ យើងនឹងធ្វើឲ្យអ្វីៗដែលមាននៅលើផែនដីនៃម៉ាខ្លូកទាំងឡាយក្លាយទៅជាដីដែលគ្មានរុក្ខជាតិអ្វីទាំងអស់។ នោះគឺបន្ទាប់ពីជីវិតទាំងអស់របស់ម៉ាខ្លូកទាំងឡាយដែលនៅលើផែនដីត្រូវបានបញ្ចប់។ ដូចនេះ ចូរឲ្យពួកគេយករឿងទាំងនេះធ្វើជាមេរៀនចុះ។
Kehf 18:9
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិករបស់ពួកគេដែលគេបានឆ្លាក់ឈ្មោះរបស់ពួកគេនៅលើវានោះ គឺស្ថិតក្នុងចំណោមបណ្ដាភស្តុតាងរបស់យើងដែលមានភាពអស្ចារ្យឲ្យសោះ។ ផ្ទុយទៅវិញ មានអ្វីផ្សេងក្រៅពីនេះ(ក្រៅពីរឿងរ៉ាវរបស់ពួកគេ)ដែលមានភាពអស្ចារ្យជាងនោះទៅទៀត ដូចជាការបង្កើតមេឃជាច្រើនជាន់ និងផែនដីជាដើម។
Kehf 18:10
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយុវជនមួយក្រុមដែលជាអ្នកមានជំនឿបានគេចចេញពីសាសនារបស់ពួកគេ(សាសនាដូនតា)ចូលទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងទៅចំពោះ(អល់ឡោះ)ម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវក្ដីមេត្តាករុណាពីទ្រង់ ដោយអភ័យទោសចំពោះបាបកម្មរបស់ពួកយើង និងជួយសង្គ្រោះពួកយើងឲ្យរួចផុតពីសត្រូវរបស់ពួកយើងផងចុះ។ ហើយសូមទ្រង់មេត្តាចាត់ទុកកិច្ចការភៀសខ្លួនរបស់ពួកយើង(ដែលភៀសខ្លួន)ចេញពីពួកប្រឆាំងទៅកាន់ការមានជំនឿនោះ គឺជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវសម្រាប់ពួកយើងផងចុះ។
Kehf 18:11
ក្រោយមក បន្ទាប់ពីពួកគេបានធ្វើដំណើររត់គេចទៅកាន់រូងភ្នំរួចមក យើងក៏បានធ្វើឲ្យមានរបាំង(ដាក់ឆ្នុក)នៅលើត្រចៀករបស់ពួកគេមិនឲ្យស្ដាប់ឮនោះឡើយ ហើយយើងក៏បានធ្វើឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ។
Kehf 18:12
ក្រោយមកទៀត បន្ទាប់ពីពួកគេបានដេកលង់លក់អស់រយៈពេលដ៏យូររួចមក យើងក៏បានធ្វើឲ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឲ្យយើងដឹងថា តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលប្រកែកគ្នាចំពោះថេរវេលានៃការស្នាក់នៅរបស់ពួកគេនៅក្នុងរូងភ្នំនោះ ដឹងច្បាស់ជាងគេពីថេរវេលា ឬរយៈពេលនៃការស្នាក់នៅ(របស់ពួកគេក្នុងរូងភ្នំ)នោះ។
Kehf 18:13
យើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនឹងវាឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមានជំនឿចំពោះម្ចាស់របស់ពួកគេ និងបានគោរពប្រតិបត្តិតាមទ្រង់ ហើយយើងបានបន្ថែមឲ្យពួកគេនូវការចង្អុលបង្ហាញ និងការពង្រឹងទៅលើការពិត។
Kehf 18:14
ហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេតាមរយៈសេចក្តីជំនឿ និងការធ្វើឲ្យពួកគេមានភាពនឹងនរ(នៅលើសេចក្តីជំនឿ) និងអត់ធ្មត់ចំពោះការភៀសខ្លួនចេញពីទឹកដីដែលពួកគេរស់នៅ ខណៈដែលពួកគេបានក្រោកឈរប្រកាសពីសេចក្តីជំនឿរបស់ពួកគេចំពោះអល់ឡោះតែមួយគត់នៅចំពោះមុខស្ដេចដែលគ្មានជំនឿ ដោយពួកគេបាននិយាយទៅកាន់ស្ដេចនោះថាៈ ម្ចាស់របស់ពួកយើងដែលពួកយើងមានជំនឿចំពោះទ្រង់ និងគោរពសក្ការៈចំពោះទ្រង់នោះ គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាម្ចាស់នៃផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះក្លែងក្លាយទាំងឡាយក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ (ប្រសិនបើយើងនិយាយផ្សេងពីនេះ) ពួកយើងពិតជាបាននិយាយប្រាសចាកដ៏ឆ្ងាយពីការពិតជាមិនខាន។
Kehf 18:15
បន្ទាប់មក ពួកគេក៏បានងាកមើលមុខគ្នាទៅវិញទៅមកដោយនិយាយថាៈ ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់ពី(ភាពត្រឹមត្រូវនៃ)ការគោរពសក្ការៈរបស់ពួកគេចំពោះពួកវានោះឡើយ។ ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះដោយចោទប្រកាន់ថា ទ្រង់មានដៃគូនោះឡើយ។
Kehf 18:16
ហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីក្រុមរបស់ពួកអ្នក និងបានបោះបង់ចោលនូវអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះ ដោយពួកអ្នកមិនគោរពសក្ការៈ(ចំពោះអ្នកផ្សេង) លើកលែងតែអល់ឡោះតែមួយគត់ហើយនោះ ដូច្នេះ ចូរពួកអ្នករត់គេចពីសាសនាដូនតារបស់ពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឲ្យពួកអ្នកនូវក្ដីមេត្តាករុណារបស់ទ្រង់ ដោយទ្រង់នឹងការពារនិងថែរក្សាពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកនូវអ្វីដែលពួកអ្នកនឹងទទួលបានផលប្រយោជន៍ពីវា ជាការជំនួសដល់ពួកអុ្នកវិញចំពោះការរស់នៅ(ដោយភាពសុខស្រួល)របស់ពួកអ្នកជាមួយនឹងក្រុមរបស់ពួកអ្នក(ដែលជាពួកគ្មានជំនឿ)។
Kehf 18:17
ដូចនេះ ពួកគេបានអនុវត្តន៍នូវអ្វីដែលគេបានបង្គាប់ប្រើ ហើយអល់ឡោះបានធ្វើឲ្យពួកគេដេកលក់ និងបានការពារពួកគេពីសត្រូវរបស់ពួកគេ។ ហើយអ្នក(ឱអ្នកដែលធ្វើជាសាក្សីសម្រាប់ពួកគេ)នឹងឃើញព្រះអាទិត្យ នៅពេលដែលវារះចេញពីទិសខាងកើតនោះ គឺវាជ្រេទៅខាងស្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេលដែលវាលិចនៅទិសខាងលិច គឺវាជ្រេទៅខាងឆ្វេងនៃរូងភ្នំ។ ដូច្នេះ ពួកគេស្ថិតនៅក្នុងម្លប់ជានិច្ច ដោយកម្ដៅនៃព្រះអាទិត្យមិនបានបង្កបញ្ហាដល់ពួកគេឡើយ។ ហើយពួកគេស្ថិតនៅកន្លែងដែលទូលាយនៃរូងភ្នំដែលមានខ្យល់អាកាសចេញចូលល្អដែលពួកគេត្រូវការ(សម្រាប់ដកដង្ហើម)។ អ្វីដែលបានកើតឡើងលើពួកគេ ដូចជាការឲ្យពួកគេជ្រកកោននៅក្នុងរូងភ្នំ ការធ្វើឲ្យពួកគេគេងលង់លក់ ការបញ្ចៀសកម្ដៅថ្ងៃពីពួកគេ ការធ្វើឲ្យកន្លែងរបស់ពួកគេមានភាពធំទូលាយ និងការសង្រ្គោះពួកគេចេញពីក្រុមរបស់ពួកគេនោះ គឺស្ថិតក្នុងចំណោមភាពអស្ចារ្យនៃការបង្កើតរបស់អល់ឡោះដែលចង្អុលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់។ ជនណាហើយដែលអល់ឡោះចង្អុលបង្ហាញគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ ហើយជនណាហើយដែលទ្រង់បង្វែររូបគេ និងធ្វើឲ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកណាដែលអាចជួយចង្អុលបង្ហាញគេ(ទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត ពីព្រោះការផ្តល់ការចង្អុលបង្ហាញ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះ មិនមែនស្ថិតនៅក្នុងដៃរបស់គេឡើយ។
Kehf 18:18
ហើយអ្នក(ឱអ្នកដែលមើលទៅកាន់ពួកគេ)នឹកស្មានថា ពួកគេមិនបានដេកនោះឡើយ ដោយសារតែភ្នែករបស់ពួកគេនៅបើកជានិច្ច ខណៈដែលការពិត ពួកគេកំពុងតែដេកលង់លក់។ ហើយយើងបានប្រែខ្លួនរបស់ពួកគេនៅក្នុងដំណេករបស់ពួកគេ ម្ដងទៅខាងស្ដាំ ម្ដងទៅខាងឆ្វេង ដើម្បីកុំឲ្យដីស៊ីរាងកាយរបស់ពួកគេ។ ហើយឆ្កែរបស់ពួកគេដែលរួមដំណើរជាមួយពួកគេនោះ គឺបានដេកសណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូងភ្នំ។ ប្រសិនបើ អ្នកបានឃើញពួកគេ អ្នកពិតជានឹងរត់ចេញពីពួកគេព្រោះតែខ្លាចពួកគេ ហើយធ្វើឲ្យអ្នកពោរពេញទៅដោយភាពភ័យខ្លាចអំពីពួកគេជាមិនខាន។
Kehf 18:19
ហើយដូចដែលយើងបានធ្វើចំពោះពួកគេនូវអ្វីដែលយើងបានលើកឡើងខាងលើដែលបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពរបស់យើងនោះដែរ យើងក៏បានធ្វើឲ្យពួកគេភ្ញាក់ពីដំណេកឡើងវិញបន្ទាប់ពី(ពួកគេបានដេកលង់លក់)រយៈពេលដ៏យូរ ដើម្បីឲ្យពួកគេសួរគ្នាទៅវិញទៅមកអំពីថេរវេលាដែលពួកគេបានដេកលង់លក់នៅទីនោះ(ក្នុងរូងភ្នំ)។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានឆ្លើយថាៈ យើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃហើយ។ ហើយអ្នកខ្លះទៀតក្នុងចំណោមពួកគេដែលមិនច្បាស់ពីថេរវេលានៃការគេងលង់លក់របស់ពួកគេនោះបានតបវិញថាៈ មានតែម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកប្រគល់រឿងនេះ(ការដឹងពីរយៈពេលដែលពួកគេគេងលង់លក់នៅក្នុងរូងភ្នំ)ទៅកាន់ទ្រង់ចុះ និងចូរធ្វើអ្វីដែលមានប្រយោជន៍ដល់ពួកអ្នកវិញ។ ហេតុនេះ សូមពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឲ្យយកក្រដាសប្រាក់ទាំងនេះទៅទីក្រុងរបស់ពួកយើងដែលយើងបានស្គាល់នោះ ហើយឲ្យគេរកមើល ថាតើគ្រួសារណាមានចំណីអាហារល្អ និងមានចំណូលប្រសើរជាងគេ ហើយឲ្យគេយកចំណីអាហារនោះមកឲ្យពួកអ្នក។ ហើយចូរឲ្យគេមានការប្រុងប្រយ័ត្នក្នុងពេលចូល ពេលចេញ និងចំពោះការទំនាក់ទំនងរបស់គេ និងត្រូវមានភាពឈ្លាសវៃបន្តិច។ ហើយមិនត្រូវឲ្យនរណាម្នាក់ដឹងពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះទេ ដោយសារតែវាអាចនាំមកនូវគ្រោះថ្នាក់ដ៏ធំធេងដល់ពួកអ្នកបាន(ប្រសិនបើពួកគេបានដឹងពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះ)។
Kehf 18:20
ជាការពិតណាស់ ក្រុមរបស់ពួកអ្នក ប្រសិនបើពួកគេបានដឹងនិងស្គាល់ពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះ ពួកគេប្រាកដជានឹងសម្លាប់ពួកអ្នកដោយគប់នឹងដំថ្ម ឬក៏ត្រឡប់ពួកអ្នកទៅកាន់សាសនាវង្វេងរបស់ពួកគេវិញដែលពួកអ្នកធ្លាប់បានកាន់តាមវាមុនពេលដែលអល់ឡោះផ្តល់ការប្រោសប្រទានដល់ពួកអ្នកតាមរយៈការចង្អុលបង្ហាញពួកអ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវជាមិនខាន។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅកាន់វា(សាសនាដែលវង្វេង)វិញនោះ ពួកអ្នកនឹងមិនទទួលជោគជ័យជាដាច់ខាត មិនថានៅក្នុងជីវិតលោកិយ ឬនៅថ្ងៃបរលោកឡើយ។ ផ្ទុយទៅវិញ ពួកអ្នកនឹងទទួលនូវភាពខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកនូវការខាតបង់ដ៏ធំធេង ដោយសារតែពួកអ្នកបានបោះបង់សាសនាដ៏ត្រឹមត្រូវដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក ហើយវិលត្រឡប់ទៅកាន់សាសនាដែលវង្វេងនោះវិញ។
Kehf 18:21
ហើយដូចដែលយើងបានធ្វើនូវរឿងដ៏អស្ចារ្យចំពោះពួកគេ ដែលជាការបញ្ជាក់ពីសមត្ថភាពរបស់យើង ដូចជាការឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ និងធ្វើឲ្យពួកគេភ្ញាក់ឡើងវិញបន្ទាប់ពីនោះដែរ យើងបានលាតត្រដាងរឿងរ៉ាវរបស់ពួកគេដល់អ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ ដើម្បីឲ្យអ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេនោះដឹងថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងជួយដល់បណ្តាអ្នកមានជំនឿ និងការពង្រស់(ពួកគេ)ឲ្យរស់ឡើងវិញនោះ គឺជាការពិត ហើយថ្ងៃបរលោក គឺនឹងមកដល់(យ៉ាងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ហើយនៅពេលដែលរឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំនោះបានលាតត្រដាង ហើយពួកគេបានស្លាប់អស់ហើយនោះ ពេលនោះអ្នកដែលបានដឹងរឿងរ៉ាវរបស់ពួកគេក៏បានខ្វែងគំនិតគ្នា ថាតើពួកគេ(ពួកអ្នកដែលរស់នៅក្នុងទីក្រុង)គួរធ្វើអ្វីចំពោះបញ្ហារបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំនោះ)? ក្រុមមួយក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកសាងសង់សំណង់មួយនៅលើមាត់រូងភ្នំរបស់ពួកគេ ដើម្បីបិទបាំងនិងការពារពួកគេ។ ម្ចាស់របស់ពួកគេដឹងបំផុតពីស្ថានភាពរបស់ពួកគេ ហើយស្ថានភាពរបស់ពួកគេ(ពួកដែលរស់នៅក្នុងរូងភ្នំ) គឺមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ តែក្រុមដែលមានឥទ្ធិពលក្នុងចំណោមអ្នកដែលគ្មានចំណេះដឹង និងមិនមានអំណះអំណាងត្រឹមត្រូវនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកអ្នកធ្វើជាម៉ាស្ជិទសម្រាប់ធ្វើការគោរពសក្ការៈ ដើម្បីជាការលើកតម្កើងដល់ពួកគេ និងជាការរំលឹក(កុំឲ្យគេភ្លេច)ពីកន្លែងរបស់ពួកគេ។
Kehf 18:22
ពួកដែលជជែកវែកញែកពីចំនួនរបស់ពួកគេ(ពួកអ្នកដែលនៅក្នុងរូងភ្នំ)មួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ក្រុមទាំងពីរនេះ តាមពិតទៅពួកគេគ្រាន់តែនិយាយទៅតាមការគិតឃើញ(របស់ពួកគេ)តែប៉ុណ្ណោះដោយគ្មានភស្តុតាងនិងអំណះអំណាងអ្វីមកបញ្ជាក់នោះឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំពីរនាក់ ទីប្រាំបីគឹឆ្កែរបស់ពួកគេ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់អាចដឹងពីចំនួន(ពិតប្រាកដ)របស់ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះដែលអល់ឡោះប្រាប់ឲ្យពួកគេបានដឹងពីចំនួនពួកគេ(អ្នកនៅក្នុងរូងភ្នំ)។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នាអំពីចំនួនរបស់ពួកគេ និងពីស្ថានភាពរបស់ពួកគេជាមួយពួកអះលីគីតាប(ពួកយូដានិងពួកណាសរ៉នី) និងអ្នកផ្សេងពីពួកគេទៀតឲ្យសោះ លើកលែងតែការដេញដោលនោះ គឺជាការដេញដោលដែលមានភស្តុតាងច្បាស់លាស់ ពុំមែនស៊ីជម្រៅនោះឡើយ ដោយជជែកដេញដោលត្រឹមតែអ្វីដែលគេបានវ៉ាហ៊ីឲ្យអ្នកអំពីរឿងរ៉ាវរបស់ពួកគេបានហើយ។ ហើយចូរអ្នកកុំសួរនរណាម្នាក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ាវលម្អិតរបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំ) ព្រោះពួកគេមិនបានដឹងពីរឿងនោះឡើយ។
Kehf 18:23
ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំនិយាយពីបំណងអ្វីដែលអ្នកចង់ធ្វើវានៅថ្ងៃស្អែកថាៈ “ពិតណាស់ ខ្ញុំនឹងធ្វើរឿងនេះនៅថ្ងៃស្អែក” ឲ្យសោះ ព្រោះថាអ្នកមិនដឹងទេថា តើអ្នកពិតជានឹងបានធ្វើវា(នៅថ្ងែស្អែក)ពិតមែនឬអត់នោះទេ? ហើយនេះ ក៏ជាការណែនាំសម្រាប់ជនមូស្លីមទាំងអស់ផងដែរ។
Kehf 18:24
លើកលែងតែអ្នកភ្ជាប់បំណងដែលអ្នកចង់ធ្វើវា(នៅថ្ងៃស្អែក)នោះទៅនឹងចេតនារបស់អល់ឡោះដោយអ្នកពោលថាៈ “ថ្ងៃស្អែក ខ្ញុំនឹងធ្វើវា អ៊ិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)”។ ហើយចូរអ្នករំលឹកចំពោះម្ចាស់របស់អ្នកដោយពោលថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) ប្រសិនបើអ្នកភ្លេចពោលវា។ ហើយចូរអ្នកពោលថាៈ សង្ឃឹមថាម្ចាស់របស់ខ្ញុំនឹងផ្តល់ការចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាដ៏ត្រឹមត្រូវដែលជិតជាងនេះទៅទៀត។
Kehf 18:25
ហើយក្រុមដែលនៅក្នុងរូងភ្នំនោះ បានដេកនៅក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេលបីរយប្រាំបួនឆ្នាំ(៣០៩ឆ្នាំ)។
Kehf 18:26
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរយៈពេលដែលពួកគេបានដេកនៅក្នុងរូងភ្នំរបស់ពួកគេនោះ ហើយជាការពិតណាស់ ទ្រង់បានបញ្ជាក់ប្រាប់ពួកយើងអំពីថេរវេលា ឬក៏រយៈពេលនៃការដេករបស់ពួកគេនៅក្នុងនោះ(រូងភ្នំ)។ ដូច្នេះ គ្មានពាក្យសម្ដីរបស់នរណាម្នាក់(ដែលត្រឹមត្រូវ)បន្ទាប់ពីបន្ទូលរបស់អល់ឡោះឡើយ។ ប្រការអាថ៌កំបាំងទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែន ទាំងការបង្កើតនិងចំណេះដឹង គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់មហាឃើញបំផុត ដោយទ្រង់ឃើញរាល់អ្វីៗគ្រប់យ៉ាងទាំងអស់។ ហើយទ្រង់មហាលឺបំផុត ដោយទ្រង់អាចស្ដាប់ឮរាល់អ្វីៗគ្រប់យ៉ាងទាំងអស់។ ពួកគេគ្មានអ្នកគាំពារណាម្នាក់ដែលគាំពារកិច្ចការរបស់ពួកគេក្រៅពីទ្រង់ឡើយ ហើយទ្រង់ក៏មិនយកអ្នកណាម្នាក់មកចូលរួមជាដៃគូក្នុងការសម្រេចបទបញ្ញត្តិរបស់ទ្រង់នោះដែរ។ ពិតណាស់ ទ្រង់តែមួយគត់ដែលជាអ្នកសម្រេច(ចំពោះបទបញ្ញត្តិគ្រប់យ៉ាង)។
Kehf 18:27
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រ និងអនុវត្តនូវអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នកនៃគម្ពីរគួរអានចុះ។ ហើយគ្មាននរណាម្នាក់អាចប្ដូរពាក្យបន្ទូលរបស់ទ្រង់បានឡើយ ពីព្រោះវាគឺជាពាក្យពេចន៍ដែលត្រឹមត្រូវ និងយុត្តិធម៌បំផុត។ ហើយអ្នកនឹងមិនអាចស្វែងរកកន្លែងជ្រកកោនដែលអ្នកអាចជ្រកកោនបានក្រៅពីឆ្ពោះទៅកាន់ទ្រង់នោះឡើយ ហើយអ្នកក៏មិនអាចស្វែងរកអ្នកដែលអាចជួយបញ្ចៀស(ពីប្រការអាក្រក់)ដែលអ្នកអាចសុំការបញ្ចៀសតាមរយៈគេក្រៅពីទ្រង់នោះដែរ។
Kehf 18:28
ចូរអ្នកប្រកាន់ខ្ជាប់នឹងការរាប់អានជាមួយនឹងអ្នកដែលគោរពសក្ការៈ និងអ្នកដែលបួងសួងពីម្ចាស់របស់ពួកគេ(ដែលតែងតែបួងសួងសុំពីទ្រង់)ទាំងព្រឹកទាំងល្ងាច ដោយមានចិត្តស្មោះចំពោះទ្រង់។ ចូរអ្នកកុំមើលរំលងពួកគេដោយចង់រាប់អានតែជាមួយអ្នកមាន(ទ្រព្យ) និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ឲ្យសោះ។ ហើយចូរអ្នកកុំធ្វើតាមអ្នកដែលយើងបានធ្វើឲ្យចិត្តរបស់គេ(ព្រងើយកន្តើយ)មិនយកចិត្តទុកដាក់ក្នុងការរំលឹកមកចំពោះយើងដោយយើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់គេ ដោយគេបានប្រើអ្នកឲ្យយកអ្នកក្រីក្រចេញពីកន្លែងជួបជុំរបស់អ្នក ហើយគេឲ្យតម្លៃលើទំនើងចិត្តរបស់គេជាងការគោរពប្រតិបត្តិ្តចំពោះម្ចាស់របស់គេឲ្យសោះ។ ហើយទង្វើរបស់គេបានក្លាយទៅជាអសារបង់ទៅហើយ។
Kehf 18:29
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលព្រងើយកន្តើយក្នុងការរំលឹកចំពោះអល់ឡោះទាំងនោះ ដោយសារតែដួងចិត្តរបស់ពួកគេមានការធ្វេសប្រហែសថាៈ អ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នកគឺជាការពិត ហើយវាគឺមកពីអល់ឡោះ មិនមែនមកអំពីខ្ញុំនោះទេ។ ហើយខ្ញុំមិនមែនជាអ្នកដែលទទួលយកសំណើរបស់ពួកអ្នកមកចំពោះខ្ញុំដែលស្នើឲ្យខ្ញុំបណ្ដេញបណ្តាអ្នកដែលមានជំនឿ(ដែលទន់ខ្សោយ ក្រីក្រ)នោះទេ។ ដូច្នេះ ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់មានជំនឿនឹងការពិតមួយនេះ ចូរឲ្យគេមានជំនឿចំពោះវាចុះ ហើយគេនឹងរីករាយចំពោះការតបស្នងរបស់គេ(នៅថ្ងៃបរលោក)។ តែជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ប្រឆាំង(មិនមានជំនឿ)នឹងវា(សេចក្តីពិតទេនោះ) ចូរឲ្យគេប្រឆាំងចុះ ហើយគេនឹងទទួលនូវទណ្ឌកម្មដែលកំពុងតែរង់ចាំរូបគេ(នៅថ្ងៃបរលោក)ជាមិនខាន។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពានលើខ្លួនឯងដោយបានជ្រើសរើសយកការប្រឆាំង(ភាពគ្មានជំនឿ)នោះនូវភ្លើងនរកដ៏ធំធេងដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ ដោយពួកគេមិនអាចរត់ចេញពីវា(ឋាននរក)បានឡើយ។ ហើយប្រសិនបើពួកគេសុំឲ្យគេផ្ដល់ទឹកផឹកដល់ពួកគេដោយសារតែពួកគេស្រេកទឹកខ្លាំងនោះ គេនឹងផ្ដល់ទឹកឲ្យពួកគេផឹកដែលទឹកនោះប្រៀបដូចជាប្រេងដែលកំពុងពុះដ៏សែនក្តៅបំផុត ដែលធ្វើឲ្យរលាកមុខរបស់ពួកគេដោយសារតែកម្ដៅដ៏ក្ដៅរបស់វា។ គ្រឿងផឹកដែលគេផ្ដល់ឲ្យពួកគេនោះ គឺជាគ្រឿងផឹកដ៏អាក្រក់បំផុត ពីព្រោះវាមិនបានធ្វើឲ្យពួកគេបាត់ស្រេកនោះទេ ផ្ទុយទៅវិញ វាធ្វើឲ្យពួកគេកាន់តែស្រេកទឹកថែមទៀត។ ហើយអណ្ដាតភ្លើងដែលឆាបឆេះស្បែករបស់ពួកគេនោះ គឺមិនរលត់ឡើយ។ ហើយឋាននរកនោះ គឺជាលំនៅឋានដ៏អាក្រក់បំផុត(របស់ពួកគេ)ដែលពួកគេនឹងស្នាក់នៅក្នុងវា។
Kehf 18:30
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង។ ជាការពិតណាស់ យើងនឹងមិនបំបាត់នូវផលបុណ្យរបស់អ្នកដែលបានសាងទង្វើកុសលនោះឡើយ ផ្ទុយទៅវិញ យើងនឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ដោយគ្មានខ្វះនោះឡើយ។
Kehf 18:31
បណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលដូចដែលបានលើកឡើងនោះ ពួកគេគឺនឹងទទួលបាននូវឋានសួគ៌អាត់និន ដោយពួកគេនឹងរស់នៅទីនោះជាអមតៈ ដែលមានទន្លេទឹកសាបជាច្រើនហូរពីក្រោមលំនៅឋានរបស់ពួកគេ។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀកសម្លៀកបំពាក់ពណ៌បៃតងដែលធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រដែលក្រាស់។ ពួកគេអង្គុយផ្អែកខ្លួននៅលើគ្រែដែលត្រូវបានតុបតែងនឹងវាំងននដ៏ល្អប្រណីត។ ការតបស្នងរបស់ពួកគេ គឺជាការតបស្នងដ៏ប្រសើរបំផុត ហើយឋានសួគ៌ដែលពួកគេរស់នៅក្នុងវានោះ ក៏ជាកន្លែងដ៏ល្អប្រពៃបំផុតផងដែរ។
Kehf 18:32
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ ៖ គឺអ្នកគ្មានជំនឿ និងអ្នកមានជំនឿ។ យើងបានប្រទានឲ្យអ្នកគ្មានជំនឿនោះនូវចម្ការចំនួនពីរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្ការទាំងពីរនោះនឹងដើមល្មើ ព្រមទាំងយើងបានធ្វើឲ្យមានដំណាំផ្សេងៗនៅក្នុងកន្លែងទំនេរនៃចន្លោះចម្ការទាំងពីរនោះទៀតផង។
Kehf 18:33
ហើយចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វាជាច្រើនដូចជា ផ្លែល្មើ ទំពាំងបាយជូរ និងដំណាំផ្សេងៗ ដោយគ្មានខ្វះខាតអ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ វាបានផ្តល់ឲ្យគេ(ម្ចាស់ចម្ការដែលជាអ្នកគ្មានជំនឿនោះ)នូវផល(ដំណាំ)របស់វាយ៉ាងពេញលេញ។ ហើយយើង(អល់ឡោះ)បានធ្វើឲ្យមានទន្លេមួយហូរកាត់នៅចន្លោះចម្ការទាំងពីរនោះ ដើម្បីងាយស្រួលក្នុងការស្រោចស្រពចម្ការនោះ។
Kehf 18:34
ហើយអ្នក(គ្មានជំនឿ)ដែលជាម្ចាស់ចម្ការទាំងពីរនោះ មានទ្រព្យសម្បត្តិនិងផលានុផលផ្សេងៗជាច្រើនទៀត។ បន្ទាប់មក គេបាននិយាយទៅកាន់មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នា ដើម្បីឲ្យមិត្តរបស់គេច្រណែនចំពោះគេថាៈ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក មានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក និងមានសាច់ញាតិដែលខ្លាំងៗជាងអ្នក។
Kehf 18:35
ហើយបុរសគ្មានជំនឿនោះបានចូលទៅក្នុងចម្ការរបស់គេ ដើម្បីបង្ហាញឲ្យគេ(មិត្តរបស់គេដែលជាអ្នកមានជំនឿនោះ)បានឃើញវា(ចម្ការ) ខណៈដែលគេជាអ្នកបំពានលើខ្លួនឯងដោយភាពគ្មានជំនឿ និងដោយការមានមោទនភាព ដោយគេ(បុរសគ្មានជំនឿ)បាននិយាយថាៈ ខ្ញុំមិនគិតថា ចម្ការដែលអ្នកកំពុងតែឃើញនេះនឹងត្រូវវិនាសអន្តរាយឡើយ ដោយសារតែខ្ញុំបានធ្វើរឿងជាច្រើនដើម្បីការពារវាឲ្យនៅគង់វង្ស។
Kehf 18:36
ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តាមពិត វា(ជីវិតលោកិយ) គឺជាជីវិតដែលនៅស្ថិតស្ថេរជារៀងររហូត។ តែប្រសិនបើវា(ថ្ងៃបរលោក)ពិតជាកើតឡើងមែននោះ នៅពេលដែលខ្ញុំត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ និងត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវអ្វីដែលល្អប្រសើរជាងចម្ការរបស់ខ្ញុំនេះទៅទៀត ពីព្រោះការដែលខ្ញុំក្លាយជាអ្នកមាននៅក្នុងលោកិយនេះ ចាំបាច់ខ្ញុំត្រូវតែក្លាយជាអ្នកមានទៀតបន្ទាប់ពីការពង្រស់ឡើងវិញនោះ។
Kehf 18:37
មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បានតបទៅកាន់គេ(អ្នកគ្មានជំនឿ)វិញ ដោយគេបាននិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតឪពុករបស់អ្នក គឺព្យាការីអាហ្ទាំ អំពីដី បន្ទាប់មក បានបង្កើតអ្នកពីទឹកកាម បន្ទាប់មកទៀត បានធ្វើឲ្យអ្នកក្លាយជាមនុស្សប្រុស និងបានធ្វើឲ្យអយៈយវៈរបស់អ្នកមានភាពសមសួន ព្រមទាំងបានធ្វើឲ្យអ្នកមានរូបរាងពេញលេញ(ជាមនុស្ស)ឬ? ពិតណាស់ អ្នកដែលមានសមត្ថភាពធ្វើរឿងទាំងអស់នោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកឲ្យរស់ឡើងវិញដែរ។
Kehf 18:38
ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមិននិយាយដូចសម្ដីរបស់អ្នកដែលអ្នកបាននិយាយនោះឡើយ តែខ្ញុំនឹងនិយាយថាៈ ទ្រង់គឺអល់ឡោះដែលជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលប្រោសប្រទាននូវឧបការគុណជាច្រើនរបស់ទ្រង់មកឲ្យពួកយើង ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយទ្រង់នៅក្នុងការគោរពសក្ការៈនោះឡើយ។ជាមួយទ្រង់នៅក្នុងការគោរពសក្ការៈ(ចំពោះទ្រង់)នោះឡើយ។
Kehf 18:39
ហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖ مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ពិតប្រាកដណាស់ ទ្រង់គឹជាអ្នកដែលធ្វើនូវអ្វីៗដែលទ្រង់មានចេតនា ហើយទ្រង់គឺជាអ្នកដែលខ្លាំងពូកែ ប្រសិនបើអ្នកឃើញខ្ញុំក្រជាងអ្នក និងមានកូនចៅតិច(ជាងអ្នក)នោះ។
Kehf 18:40
ពិតណាស់ខ្ញុំរំពឹងថា អល់ឡោះជាម្ចាស់នឹងប្រទានឲ្យខ្ញុំនូវអ្វីផ្សេងដែលល្អប្រសើរជាងចម្ការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌកម្មពីលើមេឃទៅបំផ្លាញចម្ការរបស់អ្នក។ ពេលនោះ ចម្ការរបស់អ្នកនឹងក្លាយទៅជាដីដែលគ្មានរុក្ខជាតិដុះ ដែលគ្មានអ្នកចង់ដើរកាត់ជាមិនខាន។
Kehf 18:41
ឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់ ហើយអ្នកនឹងមិនអាចរកទឹកនោះមកវិញបានតាមវិធីណាមួយឡើយ។ ហើយនៅពេលដែលទឹករបស់វាត្រូវបានស្រូប(ចូលទៅក្នុងដី)ហើយនោះ គឺវា(ទឹក)មិនសល់អ្វីទៀតនោះឡើយ។
Kehf 18:42
ហើយអ្វីដែលអ្នកមានជំនឿរំពឹងទុក(ថាវានឹងកើតឡើង)នោះ គឺបានកើតឡើងយ៉ាងពិតប្រាកដមែន ដោយភោគផលនៃចម្ការរបស់អ្នកគ្មានជំនឿនោះត្រូវបានវិនាសអន្តរាយ។ ពេលនោះ បុរសគ្មានជំនឿនោះបានទះដៃទាំងពីររបស់ខ្លាំងៗដោយសារការសោកស្ដាយចំពោះការដែលគេបានចំណាយទ្រព្យសម្បត្តិរបស់គេយ៉ាងច្រើនក្នុងការដាំដុះចម្ការនោះ ខណៈដែលជន្លង់ដែលគេប្រើសម្រាប់ទល់មែកទំពាំងបាយជូរក្នុងចម្ការនោះបានដួលរលំអស់ ហើយគេបាននិយាយថាៈ ឱអនិច្ចារូបខ្ញុំ! ខ្ញុំគួរតែមានជំនឿនឹងម្ចាស់របស់ខ្ញុំតែមួយគត់ ដោយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូជាមួយទ្រង់នៅក្នុងការគោរពសក្ការៈឡើយ។
Kehf 18:43
ហើយគ្មានក្រុមណាមួយអាចរារាំងទណ្ឌកម្មមិនឲ្យកើតឡើងលើបុរសដែលគ្មានជំនឿនោះបានឡើយ ខណៈដែល(ពីមុន)គេធ្លាប់មានមោទនភាពនឹងក្រុមរបស់គេ(ថាពួកគេនឹងជួយដល់រូបគេ) ហើយគេក៏មិនអាចរារាំងការបំផ្លាញរបស់អល់ឡោះចំពោះចម្ការរបស់ខ្លួនបាននោះដែរ។
Kehf 18:44
នៅថ្ងៃនោះ(ថ្ងៃបរលោក) សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុតចំពោះជនណាដែលទ្រង់ស្រឡាញ់ពេញចិត្តក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ ដោយទ្រង់នឹងប្រទានផលបុណ្យទ្វេដងដល់ពួកគេ ហើយលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត គឺសម្រាប់ពួកគេ។
Kehf 18:45
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកដែលឈ្លក់វង្វេងនឹងលោកិយ។ ជាការពិតណាស់ លោកិយនេះនឹងបាត់បង់ ហើយនឹងដល់ទីបញ្ចប់យ៉ាងរហ័ស គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ ហើយរុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នាដោយសារទឹកភ្លៀងនោះ។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយខ្យល់ក៏បានបក់បោកវាទៅកាន់កន្លែងមួយផ្សេងទៀត។ ពេលនោះ ដីក៏បានប្រែក្លាយទៅជាសភាពដូចដើម(ដែលគ្មានរុក្ខជាតិសោះ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ។ ដូចនេះ ទ្រង់ធ្វើឲ្យរស់រានមានជីវិតនូវអ្វីដែលទ្រង់មានចេតនា និងធ្វើឲ្យស្លាប់(វិនាសអន្តរាយ)នូវអ្វីដែលទ្រង់មានចេតនា។
Kehf 18:46
ទ្រព្យសម្បត្តិនិងកូនចៅ គឺស្ថិតក្នុងចំណោមប្រការដែលជាគ្រឿងតុបតែងលម្អនៅក្នុងជីវិតលោកិយ ហើយទ្រព្យសម្បត្តិ នឹងគ្មានផ្តល់ផលប្រយោជន៍អ្វីឡើយនៅថ្ងៃបរលោក លុះត្រាតែវាត្រូវបានគេចំណាយទៅលើអ្វីដែលអល់ឡោះពេញចិត្ត។ ហើយទង្វើ និងពាក្យសម្តីទាំងឡាយដែលជាការពេញចិត្តចំពោះអល់ឡោះជាម្ចាស់នោះ គឺជាផលបុណ្យដ៏ល្អប្រសើរជាងគ្រឿងលម្អដែលមាននៅក្នុងលោកិយទៅទៀត ហើយវាជាក្ដីសង្ឃឹមដ៏ល្អប្រពៃដែលមនុស្សប្រាថ្នា ពីព្រោះគ្រឿងលម្អនៃលោកិយនេះ គឺមិនឋិតថេរនោះទេ តែផលបុណ្យនៃទង្វើនិងពាក្យសម្ដីទាំងឡាយដែលជាការពេញចិត្តចំពោះអល់ឡោះនោះ គឺនៅឋិតឋេរជានិច្ច។
Kehf 18:47
ហើយចូរអ្នកចងចាំ នៅថ្ងៃដែលយើងធ្វើឲ្យភ្នំទាំងឡាយរសាត់ចេញពីកន្លែងរបស់វា ហើយអ្នកនឹងឃើញផែនដីរាបស្មើយ៉ាងច្បាស់ ដោយសារតែគ្មានភ្នំ គ្មានដើមឈើ និងគ្មានសំណង់អាគារនានានៅលើវាទៀតឡើយ។ ហើយយើងនឹងប្រមូលផ្ដុំម៉ាខ្លូកទាំងអស់ដោយមិនបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ លើកលែងតែយើងពង្រស់គេឡើងវិញទាំងអស់។
Kehf 18:48
ហើយមនុស្សលោកទាំងអស់បានបង្ហាញខ្លួនជាជួរៗនៅចំពោះមុខម្ចាស់របស់អ្នក ដើម្បីទ្រង់នឹងធ្វើការជំនុំជម្រះពួកគេ។ ហើយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងម្នាក់ៗឯង ដោយអាក្រាតកាយ និងមិនខតាន់(មិនកាត់ស្បែកចុងអង្គជាតិ)ឡើយ ដូចពេលដែលយើងបានបង្កើតពួកអ្នកលើកដំបូងដូច្នោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា ពិតប្រាកដណាស់ ពួកអ្នកនឹងមិនត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឡើយ ហើយ(គិតថា)យើងនឹងមិនកំណត់ពេលវេលា និងទីកន្លែងមួយដែលយើងនឹងតបស្នងពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាងនោះឡើយ។
Kehf 18:49
ហើយសៀវភៅកំណត់ត្រាទង្វើនានាត្រូវបានគេដាក់(បង្ហាញពួកគេ)។ ពេលនោះ គឺមានអ្នកដែលទទួលយកសៀវភៅកំណត់ត្រាទង្វើរបស់គេនោះដោយដៃខាងស្តាំ(គឺអ្នកមានជំនឿ) និងមានអ្នកដែលទទួលយកសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃខាងឆ្វេង(គឺពួកគ្មានជំនឿ)។ ហើយអ្នក(ឱមនុស្សលោក)នឹងឃើញពួកគ្មានជំនឿមានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ ព្រោះពួកគេដឹងថា អ្វីដែលពួកគេបានសាងពីមុនមក(នៅក្នុងលោកិយ)នោះ គឺជាការប្រឆាំង និងការប្រព្រឹត្តល្មើស ហើយពួកគេនឹងនិយាយថាៈ វិនាសអន្តរាយ និងគ្រោះធំហើយពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបោះបង់នូវទង្វើណាមួយរបស់យើង មិនថាតូចឬធំនោះទេ លើកលែងតែវាសុទ្ធតែបានរក្សា(កត់ត្រាទុក)ទាំងអស់ដូច្នេះ! ហើយពួកគេបានឃើញនៅចំពោះមុខ(ពួកគេ)នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅក្នុងជីវិតលោកិយរបស់ពួកគេនៃទង្វើបាបកម្មនោះ គឺត្រូវបានគេកត់ត្រាទុកយ៉ាងច្បាស់លាស់(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបំពានលើនរណាម្នាក់នោះឡើយ។ ដូចនេះ ទ្រង់មិនដាក់ទណ្ឌកម្មនរណាម្នាក់ដោយរូបគេគ្មានបាបកម្មនោះទេ ហើយទ្រង់ក៏មិនធ្វើឲ្យអ្នកដែលគោរពប្រតិបត្តិ(ចំពោះទ្រង់)នោះ បាត់បង់ផលបុណ្យនៃការប្រតិបត្តិរបស់គេ(ចំពោះទ្រង់)បន្តិចណានោះដែរ។
Kehf 18:50
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំ ជាការស៊ូជូតស្វាគមន៍(ចំពោះគេ)”។ ពេលនោះ ពួកគេទាំងអស់ក៏បានក្រាបស៊ូជូតចំពោះគេ ដោយអនុវត្តតាមបទបញ្ជានៃម្ចាស់របស់ពួកគេ លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលស្ថិតក្នុងចំណោមពួកជិន និងមិនស្ថិតក្នុងចំណោមពួកម៉ាឡាអ៊ីកាត់នោះទេ ដោយវាបានបដិសេធ និងក្រអឺតក្រទមមិនព្រមស៊ូជូត(ចំពោះព្យាការីអាហ្ទាំ)ឡើយ និងបានងាកចេញពីការប្រតិបត្តិតាមម្ចាស់របស់វា។ ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា(អ៊ីព្លីស) និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែលពួកវាគឹជាសត្រូវរបស់ពួកអ្នកនោះ? ដូច្នេះ តើពួកអ្នកនឹងយកសត្រូវរបស់ពួកអ្នកធ្វើជាអ្នកគាំពារចំពោះពួកអ្នកយ៉ាងដូចម្ដេចទៅ? ហើយទង្វើរបស់ពួកបំពានដែលយកស្ហៃតនធ្វើជាអ្នកគាំពារសម្រាប់ពួកគេជំនួសអល់ឡោះជាម្ចាស់នោះ គឺអាក្រក់បំផុត។
Kehf 18:51
ពួក(អ៊ីព្លិសនិងកូនចៅរបស់វា)ដែលពួកអ្នកបានយកពួកវាធ្វើជាអ្នកគាំពារក្រៅយើងទាំងនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់យើង)ដូចពួកអ្នកដែរ។ យើងមិនបានយកពួកគេធ្វើជាសាក្សីនៃការបង្កើតមេឃជាច្រើនជាន់និងផែនដីនៅពេលដែលយើងបានបង្កើតវាទាំងពីរនោះឡើយ ផ្ទុយទៅវិញ ពួកវា(អ៊ីព្លិស និងកូនចៅរបស់វា)គ្មានវត្តមាននោះទេ(នៅពេលនោះ)។ ហើយយើងក៏មិនបានយកពួកវាធ្វើជាសាក្សីក្នុងការបង្កើតមួយចំនួននៃពួកគេដែរ។ ពិតណាស់ យើងគឺជាអ្នកបង្កើត និងជាអ្នករៀបចំចាត់ចែងតែមួយអង្គឯងគត់ ហើយយើងក៏មិនបានយកពួកដែលវង្វេងក្នុងចំណោមស្ហៃតនមនុស្ស និងជិនធ្វើជាអ្នកជួយដែរ ពីព្រោះយើងមហាមានលើសលប់ មិនត្រូវការជំនួយ(ពីអ្នកណា)នោះឡើយ។
Kehf 18:52
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកដល់ពួកគេអំពីនៅថ្ងៃបរលោក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកនឹងទ្រង់នៅក្នុងលោកិយថាៈ ចូរពួកអ្នកហៅដៃគូទាំងឡាយរបស់យើងដែលពួកអ្នកបានអះអាងថា ពិតប្រាកដណាស់ ពួកគេជាដៃគូរបស់យើងនោះមក សង្ឃឹមថា ពួកវានឹងជួយដល់ពួកអ្នក។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្តែពួកវាមិនបានឆ្លើយតបចំពោះការហៅរបស់ពួកគេនោះទេ ហើយក៏មិនបានជួយដល់ពួកគេនោះដែរ។ ហើយយើងបានបង្កើតកន្លែងវិនាសអន្តរាយមួយរវាងពួកគេនិងព្រះ(ក្លែងក្លាយ)របស់ពួកគេដែលពួកគេនឹងត្រូវវិនាសអន្តរាយជាមួយគ្នានៅក្នុងវ នោះគឺឋាននរកជើហាន់ណាំ។
Kehf 18:53
ហើយពួកមុស្ហរីគីនបានឃើញភ្លើងនរក(ផ្ទាល់នឹងភ្នែក) ហើយពួកគេជឿជាក់(ដឹង)យ៉ាងពិតប្រាកដថាៈ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ចូលទៅក្នុងវា ហើយពួកគេមិនមានកន្លែង(សុវត្ថិភាព)ណាដែលអាចគេចខ្លួនទៅកាន់វាបានឡើយ។
Kehf 18:54
ហើយជាការពិតណាស់ យើងបានបញ្ជាក់និងបានបែងចែងយ៉ាងច្បាស់នៅក្នុងគម្ពីរគួរអានដែលបានបញ្ចុះទៅលើមូហាំម៉ាត់នេះនូវឧទាហរណ៍ជាច្រើនប្រភេទ ដើម្បីឲ្យពួកគេរំលឹក និងយកវាធ្វើជាមេរៀន។ ក៏ប៉ុន្តែមនុស្សលោកវិញទេ(ជាពិសេសពួកគ្មានជំនឿ)ដែលជជែកដេញដោលគ្នាអំពីរឿងដែលមិនពិតជាងអ្វីៗទាំងអស់នោះ។
Kehf 18:55
ហើយគ្មានអ្វីដែលរារាំងរវាងពួកប្រឆាំងដែលចចេសរឹងរូស និងរវាងការមានជំនឿចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកពីម្ចាស់របស់គេនោះទេ ហើយក៏គ្មានអ្វីដែលរារាំងរវាងពួកគេ និងការសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់ពួកគេដោយសារតែខ្វះខាតនូវការពន្យល់បកស្រាយនោះដែរ ពីព្រោះគេបានលើកនូវឧទាហរណ៍ជាច្រើនដល់ពួកគេនៅក្នុងគម្ពីរគួរអាន ព្រមទាំងបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន។ តាមពិត អ្វីដែលរារាំងពួកគេ(មិនឲ្យមានជំនឿ)នោះ គឺការស្នើសុំរបស់ពួកគេ(ដោយការរឹងចចេស)ដែលសុំឲ្យទណ្ឌកម្មរបស់ប្រជាជាតិជំនាន់មុនៗនោះធ្លាក់ទៅលើពួកគេ និងឲ្យពួកគេបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនោះផ្ទាល់នឹងភ្នែក។
Kehf 18:56
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់យើងនោះទេ លើកលែងតែជាអ្នកផ្ដល់ដំណឹងរីករាយដល់ក្រុមអ្នកដែលមានជំនឿនិងគោរពប្រតិបត្តិ និងជាអ្នកដាស់តឿនព្រមានដល់ក្រុមអ្នកដែលគ្មានជំនឿនិងប្រព្រឹត្តល្មើសប៉ុណ្ណោះ។ ហើយពួកគេ(អ្នកនាំសារ)មិនមានអំណាចអ្វីគ្រប់គ្រងដួងចិត្តពួកទាំងនោះឲ្យទទួលបានការចង្អុលបង្ហាញនោះទេ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះបានជជែកដេញដោលនឹងបណ្តាអ្នកនាំសារទាំងឡាយ បើទោះបីជាមានភស្តុតាងយ៉ាងច្បាស់លាស់ដល់ពួកគេយ៉ាងណាក៏ដោយ ដើម្បី(ពួកគេ)ធ្វើឲ្យប្រការមិនត្រឹមត្រូវរបស់ពួកគេបំបាត់នូវប្រការត្រឹមត្រូវដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ ហើយពួកគេបានចាត់ទុកគម្ពីរគួរអាន និងអ្វីដែលគេបានព្រមានបន្លាចពួកគេនឹងវានោះ ជាការលេងសើចចំអកឡកឡឺយទៅវិញ។
Kehf 18:57
ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងអ្នកដែលត្រូវបានគេរំលឹកនូវភស្តុតាងទាំងឡាយនៃម្ចាស់របស់គេ តែគេបែរជាមិនខ្វាយខ្វល់ចំពោះអ្វីដែលមាននៅក្នុងវានៃការសន្យាដាក់ទណ្ឌកម្ម ហើយបែរចេញមិនព្រមយកវាធ្វើជាមេរៀន ព្រមទាំងបានភ្លេចនូវអ្វីដែលគេបានប្រព្រឹត្តនៅក្នុងជីវិតលោកិយរបស់គេអំពីការប្រឆាំងនិងការប្រព្រឹត្តល្មើស និងមិនបានសារភាពកំហុសពីវានោះទេ។ ពិតប្រាកដណាស់ យើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកដែលមានលក្ខណៈសម្បត្តិដូចពួកគេនេះ ដែលរារាំងវា(ដួងចិត្តរបស់ពួកគេ)មិនឲ្យយល់ពីគម្ពីរគួរអាន និងធ្វើឲ្យត្រចៀករបស់ពួកគេថ្លង់ ដោយពួកគេមិនអាចស្ដាប់ឮវាដោយការទទួលយកនោះឡើយ។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេទៅកាន់ការមានជំនឿនោះ ពួកគេនឹងមិនឆ្លើយតបចំពោះអ្វីដែលអ្នកអំពាវនាវពួកគេទៅកាន់វាជាដាច់ខាត ដរាបណាដួងចិត្តរបស់ពួកគេមានគម្រប(គ្របជិត) និងត្រចៀករបស់ពួកគេថ្លង់ស្តាប់មិនឮបែបនេះ។
Kehf 18:58
ហើយដើម្បីកុំឲ្យព្យាការីមូហាំម៉ាត់រំពឺងចង់ឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកប្រឆាំងភ្លាមៗ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់គាត់ថាៈ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ខ្ញុំបម្រើទ្រង់ដែលបានសារភាពកំហុស និងជាអ្នកដែលមានក្ដីមេត្តាករុណាដ៏ទូលំទូលាយ(ជ្រួតជ្រាប)លើអ្វីៗទាំងអស់។ ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់ពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់អ្នកដែលប្រព្រឹត្តល្មើស ដោយសង្ឃឹមថាពួកគេនឹងសារភាពកំហុសទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកដែលបែរចេញទាំងនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗនៅក្នុងជីវិតលោកិយនេះជាមិនខាន ក៏ប៉ុន្តែទ្រង់ជាម្ចាស់មហាអត់ធ្មត់ មហាអាណិតស្រឡាញ់បំផុត ដោយទ្រង់ពន្យារពេលដាក់ទណ្ឌកម្មពួកគេដើម្បីឲ្យពួកគេសារភាពកំហុស។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេមានទីកន្លែងនិងពេលវេលាដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ ដែលពួកគេនឹងត្រូវបានគេតបស្នងចំពោះភាពគ្មានជំនឿរបស់ពួកគេ និងការងាកចេញរបស់ពួកគេ(ពីសេចក្តីពិត) ប្រសិនបើពួកគេមិនសារភាពកំហុសទេនោះ ដោយពួកគេគ្មានកន្លែងជ្រកកោនដែលពួកគេនឹងជ្រកកោនក្រៅពីឆ្ពោះទៅកាន់ទ្រង់នោះឡើយ។
Kehf 18:59
ហើយភូមិស្រុកគ្មានជំនឿដែលនៅជិតពួកអ្នកទាំងនោះ ដូចជាភូមិស្រុករបស់ក្រុមព្យាការីហ៊ូទ ភូមិស្រុករបស់ក្រុមព្យាការីសឡេះ និងភូមិស្រុករបស់ក្រុមព្យាការីស៊្ហូអែបនោះ យើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពានលើខ្លួនឯងដោយការប្រឆាំង និងការប្រព្រឹត្តល្មើស។ ហើយយើងបានកំណត់ពេលវេលាជាក់លាក់មួយដើម្បីបំផ្លាញពួកគេ។
Kehf 18:60
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលព្យាការីមូសាបាននិយាយទៅក្មេងបម្រើប្រុសរបស់គាត់គឺ យូស្ហាក់ កូនប្រុសរបស់ នូន ថាៈ ខ្ញុំនៅតែបន្តធ្វើដំណើររហូតទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ ឬក៏ខ្ញុំត្រូវធ្វើដំណើរអស់រយៈពេលយ៉ាងយូរ(យ៉ាងណាក៏ដោយក៏មិនឈប់ដែរ) ទាល់តែខ្ញុំបានជួបនឹងខ្ញុំបម្រើ(របស់អល់ឡោះ)ដែលជាមនុស្សល្អម្នាក់(គឺព្យាការីខហ្ទៀរ) ហើយខ្ញុំនឹងរៀនសូត្រអំពីគាត់។
Kehf 18:61
ពេលនោះ គេទាំងពីរក៏បានធ្វើដំណើរ។ នៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ គេទាំងពីរក៏បានភ្លេចត្រីរបស់ពួកគេដែលពួកគេបានយកវាធ្វើជាស្បៀងអាហារសម្រាប់ពួកគេ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យត្រីនោះរស់ឡើងវិញ ហើយវាក៏បានននៀលតាមរូងចូលទៅក្នុងសមុទ្របាត់ទៅ។
Kehf 18:62
ហើយនៅពេលគេទាំងពីរបានធ្វើដំណើរហួសកន្លែងនោះ(ចំណុចប្រសព្វ) ព្យាការីមូសាក៏បានពោលទៅកាន់ក្មេងបម្រើប្រុសរបស់គាត់ថាៈ ចូរអ្នកយកអាហារថ្ងៃត្រង់មកឲ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើររបស់យើងនេះ។
Kehf 18:63
ក្មេងបម្រើនោះបានឆ្លើយថាៈ តើអ្នកនឹកឃើញឬទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិតប្រាកណាស់ ខ្ញុំបានភ្លេចរំលឹកប្រាប់អ្នកអំពីត្រីនោះ ហើយគ្មានអ្វីដែលធ្វើឲ្យខ្ញុំភ្លេចរំលឹកប្រាប់វាដល់អ្នកក្រៅពីស្ហៃតននោះឡើយ។ ពិតណាស់ ត្រីនោះបានរស់ឡើងវិញ ហើយវាបានននៀលចូលទៅក្នុងសមុទ្រយ៉ាងចម្លែកបំផុត។
Kehf 18:64
ព្យាការីមូសាក៏បានតបទៅកាន់ក្មេងប្រុសបម្រើរបស់គាត់វិញថាៈ នោះហើយជាអ្វី(កន្លែង)ដែលពួកយើងត្រូវការ(ស្វែងរក)។ ពិតណាស់ វាគឺជាសញ្ញាដែលបញ្ជាក់ពីកន្លែងរបស់ខ្ញុំបម្រើអល់ឡោះដែលជាមនុស្សល្អម្នាក់នោះ(ព្យាការីខហ្ទៀរ)។ ពេលនោះ គេទាំងពីរក៏បានត្រឡប់ក្រោយតាមដានជើងរបស់ពួកគេទាំងពីរវិញដើម្បីកុំឲ្យវង្វេងផ្លូវ រហូតដល់ពួកគេទាំងពីរបានទៅដល់ផ្ទាំងថ្មនោះវិញ ដែលនៅកន្លែងនោះហើយជាកន្លែងដែលត្រីននៀលចូលសមុទ្រ។
Kehf 18:65
ហើយនៅពេលដែលគេទាំងពីរបានទៅដល់កន្លែងដែលត្រីនោះបានបាត់ គេទាំងពីរក៏បានជួបនឹងខ្ញុំបម្រើមា្នក់ក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ល្អប្រពៃ(គឺព្យាការីខហ្ទៀរ) ដែលយើងបានផ្ដល់ឲ្យគេនូវក្ដីមេត្តាករុណាពីយើង ហើយយើងបានបង្រៀនដល់គេនូវចំណេះដឹងពីយើងដែលមនុស្សលោកមិនបានដឹង ហើយដែលវាគឺមាននៅក្នុងរឿងរ៉ាវនេះ។
Kehf 18:66
ព្យាការីមូសាបានពោលទៅកាន់(ព្យាការីខហ្ទៀរ)ដោយភាពឱនលំទោននិងទន់ភ្លន់ថាៈ តើខ្ញុំអាចដើរតាមអ្នកដើម្បីឲ្យអ្នកបង្រៀនខ្ញុំអំពីចំណេះដឹងដែលអល់ឡោះបានបង្រៀនដល់អ្នក ដែលវាជាការចង្អុលបង្ហាញទៅកាន់ការពិតបានដែរឬទេ?
Kehf 18:67
ព្យាការីខហ្ទៀរក៏បានតបថាៈ ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នឹងអ្វីដែលអ្នកឃើញវាអំពីចំណេះដឹងរបស់ខ្ញុំបាននោះទេ ពីព្រោះវាមិនស្របគ្នានឹងចំណេះដឹងដែលអ្នកមាននោះឡើយ។
Kehf 18:68
តើអ្នកអាចអត់ធ្មត់ទៅលើទង្វើ(សកម្មភាព)ទាំងឡាយដែលអ្នកបានឃើញទាំងដែលអ្នកមិនបានដឹងពីមូលហេតុត្រឹមត្រូវដែលមាននៅក្នុងវាយ៉ាងដូចម្ដេចទៅ ពីព្រោះអ្នកធ្វើការវិនិច្ឆ័យចំពោះវាទៅតាមកម្រិតនៃចំណេះដឹងរបស់អ្នកដែលអ្នកមានប៉ុណ្ណោះ?!
Kehf 18:69
ព្យាការីមូសាបានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលខ្ញុំបានឃើញអំពីរាល់ទង្វើរបស់អ្នក និងជាអ្នកដែលប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិតាមអ្នក ដោយខ្ញុំនឹងមិនធ្វើខុសពីបទបញ្ជារបស់អ្នកដែលអ្នកបានបង្គាប់ប្រើខ្ញុំនោះឡើយ។
Kehf 18:70
) ព្យាការីខហ្ទៀរបានពោលទៅកាន់ព្យាការីមូសាវិញថាៈ ប្រសិនបើអ្នក(ចង់ដើរ)តាមខ្ញុំនោះ សូមអ្នកកុំសួរខ្ញុំពីអ្វីដែលអ្នកបានឃើញខ្ញុំធ្វើវាឲ្យសោះ រហូតទាល់តែខ្ញុំបញ្ជាក់ប្រាប់អ្នកមុនពីមូលហេតុរបស់វា។
Kehf 18:71
ហើយនៅពេលគាត់ទាំងពីរបានឯកភាពគ្នាចំពោះរឿងនេះរួចមក គាត់ទាំងពីរក៏បានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ រហូតដល់ពួកគាត់បានជួបនឹងសំពៅមួយ ហើយគាត់ទាំងពីរក៏បានឡើងជិះលើសំពៅនោះដោយមិនអស់ថ្លៃឈ្នូលឡើយ ជាការលើកតម្កើង(របស់ម្ចាស់សំពៅ)ចំពោះព្យាការីខហ្ទៀរ។ ពេលនោះ ព្យាការីខហ្ទៀរក៏បានទម្លុះសំពៅនោះដោយបានដកយកក្តារមួយបន្ទះចេញ។ នៅពេលនោះ ព្យាការីមូសាក៏បានពោលទៅកាន់គាត់ថាៈ តើអ្នកទម្លុះសំពៅរបស់អ្នកដែលបានឲ្យពួកយើងជិះនៅលើវាដោយមិនគិតថ្លៃឈ្នួលដើម្បីឲ្យអ្នកដែលនៅលើសំពៅនេះទាំងអស់លិចលង់ឬ?! ជាការពិតណាស់ អ្នកបានធ្វើនូវរឿងមួយដ៏ធំធេង(អំពើមួយដ៏អាក្រក់)។
Kehf 18:72
ព្យាការីខហ្ទៀរក៏បានពោលទៅកាន់ព្យាការីមូសាវិញថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះទេនូវអ្វីដែលអ្នកបានឃើញអំពីខ្ញុំនោះ?
Kehf 18:73
ព្យាការីមូសាបានពោលទៅកាន់ព្យាការីខហ្ទៀរវិញថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំដោយសារតែខ្ញុំមិនបានគោរពតាមការសន្យារបស់អ្នកព្រោះតែការភ្លេចភ្លាំងអ្វី។ ហើយសូមអ្នកកុំចង្អៀតចង្អល់មកចំពោះខ្ញុំ និងកុំតឹងរ៉ឹងក្នុងការ(ឲ្យខ្ញុំ)សេពគប់ជាមួយអ្នក។
Kehf 18:74
បន្ទាប់ពីពួកគាត់ទាំងពីរបានចុះពីសំពៅ ពួកគាត់ក៏បានបន្តដំណើរដោយថ្មើរជើងតាមឆ្នេរ(សមុទ្រ)។ ពេលនោះ គាត់ទាំងពីរក៏បានឃើញក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់កំពុងលេងជាមួយក្មេងប្រុសឯទៀត។ នៅពេលនោះ ព្យាការីខហ្ទៀរក៏បានសម្លាប់ក្មេងប្រុសនោះ។ ព្យាការីមូសាក៏បានសួរទៅកាន់គាត់ថាៈ តើអ្នកសម្លាប់ជីវិតមនុស្សម្នាក់ដែលស្អាតស្អំមិនទាន់គ្រប់អាយុ ដោយគេគ្មានទោសពៃរ៍អ្វីសោះនោះឬ?! ជាការពិតណាស់ អ្នកបានប្រព្រឹត្តនូវអំពើមួយដែលអាក្រក់បំផុត។
Kehf 18:75
ព្យាការីខហ្ទៀរបានពោលទៅកាន់ព្យាការីមូសាថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់ប្រាប់អ្នកហើយថា ពិតប្រាកដណាស់ អ្នក(ឱមូសា)នឹងមិនអាចអត់ធ្មត់ចំពោះអ្វីដែលខ្ញុំធ្វើនោះទេ។
Kehf 18:76
ព្យាការីមូសាបានក៏បានតបថាៈ ប្រសិនបើខ្ញុំសួរ(អ្នកអំពី)អ្វីមួយបន្ទាប់ពីនេះម្ដងទៀតនោះ ចូរអ្នកចាកចេញពីខ្ញុំចុះ។ ជាការពិតណាស់ ខ្ញុំបានមកដល់ចំណុចចុងក្រោយនៃការអធ្យាស្រ័យចំពោះការបោះបង់ការសេពគប់ជាមួយខ្ញុំ ដោយសារតែការខ្ញុំបានធ្វើខុសនឹងបទបញ្ជារបស់អ្នកចំនួនបីដងទៅហើយ។
Kehf 18:77
ហើយពួកគាត់ទាំងពីរ(ព្យាការីខហ្ទៀរ និងព្យាការីមូសា)ក៏បានបន្តដំណើរទៅមុខទៀត រហូតគាត់ទាំងពីរបានទៅដល់ភូមិមួយ ពួកគាត់ទាំងពីរក៏បានសុំចំណីអាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនផ្ដល់អាហារឲ្យពួកគាត់ និងមិនបំពេញកាតព្វកិច្ចនៃការទទួលភ្ញៀវចំពោះពួកគាត់ឡើយ។ ក្រោយមក គាត់ទាំងពីរបានឃើញជញ្ជាំងមួយនៅក្នុងភូមិជិតដួលរលំ។ ពេលនោះ ព្យាការីខហ្ទៀរក៏បានធ្វើឲ្យវាត្រង់ឡើងវិញ។ នៅពេលនោះ ព្យាការីមូសាក៏បានពោលទៅកាន់ព្យាការីខហ្ទៀរថាៈ ប្រសិនបើអ្នកចង់យកថ្លៃឈ្នួលចំពោះការជួសជុលវា(ជញ្ជាំង)នោះ អ្នកអាចយកវាបាន ដោយសារតែពួកយើងត្រូវការវា ក្រោយពីពួកគេបានបដិសេធក្នុងទទួលពួកយើងជាភ្ញៀវ។
Kehf 18:78
ព្យាការីខហ្ទៀរក៏បានពោលទៅកាន់ព្យាការីមូសាថាៈ ការជំទាស់របស់ខ្ញុំដោយខ្ញុំមិនយកថ្លៃឈ្នួលលើការធ្វើឲ្យជញ្ជាំងត្រង់ឡើងវិញនេះ គឺជាកន្លែងដែលពួកយើងត្រូវបែកគ្នាហើយ។ ខ្ញុំនឹងបកស្រាយប្រាប់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះអ្វីដែលអ្នកបានឃើញខ្ញុំធ្វើវានោះ។
Kehf 18:79
ចំពោះរឿងសំពៅដែលអ្នកបានជំទាស់មិនឲ្យខ្ញុំទម្លុះវានោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់អ្នកទន់ខ្សោយដែលប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ដោយពួកគេមិនមានលទ្ធភាពអាចការពារវាបានឡើយ ហើយខ្ញុំចង់ធ្វើឲ្យវាធ្លុះធ្លាយតាមរយៈអ្វីដែលខ្ញុំបានធ្វើទៅលើវា(ទម្លុះសំពៅនោះដោយដកយកក្តារមួយបន្ទះ)នោះ គឺដើម្បីកុំឲ្យស្ដេចមួយអង្គដែលនៅខាងមុខពួកគេនោះរឹបអូសយកវា ព្រោះថាស្ដេចអង្គនោះ តែងតែរឹបអូសយកទាំងបង្ខំពីម្ចាស់សំពៅនូវរាល់សំពៅណាដែលល្អៗ និងដោះលែង(មិនរឹបអូសយក)រាល់សំពៅណាដែលធ្លុះធ្លាយ។
Kehf 18:80
ចំណែករឿងក្មេងប្រុសដែលអ្នកបានជំទាស់មិនឲ្យខ្ញុំសម្លាប់គេនោះ គឺឪពុកម្ដាយរបស់គេជាអ្នកដែលមានជំនឿ ហើយនៅក្នុងការដឹងរបស់អល់ឡោះ ក្មេងនោះគឺជាអ្នកដែលគ្មានជំនឿ ហើយយើងខ្លាចពេលគេធំឡើង គេនឹងអូសទាញឪពុកម្ដាយរបស់គេឲ្យធ្លាក់ទៅក្នុងភាពគ្មានជំនឿនឹងអល់ឡោះ និងប្រព្រឹត្តល្មើស(នឹងទ្រង់) ដោយសារតែការស្រឡាញ់លើសលប់របស់ពួកគាត់ទាំងពីរចំពោះគេ ឬក៏ដោយសារគាត់ទាំងពីរត្រូវការគេ។
Kehf 18:81
ហើយខ្ញុំចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់ផ្លាស់ប្ដូរឲ្យពួកគាត់ទាំងពីរ(ដោយបង្កើត)នូវកូនប្រុសម្នាក់ផ្សេងទៀតដែលល្អជាងនោះ ទាំងខាងសាសនា និងការរស់នៅ ហើយនិងជ្រះស្អាតអំពីបាបកម្មនានា ព្រមទាំងជាទីស្រឡាញ់ទៅចំពោះឪពុកម្ដយរបស់គេជាងកូនដែលបានស្លាប់នេះទៅទៀត។
Kehf 18:82
រីឯរឿងជញ្ជាំងដែលខ្ញុំបានជួសជុលវា ហើយអ្នកបានជំទាស់នឹងខ្ញុំមិនឲ្យជួសជុលវាទេនោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់ក្មេងប្រុសកំព្រាឪពុកពីរនាក់រស់នៅក្នុងទីក្រុងដែលពួកយើងបានមកដល់នោះ ហើយនៅខាងក្រោមជញ្ជាំងនោះ គឺមានកំណប់ទ្រព្យសម្បត្តិដែលគេកប់ទុកឲ្យពួកគេទាំងពីរ ហើយឪពុករបស់ក្មេងប្រុសទាំងពីរនេះទៀតសោត គឺជាមនុស្សល្អត្រឹមត្រូវ។ ហើយម្ចាស់របស់អ្នក(ឱព្យាការីមូសា)មានបំណងចង់ឲ្យគេទាំងពីរពេញវ័យគ្រប់អាយុ និងឲ្យគេទាំងពីរយកកំណប់ទ្រព្យរបស់គេទាំងពីរចេញពីក្រោមជញ្ជាំងនោះ។ ប្រសិនបើជញ្ជាំងបានរលំបាក់ធ្លាក់ក្នុងពេលឥឡូវនេះ នោះទ្រព្យសម្បត្តិ(កំណប់)របស់គេទាំងពីរនឹងត្រូវលាតត្រដាង(ឲ្យអ្នកដទៃបានឃើញ) ហើយប្រឈមនឹងការបាត់បង់ជាមិនខាន។ ហើយការរៀបចំទាំងនេះ គឺជាក្ដីមេត្តាករុណាពី(អល់ឡោះ)ម្ចាស់របស់អ្នកចំពោះគេទាំងពីរ ហើយខ្ញុំមិនបានធ្វើវាតាមតែទំនើងចិត្តរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។
Kehf 18:83
ហើយពួកមុស្ហរីគីននិងពួកយូដានឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាការសាកល្បង(អំពីពួកគេចំពោះអ្នក)ពីរឿងរ៉ាវរបស់ ហ្ស៊ុលករណែន។ ចូរអ្នកពោលថាៈ ខ្ញុំនឹងនិទានរឿងរបស់គេមួយផ្នែកប្រាប់ដល់ពួកអ្នកដោយពួកអ្នកអាចយកវាធ្វើជាមេរៀន និងជាការចងចាំ។
Kehf 18:84
ពិតប្រាកដណាស់ យើង(អល់ឡោះ)បានផ្ដល់អំណាចគ្រប់គ្រងលើផែនដីនេះឲ្យគេ និងបានផ្ដល់ឲ្យគេគ្រប់យ៉ាងដែលទាក់ទងទៅនឹងតម្រូវការរបស់គេ ដែលជាមធ្យោបាយមួយដើម្បីឲ្យឈានទៅដល់គោលដៅរបស់គេ។
Kehf 18:85
ហើយគេក៏បានដើរតាមអ្វីដែលយើងបានផ្ដល់ឲ្យគេក្នុងចំណោមមធ្យោបាយ និងមាគ៌ាមួយសម្រាប់ភ្ជាប់ទៅនឹងការស្នើសុំរបស់គេ ហើយគេក៏សំដៅទៅទិសខាងលិច។
Kehf 18:86
ហើយគេក៏បានធ្វើដំណើរនៅលើផែនដីរហូតដល់គេបានទៅដល់ចុងបញ្ចប់នៃផែនដីពីទិសនៃថ្ងៃលិច គេក៏បានឃើញវាលិចនៅក្នុងប្រភពទឹកក្តៅដែលមានភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុមដែលជាពួកគ្មានជំនឿនៅកន្លែងនៃថ្ងៃលិចនោះ។ ហើយយើងបានមានបន្ទូលទៅកាន់គេដោយឲ្យគេធ្វើការជ្រើសរើសថាៈ ឱហ្ស៊ុលករណែន! អ្នកអាចដាក់ទណ្ឌកម្មពួកទាំងនោះដោយការសម្លាប់ ឬក៏ផ្សេងពីនោះ(ប្រសិនបើពួកគេមិនទទួលស្គាល់ថាអល់ឡោះជាម្ចាស់មានតែមួយអង្គគត់) ឬក៏អ្នកអាចធ្វើល្អចំពោះពួកគេ(ដោយអំពាវនាវពួកគេឲ្យគោរពប្រតិបត្តិតាមអល់ឡោះ)។
Kehf 18:87
ហ្ស៊ុលករណែនបាននិយាយថាៈ ចំពោះជនណាដែលបានធ្វើស្ហ៊ីរិកនឹងអល់ឡោះ ហើយគេនៅតែបន្តប្រព្រឹត្តទង្វើបែបនេះបន្ទាប់ពីការអំពាវនាវរបស់ខ្ញុំចំពោះគេឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ហើយនោះ ខ្ញុំនឹងដាក់ទណ្ឌកម្មគេដោយការសម្លាប់នៅក្នុងលោកិយ។ បន្ទាប់មក នៅថ្ងៃបរលោក រូបគេនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ ហើយពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។
Kehf 18:88
ហើយចំណែកឯជនណាក្នុងចំណោមពួកគេដែលមានជំនឿនឹងអល់ឡោះ និងបានសាងទង្វើកុសលនោះ សម្រាប់គេនឹងទទួលបានឋានសួគ៌ ជាការតបស្នងពីម្ចាស់របស់គេចំពោះការមានជំនឿ និងការសាងទង្វើកុសលរបស់គេ ហើយខ្ញុំនឹងនិយាយទៅកាន់គេនូវពាក្យសម្ដីដែលទន់ភ្លន់បំផុត។
Kehf 18:89
បន្ទាប់មក គេ(ហ្ស៊ុលករណែន)ក៏បានដើរតាមផ្លូវមួយទៀតផ្សេងពីផ្លូវមុន ដោយ(ដើរ)សំដៅទៅកាន់ទិសនៃថ្ងៃរះ។
Kehf 18:90
ហើយគេបានបន្តដំណើររហូតដល់គេបានទៅដល់កន្លែងដែលថ្ងៃរះ គេក៏បានឃើញថ្ងៃរះទៅលើក្រុមមនុស្សដែលយើង(អល់ឡោះ)មិនបានផ្ដល់ជម្រកដល់ពួកគេដូចជាផ្ទះសម្បែង និងម្លប់ដើមឈើដែលអាចការពារពួកគេពីកម្ដៅថ្ងៃឡើយ។
Kehf 18:91
ដូច្នោះឯងកិច្ចការ របស់ហ្ស៊ុលករណែននោះ។ ជាការពិតណាស់ យើង(អល់ឡោះ) ពិតជាបានដឹងជ្រួតជ្រាបពីភាពខ្លាំងក្លា និងអំណាចដែលគេ(ហ្ស៊ុលករណៃ)មាន។
Kehf 18:92
បន្ទាប់មកទៀត គេក៏បានដើរតាមផ្លូវមួយផ្សេងទៀតផ្សេងពីផ្លូវពីរដំបូង ដែល(ផ្លូវនោះ)ស្ថិតនៅចន្លោះរវាងទិសខាងកើត និងទិសខាងលិច។
Kehf 18:93
ហើយគេក៏បានបន្តដំណើររហូតដល់គេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅពីមុខភ្នំទាំងពីរនោះ ដែលពួកគេស្ទើរតែមិនយល់នូវពាក្យសម្ដីរបស់អ្នកដទៃក្រៅពី(គ្នា)ពួកគេនោះឡើយ។
Kehf 18:94
ពួកគេបាននិយាយថាៈ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច(ពួកគេជាប្រជាជាតិពីរក្រុមដ៏អស្ចារ្យក្នុងចំណោមកូនចៅអាហ្ទាំ) គឺជាពួកដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការកាប់សម្លាប់ និងអ្វីៗផ្សេងទៀត។ ដូចនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឲ្យអ្នកសាងសង់របាំងការពាររវាងពួកយើងនិងពួកគេ(យ៉ាក់ជូច និងម៉ាក់ជូច)បានដែរឬទេ?
Kehf 18:95
ស៊ុលករណែនក៏បានតបថាៈ អ្វីដែលម្ចាស់របស់ខ្ញុំទ្រង់បានប្រទានឲ្យខ្ញុំនៃភាពជាស្ដេចនិងអំណាចគ្រប់គ្រងនោះ គឺប្រសើរសម្រាប់ខ្ញុំជាងទ្រព្យសម្បត្តិដែលពួកអ្នកផ្ដល់ឲ្យខ្ញុំទៅទៀត។ ដូច្នេះ សូមពួកអ្នកជួយខ្ញុំ ដោយឲ្យពួកបុរសៗនិងឧបករណ៍ផ្សេងៗដល់ខ្ញុំ ដើម្បីខ្ញុំនឹងសាងសង់របាំងការពាររវាងពួកអ្នក និងពួកគេ។
Kehf 18:96
ចូរពួកអ្នកយកដែកមួយបន្ទះៗមកឲ្យខ្ញុំ។ ពេលនោះ ពួកគេក៏បានយកបន្ទះដែកមក ហើយគាត់(ហ្ស៊ុលករណែន) ក៏បានចាប់ផ្ដើមសាងសង់(របាំងការពារ)នៅចន្លោះភ្នំទាំងពីរនោះ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏បាននិយាយទៅកាន់បុរសៗទាំងនោះ(ដែលជាកម្មករ)ថាៈ ចូរអ្នកដុតភ្លើងទៅលើបន្ទះដែកទាំងនេះចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើងក្រហម គាត់ក៏បាននិយាយថាៈ ចូរពួកអ្នកទាំងអស់គ្នាយកទង់ដែងរលាយមកឲ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។
Kehf 18:97
ធ្វើដូច្នោះ ពួកយ៉ាក់ជូចនិងម៉ាជូចមិនអាចឡើងឆ្លងកាត់ជញ្ជាំងដែកដ៏ខ្ពស់នោះបានទេ ហើយពួកវាក៏មិនអាចចោះទម្លុះពីខាងក្រោម(ឡើងមកលើ)បាននោះដែរ។
Kehf 18:98
ស៊ុលករណែន បានពោលបន្តថាៈ របាំងមួយនេះ គឺជាក្ដីមេត្តាករុណាពីម្ចាស់របស់ខ្ញុំដែលឃាំង(ទប់ស្កាត់)រវាងយ៉ាក់ជូចនិងម៉ាក់ជូច និងការបង្កវិនាសកម្ម(របស់ពួកវា)នៅលើផែនដី ហើយនឹងរារាំងពួកគេពីវា(ការបង្កវិនាសកម្ម)។ តែនៅពេលដែលពេលវេលាដែលអល់ឡោះបានកំណត់ឲ្យពួកវាចេញមកមុនពេលដែលថ្ងៃបរលោកបានមកដល់នោះ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យារបស់អល់ឡោះដោយការធ្វើឲ្យជញ្ជាំងនោះរាបស្មើដល់ដីវិញ និងឲ្យយ៉ាក់ជូចនិងម៉ាក់ជូចចេញមកនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។
Kehf 18:99
ហើយយើងនឹងទុកឲ្យម៉ាខ្លូកមួយចំនួននៅសេសសល់នាសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកបានមកដល់) ដោយពួកគេនៅលាយឡំគ្នាទៅវិញទៅមក។ បន្ទាប់មក គេបានផ្លុំត្រែ ហើយយើងបានប្រមូលផ្ដុំរាល់ម៉ាខ្លូកទាំងអស់ដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង(ទៅលើទង្វើរបស់ពួកគេ)។
Kehf 18:100
ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឲ្យពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់ផ្ទាល់នឹងភ្នែក។
Kehf 18:101
នៅថ្ងៃនោះ យើងនឹងបង្ហាញវា(នរកជើហាន់ណាំ)ដល់ពួកគ្មានជំនឿដែលកាលនៅក្នុងលោកិយ ពួកគេខ្វាក់ភ្នែកពីការរំលឹកចំពោះអល់ឡោះ ដោយសារតែនៅពីភ្នែករបស់ពួកគេ មានរនាំងដែលរារាំងមិនឲ្យរំលឹក(ចំពោះអល់ឡោះ) ហើយពួកគេមិនអាចស្ដាប់ឮវាក្យខណ្ឌរបស់អល់ឡោះដោយការស្តាប់ឮដែលទទួលយកនោះឡើយ។
Kehf 18:102
តើពួកដែលគ្មានជំនឿនឹងអល់ឡោះនោះគិតថា ពួកគេអាចយកខ្ញុំបម្រើរបស់យើង ដូចជាម៉ាឡាអ៊ីកាត់ បណ្តាអ្នកនាំសារ និងពួកស្ហៃតនមកគោរពសក្ការៈក្រៅពីយើងឬ? ពិតប្រាកដណាស់ យើងបានរៀបចំនរកជើហាន់ណាំសម្រាប់ពួកគ្មានជំនឿ ជាកន្លែងជ្រកកោនសម្រាប់ការស្នាក់នៅរបស់ពួកគេ។
Kehf 18:103
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តើចង់ឲ្យយើងប្រាប់ពួកអ្នក(ឱមនុស្សលោក)អំពីពួកមនុស្សដែលខាតបង់ដ៏ធំធេងជាងគេចំពោះទង្វើទាំងឡាយរបស់ពួកគេនោះដែរឬទេ?
Kehf 18:104
គឺពួកដែលនៅថ្ងៃបរលោក ពួកគេបានឃើញថា ការខិតខំប្រឹងប្រែងរបស់ពួកគេដែលពួកគេធ្លាប់បានខិតខំប្រឹងប្រែងធ្វើវានៅក្នុងលោកិយនោះ គឺបានក្លាយជាអសារបង់ ខណៈដែលពួកគេធ្លាប់គិតថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកសាងអំពើល្អចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយពួកគេនឹងទទួលបានផលពីទង្វើរបស់ពួកគេ។ តែជាក់ស្តែង គឹវាផ្ទុយពីអ្វីដែលពួកគេគិតស្មាន(ទាំងស្រុង)។
Kehf 18:105
ពួកទាំងនោះ គឺជាពួកដែលប្រឆាំងនឹងសញ្ញាភស្តុតាងនៃម្ចាស់ពួកគេដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងគ្មានជំនឿចំពោះការជួបនឹងទ្រង់(នៅថ្ងៃបរលោក)ឡើយ។ ហើយទង្វើកុសលទាំងឡាយរបស់ពួកគេ គឺបានក្លាយជាអសារបង់ដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងនោះ។ ហើយនៅថ្ងៃបរលោក សម្រាប់ពួកគេគឺគ្មានឋានៈអ្វីនៅឯអល់ឡោះជាម្ចាស់នោះឡើយ។
Kehf 18:106
ការតបស្នងដែលគេបានរៀបចំសម្រាប់ពួកគេនោះ គឺនរកជើហាន់ណាំ ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ និងការយកសញ្ញាភស្តុតាងរបស់យើងដែលយើងបានបញ្ចុះមក ហើយនិងបណ្ដាអ្នកនាំសារទាំងឡាយរបស់យើងធ្វើជាការចំអកឡកឡឺយ។
Kehf 18:107
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ហ្វៀរទ័ស ដែលជាឋានសួគ៌លំដាប់ខ្ពស់បំផុត ដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។
Kehf 18:108
ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេមិនសុំឲ្យមានការផ្លាស់ប្ដូរវាឡើយ ពីព្រោះគ្មានការតបស្នងណាដែលអាចប្រៀបផ្ទឹមនឹងវាបានឡើយ។
Kehf 18:109
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ពាក្យបន្ទូលនៃម្ចាស់របស់ខ្ញុំ គឺច្រើនបំផុត។ ប្រសិនបើទឹកសមុទ្រ គឺជាទឹកខ្មៅសម្រាប់កត់ត្រាពាក្យបន្ទូលរបស់ទ្រង់នោះ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុនពេលដែលបញ្ចប់(ការកត់ត្រា)ពាក្យបន្ទូលរបស់ទ្រង់មិនខាន។ ហើយបើទោះបីពួកយើងយកទឹកសមុទ្រផ្សេងទៀតមកបន្ថែម(ធ្វើជាទឹកខ្មៅ)ក៏ដោយ ក៏វានឹងត្រូវរីងស្ងួតអស់មុនដែរ។
Kehf 18:110
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឲ្យខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយអង្គគត់ដោយទ្រង់គ្មានដៃគូនោះឡើយ នោះគឺអល់ឡោះជាម្ចាស់។ ដូចនេះ ជនណាហើយដែលខ្លាចការជួបនឹងម្ចាស់របស់គេនោះ ចូរឲ្យគេសាងទង្វើទាំងឡាយណាដែលស្របតាមច្បាប់បញ្ញត្តិរបស់ទ្រង់ និងមានចិត្តស្មោះសក្នុងការសាងទង្វើនោះចំពោះម្ចាស់របស់គេ ហើយកុំឲ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈរួមជាមួយនឹងម្ចាស់របស់គេឲ្យសោះ។
Meryem 19:1
កាហ្វ ហា យ៉ា អ៊ីន សទ (បានបកស្រាយរួចមកហើយនៅក្នុងដើមដំបូងជំពូក អាល់ហ្ពាក៏រ៉ោះ)។
Meryem 19:2
នេះគឺជាការរំលឹកពីក្ដីមេត្តាករុណានៃម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា ដោយយើងនឹងនិទានវាប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)ដើម្បីយកវាទុកជាមេរៀន។
Meryem 19:3
ខណៈដែលគេបានបួងសួងសុំពីម្ចាស់របស់គេនូវការបួងសួងមួយយ៉ាងស្ងៀមស្ងាត់ ដើម្បីឲ្យវាជិតបំផុតទៅនឹងការឆ្លើយតប(ងាយទទួលយកការបួងសួងនោះ)។
Meryem 19:4
គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ឆ្អឹងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ឯសក់ក្បាលរបស់ខ្ញុំក៏ស្កូវព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធក្នុងការបួងសួងសុំរបស់ខ្ញុំចំពោះទ្រង់នោះដែរ។ ផ្ទុយទៅវិញ រាល់ពេលដែលខ្ញុំបានបួងសួងសុំពីទ្រង់ ទ្រង់តែងតែឆ្លើយតបមកកាន់ខ្ញុំ(ទទួលយកនូវការបួងសួងរបស់ខ្ញុំ)ជានិច្ច។
Meryem 19:5
ហើយពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំបន្ទាប់ពីការស្លាប់របស់ខ្ញុំទៅ ពួកគេមិនបានបំពេញតាមក្បួនច្បាប់សាសនា(របស់ទ្រង់)បានពេញលេញ ដោយសារតែពួកគេមមាញឹក(រវល់)នឹងលោកិយ ហើយភរិយារបស់ខ្ញុំក៏ជាស្រ្តីអារដែលមិនអាចមានកូនថែមទៀត។ ដូច្នេះ សូមទ្រង់មេត្តាប្រទានដល់ខ្ញុំនូវកូនម្នាក់ជាអ្នកស្នងត្រកូលផងចុះ។
Meryem 19:6
ដែលគេនឹងទទួលមត៌កនៃភាពជាព្យាការីអំពីខ្ញុំ ហើយនិងទទួលមត៌កពីសាច់សាលោហិតរបស់ព្យាការីយ៉ាក់កូប ហើយសូមទ្រង់(ឱម្ចាស់របស់ខ្ញុំ)មេត្តាធ្វើឲ្យគេក្លាយទៅជាអ្នកដែលជាទីគាប់ចិត្ត(ចំពោះទ្រង់)ទាំងខាងសាសនា សីលធម៌ និងចំណេះដឹងរបស់គេផងចុះ។
Meryem 19:7
នៅពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកការបួងសួងសុំរបស់គាត់ ហើយទ្រង់បានមានបន្ទូលទៅកាន់គាត់ថាៈ ឱហ្សាការីយ៉ា! ពិតប្រាកដណាស់ យើងសូមផ្ដល់ដំណឹងរីករាយមួយដល់អ្នក។ ជាការពិតណាស់ យើងបានទទួលយការបួងសួងសុំរបស់អ្នកហើយ ហើយយើងនឹងប្រទានឲ្យអ្នកនូវក្មេងប្រុស(កូនប្រុស)ម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះនេះឲ្យអ្នកណាក្រៅពីគេឡើយពីមុនមក។
Meryem 19:8
ព្យាការីហ្សាការីយ៉ាក៏បានពោលដោយភាពភ្ញាក់ផ្អើលពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ថាៈ តើខ្ញុំអាចមានកូនយ៉ាងដូចម្ដេចទៅ បើភរិយារបស់ខ្ញុំជាស្រ្តីអារម្នាក់ដែលមិនអាចមានកូន រីឯខ្ញុំវិញ ក៏ឈានដល់វ័យចាស់ជរា ហើយឆ្អឹងទ្រុឌទ្រោមហើយនោះ?!
Meryem 19:9
ម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថាៈ រឿងនោះគឺដូចអ្វីដែលអ្នកបានពោលនោះឯងដែលថា ភរិយារបស់អ្នកជាស្រ្តីអារមិនអាចមានកូន ហើយពិតប្រាកដណាស់ អ្នកក៏ឈានដល់វ័យចាស់ជរា ហើយឆ្អឹងឆ្អែងក៏ទ្រុឌទ្រោមនោះ ក៏ប៉ុន្តែម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ការដែលម្ចាស់របស់អ្នកបង្កើតយ៉ះយ៉ាពីម្ដាយដែលអារម្នាក់ និងពីឪពុកដែលមានវ័យចំណាស់ចាស់ទ្រុឌទ្រោមនោះ គឺជារឿងងាយស្រួលបំផុត(សម្រាប់ទ្រង់)។ ពិតប្រាកដណាស់ ទ្រង់បានបង្កើតអ្នក(ឱហ្សាការីយ៉ា)ពីមុនមក ដោយអ្នកពុំទាន់មាន(ពីមុនមក)សោះ។
Meryem 19:10
ព្យាការីហ្សាការីយ៉ាបានតបថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្ញុំនូវនិមិត្តសញ្ញាណាមួយដើម្បីធ្វើឲ្យ(ចិត្ត)ខ្ញុំមានភាពនឹងនរ ដែលជាការបញ្ជាក់ពីការទទួលបាននូវអ្វីដែលម៉ាឡាអ៊ីកាត់បានផ្ដល់ដំណឹងរីករាយនោះដល់ខ្ញុំផង។ ទ្រង់បានតបវិញថាៈ និមិត្តសញ្ញារបស់អ្នកចំពោះការទទួលបាននូវអ្វីដែលគេបានផ្ដល់ដំណឹងរីករាយដល់អ្នកនោះ គឺអ្នកមិនអាចនិយាយទៅកាន់មនុស្សលោកបានទេក្នុងរយៈពេលបីយប់ដោយ(អ្នក)គ្មានជំងឺនោះទេ ផ្ទុយទៅវិញ អ្នកនៅមានសុខភាពល្អធម្មតា។
Meryem 19:11
ពេលនោះ ព្យាការីហ្សាការីយ៉ាបានចេញពីកន្លែងថ្វាយបង្គំរបស់គាត់ទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាទៅកាន់ពួកគេដោយមិននិយាយស្ដីអ្វីឡើយ ដោយឲ្យពួកគេលើកតម្ដើងសរសើរអល់ឡោះជាម្ចាស់ ទាំងព្រឹក ទាំងល្ងាច។
Meryem 19:12
ហើយគេក៏បានប្រសូត្រព្យាការីយ៉ះយ៉ាឲ្យគាត់(ព្យាការីហ្សាការីយ៉ា)។ ហើយនៅពេលដែលគេ(ព្យាការីយ៉ះយ៉ា)ធំពេញវ័យដែលអាចនិយាយបាន យើង(អល់ឡោះ)បានមានបន្ទូលទៅកាន់គេថាៈ ឱយ៉ះយ៉ា! ចូរអ្នកប្រកាន់តាមគម្ពីរតាវរ៉តនេះឲ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយយើងបានប្រទានការយល់ដឹង ចំណេះដឹង ការព្យាយាម និងការតាំងចិត្តដល់គេតាំងពីកុមារភាព។
Meryem 19:13
ហើយយើងបានអាណិតស្រឡាញ់រូបគេដោយក្ដីមេត្តាករុណាអំពីយើង និងបានជម្រះសម្អាតរូបគេពីបាបកម្មទាំងឡាយ។ ហើយរូបគេ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ) ដោយគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
Meryem 19:14
ហើយគេ(ព្យាការីយ៉ះយ៉ា) គឺជាកូនម្នាក់ដែលកតញ្ញូចំពោះឪពុកម្តាយរបស់គេ មានភាពទន់ភ្លន់ចំពោះគាត់ទាំងពីរ និងជាអ្នកដែលធ្វើល្អទៅកាន់គាត់ទាំងពីរ ហើយគេមិនដែលក្រអឺតក្រទមចំពោះការគោរពប្រតិបត្តិម្ចាស់របស់គេ និងឪពុកម្តាយទាំងពីររបស់គេនោះទេ ហើយក៏មិនដែលប្រឆាំងនឹងម្ចាស់របស់គេ ឬឪពុកម្តាយរបស់គេនោះដែរ។
Meryem 19:15
ហើយសូមសន្តិភាព និងសុវត្ថិភាពអំពីអល់ឡោះកើតមានដល់គេ(ព្យាការីយ៉ះយ៉ា)នៅថ្ងៃដែលគេបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ចាកចេញពីជីវិត(លោកិយ)នេះ ហើយនិងនៅថ្ងៃដែលត្រូវគេពង្រស់ឲ្យមានជីវិតឡើងវិញ គឺថ្ងៃបរលោក។ ហើយទីកន្លែងទាំងបីនេះ(ថ្ងៃកើត ថ្ងៃស្លាប់ និងថ្ងៃដែលគេពង្រស់ឡើងវិញ) គឺជាកន្លែងដែលលំបាកបំផុតដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់។ ដូចនេះ ប្រសិនបើគេមានសុវត្ថិភាព(អាចឆ្លងផុត)ពីកន្លែងទាំងបីនេះហើយនោះ គឺគេគ្មានការភ័យខ្លាចអ្វីក្រៅពីកន្លែងទាំងនេះទៀតឡើយ។
Meryem 19:16
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ម៉ារយ៉ាំ(នាងម៉ារី)នៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក ខណៈដែលនាងបានចាកឆ្ងាយពីក្រុមគ្រួសាររបស់នាង ហើយរស់នៅតែម្នាក់ឯងនៅកន្លែងមួយដែលស្ថិតនៅទិសខាងកើតនៃពួកគេ។
Meryem 19:17
ហើយនាងបានយករបាំងមួយមកបិទបាំងខ្លួននាងពីក្រុមរបស់នាង ដើម្បីកុំឲ្យពួកគេមើលឃើញនាងនៅពេលដែលនាងគោរពសក្ការៈចំពោះម្ចាស់របស់នាង។ ក្រោយមក យើងបានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់នាង ដោយគេ(ជីព្រីល)បានតំណែងខ្លួនក្នុងរូបភាពជាមនុស្សម្នាក់ដែលពេញលក្ខណៈទៅជួបនាង។ នៅពេលនោះ នាងមានការភ័យខ្លាចថា គេ(ម៉ាឡាអ៊ីកាត់ជីព្រីល)មានបំណងអាក្រក់មកលើនាង។
Meryem 19:18
ហើយនៅពេលដែលនាងបានឃើញគេ(ម៉ាឡាអ៊ីកាត់ជីព្រីល)ក្នុងរូបរាងជាមនុស្ស ដោយគេបានសំដៅទៅរកនាង នាងក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពី(អល់ឡោះ)ម្ចាស់មហាសប្បុរសឲ្យបញ្ចៀសរូបខ្ញុំពីអ្នក កុំឲ្យអ្នកធ្វើប្រការអាក្រក់ណាមួយមកលើខ្ញុំ ប្រសិនបើអ្នកជាអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់នោះ។
Meryem 19:19
ម៉ាឡាអ៊ីកាត់ជីព្រីលបានតបវិញថាៈ ខ្ញុំមិនមែនជាមនុស្សលោកនោះទេ។ តាមពិត ខ្ញុំគឺជាអ្នកនាំសារពីម្ចាស់របស់អ្នកដែលទ្រង់បានបញ្ជូនខ្ញុំមកជួបអ្នក ដើម្បីឲ្យខ្ញុំប្រទានដល់អ្នកនូវកូនប្រុសដែលល្អ ស្អាតស្អំម្នាក់។
Meryem 19:20
ម៉ារយ៉ាំ(នាងម៉ារី)ក៏បាននិយាយដោយភ្ញាក់ផ្អើលថាៈ តើឲ្យខ្ញុំមានកូនប្រុសយ៉ាងដូចម្ដេច បើគ្មាននរណាម្នាក់ប៉ះពាល់ខ្ញុំ(មិនធ្លាប់រៀបការ) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្តអំពើហ្ស៊ីណាដែលអាចឲ្យខ្ញុំមានកូនផងនោះ?!
Meryem 19:21
ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់នាងថាៈ រឿងនោះ គឺដូចអ្វីដែលអ្នកបានលើកឡើងនោះហើយដែលថា ពិតប្រាកដណាស់ គ្មាននរណាម្នាក់ប៉ះពាល់អ្នក(មិនធ្លាប់រៀបការ) ហើយអ្នកក៏មិនធ្លាប់ប្រព្រឹត្តអំពើហ្ស៊ីណានោះ ប៉ុន្តែម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ការបង្កើតកូនប្រុសម្នាក់ដោយគ្មានឪពុកនោះ គឺជារឿងងាយស្រួលបំផុតចំពោះយើង(អល់ឡោះ)។ ហើយដើម្បីឲ្យកូនប្រុសដែលគេបានប្រទានដល់អ្នក(ម៉ារយ៉ាំ)នោះ ក្លាយជាសញ្ញាភស្តុតាងដល់មនុស្សលោកដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ និងជាក្ដីមេត្តាករុណាពីយើងចំពោះអ្នក និងសម្រាប់អ្នកដែលមានជំនឿនឹងទ្រង់។ ហើយការបង្កើតកូនប្រុសម្នាក់ដល់អ្នកនេះ គឺជាការកំណត់មកពីអល់ឡោះយ៉ាងពិតប្រាកដ ដែលត្រូវបានគេចារទុក(រួចជាស្រេច)នៅក្នុងឡាវហ៊ុលម៉ះហ៊្វូស។
Meryem 19:22
ដូច្នេះ នាងក៏ចាប់ផ្ដើមមានគភ៌បន្ទាប់ពីម៉ាឡាអ៊ីកាត់បានផ្លុំ(វិញ្ញាណចូលទៅក្នុងខ្លួននាង) ហើយនាងក៏បានចាកចេញទៅកន្លែងមួយដែលឆ្ងាយពីមនុស្សលោក(ជ្រលងភ្នំហ្ពៃឡាហាំ ទីក្រុងយេរូសាឡឹម)។
Meryem 19:23
ហើយការឈឺចាប់នៅពេលមុនសម្រាលក៏បានកើតឡើង(ចំពោះនាង) ហើយនាងក៏បាន(ដើរ)ទៅកាន់ដើមល្មើមួយដើម។ ហើយម៉ារយ៉ាំក៏បានពោលថាៈ ឱខ្លួនខ្ញុំអើយ! ប្រសិនបើខ្ញុំបានស្លាប់មុនថ្ងៃនេះ ប្រហែលជាខ្ញុំមិនត្រូវបានគេនឹកនាដែលនាំឲ្យគេគិតអាក្រក់មកលើខ្ញុំ(ថាជាស្ត្រីមានកូនដោយគ្មានប្តី)នោះឡើយ។
Meryem 19:24
នៅពេលនោះ ព្យាការីអ៊ីសា(ដែលទើបប្រសូត្រ)បានស្រែកបា្រប់នាងពីក្រោមជើងរបស់នាងមកថាៈ សូមអ្នកកុំព្រួយបារម្ភអ្វី។ ជាការពិតណាស់ ម្ចាស់របស់អ្នកបានធ្វើឲ្យមានប្រឡាយទឹកមួយនៅពីក្រោមអ្នក ដែលអ្នកអាចទទួលទានអំពីវាបាន។
Meryem 19:25
ហើយសូមអ្នកចាប់គល់ល្មើនេះ ហើយអង្រួនវាចុះ នោះវានឹងជ្រុះនូវផ្លែទុំស្រស់ៗឲ្យអ្នកហើយ។
Meryem 19:26
ដូច្នេះ ចូរអ្នកទទួលទានផ្លែល្មើស្រស់និងផឹកទឹកនេះ ហើយចូរមានភាពរីករាយនឹងការទទួលបានកូនប្រុសនេះចុះ ហើយសូមអ្នកកុំព្រួយបារម្ភអ្វី។ ហើយប្រសិនបើអ្នកបានជួបនរណាម្នាក់ ហើយគេបានសួរអ្នកពីរឿងសម្រាលកូននេះ ចូរអ្នកប្រាប់គេថាៈ ពិតប្រាកដណាស់ ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះម្ចាស់របស់ខ្ញុំដោយមិននិយាយស្ដី(រកនរណាម្នាក់)ឡើយ។ ដូច្នេះ ក្នុងថ្ងៃនេះ ខ្ញុំនឹងមិននិយាយរកនរណាម្នាក់ជាដាច់ខាត។
Meryem 19:27
បន្ទាប់មក ម៉ារយ៉ាំក៏បាននាំកូនប្រុសរបស់នាងឆ្ពោះទៅកាន់ក្រុមរបស់នាងដោយបីគេនាំទៅជាមួយ។ (ពេលឃើញម៉ារយ៉ាំបីទារកនោះ) ក្រុមរបស់នាងបាននិយាយទៅកាន់នាងដោយការមិនពេញចិត្តថាៈ ឱម៉ារយ៉ាំ! ជាការពិតណាស់ អ្នកបាននាំមកនូវរឿងប្រឌិតមួយដ៏ធំធេងបំផុត ខណៈពេលដែលអ្នកបាននាំកូនប្រុសម្នាក់មកដោយគ្មានឪពុក។
Meryem 19:28
ឱប្អូនស្រីហារូន (ហារូនគឺជាបុរសដ៏ប្រពៃម្នាក់)! ឪពុករបស់អ្នកមិនមែនជាអ្នកប្រព្រឹត្តអំពើហ្ស៊ីណានោះទេ ហើយម្ដាយរបស់អ្នកក៏មិនមែនជាជាស្រីខូចនោះដែរ។ ជាការពិតណាស់ អ្នកកើតចេញពីគ្រួសារដែលស្អាតស្អំ ដែលគេស្គាល់ថាជាមនុស្សល្អ។ ដូច្នេះ តើអ្នកនាំមកនូវកូនប្រុសម្នាក់(មកជួបពួកយើង)ដោយគ្មានឪពុកយ៉ាងដូចម្ដេច?!
Meryem 19:29
នៅពេលនោះ នាងក៏បានចង្អុលទៅកាន់កូនប្រុសរបស់នាង គឺព្យាការីអ៊ីសា(យេស៊ូគ្រិស្ត) ខណៈដែលគេកំពុងដេកនៅក្នុងអង្រឹង។ ពេលនោះ ក្រុមរបស់នាងបាននិយាយទៅកាន់នាងដោយភាពភ្ញាក់ផ្អើលថាៈ តើឲ្យពួកយើងសួរទៅកាន់ទារកដែលនៅក្នុងអង្រឹងនោះយ៉ាងដូចម្ដេចទៅ(ធ្វើម្តេចគេអាចឆ្លើយតបនឹងយើងបាននោះ)?!
Meryem 19:30
ព្យាការីអ៊ីសា(យេស៊ូគ្រិស្ត)ក៏បានពោលថាៈ ពិតប្រាកដណាស់ រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។ ទ្រង់បានប្រទានគម្ពីរអ៊ីញជីលឲ្យខ្ញុំ និងបានតែងតាំងខ្ញុំជាព្យាការីម្នាក់ក្នុងចំណោមបណ្តាព្យាការីទាំងឡាយរបស់ទ្រង់។
Meryem 19:31
ហើយទ្រង់បានធ្វើឲ្យខ្ញុំក្លាយជាអ្នកដែលមានពរជ័យគ្រប់ទីកន្លែងដែលខ្ញុំមានវត្តមាន ហើយទ្រង់បានបង្គាប់ប្រើខ្ញុំឲ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ដរាបណាខ្ញុំនៅមានជីវិត។
Meryem 19:32
ហើយទ្រង់បានឲ្យខ្ញុំក្លាយជាកូនម្នាក់ដែលកតញ្ញូចំពោះម្តាយរបស់ខ្ញុំ ហើយទ្រង់មិនបានធ្វើឲ្យខ្ញុំក្លាយជាអ្នកក្រអឺតក្រទមចំពោះការគោរពប្រតិបត្តិម្ចាស់របស់ខ្ញុំនោះទេ ហើយក៏មិនមែនជាអ្នកដែលប្រឆាំងនឹងទ្រង់នោះដែរ។
Meryem 19:33
ហើយសូមឲ្យសុវត្ថិភាព(ចៀសផុត)ពីពួកស្ហៃតននិងបរិវារបស់វាកើតមានដល់ខ្ញុំ នៅថ្ងៃដែលខ្ញុំប្រសូត ថ្ងៃដែលខ្ញុំស្លាប់ និងនៅថ្ងៃដែលគេពង្រស់ខ្ញុំឲ្យរស់ឡើងវិញ គឺនៅថ្ងៃបរលោក ដោយកុំឲ្យពួកស្ហៃតនអាចធ្វើឲ្យខ្ញុំវង្វេងនៅក្នុងទីកន្លែងដ៏លំបាកទាំងបីនេះ។
Meryem 19:34
អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គេនោះហើយគឺជាព្យាការីអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រិស្តកូនរបស់នាងម៉ារី)។ ហើយពាក្យសំដីទាំងនេះ គឺជាសម្តីដែលពិត(ត្រឹមត្រូវ)នៅក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រិស្ត)នេះ ពុំមែនអ្វីដែលពួកវង្វេងដែលជាពួកដែលមានការសង្ស័យនៅក្នុងរឿងរបស់អ៊ីសានោះនិយាយ ឬខ្វែងគំនិតគ្នាចំពោះវានោះទេ (អ្វីដែលពួកគេនិយាយ គឺមិនត្រឹមត្រូវនោះទេ)។
Meryem 19:35
វាមិនសក្តិសមឡើយចំពោះអល់ឡោះដែលថា ទ្រង់មានបុត្រនោះ។ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់អំពីការចោទប្រកាន់នេះ។ នៅពេលដែលទ្រង់មានបំណងចំពោះកិច្ចការណាមួយនោះ គឺគ្រប់គ្រាន់ហើយដោយទ្រង់គ្រាន់តែមានបន្ទូលទៅកាន់កិច្ចការនោះថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម។ ដូច្នេះ អ្នកដែលអាចធ្វើដូច្នោះបាននោះ គឺទ្រង់ជាអ្នកដែលស្អាតស្អំបំផុតពីការមានបុត្រ។
Meryem 19:36
¬ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈដោយចិត្តស្មោះសទៅចំពោះទ្រង់តែមួយគត់។ អ្វីដែលខ្ញុំបានលើកឡើងប្រាប់ពួកអ្នកនោះ វាគឺមាគ៌ាដ៏ត្រឹមត្រូវដែលនាំទៅកាន់ការរពេញចិត្តរបស់អល់ឡោះ។
Meryem 19:37
ក្រោយមក ពួកគេក៏បានខ្វែងគំនិតគ្នានៅក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រិស្ត) ហើយពួកគេក៏បានបែកបាក់ និងបែងចែកគ្នាក្រុមៗរវាងពួកគេ ដោយអ្នកខ្លះក្នុងចំណោមពួកគេបានជឿចំពោះរឿងនោះ និងបាននិយាយថាៈ គាត់(ព្យាការីអ៊ីសា)គឺជាអ្នកនាំសារ(របស់អល់ឡោះ)។ ហើយអ្នកខ្លះទៀត ដូចជាពួកយូដាជាដើមបានប្រឆាំងនឹងរឿងនោះ។ ហើយមានក្រុមជាច្រើន(ពួកណាសរ៉នី)ដែលជ្រុលនិយមចំពោះព្យាការីអ៊ីសា ដោយអ្នកខ្លះនៃពួកគេបាននិយាយថាៈ គាត់(ព្យាការរីអ៊ីសា)គឺជាអល់ឡោះ(ព្រះជាម្ចាស់) ហើយអ្នកខ្លះទៀតបាននិយាយថាៈ គាត់គឺជាបុត្រារបស់អល់ឡោះ(ព្រះជាម្ចាស់)។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីការចោទប្រកាន់ទាំងនោះ។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលខ្វែងគំនិតគ្នានៅក្នុងបញ្ហារបស់គេ(ព្យាការីអ៊ីសា)នៅថ្ងៃជួបជុំដ៏ធំធេង គឺថ្ងៃបរលោក ដោយសារនៅថ្ងៃនោះ មានការជួបជុំ ការជំនុំជម្រះ និងការដាក់ទណ្ឌកម្ម។
Meryem 19:38
នៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់លឺនិងមើលឃើញបំផុត ខណៈដែលការស្តាប់ឮ និងការមើលឃើញរបស់ពួកគេ(ក្នុងថ្ងៃនោះ)មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងជីវិតលោកិយ គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់អំពីមាគ៌ាដ៏ត្រឹមត្រូវ ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកនោះទេ រហូតដល់វា(ថ្ងៃបរលោក)បានមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេស្ថិតនៅលើការបំពានរបស់ពួកគេនោះ។
Meryem 19:39
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានមនុស្សលោកអំពីថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) ខណៈដែលពួកដែលប្រព្រឹត្តអាក្រក់មានការសោកស្ដាយចំពោះការប្រព្រឹត្តអាក្រក់របស់គេ(កាលនៅក្នុងលោកិយ) ហើយអ្នកដែលសាងអំពើល្អមានការសោកស្តាយដែលគេមិនបានគោរពប្រតិបត្តិម្ចាស់របស់គេឲ្យបានច្រើន នៅពេលដែលបញ្ជីកំណត់ត្រាទង្វើរបស់ខ្ញុំបម្រើអល់ឡោះត្រូវបានគេមូរ(ទុក) ហើយការជំនុំជម្រះត្រូវបានបញ្ចប់ ព្រមទាំងបុគ្គលគ្រប់រូបទទួលបាននូវអ្វីដែលពួកគេបានសាង ខណៈដែលនៅក្នុងជីវិតលោកិយ ពួកគេគឺជាអ្នកដែលចាញ់បោកឆាកជីវិតលោកិយ ព្រងើយកន្តើយចំពោះថ្ងៃបរលោក ហើយពួកគេមិនមានជំនឿនឹងថ្ងៃបរលោកនោះ។
Meryem 19:40
ពិតប្រាកដណាស់ យើង(អល់ឡោះ)គឺជាអ្នកដែលគង់នៅជាអមតៈក្រោយពីម៉ាខ្លូកទាំងអស់ត្រូវបានវិនាសអន្តរាយ ហើយយើងនឹងទទួលមត៌កផែនដី និងទទួលមត៌កពីអ្វីៗទាំងអស់ដែលនៅលើផែនដីនេះ ដោយសារតែពួកគេបានវិនាសអន្តរាយអស់ នៅសល់តែយើង(មួយអង្គគត់)គង់នៅជាអមតៈបន្ទាប់ពីពួកគេ ហើយយើងគ្រប់គ្រងលើពួកគេ និងចាត់ចែងចំពោះពួកគេទៅតាមអ្វីដែលយើងមានចេតនា។ ហើយពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Meryem 19:41
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈ និងជឿជាក់បំផុតចំពោះបណ្តាភស្តុតាងរបស់អល់ឡោះ ហើយក៏ជាព្យាការីម្នាក់មកពីអល់ឡោះជាម្ចាស់ផងដែរ។
Meryem 19:42
នៅពេលដែលគាត់(ព្យាការីអ៊ីព្រហ៊ីម)បានពោលទៅកាន់អាហ្សើរដែលជាឪពុករបស់គាត់ថាៈ ឱឪពុករបស់ខ្ញុំ! ហេតុអ្វីបានជាពុកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលវាស្ដាប់មិនឮនូវការបួងសួងរបស់ពុកប្រសិនបើពុកបួងសួងសុំអំពីវា និងមើលមិនឃើញការគោរពសក្ការៈរបស់ពុកប្រសិនបើពុកគោរពសក្ការៈចំពោះវាផងនោះ ហើយវាក៏មិនអាចផ្ដល់គ្រោះថ្នាក់ដល់អ្នក និងមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ពុកទាល់តែសោះនោះ?!
Meryem 19:43
ឱឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ចំណេះដឹងខ្លះ(ពីអល់ឡោះ)បានមកដល់ខ្ញុំតាមរយៈវ៉ាហ៊ី ដែលវាមិនបានមកដល់លោកឪពុកនោះទេ។ ដូច្នេះ សូមលោកឪពុកធ្វើតាមខ្ញុំ នោះខ្ញុំនឹងចង្អុលបង្ហាញពុកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Meryem 19:44
ឱឪពុករបស់ខ្ញុំ! សូមពុកកុំគោរពសក្ការៈទៅចំពោះស្ហៃតនតាមរយៈការគោរពប្រតិបត្តិរបស់ពុកចំពោះវាឲ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាអ្នកដែលបានប្រឆាំងនឹងម្ចាស់មហាសប្បុរស ខណៈដែលទ្រង់បានបញ្ជាប្រើវាឲ្យស៊ូជូតចំពោះព្យាការីអាហ្ទាំ តែវាមិនព្រមស៊ូជូតឡើយ។
Meryem 19:45
ឱឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំ¬¬ខ្លាចពុកទទួលនូវទណ្ឌកម្មពីម្ចាស់មហាសប្បុរស ប្រសិនបើពុកបានស្លាប់ក្នុងភាពគ្មានជំនឿរបស់ពុក(ចំពោះអល់ឡោះ)នោះ ហើយលោកឪពុកនឹងក្លាយទៅជាគូកនរបស់វា(ស្ហៃតន)នៅក្នុងការទទួលទណ្ឌកម្ម(នៅក្នុងឋាននរក)មិនខានឡើយ ដោយសារតែពុកបានយកវា(ស្ហៃតន)ធ្វើជាអ្នកគាំពារនោះ។
Meryem 19:46
នៅពេលនោះ អាហ្សើរក៏បានតបទៅកាន់កូនរបស់គាត់ ព្យាការីអ៊ីព្រហ៊ីមវិញថាៈ តើឯងប្រឆាំងនឹងរូបបដិមារបស់យើងដែលយើងគោរពសក្ការៈចំពោះវានោះឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបញ្ឈប់ការនិយាយអាក្រក់ចំពោះរូបបដិមារបស់យើងទេនោះ យើងពិតជានឹងគប់សម្លាប់ឯងនឹងដុំថ្មជាមិនខាន ហើយចូរឯងចាកចេញឲ្យឆ្ងាយពីយើង កុំមកនិយាយរកយើង និងកុំមករស់នៅជាមួយនឹងយើងទៀត។
Meryem 19:47
ព្យាការីអ៊ីព្រហ៊ីមក៏បានពោលទៅកាន់ឪពុករបស់គាត់វិញថាៈ សូមឲ្យសេចក្ដីសុខកើតមានដល់លោកឪពុក! ពុកនឹងមិនទទួលបានការស្អប់ខ្ពើមពីខ្ញុំឡើយ(ទោះបីជាពុកបណ្តេញខ្ញុំក្តី)។ ខ្ញុំនឹងសុំពីម្ចាស់របស់ខ្ញុំឲ្យទ្រង់អភ័យទោស និងផ្តល់ការចង្អុលបង្ហាញដល់ពុក។ ពិតប្រាកដណាស់ ទ្រង់តែងតែទន់ភ្លន់ចំពោះខ្ញុំជានិច្ច។
Meryem 19:48
ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងចាកចេញពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះជាម្ចាស់នោះ។ ហើយខ្ញុំនឹងបួងសួងសុំពីម្ចាស់របស់ខ្ញុំតែមួយគត់ ដោយខ្ញុំមិនយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ។ សង្ឃឹមថា ទ្រង់មិនបដិសេធខ្ញុំនោះទេនៅពេលដែលខ្ញុំបួងសួងសុំពីទ្រង់នោះ។
Meryem 19:49
ដូច្នេះ នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានចាកចេញពីពួកគេ និងបានចាកចេញពីព្រះនានារបស់ពួកគេដែលពួកគេគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ យើង(អល់ឡោះ)បានជំនួសឲ្យគេចំពោះការបាត់បង់ក្រុមគ្រួសាររបស់គេវិញ ដោយយើងបានប្រទានឲ្យគេនូវកូនប្រុសម្នាក់ គឺព្យាការីអ៊ីស្ហាក និងបានប្រទានចៅប្រុសម្នាក់ដល់គេផងដែរ គឺព្យាការីយ៉ាក់កូប។ ហើយយើងក៏បានជ្រើសរើសគេទាំងពីរធ្វើជាព្យាការីផងដែរ។
Meryem 19:50
ហើយព្រមជាមួយនឹងភាពជាព្យាការីនោះដែរ យើងបានប្រទានដល់ពួកគេនូវក្ដីមេត្តាករុណារបស់យើងនូវប្រការល្អៗជាច្រើន។ ហើយយើងបានធ្វើឲ្យពួកគេទទួលបាននូវកោតសរសើរយ៉ាងល្អប្រពៃ(កេរឈ្មោះល្អ) ដែលនៅតែបន្តដល់មនុស្សជំនាន់ក្រោយៗ។
Meryem 19:51
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ព្យាការីមូសានៅក្នុងគម្ពីរគួរអានដែលគេបានបញ្ជុះមកកាន់អ្នកចុះ។ ពិតប្រាកដណាស់ គាត់(ព្យាការីមូសា)គឺជាអ្នកដែលត្រូវបានគេ(អល់ឡោះ)ជ្រើសរើស ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។
Meryem 19:52
ហើយយើង(អល់ឡោះ)បានហៅគេ(ព្យាការីមូសា)នៅក្បែរភ្នំ(តួរ)ប៉ែកខាងស្ដាំដៃរបស់ព្យាការីមូសា ហើយយើងធ្វើឲ្យគេខិតមកជិតយើង (ដោយអល់ឡោះធ្វើឲ្យគាត់ស្ដាប់ឮបន្ទូលរបស់ទ្រង់)។
Meryem 19:53
ហើយដោយក្ដីមេត្តាករុណា និងឧបការគុណរបស់យើងចំពោះគេ យើងបានប្រទានដល់គេនូវបងប្រុសរបស់គេ គឺព្យាការីហារូន ដែលជាព្យាការីម្នាក់ ជាការឆ្លើយតបចំពោះការបួងសួងរបស់គេ នៅពេលគេបានបួងសួងសុំពីម្ចាស់របស់គេយ៉ាងដូច្នោះ។
Meryem 19:54
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ព្យាការីអ៊ីស្មាអែលនៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះមកកាន់អ្នក។ ពិតប្រាកដណាស់ គេ(ព្យាការីអ៊ីស្មាអែល ) គឺជាអ្នកសច្ចៈ គោរពកិច្ចសន្យា ដែលគេមិនសន្យាអ្វីមួយឡើយ លើកលែងគេបានបំពេញវា(កិច្ចសន្យានោះ) ហើយគេក៏ជាអ្នកនាំសារ និងជាព្យាការីម្នាក់ផងដែរ។
Meryem 19:55
ហើយគេបានបង្គាប់គ្រួសាររបស់គេឲ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេជាអ្នកដែលត្រូវបានទទួលការពេញចិត្តពីម្ចាស់របស់គេ។
Meryem 19:56
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងព្យាការីអ៊ិតទ្រីសនៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះឲ្យអ្នក។ ពិតប្រាកដណាស់ គេ(ព្យាការីអ៊ិតទ្រីស) ជាមនុស្សសច្ចៈ និងជឿជាក់ចំពោះសញ្ញាភស្តុតាងនៃម្ចាស់របស់គេ ហើយគេក៏ជាព្យាការីម្នាក់ក្នុងចំណោមព្យាការីទាំងឡាយរបស់អល់ឡោះជាម្ចាស់ផងដែរ។
Meryem 19:57
ហើយយើងបានលើកតម្កើងគេដោយបានរំលឹកនូវអ្វីដែលយើងបានប្រទានដល់គេនូវភាពជាព្យាការី និងឲ្យគេមានឋានៈខ្ពង់ខ្ពស់។
Meryem 19:58
បណ្តាព្យាការីទាំងឡាយដែលគេបានលើកឡើងនៅក្នុងជំពូកនេះ ដែលចាប់ផ្ដើមពីព្យាការីហ្សាការីយ៉ា និងបញ្ចប់ត្រឹមព្យាការីអ៊ិតទ្រីសនោះ អ្នកទាំងនោះគឺជាអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឧបការគុណដល់ពួកគេតាមរយៈ(ការផ្តល់ឲ្យពួកគេនូវ)ភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមកូនចៅរបស់អ្នកទាំងឡាយដែលយើងបានដឹកពួកគេនៅក្នុងសំពៅជាមួយនឹងព្យាការីនួហ និងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងកូនចៅរបស់ព្យាការីយ៉ាក់កូប ហើយនិងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់នូវការចង្អុលបង្ហាញ(ដល់ពួកគេ)ទៅកាន់សាសនាឥស្លាម ហើយយើងបានជ្រើសរើសពួកគេ និងបានឲ្យពួកគេក្លាយទៅជាព្យាការី។ នៅពេលដែលពួកគេបានស្ដាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះជាម្ចាស់ដែលគេសូត្រឲ្យពួកគេស្ដាប់នោះ គឺពួកគេក្រាបស៊ូជូតចំពោះអល់ឡោះដោយសម្រក់ទឹកភ្នែកព្រោះតែការកោតខ្លាចចំពោះទ្រង់។
Meryem 19:59
ក្រោយមក មានអ្នកមួយចំនួនដែលដើរតាមប្រការអាក្រក់និងប្រការវង្វេងបានមកដល់បន្ទាប់ពីបណ្ដាព្យាការីដែលត្រូវបានគេជ្រើសរើសទាំងនោះទៅ។ ពួកគេបានបោះបង់ការប្រតិបត្តិសឡាត ដោយពួកគេមិនបំពេញវា(ឲ្យបានពេញលេញ)ទៅតាមអ្វីដែលគេទាមទារនោះទេ ហើយពួកគេធ្វើអ្វីតាមទំនើងចិត្តខ្លួនឯង ដោយបានប្រព្រឹត្តអំពើបាបកម្ម ដូចជាការហ្ស៊ីណាជាដើម។ ដូច្នេះ ពួកគេគង់តែជួបនឹងប្រការអាក្រក់(ភាពវិនាសអន្តរាយ)និងការបរាជ័យនៅក្នុងនរកជើហាន់ណាំជាមិនខាន។
Meryem 19:60
លើកលែងតែអ្នកដែលបានសារភាពកំហុសពីការធ្វេសប្រហែសរបស់គេ និងមានជំនឿចំពោះអល់ឡោះ ហើយនិងបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវបានគេបំបាត់នូវផលបុណ្យនៃអំពើល្អរបស់ពួកគេឡើយ សូម្បីតែបន្តិច។
Meryem 19:61
(ពួកគេនឹងចូល)ឋានសួគ៌អាត់និនដែល(អល់ឡោះ)ម្ចាស់មហាសប្បុរសបានសន្យានឹងខ្ញុំបម្រើដែលល្អប្រពៃទាំងអស់របស់ទ្រង់ដោយអាថ៌កំបាំង ថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងវា(ឋានសួគ៌) ខណៈពួកគេមិនដែលបានឃើញវា(ឋានសួគ៌)ទេ តែពួកគេមានជំនឿនឹងវា(ឋានសួគ៌)។ ហើយការសន្យារបស់អល់ឡោះថានឹងប្រទាននូវឋានសួគ៌(ទោះបីវាជាប្រការអាថ៌កំបាំងកំបាំងក៏ដោយ) គឺវានឹងកើតឡើងយ៉ាងពិតប្រាកដ។
Meryem 19:62
នៅក្នុងវា(ឋានសួគ៌នោះ) ពួកគេមិនឮនូវអ្វីដែលឥតប្រយោជន៍ឡើយ ហើយក៏មិនឮនូវពាក្យសំដីដែលអាក្រក់នោះដែរ។ ផ្ទុយទៅវិញ ពួកគេឮតែពាក្យជូនពរសិរីសួស្ដីចំពោះគ្នាទៅវិញទៅមក និងពាក្យជូនពរសិរីសួស្ដីពីម៉ាឡាអ៊ីកាត់ចំពោះពួកគេប៉ុណ្ណោះ។ ហើយចំណីអាហារនៅក្នុងវា(ឋានសួគ៌) នឹងមកដល់ពួកគេតាមសេចក្ដីប្រាថ្នារបស់ពួកគេ ទាំងព្រឹកទាំងល្ងាច។
Meryem 19:63
ឋានសួគ៌ដែលត្រូវបានគេពិពណ៌នាលក្ខណៈរបស់វានេះ គឺជាអ្វីដែលយើងនឹងប្រទានវាជាមត៌កទៅឲ្យខ្ញុំបម្រើរបស់យើងទាំងឡាយណាដែលអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់យើង និងចៀសវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់។
Meryem 19:64
ហើយចូរអ្នក(ឱម៉ាឡាអ៊ីកាត់ជីព្រីល)ពោលទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយគឺមិនចុះមក(ពីលើមេឃដោយពាំនាំមកឲ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ដោយខ្លួនឯងនោះទេ។ តាមពិតគេ(ម៉ាឡាអ៊ីកាត់)ចុះមកតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលយើងនឹងប្រឈមមុខនៃកិច្ចការថ្ងៃបរលោក និងអ្វីដែលកន្លងផុតទៅពីយើងនៃកិច្ចការលោកិយ ហើយនិងអ្វីៗដែលនៅចន្លោះរវាងលោកិយនិងថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមិនដែលភ្លេចបន្តិចណាឡើយ។
Meryem 19:65
ទ្រង់គឺជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកបង្កើតអ្វីៗដែលនៅចន្លោះវាទាំងពីរ និងជាម្ចាស់របស់វា(មេឃ ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ) ព្រមទាំងជាអ្នកចាត់ចែងរាល់កិច្ចការរបស់វាផងដែរ។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រោះទ្រង់គឺជាអ្នកដែលសក្តិសមបំផុតក្នុងការគោរពសក្ការៈ និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនក្នុងការគោរពសក្ការៈចំពោះទ្រង់។ ពិតប្រាកដណាស់ ទ្រង់គ្មានដៃគូដែលគេត្រូវគោរពសក្ការៈរួមនឹងទ្រង់នោះឡើយ។
Meryem 19:66
ហើយពួកគ្មានជំនឿដែលបដិសេធចំពោះការពង្រស់ឡើងវិញបានសួរក្នុងន័យសើចចំអកថាៈ នៅពេលដែលខ្ញុំបានស្លាប់ទៅ តើខ្ញុំនឹងត្រូវគេបញ្ចេញពីផ្នូររបស់ខ្ញុំឲ្យមានជីវិតសារជាថ្មីម្ដងទៀតឬ? ពិតប្រាកដណាស់ រឿងនេះមិនអាចទៅរួចនោះឡើយ។
Meryem 19:67
តើអ្នកដែលបដិសេធចំពោះការពង្រស់ឲ្យរស់ឡើងវិញរូបនេះមិននឹកឃើញទេឬថាៈ ជាការពិតណាស់ យើងគឺជាអ្នកដែលបានបង្កើតរូបគេកាលពីមុនដោយគេមិនទាន់មានអ្វីសោះនោះ? ពិតប្រាកដណាស់ ការ(ដែលទ្រង់អាច)បង្កើតលើកទីមួយនោះ គឺជាភស្តុតាងបញ្ជាក់ចំពោះការ(ដែលទ្រង់ក៏អាច)បង្កើតជាលើកទីពីរវិញផងដែរ ខណៈដែលការបង្កើតលើកទីពីរ គឺមានភាពងាយស្រួលជាង(ការបង្កើតលើកទីមួយ)ទៅទៀត។
Meryem 19:68
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថាៈ ពិតប្រាកដណាស់ យើងនឹងបញ្ចេញពួកគេពីផ្នូររបស់ពួកទាំងនោះទៅកាន់ទីវាលប្រមូលផ្តុំរួមជាមួយនឹងពពួកស្ហៃតនរបស់ពួកគេដែលបានធ្វើឲ្យពួកគេឲ្យវង្វេង។ បន្ទាប់មក យើងនឹងនាំពួកគេទៅកាន់ទ្វារនរកជើហាន់ណាំដោយភាពអាម៉ាស់បំផុត ដោយពួកគេលត់ជង្គង់ចុះ(នៅក្នុងនរក)។
Meryem 19:69
បន្ទាប់មក យើងពិតជានឹងដកយកអំពីក្រុមនីមួយៗក្នុងចំណោមក្រុមដែលវង្វេងទាំងនោះនូវអ្នកដែលប្រឆាំងខ្លាំងក្លាជាងគេបំផុតក្នុងចំណោមពួកគេ(យកមកធ្វើទណ្ឌកម្មមុនគេ) ដែលពួកគេ គឺជាមេដឹកនាំរបស់ពួកគេ(ពួកដែលវង្វេងទាំងនោះ)។
Meryem 19:70
ក្រោយមកទៀត យើងពិតជាដឹងបំផុតចំពោះពួកដែលសក្តិសមត្រូវចូលឋាននរកមុនគេ និងទទួលរងនូវភាពឈឺចាប់បំផុតដោយសារកម្ដៅរបស់វានោះ។
Meryem 19:71
ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺគ្មាននរណាម្នាក់អាចគេចផុតពីការឆ្លងស្ពាន”ស៊ីរ៉ត”ដែលគេដាក់នៅពីលើឋាននរកជើហាន់ណាំនោះឡើយ។ ហើយការឆ្លងកាត់(ស្ពានស៊ីរ៉ត)នេះ គឺជាការកំណត់ដ៏ជាក់លាក់របស់អល់ឡោះ។ ដូចនេះ គ្មាននរណាម្នាក់អាចបដិសេធនឹងការកំណត់របស់ទ្រង់នោះឡើយ។
Meryem 19:72
បន្ទាប់ពីការឆ្លងនៅលើស្ពានស៊ីរ៉តនេះរួចហើយ យើងនឹងឲ្យបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីការហាមឃាត់របស់ទ្រង់នោះមានសុវត្ថិភាព ហើយយើងទុកឲ្យពួកបំពាននោះលត់ជង្គង់ចុះ(ក្នុងឋាននរក) ដោយពួកគេមិនអាចគេចចេញពីវា(នរក)បានឡើយ។
Meryem 19:73
ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ដែលគេបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងឲ្យមនុស្សលោកស្ដាប់នោះ ពួកដែលគ្មានជំនឿ(ដែលជាអ្នកមានអំណាច និងមានទ្រព្យសមម្បត្តិក្នុងចំណោមអារ៉ាប់គូរ៉័ស្ហ)បាននិយាយទៅកាន់បណ្ដាអ្នកដែលមានជំនឿ(ដែលជាអ្នកក្រីក្រគ្មានអំណាច និងដើរតាមព្យាការីមូហាំម៉ាត់)ថាៈ តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលមានឋានៈសក្តិ មានកន្លែងរស់នៅ និងមានកន្លែងជួបជុំល្អដែលប្រសើរជាងគេនោះ? តើក្រុមរបស់ពួកយើង ឬក៏ក្រុមរបស់ពួកអ្នក?
Meryem 19:74
ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេមុនពួកគ្មានជំនឿដែលមានមោទនភាពនឹងសម្ភារៈនិយម(ពួកអារ៉ាប់គូរ៉ស្ហ) ថែមទាំងមានទ្រព្យស្បត្តិ និងរូបសម្បត្តិល្អប្រសើរជាងពួកគេ(ពួកគូរ៉័ស្ហ)ទៅទៀត ដោយសារតែសម្លៀកបំពាក់ដ៏មានតម្លៃរបស់ពួកគេ និងរូបរាងកាយដ៏ស្រស់ស្អាត មាំមួនរបស់ពួកគេ។
Meryem 19:75
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ជនណាដែលធ្លាក់ទៅក្នុងភាពវង្វេងរបស់ខ្លួននោះ គឺ(អល់ឡោះ)ម្ចាស់មហាសប្បុរសនឺងពន្យារពេលដល់គេដើម្បីឲ្យគេកាន់តែវង្វេងថែមទៀត។ លុះដល់ពេលដែលពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវទណ្ឌកម្មដែលគេ(អ្នកនាំសារ)បានព្រមានពួកគេ(ពួកគ្មានជំនឿ) ដែអាចជាទណ្ឌកម្មភ្លាមៗនៅក្នុងលោកិយ ឬក៏ពន្យារពេលរហូតដល់ថ្ងៃបរលោកនោះ ពេលនោះ ពួកគេនឹងដឹងក្នុងពេលនោះ ថាតើអ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានអ្នកជួយតិចជាង? តើជាក្រុមរបស់ពួកគេ ឬក៏ជាក្រុមរបស់បណ្ដាអ្នកដែលមានជំនឿ?
Meryem 19:76
ជាមួយនឹងការពន្យារពេលដល់ពួក(គ្មានជំនឿ)ទាំងនោះដើម្បីឲ្យពួកគេកាន់តែវង្វេងថែមទៀតនោះ អល់ឡោះជាម្ចាស់នឹងបន្ថែមដល់បណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញនោះនូវជំនឿនិងការគោរពប្រតិបត្តិថែមទៀត។ ហើយទង្វើកុសលដែលនាំទៅរកសុភមង្គលជានិរន្តរ៍នោះ គឺវាល្អប្រសើរបំផុតចំពោះម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងការផ្តល់ការតបស្នង និងជាលទ្ធផលចុងក្រោយដ៏ប្រពៃ។
Meryem 19:77
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង និងបានបដិសេធចំពោះការព្រមាន(ដាក់ទណ្ឌកម្ម)របស់យើង ហើយគេបាននិយាយថាៈ ប្រសិនបើខ្ញុំបានស្លាប់ ហើយខ្ញុំត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញនោះ ខ្ញុំពិតជានឹងត្រូវគេផ្ដល់ឲ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន (នៅថ្ងៃបរលោក) ដែរឬទេ?
Meryem 19:78
តើគេបានដឹងពីប្រការអាថ៌កំបាំងឬទើបបានជាគេនិយាយច្បាស់ៗម្ល៉េះ? ឬមួយគេទទួលបានការសន្យាណាមួយពីម្ចាស់របស់គេ ដែលថាទ្រង់ពិតជានឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ ហើយទ្រង់នឹងផ្ដល់ឲ្យគេនូវទ្រព្យសម្បត្តិ និងកូនចៅនោះ?!
Meryem 19:79
រឿងនោះ គឺមិនដូចអ្វីដែលគេបានអះអាងនោះឡើយ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ និងអ្វីដែលគេបានធ្វើ ហើយយើងនឹងបន្ថែមដល់គេនូវទណ្ឌកម្មពីលើទណ្ឌកម្មរបស់គេថែមទៀត ដោយសារតែគេបានអះអាងពីប្រការដែលមិនពិត។
Meryem 19:80
ហើយយើងនឹងយកមត៌ក(ពីគេទាំងអស់)នូវអ្វីដែលគេបានបន្សល់ទុក ដូចជាទ្រព្យសម្បត្តិនិងកូនចៅ បន្ទាប់ពីយើងបានផ្ដល់ភាពវិនាសអន្តរាយដល់គេ ហើយគេនឹងវិលត្រឡប់មកជួបយើងវិញនៅថ្ងៃបរលោកដោយខ្លួនទទេ។ ជាការពិតណាស់ គេបានប្លន់យកពីគេនូវអ្វីដែលគេត្រេកត្រអាលនឹងវា(កាលនៅក្នុងលោកិយ) ដូចជាទ្រព្យសម្បត្តិ និងឋានៈសក្តិ។
Meryem 19:81
ហើយពួកមុស្ហរីគីនបានយកព្រះនានាមកគោរពសក្ការៈផ្សេងពីអល់ឡោះ ដើម្បីឲ្យព្រះទាំងនោះក្លាយជាទីបង្អែកសម្រាប់ពួកគេ និងជាអ្នកជួយដល់ពួកគេ។
Meryem 19:82
រឿងនោះ គឺមិនដូចអ្វីដែលពួកគេបានអះអាងនោះឡើយ។ ជាការពិតណាស់ នៅថ្ងៃបរលោក ព្រះនានាដែលពួកគេយកវាមកគោរពសក្ការៈក្រៅពីអល់ឡោះទាំងនោះនឹងបដិសេធចំពោះការដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះពួកវា និងដកខ្លួនចេញអំពីពួកគេ ហើយពួកវា(ព្រះទាំងនោះ)នឹងក្លាយជាសត្រូវរបស់ពួកគេវិញ។
Meryem 19:83
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ជាការពិតណាស់ យើងបានបញ្ជូនពួកស្ហៃតនទៅ(កាន់ពួកគេ) និងបានឲ្យពួកវាត្រួតត្រាទៅលើពួកប្រឆាំង ដើម្បីឲ្យវាពង្វក់ពួកគេឲ្យប្រព្រឹត្តអំពើល្មើស ហើយនិងរារាំងអំពីសាសនារបស់អល់ឡោះនោះ?
Meryem 19:84
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំប្រញាប់សុំឲ្យអល់ឡោះបំផ្លាញពួកគេភ្លាមៗ។ តាមពិត យើងគ្រាន់តែគិតគូពីពេលវេលាកំណត់នៃអាយុរបស់ពួកគេឲ្យបានច្បាស់លាស់ប៉ុណ្ណោះ។ លុះដល់ពេលដែលពេលវេលានៃការពន្យារបស់ពួកគេបានបញ្ចប់ហើយនោះ យើងនឹងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែលពួកគេសក្តិសមនឹងទទួល។
Meryem 19:85
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីថ្ងៃបរលោក ជាថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ(ដោយបានអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបានចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់)ទៅកាន់ម្ចាស់របស់ពួកគេធ្វើជាភ្ញៀវកិត្តិយស និងជាអ្នកដែលត្រូវបានគេលើកតម្កើង។
Meryem 19:86
ហើយយើងនឹងកៀងពួកដែលគ្មានជំនឿទៅកាន់នរកជើហាន់ណាំ ដោយពួកគេស្រេកឃ្លានយ៉ាងខ្លាំង។
Meryem 19:87
ពួកគ្មានជំនឿទាំងនោះគ្មានសិទ្ធិទទួលបានការអន្តរាគមន៍ពីគ្នានោះឡើយ លើកលែងតែបណ្តាអ្នក(មានជំនឿ)ដែលបានទទួលយកការសន្យាពីអល់ឡោះជាម្ចាស់នៅក្នុងលោកិយ ដោយការមានជំនឿនឹងទ្រង់ និង(មានជំនឿ)នឹងបណ្តាអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះ។
Meryem 19:88
ហើយពួកយូដា ពួកណាសរ៉នី ហើយនិងពួកមុស្ហរីគីនមួយចំនួនបាននិយាយថាៈ (អល់ឡោះ)ម្ចាស់មហាសប្បុរស ទ្រង់មានបុត្រ។
Meryem 19:89
ជាការពិតណាស់ ពួកអ្នក(នែពួកដែលនិយាយបែបនេះ)បាននាំមកនូវប្រការមួយដែលអាក្រក់បំផុត។
Meryem 19:90
ដោយសារពាក្យសំដីដែលអាក្រក់បំផុតនេះ ធ្វើឲ្យមេឃជាច្រើនជាន់ស្ទើរតែប្រេះបែក និងធ្វើឲ្យផែនដីស្ទើរបែកខ្ទេចខ្ទី ព្រមទាំងធ្វើឲ្យភ្នំទាំងឡាយស្ទើរតែរលំរលាយ។
Meryem 19:91
ទាំងនោះគឺដោយសារតែពួកគេបានចោទប្រកាន់ថាៈ ម្ចាស់មហាសប្បុរស ទ្រង់មានបុត្រ។ អល់ឡោះជាម្ចាស់ទ្រង់មហាខ្ពង់ខ្ពស់បំផុតអំពីការចោទប្រកាន់ទាំងនេះ។
Meryem 19:92
ហើយវាមិនត្រឹមត្រូវនោះឡើយដែលថា ម្ចាស់មហាសប្បុរសទ្រង់មានបុត្រនោះ ពីព្រោះទ្រង់មហាស្អាតស្អំបំផុតអំពីរឿងនោះ។
Meryem 19:93
រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ ដូចជាម៉ាឡាអ៊ីកាត់ និងអ្នកដែលនៅលើផែនដី ដូចជាមនុស្សលោកនិងជិន គឺត្រូវតែត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញនៅថ្ងៃបរលោកក្នុងនាមជាអ្នកដែលស្ដាប់បង្គាប់(ជាខ្ញុំបម្រើរបស់អល់ឡោះ)។
Meryem 19:94
ជាការពិតណាស់ ទ្រង់ដឹងជ្រួតជ្រាបបំផុតអំពីពួកគេ និងបានរាប់ចំនួនពួកគេយ៉ាងច្បាស់លាស់ ដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
Meryem 19:95
ហើយបុគ្គលគ្រប់រូបនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញនៅថ្ងៃបរលោករៀងៗខ្លួន ដោយគ្មានអ្នកជួយសង្រ្គោះ ហើយក៏គ្មានទ្រព្យសម្បត្តិអ្វីនោះដែរ។
Meryem 19:96
ជាការពិតណាស់ បណ្ដាអ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងទង្វើកុសលដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ទ្រង់នឹងអាណិតស្រឡាញ់ពួកគេ តាមរយៈការផ្តល់ឲ្យពួកគេនូវការអាណិតស្រឡាញ់របស់ទ្រង់ និងធ្វើឲ្យពួកគេមានក្តីអាណិតស្រឡាញ់ទៅចំពោះបណ្ដាខ្ញុំបម្រើរបស់ទ្រង់។
Meryem 19:97
ដូច្នេះ ពិតប្រាកដណាស់ យើងបានសម្រួលគម្ពីរគួអាននេះ ដោយបានបញ្ចុះវាជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដើម្បីឲ្យអ្នកផ្ដល់ដំណឹងរីករាយតាមរយៈវា(គម្ពីរគួរអាន)ដល់បណ្ដាអ្នកដែលកោតខ្លាច ដែលពួកគេអនុវត្តតាមបទបញ្ជារបស់យើង(អល់ឡោះ) និងបានចៀសឆ្ងាយពីប្រការទាំងឡាយដែលយើងបានហាមឃាត់ និងដើម្បីឲ្យអ្នកដាស់តឿនព្រមានតាមរយៈវា(គម្ពីរគួរអាន)ដល់ក្រុមដែលពូកែឈ្លោះប្រកែកគ្នា និងពួកដែលក្អេងក្អាងមិនទទួលយកការពិត។
Meryem 19:98
ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេមុនក្រុមរបស់អ្នក។ ដូច្នេះនៅថ្ងៃនេះ តើអ្នក(មូហាំម៉ាត់)មានអារម្មណ៍អ្វីចំពោះនរណាម្នាក់ក្នុងចំណោមប្រជាជាតិទាំងនោះដែរឬទេ? ហើយតើអ្នកមានឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ? ជាការពិតណាស់ អ្វីដែលបានកើតឡើងចំពោះពួកគេ វាក៏អាចនឹងកើតឡើងចំពោះអ្នកផ្សេងទៀតផងដែរនៅពេលណាដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញតនោះ។
Tâhâ 20:1
ត ហា (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។
Tâhâ 20:2
យើងមិនបានបញ្ចុះគម្ពីរគួអានមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីជាមូលហេតុធ្វើឲ្យអ្នកលំបាក និងសោកសៅទុក្ខព្រួយចំពោះការងាកចេញនៃក្រុមរបស់អ្នកអំពីការមានជំនឿនឹងអ្នកនោះឡើយ។
Tâhâ 20:3
យើងមិនបានបញ្ចុះវា(គម្ពីរគួរអាន)ឡើយ លើកលែងតែដើម្បីឲ្យវាក្លាយជាការរំលឹកដល់អ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានចង្អុលបង្ហាញពួកគេឲ្យកោតខ្លាចទ្រង់ប៉ុណ្ណោះ។
Tâhâ 20:4
អ្នកដែលបញ្ចុះវានោះ គឺអល់ឡោះជាម្ចាស់ដែលទ្រង់ជាអ្នកបានបង្កើតផែនដី និងបានបង្កើតមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។ ពិតណាស់ វាគឺជាគម្ពីរគួរអានដ៏ធំធេង ពីព្រោះវាត្រូវបានបញ្ចុះពីម្ចាស់ដ៏មហាធំធេង។
Tâhâ 20:5
ម្ចាស់មហាសប្បុរស ទ្រង់គង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តម ខ្ពង់ខ្ពស់របស់ទ្រង់។
Tâhâ 20:6
អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី ហើយនិងម៉ាខ្លូកទាំងឡាយដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។
Tâhâ 20:7
ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បញ្ចេញសំឡេង(ខ្លាំងៗ) ឬក៏អ្នកលាក់បាំង (មិនបញ្ចេញសម្លេងខ្លាំងៗ)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវរាល់ប្រការទាំងនោះ ហើយទ្រង់ដឹងការសម្ងាត់ និងអ្វីដែលជាប្រការអាថ៌កំបាំងទាំងឡាយ ដូចជាការគិត(របស់មនុស្ស)ជាដើម ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
Tâhâ 20:8
អល់ឡោះគឺជាម្ចាស់(តែមួយគត់)ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់តែមួយគត់ដែលមានព្រះនាមល្អប្រពៃ និងពេញលេញបំផុត។
Tâhâ 20:9
ហើយជាការពិតណាស់ រឿងរ៉ាវរបស់ព្យាការីមូសា កូនប្រុសរបស់ អ៊ីមរ៉ន បានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ាត់)។
Tâhâ 20:10
នៅពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើងមួយនៅក្នុងការធ្វើដំណើររបស់គាត់ ហើយគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នកឈរនៅទីកន្លែងរបស់ពួកអ្នកនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមកបង្កាត់ឲ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបនរណាម្នាក់ដែលនឹងចង្អុលបង្ហាញផ្លូវដល់ខ្ញុំ។
Tâhâ 20:11
ហើយនៅពេលដែលគាត់បានមកដល់ពន្លឺភ្លើងនោះ អល់ឡោះជាម្ចាស់ក៏បានហៅគាត់ ដោយបន្ទូលរបស់ទ្រង់ថាៈ ឱមូសា!
Tâhâ 20:12
ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក! ដូច្នេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ ដើម្បីជាការត្រៀមខ្លួនក្នុងការសន្ទនាជាមួយនឹងយើង។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំដ៏ពិសិដ្ឋ(គឺជ្រលងភ្នំទូវ៉ា)។
Tâhâ 20:13
ហើយយើងបានជ្រើសរើសអ្នក(ឱព្យាការីមូសា)ដើម្បីឲ្យផ្សព្វផ្សាយសាររបស់យើង។ ដូច្នេះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីឲ្យអ្នកចុះ។
Tâhâ 20:14
ពិតប្រាកដណាស់ យើងគឺជាអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្ការៈមកចំពោះតែមួយគត់ ហើយចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ដើម្បីជាការរំលឹកដល់យើងនៅក្នុងវា(ក្នុងពេលសឡាតនោះ)។
Tâhâ 20:15
ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយចៀសមិនផុតឡើយ។ យើងស្ទើរតែនឹងលាក់បាំងវា(ថ្ងៃបរលោក) ដោយម៉ាខ្លូកទាំងអស់មិនអាចដឹងពីពេលវេលារបស់វានោះឡើយ ក៏ប៉ុន្តែ ពួកគេអាចដឹងពីបណ្តាសញ្ញាទាំងឡាយរបស់វាតាមរយៈការរ៉ាយរ៉ាប់ប្រាប់របស់ព្យាការីដល់ពួកគេ ដើម្បីគេ(អល់ឡោះ)នឹងតបស្នងឲ្យរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែងធ្វើវា ទាំងអំពើល្អ និងអំពើអាក្រក់។
Tâhâ 20:16
ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំបណ្ដោយឲ្យពួកដែលគ្មានជំនឿនឹងវា(ថ្ងៃបរលោក)ក្នុងចំណោមពួកប្រឆាំង និងពួកដែលធ្វើនូវប្រការដែលគេហាមឃាត់តាមទំនើងចិត្តខ្លួនឯងនោះមករារាំងអ្នកអំពីការជឿជាក់នឹងវា(ថ្ងៃបរលោក) និងការត្រៀមខ្លួនចំពោះវា(ថ្ងៃបរលោក)ដោយការសាងនូវអំពើល្អ ដែលជាហេតុធ្វើឲ្យអ្នកវិនាសអន្តរាយឲ្យសោះ។
Tâhâ 20:17
ហើយតើអ្វីទៅដែលនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា?
Tâhâ 20:18
ព្យាការីមូសាបានតបថាៈ វាគឺជាដំបង(ឈើច្រត់)របស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ទប់ជំហរក្នុងពេលដើរ និងសម្រាប់អន្រួនដើមឈើដើម្បីឲ្យស្លឹករបស់វាជ្រុះដើម្បីឲ្យពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងៗទៀតក្រៅពីអ្វីដែលខ្ញុំបានលើកឡើងប្រាប់ទ្រង់(អល់ឡោះ)។
Tâhâ 20:19
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា!
Tâhâ 20:20
ពេលនោះ ព្យាការីមូសាក៏បានបោះវា(ដំបងរបស់គាត់)។ រំពេចនោះ វា(ដំបង)ក៏បានក្លាយទៅជាសត្វពស់មួយដែលវារយ៉ាងរហ័ស និងគួរឲ្យខ្លាច។
Tâhâ 20:21
អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកចាប់ដំបងនោះមកវិញ ហើយសូមអ្នកកុំខ្លាចចំពោះការដែលវា(ដំបង)ប្រែក្លាយទៅជាសត្វពស់នោះឲ្យសោះ។ យើងនឹងត្រឡប់វាឲ្យទៅជាសភាពដូចដើម(ក្លាយជាដំបង)វិញ នៅពេលដែលអ្នកចាប់វាមកវិញនោះ។
Tâhâ 20:22
ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនដោយសារជំងឺភឿកនោះទេ តែវាគឺជាអច្ឆរិយភាពទីពីររបស់អ្នក។
Tâhâ 20:23
យើងបានបង្ហាញដល់អ្នកនូវអច្ឆរិយភាពទាំងពីរនេះ គឺដើម្បីយើងនឹងបង្ហាញឲ្យអ្នក(ឱព្យាការីមូសា)បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់យើងដែលបញ្ជាក់ពីអានុភាពរបស់យើង និងបញ្ជាក់ថា ពិតប្រាកដណាស់ អ្នក(ឱព្យាការីមូសា) គឺជាអ្នកនាំសារមកពីអល់ឡោះ។
Tâhâ 20:24
ចូរអ្នក(ឱព្យាការីមូសា)ធ្វើដំណើរទៅកាន់ហ្វៀរអោនចុះ។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពានហួសព្រំដែនដែលគេបានកំណត់ចំពោះភាពគ្មានជំនឿ ផ្ដាច់ការ និងប្រឆាំងនឹងអល់ឡោះ។
Tâhâ 20:25
ព្យាការីមូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឲ្យមានទំនុកចិត្តខ្លួនឯង និងមានភាពក្លាហាន)ផង ដើម្បីឲ្យខ្ញុំអាចអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញ(ពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេ)ផងចុះ។
Tâhâ 20:26
ហើយសូមទ្រង់មេត្តាសម្រួលកិច្ចការរបស់យើងខ្ញុំឲ្យមានភាពងាយស្រួលដល់ខ្ញុំផង។
Tâhâ 20:27
ហើយសូមទ្រង់មេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយដល់ខ្ញុំ ដោយឲ្យខ្ញុំនិយាយច្បាស់ និងប៉ិនប្រសព្វផង។
Tâhâ 20:28
ដើម្បីឲ្យពួកគេងាយយល់ពាក្យសម្ដីរបស់ខ្ញុំនៅពេលដែលខ្ញុំផ្សព្វផ្សាយនូវសាររបស់ទ្រង់ទៅកាន់ពួកគេនោះផង។
Tâhâ 20:29
ហើយសូមទ្រង់មេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំឲ្យគេជួយនៅក្នុងកិច្ចការរបស់ខ្ញុំផង។
Tâhâ 20:30
គឺហារូន កូនប្រុសរបស់ អ៊ីមរ៉ម ដែលជាបងប្រុសរបស់ខ្ញុំ។
Tâhâ 20:31
សូមទ្រង់មេត្តាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។
Tâhâ 20:32
ហើយសូមទ្រង់មេត្តាធ្វើឲ្យគាត់ក្លាយជាដៃគូរួមសហការរបស់ខ្ញុំនៅក្នុងការផ្សព្វផ្សាយសារ(របស់ទ្រង់)ផងចុះ
Tâhâ 20:33
ដើម្បីឲ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន
Tâhâ 20:34
ហើយនិងរំលឹកដល់ទ្រង់បានកាន់តែច្រើនផង។
Tâhâ 20:35
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង ដោយគ្មានអ្វីមួយក្នុងចំណោមកិច្ចការរបស់ពួកយើងអាចលាក់បាំងពីទ្រង់បានឡើយ។
Tâhâ 20:36
អល់ឡោះជាម្ចាស់បានមានបន្ទូល(តបទៅកាន់ព្យាការីមូសាវិញ)ថាៈ ជាការពិតណាស់ យើងបានប្រទានឲ្យអ្នកតាមសំណើរដែលអ្នកបានស្នើសុំហើយ ឱមូសា!
Tâhâ 20:37
ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឲ្យអ្នកម្ដងទៀត។
Tâhâ 20:38
ខណៈដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ម្ដាយរបស់អ្នក(ព្យាការីមូសា)នូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឲ្យនាងបានដឹងអំពីអ្វីដែលអល់ឡោះបានការពារអ្នកពីកលល្បិចរបស់ហ្វៀរអោន។
Tâhâ 20:39
ជាការពិតណាស់ នៅពេលដែលយើងបានផ្ដល់វ៉ាហ៊ីដល់នាងនោះ យើងបានបង្គាប់ប្រើនាងថាៈ បន្ទាប់ពីនាងបានប្រសូតគេ(ព្យាការីមូសា)រួច ចូរនាងដាក់គេទៅក្នុងហឹបមួយ ហើយចោលហឹបនោះទៅក្នុងទន្លេ(ទន្លេនីលនៅប្រទេសអេហ្ស៊ីប)ចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញទៅតាមបទបញ្ជារបស់យើង(អល់ឡោះ) ហើយពេលនោះ សត្រូវរបស់យើងនិងសត្រូវរបស់គេ(ព្យាការីមូសា) គឺហ្វៀរអោននោះ នឹងរើសយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឲ្យអ្នក(ព្យាការីមូសា)នូវការស្រឡាញ់ពីយើង ហើយមនុស្សលោកនឹងអាណិតស្រឡាញ់ចំពោះអ្នក និងដើម្បីឲ្យគេ(ហ្វៀនអោន)ចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង និងការថែរក្សា ការការពាររបស់យើង។
Tâhâ 20:40
នៅពេលដែលបងស្រីរបស់អ្នក(ព្យការីមូសា)បានដើរចេញតាមឃ្លាំមើលគ្រប់កន្លែងដែលហឹបនោះបាន(អណ្តែត)ទៅ ហើយនាងក៏បាននិយាយទៅកាន់អ្នកដែលបានរើសហឹបនោះថាៈ តើអ្នកចង់ឲ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពីអ្នកដែលអាចថែរក្សា បំបៅ និងចិញ្ចឹមបីបាច់គេដែរឬទេ? ដូច្នេះ យើង(អល់ឡោះ)បានប្រោសប្រទានដល់អ្នក(ព្យាការីមូសា) ដោយយើងបានត្រឡប់អ្នកទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឲ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នកទៅកាន់នាងវិញ និងដើម្បីឲ្យនាងឈប់ព្រួយបារម្ភពីរឿងរបស់អ្នក។ បន្ទាប់មក(ពេលដែលអ្នកធំពេញវ័យ) អ្នកបានសម្លាប់បុរសម្នាក់ដែលអ្នកបានដាល់គេ(ហើយគេក៏បានស្លាប់) ដោយយើងបានប្រោសប្រទានដល់អ្នកដោយការជួយសង្គ្រោះអ្នកឲ្យរួចផុតពីទណ្ឌកម្ម(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងក៏បានជួយសង្គ្រោះអ្នកម្តងហើយម្តងទៀតអំពីរាល់ការសាកល្បងទាំងឡាយដែលអ្នកបានប្រឈមមុខ។ ហើយអ្នកក៏បានចាកចេញ និងបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលគេបានកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានសន្ទនាជាមួយនឹងយើង ឱមូសា!
Tâhâ 20:41
ហើយយើងបានជ្រើសរើសអ្នកដើម្បីឲ្យអ្នកក្លាយទៅជាអ្នកនាំសារម្នាក់អំពីយើងដើម្បីឲ្យអ្នកផ្សព្វផ្សាយដល់មនុស្សលោកនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឲ្យអ្នក។
Tâhâ 20:42
ចូរអ្នក(ឱព្យាការីមូសា) និងបងប្រុសរបស់អ្នកនាំយកនូវបណ្តាភស្តុតាងរបស់យើងដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយចូរអ្នកទាំងពីរកុំព្រងើយកន្តើយក្នុងការអំពាវនាវមកកាន់យើង និងការរំលឹកមកចំពោះយើងឲ្យសោះ។
Tâhâ 20:43
ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពានហួសព្រំដែនដែលគេបានកំណត់ចំពោះភាពគ្មានជំនឿ ផ្តាច់ការ និងការប្រឆាំងនឹងអល់ឡោះ។
Tâhâ 20:44
ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)ដោយប្រើពាក្យសម្ដីទន់ភ្លន់ មិនត្រូវប្រើសម្តីគ្រោតគ្រាតនោះទេ សង្ឃឹមថាគេនឹងទទួលការដាស់តឿន និងកោតខ្លាចអល់ឡោះ ហើយគេនិងសារភាពកំហុស(ឈប់បំពានតទៅទៀត)។
Tâhâ 20:45
ព្យាការីមូសា និងព្យាការីហារូនបានតប(ទៅកាន់អល់ឡោះជាម្ចាស់)ថាៈ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម(ពួកយើង)ភ្លាមៗមុនពេល(ដែលពួកយើង)បញ្ចប់ការអំពាវនាវចំពោះគេ ឬក៏គេបំពានព្រំដែនក្នុងការបំពានមកលើពួកយើងដោយការសម្លាប់ ឬអ្វីផ្សេងទៀត។
Tâhâ 20:46
អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់គាត់ទាំងពីរថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឲ្យសោះ។ ពិតប្រាកដណាស់ យើងស្ថិតនៅជាមួយអ្នកទាំងពីរ ដោយការជួយនិងគាំទ្រ(អ្នកទាំងពីរ) ដោយយើងឮ និងឃើញនូវអ្វីដែលកើតឡើងរវាងអ្នកទាំងពីរជាមួយនឹងគេ(ហ្វៀរអោន)។
Tâhâ 20:47
ដូច្នេះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន)ចុះ ហើយនិយាយទៅកាន់គេថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់ គឺជាអ្នកនាំសារនៃម្ចាស់របស់អ្នក(ឱហ្វៀរអោន)។ ដូច្នេះ សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលមកឲ្យពួកយើងវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេដោយការសម្លាប់កូនប្រុសរបស់ពួកគេ ហើយទុកជីវិតកូនស្រីរបស់ពួកគេទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឲ្យអ្នកនូវភស្តុតាងអំពីម្ចាស់របស់អ្នកដែលបញ្ជាក់ពីសច្ចភាពរបស់ពួកយើង។ ហើយសូមសុខសន្តិភាពពីទណ្ឌកម្មរបស់អល់ឡោះកើតមានចំពោះជនណាដែលមានជំនឿ និងបានដើរតាមការចង្អុលបង្ហាញរបស់អល់ឡោះជាម្ចាស់។
Tâhâ 20:48
ជាការពិតណាស់ អល់ឡោះជាម្ចាស់បានផ្ដល់វ៉ាហ៊ីមកឲ្យយើងយ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ ទណ្ឌកម្មទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក នឹងធ្លាក់ទៅលើអ្នកដែលបដិសេធនឹងភស្តុតាងរបស់អល់ឡោះ និងបានងាកចេញពីអ្វីដែលបណ្តាអ្នកនាំសារបាននាំមក។
Tâhâ 20:49
ហ្វៀរអោនបានតបវិញដោយបដិសេធចំពោះអ្វីគាត់ទាំងពី(ព្យាការីមូសា និងព្យាការីហារូន)បាននាំមកថាៈ ដូច្នេះ តើអ្នកណាជាម្ចាស់របស់អ្នកទាំងពីរ ដែលអ្នកទាំងពីរបានអះអាងថា ពិតប្រាកដណាស់ ទ្រង់បានបញ្ជូនអ្នកទាំងពីរមកកាន់យើង(ហ្វៀរអោន)នោះ ឱមូសា?
Tâhâ 20:50
ព្យាការីមូសាបានតបវិញថាៈ ម្ចាស់របស់ពួកយើង ទ្រង់គឺជាម្ចាស់ដែលបានប្រទានដល់អ្វីៗគ្រប់បែបយ៉ាងនូវរូបរាង និងទ្រង់ទ្រាយដែលសក្តិសមសម្រាប់វា។ បន្ទាប់មក ទ្រង់បានចង្អុលបង្ហាញម៉ាខ្លូកទាំងអស់នូវអ្វីដែលទ្រង់បានបង្កើតវាសម្រាប់ពួកគេ(ពីការរស់នៅ)។
Tâhâ 20:51
ហ្វៀរអោនបាននិយាយថាៈ ហើយចុះរឿងរ៉ាវនៃប្រជាជាតិជំនាន់មុនៗដែលពួកគេធ្លាប់បានប្រឆាំងនោះយ៉ាងដូចម្ដេចដែរ?
Tâhâ 20:52
ព្យាការីមូសាបានតបទៅកាន់ហ្វៀរអោនថាៈ ការដឹងពីអ្វីដែលបានកើតឡើងចំពោះប្រជាជាតិទាំងនោះ គឺមានតែម្ចាស់របស់ខ្ញុំប៉ុណ្ណោះដែលដឹង ដែលវាត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅក្នុងឡាវហុលម៉ាសហ៊្វូស។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំនៅក្នុងការដឹងពីរឿងរ៉ាវទាំងនោះឡើយ ហើយទ្រង់ក៏មិនភ្លេចភ្លាំងនូវអ្វីដែលទ្រង់បានដឹងពីវារួចហើយនោះដែរ។
Tâhâ 20:53
(ចំណេះដឹងទាំងនោះ) គឺនៅជាមួយនឹងម្ចាស់របស់ខ្ញុំ ដែលទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីឲ្យមានសណ្ឋានរាបស្មើសម្រាប់(ឲ្យពួកអ្នក)រស់នៅលើវា។ ហើយទ្រង់បានបង្កើតឲ្យមានផ្លូវល្អៗជាច្រើននៅលើវា(ផែនដី)សម្រាប់ពួកអ្នកធ្វើដំណើរនៅលើវា។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា។
Tâhâ 20:54
ចូរពួកអ្នក(ឱមនុស្សលោក)ទទួលទានអំពីអ្វីដែលយើងបានបញ្ចេញមកសម្រាប់ពួកអ្នកទាំងអស់គ្នាពីចំណីអាហារដែលល្អ និងឃ្លាលសត្វពាហនៈរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នៅក្នុងការលើកឡើងពីឧបការគុណទាំងនោះ គឺជាភស្តុតាងដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។
Tâhâ 20:55
តាមរយៈដីនៃផែនដីនេះហើយដែលយើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំ ហើយយើងនឹងធ្វើឲ្យពួកអ្នកត្រឡប់ទៅជាដីវិញតាមរយៈការបញ្ចុះសព(របស់ពួកអ្នក)នៅពេលដែលពួកអ្នកបានស្លាប់ និងតាមរយៈដីនេះដែរ យើងនឹងបញ្ចេញពួកអ្នកពីវា(ដី)ម្ដងទៀតដើម្បីពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក។
Tâhâ 20:56
ហើយជាការពិតណាស់ យើងបានបង្ហាញដល់ហ្វៀរអោននូវសញ្ញាភស្តុតាងទាំងប្រាំបួនរបស់យើង ហើយគេក៏បានមើលឃើញវាដែរ តែគេបែរជាបានបដិសេធនឹងវា ព្រមទាំងបានប្រឆាំងមិនឆ្លើយតបចំពោះការមានជំនឿនឹងអល់ឡោះទៅវិញ។
Tâhâ 20:57
ហ្វៀរអោនបាននិយាយថាៈ តើអ្នក(ព្យាការីមូសា)មកជួបយើងនេះ គឺដើម្បីបណ្ដេញយើងចេញពីទឹកដីអេហ្ស៊ីបតាមរយៈមន្តអាគមដែលអ្នកបាននាំមក ដើម្បីឲ្យអ្នកគ្រប់គ្រងលើវាឬ ឱមូសា។
Tâhâ 20:58
ដូច្នេះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នក(ឱមូសា)នូវមន្តអាគមដូចនឹងមន្តអាគមរបស់អ្នកដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នកកំណត់រវាងយើងនិងអ្នកនូវពេលវេលានិងទីកន្លែងច្បាស់លាស់មួយដែលគេបានដឹងមក(ដើម្បីពួកយើងតទល់គ្នា) ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ ហើយវាត្រូវតែជាកន្លែងមួយដែលនៅចំកណ្ដាលរវាងក្រុមទាំងពីរ។
Tâhâ 20:59
ព្យាការីមូសាក៏បានតបទៅកាន់ហ្វៀរអោនថាៈ ពេលវេលានៃការណាត់ជួបគ្នារវាងពួកយើងនិងពួកអ្នកនោះ គឺនៅថ្ងៃបុណ្យ ដោយ(នៅថ្ងៃនោះ) ប្រជាជនមកជួបជុំគ្នាប្រារព្វពិធីបុណ្យរបស់ពួកគេនៅពេលថ្ងៃរះ។
Tâhâ 20:60
ហើយហ្វៀរអោនក៏បានត្រឡប់ទៅវិញ ហើយគេក៏បានប្រមូលអ្នកចេះមន្តអាគម និងរៀបចំល្បិចកលរបស់គេ។ បន្ទាប់មក គេក៏បានមកដល់តាមពេលវេលានិងទីកន្លែងដែលត្រូវបានកំណត់សម្រាប់ការតទល់គ្នា។
Tâhâ 20:61
ព្យាការីមូសាបានផ្ដល់ដំបូន្មានដល់គ្រូមន្តអាគមរបស់ហ្វៀរអោនថាៈ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ ដោយពួកអ្នកបោកប្រាស់(បំភ័ន្តភ្នែក)មនុស្សលោកតាមរយៈមន្តអាគម ដែលជាហេតុនាំឲ្យទ្រង់បំផ្លាញពួកអ្នកដោយទណ្ឌកម្មដែលមកពីទ្រង់ឲ្យសោះ។ ហើយពួកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះ ពិតជាខាតបង់ជាមិនខាន។
Tâhâ 20:62
រួចមក គ្រូមន្តអាគមទាំងនោះក៏បានពិភាក្សាគ្នានៅពេលដែលពួកគេបានឮសំដីរបស់ព្យាការីមូសា ហើយពួកគេបានជជែកគ្នាដោយសម្ងាត់។
Tâhâ 20:63
គ្រូមន្តអាគមបាននិយាយគ្នាដោយស្ងាត់ៗថាៈ ពិតប្រាកដណាស់ មូសានិងហារូន គេទាំងពីរនាក់នេះ គឺជាគ្រូមន្តអាគម ដោយគេទាំងពីរមានបំណងចង់បណ្ដេញពួកអ្នកចេញពីទឹកដីអេហ្ស៊ីបនេះ តាមរយៈមន្តអាគមរបស់គេទាំងពីរដែលគេទាំងពីរបាននាំមក។ ហើយពួកគេទាំងពីរចង់បំបាត់នូវទំនៀមទម្លាប់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នកក្នុងការរស់នៅ។
Tâhâ 20:64
ដូច្នេះ ចូរពួកអ្នកវិនិច្ឆ័យចំពោះកិច្ចការរបស់ពួកអ្នកចុះ ហើយចូរពួកអ្នកកុំខ្វែងគំនិតគ្នានៅក្នុងវាឲ្យសោះ។ បន្ទាប់មក ចូរពួកអ្នកមកឈរជាពីរជួរ ហើយចូរពួកអ្នកបោះនូវអ្វីដែលពួកអ្នកមានក្នុងពេលតែមួយ ព្រោះថានៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹងទទួលបានជ័យជម្នះ។
Tâhâ 20:65
គ្រូមន្តអាគមបាននិយាយទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ចូរអ្នកជ្រើសរើសចុះ ថាតើអ្នកចាប់ផ្ដើមបោះមន្តអាគមដែលអ្នកមានមុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុន?
Tâhâ 20:66
ព្យាការីមូសាបានតបវិញថាៈ ទេ! ចូរពួកអ្នកបោះនូវអ្វីដែលពួកអ្នកមានមុនចុះ! ពេលនោះ ពួកគេ(គ្រូមន្តអាគម)ក៏បានបោះនូវអ្វីដែលពួកគេមាន ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេដែលពួកគេបានបោះនោះ ក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាដែលកើតចេញអំពីមន្តអាគមរបស់ពួកគេ(ដែលធ្វើឲ្យគាត់មើលទៅ)ហាក់បីដូចជាសត្វពស់កំពុងតែវារយ៉ាងរហ័ស។
Tâhâ 20:67
ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់ចំពោះអ្វីដែលពួកគេបានធ្វើ។
Tâhâ 20:68
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដើម្បីជាការពង្រឹងដល់គាត់ថាៈ ចូរអ្នកកុំខ្លាចអ្វីដែលពួកគេបានបំភ័ន្ត(ភ្នែក)អ្នកអំពីមន្តអាគមនោះ។ ពិតប្រាកដណាស់ អ្នក(ឱព្យាការីមូសា) គឹជាអ្នកដែលមានប្រៀបលើពួកគេ តាមរយៈការទទួលបានជ័យជម្នះ និងការជួយ(ពីអល់ឡោះ)។
Tâhâ 20:69
ហើយចូរអ្នកបោះដំបងដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងប្រែក្លាយទៅជាសត្វពស់ដែលវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើវាអំពីមន្តអាគមនោះជាមិនខាន។ ដូច្នេះ អ្វីដែលពួកគេបានធ្វើនោះ គ្មានអ្វីក្រៅពីការបោកបញ្ឆោតរបស់គ្រូមន្តអាគមតែប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនអាចទទួលបាន(ជ័យជម្នះ)ដូចអ្វីដែលពួកគេប្រាថ្នានោះឡើយ ទោះបីជាគេមកពីទីណាក៏ដោយ។
Tâhâ 20:70
ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់ ហើយរំពេចនោះ វាក៏បានប្រែក្លាយទៅជាសត្វពស់ និងបានលេបត្របាក់នូវអ្វីដែលគ្រូមន្តអាគមបានធ្វើវា។ ភ្លាមនោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូតចំពោះអល់ឡោះនៅពេលដែលពួកគេបានដឹងថាៈ អ្វីដែលព្យាការីមូសាមាននោះ គឺមិនមែនជាមន្តអាគមនោះឡើយ។ តាមពិត វាគឺមកពីអល់ឡោះជាម្ចាស់។ ពួកគេបាននិយាយថាៈ ពួកយើងមានជំនឿនឹងម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូនហើយ ដែលទ្រង់ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
Tâhâ 20:71
ហ្វៀរអោនក៏បានបដិសេធនឹងគ្រូមន្តអាគមទាំងនោះចំពោះការមានជំនឿរបស់ពួកគេ ហើយគេបានគម្រាមពួកគេថាៈ តើពួកអ្នកមានជំនឿនឹងមូសាមុននឹងយើងអនុញ្ញាតឲ្យពួកអ្នកមានជំនឿ(ចំពោះគេ)ឬ? ពិតប្រាកដណាស់ មូសា គឺជាគ្រូរបស់ពួកអ្នក(នែគ្រូមន្តអាគម)ដែលគេបានបង្រៀនមន្តអាគមដល់ពួកអ្នក។ ដូច្នេះ យើងពិតជានឹងកាត់ជើងកាត់ដៃរបស់ពួកអ្នកទាំងអស់ឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងរាងកាយរបស់ពួកអ្នកនៅនឹងគល់ល្មើរហូតដល់ពួកអ្នកស្លាប់ ហើយពួកអ្នកនឹងក្លាយជាគំរូដល់អ្នកដទៃ ហើយនៅពេលនោះ ពួកអ្នកពិតជានឹងបានដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតស្ថេរជាងគេខាងដាក់ទណ្ឌកម្មនោះ ថាតើយើង ឬក៏ម្ចាស់របស់មូសា?
Tâhâ 20:72
គ្រូមន្តអាគមទាំងនោះក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ ពួកយើងមិនអាចលើកតម្កើងការដើរតាមអ្នក(ឱហ្វៀរអោន)ជាជាងការដើរតាមភស្តុតាងយ៉ាងច្បាស់លាស់ដែលបានមកដល់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនអាចលើកតម្កើងអ្នកជាងអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើតពួកយើងនោះដែរ។ ដូច្នេះ ចូរអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើចំពោះពួកយើងចុះ។ សម្រាប់អ្នក គឺគ្មានអំណាចអ្វីចំពោះពួកយើងនោះទេ ក្រៅតែពីនៅក្នុងឆាកជីវិត(លោកិយ)ដែលនឹងវិនាសនេះប៉ុណ្ណោះ ហើយអំណាចរបស់អ្នកក៏នឹងបាត់បង់ទៅវិញនោះដែរ។
Tâhâ 20:73
ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងម្ចាស់របស់ពួកយើងហើយ សង្ឃឹមថាទ្រង់នឹងលុបបំបាត់ចេញពីពួកយើងនូវអំពើល្មើសពីមុនមករបស់ពួកយើងនៃភាពគ្មានជំនឿ និងអ្វីផ្សេងទៀត ហើយនឹងលប់បំបាត់ចេញពីពួកយើងនូវបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើងឲ្យរៀននិងអនុវត្តវា ហើយនិងប្រើវាតទល់ជាមួយនឹងព្យាការីមូសា។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ាងប្រសើរជាងអ្វីដែលអ្នក(ហ្វៀនអោន)បានសន្យានឹងពួកយើងទៅទៀត និងស្ថិតស្ថេរជាងគេខាងដាក់ទណ្ឌកម្មជាងអ្វីដែលអ្នកបានគម្រាមពួកយើងទៅទៀត។
Tâhâ 20:74
ពិតប្រាកដណាស់ ជាក់ស្តែង ជនណាហើយដែលបានមកជួបម្ចាស់របស់គេនៅថ្ងៃបរលោកក្នុងនាមជាអ្នកដែលប្រឆាំងនឹងអល់ឡោះនោះ ពិតណាស់ សម្រាប់គេគឺភ្លើងនរកជើហាន់ណាំ ដោយគេស្ថិតនៅទីនោះជាអមតៈដោយគេមិនអាចស្លាប់ដើម្បីរួចផុតពីទណ្ឌកម្មនោះទេ ហើយក៏មិនអាចរស់នៅក្នុងជីវិតមួយដ៏ល្អប្រសើរនោះដែរ។
Tâhâ 20:75
ប៉ុន្តែជនណាហើយដែលមកជួបម្ចាស់របស់គេនៅថ្ងៃបរលោក ក្នុងនាមជាអ្នកដែលមានជំនឿនឹងទ្រង់ដែលបានសាងទង្វើកុសលនោះ ពិតណាស់អ្នកទាំងនោះ ពួកគេនឹងទទួលបានលំនៅឋាន និងឋានៈដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។
Tâhâ 20:76
ឋានៈទាំងនោះ គឺជាឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការតបស្នងដែលបានលើកឡើងនេះ គឺជាការតបស្នងចំពោះរាល់អ្នកដែលបានសម្អាតខ្លួនរបស់គេអំពីភាពគ្មានជំនឿ និងអំពើល្មើស។
Tâhâ 20:77
ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ទាំងអស់ធ្វើដំណើរទាំងយប់ចេញពីទឹកដីអេហ្ស៊ីបដើម្បីកុំឲ្យនរណាម្នាក់បានដឹង។ ហើយបន្ទាប់ពីបានវាយទឹកសមុទ្រនឹងដំបងរួច ចូរអ្នកបង្កើតឲ្យមានផ្លូវស្ងួតមួយសម្រាប់ពួកគេ(ដើម្បីធ្វើដំណើរ)ដោយសុវត្ថិភាព ដោយអ្នកមិនត្រូវខ្លាចហ្វៀនអោននិងពលទាហានរបស់គេតាមទាន់នោះឡើយ ហើយក៏មិនត្រូវខ្លាចពីការលិចលង់នៅក្នុងទឹកសមុទ្រនោះដែរ។
Tâhâ 20:78
បន្ទាប់មក ហ្វៀនអោនដែលអមដោយទាហានរបស់គេក៏បានដេញតាមពួកគេ(អម្បូរអ៊ីសា្រអែល) តែទឹកសមុទ្របានគ្របដណ្ដប់គេ(ហ្វៀរអោន) និងបានគ្របដណ្ដប់ទាហារបស់គេ រហូតដល់ពួកគេលង់ស្លាប់ ដែលគ្មានរណាម្នាក់ដឹងពីធាតុពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយពួកគេទាំងអស់បានលង់ទឹកស្លាប់និងបានវិនាសអន្តរាយ ហើយព្យាការីមូសានិងអ្នកដែលនៅជាមួយគាត់ទាំងអស់(អម្បូរអ៊ីស្រាអែល)ក៏បានខ្លួនរួច។
Tâhâ 20:79
ហើយហ្វៀរអោនបានធ្វើឲ្យក្រុមរបស់គេវង្វេងតាមរយៈការតុបតែងលម្អនូវភាពគ្មានជំនឿដល់ពួកគេ និងបានបោកប្រាស់ពួកគេតាមរយៈប្រការមិនពិត ហើយគេ(ហ្វៀនអោន)មិនបានចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវឡើយ។
Tâhâ 20:80
ហើយយើង(អល់ឡោះ)បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែល បន្ទាប់ពីយើងបានជួយសង្គ្រោះពួកគេពីហ្វៀរអោននិងទាហានរបស់គេថាៈ ឱអម្បូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ យើងនឹងមានបន្ទូលទៅកាន់ព្យាការីមូសានៅផ្នែកខាងស្ដាំនៃជ្រលងភ្នំតួរ។ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា ជាភេសជ្ជៈដែលមានរសជាតិផ្អែមស្រដៀងនឹងទឹកឃ្មុំ និងសត្វក្រួចដែលមានរសជាតិឆ្ងាញ់ទៅឲ្យពួកអ្នក។
Tâhâ 20:81
ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗដែលគេអនុញ្ញាតដែលយើងបានប្រទានឲ្យពួកអ្នកនេះចុះ ហើយចូរពួកអ្នកកុំបំពានចំពោះអ្វីដែលយើងបានអនុញ្ញាតវាដល់ពួកអ្នកទៅរកអ្វីដែលយើងបានហាមឃាត់ចំពោះពួកអ្នកឲ្យសោះ ដែលជាហេតុនាំឲ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើរូបគេនោះ ពិតណាស់រូបគេនឹងវិនាស ហើយនិងទទួលនូវអពមង្គលទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
Tâhâ 20:82
ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស និងមហាអធ្យាស្រ័យបំផុតចំពោះជនណាដែលបានសារភាពកំហុសមកចំពោះយើង និងមានជំនឿ ព្រមទាំងបានសាងទង្វើកុសល បន្ទាប់មក គេបានប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ(រហូតដល់ស្លាប់)។
Tâhâ 20:83
ហើយតើអ្វីដែលធ្វើឲ្យអ្នកប្រញាប់ប្រញាល់ចាកចោលក្រុមរបស់អ្នក ឱមូសា ដោយអ្នកទុកពួកគេចោលនៅខាងក្រោយអ្នកនោះ?
Tâhâ 20:84
ព្យាការីមូសាបានឆ្លើយថាៈ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំ ហើយពួកគេនឹងតាមទាន់ខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់មុនក្រុមរបស់ខ្ញុំដើម្បីឲ្យទ្រង់ពេញចិត្តមកចំពោះខ្ញុំដោយសារការរួសរាន់របស់ខ្ញុំមកជួបនឹងទ្រង់(មុនពួកគេ)។
Tâhâ 20:85
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ដូច្នេះ ពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់អ្នកដែលអ្នកបានទុកចោលពួកគេឲ្យនៅពីក្រោយអ្នកដោយការគោរពសក្ការៈចំពោះរូបសំណាក់កូនគោ។ ហើយជាការពិតណាស់ សាមីរីបានអំពាវនាវពួកគេឲ្យគោរពសក្ការៈចំពោះវា(រូបសំណាក់កូនគោ) ហើយគេក៏បានធ្វើឲ្យពួកគេវង្វេងដោយការធ្វើដូច្នោះ។
Tâhâ 20:86
បន្ទាប់មក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បាចំពោះពួកគេដែលបានគោរពសក្ការៈចំពោះរូបសំណាក់កូនគោ និងមានទុក្ខព្រួយបំផុតចំពោះពួកគេ។ ព្យាការីមូសាបានពោល(ទៅកាន់ពួកគេ)ថាៈ ឱក្រុមរបស់ខ្ញុំ! តើអល់ឡោះមិនបានសន្យាជាមួយពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬដែលថា ពិតប្រាកដណាស់ ទ្រង់នឹងបញ្ចុះគម្ពីរតាវរ៉តមកឲ្យពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌នោះ? តើការសន្យានោះយូរពេកចំពោះពួកអ្នកឬទើបបានជាពួកអ្នកភ្លេចបែបនេះ? ឬមួយពួកអ្នកមានបំណងប្រព្រឹត្តបែបនេះក្នុងគោលបំណងចង់ឲ្យការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ហើយទណ្ឌកម្មរបស់ទ្រង់ធ្លាក់ទៅលើពួកអ្នកឬ ទើបបានជាពួកអ្នកក្បត់កិច្ចសន្យារបស់ខ្ញុំដែលប្រើពួកអ្នកឲ្យប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ជានិច្ច រហូតដល់ខ្ញុំវិលត្រឡប់មកជួបពួកអ្នកវិញនោះ?
Tâhâ 20:87
ក្រុមរបស់ព្យាការីមូសាបានតបវិញថាៈ ពួកយើងមិនបានក្បត់កិច្ចសន្យារបស់អ្នកដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់នោះឡើយ(ឱព្យាការីមូសា) ផ្ទុយទៅវិញ វាគឺការបង្ខំចិត្តតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកយើងត្រូវទទួលបន្ទុកយ៉ាងធ្ងន់ពីការប្រមូលគ្រឿងអលង្ការរបស់ក្រុមហ្វៀររអោន(ដែលបានលិចលង់ក្នុងទឹកសមុទ្រ)។ ក្រោយមក ពួកយើងក៏បានបោះវាចូលទៅក្នុងរណ្ដៅមួយដើម្បីឲ្យបានធូរស្រាលអំពីវា។ ហើយដូចដែលពួកយើងបានបោះវា(គ្រឿងអលង្ការ)ចូលទៅក្នុងរណ្ដៅនោះដែរ សាមីរីក៏បានបោះនូវអ្វីដែលគេមាននៃដី(ដែលប្រមូលមក)អំពីដានជើងសេះរបស់ជីព្រីល។
Tâhâ 20:88
បន្ទាប់មក សាមីរីក៏បានយកចេញពីគ្រឿងអលង្ការទាំងនោះនូវរូបសំណាក់កូនគោមួយក្បាលដែលគ្មានវិញ្ញាណនៅក្នុងវា តែវាមានសម្លេងដូចជាសម្រែករបស់សត្វគោមកឲ្យអម្បូរអ៊ីស្រាអែល។ ពេលនោះ បណ្ដាអ្នកដែលត្រូវបានគេសាកល្បងនៅក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)តាមរយៈទង្វើរបស់សាមីរីបាននិយាយថាៈ នេះហើយគឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ព្យាការីមូសា តែគេបានភ្លេចវា ហើយបានទុកវាចោលនៅទីនេះ។
Tâhâ 20:89
តើពួកដែលត្រូវបានគេសាកល្បងដោយពួកគេបានយករូបសំណាក់កូនគោមកគោរពសក្ការៈនោះមិនឃើញទេឬថា ពិតប្រាកដណាស់ កូនគោនោះមិនអាចនិយាយជាមួយពួកគេនោះទេ ហើយក៏មិនអាចឆ្លើយតបជាមួយនឹងពួកគេបាននោះដែរ។ វាគ្មានលទ្ធភាពអាចការពារគ្រោះថ្នាក់ពីខ្លូនឯង ឬអ្នកដទៃនោះឡើយ ហើយក៏មិនអាចផ្តល់នូវផលប្រយោជន៍ដល់ខ្លូនឯង ឬអ្នកដទៃនោះដែរ។
Tâhâ 20:90
ហើយជាការពិតណាស់ ព្យាការីហារូនក៏បាននិយាយទៅកាន់ពួកគេតាំងពីមុនពេលដែលព្យាការីមូសាបានវិលត្រឡប់មកកាន់ពួកគេផងដែរថាៈ ការបង្កើតរូបសំណាក់កូនគោចេញពីមាស ហើយវាមានសម្លេងនេះ គឺគ្មានអ្វីក្រៅពីគ្រាន់តែជាការសាកល្បងចំពោះពួកអ្នកដើម្បីស្តែងឲ្យឃើញថា អ្នកណាជាអ្នកមានជំនឿ អ្នកណាជាអ្នកគ្មានជំនឿប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱក្រុមរបស់ខ្ញុំ) ទ្រង់គឺជាអ្នកដែលមហាអាណិតស្រឡាញ់ និងមហាសប្បុរសបំផុតចំពោះពួកអ្នក ដោយទ្រង់ពុំមែនជាអ្នកដែលមិនអាចការពារគ្រោះថ្នាក់ពីពួកអ្នក ឬមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកនោះទេ។ ដូច្នេះ ចូរពួកអ្នកតាមខ្ញុំនៅក្នុងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយចូរពួកអ្នកគោរពតាមបទបញ្ជារបស់ខ្ញុំដោយបោះបង់ចោលការគោរពសក្ការចំពោះអ្វីផ្សេងក្រៅពីទ្រង់ចុះ។
Tâhâ 20:91
ពួកដែលត្រូវបានគេសាកល្បងដោយការគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះបាននិយាយថាៈ ពួកយើងនៅតែបន្តគោរពសក្ការៈទៅចំពោះវា(រូបសំណាក់កូនគោ)ជានិច្ច រហូតទាល់តែព្យាការីមូសាត្រឡប់មកកាន់ពួកយើងវិញ។
Tâhâ 20:92
ព្យាការីមូសាបានពោលទៅកាន់បងប្រុសរបស់គាត់ ព្យាការីហារូន ថាៈ តើអ្វីទៅដែលរារាំងអ្នក(មិនហាមឃាត់ពួកគេ)នៅពេលដែលអ្នកបានឃើញពួកគេស្ថិតនៅក្នុងភាពវង្វេងនឹងការគោរពសក្ការៈចំពោះរូបសំណាក់កូនគោក្រៅពីអល់ឡោះ។
Tâhâ 20:93
ដោយអ្នកទុកបណ្តោយឲ្យពួកគេធ្វើដូច្នោះ ហើយមិនធ្វើតាមបណ្តាំខ្ញុំ?! តើអ្នកប្រឆាំងនឹងបទបញ្ជារបស់ខ្ញុំនៅពេលដែលខ្ញុំបានឲ្យអ្នកគ្រប់គ្រងលើពួកគេឬ?!
Tâhâ 20:94
ហើយនៅពេលដែលព្យាការីមូសាបានចាប់ពុកចង្កានិងសក់ក្បាលបងប្រុសរបស់គាត់ ព្យាការីហារូន ទាញមកជិតគាត់ដោយការមិនពេញចិត្តនឹងទង្វើរបស់គាត់នោះ ព្យាការីហារូនក៏បាននិយាយដោយទន់ភ្លន់ទៅកាន់គាត់(ព្យាការីមូសា)វិញថាៈ សូមអ្នកកុំចាប់ពុកចង្កា និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំមានហេតុផលក្នុងការដែលខ្ញុំបន្តនៅជាមួយពួកគេ។ ជាការពិតណាស់ ក៏ព្រោះតែខ្ញុំខ្លាចថា ប្រសិនបើខ្ញុំទុកពួកគេឲ្យនៅតែឯងនឹងធ្វើឲ្យពួកគេបែកបាក់គ្នា ហើយអ្នកនឹងស្ដីបន្ទោសខ្ញុំថាៈ ពិតប្រាកដណាស់ ខ្ញុំបានបំបែកបំបាក់ពួកគេ និងមិនរក្សាពាក្យផ្តែផ្ដាំរបស់អ្នកចំពោះពួកគេ។
Tâhâ 20:95
ព្យាការីមូសាបានពោលទៅកាន់សាមីរីថាៈ តើមានរឿងអ្វីកើតឡើង ឱសាមីរី? ហើយតើអ្វីដែលនាំអ្នកឲ្យធ្វើដូច្នោះ?
Tâhâ 20:96
សាមីរីក៏បានឆ្លើយប្រាប់ទៅព្យាការីមូសាវិញថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបានឃើញវា។ ជាការពិតណាស់ ខ្ញុំបានឃើញម៉ាឡាអ៊ីកាត់ជីព្រីលជិះសេះ ហើយខ្ញុំបានយកដីមួយក្ដាប់ពីដានជើងសេះរបស់ម៉ាឡាអ៊ីកាត់ជីព្រីល។ ក្រោយមក ខ្ញុំបានបោះវាទៅលើគ្រឿងអលង្ការមាសដែលត្រូវបានគេរំលាយទៅជារូបរាងកូនគោនោះ។ ហើយពេលនោះ រូបសំណាក់កូនគោនោះក៏មានសម្លេង។ ដូច្នោះដែរ ហើយវាក៏បានលម្អដល់ខ្ញុំឲ្យមានគំនិតធ្វើដូច្នោះ។
Tâhâ 20:97
ការីមូសាបានពោលទៅកាន់សាមីរីថាៈ សូមអ្នកចាកចេញទៅឲ្យឆ្ងាយចុះ! ពិតប្រាកដណាស់ សម្រាប់អ្នក ដរាបណាអ្នកនៅមានជីវិតរស់នៅ អ្នកមានតែពាក្យថាៈ គ្មានការទំនាក់ទំនងគ្នាឡើយ ហើយអ្នកនឹងរស់នៅដោយត្រូវគេបណ្តេញ។ ហើយពិតប្រាកដណាស់ ការសន្យាសម្រាប់អ្នកនៅថ្ងៃបរលោកនោះគឺ អ្នកនឹងត្រូវគេជំនុំជម្រះ និងត្រូវគេដាក់ទណ្ឌកម្ម។ អល់ឡោះជាម្ចាស់នឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់រូបសំណាក់កូនគោរបស់អ្នកដែលអ្នកបានយកវាធ្វើជាព្រះរបស់អ្នក ហើយអ្នកនៅតែបន្តគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះរហូតមកនោះចុះ។ យើងពិតជានឹងដុតវានឹងភ្លើង រហូតដល់វារលាយ។ បន្ទាប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រ ដើម្បីកុំឲ្យមានសល់ស្លាកស្នាមអ្វីទាំងអស់។
Tâhâ 20:98
តាមពិត ម្ចាស់ដែលត្រូវគោរពសក្ការៈយ៉ាងពិតប្រាកដរបស់ពួកអ្នក(ឱមនុស្សលោក)នោះគឺ អល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងជ្រួបជ្រាបនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចរំលងផុតពីការដឹងរបស់ទ្រង់ឡើយ។
Tâhâ 20:99
ដូចអ្វីដែលយើងបាននិទានប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ព្យាការីមូសា និងហ្វៀរអោន ហើយនិងរឿរ៉ាវនៃក្រុមរបស់ពួកគេទាំងពីរនេះដែរ យើងបាននិទានប្រាប់អ្នកពីរឿងរបស់បណ្តាព្យាការី និងប្រជាជាតិជំនាន់មុនអ្នកដើម្បីជាការលើកទឹកចិត្តដល់អ្នក(កុំឲ្យមានទុក្ខព្រួយ)។ ហើយជាការពិតណាស់ យើងបានផ្ដល់ឲ្យអ្នកនូវគម្ពីរគួរអានអំពីយើង សម្រាប់អ្នកដែលយកវាមកធ្វើជាការរំលឹក។
Tâhâ 20:100
ជនណាហើយដែលបានងាកចេញពីគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យអ្នក ដោយគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន) និងមិនបានអនុវត្តនូវអ្វីដែលមានចែងនៅក្នុងទេវានោះ ពិតប្រាកដណាស់ នៅពេលដែលថ្ងៃបរលោកមកដល់ គេនឹងត្រូវរែកពុននូវបាបកម្មដ៏ធ្ងន់ធ្ងរ ហើយគេជាអ្នកដែលសក្តិសមនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Tâhâ 20:101
ដោយពួកគេស្ថិតនៅក្នុងទណ្ឌកម្ម(ឋាននរក)នោះជាអមតៈ។ បន្ទុកដែលពួកគេនឹងរែកពុននៅថ្ងៃបរលោកនោះ គឺជាបន្ទុកដ៏អាក្រក់បំផុត ។
Tâhâ 20:102
គឺនៅថ្ងៃដែលម៉ាឡាអ៊ីកាត់បានផ្លុំត្រែជាលើកទីពីរដើម្បីពង្រស់(ម៉ាខ្លូកទាំងអស់)ឲ្យរស់ឡើងវិញ។ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលគ្មានជំនឿ ដោយភ្នែករបស់ពួកគេឡើងជាំខៀវ ដោយសារតែភាពភ័យរន្ធត់យ៉ាងក្រៃលែងដែលពួកគេជួបប្រទះនៅថ្ងៃបរលោក។
Tâhâ 20:103
ពួកគេនិយាយខ្សឹបខ្សៀវគ្នាថាៈ ពួកអ្នកមិនបានស្នាក់នៅក្នុងផ្នូរបន្ទាប់ពីការស្លាប់(របស់ពួកអ្នក)នោះឡើយ លើកលែងតែចំនួនដប់យប់ប៉ុណ្ណោះ។
Tâhâ 20:104
យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលពួកគេនិយាយ(ខ្សឹបខ្សៀវ)អំពីវា។ គ្មានអ្វីមួយអំពីរឿងនោះដែលអាចរំលងផុតពី(ការដឹងរបស់)យើងបានឡើយ ខណៈដែលអ្នកមានបញ្ញាចេះដឹងជាងគេក្នុងចំណោមពួកគេបានិយាយថាៈ ពួកអ្នកមិនបានស្ថិតនៅក្នុងផ្នូរនោះឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ គឺគ្មានច្រើនជាងនេះនោះទេ។
Tâhâ 20:105
ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីស្ថានភាពនៃភ្នំទាំងឡាយនៅថ្ងៃបរលោក។ ដូចនេះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ភ្នំទាំងឡាយនឹងត្រូវម្ចាស់របស់ខ្ញុំបំប៉ើងវាឲ្យប៉ើងចេញពីកន្លែងរបស់វា ហើយវានឹងក្លាយទៅជាផង់ធូលី។
Tâhâ 20:106
ហើយទ្រង់នឹងទុកដីដែលធ្លាប់តែទ្រវា(ភ្នំ)នោះឲ្យទៅជារាបស្មើធេង ដោយគ្មានសំណង់អាគារនៅលើវានោះទេ ហើយក៏គ្មានរុក្ខជាតិអ្វីមួយនៅលើវានោះដែរ។
Tâhâ 20:107
ដោយសារតែភាពរាបស្មើរបស់វា(ផែនដី) អ្នកនឹងមើលមិនឃើញមានភាពវៀចវេរនៅលើវានោះទេ ហើយក៏មិនឃើញមានកន្លែងខ្ពស់ និងកន្លែងទាប(នៅលើវា)នោះដែរ។
Tâhâ 20:108
នៅថ្ងៃនោះ មនុស្សលោកទាំងអស់នឹងដើរតាមសម្លេងរបស់អ្នកដែលស្រែកហៅទៅកាន់ទីវាលប្រមូលផ្តុំ ដោយពួកគេមិនត្រូវបានគេធ្វើឲ្យងាករេចេញពីការដើរតាមសម្លេងនោះនោះឡើយ។ ហើយសម្លេងទាំងឡាយបាននៅស្ងាត់ស្ងៀមចំពោះម្ចាស់មហាសប្បុរសដោយភាពកោតខ្លាច។ ហើយនៅក្នុងថ្ងៃនោះ អ្នកនឹងមិនឮសម្លេងអ្វី ក្រៅពីសម្លេងតិចៗ(សំឡេងខ្សឹបខ្សៀវគ្នា ឬស្នូរជើង) នោះឡើយ។
Tâhâ 20:109
នៅថ្ងៃដ៏ធំធេងនោះដែរ ការជួយអន្តរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកជួយអន្តរាគមន៍ណាដែលអល់ឡោះបានអនុញ្ញាតដល់គេឲ្យជួយអន្តរាគមន៍ ហើយទ្រង់យល់ព្រមឲ្យគេនិយាយអន្តរាគមន៍តែប៉ុណ្ណោះ។
Tâhâ 20:110
អល់ឡោះដឹងបំផុតនូវអ្វីដែលមនុស្សនឹងត្រូវប្រឈមមុខអំពីកិច្ចការនៃថ្ងៃបរលោក ហើយទ្រង់ដឹងនូវអ្វីដែលកន្លងផុតពីពួកគេនៅក្នុងលោកិយរបស់ពួកគេ តែខ្ញុំបម្រើរបស់អល់ឡោះទាំងអស់មិនដឹងជ្រួតជ្រាបអំពីរបស់អល់ឡោះ និងលក្ខណៈរបស់ទ្រង់ឡើយ។
Tâhâ 20:111
ហើយមុខរបស់បណ្ដាខ្ញុំបម្រើអល់ឡោះបានឱនឈ្ងោកចុះទៅចំពោះម្ចាស់ដែលមានជីវិតអមតៈដែលមិនស្លាប់ ដែលជាអ្នកគ្រប់គ្រង និងចាត់ចែងនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ ហើយអ្នកដែលបាននាំមកជាមួយនូវអំពើបាបកម្មនោះ គឺពិតជាបានខាតបង់ ដោយសារតែគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ។
Tâhâ 20:112
ហើយជនណាដែលបានសាងទង្វើកុសល ហើយគេជាអ្នកដែលមានជំនឿនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ គេនឹងទទួលបានការតបស្នងយ៉ាងពេញលេញ ហើយគេមិនភ័យខ្លាចពីភាពអយុត្តិធម៌ដោយត្រូវគេធ្វើទារុណកម្មចំពោះបាបកម្មដែលគេមិនបានប្រព្រឹត្តនោះទេ ហើយក៏មិនភ័យខ្លាចពីការបាត់បង់(ខ្វះខាត)ផលបុណ្យចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះដែរ។
Tâhâ 20:113
ហើយដូចដែលយើងបានបញ្ចុះនូវរឿងរ៉ាវរបស់អ្នកជំនាន់មុនៗនោះដែរ យើងបានបញ្ចុះគម្ពីរគួរអាននេះជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងវាយ៉ាងក្បោះក្បាយនូវការព្រមានជាច្រើនប្រភេទ ដូចជាការគំរាមព្រមាន និងការព្រមានបន្លាច(ពីទណ្ឌកម្ម) សង្ឃឹមថាពួកគេនឹងកោតខ្លាចអល់ឡោះ ឬក៏គម្ពីរគួរអាននេះនឹងនាំមកឲ្យពួកគេនូវដំបូន្មាននិងមេរៀន។
Tâhâ 20:114
ហើយអល់ឡោះជាម្ចាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាស្អាតស្អំបំផុត។ ទ្រង់ជាស្ដេចដែលមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលទ្រង់ជាម្ចាស់ដ៏ពិតប្រាកដ ហើយបន្ទូលរបស់ទ្រង់ គឺជាការពិត។ ទ្រង់មហាខ្ពង់ខ្ពស់លើសពីអ្វីដែលពួកមុស្ហរីគីនចោទប្រកាន់ចំពោះទ្រង់។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំប្រញាប់ប្រញាល់នឹងការសូត្រគម្ពីរគួរអានជាមួយនឹងម៉ាឡាអ៊ីកាត់ជីព្រីលមុននឹងគេផ្ដល់(វ៉ាហ៊ី)មកឲ្យអ្នកចប់សព្វគ្រប់ឲ្យសោះ។ ហើយចូរអ្នកពោលថាៈ “ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាបន្ថែមចំណេះដឹងដល់ខ្ញុំនូវអ្វីដែលទ្រង់បានបង្រៀនដល់ខ្ញុំផងចុះ”។
Tâhâ 20:115
ហើយជាការពិតណាស់ យើងបានផ្ដាំផ្ញើចំពោះព្យាការីអាហ្ទាំកាលពីមុនដោយមិនឲ្យគេបរិភោគផ្លែឈើពីដើមឈើមួយនេះឡើយ ហើយយើងបានហាមឃាត់គេពីការធ្វើបែបនោះ ព្រមទាំងបានបញ្ជាក់ប្រាប់គេពីលទ្ធផលចុងក្រោយរបស់វាផងដែរ តែគេបែរជាភ្លេច(ល្មើស)ការផ្ដាំផ្ញើនេះ និងបានបរិភោគផ្លែឈើពីដើមឈើនេះ ដោយគេមិនបានអត់ធ្មត់អំពីវាឡើយ។ ហើយយើងមិនបានឃើញគេមានការប្ដេជ្ញាចិត្តរឹងមាំក្នុងការថែរក្សានូវអ្វីដែលយើងបានផ្ដាំផ្ញើដល់គេនោះឡើយ។
Tâhâ 20:116
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកឱនស៊ូជូតទៅចំពោះអាហ្ទាំ ជាការស៊ូជូតស្វាគមន៍។ ពេលនោះ ពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លិសប៉ុណ្ណោះ(ដែលវាក៏បាននៅជាមួយពួកគេ តែមិនស្ថិតក្នុងចំណោមពួកគេ)ដែលបានបដិសេធមិនព្រមស៊ូជូត(ចំពោះព្យាការីអាហ្ទាំ)ដោយភាពក្រអឺតក្រទម។
Tâhâ 20:117
ហើយយើងបានមានបន្ទូលថាៈ ឱអាហ្ទាំ! ពិតប្រាកដណាស់ អ៊ីព្លិស គឺជាសត្រូវរបស់អ្នក និងជាសត្រូវរបស់ភរិយាអ្នក។ ដូចនេះ ចូរអ្នកកុំបណ្ដោយឲ្យវាបណ្ដេញអ្នកនិងភរិយារបស់អ្នកចេញពីឋានសួគ៌ តាមរយៈការគោរពប្រតិបត្តិតាមវា(អ៊ីព្លីស)ចំពោះអ្វីដែលវាបានញុះញង់អ្នក(ឲ្យធ្វើ)ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកទទួលរងនូវការលំបាក និងការស្អប់ខ្ពើម។
Tâhâ 20:118
ពិតប្រាកដណាស់ សម្រាប់អ្នក គឺអល់ឡោះជាអ្នកដែលផ្ដល់នូវអាហារដល់អ្នកនៅក្នុងឋានសួគ៌នោះដោយអ្នកនឹងមិនអត់ឃ្លាននោះទេ ហើយទ្រង់នឹងផ្ដល់នូវសម្លៀកបំពាក់ដល់អ្នកដោយអ្នកនឹងមិនអាក្រាតកាយនោះឡើយ។
Tâhâ 20:119
ហើយពិតប្រាកដណាស់ ទ្រង់នឹងផ្ដល់ទឹកផឹកដល់អ្នកដោយអ្នកនឹងមិនស្រេកទឹកនោះទេ ហើយទ្រង់ផ្ដល់ម្លប់ដល់អ្នកដោយអ្នកនឹងមិនត្រូវកំដៅថ្ងៃនោះឡើយ។
Tâhâ 20:120
ក្រោយមក ស្ហៃតនបានញុះញង់ព្យាការីអាហ្ទាំ ដោយវាបាននិយាយទៅកាន់គាត់ថាៈ តើអ្នកចង់ឲ្យខ្ញុំបង្ហាញអ្នកពីដើមឈើមួយដើមដែលជនណាហើយដែលបានបរិភោគអំពីវានោះ គេនឹងមិនស្លាប់ជារៀងរហូត ផ្ទុយទៅវិញ គេនឹងមានជីវិតអមតៈ ហើយគេនឹងក្លាយជាស្ដេចគ្រប់គ្រងបន្តជារៀងរហូត ដោយគ្មានទីបញ្ចប់ដែរឬទេ?
Tâhâ 20:121
ពេលនោះ ព្យាការីអាហ្ទាំ និងហាវ៉ា(ជាភរិយា)ក៏បានទទួលទានផ្លែឈើអំពីដើមឈើដែលគេបានហាមឃាត់អ្នកទាំងពីរមិនឲ្យទទួលទានអំពីវានោះ។ ខណៈនោះ ស្រាប់តែកេរខ្មាស់របស់អ្នកទាំងពីរក៏បានលាតត្រដាងឡើងចំពោះអ្នកទាំងពីរបន្ទាប់ពីវាត្រូវបានបិទបាំងនោះ ហើយគេទាំងពីរក៏បានបេះស្លឹកឈើពីដើមឈើឋានសួគ៌យកមកបិទបាំងកេរខ្មាស់របស់គេទាំងពីរ។ ហើយព្យាការីអាហ្ទាំបានធ្វើខុសនឹងបទបញ្ជានៃម្ចាស់របស់គាត់ ខណៈដែលគាត់មិនបានអនុវត្តតាមបទបញ្ជារបស់ទ្រង់ដែលប្រើឲ្យចៀសវាងពីការបរិភោគផ្លែឈើអំពីដើមឈើនោះ ដោយគាត់បានបំពាននូវអ្វីដែល(អល់ឡោះ)មិនអនុញ្ញាតចំពោះគាត់។
Tâhâ 20:122
ក្រោយមក អល់ឡោះជាម្ចាស់ក៏បានជ្រើសរើសគាត់ និងបានទទួលយកការសារភាពកំហុសរបស់គាត់ ហើយនិងបានចង្អុលបង្ហាញគាត់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Tâhâ 20:123
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំ និងហាវ៉ាថាៈ ចូរអ្នកទាំងពីរ ព្រមទាំងអ៊ីព្លិសចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់អ្នកទាំងពីរ ហើយអ្នកទាំងពីរក៏ជាសត្រូវរបស់វាវិញដែរ។ ហើយប្រសិនបើការចង្អុលបង្ហាញនូវមាគ៌ារបស់យើងបានមកដល់ពួកអ្នកនោះ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានដើរតាមការចង្អុលបង្ហាញនៃមាគ៌ារបស់យើង និងបានអនុវត្តតាមវា ហើយមិនបានងាកចេញពីវាទេនោះ គឺគេនឹងមិនវង្វេងអំពីការពិតនោះឡើយ ហើយក៏មិនជួបប្រទះនូវភាពអពមង្គលនៅថ្ងៃបរលោកដោយត្រូវទទួលទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌។
Tâhâ 20:124
តែជនណាហើយដែលបានងាកចេញពីការដាស់តឿនរបស់យើង និងមិនព្រមទទួលយកវា ហើយនិងមិនបានឆ្លើយតបចំពោះវាទេនោះ ពិតប្រាកដណាស់ រូបគេនឹងរស់នៅប្រកបដោយភាពចង្អៀតចង្អល់ទាំងក្នុងលោកិយ និងក្នុងផ្នូរ(បន្ទាប់ពីស្លាប់)។ ហើយនៅថ្ងៃបរលោក យើងនឹងកៀងគេទៅកាន់ទីវាលប្រមូលផ្តុំក្នុងនាមជាអ្នកដែលខ្វាក់ភ្នែក។
Tâhâ 20:125
អ្នកដែលងាកចេញពីការដាស់តឿននេះបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! នៅថ្ងៃ(បរលោក)នេះ ហេតុអ្វីបានជាទ្រង់ប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលខ្វាក់ភ្នែកបែបនេះ ខណៈដែលកាលនៅក្នុងលោកិយ ខ្ញុំធ្លាប់ជាអ្នកភ្នែកភ្លឺ(មើលឃើញ)ទេតើ?
Tâhâ 20:126
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលឆ្លើយតបទៅកាន់គេវិញថាៈ នេះគឺដូចអ្វីដែលអ្នកបានប្រព្រឹត្តកាលនៅក្នុងលោកិយនោះដែរ។ ជាការពិតណាស់ បណ្តាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាងាកចេញអំពីវា និងបានបោះបង់វាចោលទៅវិញ។ ដូច្នេះ ក៏ដូចគ្នាដែរ ពិតណាស់នៅថ្ងៃនេះ ពួកអ្នកក៏ត្រូវបានគេបោះបង់ឲ្យស្ថិតនៅក្នុងទណ្ឌកម្មវិញដែរ។
Tâhâ 20:127
ហើយដូចការតបស្នងនេះដែរ យើងក៏នឹងតបស្នងចំពោះជនណាដែលបានបណ្តោយខ្លួនគេឲ្យធ្លាក់ទៅក្នុងកិលេសតណ្ហាដែលគេបានហាមឃាត់ និងបានងាកចេញពីការមានជំនឿនឹងបណ្តាភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់គេ។ ហើយទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះ គឺពិតជាគួរឲ្យខា្លច និងខ្លាំងក្លាជាងការរស់នៅដែលលំបាកវេទនានៅក្នុងលោកិយ និងនៅក្នុងផ្នូរនោះទៅទៀត ហើយវានៅតែបន្តជាប់ជានិច្ច(ជាអមតៈ)។
Tâhâ 20:128
តើវា(គម្ពីរគួរអាន)មិនបានបញ្ជាក់ប្រាប់ដល់ពួកមុស្ហរីគីនទេឬថា មានប្រជាជាតិជំនាន់មុនពួកគេជាច្រើនមកហើយដែលយើងបានបំផ្លាញពួកគេ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)ធ្វើដំណើរឆ្លងកាត់លំនៅឋានរបស់ប្រជាជាតិដែលត្រូវបានគេបំផ្លាញទាំងនោះ និងបានមើលឃើញផ្ទាល់នឹងភ្នែកនូវស្លាកស្នាមដែលពួកគេ(ប្រជាជាតិជំនាន់មុន)បានទទួលរងនោះ? ពិតប្រាកដណាស់ អ្វីដែលបានកើតឡើងចំពោះបណ្តាប្រជាជាតិទាំងនោះនៃគ្រោះមហន្តរាយ និងការវិនាសអន្តរាយនោះ គឺជាមេរៀនសម្រាប់អ្នកដែលមានប្រាជ្ញាឈ្វេងយល់។
Tâhâ 20:129
ហើយប្រសិនបើគ្មានការកំណត់ជាមុនពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលថាៈ ពិតណាស់ ទ្រង់នឹងមិនដាក់ទណ្ឌកម្មនរណាម្នាក់មុនពេលដែលមានភស្តុតាងបានទៅដល់ពួកគេ និងប្រសិនបើគ្មានការកំណត់ពេលវេលាច្បាស់លាស់អំពីទ្រង់ចំពោះពួកគេទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខាន ពីព្រោះពួកគេសាកសមនឹងទទួលទណ្ឌកម្មបំផុត។
Tâhâ 20:130
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការអត់ធ្មត់ចំពោះអ្វីដែលពួកបដិសេធនិយាយចោទប្រកាន់មិនពិតមកលើអ្នក ហើយត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់អ្នកនៅក្នុងការប្រតិបត្តិសឡាតហ្វាជើរមុនពេលថ្ងៃរះ នៅក្នុងការប្រតិបត្តិសឡាតអាសើរមុនពេលថ្ងៃលិច និងនៅក្នុងការប្រតិបត្តិសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហាកនៅផ្នែកខ្លះនៃរាត្រី ហើយនិងនៅក្នុងការប្រតិបត្តិសឡាតហ្ស៊ូហោររនៅពេលថ្ងៃជ្រេ ព្រមទាំងក្នុងការប្រតិបត្តិសឡាតម៉ាហ្គ្រិបបន្ទាប់ពីថ្ងៃលិច។ សង្ឃឹមថាអ្នកនឹងទទួលបានពីអល់ឡោះនូវផលបុណ្យដែលអ្នកពេញចិត្ត។
Tâhâ 20:131
ហើយចូរអ្នកកុំសម្លឹងមើលទៅកាន់អ្វីដែលយើងបានប្រទានឲ្យពួកដែលបដិសេធទាំងនោះអំពីការសើយសុខដែលពួកគេរីករាយជាមួយវានៃការលម្អនៃជីវិតលោកិយនេះដើម្បីយើងនឹងសាកល្បងពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលយើងបានប្រទានវាឲ្យពួកទាំងនោះ គឺនឹងបាត់បង់ទៅវិញ។ តែផលបុណ្យនៃម្ចាស់របស់អ្នកដែលទ្រង់បានសន្យានឹងផ្តល់វាដល់អ្នក រហូតដល់អ្នកពេញចិត្តនោះ គឺវាល្អប្រសើរជាងអ្វីដែលពួកគេសើយសុខនឹងវានៅក្នុងលោកិយនៃភាពរីករាយដែលមិនស្ថិតស្ថេរនេះទៅទៀត ហើយវានឹងស្ថិតស្ថេរជាប់ជានិច្ច ពីព្រោះវាគ្មានទីបញ្ចប់ឡើយ(ស្ថិតស្ថេរជាអមតៈ)។
Tâhâ 20:132
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បង្គាប់ឲ្យក្រុមគ្រួសាររបស់អ្នកប្រតិបត្តិសឡាត និងចូរអ្នកអត់ធ្មត់លើការប្រតិបត្តិវា។ យើងមិនទាមទារលាភសក្ការៈពីអ្នកសម្រាប់ខ្លួនអ្នក និងសម្រាប់អ្នកដទៃឡើយ។ យើងទេដែលជាអ្នកទទួលខុសត្រូវផ្គត់ផ្គង់លាភសក្ការៈដល់អ្នកនោះ។ ហើយលទ្ធផលចុងក្រោយដែលត្រូវបានគេកោតសរសើរនៅក្នុងលោកិយនិងថ្ងៃបរលោកនោះ គឺសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះ ដោយពួកគេអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
Tâhâ 20:133
ហើយពួកប្រឆាំងដែលបដិសេធនឹងព្យាការីមូហាំម៉ាត់ទាំងនោះបាននិយាយថាៈ ហេតុអ្វីបានជាមូហាំម៉ាត់មិននាំមកនូវសញ្ញាភស្តុតាងណាមួយពីម្ចាស់របស់គេមកឲ្យពួកយើងដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ ដែលថាគេពិតជាអ្នកនាំសារ(របស់អល់ឡោះ)នោះ? តើគម្ពីរគួរអានដែលវាគឺជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះពីលើមេឃពីមុនមកនោះមិនបានមកដល់ពួកដែលបដិសេធទាំងនោះទេឬ?
Tâhâ 20:134
ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកដែលបដិសេធនឹងព្យាការីមូហាំម៉ាត់ទាំងនោះ ដោយបញ្ចុះនូវទណ្ឌកម្មទៅលើពួកគេដោយសារតែការប្រឆាំង និងភាពរឹងរូសរបស់ពួកគេមុននឹងយើងបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកគេ និង(មុននឹង)បញ្ចុះគម្ពីរទៅឲ្យពួកគេនោះ នៅថ្ងៃបរលោក ពួកគេពិតជានឹងនិយាយដោះសារចំពោះការប្រឆាំងរបស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នាក់មកឲ្យពួកយើងកាលនៅក្នុងលោកិយ ដើម្បីឲ្យពួកយើងមានជំនឿចំពោះគេ(អ្នកនាំសារ) និងដើរតាមបណ្តាភស្តុតាង(របស់ទ្រង់)ដែលគេ(អ្នកនាំសារ)បាននាំមក មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ធ្លាក់មកលើពួកយើង ដោយទទួលនូវទណ្ឌកម្មរបស់ទ្រង់?
Tâhâ 20:135
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ រាល់បុគ្គលម្នាក់ៗក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក គឺសុទ្ធតែរង់ចាំមើលនូវអ្វីដែលអល់ឡោះនឹងវិនិច្ឆ័យ។ ដូច្នេះ ចូរពួកអ្នកទាំងអស់គ្នារង់ចាំមើលចុះ! ពួកអ្នកនឹងដឹង(ដោយចៀសមិនផុត)ថាៈ តើអ្នកណាដែលស្ថិតនៅមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)នោះ? តើពួកយើង ឬក៏ជាពួកអ្នក?