Khmer Abridged Explanation of the Quran — Ankebut 29:1 – Sebe' 34:54
Contents
- Ankebut 29:1
- Ankebut 29:2
- Ankebut 29:3
- Ankebut 29:4
- Ankebut 29:5
- Ankebut 29:6
- Ankebut 29:7
- Ankebut 29:8
- Ankebut 29:9
- Ankebut 29:10
- Ankebut 29:11
- Ankebut 29:12
- Ankebut 29:13
- Ankebut 29:14
- Ankebut 29:15
- Ankebut 29:16
- Ankebut 29:17
- Ankebut 29:18
- Ankebut 29:19
- Ankebut 29:20
- Ankebut 29:21
- Ankebut 29:22
- Ankebut 29:23
- Ankebut 29:24
- Ankebut 29:25
- Ankebut 29:26
- Ankebut 29:27
- Ankebut 29:28
- Ankebut 29:29
- Ankebut 29:30
- Ankebut 29:31
- Ankebut 29:32
- Ankebut 29:33
- Ankebut 29:34
- Ankebut 29:35
- Ankebut 29:36
- Ankebut 29:37
- Ankebut 29:38
- Ankebut 29:39
- Ankebut 29:40
- Ankebut 29:41
- Ankebut 29:42
- Ankebut 29:43
- Ankebut 29:44
- Ankebut 29:45
- Ankebut 29:46
- Ankebut 29:47
- Ankebut 29:48
- Ankebut 29:49
- Ankebut 29:50
- Ankebut 29:51
- Ankebut 29:52
- Ankebut 29:53
- Ankebut 29:54
- Ankebut 29:55
- Ankebut 29:56
- Ankebut 29:57
- Ankebut 29:58
- Ankebut 29:59
- Ankebut 29:60
- Ankebut 29:61
- Ankebut 29:62
- Ankebut 29:63
- Ankebut 29:64
- Ankebut 29:65
- Ankebut 29:66
- Ankebut 29:67
- Ankebut 29:68
- Ankebut 29:69
- Rum 30:1
- Rum 30:2
- Rum 30:3
- Rum 30:4
- Rum 30:5
- Rum 30:6
- Rum 30:7
- Rum 30:8
- Rum 30:9
- Rum 30:10
- Rum 30:11
- Rum 30:12
- Rum 30:13
- Rum 30:14
- Rum 30:15
- Rum 30:16
- Rum 30:17
- Rum 30:18
- Rum 30:19
- Rum 30:20
- Rum 30:21
- Rum 30:22
- Rum 30:23
- Rum 30:24
- Rum 30:25
- Rum 30:26
- Rum 30:27
- Rum 30:28
- Rum 30:29
- Rum 30:30
- Rum 30:31
- Rum 30:32
- Rum 30:33
- Rum 30:34
- Rum 30:35
- Rum 30:36
- Rum 30:37
- Rum 30:38
- Rum 30:39
- Rum 30:40
- Rum 30:41
- Rum 30:42
- Rum 30:43
- Rum 30:44
- Rum 30:45
- Rum 30:46
- Rum 30:47
- Rum 30:48
- Rum 30:49
- Rum 30:50
- Rum 30:51
- Rum 30:52
- Rum 30:53
- Rum 30:54
- Rum 30:55
- Rum 30:56
- Rum 30:57
- Rum 30:58
- Rum 30:59
- Rum 30:60
- Lukman 31:1
- Lukman 31:2
- Lukman 31:3
- Lukman 31:4
- Lukman 31:5
- Lukman 31:6
- Lukman 31:7
- Lukman 31:8
- Lukman 31:9
- Lukman 31:10
- Lukman 31:11
- Lukman 31:12
- Lukman 31:13
- Lukman 31:14
- Lukman 31:15
- Lukman 31:16
- Lukman 31:17
- Lukman 31:18
- Lukman 31:19
- Lukman 31:20
- Lukman 31:21
- Lukman 31:22
- Lukman 31:23
- Lukman 31:24
- Lukman 31:25
- Lukman 31:26
- Lukman 31:27
- Lukman 31:28
- Lukman 31:29
- Lukman 31:30
- Lukman 31:31
- Lukman 31:32
- Lukman 31:33
- Lukman 31:34
- Secde 32:1
- Secde 32:2
- Secde 32:3
- Secde 32:4
- Secde 32:5
- Secde 32:6
- Secde 32:7
- Secde 32:8
- Secde 32:9
- Secde 32:10
- Secde 32:11
- Secde 32:12
- Secde 32:13
- Secde 32:14
- Secde 32:15
- Secde 32:16
- Secde 32:17
- Secde 32:18
- Secde 32:19
- Secde 32:20
- Secde 32:21
- Secde 32:22
- Secde 32:23
- Secde 32:24
- Secde 32:25
- Secde 32:26
- Secde 32:27
- Secde 32:28
- Secde 32:29
- Secde 32:30
- Ahzab 33:1
- Ahzab 33:2
- Ahzab 33:3
- Ahzab 33:4
- Ahzab 33:5
- Ahzab 33:6
- Ahzab 33:7
- Ahzab 33:8
- Ahzab 33:9
- Ahzab 33:10
- Ahzab 33:11
- Ahzab 33:12
- Ahzab 33:13
- Ahzab 33:14
- Ahzab 33:15
- Ahzab 33:16
- Ahzab 33:17
- Ahzab 33:18
- Ahzab 33:19
- Ahzab 33:20
- Ahzab 33:21
- Ahzab 33:22
- Ahzab 33:23
- Ahzab 33:24
- Ahzab 33:25
- Ahzab 33:26
- Ahzab 33:27
- Ahzab 33:28
- Ahzab 33:29
- Ahzab 33:30
- Ahzab 33:31
- Ahzab 33:32
- Ahzab 33:33
- Ahzab 33:34
- Ahzab 33:35
- Ahzab 33:36
- Ahzab 33:37
- Ahzab 33:38
- Ahzab 33:39
- Ahzab 33:40
- Ahzab 33:41
- Ahzab 33:42
- Ahzab 33:43
- Ahzab 33:44
- Ahzab 33:45
- Ahzab 33:46
- Ahzab 33:47
- Ahzab 33:48
- Ahzab 33:49
- Ahzab 33:50
- Ahzab 33:51
- Ahzab 33:52
- Ahzab 33:53
- Ahzab 33:54
- Ahzab 33:55
- Ahzab 33:56
- Ahzab 33:57
- Ahzab 33:58
- Ahzab 33:59
- Ahzab 33:60
- Ahzab 33:61
- Ahzab 33:62
- Ahzab 33:63
- Ahzab 33:64
- Ahzab 33:65
- Ahzab 33:66
- Ahzab 33:67
- Ahzab 33:68
- Ahzab 33:69
- Ahzab 33:70
- Ahzab 33:71
- Ahzab 33:72
- Ahzab 33:73
- Sebe' 34:1
- Sebe' 34:2
- Sebe' 34:3
- Sebe' 34:4
- Sebe' 34:5
- Sebe' 34:6
- Sebe' 34:7
- Sebe' 34:8
- Sebe' 34:9
- Sebe' 34:10
- Sebe' 34:11
- Sebe' 34:12
- Sebe' 34:13
- Sebe' 34:14
- Sebe' 34:15
- Sebe' 34:16
- Sebe' 34:17
- Sebe' 34:18
- Sebe' 34:19
- Sebe' 34:20
- Sebe' 34:21
- Sebe' 34:22
- Sebe' 34:23
- Sebe' 34:24
- Sebe' 34:25
- Sebe' 34:26
- Sebe' 34:27
- Sebe' 34:28
- Sebe' 34:29
- Sebe' 34:30
- Sebe' 34:31
- Sebe' 34:32
- Sebe' 34:33
- Sebe' 34:34
- Sebe' 34:35
- Sebe' 34:36
- Sebe' 34:37
- Sebe' 34:38
- Sebe' 34:39
- Sebe' 34:40
- Sebe' 34:41
- Sebe' 34:42
- Sebe' 34:43
- Sebe' 34:44
- Sebe' 34:45
- Sebe' 34:46
- Sebe' 34:47
- Sebe' 34:48
- Sebe' 34:49
- Sebe' 34:50
- Sebe' 34:51
- Sebe' 34:52
- Sebe' 34:53
- Sebe' 34:54
Ankebut 29:1
អាលីហ្វ ឡាម មីម (បានបកស្រាយរួចហើយនៅខាងដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។
Ankebut 29:2
តើមនុស្សលោកគិតស្មានថា ពិតណាស់ តាមរយៈពាក្យសម្តីរបស់ពួកគេដែលពួកគេបានពោលថា “ពួកយើងបានជឿចំពោះអល់ឡោះហើយ” នោះ គឹគេនឹងបណ្តោយពួកគេដោយមិនឲ្យពួកគេទទួលនូវការសាកល្បងដើម្បីបញ្ជាក់ពីការពិតចំពោះអ្វីដែលពួកគេបាននិយាយ ថាតើពួកគេគឺជាអ្នកដែលមានជំនឿពិតប្រាកដ(ឬអត់)នោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតស្មាននោះឡើយ។
Ankebut 29:3
ជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុនពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុត(អំពីរឿងនោះ) ហើយទ្រង់នឹងលាតត្រដាងដល់ពួកអ្នក(ឲ្យបានដឹង) ថាតើជនណាដែលមានភាពទៀងត្រង់នៅក្នុងការមានជំនឿរបស់ពួកគេ និងអ្នកណាដែលកុហកបោកប្រាស់(នៅក្នុងការមានជំនឿរបស់ពួកគេ)នោះ។
Ankebut 29:4
ផ្ទុយទៅវិញ តើពួកដែលប្រព្រឹត្តបាបកម្ម ដួចជាការប្រព្រឹត្តអំពើស្ហ៊ីរិក និងអ្វីផ្សេងពីនេះគិតស្មានថា ពួកគេអាចធ្វើឲ្យយើងអសមត្ថភាព(ក្នុងការដាក់ទណ្ឌកម្មពួកគេ) ហើយពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងឬ? អ្វីដែលពួកគេវិនិច្ឆ័យនឹងវា(គិតស្មាន)នោះ គឺអាក្រក់បំផុត។ ពិតប្រាកដណាស់ ពួកគេមិនអាចធ្វើឲ្យអល់ឡោះអសមត្ថភានោះឡើយ ហើយពួកគេក៏មិនអាចរួចផុតពីទណ្ឌកម្មរបស់ទ្រង់បាននោះដែរ ប្រសិនបើពួកគេបានស្លាប់ដោយស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះ។
Ankebut 29:5
ជនណាហើយដែលសង្ឃឹមថានឹងបានជួបអល់ឡោះនៅថ្ងៃបរលោកដើម្បីទទួលការតបស្នងពីទ្រង់នោះ ចូរឲ្យគេដឹងថា ពិតប្រាកដណាស់ ការសន្យាដែលអល់ឡោះទ្រង់បានកំណត់នោះ នឹងមកដល់ក្នុងពេលឆាប់ៗជាមិនខាន។ ហើយទ្រង់មហាលឺបំផុតចំពោះពាក្យសម្តីខ្ញុំបម្រើរបស់ទ្រង់ និងមហាដឹងបំផុតចំពោះទង្វើរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចរំលងពីទ្រង់(ដោយទ្រង់មិនដឹង)នោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ។
Ankebut 29:6
ហើយជនណាដែលបានតស៊ូដោយខ្លួនរបស់គេលើការគោរពប្រតិបត្តិអល់ឡោះ និងចាកឆ្ងាយពីទង្វើល្មើសនឹងទ្រង់ ហើយនិងតស៊ូក្នុងមាគ៌ាអល់ឡោះទៀតនោះ ពិតណាស់គេគ្រាន់តែតស៊ូសម្រាប់ខ្លួនរបស់គេប៉ុណ្ណោះ ពីព្រោះផលនៃទង្វើនោះ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការម៉ាខ្លូករបស់ទ្រង់នោះឡើយ។ ដូចនេះ ការគោរពប្រតិបត្តិរបស់ពួកគេមិនបានបន្ថែមអ្វីដល់ទ្រង់នោះទេ ហើយការប្រព្រឹត្តល្មើសរបស់ពួកគេក៏មិនធ្វើឲ្យទ្រង់ថមថយ(ឥទ្ធិពលឬអំណាច)អ្វីនោះដែរ។
Ankebut 29:7
ហើយបណ្តាអ្នកដែលមានជំនឿ និងបានអត់ធ្មត់ចំពោះការសាកល្បងរបស់យើងចំពោះពួកគេ ហើយបានសាងនូវទង្វើកុសលនោះ យើងពិតជានឹងលុបបំបាត់នូវបាបកម្មរបស់ពួកគេតាមរយៈទង្វើកុសលដែលពួកគេបានសាងនោះ។ ហើយយើងពិតជានឹងតបស្នងដល់ពួកគេនៅថ្ងៃបរលោកនូវអ្វីដែលល្អប្រសើរជាងអ្វី(ទង្វើកុសល)ដែលពួកគេធ្លាប់បានសាងនៅក្នុងលោកិយទៅទៀត។
Ankebut 29:8
ហើយយើងបានផ្តាំផ្ញើមនុស្សលោកឲ្យធ្វើល្អ និងកតញ្ញូចំពោះឪពុកម្តាយរបស់គេ។ តែប្រសិនបើគាត់ទាំងពីរព្យាយាមបង្ខំអ្នក(ឱមនុស្សលោក)ឲ្យធ្វើស្ហ៊ីរិកមកចំពោះយើង(អល់ឡោះ)ដោយអ្នកមិនដឹងសោះថា ពួកវា(អ្វីដែលគេគោរពផ្សេងពីអល់ឡោះនោះ) គឺមានចំណែក(ក្នុងការទទួលបានការគោរពសក្ការៈ)រួមនឹងអល់ឡោះទេនោះ (ដូចដែលបានកើតឡើងចំពោះសាអាត់ ពិន អាពីវ៉ាក័ស្ស ពីសំណាក់ម្តាយរបស់គាត់) ចូរអ្នកកុំប្រតិបត្តិតាមគាត់ទាំងពីរឲ្យសោះចំពោះរឿងនេះ ពីព្រោះគេមិនអាចគោរពប្រតិបត្តិចំពោះម៉ាខ្លូកនៅក្នុងការប្រព្រឹត្តល្មើសចំពោះអ្នកដែលបង្កើតម៉ាខ្លូក(គឺអល់ឡោះជាម្ចាស់)នោះទេ។ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តកាលនៅក្នុងលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។
Ankebut 29:9
ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ នៅថ្ងៃបរលោក យើងនឹងបញ្ចូលពួកគេទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសល ហើយយើងនឹងប្រមូលផ្តុំពួកគេឲ្យនៅជាមួយពួកគេ(អ្នកដែលសាងទង្វើកុសល) ព្រមទាំងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេផងដែរ។
Ankebut 29:10
ហើយមានមនុស្សមួយចំនួនបាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះហើយ។ តែនៅពេលដែលគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកប្រឆាំងដោយសារតែការមានជំនឿរបស់គេនោះ គេក៏បានចាត់ទុកទារុណកម្មរបស់ពួកគេ(ពួកប្រឆាំង)ចំពោះគេនោះ ដូចជាទណ្ឌកម្មរបស់អល់ឡោះដែរ។ ដូច្នេះ រូបគេក៏បោះបង់ជំនឿ ដោយឯកភាព(គោរព)តាមពួកប្រឆាំងទៅវិញ។ តែប្រសិនបើជំនួយពីម្ចាស់របស់អ្នកបានកើតមានចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញនោះ ពួកគេពិតជានឹងនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់នៅជាមួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងភាពជាអ្នកមានជំនឿ(ដូចពួកអ្នក)ដែរ។ តើពុំមែនទេឬដែលថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមានក្នុងចិត្តរបស់មនុស្សលោកនោះ? គ្មានអ្វីមួយនៅក្នុងចិត្ត(របស់គេ)អំពីការប្រឆាំង និងការមានជំនឿនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ តើពួកគេប្រាប់អល់ឡោះពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេយ៉ាងដូចម្តេចទៅ ខណៈដែលទ្រង់ដឹងបំផុតពីអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ)ជាងពួកគេទៅទៀតនោះ?
Ankebut 29:11
ហើយអល់ឡោះទ្រង់ដឹងយ៉ាងច្បាស់ចំពោះបណ្តាអ្នកដែលមានជំនឿនឹងទ្រង់យ៉ាងពិតប្រាកដ ហើយទ្រង់ក៏ដឹងយ៉ាងច្បាស់ផងដែរចំពោះពួកពុតត្បុតដែលបង្ហាញចេញនូវភាពមានជំនឿ តែលាក់ទុកនូវភាពគ្មានជំនឿនោះ។
Ankebut 29:12
ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ថាៈ ចូរពួកអ្នកដើរតាមសាសនារបស់ពួកយើង ហើយនិងអ្វីដែលពួកយើងកំពុងស្ថិតនៅលើវាចុះ ពួកយើងនឹងទទួលខុសត្រូវចំពោះបាបកម្មទាំងឡាយ(របស់ពួកអ្នក)ជំនួសពួកអ្នក ហើយឲ្យគេតបស្នង(ចំពោះអំពើបាបរបស់ពួកអ្នក)ដល់ពួកយើងជំនួសពួកអ្នកចុះ។ (តែតាមពិត)ពួកគេ(ពួកប្រឆាំង)មិនអាចទទួលខុសត្រូវចំពោះបាបកម្មរបស់ពួកគេ(អ្នកមានជំនឿ)បន្តិចណាឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេនេះ។
Ankebut 29:13
ហើយពួកមុស្ហរីគីនដែលអំពាវនាវគេទៅរកប្រការអាក្រក់របស់ពួកគេទាំងនោះពិតជានឹងត្រូវទទួលរែកពុនបាបកម្មរបស់ពួកគេផ្ទាល់ដែលពួកគេបានប្រព្រឹត្តវា ហើយថែមទាំងត្រូវរែកពុនបាបកម្មរបស់អ្នកដែលដើរតាមការអំពាវនាវរបស់ពួកគេថែមទៀត ដោយគ្មានកាត់បន្ថយបាបកម្មរបស់ពួកដែលដើរតាមពួកគេបន្តិចឡើយ។ ហើយនៅថ្ងៃបរលោក ពួកគេពិតជានឹងត្រូវគេសួរពីអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើងនៅក្នុងលោកិយអំពីប្រការដែលខុសឆ្គងទាំងឡាយ។
Ankebut 29:14
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហធ្វើជាអ្នកនាំសារម្នាក់ទៅកាន់ក្រុមរបស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលប្រាំបួនរយហាសិបឆ្នាំដើម្បីអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ប៉ុន្តែពួកគេបានដិសេធនឹងគាត់ ហើយនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល។ ពេលនោះ ទឹកជំនន់(ដ៏ធំមួយ)ក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេគឺជាពួកដែលបំពានដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។ ដូច្នេះ ពួកគេក៏ត្រូវវិនាសអន្តរាយដោយការលិចលង់(ក្នុងទឹកជំនន់នោះ)។
Ankebut 29:15
ពេលនោះ យើងបានសង្គ្រោះព្យាការីនួហ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេនៅក្នុងសំពៅអំពីភាពវិនាសអន្តរាយដោយការលិចលង់នេះ។ ហើយយើងបានធ្វើឲ្យសំពៅនោះ គឺជាមេរៀនមូយសម្រាប់មនុស្សលោកយកវាធ្វើជាមេរៀន។
Ankebut 29:16
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំពីរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម នៅពេលដែលគេបានពោលទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយចូរកោតខ្លាចទណ្ឌកម្មរបស់ទ្រង់តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ បទបញ្ជាដែលគេប្រើទាំងនោះ គឺវាល្អប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។
Ankebut 29:17
តាមពិត រូបបដិមាដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈនោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់នូវគ្រោះថ្នាក់អ្វីនោះដែរ។ ពួកអ្នកបានប្រឌិតឡើងនូវការភូតកុហក ខណៈដែលពួកអ្នកអះអាងថា ពួកវា(រូបបដិមានានា)សាកសមនឹងទទួលការគោរពសក្ការៈនោះ។ ពិតប្រាកដណាស់ ព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាគ្មានកម្មសិទ្ធិលើលាភសក្ការៈ ដោយអាចផ្តល់លាភសក្ការៈនោះមកឲ្យពួកអ្នកបាននោះឡើយ។ ដូច្នេះ ចូរពួកអ្នកស្វែងរកលាភសក្ការៈពីអល់ឡោះចុះ ព្រោះទ្រង់គឺជាអ្នកដែលប្រទានលាភសក្ការៈ។ ហើយចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងត្រូវដឹងគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានផ្តល់វាជាលាភសក្ការៈដល់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង ពុំមែនវិលត្រឡប់ទៅកាន់រូបបដិមានានារបស់ពួកអ្នកនោះទេ។
Ankebut 29:18
តែប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បានបដិសេធនឹងអ្វីដែលព្យាការីមូហាំម៉ាត់បាននាំវាមកនោះ ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកអ្នក ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ និងក្រុមសាមូទនោះ ក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ពីមុនមកដែរ។ ហើយតួនាទីរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះទេ។ ពិតប្រាកដណាស់ គាត់បានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលម្ចាស់របស់គាត់បានប្រើឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នករួចរាល់ហើយ។
Ankebut 29:19
តើពួកដែលបដិសេធទាំងនោះមិនបានឃើញទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់ចាប់ផ្តើមបង្កើតសត្វលោក បន្ទាប់មក ទ្រង់បង្កើតវាសាជាថ្មីម្តងទៀតក្រោយពីវារលាយសាបសូន្យហើយនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ ពីព្រោះទ្រង់ជាអ្នកដែលមានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(មិនអាចធ្វើវាបាន)នោះឡើយ។
Ankebut 29:20
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកពិនិត្យមើលចុះ ថាតើអល់ឡោះចាប់ផ្តើមសត្វលោកយ៉ាងដូចម្តេច? បន្ទាប់មក អល់ឡោះនឹងធ្វើឲ្យមនុស្សមានជីវិតរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកគេនូវជីវិតទីពីរម្តងទៀត ដើម្បីទទួលការជំនុំជម្រះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញ(សារជាថ្មីម្តងទៀត)នោះទេ ដូចដែលទ្រង់មិនអសមត្ថភាពនៅក្នុងការបង្កើតពួកគេកាលពីលើកទីមួយដូច្នោះដែរ។
Ankebut 29:21
ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុតិ្តធម៌របស់ទ្រង់ ហើយទ្រង់អាណិតស្រឡាញ់ចំពោះជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់នៅថ្ងៃបរលោកដើម្បីទទួលការកាត់ក្តីនៅពេលដែលពួកអ្នកត្រូវបានគេពង្រស់ពីផ្នូររបស់ពួកអ្នកឲ្យមានជីវិតឡើងវិញនោះ។
Ankebut 29:22
ហើយពួកអ្នកមិនអាចរត់គេចពីម្ចាស់របស់ពួកអ្នកនោះឡើយ ហើយក៏មិនគេចផុតពីទណ្ឌកម្មរបស់ទ្រង់បានដែរ មិនថានៅលើផែនដី ឬនៅលើមេឃនោះទេ។ ហើយសម្រាប់ពួកអ្នកគ្មានអ្នកគាំពារណាដែលអាចជួយគាំពារលើកិច្ចការរបស់ពួកអ្នកក្រៅពីអល់ឡោះឡើយ ហើយពួកអ្នកក៏គ្មានអ្នកជួយក្រៅពីអល់ឡោះដែលអាចការពារពួកអ្នកពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។
Ankebut 29:23
ហើយពួកដែលបានប្រឆាំងនឹងសញ្ញាភស្តុតាងរបស់អល់ឡោះ និងការជួបទ្រង់នៅថ្ងៃបរលោកនោះ ពួកទាំងនោះ គឺជាពួកដែលអស់សង្ឃឹមពីក្តីមេត្តាករុណារបស់យើង។ ពិតណាស់ ពួកគេមិនអាចចូលឋានសួគ៌ជាដាច់ខាត ដោយសារតែការប្រឆាំងរបស់ពួកគេ ហើយពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។
Ankebut 29:24
ហើយការឆ្លើយតបនៃក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះគាត់(ក្រោយពីគាត់បានប្រើពួកគេឲ្យគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះរូបបដិមាផ្សេងពីទ្រង់)នោះ គ្មានក្រៅពីពាក្យសម្តីរបស់ពួកគេដែលនិយាយថាៈ ចូរពួកអ្នកសម្លាប់គេ ឬបោះគេចូលទៅក្នុងភ្លើង ដើម្បីជាការជួយសង្គ្រោះព្រះនានារបស់ពួកអ្នកវិញ នោះឡើយ។ តែអល់ឡោះជាម្ចាស់បានផ្តល់សុវត្ថិភាពដល់គាត់អំពីភ្លើង(មិនឲ្យភ្លើងឆេះ)។ ពិតប្រាកដណាស់ នៅក្នុងការធ្វើឲ្យគាត់(ព្យាការីអ៊ីព្រហ៊ីម)មានសុវត្ថិភាពពីភ្លើងឆេះក្រោយពីគេបានបោះគាត់ចូលទៅក្នុងភ្លើងនោះ គឺជាមេរៀនសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីមេរៀនទាំងនោះ។
Ankebut 29:25
ហើយព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ តាមពិត ការដែលពួកអ្នកយករូបបដិមាមកធ្វើជាព្រះដោយពួកអ្នកយកវាគោរពសក្ការៈនោះ គឺដើម្បីជាការស្គាល់គ្នា និងជាការស្រឡាញ់គ្នារវាងពួកអ្នក នៅក្នុងឆាកជីវិតលោកិយប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ការស្រឡាញ់រាប់អានគ្នារវាងពួកអ្នកនោះនឹងត្រូវកាត់ផ្តាច់ ហើយពួកអ្នកនឹងដកខ្លួនចេញពីគ្នាទៅវិញទៅមកនៅពេលដែលពួកអ្នកបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក ហើយពួកអ្នកក៏ដាក់បណ្តាសារគ្នាទៅវិញទៅមក។ ហើយទីកន្លែងរបស់ពួកអ្នកដែលពួកអ្នកត្រូវទៅនោះ គឺឆ្ពោះកាន់ឋាននរក។ សម្រាប់ពួកអ្នក គ្មានអ្នកជួយដែលអាចរារាំងពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ មិនថារូបបដិមានានាដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ឬអ្នកផ្សេងពីវានោះទេ។
Ankebut 29:26
ពេលនោះ ព្យាការីលូត ក៏បានមានជំនឿលើគាត់។ ហើយព្យាការីអ៊ីព្រហ៊ីមបានពោលថាៈ ខ្ញុំនឹងភៀសខ្លួនទៅកាន់ម្ចាស់របស់ខ្ញុំ គឺទៅកាន់ទឹកដីស្ហាមដែលប្រកបដោយពរជ័យ។ ពិតប្រាកដណាស់ ទ្រង់(អល់ឡោះ)ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងមិនធ្វើឲ្យអ្នកដែលភៀសខ្លួនទៅកាន់ទ្រង់អាប់ឱននោះឡើយ។ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់។
Ankebut 29:27
ហើយយើងបានប្រទានអ៊ីស្ហាក និងកូនប្រុសរបស់គេយ៉ាក់កូបឲ្យអ៊ីព្រហ៊ីម។ ហើយយើងបានធ្វើឲ្យកូនចៅរបស់គេក្លាយជាព្យាការី និងមានគម្ពីរជាច្រើនដែលបានបញ្ចុះពីអល់ឡោះជាម្ចាស់(ទៅកាន់ពួកគេ)។ ហើយយើងបានប្រទានឲ្យគេនូវផលបុណ្យចំពោះការអត់ធ្មត់របស់គេនៅលើភាពត្រឹមត្រូវនៅក្នុងលោកិយនេះ តាមរយៈ(បង្កើតឲ្យពួកគេនូវ)កូនៗដែលកតញ្ញូ និងការកោតសរសើរដ៏ប្រពៃ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គេ(អល់ឡោះ)នឹងតបស្នងដល់គាត់នូវការតបស្នងរបស់អ្នកដែលសាងទង្វើកុសល។ អ្វីដែលគេបានប្រទានដល់គាត់នៅក្នុងលោកិយនេះ មិនបានកាត់បន្ថយនូវអ្វីដែលគេបានត្រៀមទុកសម្រាប់គាត់អំពីការតបស្នងដ៏ប្រពៃនៅថ្ងៃបរលោកនោះឡើយ។
Ankebut 29:28
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំរឿងរ៉ាវរបស់ព្យាការីលូត នៅពេលដែលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ពួកអ្នកកំពុងតែប្រព្រឹត្តនូវបាបកម្មដ៏អាក្រក់បំផុតដែលគ្មានអ្នកណាម្នាក់ពីមុនពួកអ្នកធ្លាប់បានប្រព្រឹត្តវានៅក្នុងលោកិយនេះឡើយ។ ពិតណាស់ ពួកអ្នកគឺជាមនុស្សដំបូងគេដែលបានបង្កើតនូវបាបកម្មមួយថ្មីដោយពួកអ្នកបដិសេធនូវលក្ខណៈធម្មជាតិដ៏ប្រពៃ(ដោយការស្រឡាញ់ភេទដូចគ្នា)។
Ankebut 29:29
ហេតុអ្វីបានជាពួកអ្នករួមភេទនឹងបុរសដូចគ្នាតាមទ្វារក្រោយ(រន្ធគូទ)របស់ពួកគេដើម្បីបំពេញនូវចំណង់តណ្ហារបស់ពួកអ្នក ហើយកាត់ផ្តាច់ផ្លូវធ្វើដំណើររបស់អ្នកដំណើរទាំងឡាយដោយពួកគេមិនហ៊ានធ្វើដំណើរឆ្លងកាត់ពួកអ្នកនោះទេព្រោះតែខ្លាចពូកអ្នកប្រព្រឹត្តទង្វើអសីលធម៌នេះ(ដាក់ពួកគេ) ហើយពួកអ្នកប្រព្រឹត្តអំពើអាក្រក់នៅកន្លែងជួបជុំរបស់ពួកអ្នក ដូចជាការអាក្រាតកាយ និងការធ្វើទុក្ខបុកម្នេញចំពោះអ្នកដែលដើរឆ្លកាត់ពួកអ្នកទាំងតាមរយៈពាក្យសម្តីនិងទង្វើរបស់ពួកអ្នកបែបនេះ? ហើយចមើ្លយនៃក្រុមរបស់គាត់ចំពោះគាត់ក្រោយពីគាត់បានហាមឃាត់ពួកគេពីទង្វើដ៏អាក្រក់នោះ គឺគ្មានអ្វីក្រៅពីពួកគេនិយាយទៅកាន់គាត់ថាៈ ចូរអ្នកនាំមកនូវទណ្ឌកម្មរបស់អល់ឡោះដែលអ្នកបានព្រមានពួកយើងនោះមក ប្រសិនបើអ្នក ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងមែននោះ។
Ankebut 29:30
ព្យាការីលូតបានបួងសួងទៅកាន់ម្ចាស់របស់គាត់ក្រោយពីក្រុមរបស់គាត់នៅតែចចេសរឹងរួស ហើយពួកគេថែមទាំងសុំឲ្យទម្លាក់ទណ្ឌកម្មទៅលើពួកគេ ជាការមើលស្រាលចំពោះគាត់ថែមទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយខ្ញុំឲ្យទទួលជោគជ័យទៅលើក្រុមដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការដែលពួកគេធ្វើឲ្យរីកសុសសាយនូវការប្រឆាំង និងការប្រព្រឹត្តនូវអំពើល្មើសដ៏អាក្រក់បំផុតនោះផងចុះ។
Ankebut 29:31
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលយើងបានចាត់តាំងពួកគេឲ្យនាំដំណឹងរីករាយទៅប្រាប់ព្យាការីអ៊ីព្រហ៊ីមពី(កំណើតរបស់)ព្យាការីអ៊ីស្ហាក និង(ពីកំណើត)កូនប្រុសរបស់អ៊ីស្ហាកបន្ទាប់ពីគេ(អ៊ីស្ហាក) គឺព្យាការីយ៉ាក់កូប បានមកដល់ ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយទៅកាន់គាត់ថាៈ ពិតប្រាកដណាស់ ពួកយើងគឺត្រូវបានគេចាត់តាំងឲ្យមកបំផ្លាញភូមិសាទូមដែលជាភូមិស្រុកក្រុមរបស់ព្យាការីលូត។ ពិតប្រាកដណាស់ អ្នកស្រុកនេះ គឺជាពួកដែលបំពានដោយពួកគេបានប្រព្រឹត្តទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)។
Ankebut 29:32
ព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ នៅក្នុងភូមិស្រុកដែលពួកអ្នកមានបំណងចង់បំផ្លាញអ្នកស្រុករបស់វានោះ គឺមានព្យាការីលូត(នៅក្នុងនោះ)ដែរ តែគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលបំពាននោះទេ។ ម៉ាឡាអ៊ីកាត់បានតបថាៈ ពួកយើងដឹងបំផុតថាអ្នកណាខ្លះដែលនៅក្នុង(ភូមិ)នោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(ព្យាការីលួត) និងក្រុមគ្រួសាររបស់គេចេញពីការបំផ្លិចបំផ្លាញដែលគេទម្លាក់ទៅលើអ្នកភូមិនេះ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងការបំផ្លាញ។ ពិតណាស់ យើងក៏នឹងបំផ្លាញនាងរួមជាមួយពួកគេ(ក្រុមរបស់ព្យាការីលូតដែលគ្មានជំនឿ)ផងដែរ។
Ankebut 29:33
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលយើងបានបញ្ជូនពួកគេដើម្បីមកកម្ទេចក្រុមព្យាការីលូតបានទៅដល់ព្យាការីលូត វត្តមានរបស់ពួកគេធ្វើឲ្យព្យាការីលូតមានការព្រួយបារម្ភ និងកើតទុក្ខដោយសារតែការខ្លាចក្រុមរបស់គាត់ធ្វើទង្វើមិនគប្បីចំពោះពួកគេ ពីព្រោះម៉ាឡាអ៊ីកាត់ទាំងនោះបានមកជួបនឹងគាត់(ព្យាការីលូត)ក្នុងរូបរាងជាមនុស្សប្រុស ហើយក្រុមរបស់គាត់ គឺពួកគេតែងយកបុរសមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ ហើយម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់គាត់ថាៈ ចូរអ្នកកុំភ័យខ្លាច។ ក្រុមរបស់អ្នកមិនអាចនាំប្រការអាក្រក់មកកាន់អ្នកបានជាដាច់ខាត។ ហើយចូរអ្នកកុំព្រួយបារម្ភចំពោះដំណឹងដែលពួកយើងបានប្រាប់អ្នកពីការបំផ្លាញពួកគេអ្វី។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នកពីការបំផ្លិចបំផ្លាញនេះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងនូវការបំផ្លាញ។ ពិតណាស់ យើងក៏នឹងបំផ្លាញនាងរួមជាមួយពួកគេដែរ។
Ankebut 29:34
ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ចុះនូវទណ្ឌកម្មពីលើមេឃទៅលើអ្នក(ដែលរស់នៅក្នុង)ភូមិស្រុកនេះដែលបានប្រព្រឹត្តនូវអំពើស្មោគគ្រោក នោះគឺដុំថ្មពីនរកសស៊ីចជីល ជាទណ្ឌកម្មចំពោះពួកគេទៅលើការដែលពួកគេចាកចេញពីការគោរពប្រតិបត្តិអល់ឡោះតាមរយៈការប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់បំផុត នោះគឺការយកបុរស(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។
Ankebut 29:35
ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុកដែលយើងបានបំផ្លាញនេះ ជាសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកធ្វើជាមេរៀនពីសញ្ញាភស្តុតាងទាំងនោះ។
Ankebut 29:36
ហើយយើងបានបញ្ជូនព្យាការីស៊្ហូអែបទៅកាន់តំបន់ម៉ាទយ៉ានដែលជាបងប្អូនពូជពង្សរបស់ពួកគេ ហើយគាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ តាមរយៈការគោរពសក្ការៈរបស់ពួកអ្នកចំពោះទ្រង់នោះ សូមពូកអ្នកសង្ឃឹមពីការទទួលបាននូវការតបស្នងនាថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះតាមរយៈការប្រព្រឹត្តនូវអំពើល្មើស និងការធ្វើឲ្យវា(អំពើល្មើស)រីកសុសសាយឲ្យសោះ។
Ankebut 29:37
តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់។ ពេលនោះ ពួកគេក៏ទទួលរងនូវគ្រោះរញ្ជួយដី ហើយធ្វើឲ្យពួកគេដួលផ្កាប់មុខទៅលើដី(ស្លាប់)នៅក្នុងផ្ទះរបស់ពួកគេ ដោយពួកគេគ្មានកម្រើកអ្វីឡើយ។
Ankebut 29:38
ហើយយើងក៏បានបំផ្លាញដូចគ្នាផងដែរចំពោះក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ដែលវាពិតជាបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)អំពីលំនៅដ្ឋានទាំងឡាយរបស់ពួកគេដែលនៅតំបន់ហ៊ីជរី និងតំបន់សៀហរី នៃទីក្រុងហាទើរុលម៉ោត ដែលជាភស្តុតាងបង្ហាញដល់ពួកអ្នកពីការបំផ្លាញរបស់ពួកគេ។ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើរបស់ពួកគេ ដូចជាការប្រឆាំង និងប្រការផ្សេងៗទៀតអំពីការប្រព្រឹត្តល្មើស ហើយវា(ស្ហៃតន)បានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ។ ពួកគេមានភ្នែកដែលអាចមើលឃើញនូវការពិត ភាពវង្វេង ការចង្អុលបង្ហាញ និងការបំពានតាមរយៈអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបានបង្រៀនពួកគេ។ ក៏ប៉ុន្តែ ពួកគេជ្រើសរើសការដើរតាមចំណង់តណ្ហា ជាជាងការដើរតាមការចង្អុលបង្ហាញ។
Ankebut 29:39
ហើយយើងបានបំផ្លាញករូន(នៅពេលដែលគេបានបំពានទៅលើក្រុមរបស់ព្យាការីមូសា) ដោយឲ្យគេនិងលំនៅដ្ឋានរបស់គេលិច(ចូលទៅក្នុងដី)។ ហើយយើងបានបំផ្លាញហ្វៀរអោននិងមន្ត្រីរបស់គេហាម៉ានដោយឲ្យលិចលង់ទៅក្នុងសមុទ្រ។ ហើយជាការពិតណាស់ ព្យាការីមូសាបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ តែពួកគេបែរជាក្រអឺតក្រទមនៅលើទឹកដីអេហ្ស៊ីបមិនព្រមមានជំនឿចំពោះគេ(ព្យាការីមូសា)ទៅវិញ។ ហើយពួកគេមិនអាចមានសុវត្ថិភាពពីទណ្ឌកម្មរបស់យើងដោយពួកគេអាចរួចខ្លួនបាននោះឡើយ។
Ankebut 29:40
ដូច្នេះ រាល់អ្នកដែលយើង(អល់ឡោះ)បានលើកឡើងខាងលើនេះ យើងបានបំផ្លាញពួកគេទាំងអស់គ្នាដោយទណ្ឌកម្មរបស់យើង។ ហើយក្នុងចំណោមពួកគេនោះ មានក្រុមរបស់ព្យាការីលូតដែលយើងបានបញ្ជូនដុំថ្មពីឋាននរកស៊ីជ្ជីលទៅលើពួកគេជាបន្តបន្ទាប់។ ហើយក្នុងចំណោមពួកគេដែរ គឺមានក្រុមរបស់ព្យាការីសឡេះ ហើយនិងក្រុមរបស់ព្យាការីស៊្ហូអែបដែលត្រូវសម្រែកយ៉ាងខ្លាំងឆក់យកជីវិតពួកគេ។ ក្នុងចំណោមពួកគេផងដែរ គឺមានករូនដែលយើងបានធ្វើឲ្យដីស្រូបយកគេនិងលំនៅដ្ឋានរបស់គេ។ ហើយក្នុងចំណោមពួកគេទៀត គឺមានក្រុមរបស់ព្យាការីនួហ ហ្វៀរអោន និងហាម៉ានដែលយើងបានបំផ្លាញពួកគេដោយការពន្លិច(ពួកគេទៅក្នុងទឹក)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេដោយការបំផ្លាញពួកគេទាំងដែលពួកគេគ្មានបាបកម្មនោះឡើយ ក៏ប៉ុន្តែពួកគេទេដែលបំពានលើខ្លួនឯងដោយការប្រព្រឹត្តនូវបាបកម្មនានានោះ។ ដូច្នេះ ពួកគេសាកសមហើយនឹងទទួលនូវទណ្ឌកម្មនោះ។
Ankebut 29:41
ការប្រៀបធៀបពួកមុស្ហរីគីនដែលយករូបបដិមានានាមកគោរពសក្ការៈក្រៅពីអល់ឡោះដោយសង្ឃឹមថា ពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬក៏អាចជួយអន្តរាគមន៍ដល់ពួកគេនោះ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុកដើម្បីការពារខ្លួនវាពីការយាយីរបស់សត្រូវទៅលើវាដូច្នោះដែរ។ ជាការពិតណាស់ សំបុកដែលទន់ខ្សោយជាងគេបំផុតនោះ គឺសំបុករបស់សត្វពីងពាងហ្នឹងឯង ពីព្រោះវា(សំបុកនោះ)មិនអាចជួយការពារខ្លួនវា(សត្វពីងពាង)ពីសត្រូវបានឡើយ។ ក៏ដូចគ្នាដែរ រូបបដិមាទាំងឡាយរបស់ពួកគេ វាក៏មិនអាចផ្តល់ផលប្រយោជន៍ មិនអាចផ្តល់គ្រោះថ្នាក់ ហើយក៏មិនអាចជួយអន្តរាគមន៍អ្វី(ដល់ពួកគេ)នោះដែរ។ ប្រសិនបើពួកមុស្ហរីគីនបានដឹងដូច្នោះនោះ ម្ល៉ោះពួកគេនឹងមិនយករូបបដិមាទាំងនោះមកគោរពសក្ការៈផ្សេងពីអល់ឡោះនោះឡើយ។
Ankebut 29:42
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីដែលពួកគេគោរពសក្ការៈចំពោះពួកវាក្រៅពីទ្រង់នោះ។ គ្មានអ្វីមួយអំពីរឿងនេះអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
Ankebut 29:43
ហើយការប្រៀបធៀបដែលយើងបានលើកវាជាឧទាហរណ៍ដល់មនុស្សទាំងនោះ គឺដើម្បីដាស់តឿនពួកគេ និងដើម្បីឲ្យពួកគេភ្លឺភ្នែកចំពោះការពិត ហើយនិងចង្អុលបង្ហាញពួកគេទៅកាន់វា។ ហើយគ្មាននរណាអាចយល់អំពីវាស្របទៅតាមអ្វីដែលគេ(អល់ឡោះ)ចង់បាននោះទេ លើកលែងតែអ្នកដែលមានចំណេះដឹងអំពីក្បួនច្បាប់របស់អល់ឡោះ និងគតិបណ្ឌិតរបស់ទ្រង់ប៉ុណ្ណោះ។
Ankebut 29:44
អល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយពិតប្រាកដ។ ទ្រង់មិនបានបង្កើតវាទទេៗនោះទេ ហើយក៏មិនបង្កើតវាមកដើម្បីជាការលេងសើចនោះដែរ។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតនេះ គឺជាភស្តុតាងយ៉ាងច្បាស់បង្ហាញពីសមត្ថភាពរបស់អល់ឡោះសម្រាប់បណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកធ្វើជាភស្តុតាងតាមរយៈការបង្កើតរបស់អល់ឡោះបញ្ជាក់ពីវត្តមានរបស់ទ្រង់។ រីឯពួកប្រឆាំងវិញ ពិតប្រាកដណាស់ ពួកគេបានឆ្លងកាត់(មើលឃើញ)សញ្ញាភស្តុតាងទាំងនោះទាំងនៅក្នុងពិភពលោកនេះ និងនៅខ្លួនរបស់ពួកគេផ្ទាល់ តែពួកគេពុំសម្លឹងមើលដោយយកចិត្តទុកដាក់ទៅកាន់ភាពធំធេងនៃម្ចាស់ដែលបានបង្កើត និងសមត្ថភាពរបស់ទ្រង់នោះទេ។
Ankebut 29:45
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឲ្យមនុស្សលោកស្តាប់នូវអ្វីដែលអល់ឡោះទ្រង់បានវ៉ាហ៊ីដល់អ្នកអំពីគម្ពីរគួរអាន។ ហើយចូរអ្នកប្រតិបត្តសឡាតឲ្យបានពេញលេញ។ ជាការពិតណាស់ ការសឡាតដែលគេបានបំពេញនូវរបៀបរបបរបស់វាដោយពេញលេញនោះ គឺអាចរារាំងអ្នកសឡាតនោះពីការធ្លាក់ចូលទៅក្នុងប្រការល្មើសនានានិងអំពើទុច្ចរិតទាំងឡាយ ដោយសារតែវា(សឡាត)ធ្វើឲ្យកើតមានឡើងនូវពន្លឺនៅក្នុងដួងចិត្ត(អ្នកសឡាតនោះ)ដែលរារាំងពីការប្រព្រឹត្តល្មើសផ្សេងៗ ហើយនិងនាំគេទៅកាន់ការសាងទង្វើកុសល។ ហើយការរំលឹកទៅចំពោះអល់ឡោះ គឺពិតជាធំធេង និងអស្ចារ្យជាងអ្វីៗផ្សេងទៀតទាំងអស់។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តវា។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកវិញ។ ប្រសិនបើទង្វើនោះល្អ អ្នកនឹងទទួលបាននូវការតបស្នងដែលល្អ។ តែប្រសិនបើទង្វើនោះអាក្រក់ អ្នកក៏នឹងទទួលបាននូវការតបស្នងដែលអាក្រក់ដូចគ្នា។
Ankebut 29:46
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជជែកដេញដោល(រកខុសត្រូវ) និងកុំឈ្លោះប្រកែកគ្នាជាមួយពួកយូដា និងពួកណាសរ៉នីឲ្យសោះ លើកលែងតែ(ជជែកដេញដោល)ទៅតាមវិធីសាស្ត្រដ៏ល្អប្រសើរ និងជាគំរូ នោះគឺអំពាវនាវ(ពួកគេ)ដោយការទូន្មាន និង(ភ្ជាប់ជាមួយនឹង)ភស្តុតាងដ៏ជាក់លាក់ លើកលែងតែពួកដែលបំពានក្នុងចំណោមពួកគេ(ដែលបំពាន)ដោយភាពរឹងរូស និងក្រអឺតក្រទម ហើយនិងបានប្រកាសសង្គ្រាមជាមួយពួកអ្នកប៉ុណ្ណោះ។ ដូចនេះ ចូរពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ រហូតដល់ពួកគេព្រមទទួលយកសាសនាឥស្លាម ឬពួកគេយល់ព្រមបង់ពន្ធដោយផ្ទាល់ដៃ ហើយពួកគេព្រមទទួលចុះចាញ់។ ហើយចូរពួកអ្នកពោលទៅកាន់ពួកយូដា និងពួកណាសរ៉នីទាំងនោះថាៈ ពួកយើងមានជំនឿហើយចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកឲ្យពួកយើង ហើយពួកយើងក៏មានជំនឿដែរនឹងគម្ពីររតាវរ៉ត និងគម្ពីរអ៊ិញជីលដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកកាន់ពួកអ្នក ហើយម្ចាស់របស់ពួកយើង និងម្ចាស់របស់អ្នក គឺជាម្ចាស់តែមួយអង្គគត់។ គ្មានការរួមចំណែកជាមួយទ្រង់ចំពោះភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ និងចំពោះភាពជាម្ចាស់នៅក្នុងការបង្កើត និងភាពពេញលេញរបស់ទ្រង់ឡើយ ហើយពួកយើងជាអ្នក(មូស្លីម)ដែលប្រគល់ខ្លួន ឱនលំទោនទៅចំពោះទ្រង់តែមួយគត់។
Ankebut 29:47
ហើយដូចដែលយើងបានបញ្ចុះគម្ពីរទាំងឡាយទៅកាន់អ្នកជំនាន់មុនអ្នកនោះដែរ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ ហើយមួយចំនួននៃអ្នកដែលបានសូត្រគម្ពីររតាវរ៉តទាំងនោះ (ដូចជា អាប់ទុលឡោះ កូន សាឡាម ជាដើម) គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះពួកគេបានប្រទះឃើញមានការរៀបរាប់ពីលក្ខណៈនៃគម្ពីរគួរអាននេះនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ។ ហើយក្នុងចំណោមពួកមុស្ហរីគីន(ម៉ាក្ក)ទាំងនោះ ក៏មានអ្នកដែលមានជំនឿចំពោះវាដែរ។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងនោះទេ លើកលែងតែពួកគ្មានជំនឿប៉ុណ្ណោះ ដែលទម្លាប់របស់ពួកគេ គឺប្រឆាំង និងបដិសេធចំពោះការពិត ទោះបីជាការពិតនោះច្បាស់ក្រឡែតយ៉ាងណាក៏ដោយ។
Ankebut 29:48
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានអាននូវគម្ពីរណាមួយមុននឹងគម្ពីរគួរអាននោះឡើយ ហើយអ្នកក៏មិនធ្លាប់បានសរសេរអ្វីមួយនឹងដៃស្តាំរបស់អ្នកនោះដែរ ពីព្រោះអ្នកគឺជាអនក្ខរជន ដែលមិនចេះអាន និងមិនចេះសរសេរនោះឡើយ។ ហើយប្រសិនបើអ្នកចេះអាន និងចេះសរសេរវិញនោះ ប្រាកដជាពួកដែលល្ងង់ខ្លៅក្នុងចំណោមមនុស្សលោក ច្បាស់ជានឹងមានការមន្ទិលសង្ស័យចំពោះភាពជាព្យាការីរបស់អ្នក ហើយពួកគេនឹងប្រើលេសថា ពិតណាស់ អ្នកបានសរសេរចម្លងវា(គម្ពីរគួរអាន)ពីគម្ពីរជំនាន់មុនទាំងឡាយជាមិនខាន។
Ankebut 29:49
ផ្ទុយទៅវិញ គម្ពីរគួរអានដែលត្រូវបានគេបញ្ចុះមកកាន់អ្នកនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ស្ថិតនៅក្នុងទ្រូងរបស់បណ្តាអ្នកមានជំនឿដែលត្រូវបានប្រទានឲ្យនូវចំណេះដឹង។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងនោះទេ លើកលែងតែពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ប៉ុណ្ណោះ។
Ankebut 29:50
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះមកឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងទាំងឡាយពីម្ចាស់របស់គេ ដូចដែលគេ(អល់ឡោះ)បានបញ្ចុះទៅលើបណ្តាអ្នកនាំសារជំនាន់មុននោះទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលស្នើសុំទាំងនោះថាៈ ជាការពិតណាស់ សញ្ញាភស្តុតាងទាំងឡាយ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់។ ទ្រង់បញ្ចុះវានៅពេលណាដែលទ្រង់មានចេតនា ហើយខ្ញុំគ្មានសិទ្ធិអ្វីក្នុងការបញ្ចុះវានោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនយ៉ាងច្បាស់លាស់មួយប៉ុណ្ណោះ។
Ankebut 29:51
តើគម្ពីរគួរអានដែលយើងបានបញ្ចុះទៅឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលគេបានសូត្រឲ្យពួកគេស្តាប់នោះ វាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកដែលស្នើសុំចង់បានសញ្ញាភស្តុតាងទាំងនោះទៀតឬ? ពិតប្រាកដណាស់ នៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យពួកគេនោះ គឺជាក្តីមេត្តាករុណា និងជាដំបូន្មានសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា។ ជាការពិតណាស់ អ្វីដែលយើងបានបញ្ចុះទៅឲ្យពួកគេនោះ គឺល្អជាងអ្វីដែលពួកគេស្នើសុំទៅទៀត បើប្រៀបធៀបជាមួយនឹងអ្វីដែលគេបានបញ្ចុះទៅលើបណ្តាអ្នកនាំសារជំនាន់មុនៗនោះ។
Ankebut 29:52
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ជាសាក្សីទៅលើសច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមក និងទៅលើការបដិសេធរបស់ពួកអ្នកចំពោះវានោះ។ ទ្រង់ដឹងបំផុតនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ គ្មានអ្វីមួយដែលនៅលើមេឃ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។ រីឯពួកដែលមានជំនឿលើប្រការមិនត្រឹមត្រូវនៃរាល់អ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ ហើយបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដែលសក្តិសមត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានប្តូរយកភាពគ្មានជំនឿនឹងការមានជំនឿ។
Ankebut 29:53
ពួកមុស្ហរីគីនបានសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់នូវទណ្ឌកម្មដែលអ្នកបានព្រមានពួកគេនោះឲ្យវាកើតឡើងភ្លាមៗ(ចំពោះពួកគេ)។ ហើយប្រសិនបើអល់ឡោះមិនបានកំណត់រួច(ពីមុនមក)នូវពេលវេលាសម្រាប់ដាក់ទណ្ឌកម្មពួកគេ ដែលវាមិនអាចកើតឡើងមុន(ពេលកំណត់) ហើយក៏មិនអាចពន្យារពេលបានទេនោះ ប្រាកដជាទណ្ឌកម្មដែលពួកគេទាមទារនោះនឹងមកដល់ពួកគេ ហើយទណ្ឌកម្មនោះច្បាស់ជានឹងធ្លាក់ទៅលើពួកគេភ្លាមៗជាមិនខានដោយពួកគេមិនបានត្រៀមខ្លួនទុកជាមុនឡើយ។
Ankebut 29:54
ពួកគេបានសុំឲ្យអ្នកផ្តល់នូវទណ្ឌកម្មដែលអ្នកបានព្រមានពួកគេនោះឲ្យកើតឡើងភ្លាមៗ(ចំពោះពួកគេ)។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំដែលអល់ឡោះបានសន្យាសម្រាប់ពួកប្រឆាំងនោះ ប្រាកដជានឹងគ្របដណ្តប់លើពួកគេ ដោយពួកគេមិនអាចគេចចេញពីទណ្ឌកម្មនោះបានឡើយ។
Ankebut 29:55
នៅថ្ងៃដែលទណ្ឌកម្មគ្របដណ្តប់ពីខាងលើពួកគេ និងជាកម្រាលសម្រាប់ពួកគេនៅពីក្រោមជើងពួកគេ ហើយអល់ឡោះបានមានបន្ទូលដោយស្តីបន្ទោសទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សចុះនូវផលតបស្នងចំពោះអំពើស្ហ៊ីរិក(ពហុទេពនិយម) និងអំពើល្មើសដែលពួកអ្នកបានសាង។
Ankebut 29:56
ឱបណ្តាខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះយើងទាំងឡាយ! ចូរពួកអ្នកភៀសខ្លួនចេញពីទឹកដីដែលពួកអ្នកមិនអាចធ្វើការគោរពសក្ការៈមកចំពោះយើងបានចុះ។ ពិតប្រាកដណាស់ ផែនដីរបស់យើងធំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះយើងនូវអ្វីមួយឲ្យសោះ។
Ankebut 29:57
ហើយចូរកុំឲ្យការខ្លាចសេចក្តីស្លាប់នោះរារាំងពួកអ្នកមិនឲ្យភៀសខ្លួនឲ្យសោះ ព្រោះថា រាល់ជីវិតទាំងអស់ នឹងត្រូវភ្លក្សរសជាតិនៃសេចក្តីស្លាប់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Ankebut 29:58
ហើយបណ្តាអ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងនូវទង្វើកុសលដែលបញ្ជិតរូបគេទៅកាន់ទ្រង់នោះ យើងនឹងរៀបចំឲ្យពួកគេនូវវិមានដ៏ស្កឹមស្កៃនៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេនឹងមិនទទួលនូវការវិនាសឡើយនៅក្នុងឋានសួគ៌នោះ។ ការតបស្នងចំពោះបណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះនោះ គឺឧត្តុង្គឧត្តមបំផុត។
Ankebut 29:59
ពួកគេ គឺជាអ្នកដែលអត់ធ្មត់លើគោរពប្រតិបត្តិចំពោះទ្រង់ និងអត់ធ្មត់មិនប្រព្រឹត្តអំពើល្មើសចំពោះទ្រង់ ហើយពួកគេប្រគល់ការទុកចិត្តទៅលើម្ចាស់របស់ពួកគេតែមួយគត់ចំពោះរាល់កិច្ចការទាំងឡាយរបស់ពួកគេ។
Ankebut 29:60
រាល់សត្វធាតុទាំងអស់(ទោះបីជាវាមានចំនួនច្រើនយ៉ាងណា)ដែលពួកវាគ្មានសមត្ថភាពប្រមូលលាភសក្ការៈរបស់ពួកគេ និងមិនអាចរែកពន់វាបាន ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលផ្គត់ផ្គង់លាភសក្ការៈដល់ពួកវា និងដល់ពួកអ្នក។ ដូច្នេះ ពួកអ្នកគ្មានលេសអ្វីក្នុងការមិនភៀសខ្លួនដោយសារតែភ័យខ្លាចភាពអត់ឃ្លាននោះឡើយ។ ហើយទ្រង់មហាឮនូវពាក្យសំដីរបស់ពួកអ្នក មហាដឹងបំផុតអំពីការនៀត(ការប៉ង)របស់ពួកអ្នក និងទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយនៃរឿងទាំងនេះអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើទាំងនោះ។
Ankebut 29:61
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមូស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់? តើនរណាជាអ្នកបង្កើតផែនដី? ហើយតើនរណាជាអ្នកធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទមានចលនា ហើយវាទាំងពីរបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់នោះ? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកបង្កើតពួកវាទាំងអស់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកគេត្រូវបានបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះតែមួយ ហើយពួកគេនាំគ្នាគោរពសក្ការៈទៅកាន់ព្រះនានាផ្សេងពីទ្រង់ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីសោះនោះទៅវិញ?
Ankebut 29:62
អល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈនោះចំពោះជនណាដែលទ្រង់មានចេតនា ដោយមានបុព្វហេតុរបស់វាដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងបំផុតចំពោះអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ គ្មានការចាត់ចែងណាដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់នោះអាចលាក់បាំងពីទ្រង់បានឡើយ។
Ankebut 29:63
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនថាៈ តើនរណាជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ និងបានឲ្យដីនោះដុះចេញនូវរុក្ខជាតិតាមរយៈទឹកនោះ ក្រោយពីវាបានស្ងួតហួតហែងហើយនោះ? ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយបានបណ្តុះរុក្ខជាតិនៅលើផែនដីតាមរយៈទឹកភ្លៀងនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានធ្វើឲ្យភស្តុតាងលេចធ្លោឡើងលើពួកអ្នក។ ផ្ទុយទៅវិញ ជាក់ស្តែង ភាគច្រើននៃពួកគេមិនគិតពិចារណានោះឡើយ ព្រោះថា ប្រសិនបើពួកគេចេះគិតពិតចារណាមែននោះ ប្រាកដជាពួកគេមិនយករូបបដិមាទាំងឡាយដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីបានសោះនោះ មកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់នោះឡើយ។
Ankebut 29:64
ហើយឆាកជីវិតរស់នៅក្នុងលោកិយនេះ(នូវអ្វីដែលមាននៅក្នុងវានៃការត្រេកត្រអាល និងការសប្បាយរីករាយ) គឺគ្មានអ្វីក្រៅពីការលេងសើចឥតប្រយោជន៍នោះឡើយសម្រាប់ដួងចិត្តអ្នកដែលផ្តោតទៅលើវានោះ ដែលមិនយូរប៉ុន្មាន វានឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។ ប៉ុន្តែថ្ងៃបរលោកទៅវិញទេ ទើបជាជីវិតរស់នៅដ៏ពិតប្រាកដ ព្រោះវាជាការរស់នៅដែលអមតៈ។ ប្រសិនបើពួកគេដឹងដូចនេះ ប្រាកដជាពួកគេមិនឲ្យតម្លៃដល់អ្វីដែលនឹងបាត់បង់(លោកិយ) ជាងអ្វីដែលនៅគង់វង្សជាអមតៈ(បរលោក)នោះឡើយ។
Ankebut 29:65
ហើយនៅពេលដែលពួកមុស្ហរីគីនបានជិះលើសំពៅលើផ្ទៃសមុទ្រ ពួកគេបានបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយភាពស្មោះសចំពោះទ្រង់ដើម្បីឲ្យទ្រង់សង្រ្គោះពួកគេពីការលិចលង់។ តែនៅពេលដែលអល់ឡោះបានសង្គ្រោះពួកគេឲ្យរួចផុតពីការលិចលង់នោះ ពួកគេបែរជាត្រឡប់មកធ្វើស្ហ៊ីរិក(នឹងទ្រង់) ដោយពួកគេបួងសួងសុំពីព្រះទាំងឡាយរបស់ពួកគេរួមជាមួយអល់ឡោះទៅវិញ។
Ankebut 29:66
ពួកគេបានវិលត្រឡប់មកធ្វើស្ហ៊ីរិកវិញដើម្បីពួកគេប្រឆាំងនឹងឧបការគុណដែលយើងបានប្រទានដល់ពួកគេ និងដើម្បីពួកគេសោយសុខជាមួយនឹងភាពស្រស់ស្អាតនៃការរស់នៅក្នុងលោកិយដែលគេបានប្រទានឲ្យពួកគេ។ ដូច្នេះ ពួកគេគង់តែនឹងដឹងពីលទ្ធផលចុងក្រោយដ៏អាក្រក់របស់ពួកគេនៅពេលដែលពួកគេបានស្លាប់ជាមិនខាន។
Ankebut 29:67
តើពួកដែលប្រឆាំងនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ខណៈដែលអល់ឡោះបានសង្គ្រោះពួកគេឲ្យរួចផុតអំពីការលិចលង់នោះ មិនបានឃើញនូវឧបការគុណមួយផ្សេងទៀត(របស់អល់ឡោះ)ទេឬ នោះគឺ ពិតប្រាកដណាស់ យើងបានបង្កើតឲ្យពួកគេនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ) ដែលនៅក្នុងនោះ ពួកគេទទួលបាននូវសុវត្ថិភាពចំពោះអាយុជីវិតរបស់ពួកគេនិងទ្រព្យសម្បត្តិរបស់ពួកគេនោះ ខណៈដែលអ្នកផ្សេងក្រៅពីពួកគេកំពុងត្រូវបានគេវាយឆ្មក់ ដោយពួកគេត្រូវបានគេសម្លាប់ និងចាប់ជាឈ្លើយសឹក ព្រមទាំងចាប់យកស្រ្តី និងប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេទៀតនោះ? តើជាមួយព្រះក្លែងក្លាយរបស់ពួកគេទាំងនោះ ពួកគេនាំគ្នាមានជំនឿ តែជាមួយឧបការគុណអល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ ពួកគេបែរជាប្រឆាំង ដោយពួកគេមិនដឹងគុណចំពោះអល់ឡោះទៅវិញនោះឬ?
Ankebut 29:68
គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបង្កើតការភូតកុហកទៅលើអល់ឡោះ ដោយចោទថាទ្រង់មានដៃគូ ឬក៏បដិសេធនឹងការពិតដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះឡើយ។ គ្មានការសង្ស័យឡើយ ជាការពិតណាស់ នរកជើហាន់ណាំ គឺជាកន្លែងស្នាក់នៅសម្រាប់ពួកដែលប្រឆាំង និងក្រុមរបស់ពួកគេ។
Ankebut 29:69
រីឯបណ្តាដែលបានតស៊ូដោយខ្លួនប្រាណរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តរបស់យើងនោះ យើងពិតជានឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលធ្វើល្អ តាមរយៈការជួយគាំពារ និងផ្តល់ការចង្អុលបង្ហាញ។
Rum 30:1
អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
Rum 30:2
ពួកហ្វារីស៊ី បានយកជ័យជម្នះទៅលើពួករ៉ូម។
Rum 30:3
នៅក្នុងទឹកដីស្ហាមដែលជិតបំផុតទៅនឹងទឹកដីហ្វារីស៊ី។ ហើយក្រោយពីពួកហ្វារីស៊ីបានយកជ័យជម្នះទៅលើពួករ៉ូមរួចមក ពួករ៉ូមនឹងយកជ័យជម្នះលើពួកគេវិញនៅថ្ងៃណាមួយមិនខានឡើយ។
Rum 30:4
ក្នុងអំឡុងពេលមិនតិចជាងបីឆ្នាំនោះឡើយ ហើយក៏មិនលើសពីដប់ឆ្នាំនោះដែរ។ កិច្ចការទាំងអស់ ទាំងមុនពេលទទួលជ័យជម្នះលើពួករ៉ូម និងទាំងក្រោយពេលទទួលបានជ័យជម្នះលើពួករ៉ូមនោះ គឺស្ថិតលើអល់ឡោះជាម្ចាស់ទាំងអស់។ ហើយនៅថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះលើពួកហ្វារីស៊ីវិញនោះ គឺជាថ្ងៃដែលបណ្តាអ្នកមានជំនឿសប្បាយរីករាយ។
Rum 30:5
ពួកគេសប្បាយរីករាយដោយសារអល់ឡោះជាម្ចាស់ទ្រង់បានជួយពួកដល់រ៉ូម(ឲ្យមានជ័យជម្នះ) ពីព្រោះពួកគេ គឺជាពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)។ អល់ឡោះនឹងជួយឲ្យទទួលបានជោគជ័យចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
Rum 30:6
ការជួយ(ឲ្យទទួលបានជ័យជម្នះ)នេះ គឺជាការសន្យាមកពីអល់ឡោះជាម្ចាស់ ហើយដោយសារទទួលបានជោគជ័យនេះ បណ្តាអ្នកមានជំនឿកាន់តែបន្ថែមនូវការជឿជាក់ចំពោះការសន្យារបស់អល់ឡោះជាម្ចាស់ដែលថានឹងជួយ(ដល់ពួកគេ)ថែមទៀត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនយល់អំពីរឿងនេះឡើយ ព្រោះតែការប្រឆាំងរបស់ពួកគេ។
Rum 30:7
ពួកគេមិនដឹងអំពីជំនឿ និងក្បួនច្បាប់ឥស្លាមនោះទេ។ តាមពិត ពួកគេដឹងត្រឹមតែរឿងជាក់ស្តែងនៃការរស់នៅក្នុងលោកិយដែលទាក់ទងទៅនឹងការរកស៊ី និងកសាងការហេដ្ឋាររចនាសម្ព័ន្ធនៃលោកិយប៉ុណ្ណោះ តែចំពោះថ្ងៃបរលោកដែលជាទីកន្លែងរស់នៅដ៏ពិតប្រាកដវិញ ពួកគេបែរជាងាកចេញ មិនខ្វាយខ្វល់អំពីវាទៅវិញ។
Rum 30:8
តើពួកមុស្ហរីគីនដែលបដិសេធទាំងនោះមិនបានគិតពិចារណាទេឬចំពោះខ្លួនរបស់ពួកគេផ្ទាល់ ថាតើអល់ឡោះទ្រង់បានបង្កើតវា និងផ្តល់រូបរាងដល់វាយ៉ាងដូចម្តេច? អល់ឡោះទ្រង់មិនបានបានបង្កើតមេឃជាច្រើននិងផែនដីនោះឡើយ លើកលែងតែដោយសេចក្តីពិត ដោយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើច(ទទេៗ)នោះឡើយ។ ហើយទ្រង់បានកំណត់នូវអាយុកាលយ៉ាងជាក់លាក់សម្រាប់វាទាំងពីរ(មេឃនិងផែនដី) ដើម្បីឲ្យវាទាំងពីរឋិតនៅក្នុងលោកិយនេះ។ ប៉ុន្តែ មនុស្សលោកភាគច្រើនបានបដិសេធចំពោះការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមនូវអំពើល្អដែលម្ចាស់របស់ពួកគេពេញចិត្តសម្រាប់ថ្ងៃពង្រស់ឡើងវិញនោះទេ។
Rum 30:9
តើពួកទាំងនោះ(ពួកអារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរលើផែនដីដើម្បីពិនិត្យពិចារណាមើលទេថា តើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេដែលបដិសេធនោះយ៉ាងដូចម្តេច? ប្រជាជាតិទាំងនេះ គឺជាប្រជាជាតិដែលខ្លាំងក្លាជាងពួកគេទៅទៀត ហើយពួកគេបានជីកកកាយដាំដុះលើផ្ទែដី និងធ្វើការសាងសង់(សំណង់ផ្សេងៗ)ច្រើនជាងអ្វីដែលពួកទាំងនោះបានសាងសង់ទៅទៀត។ ហើយបណ្តាពួកអ្នកនាំសារទាំងឡាយបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ប៉ុន្តែពួកគេបានបដិសេធ(មិនព្រមជឿឡើយ)។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេនោះទេនៅពេលដែលទ្រង់បានបំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ព្រោះតែការប្រឆាំងរបស់ពួកគេ។
Rum 30:10
បន្ទាប់មក លទ្ធផលចុងក្រោយនៃពួកដែលសាងទង្វើអាក្រក់ដោយធ្វើស្ហ៊ីរិកនឹងអល់ឡោះ និងប្រព្រឹត្តអំពើល្មើសនោះ នឹងត្រូវទទួលលទ្ធផលដ៏អាក្រក់ជាទីបំផុត ពីព្រោះពួកគេបដិសេធនឹងភស្តុតាងទាំងឡាយរបស់អល់ឡោះ ហើយពួកគេចំអក និងលេងសើចនឹងបណ្តាភស្តុតាងទាំងនោះ។
Rum 30:11
អល់ឡោះជាម្ចាស់ទ្រង់បានចាប់ផ្តើមបង្កើតម៉ាខ្លូកដោយគ្មានគំរូពីមុនមកសោះឡើយ។ បន្ទាប់មក ទ្រង់បានបំផ្លាញវា។ បន្ទាប់មកទៀត ទ្រង់បានបង្កើតវាឡើងវិញ។ រួចមកនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់ ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Rum 30:12
ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់នោះ ពួកដែលប្រព្រឹត្តបាបកម្មនឹងអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ ហើយក្តីសង្ឃឹមរបស់ពួកគេត្រូវបានកាត់ផ្តាច់នៅថ្ងៃនោះ ត្បិតថាអំណះអំណាងរបស់ពួកគេលើការប្រឆាំងនឹងអល់ឡោះនោះត្រូវបានកាត់ផ្តាច់។
Rum 30:13
ហើយព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះវានៅក្នុងលោកិយ)នោះ មិនអាចជួយអន្តរាគមន៍ដើម្បីសង្គ្រោះពួកគេពីទណ្ឌកម្មនោះឡើយ ហើយ(នៅថ្ងៃនោះ)ពួកគេ គឺជាអ្នកដែលប្រឆាំងនឹងព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់គោរពសក្ការៈ) ដោយសារព្រះទាំងនោះបានបោះបង់ចោលពួកគេនៅពេលដែលពួកគេត្រូវការព្រះទាំងនោះ(ឲ្យជួយ) ព្រោះពួកគេទាំងអស់គ្នា គឺស្ថិតក្នុងភាពវិនាសអន្តរាយដូចគ្នា។
Rum 30:14
ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ នៅក្នុងថ្ងៃនោះ មនុស្សលោកត្រូវបានបែកខ្ញែកគ្នាក្នុងការទទួលបានការតបស្នងអាស្រ័យទៅតាមទង្វើរបស់ពួកគេ ដែលពួកគេធ្លាប់បានសាងកាលនៅលើលោកិយ គឺរវាងអ្នកដែលត្រូវបានគេលើក(តម្កើង)ទៅកាន់ឋានៈដ៏ខ្ពង់ខ្ពស់ និងរវាងអ្នកដែលត្រូវបានគេទម្លាក់ទៅកាន់កន្លែងដែលទាបថោកជាងគេបំផុត។
Rum 30:15
រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងឧបការគុណដ៏អមតៈដែលពួកគេទទួលបានដោយគ្មានទីបញ្ចប់។
Rum 30:16
រីឯពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើង ព្រមទាំងបដិសេធ(គ្មានជំនឿ)នឹងការពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ(នៅថ្ងៃបរលោក)នោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម ដោយពួកគេស្ថិតនៅក្នុងទណ្ឌកម្មនោះជានិច្ចនិរន្តរ៍។
Rum 30:17
ដូច្នេះ ចូរពួកអ្នកលើកតម្កើងអល់ឡោះជាម្ចាស់នៅពេលល្ងាច គឺក្នុងពេលសឡាតម៉ាហ្គ្រិប និងក្នុងពេលសឡាតអ៊ីស្ហា ហើយចូរពួកអ្នកលើកតម្កើងទ្រង់នៅពេលព្រឹកព្រលឹម នោះគឺពេលសឡាតហ្វាជើរ។
Rum 30:18
ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់តែមួយគត់ ដោយនៅលើមេឃ គឺមានពពួកម៉ាឡាអ៊ីកាត់កោតសរសើរទ្រង់ ហើយនៅលើផែនដី គឺមានម៉ាខ្លូកទាំងឡាយរបស់ទ្រង់កោតសរសើរទៅចំពោះទ្រង់។ ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះនៅពេលរសៀល គឺពេលសឡាតអាសើរ ហើយចូរពួកអ្នកលើកតម្កើងទ្រង់ផងដែរនៅពេលថ្ងៃត្រង់។
Rum 30:19
ទ្រង់បញ្ចេញការរស់អំពីការស្លាប់ ដូចជាទ្រង់បានបញ្ចេញមនុស្សអំពីទឹកកាម និងបញ្ចេញកូនសត្វចេញពីស៊ុត ហើយទ្រង់បញ្ចេញការស្លាប់អំពីការរស់ ដូចជាទ្រង់បញ្ចេញទឹកកាមអំពីមនុស្ស ហើយបញ្ចេញស៊ុតអំពីមេមាន់។ ហើយទ្រង់ធ្វើឲ្យដីរស់(មានជីជាតិ)ឡើងវិញតាមរយៈការបញ្ចុះទឹកភ្លៀង និងធ្វើឲ្យរុក្ខជាតិដុះឡើងវិញ ក្រោយពីដីនោះបានស្ងួតហួតហែង។ ហើយដូចដែលអល់ឡោះបានឲ្យដីរស់ឡើងវិញដោយធ្វើឲ្យរុក្ខជាតិដុះឡើងវិញដូច្នោះដែរ ទ្រង់នឹងបញ្ចេញពួកអ្នកអំពីផ្នូររបស់ពួកអ្នកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Rum 30:20
ក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)អំពីដី ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។ បន្ទាប់មក ពួកអ្នកក៏បានក្លាយជាមនុស្សដែលមានចំនួនកាន់តែកើនឡើងតាមរយៈការបន្តពូជ ហើយពួកអ្នកក៏បានពង្រាយគ្នារស់នៅពាសពេញផែនដី។
Rum 30:21
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតឲ្យពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នក ដើម្បីឲ្យពួកអ្នកមានភាពស្ងប់ចិត្តជាមួយពួកនាងដើម្បីពួកអ្នករស់នៅជាមួយគ្នាដោយភាពកក់ក្ដៅ។ ហើយទ្រង់បានបង្កើតឲ្យមាននូវក្តីស្រលាញ់ និងមនោសញ្ចេតនារវាងពួកអ្នក និងភរិយារបស់ពួកអ្នក។ ពិតប្រាកដណាស់ ចំពោះរឿងដែលបានលើកឡើងខាងលើនេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទាញញយកផលប្រយោជន៍អំពីការប្រើប្រាស់សតិប្រាជ្ញារបស់ពួកគេ។
Rum 30:22
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ផងដែរនោះ គឺការបង្កើតមេឃជាច្រើនជាន់ និងការបង្កើតផែនដី។ ហើយក្នុងនោះដែរ ទ្រង់បានបង្កើតឲ្យមានភាសាខុសៗគ្នា និងមានពណ៌សម្បុរខុសៗគ្នា។ ពិតប្រាកដណាស់ ក្នុងរឿងដែលបានលើកឡើងខាងលើនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង និងមានការវិភាគ។
Rum 30:23
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺការគេងរបស់ពួកអ្នកនៅពេលយប់ និងការគេងរបស់ពួកអ្នកនៅពេលថ្ងៃ ដើម្បីពួកអ្នកបានសម្រាកពីការហត់នឿយពីការងាររបស់ពួកអ្នក។ ហើយក្នុងចំណោមភស្តុតាងរបស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតពេលថ្ងៃសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកពង្រាយគ្នាស្វែងរកលាភសក្ការៈពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានរៀបរាប់ខាងលើនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលស្តាប់ឮ ដែលស្តាប់ដោយការពិចារណានិងទទួលយក។
Rum 30:24
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ផងដែរនោះ គឺទ្រង់បានឲ្យពួកអ្នកបានឃើញផ្លេកបន្ទោរនៅលើមេឃ ហើយទ្រង់បានប្រមូលផ្តុំឲ្យពួកអ្នករវាងការភ័យខ្លាចពីផ្លេកបន្ទោរ និងការទន្ទឹងរង់ចាំចង់បានទឹកភ្លៀង។ ហើយទ្រង់បានបញ្ចុះឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់បានឲ្យដីរស់ឡើងវិញក្រោយពីវាមានភាពស្ងួតហួតហែងហើយនោះ ដោយឲ្យរុក្ខជាតិដុះព្រោងព្រាត។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា ដោយពួកគេយករឿងទាំងនោះធ្វើជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់ឡើងវិញក្រោយពីស្លាប់ ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
Rum 30:25
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបញ្ឈរមេឃដោយមិនឲ្យវារលំឡើយ និងធ្វើឲ្យផែនដីនៅស្ថិតស្ថេរដោយគ្មានការញ័ររញ្ជួយ ទៅតាមការបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកឲ្យចេញពីផ្នូរ ដោយឲ្យម៉ាឡាអ៊ីកាត់ផ្លុំត្រែនោះ ពេលនោះ ពួកអ្នកក៏ក្រោកចេញពីផ្នូររបស់ពួកអ្នកដើម្បីទទួលការជំនុំជម្រះ និងទទួលការតបស្នង។
Rum 30:26
ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់ និងទាំងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការកំណត់។ រាល់អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីទាំងអស់ដែលជាខ្ញុំបម្រើរបស់ទ្រង់ សុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់តែមួយគត់។
Rum 30:27
ហើយទ្រង់គឺជាអ្នកដែលបានចាប់ផ្តើមបង្កើតម៉ាខ្លូកដោយគ្មានគំរូពីមុនមកសោះឡើយ។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតក្រោយពីវាបានរលាយសាបសូន្យ ហើយការបង្កើតឡើងវិញ(ម្តងទៀត)នោះ គឺងាយស្រួលជាងការចាប់ផ្តើម(បង្កើតលើកដំបូង)ទៅទៀត។ តែសម្រាប់ទ្រង់វិញ ទាំងការបង្កើតលើកដំបូង ទាំងការបង្កើតឡើងវិញម្តងទៀត គឺងាយស្រួលដូចគ្នា ពីព្រោះអល់ឡោះជាម្ចាស់ កាលណាទ្រង់មានចេតនាអ្វីមួយនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុត នូវរាល់លក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ និងពេញលេញ។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។
Rum 30:28
អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន)ដែលយកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ៖ តើពួកអ្នកមានខ្ញុំបម្រើដាច់ថ្លៃដែលរួមចំណែកជាមួយពួកអ្នកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដោយស្មើភាពគ្នាជាមួយពួកអ្នកឬទេ? ពួកអ្នកបារម្ភខ្លាចពួកគេមកចូលរួមបែងចែកទ្រព្យសម្បត្តិរបស់ពួកអ្នកជាមួយពួកអ្នក ដូចដែលមួយចំនួននៃពួកអ្នកភ័យខ្លាចដៃគូរបស់គេដែលជាមនុស្សមានសេរីភាព(មិនមែនជាខ្ញុំបម្រើគេ)នោះចូលរួមចែកទ្រព្យសម្បត្តិជាមួយគេដែរ។ តើពួកអ្នកពេញចិត្តឲ្យខ្ញុំបម្រើរបស់ពួកអ្នកទទួលបានបែបនេះដែរឬទេ? គ្មានការមន្ទិលសង្ស័យឡើយថា ប្រាកដជាពួកអ្នកមិនពេញចិត្តនោះឡើយ។ ដូច្នេះ អល់ឡោះជាម្ចាស់រឹតតែមិនសាកសមសម្រាប់ទ្រង់ចំពោះការមានដៃគូក្នុងការគ្រប់គ្រងម៉ាខ្លូករបស់ទ្រង់ និងគ្រប់គ្រងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ហើយដូចជាការលើកជាឧទាហរណ៍នេះដែរ យើងបានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីរឿងនោះ។
Rum 30:29
មូលហេតុនៃការវង្វេងរបស់ពួកគេនោះ ពុំមែនដោយសារភស្តុតាងមិនគ្រប់គ្រាន់នោះទេ ហើយក៏ពុំមែនដោយសារតែមិនបានបញ្ជាក់ឲ្យច្បាស់លាស់(ដល់ពួកគេ)នោះដែរ។ តាមពិត គឺ(ដោយសារតែ)ការធ្វើតាមចំណង់តណ្ហា និងធ្វើតាមដូនតារបស់ពួកគេ(ទាំងងងឹតងងុល)ប៉ុណ្ណោះ។ ដូច្នេះ តើមានអ្នកណាដែលប្រទានការចង្អុលបង្ហាញចំពោះអ្នកដែលអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ? គឺគ្មាននរណាដែលចង្អុលបង្ហាញរូបគេនោះឡើយ ហើយពួកគេក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ។
Rum 30:30
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នក និងអ្នកដែលដើរតាមអ្នកទៅកាន់សាសនាដែលអល់ឡោះបានតម្រង់ទិសអ្នកទៅកាន់វា ដោយងាកខ្លួនចេញពីសាសនាផ្សេងទាំងអស់ នោះគឺសាសនាឥស្លាមដែលអល់ឡោះបានបង្កើតមនុស្សលោកឲ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតណាស់ សាសនាដ៏ពិតនោះ គឺសាសនាឥស្លាមនេះឯង។
Rum 30:31
ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ដោយការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយចូរពួកអ្នកកោតខ្លាចចំពោះទ្រង់ ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួកអ្នកកុំស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដែលបានធ្វើឲ្យខូចខាតលក្ខណៈធម្មជាតិដែលអល់ឡោះបានបង្កើតមនុស្សមក(សាសនារបស់អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា) ដោយពួកគេយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់។
Rum 30:32
ហើយចូរពួកអ្នកកុំឲ្យខ្លួន(របស់ពួកអ្នក)ស្ថិតក្នុងចំណោមពួកអ្នកមុស្ហរីគីនដែលបានផ្លាស់ប្តូរសាសនារបស់ពួកគេ ដោយបានជឿខ្លះ និងមិនជឿខ្លះ ហើយពួកគេបានបែងចែកជាក្រុម និងជាបក្សជាពួកឲ្យសោះ។ រាល់ក្រុមនីមួយៗនៃពួកគេ នាំគ្នាសប្បាយរីករាយជាមួយនឹងប្រការខុសឆ្គងដែលពួកគេប្រកាន់ខ្ជាប់នោះ ដោយពួកគេយល់ថា មានតែក្រុមរបស់ពួកគេមួយគត់ដែលប្រកាន់ត្រឹមត្រូវ រីឯអ្នកផ្សេងក្រៅពីពួកគេ គឺស្ថិតនៅលើប្រការមិនត្រឹមត្រូវទាំងអស់។
Rum 30:33
ហើយនៅពេលដែលពួកមុស្ហរីគីនជួបប្រទះនូវទុក្ខលំបាកនានាដូចជា ជំងឺឈឺថ្កាត់ ភាពក្រីក្រ ឬទទួលរងនូវគ្រោះរាំងស្ងួតនោះ ពួកគេបួងសួងសុំពីម្ចាស់របស់ពួកគេ(អល់ឡោះ)តែមួយគត់ដោយវិលត្រឡប់ទៅកាន់ទ្រង់ តាមរយៈការអង្វរករ និងសុំការជ្រកកោនទៅកាន់ទ្រង់ ដោយសុំឲ្យទ្រង់បញ្ជៀសពួកគេពីអ្វីដែលពួកគេជួបប្រទះ។ ក្រោយមក នៅពេលដែលទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយទ្រង់បានឲ្យពួកគេរួចផុតគ្រោះទាំងឡាយដែលពួកគេទទួលរងនោះ ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេត្រឡប់ទៅធ្វើស្ហ៊ីរិកនឹងអល់ឡោះ ដោយពួកគេបួងសួងសុំពីអ្នកផ្សេងរួមនឹងទ្រង់ទៅវិញ។
Rum 30:34
នៅពេលដែលពួកគេរមិលគុណនឹងឧបការគុណរបស់អល់ឡោះ(ដែលក្នុងនោះ គឺឧបការគុណនៃការឲ្យពួកគេរួចផុតពីគ្រោះថ្នាក់) ហើយត្រេកត្រអាលជាមួយនឹងអ្វីដែលពួកគេមាននៅក្នុងលោកិយនេះ ពិតណាស់ នៅថ្ងៃបរលោកនោះ ពួគគេនឹងបានឃើញផ្ទាល់ភ្នែកថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅលើភាពវង្វេងយ៉ាងច្បាស់លាស់។
Rum 30:35
តើមានអ្វីដែលអំពាវនាវពួកគេទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ ខណៈដែលគ្មានភស្តុតាងអ្វីសម្រាប់ពួកគេសោះនោះ? ពិតប្រាកដណាស់ យើងមិនបានបញ្ចុះនូវភស្តុតាងណាមួយឲ្យពួកគេដែលពួកគេយកធ្វើជាសំអាងទៅលើការប្រព្រឹត្តស្ហ៊ីរិករបស់ពួកគេជាមួយអល់ឡោះនោះឡើយ ហើយពួកគេក៏គ្មានគម្ពីរណាមួយនៅក្នុងដៃពួកគេដែលនិយាយពីការធ្វើស្ហ៊ីរិករបស់ពួកគេដែលទទួលស្គាល់ពីភាពត្រឹមត្រូវនៃការប្រឆាំងរបស់ពួកគេដែលពួកគេស្ថិតនៅនោះដែរ។
Rum 30:36
ហើយនៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក្សនូវឧបការគុណណាមួយក្នុងចំណោមឧបការគុណរបស់យើងដូចជា សុខភាពល្អ និងភាពមានបាននោះ គឺពួកគេសប្បាយរីករាយនឹងវាក្នុងភាពក្រអឺតក្រទម និងក្អេងក្អាង។ តែប្រសិនបើប្រការអាក្រក់កើតឡើងលើពួកគេ ដូចជាជំងឺឈឺថ្កាត់ និងភាពក្រីក្រ ដោយសារតែបាបកម្មដែលពួកគេបានសាងដោយដៃរបស់ពួកគេផ្ទាល់នោះ ស្រាប់តែពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណាអល់ឡោះ ហើយពួកគេមិនសង្ឃឹមថា រឿងអាក្រក់ដែលពួកគេជួបប្រទះនោះ អាចរលត់ផុតពីពួកគេនោះឡើយ។
Rum 30:37
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីជាការសាកល្បងគេ ថាតើគេដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ដើម្បីជាការសាកល្បងពួកគេ ថាតើគេអត់ធ្មត់ ឬក៏មានការខឹងសម្បា? ពិតប្រាកដណាស់ ក្នុងរឿងបើកទូលាយលាភសក្ការៈចំពោះមនុស្សមួយចំនួន និងត្បិតត្បៀតលាភសក្ការៈទៅលើមនុស្សមួយចំនួននោះ គឺជាភស្តុតាងសម្រាប់បណ្តាអ្នកមានជំនឿដែលបញ្ជាក់ទៅលើភាពទន់ភ្លន់របស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់។
Rum 30:38
ដូច្នេះ ចូរអ្នក(ឱជនមូស្លីម)ផ្តល់ជូនសាច់ញាតិនូវអ្វីដែលសក្តិសមនឹងគេទទួលបាន ដូចជាការធ្វើល្អនិងមានទំនាក់ទំនងល្អ និងចូរផ្តល់ឲ្យអ្នកដែលមានអ្នកតម្រូវការចាំបាច់ទៅតាមសេចក្តីត្រូវការរបស់គេ ហើយចូរផ្តល់ជូនអ្នកដំណើរដែលដាច់ស្បៀង។ ការផ្តល់ទៅកាន់ផ្នែកទាំងនោះ គឺជាការប្រសើរបំផុតសម្រាប់អ្នកដែលចង់បានការពេញចិត្តពីអល់ឡោះ។ បណ្តាអ្នកដែលបានផ្តល់ជំនួយ និងផ្តល់សិទ្ធិទាំងនេះ ពួកគេនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ ដោយពួកគេទទួលបាននូវឋានសួគ៌ដែលពួកគេប្រាថ្នា និងមានសុវត្ថិភាពរួចផុតពីទណ្ឌកម្មដែលពួកគេខ្លាចរអា។
Rum 30:39
ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានផ្តល់ទៅឲ្យនរណាម្នាក់ក្នុងគោលបំណងឲ្យគេសងមកពួកអ្នកវិញលើសពីអ្វីដែលពួកអ្នកបានផ្តល់ឲ្យគេនោះ គឺផលបុណ្យរបស់វាគ្មានកើនឡើងអ្វីឡើយចំពោះអល់ឡោះ។ ចំណែកឯទ្រព្យសម្បត្តិដែលពួកអ្នកបានផ្តល់ទៅឲ្យអ្នកដែលមានតម្រូវការដើម្បីបំពេញសេចក្តីត្រូវការរបស់គេ ដោយពួកអ្នកធ្វើដូចនោះក្នុងគោលបំណងចង់បានការពេញចិត្តពីអល់ឡោះ ដោយមិនចង់បានឋានៈឬក៏ការតបស្នងអ្វីពីមនុស្សលោកទេនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលផលបុណ្យរបស់ពួកគេត្រូវបានគេបង្កើនទ្វេដងចំពោះអល់ឡោះជាម្ចាស់។
Rum 30:40
អល់ឡោះជាម្ចាស់តែមួយគត់ជាអ្នកដែលបានបង្កើតពួកអ្នក។ បន្ទាប់មក ទ្រង់បានប្រទានលាភសក្ការៈឲ្យពួកអ្នក។ បន្ទាប់មកទៀត ទ្រង់បានឲ្យពួកអ្នកស្លាប់ រួចមក ទ្រង់ក៏បានឲ្យពួកអ្នករស់ឡើងវិញ។ តើមានរូបបដិមាណាមួយរបស់ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះនោះ បានធ្វើអ្វីមួយអំពីរឿងនោះ? ទ្រង់មហាស្អាតស្អំ ខ្ពង់ខ្ពស់ចាកផុតអំពីអ្វីដែលពួកមុស្ហរីគីនបាននិយាយ និងបានជឿ។
Rum 30:41
គ្រោះមហន្តរាយនានាដែលលេចឡើងនៅលើដីគោក និងនៅក្នុងសមុទ្រ នៅក្នុងការរស់នៅរបស់មនុស្សលោក និងនៅក្នុងខ្លួនរបស់ពួកគេ ដោយកើតមាននូវជំងឺជាច្រើន និងរោគរាតត្បាតនោះ មូលហេតុគឺដោយសារតែទង្វើល្មើសដែលពួកគេបានសាងនោះឯង។ ការលេចឡើងនូវបញ្ហាទាំងនេះ គឺដើម្បីអល់ឡោះជាម្ចាស់ឲ្យពួកគេភ្លក្សនូវផលលតបស្នងខ្លះៗចំពោះទង្វើអាក្រក់របស់ពួកគេនៅក្នុងលោកិយនេះ ដោយសង្ឃឹមថា ពួកគេនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយសារការទទួលសារភាពកំហុសចំពោះទ្រង់។
Rum 30:42
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកដើរនៅលើផែនដី ហើយពិនិត្យមើលមើលថាៈ តើលទ្ធផលចុងក្រោយនៃប្រជាជាតិដែលគ្មានជំនឿជំនាន់មុនពួកអ្នកនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត។ ភាគច្រើននៃពួកគេ គឺជាពួកដែលធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់។ ដូច្នេះ ពួកគេក៏ត្រូវបានគេបំផ្លាញ ដោយសារតែការស្ហ៊ីរិករបស់ពួកគេជាមួយនឹងអល់ឡោះជាម្ចាស់។
Rum 30:43
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាឥស្លាមដ៏ត្រឹមត្រូវដែលគ្មានឡើយភាពវៀចវេរនៅក្នុងវា មុននឹងថ្ងៃបរលោកមកដល់ ដែលកាលណាវាមកដល់ហើយនោះ គ្មានអ្នកណាអាចទប់ស្កាត់វាបានឡើយ។ នៅថ្ងៃនោះ មនុស្សលោកត្រូវបានបែងចែកជាពីរក្រុម គឺមួយក្រុមស្ថិតនៅក្នុងឋានសួគ៌ទទួលនូវការសោយសុខ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរកទទួលនូវទណ្ឌកម្ម។
Rum 30:44
ជនណាហើយបានប្រឆាំងនឹងអល់ឡោះ ពិតណាស់គ្រោះថ្នាក់នៃការប្រឆាំងរបស់គេ (ពោលគឺការស្ថិតនៅក្នុងជាអមតៈក្នុងឋាននរក)នោះ គឺត្រឡប់ទៅកាន់ខ្លួនរបស់គេវិញ។ ហើយជនណាដែលបានសាងទង្វើកុសលដោយស្វែងរកការពេញចិត្តពីអល់ឡោះនោះ វាគឺសម្រាប់ខ្លួនពួកគេផ្ទាល់ ដោយពួកគេបានរៀបចំសម្រាប់ខ្លួនពួកគេក្នុងការចូលឋានសួគ៌ និងសោយសុខជាមួយនឹងឧបការគុណដែលមានក្នុងឋានសួគ៌នោះ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Rum 30:45
ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលម្ចាស់របស់ពួកគេពេញចិត្ត។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលប្រឆាំងនឹងទ្រង់ និងប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ពួកគេបំផុត ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនៅថ្ងៃបរលោក។
Rum 30:46
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់ទ្រង់ដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បញ្ជូនខ្យល់មកប្រាប់ដំណឹងល្អដល់ខ្ញុំបម្រើរបស់ទ្រង់ថានឹងមានភ្លៀងធ្លាក់ក្នុងពេលដ៏ខ្លីខាងមុខ និងដើម្បីឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លក្សនូវរសជាតិក្តីមេត្តាករុណារបស់ទ្រង់ ដោយការទទួលបាននូវភាពសម្បូរសប្បាយ និងភាពសុខស្រួលក្រោយពីភ្លៀងធ្លាក់រួច និងដើម្បីឲ្យសំពៅធ្វើដំណើរនៅលើផ្ទៃសមុទ្រទៅតាមចេតនារបស់ទ្រង់ ហើយនិងដើម្បីឲ្យពួកអ្នកស្វែងរកនូវការប្រោសប្រទានអំពីទ្រង់តាមរយៈការជួញដូរនៅលើសមុទ្រ។ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលបានប្រទានឲ្យពួកអ្នក ដែលធ្វើឲ្យទ្រង់កាន់តែបន្ថែមវាដល់ពួកអ្នកថែមទៀត។
Rum 30:47
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិរបស់ពួកគេ។ បណ្តាអ្នកនាំសារទាំងនោះបាននាំមកភស្តុតាងជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ប៉ុន្តែពួកគេ(ប្រជាជាតិ)ទាំងនោះបានបដិសេធចំពោះអ្វីដែលអ្នកនាំសារទាំងនោះបាននាំមក។ ដូច្នេះ យើងបានផ្តន្ទាទោសចំពោះពួកដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយយើងក៏បានបំផ្លាញពួកគេដោយទណ្ឌកម្មរបស់យើង ហើយយើងបានសង្គ្រោះបណ្តាអ្នកនាំសារ និងបណ្តាអ្នកមានជំនឿចំពោះពួកគេទាំងអស់ពីក្តីវិនាស។ ហើយការសង្រ្គោះបណ្តាអ្នកមានជំនឿ(ឲ្យរួចផុតពីវិនាសកម្ម) និងការជួយដល់ពួកគេនោះ គឺជាសិទ្ធិ(របស់ពួកគេ)ដែលយើងបានដាក់វាជាកាតព្វកិច្ចមកលើខ្លួនយើង។
Rum 30:48
អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលបញ្ជា និងបញ្ជូនខ្យល់ ហើយខ្យល់នោះបានជះឥទ្ធិពលទៅកាន់ពពក ហើយធ្វើឲ្យពពកនោះមានចលនា(រសាត់) ហើយទ្រង់បានពង្រាយវានៅលើមេឃតាមដែលទ្រង់មានចេតនា ទោះតិច ឬច្រើន ហើយបានធ្វើឲ្យវាក្លាយទៅជាដុំៗ។ ពេលនោះ អ្នកនឹងបានឃើញទឹកភ្លៀងស្រក់ចេញពីផ្នែកកណ្តាលរបស់វា។ ហើយនៅពេលដែលទ្រង់បានឲ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ ពេលនោះ ពួកគេសប្បាយរីករាយជាមួយនឹងក្តីមេត្តាករុណារបស់អល់ឡោះទៅចំពោះពួកគេតាមរយៈការបញ្ចុះទឹកភ្លៀង ដែលបន្ទាប់ពីនោះមក រុក្ខជាតិជាច្រើនក៏បានដុះលូតលាស់ឡើងសម្រាប់ជាការបំពេញតម្រូវការរបស់ពួកគេ និងសត្វរបស់ពួកគេ។
Rum 30:49
ហើយប្រាកដណាស់ មុនពេលពួកគេត្រូវបានអល់ឡោះបញ្ចុះទឹកភ្លៀងទៅឲ្យពួកគេនោះ ពិតណាស់ ពួកគេពុំមានសង្ឃឹមថានឹងមានភ្លៀងធ្លាក់លើពួកគេឡើយ។
Rum 30:50
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះទៅកាន់ឥទ្ធិពលនៃទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះមកជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ ថាតើអល់ឡោះបានធ្វើឲ្យដីរស់ឡើងវិញដោយទ្រង់ធ្វើឲ្យមានរុក្ខជាតិជាច្រើនប្រភេទដុះនៅលើដីនោះ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្ងួតហួតហែងនោះរស់ឡើងវិញបាន ក៏ជាអ្នកដែលអាចធ្វើឲ្យមនុស្សដែលស្លាប់ទៅហើយនោះរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Rum 30:51
ហើយប្រសិនបើយើងបញ្ជូនខ្យល់ដែលបំផ្លាញទៅលើដំណាំ និងរុក្ខជាតិរបស់ពួកគេ ហើយពួកគេបានឃើញដំណាំរបស់ពួកគេប្រែទៅជាពណ៌លឿងបន្ទាប់ពីវាបានមានពណ៌ខៀវស្រងាត់នោះ ពិតប្រាកដណាស់ បន្ទាប់ពីពួកគេឃើញដូចនោះ ពួកគេប្រាកដជាស្ថិតនៅក្នុងភាពរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះធ្លាប់បានប្រទានឲ្យពួកគេយ៉ាងច្រើនកាលពីពេលមុនមកមិនខាន។
Rum 30:52
ដូច្នេះ ដូចដែលអ្នក(ព្យាការីមូហាំម៉ាត់)គ្មានសមត្ថភាពអាចធ្វើឲ្យអ្នកដែលស្លាប់ហើយនោះស្តាប់ឮ ហើយក៏មិនអាចធ្វើឲ្យអ្នកថ្លង់ស្តាប់ឮនោះដែរ ពិតណាស់ ពួកគេបានឃ្លាតឆ្ងាយពីអ្នកដើម្បីបញ្ជាក់ថា ពួកគេស្តាប់មិនឮមែននោះ ក៏ដូចគ្នាដែរ អ្នកក៏មិនអាចចង្អុលបង្ហាញទៅចំពោះអ្នកដែលមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងពួកអ្នកទាំងនោះ ដោយការគេចវេស និងមិនទទួលផលដូចគ្នានោះដែរ។
Rum 30:53
ហើយអ្នកក៏មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះអ្នកដែលវង្វេងចេញពីមាគ៌ាត្រឹមត្រូវហើយនោះទៅកាន់មាគ៌ាដែលត្រឹមត្រូវវិញនោះដែរ។ អ្នកមិនអាចឲ្យនរណាម្នាក់ស្តាប់ឮដោយទទួលផលពីវានោះទេ លើកលែងតែអ្នកនោះជាអ្នកដែលមានជំនឿចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើងប៉ុណ្ណោះ ពីព្រោះគេនោះហើយ គឺជាអ្នកដែលទទួលផលអំពីអ្វីដែលអ្នកបាននិយាយ។ ជាការពិតណាស់ ពួកគេ គឺជាអ្នកដែលគោរពប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់យើង និងឱនលំទោនចំពោះទ្រង់។
Rum 30:54
អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីទឹកកាមដែលថោកទាប(គ្មានតម្លៃ)។ បន្ទាប់មក ទ្រង់បានធ្វើឲ្យពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈ ក្រោយពីពួកអ្នកមានភាពទន់ខ្សោយនៅក្នុងវ័យកុមារភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់បានឲ្យពួកអ្នកមានភាពទន់ខ្សោយដោយវ័យចាស់ជរាវិញ ក្រោយពីពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈនោះ។ អល់ឡោះទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា ទាំងភាពទន់ខ្សោយ និងភាពរឹងមាំខ្លាំងក្លា។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Rum 30:55
ហើយនៅពេលដែលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្តអាក្រក់នឹងស្បថថាៈ ពួកគេមិនបានស្ថិតនៅក្នុងផ្នូររបស់ពួកគេឡើយ លើកលែងតែរយៈពេលមួយម៉ោងប៉ុណ្ណោះ។ ដូចដែលពួកគេត្រូវបានគេបង្វែរមិនឲ្យដឹងពីរយៈពេលដែលពួកគេស្ថិតនៅក្នុងផ្នូរនោះដែរ ពួកគេធ្លាប់ត្រូវបានបង្វែចេញពីសេចក្តីពិតកាលពួកគេរស់នៅក្នុងលោកិយ។
Rum 30:56
ហើយបណ្តាព្យាការី និងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយដែលអល់ឡោះបានប្រទានចំណេះដឹងដល់ពួកគេនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកអ្នកបានស្ថិតនៅ(ក្នុងផ្នូរ)តាមរយៈពេលដែលអល់ឡោះបានកត់ត្រារួចនៅក្នុងចំណេះដឹងរបស់ទ្រង់ តាំងពីថ្ងៃដែលទ្រង់បានបង្កើតពួកអ្នក រហូតដល់ថ្ងៃដែលទ្រង់ពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវានោះ។ ក៏ប៉ុន្តែ ពួកអ្នកមិនបានដឹងឡើយថា ជាការពិតណាស់ ការពង្រស់មនុស្សឡើងវិញម្តងទៀតនោះ ពិតជាកើតឡើងយ៉ាងពិតប្រាកដមែន។ ដូច្នោះហើយ ទើបពួកអ្នកប្រឆាំង(មិនជឿ)ចំពោះវា។
Rum 30:57
ដូចនេះ នៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ម៉ាខ្លូកទាំងឡាយឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ លេសដោះសារទាំងឡាយដែលពួកបំពានបានបង្កើតនោះ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានគេទាមទារឲ្យសុំការយល់ព្រមពីអល់ឡោះតាមរយៈការសារភាពកំហុស និងការវិលត្រឡប់ទៅកាន់ទ្រង់វិញនោះដែរ ពីព្រោះនៅពេលនោះ វាហួសពេលទៅហើយក្នុងការធ្វើដូច្នោះ។
Rum 30:58
ហើយពិតប្រាកដណាស់ យើងបានលើកគ្រប់ឧទាហរណ៍ទាំងអស់នៅក្នុងគម្ពីរគួរអាននេះដល់មនុស្សលោក(ជាការគិតគូដល់ពួកគេ) ដើម្បីបញ្ជាក់ឲ្យបានច្បាស់ដល់ពួកគេនូវប្រការពិត និងប្រការមិនពិត។ ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននាំមកឲ្យពួកគេនូវភស្តុតាងមួយដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកក៏ដោយ ក៏ប្រាកដជាពួកដែលប្រឆាំងចំពោះអល់ឡោះនោះនឹងនិយាយថាៈ ពួកអ្នកគ្មានអ្វី ក្រៅពីជាពួកដែលបោកប្រាស់ចំពោះអ្វីដែលពួកអ្នកបាននាំមកនោះឡើយ។
Rum 30:59
ដូចដែលគេបានបោះត្រាទៅលើដួងចិត្តរបស់ពួកដែលកាលណាអ្នកបាននាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក៏ពួកគេមិនជឿចំពោះវានោះដែរ គឺអល់ឡោះនឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលមិនដឹងថា អ្វីដែលអ្នកបាននាំមកនោះ គឺជាការពិតដូច្នោះដែរ។
Rum 30:60
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់លើការបដិសេធនៃក្រុមរបស់អ្នកចំពោះអ្នកចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នកដែលថា ទ្រង់នឹងជួយអ្នក ហើយនិងផ្តល់អំណាចគ្រប់គ្រងដល់អ្នកនោះ វាគឺជាការពិតដែលគ្មានសង្ស័យឡើយនៅក្នុងវា។ ហើយចូរកុំឲ្យពួកដែលគ្មានការជឿជាក់ថា ពួកគេនឹងត្រូវបានគេពង្រស់ឡើងវិញនោះ រារាំងអ្នក ធ្វើឲ្យអ្នកមានការតក់ក្រហល់ ហើយបោះបង់ការអត់ធ្មត់ឲ្យសោះ។
Lukman 31:1
អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ)។
Lukman 31:2
បណ្តាវាក្យខណ្ឌដែលត្រូវបានបញ្ចុះទៅលើអ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលបរិយាយប្រកបទៅដោយគតិបណ្ឌិត។
Lukman 31:3
ហើយវាគឺជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាដែលសាងអំពើល្អ ដោយពួកគេបានបំពេញនូវសិទ្ធិ(កាតព្វកិច្ច)ម្ចាស់របស់ពួកគេ និងសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។
Lukman 31:4
គឺបណ្តាដែលប្រតិបត្តិសឡាតយ៉ាងពេញលក្ខណៈ និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេជឿជាក់យ៉ាងពិតប្រាកដចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃបរលោក ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ (ការទទួល)ផលបុណ្យ និង(ការទទួល)ទណ្ឌកម្ម។
Lukman 31:5
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលស្ថិតនៅលើការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ហើយពួកគេ គឺអ្នកដែលទទួលជោគជ័យ ដោយទទួលបានអ្វីៗដែលពួកគេប្រាថ្នា និងឃ្លាតឆ្ងាយពីអ្វីដែលពួកគេខ្លាចរអា។
Lukman 31:6
ហើយក្នុងចំណោមមនុស្សលោក (ដូចជា អាន់ណាទើរ កូន អាល់ហារីស) គឺមានអ្នកដែលជ្រើសរើសយកពាក្យសម្តីលេងសើចដើម្បីបង្វែរមនុស្សលោកពីសាសនារបស់អល់ឡោះដោយគ្មានចំណេះដឹងឲ្យទៅរកវា ហើយបានយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាការសើចចំអក។ ពួកដែលលក្ខណៈសម្បត្តិបែបនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឲ្យអាម៉ាស់បំផុតនៅថ្ងៃបរលោក។
Lukman 31:7
ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌទាំងឡាយរបស់យើងឲ្យរូបគេស្តាប់ គឺគេបែរចេញពីវាដោយភាពក្រអឺតក្រទមមិនស្តាប់នោះឡើយ ហាក់ដូចរូបគេមិនបានឮវាសោះ ហាក់ដូចជានៅក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកចុកមិនឲ្យស្តាប់ឮសម្លេងអ្វីសោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់គេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតដែលកំពុងតែរង់ចាំរូបគេចុះ។
Lukman 31:8
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម ដោយពួកគេនឹងសើយសុខជាមួយនឹងអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៅក្នុងឋានសួគ៌នោះ។
Lukman 31:9
ពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ការសន្យាររបស់អល់ឡោះចំពោះពួកគេដូច្នោះនោះ គឺជាការសន្យាដ៏ពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
Lukman 31:10
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានបញ្ឈរយ៉ាងខ្ពស់ឡើងដោយគ្មានសសរអ្វីសោះ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឲ្យផែនដីមានការញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដែលមានទេសភាពស្រស់បំព្រង ដែលមនុស្សលោកនិងសត្វធាតុទាំងឡាយអាចទាញយកផលប្រយោជន៍អំពីវាបាន។
Lukman 31:11
អ្វីដែលបានរៀបរាប់នេះ គឺជាការបង្កើតរបស់អល់ឡោះជាម្ចាស់។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឲ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះបានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពានទាំងឡាយ គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ចេញពីការពិត ដោយពួកគេធ្វើស្ហ៊ីរិកជាមួយម្ចាស់របស់ពួកគេនឹងអ្នកដែលមិនបានបង្កើតអ្វីសោះ ខណៈពួកវាក៏ជាអ្នកដែលត្រូវបានគេបង្កើតដែរនោះ។
Lukman 31:12
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យ លុកម៉ាន នូវការយល់ដឹងអំពីសាសនា ហើយនិងភាពត្រឹមត្រូវក្នុងកិច្ចការទាំងឡាយ ហើយយើងបានមានបន្ទូលទៅកាន់គេថាៈ (ឱលុកម៉ាន!) ចូរអ្នកដឹងគុណម្ចាស់របស់អ្នកទៅលើអ្វីដែលទ្រង់បានប្រទានឲ្យនៃការចង្អុលបង្ហាញឲ្យគោរពប្រតិបត្តិចំពោះទ្រង់។ ហើយជនណាដែលដឹងគុណម្ចាស់របស់គេ ពិតណាស់ផលនៃការដឹងគុណនោះ គឺវិលត្រឡប់ទៅកាន់ខ្លួនគេវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់ ទ្រង់មិនត្រូវការការដឹងគុណរបស់គេនោះឡើយ។ ហើយជនណាដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ ហើយប្រឆាំងនឹងទ្រង់នោះ តាមពិត គ្រោះថ្នាក់នៃការប្រឆាំងរបស់គេនោះ គឺធ្លាក់ទៅលើខ្លួនគេប៉ុណ្ណោះ ដោយវាមិនអាចផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវម៉ាខ្លូករបស់ទ្រង់ទាំងអស់នោះនោះឡើយ និងជាអ្នកដែលត្រូវគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។
Lukman 31:13
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលលុកម៉ានបាននិយាយទៅកាន់កូនរបស់គាត់ ខណៈពេលដែលគាត់បានបញ្ចុះបញ្ចូលកូនរបស់គាត់ឲ្យធ្វើល្អ និងព្រមានពីអំពើអាក្រក់ថាៈ ឱកូនសម្លាញ់! ចូរកូនកុំគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ។ ពិតប្រាកដណាស់ ការគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយអល់ឡោះនោះ គឺជាការបំពានដ៏ធំធេងបំផុតចំពោះខ្លួនឯង ដោយសារវាជាការប្រព្រឹត្តបាបកម្មដ៏ធំបំផុតដែលនាំឲ្យរូបគេស្ថិតនៅជាអមតៈក្នុងឋាននរក។
Lukman 31:14
ហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោកឲ្យគោរពប្រតិបត្តិចំពោះឪពុកម្តាយរបស់គេ និងធ្វើល្អទៅកាន់គាត់ទាំងពីរចំពោះអ្វីដែលមិនមែនជាប្រការល្មើសចំពោះអល់ឡោះ។ ម្តាយរបស់គេបានពពោះគេនៅក្នុងផ្ទៃដោយប្រឈមនឹងការលំបាកជាបន្តបន្ទាប់ និងបានផ្តាច់គេអំពីការបំបៅដោះ(ផ្តាច់ដោះ)ក្នុងអំឡុងពេលពីរឆ្នាំ។ ហើយយើងបានបន្ទូលទៅកាន់គេថាៈ ចូរអ្នកដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់អ្នក។ បន្ទាប់មក ចូរអ្នកដឹងគុណទៅចំពោះឪពុកម្តាយរបស់អ្នកទៅលើការចិញ្ចឹមបីបាច់ថែរក្សារបស់គាត់ទាំងពីរមកចំពោះអ្នក។ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ ហើយយើងនឹងធ្វើការតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។
Lukman 31:15
ហើយប្រសិនបើឪពុកម្តាយទាំងពីររបស់អ្នកបានជម្រុញអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយការបង្ខំពីពួកគាត់ទាំងពីរនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរចំពោះរឿងនេះឲ្យសោះ ពីព្រោះគេមិនត្រូវគោរពតាមម៉ាខ្លូក(ដែលត្រូវបានគេបង្កើត)ក្នុងរឿងដែលល្មើសជាមួយ(អល់ឡោះដែលជា)អ្នកបង្កើតនោះឡើយ។ ប៉ុន្តែ អ្នកត្រូវមានភាពកតញ្ញូ និងទំនាក់ទំនងល្អជាមួយគាត់ទាំងពីរនៅក្នុងលោកិយនេះ។ ហើយចូរអ្នកធ្វើតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើងដោយគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះយើងតែមួយគត់។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក គឺមកកាន់យើងតែមួយគត់ ហើយយើងនឹងប្រាប់ពួកអ្នកពីទង្វើដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាងនោះ។
Lukman 31:16
ឱកូនសម្លាញ់! ប្រាកដណាស់ មិនថាអំពើអាក្រក់ ឬអំពើល្អនោះទេ ទោះបីជាវាមានទំហំតូចមានទម្ងន់ប៉ុនគ្រាប់ស្ពៃ ហើយស្ថិតនៅក្នុងផ្ទាំងថ្មដែលគ្មាននរណាម្នាក់អាចមើលឃើញ ឬនៅកន្លែងណាមួយនៅលើមេឃជាច្រើនជាន់ ឬក៏នៅលើផែនដីក៏ដោយ ក៏អល់ឡោះនឹងនាំយកវាមកនៅថ្ងៃបរលោក ហើយនិងតបស្នងដល់ខ្ញុំបម្រើរបស់ទ្រង់លើទង្វើនោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាល្អិតល្អន់បំផុត ដោយគ្មានរបស់ដែលតូចតាចណាមួយអាចលាក់បាំងពីទ្រង់បានឡើយ មហាដឹងបំផុតអំពីធាតុពិតរបស់វា និងទីកន្លែងរបស់វា។
Lukman 31:17
ឱកូនសម្លាញ់! ចូរកូនប្រតិបត្តិសឡាតដោយត្រូវប្រតិបត្តិវាឲ្យបានពេញលេញ ហើយចូរប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ហើយចូរកូនអត់ធ្មត់ទៅលើការលំបាកនានាដែលនឹងប៉ះទង្គិចលើកូនដោយសាររឿងនោះ។ ប្រាកដណាស់ អ្វីដែលគេបញ្ជាប្រើឲ្យកូនធ្វើនោះ គឺជាកាតព្វកិច្ចដែលអល់ឡោះបានដាក់មកលើកូនឲ្យធ្វើវាជាចាំបាច់។ ដូច្នេះ កូនគ្មានជម្រើសឡើយក្នុងរឿងនេះ។
Lukman 31:18
ហើយចូរកូនកុំងាកមុខរបស់កូនចេញពីមនុស្សលោកដោយភាពក្អេងក្អាង ហើយសូមកុំដើរនៅលើផែនដីដោយមោទភាពចំពោះខ្លួនឯងឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ជនណាដែលដើរដោយភាពក្រអឺតក្រទម និងមានមោទនភាពជាមួយនឹងឧបការគុណដែលអល់ឡោះបានប្រទានឲ្យ ហើយក្រអឺតក្រទមទៅលើអ្នកដទៃដោយសារតែគេទទួលបានឧបការគុណទាំងនោះ និងមិនចេះដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះនោះទេ។
Lukman 31:19
ហើយចូរកូនបន្ទន់ឥរិយាបថក្នុងការធ្វើដំណើររបស់កូន ដោយមិនត្រូវដើរលឿនពេក ឬយឺតពេកនោះទេ ដោយត្រូវដើរដោយបង្ហាញពីភាពរម្យទម។ ហើយចូរកូនបន្ទន់សម្លេងរបស់កូន ដោយមិនត្រូវប្រើសម្លេងខ្លាំងៗដែលរំខានដល់អ្នកដទៃនោះឡើយ។ ពិតប្រាកដណាស់ សំឡេងដែលអាក្រក់ជាងគេនោះ គឺសម្លេងរបស់សត្វលា ពីព្រោះសម្លេងរបស់វាឮខ្លាំងណាស់។
Lukman 31:20
តើពួកអ្នកមិនបានឃើញទេឬ(ឱមនុស្សលោកទាំងឡាយ) ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយសម្រួលដល់ពួកអ្នកអាចទាញយកផលប្រយោជន៍ពីអ្វីដែលនៅលើមេឃ ដូចជាព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយ។ ហើយទ្រង់ក៏បានផ្តល់ភាពងាយស្រួលផងដែរដល់ពួកអ្នកនូវអ្វីដែលមាននៅលើផែនដី ដូចជាសត្វធាតុនានា ព្រៃព្រឹក្សា និងរុក្ខជាតិទាំងឡាយ។ ហើយទ្រង់បានបំពេញឲ្យពួកអ្នកនូវឧបការគុណទាំងឡាយរបស់ទ្រង់ផ្នែកខាងក្រៅដែលអាចមើលឃើញជាក់ស្តែង ដូចជារូបរាងនិងសម្រស់ស្រស់ស្អាត និងឧបការគុណផ្នែកខាងក្នុងដែលមិនអាចមើលឃើញជាក់ស្តែង ដូចជាសតិបញ្ញា និងចំណេះដឹង។ តែទោះបីជាមាននូវឧបការគុណទាំងនេះហើយក្តី ក៏មានមនុស្សមួយចំនួនបានជជែកដេញដោលចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដោយគ្មានចំណេះដឹងដែលផ្អែកទៅលើវ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះ ឬផ្អែកទៅលើប្រាជ្ញារបស់គេ ឬផ្អែកលើគម្ពីរដ៏ច្បាស់លាស់ណាមួយដែលបានបញ្ចុះមកពីអល់ឡោះដដែល។
Lukman 31:21
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលជជែកដេញដោលចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះទាំងនោះថាៈ ចូរពួកអ្នកដើរតាមវ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពួកគេឆ្លើយតបថាៈ ពួកយើងមិនដើរតាមវាឡើយ។ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ ដូចជាការគោរពសក្ការៈទៅចំពោះព្រះទាំងឡាយរបស់ពួកយើងជាដើម។ តើពួកគេដើរតាមជីដូនជីតារបស់ពួកគេដែរឬ បើទោះបីជាស្ហៃតនបានអូសទាញជីដូនជីតារបស់ពួកគេឲ្យទៅកាន់ទណ្ឌកម្មដែលឆាបឆេះនៅថ្ងៃបរលោក(ដោយវាបានពង្វក់ពួកគេឲ្យគោរពសក្ការៈទៅចំពោះរូបបរិមា)ក៏ដោយនោះ?
Lukman 31:22
ហើយជនណាដែលបែរទៅរកអល់ឡោះដោយភាពស្មោះសចំពោះទ្រង់ក្នុងការគោរពសក្ការៈ និងបានសាងទង្វើល្អត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាមួយនឹងខ្សែដ៏រឹងមាំដែលអ្នកដែលសង្ឃឹមជោគជ័យតែងតែប្រកាន់ខ្ជាប់នឹងវា ដោយគ្មានភ័យខ្លាចពីការដាច់ឡើយនូវអ្វីដែលគេកំពុងតែប្រកាន់ខ្ជាប់នោះ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។
Lukman 31:23
រីឯជនណាដែលប្រឆាំងនឹងអល់ឡោះវិញនោះ ចូរកុំឲ្យការប្រឆាំងរបស់គេធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ ពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកគេពីទង្វើអាក្រក់ទាំងឡាយដែលពួកគេបានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកគេលើទង្វើទាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ) ដោយគ្មានអ្វីមួយដែលនៅក្នុងចិត្តរបស់គេអាចលាក់បាំងពីទ្រង់បានឡើយ។
Lukman 31:24
យើងឲ្យពួកគេសោយសុខជាមួយនឹងភាពត្រេកត្រអាលដែលយើងប្រទានឲ្យពួកគេនៅក្នុងលោកិយនេះក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ បន្ទាប់មក យើងនឹងអូសពួកគេទៅកាន់ទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត(នៅថ្ងៃបរលោក) នោះគឺទណ្ឌកម្មនៃភ្លើងនរក។
Lukman 31:25
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់? ហើយតើអ្នកណាដែលបានបង្កើតផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបង្កើតវាទាំងពីរនេះ។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្ហាញនូវភស្តុតាងទៅលើពួកអ្នក។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនបានដឹងថា តើនរណាដែលសាកសមនឹងទទួលការកោតសរសើរនោះឡើយ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ។
Lukman 31:26
អ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការអ្វីមួយពីម៉ាខ្លូកទាំងអស់របស់ទ្រង់នោះឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
Lukman 31:27
ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដីត្រូវបានកាប់យកធ្វើជាស្លាបប៉ាកា ហើយយកទឹកសមុទ្រធ្វើជាទឹកថ្នាំ(ដើម្បីសរសេរ) ហើយយកមកបន្ថែមពីលើនោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាបន្ទូលរបស់អល់ឡោះអស់ដែរ ពីព្រោះពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់នោះឡើយ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងពូកែ ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។
Lukman 31:28
ការបង្កើតពួកអ្នកទាំងអស់គ្នា(ឱមនុស្សលោក) និងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងនោះ គឺងាយស្រួលដូចជាការបង្កើតជីវិតមួយ ហើយពង្រស់វាឲ្យរស់ឡើងវិញដូច្នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាឮបំផុត ដែលការឮសម្លេងមួយមិនរំខានដល់ការស្តាប់ឮសម្លេងមួយផ្សេងទៀតនោះឡើយ។ ទ្រង់មហាឃើញបំផុត ដែលការឃើញអ្វីមួយមិនរំខានដល់ការមើលឃើញអ្វីផ្សេងទៀតនោះឡើយ។ ក៏ដូចគ្នាដែរ ការបង្កើតជីវិតមួយ ឬការពង្រស់ជីវិតមួយមិនរំខានដល់ការបង្កើត និងពង្រស់ជីវិតមួយផ្សេងទៀតនោះឡើយ។
Lukman 31:29
តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកាត់បន្ថយពេលយប់ដើម្បីបន្ថែមដល់ពេលថ្ងៃ ហើយទ្រង់បានកាត់បន្ថយពេលថ្ងៃដើម្បីបន្ថែមដល់ពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើរទៅតាមគន្លងរបស់វា រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។
Lukman 31:30
ការចាត់ចែង និងការកំណត់ទាំងនោះហើយជាសាក្សីដែលបញ្ជាក់ថា ពិតប្រាកដណាស់ អល់ឡោះតែមួយគត់ គឺជាម្ចាស់ដ៏ពិតប្រាកដ។ ទ្រង់ជាម្ចាស់ដ៏ពិតប្រាកដក្នុងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយអ្វីដែលពួកមុស្ហរីគីនកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីទ្រង់នោះ គឺជាប្រការមិនពិត ដែលគ្មានមូលដ្ឋានអ្វីសម្រាប់វាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ដោយខ្លួនទ្រង់ផ្ទាល់ ដោយអំណាចរបស់ទ្រង់ និងដោយការកំណត់របស់ទ្រង់ទៅលើម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ដែលគ្មាននរណាខ្ពង់ខ្ពស់ជាងទ្រង់ឡើយ ហើយទ្រង់មហាធំធេងលើសអ្វីៗទាំងអស់។
Lukman 31:31
តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ នាវាទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយសារភាពទន់ភ្លន់និងការបង្គាប់ប្រើរបស់ទ្រង់ ដើម្បីទ្រង់បង្ហាញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់ដែលបង្ហាញទៅលើសមត្ថភាព និងភាពទន់ភ្លន់របស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្តុតាងដែលបញ្ជាក់ទៅលើសមត្ថភាពរបស់ទ្រង់សម្រាប់បណ្តាអ្នកដែលអត់ធ្មត់លើគ្រោះថ្នាក់ដែលគេជួបប្រទះ និង(សម្រាប់)អ្នកដែលដឹងគុណទៅលើឧបការគុណទាំងឡាយដែលគេទទួលបាន។
Lukman 31:32
ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេគ្រប់ទិសប្រៀបបីដូចជាភ្នំនិងដុំពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះតែមួយគត់ដោយចិត្តស្មោះសក្នុងការបួងសួង និងការគោរពសក្ការៈ។ តែនៅពេលដែលអល់ឡោះបានទទួលយកនូវការបួងសួងរបស់ពួកគេ និងបានសង្រ្គោះពួកគេទៅដល់ដីគោក ហើយពួកគេបានរួចផុតពីការលិចលង់ទឹកហើយនោះ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ ដោយពួកគេមិនបានដឹងគុណអល់ឡោះជាម្ចាស់ឲ្យបានពេញលេញនោះឡើយតាមអ្វីដែលទ្រង់បានដាក់កាតព្វកិច្ចនោះឡើយ ហើយអ្នកខ្លះទៀត ជាអ្នកដែលប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះតែម្តង។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែពួកដែលក្បត់(ដូចជាបុគ្គលរូបនេះដែលបានសន្យានឹងអល់ឡោះថា ប្រសិនបើទ្រង់ជួយសង្គ្រោះរូបគេឲ្យរួចផុតពីគ្រោះថ្នាក់នោះ ប្រាកដជារូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណចំពោះទ្រង់ជាមិនខាន) ហើយនិងពួកដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះ ដោយគ្មានដឹងគុណម្ចាស់របស់គេដែលបានប្រទានឧបការគុណដល់គេនោះប៉ុណ្ណោះ។
Lukman 31:33
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកោតខ្លាចទណ្ឌកម្មនៅថ្ងៃដែលឪពុកមិនអាចជួយអ្វីដល់កូនបន្តិចឡើយ ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងផ្តល់ការតបស្នងនៅថ្ងៃបរលោកនោះ គឺជាការពិត ដែលពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយជៀសមិនរួចឡើយ។ ដូច្នេះ ចូរកុំឲ្យឆាកជីវិតលោកិយដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងការត្រេកត្រអាលនោះបោកប្រាស់ពួកអ្នកឲ្យសោះ ហើយចូរកុំឲ្យស្ហៃតននោះបោកប្រាស់ពួកអ្នក តាមរយៈការដែលអល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ចំពោះពួកអ្នក និងពន្យារពេលដាក់ទណ្ឌកម្មលើពួកអ្នកនោះឲ្យសោះ។
Lukman 31:34
ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅជាមួយអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ទ្រង់ដឹងថា តើវានឹងកើតឡើងនៅពេលណា។ ហើយទ្រង់បញ្ចុះទឹកភ្លៀងនៅពេលណាដែលទ្រង់មានចេតនា។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី ថាតើគភ៌នោះជាកូនប្រុស ឬជាកូនស្រី ជាអ្នកដែលអពមង្គល ឬជាអ្នកមានសុភមង្គល? ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា នៅថ្ងៃស្អែក តើមានប្រការល្អ ឬប្រការអាក្រក់អ្វីខ្លះដែលរូបគេនឹងទទួលបាន ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីកន្លែងណានោះដែរ។ ផ្ទុយទៅវិញ រឿងរ៉ាវទាំងអស់នេះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបចំពោះរឿងរ៉ាវវទាំងនោះ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
Secde 32:1
អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)។
Secde 32:2
គម្ពីរគួរអានដែលព្យាការីមូហាំម៉ាត់បាននាំមកនេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់ ដោយគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
Secde 32:3
ជាការពិតណាស់ ពួកដែលប្រឆាំងទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ មូហាំម៉ាត់ បានតាក់តែងគម្ពីរគួរអាននេះដោយខ្លួនឯង ហើយអះអាងថា វាមកពីម្ចាស់របស់គេ។ រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះឡើយ។ ផ្ទុយទៅវិញ វា(គម្ពីរគួរអាន)គឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ វាត្រូវបានបញ្ចុះមកពីម្ចាស់របស់អ្នកមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដើម្បីឲ្យអ្នកព្រមានបន្លាចក្រុមមួយដែលមិនធ្លាប់មានអ្នកនាំសារណាម្នាក់មកបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះមុនអ្នកនោះឡើយ។ សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត ហើយពួកគេនឹងដើរតាម និងអនុវត្តន៍តាមវា។
Secde 32:4
អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ ជាអ្នកដែលបានបង្កើតផែនដី និងបានបង្កើតអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ខណៈដែលទ្រង់មានសមត្ថភាពអាចបង្កើតវាតែក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់គង់លើអារ៉ស្ហ ក្នុងលក្ខណៈដែលសក្តិសមនឹងភាពថ្កំថ្កើងរបស់ទ្រង់។ ពួកអ្នក(ឱមនុស្សលោក)គ្មានអ្នកគាំពារណាដែលគាំពារកិច្ចការរបស់ពួកអ្នកក្រៅពីទ្រង់ឡើយ ហើយក៏គ្មានអ្នកអន្តរាគមន៍ណាដែលអាចជួយអន្តរាគមន៍ពួកអ្នកចំពោះម្ចាស់របស់ពួកអ្នកនោះដែរ។ ដូច្នេះ តើពួកអ្នកមិនបានគិតពិចារណា ហើយធ្វើការគោរពសក្ការៈទៅចំពោះអល់ឡោះដែលជាអ្នកបានបង្កើតពួកអ្នក និងមិនគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយទ្រង់ទេឬ?
Secde 32:5
អល់ឡោះជាម្ចាស់ទ្រង់ចាត់ចែងកិច្ចការទាំងឡាយរបស់ម៉ាខ្លូកទាំងអស់ទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី។ បន្ទាប់មក កិច្ចការទាំងនោះនឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលមានរយៈពេលមួយពាន់ឆ្នាំ តាមឆ្នាំដែលពួកអ្នក(ឱមនុស្សលោក)គិតវានៅលើលោកិយ។
Secde 32:6
អ្នកដែលចាត់ចែងកិច្ចការទាំងអស់នោះ គឺជាអ្នកដែលដឹងនូវអ្វីដែលអវត្តមាន និងអ្វីដែលមានវត្តមាន។ គ្មានអ្វីមួយនៃប្រការទាំងពីរនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាខ្លាំងពូកែដែលគ្មានសត្រូវណាម្នាក់របស់ទ្រង់ដែលទ្រង់ផ្តន្ទាទោសចំពោះរូបគេនោះអាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់ចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
Secde 32:7
ទ្រង់ជាអ្នកដែលហ្មត់ចត់បំផុតចំពោះរាល់អ្វីទាំងឡាយដែលទ្រង់បានបង្កើត ហើយទ្រង់បានចាប់ផ្តើមបង្កើតព្យាការីអាហ្ទាំអំពីដីឥដ្ឋ ដោយគ្មានគំរូពីមុនមកឡើយ។
Secde 32:8
បន្ទាប់មក ទ្រង់បានបង្កើតកូនចៅរបស់គាត់បន្ទាប់ពីគាត់(ព្យាការីអាហ្ទាំ)អំពីទឹកកាមដែលគ្មានតម្លៃ។
Secde 32:9
បន្ទាប់មក ទ្រង់បានបង្កើតមនុស្សលោកឲ្យមានលក្ខណៈពេញលេញ ហើយទ្រង់បានផ្លុំព្រលឹងទៅក្នុងវាដោយបញ្ជាទៅកាន់ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំបញ្ចូលវិញ្ញាណឲ្យផ្លុំ។ ហើយទ្រង់បានបង្កើតឲ្យពួកអ្នក(ឱមនុស្សលោក)នូវត្រចៀកដើម្បីស្តាប់ បង្កើតឲ្យមានភ្នែកដើម្បីមើល ហើយនិងបង្កើតបេះដូង(ដួងចិត្ត)ដើម្បីឲ្យពួកអ្នកគិតពិចារណា។ អ្វីដែលពួកអ្នកដឹងគុណទៅលើឧបការគុណដែលអល់ឡោះបានប្រទានឲ្យពួកអ្នកទាំងនេះ គឺតិចតួចបំផុត។
Secde 32:10
ហើយពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)បាននិយាយថាៈ នៅពេលដែលពួកយើងបានស្លាប់ និងបានកប់ទៅក្នុងដី ហើយខ្លួនប្រាណរបស់ពួកយើងបានក្លាយទៅជាដីអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញជាថ្មីម្តងទៀតឬ? គឺមិនអាចទៅរួចឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលប្រឆាំងនឹងការពង្រស់ឡើងវិញ ដោយពួកគេមិនមានជំនឿចំពោះវាឡើយ។
Secde 32:11
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ម៉ាលីគុលម៉ោតដែលទទួលបន្ទុកខាងដកយកជីវិត ដែលអល់ឡោះបានប្រគល់កិច្ចការឲ្យដកយកជីវិតពួកអ្នកនោះ នឹងយកជីវិតពួកអ្នក។ បន្ទាប់មក នៅថ្ងៃបរលោក ពួកអ្នកនឹងវិលត្រឡប់មកកាន់យើង(អល់ឡោះ)តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Secde 32:12
ពួកដែលសាងទង្វើអាក្រក់នឹងបង្ហាញខ្លួននៅថ្ងៃបរលោក ខណៈដែលពួកគេជាពួកដែលថោកទាបបំផុតដោយពួកគេឱនក្បាលរបស់ពួកគេចុះ ដោយសារតែពួកគេប្រឆាំង(មិនជឿ)នឹងការពង្រស់មនុស្សឲ្យរស់ឡើងវិញ។ ពួកគេមានអារម្មណ៍ថាមានភាពអាម៉ាស់ ហើយពួកគេបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានឃើញហើយនូវការពង្រស់ឡើងវិញដែលពួកយើងធ្លាប់បានបដិសេធមិនជឿចំពោះវា ហើយពួកយើងក៏បានឮហើយដែរថា អ្វីដែលបណ្តាអ្នកនាំសារដែលមកអំពីទ្រង់បាននាំមកនោះ គឺពិតជាការពិតមែន។ ហេតុនេះ សូមទ្រង់មេត្តាឲ្យពួកខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតផង ដើម្បីឲ្យពួកយើងអាចសាងទង្វើដែលធ្វើឲ្យទ្រង់ពេញចិត្តចំពោះពួកយើងវិញ។ ពេលនេះ ពួកយើងជឿជាក់យ៉ាងច្បាស់ហើយចំពោះការពង្រស់ឡើងវិញ និងចំពោះសេចក្តីពិតដែលបណ្តាអ្នកនាំសារបាននាំមកនោះ។ ប្រសិនបើអ្នកបានឃើញពួកដែលសាងទង្វើអាក្រក់ស្ថិតក្នុងស្ថានភាពបែបនេះនោះ ពិតណាស់ អ្នកពិតជាបានឃើញនូវរឿងរ៉ាវមួយដ៏ធំធេង។
Secde 32:13
ហើយប្រសិនបើយើងមានចេតនាផ្តល់ឲ្យបុគ្គលគ្រប់រូបនូវការចង្អុលបង្ហាញនោះ យើងប្រាកដជានឹងផ្តល់ការចង្អុលបង្ហាញដល់ពួកគេទាំងអស់គ្នាជាមិនខាន។ ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចប្រកបគតិបណ្ឌិតនិងយុត្តិធម៌ហើយថាៈ យើងនឹងបំពេញនរកជើហាន់ណាំនៅថ្ងៃបរលោកដោយពួកគ្មានជំនឿទាំងពីរក្រុម គឺពពួកជិន និងមនុស្សលោក ដោយសារតែពួកគេបានជ្រើសរើសយកមាគ៌ានៃភាពគ្មានជំនឿនិងវង្វេង ដោយបោះបង់មាគ៌ានៃសេចក្តីជំនឿនិងភាពត្រឹមត្រូវ។
Secde 32:14
ហើយមានគេនិយាយទៅកាន់ពួកគេនៅថ្ងៃបរលោកនោះក្នុងលក្ខណៈតិះដៀលនិងស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មចុះ ដោយសារតែការព្រងើយកន្តើយរបស់ពួកអ្នកនៅក្នុងលោកិយអំពីការជួបនឹងអល់ឡោះនៅថ្ងៃបរលោកដើម្បីជំនុំជម្រះនោះ។ ពិតប្រាកដណាស់ យើងទុកពួកអ្នកចោលនៅក្នុងទណ្ឌកម្មដោយមិនខ្វល់ពីអ្វីដែលពួកអ្នកទទួលរងនោះឡើយ។ ហើយចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្មភ្លើងនរកដ៏អមតៈដែលគ្មានទីបញ្ចប់ ដោយសារតែអំពើល្មើសដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយ។
Secde 32:15
ជាការពិតណាស់ អ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះ កាលណាគេទូន្មានពួកគេជាមួយនឹងវាក្យខណ្ឌទាំងនោះ គឺពួកគេក្រាបស៊ូជោតទៅកាន់អល់ឡោះដោយការលើកតម្កើង កោតសរសើទៅចំពោះទ្រង់ ហើយពួកគេពុំមានភាពក្រអឺតក្រទមក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ និងមិនក្រអឺតក្រទមក្នុងការក្រាបស៊ូជូទទៅកាន់ទ្រង់នោះឡើយ ទោះជាក្នុងស្ថានភាពបែបណាក៏ដោយ។
Secde 32:16
ខ្នងរបស់ពួកគេបានឃ្លាតឆ្ងាយអំពីពូករបស់ពួកគេដែលពួកគេតែងគេងនៅលើវា ដោយពួកគេទុកវាចោល ហើយសំដៅឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់។ ពួកគេបួងសួងទៅចំពោះទ្រង់ទាំងក្នុងពេលសឡាតរបស់ពួកគេ និងក្នុងពេលផ្សេងទៀត ដោយបារម្ភខ្លាចទណ្ឌកម្មរបស់ទ្រង់ និងប្រាថ្នាចង់បានក្តីមេត្តាករុណារបស់ទ្រង់ ហើយពួកគេបានបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដែលយើងបានប្រទានឲ្យពួកគេនោះក្នុងមាគ៌ារបស់អល់ឡោះ។
Secde 32:17
ជាការពិតណាស់ គ្មានបុគ្គលណាម្នាក់អាចដឹងនោះទេនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកគេអំពីអ្វីដែលធ្វើឲ្យពួកគេគាប់ចិត្តនោះ ជាការតបស្នងអំពីទ្រង់ចំពោះពួកគេទៅលើទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយ។ ដូច្នេះ វាគឺជាការតបស្នងមួយដែលគ្មានរណាម្នាក់ដឹងក្រៅពីអល់ឡោះឡើយ ព្រោះតែភាពអស្ចារ្យរបស់វា។
Secde 32:18
អ្នដែលមានជំនឿចំពោះអល់ឡោះដែលអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ព្រមជៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺមិនដូចទៅនឹងពួកដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះនោះឡើយ។ ក្រុមទាំងពីរនេះ គឺមិនស្មើគ្នាឡើយចំពោះអល់ឡោះនៅក្នុងការប្រទានការតបស្នងនោះ។
Secde 32:19
រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ពិតណាស់ការតបស្នងដែលគេបានរៀបចំសម្រាប់ពួកគេនោះ គឺឋានសួគ៌ ដែលពួកគេនឹងស្ថិតនៅក្នុងនោះ ជាការផ្តល់កិត្តិយសអំពីអល់ឡោះជាម្ចាស់ដល់ពួកគេ និងជាការតបស្នងទៅលើទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយនេះ។
Secde 32:20
ចំណែកឯពួកដែលបានចាកចេញពីការគោរពប្រតិបត្តិអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើសនោះ កន្លែងស្នាក់នៅរបស់ពួកគេដែលគេបានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនោះ គឺឋាននរក ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ រាល់ពេលដែលពួកគេចង់ចេញអំពីឋាននរកនោះ ពួកគេត្រូវបានគេបញ្ជូនឲ្យត្រឡប់ទៅកាន់ឋាននរកវិញ ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវាកាលនៅក្នុងលោកិយ នៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកអ្នកបានដាស់តឿនបន្លាចពួកអ្នកអំពីវានោះ។
Secde 32:21
ហើយយើងប្រាកដជានឹងឲ្យពួកបដិសេធដែលចាកចេញពីការគោរពប្រតិបត្តិម្ចាស់របស់ពួកគេនោះភ្លក្សនូវការលំបាកនិងការសាកល្បងនៅក្នុងលោកិយនេះ មុនពេលដែលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដែលគេបានត្រៀមទុកសម្រាប់ពួកគេនៅថ្ងៃបរលោកមកដល់ ប្រសិនបើពួកគេមិនព្រមសារភាពកំហុសទេនោះ។ សង្ឃឹមថា ពួកគេវិលត្រឡប់ទៅរកការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេវិញ។
Secde 32:22
ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងពួកដែលត្រូវបានគេទូន្មានជាមួយនឹងវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ តែគេបែរជាមិនព្រមទទួលយកការទូន្មាននោះ ព្រមទាំងបែរចេញពីវាដោយមិនខ្វាលខ្វល់នោះឡើយ។ ពិតប្រាកដណាស់ ចំពោះពួកដែលប្រព្រឹត្តអំពើអាក្រក់(ដោយការគ្មានជំនឿ និងប្រព្រឹត្តល្មើសដែលពួកគេបែរចេញអំពីវាក្យខណ្ឌរបស់អល់ឡោះ)នោះ យើងគឺជាអ្នកដែលផ្តន្ទាទោសពួកគេដោយចៀសមិនផុតឡើយ។
Secde 32:23
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីររតាវរ៉ត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះការដែលអ្នកបានជួបនឹងព្យាការីមូសានៅយប់ អ៊ីសរ៉កនិងមៀករ៉ច ឲ្យសោះ។ ហើយយើងបានធ្វើឲ្យគម្ពីរ(តាវរ៉ត)ដែលត្រូវបានបញ្ចុះទៅលើព្យាការីមូសានោះ ជាចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែលអំពីភាពវង្វេង។
Secde 32:24
ហើយយើងបានធ្វើឲ្យពួកគេមួយចំនួនក្នុងចំណោមអម្បូរអ៊ីស្រាអែលក្លាយទៅជាមេដឹកនាំ ដែលដឹកនាំមនុស្សទៅកាន់សេចក្តីពិតដែលចង្អុលបង្ហាញទៅកាន់ការពិត នៅពេលដែលពួកគេអត់ធ្មត់លើការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះនិងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអត់ធ្មត់ចំពោះការលំបាកក្នុងមាគ៌ានៃការអំពាវនាវ(ទៅកាន់អល់ឡោះ) ហើយពួកគេបានជឿជាក់យ៉ាងពិតប្រាកដចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់ពួកគេ។
Secde 32:25
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកដែលនឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងលោកិយ។ នៅពេលនោះ គេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅលើការពិត អ្នកណាដែលស្ថិតនៅលើប្រការមិនពិត។ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេសមនឹងទទួលបាន។
Secde 32:26
តើមិនទាន់បានបញ្ជាក់ច្បាស់ដល់ពួកគេទៀតឬ ថាតើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញនោះ? ពួកទាំងនេះបានដើរកាត់លំនៅដ្ឋានរបស់ពួកជំនាន់មុនដែលពួកគេធ្លាប់បានរស់នៅមុនពេលដែលពួកគេត្រូវបានគេបំផ្លាញ តែពួកគេមិនបានយកស្ថានភាពរបស់ពួកជំនាន់មុននោះធ្វើជាមេរៀនឡើយ។ ពិតប្រាកដណាស់ ចំពោះវិនាសកម្មដែលបានកើតឡើងចំពោះប្រជាជាតិទាំងនោះដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេនោះ គឺពិតជាមេរៀនមួយដែលគេអាចទាញយកជាភស្តុតាងបញ្ជាក់ពីសច្ចភាពនៃអ្នកនាំសារទាំងឡាយរបស់ពួកគេដែលបានមកដល់ពួកគេអំពីម្ចាស់របស់ពួកគេ។ តើពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះទាំងនោះមិនបានស្តាប់ឮសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះនូវការស្តាប់ឮដែលទទួលយក និងយកជាមេរៀនទេឬ?
Secde 32:27
តើពួកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ដីដែលស្ងួតហួតហែងដែលគ្មានរុក្ខជាតិដុះទាល់តែសោះ តែក្រោយមក តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវដំណាំសម្រាប់សត្វអូដ្ឋ សត្វគោ និងសត្វពពែរបស់ពួកគេ ព្រមទាំងពួកគេខ្លួនឯងទទួលទានវា។ តើពួកគេមិនបានមើលឃើញដូច្នេះ ហើយដឹងថា ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្ងួតហួតហែងនោះអាចដុះចេញនូវរុក្ខជាតិឡើងវិញ គឺជាអ្នកដែលមានសមត្ថភាពលើការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញទេឬ?
Secde 32:28
ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដែលសុំឲ្យទណ្ឌកម្មឆាប់កើតឡើង(ចំពោះពួកគេ)នោះបាននិយាយថាៈ ការកាត់សេចក្តីដែលពួកអ្នកអះអាងថា ទ្រង់នឹងកាត់សេចក្តីរវាងពួកយើងនៅថ្ងៃបរលោក ហើយថាពួកយើងត្រូវចូលនរក ហើយពួកអ្នកត្រូវចូលឋានសួគ៌នោះ តើពេលណាទើបវាមកដល់?
Secde 32:29
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញចុះថាៈ ការសន្យានេះ គឺនៅថ្ងៃបរលោក។ ប្រាកដណាស់ វាគឺជាថ្ងៃកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ ខណៈដែលការជឿជាក់របស់ពួកដែលប្រឆាំងនឹងអល់ឡោះកាលនៅលើលោកិយនោះគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ បន្ទាប់ពីពួកគេបានឃើញថ្ងៃបរលោកផ្ទាល់ភ្នែកហើយនោះ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដើម្បីឲ្យពួកគេសារភាពកំហុសចំពោះម្ចាស់របស់ពួកគេ និងវិលត្រឡប់ទៅកាន់ទ្រង់វិញនោះដែរ។
Secde 32:30
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកទាំងនោះចុះក្រោយពីពួកគេនៅតែបន្តស្ថិតក្នុងភាពវង្វេងរបស់ពួកគេទៀតនោះ។ ហើយចូរអ្នករង់ចាំមើលចុះ ថាតើអ្វីដែលនឹងកើតឡើងចំពោះពួកគេ។ ជាការពិតណាស់ ពួកគេក៏កំពុងតែរង់ចាំទណ្ឌកម្មដែលអ្នកបានសន្យាចំពោះពួកគេដូចគ្នាដែរ។
Ahzab 33:1
ឱព្យាការីមូហាំម៉ាត់! ចូរអ្នក និងអ្នកដែលដើរតាមអ្នកប្រកាន់ខ្ជាប់នូវការគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរអ្នកកោតខ្លាចចំពោះទ្រង់តែមួយគត់។ ចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតនូវអ្វីដែលជាទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះឧបាយកលរបស់ពួកប្រឆាំងនិងពួកពុតត្បុតដែលពួកគេបានរៀបចំ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។
Ahzab 33:2
ហើយចូរអ្នកប្រតិបត្តិតាមវ៉ាហ៊ីដែលម្ចាស់របស់អ្នកបានបញ្ចុះមកឲ្យអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីមួយអំពីរឿងនោះអាចរំលងពីទ្រង់ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
Ahzab 33:3
ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់តែមួយគត់ចំពោះកិច្ចការទាំងអស់របស់អ្នក។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សាការពារចំពោះអ្នកដែលប្រគល់ការទុកចិត្តលើទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ។
Ahzab 33:4
ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់មិនបង្កើតឲ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់បុរសតែម្នាក់នោះដែរ ក៏ដូចគ្នាដែរ ទ្រង់មិនបានបង្កើត(ចាត់ទុក)ភរិយាទាំងឡាយមានឋានៈស្មើនឹងម្តាយចំពោះការហាមឃាត់មិនឲ្យរៀបការជាមួយនោះទេ។ ហើយក៏ដូចគ្នាដែរ ទ្រង់ក៏មិនបង្កើតកូនចិញ្ចឹមឲ្យមានឋានៈស្មើនឹងកូនបង្កើតនោះដែរ ព្រោះថា ពិតប្រាកដណាស់ ហ្ស៊ីហើរ(ការហាមឃាត់របស់បុរសចំពោះភរិយារបស់ខ្លួនលើខ្លួនឯង) ហើយនិងការយកកូនចិញ្ចឹម វាគឺជាទំនៀមទម្លាប់នាសម័យកាលអវិជ្ជាដែលសាសនាឥស្លាមបានចាត់ទុកជាមោឃៈហើយ។ ហើយការហ្ស៊ីហ៊ើរ និងកូនចិញ្ចឹមនោះ វាគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយវាចុះឡើងនៅនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ ដោយវាគ្មានការពិតអ្វីឡើយ ពោលគឺ ប្រពន្ធមិនអាចជាម្តាយនោះឡើយ ហើយកូនចិញ្ចឹមដែលគេអះអាងថាជាកូននោះ ក៏មិនអាចក្លាយជាកូនបង្កើតនោះដែរ។ តែអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលពាក្យពិត ដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់អនុវត្តន៍តាម ហើយទ្រង់ជាអ្នកចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ។
Ahzab 33:5
ចូរពួកអ្នកដាក់នាមត្រកូលកូនចិញ្ចឹមដែលពួកអ្នកអះអាងថាជាកូនរបស់ពួកអ្នកនោះ ទៅតាមនាមត្រកូលពិតប្រាកដរបស់ឪពុកបង្កើតពួកគេ ព្រោះថា ការដាក់នាមត្រកូលទៅតាម(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេនោះ វាគឺយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេដើម្បីពួកអ្នកដាក់នាមត្រកូលឲ្យពួកគេទេនោះ ចូរពួកអ្នកចាត់ទុកពួកគេ(កូនចិញ្ចឹម)ជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម និងជាអ្នកដែលពួកអ្នកបានដោះលែងពួកគេចេញពីភាពជាខ្ញុំបម្រើគេ។ ដូច្នេះ ចូរពួកអ្នកហៅពួកគេថា “ឱបងប្អូនរបស់ខ្ញុំ” “ឱបងប្អូនជីដូនមួយរបស់ខ្ញុំ”។ ហើយគ្មានបាបកម្មទេចំពោះពួកអ្នក នៅពេលដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស ដោយមិនបានហៅឈ្មោះឪពុកបង្កើតរបស់ពួកគេ(កូនចិញ្ចឹម)នោះ ក៏ប៉ុន្តែពួកអ្នកនឹងមានបាបកម្មនៅពេលដែលពួកអ្នកមានចេតនាហៅ(ខុស)បែបនេះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះកំហុសអចេតនារបស់ពួកគេឡើយ។
Ahzab 33:6
ព្យាការីមូហាំម៉ាត់មានសិទ្ធិទៅលើបណ្តាអ្នកមានជំនឿក្នុងគ្រប់បញ្ហាដែលគាត់បានអំពាវនាវពួកគេទៅកាន់វានោះជាងពួកគេខ្លួនឯងទៅទៀត ទោះបីក្នុងចិត្តរបស់ពួកគេលម្អៀងទៅកាន់អ្នកផ្សេងក៏ដោយ។ ហើយភរិយាទាំងឡាយរបស់គាត់ មានឋានៈជាមាតារបស់បណ្តាអ្នកមានជំនឿទាំងអស់។ ដូចនេះ គេហាមឃាត់លើអ្នកមានជំនឿទាំងអស់មិនឲ្យរៀបការជាមួយពួកគាត់(ភរិយារបស់ព្យាការី)ឡើយបន្ទាប់ពីព្យាការីបានស្លាប់។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នានោះ គឺមានសិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះ ជាងបណ្តាអ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ាអល់ឡោះដែលពួកគេធ្លាប់ទទួលមរតករវាងគ្នាទៅវិញទៅមកនៅពេលសាសនាឥស្លាមទើបមកដល់ទៅទៀត។ ប៉ុន្តែ ក្រោយពីនោះមក ការទទួលមរតករបស់ពួកគេ(អ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនដែលពុំមែនជាសាច់សាលោហិតនឹងគ្នា)បែបនេះ ត្រូវបានលប់ចោលហើយ លើកលែងតែ ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់ធ្វើល្អចំពោះជំនិតរបស់ពួកអ្នក(ដែលគ្មានជាប់ខ្សែស្រឡាយត្រូវទទួលកេរមរតកទេ) ដែលវាមិនមែនជាមរតកដោយសមរម្យ ដោយដើម្បីជាការទំនាក់ទំនងល្អ និងជាក្តីសប្បុរសចំពោះពួកគេ គឺពួកអ្នកអាចធ្វើបែបនេះបាន។ ក្បួនច្បាប់នេះ គឺត្រូវបានគេកត់ត្រាទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូស រួចហើយ។ ដូចនេះ ចាំបាច់ត្រូវតែអនុវត្តន៍តាមវា។
Ahzab 33:7
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់ពីបណ្តាព្យាការីទាំងឡាយ ដោយពួកគេត្រូវគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកនូវអ្វីមួយជាមួយទ្រង់ឡើយ ហើយត្រូវផ្សព្វផ្សាយវ៉ាហ៊ីដែលទ្រង់បានបញ្ចុះទៅកាន់ពួកគេ។ ហើយយើងបានទទួលយកនូវកិច្ចសន្យាជាពិសេសដាច់ដោយឡែកអំពីអ្នក(ព្យាការីមូហាំម៉ាត់) ពីព្យាការីនួហ ពីព្យាការីអ៊ីព្រហ៊ីម ពីព្យាការីមូសា និងពីព្យាការីអ៊ីសា កូន ម៉ារីយ៉ាំ។ ហើយយើងបានទទួលយកពីពួកគេនូវកិច្ចសន្យាមួយដ៏រឹងមាំ ដែលថាពួកគេត្រូវបំពេញនូវទំនុកចិត្តដែលគេបានជឿទុកចិត្តចំពោះពួកគេនៃការផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ។
Ahzab 33:8
ការដែលអល់ឡោះទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់ពីបណ្តាព្យាការីនេះ គឺដើម្បីទ្រង់នឹងសួរអ្នកដែលស្មោះត្រង់ក្នុងចំណោមអុ្នកនាំសារទាំងឡាយពីសច្ចភាពរបស់ពួកគេ ដើម្បីជាការស្តីបន្ទោសដល់ពួកដែលប្រឆាំង។ ហើយនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងទ្រង់និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ នូវទណ្ឌកម្មដ៏សែនឈឺចាប់ គឺនរកជើហាន់ណាំ។
Ahzab 33:9
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកអ្នក នៅពេលដែលកងទ័ពជាច្រើនរបស់ពួកប្រឆាំងដែលមានបំណងប្រយុទ្ធនឹងពួកអ្នកបានមកដល់ក្រុងម៉ាទីណះ ដោយមានទាំងពួកពុតត្បុត និងពួកយូដាជាអ្នកជួយគាំទ្រដល់ពួកគេថែមទៀតផង។ ពេលនោះ យើងបានបញ្ជូនខ្យល់ទៅកាន់ពួកគេ គឺជាខ្យល់ព្យុះដែលជួយដល់ព្យាការី ហើយយើងបានបញ្ជូនកងទ័ពជាច្រើនអំពីពួកម៉ាឡាអ៊ីកាត់ដែលពួកអ្នកមិនបានឃើញពួកគេឡើយ។ ពេលនោះ ពួកប្រឆាំងក៏បានរត់ត្រឡប់ក្រោយ ដោយពួកគេមិនអាចធ្វើអ្វីមួយកើតឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
Ahzab 33:10
នោះគឺនៅពេលដែលពួកប្រឆាំងបានសម្រុកចូលមកកាន់ពួកអ្នកពីខាងលើជ្រលង និងពីខាងក្រោមជ្រលង និងមកពីទិសទិសខាងកើត ហើយនិងទិសខាងលិច។ នៅខណៈនោះ កែវភ្នែកទាំងឡាយមិនបានមើលទៅកាន់អ្វីក្រៅពីសម្លឹងមើលទៅកាន់សត្រូវនោះឡើយ ហើយធ្វើឲ្យចិត្តរបស់ពួកគេពោរពេញទៅដោយក្តីរន្ធត់ដោយសារតែភាពភ័យខ្លាចខ្លាំងពេក។ ហើយពួកអ្នកនឹកស្មានចំពោះអល់ឡោះនូវការនឹកស្មានគ្រប់បែបយ៉ាង ដោយម្តងគិតថានឹងអាចឈ្នះ និងម្តងគិតថាអស់សង្ឃឹម។
Ahzab 33:11
ស្ថិតក្នុងស្ថានការណ៍បែបនេះនៅក្នុងសង្គ្រាមលេណដ្ឋាននោះ បណ្តាអ្នកមានជំនឿត្រូវបានសាកល្បងដោយបានជួបនឹងការប្រយុទ្ធដ៏ខ្លាំងក្លាពីសំណាក់សត្រូវរបស់ពួកគេ ហើយពួកគេមានភាពញាប់ញ័រយ៉ាងក្រៃលែងព្រោះតែភាពភ័យខ្លាច។ នៅក្នុងការសាកល្បងនេះ គឺបានបែងចែកច្បាស់រវាងអ្នកមានជំនឿពិត និងអ្នកពុតត្បុត។
Ahzab 33:12
នៅថ្ងៃនោះ ពួកពុតត្បុតនិងបណ្តាអ្នកមានជំនឿទន់ខ្សោយ ដែលនៅក្នុងចិត្តរបស់ពួកគេមានការសង្ស័យបាននិយាយថាៈ អ្វីដែលអល់ឡោះជាម្ចាស់និងអ្នកនាំសារបានសន្យាចំពោះពួកយើងថានឹងឲ្យពួកយើងទទួលបានជ័យជម្នះលើសត្រូវរបស់ពួកយើង និងផ្តល់អំណាចគ្រប់គ្រងនៅលើផែនដីដល់ពួកយើងនោះ គឺគ្មានអ្វីក្រៅពីការបោកប្រាស់ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។
Ahzab 33:13
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលក្រុមមួយនៃពួកពុតត្បុតបាននិយាយទៅកាន់អ្នកដែលនៅក្រុងម៉ាទីណះថាៈ ឱអ្នកស្រុកយ៉ាសរិប(គឺជាឈ្មោះក្រុងម៉ាទីណះមុនឥស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយនៅឯជើងភ្នំស៊ីឡាក់ក្បែរលេណដ្ឋាននេះ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកអ្នកវិញចុះ។ ហើយមួយក្រុមទៀតក្នុងចំណោមពួកគេ(ពួកពុតត្បុត)បានសុំការអនុញ្ញាតពីព្យាការីដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយអះអាងថា ផ្ទះរបស់ពួកគេបានរបើក(គ្មានអ្នកការពារ)ពីសត្រូវនោះទេ ខណៈដែលវាមិនបានរបើកដូចអ្វីដែលពួកគេអះអាងឡើយ។ តាមពិត ពួកគេយកលេសកុហកនេះ ដើម្បីរត់គេចពីសត្រូវប៉ុណ្ណោះ។
Ahzab 33:14
ហើយប្រសិនបើពួកសត្រូវបានចូលលុកលុយមកលើពួកគេនៅឯក្រុងម៉ាទីណះពីគ្រប់ច្រកទាំងអស់ ហើយគេសុំឲ្យពួកគេវិលត្រឡប់ទៅកាន់ភាពគ្មានជំនឿ និងការធ្វើស្ហ៊ីរិកនឹងអល់ឡោះវិញនោះ ប្រាកដជាពួកគេនឹងទទួលយកការទាមទាពីសត្រូវរបស់ពួកគេមិនខានឡើយ ហើយគ្មានអ្នកណាម្នាក់អាចទប់ចិត្តអំពីការវិលត្រឡប់ទៅរកភាពគ្មានជំនឿវិញបានឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
Ahzab 33:15
ហើយពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះធ្លាប់បានសន្យាជាមួយអល់ឡោះក្រោយពីពួកគេបានរត់គេច(បកក្រោយ)នៅថ្ងៃសង្គ្រាមអ៊ូហុទថាៈ ប្រសិនបើអល់ឡោះឲ្យពួកគេជួបនឹងការប្រយុទ្ធផ្សេងទៀតនោះ ពួកគេប្រាកដជានឹងប្រយុទ្ធជាមួយនឹងសត្រូវរបស់ពួកគេ ហើយពួកគេនឹងមិនរត់គេចដោយខ្លាចពួកសត្រូវទៀតនោះទេ ក៏ប៉ុន្តែ ពួកគេបានក្បត់ពាក្យសន្យា(របស់ពួកគេ)។ ហើយខ្ញុំបម្រើអល់ឡោះទាំងអស់នឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលគេបានសន្យានឹងអល់ឡោះ ហើយរូបគេនឹងត្រូវបានគេសួរអំពីការសន្យានោះជាក់ជាមិនខាន។
Ahzab 33:16
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកទាំងនោះថាៈ ការរត់គេចពីសត្រូវរបស់ពួកអ្នកដោយសារខ្លាចស្លាប់ ឬខ្លាចការប្រយុទ្ធនោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកអ្នកឡើយ ព្រោះថា អាយុជីវិត(របស់ពួកអ្នក)ត្រូវបានកំណត់រួចជាស្រេច។ ហើយបើទោះជាពួកអ្នករត់គេច ហើយអាយុជីវិតរបស់ពួកគេមិនទាន់ដល់ក៏ដោយ ក៏ពួកអ្នកពិតជានឹងមិនមានសេចក្តីសុខក្នុងជីវិតរស់នៅនោះដែរ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
Ahzab 33:17
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើមានអ្នកណាដែលអាចការពារពួកអ្នកពីអល់ឡោះ ប្រសិនបើទ្រង់មានចេតនាចង់ឲ្យពួកអ្នកទទួលនូវអ្វីដែលពួកអ្នកមិនពេញចិត្ត ដូចជាសេចក្តីស្លាប់ និងការប្រយុទ្ធនោះ ឬមួយទ្រង់មានចេតនាឲ្យពួកអ្នកទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នា ដូចជាសុខសុវត្ថិភាព និងល្អប្រសើរនោះ? គឺគ្មានអ្នកណាម្នាក់អាចរារាំងពួកអ្នកពីប្រការទាំងនោះបានឡើយ។ ហើយពួកពុតត្បុតទាំងនោះមិនមានអ្នកគាំពារណាដែលគាំពារកិច្ចការរបស់ពួកគេក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មានអ្នកជួយណាដែលអាចរារាំង(ការពារ)ពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។
Ahzab 33:18
អល់ឡោះទ្រង់ដឹងចំពោះពួកដែលរារាំងអ្នកដទៃពីការចូលរួមប្រយុទ្ធជាមួយអ្នកនាំសាររបស់អល់ឡោះក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេថាៈ ចូរពួកអ្នកមករកពួកយើងវិញមក ហើយកុំទៅចូលរួមប្រយុទ្ធជាមួយគេ(អ្នកនាំសារមូហាំម៉ាត់) ដើម្បីកុំឲ្យពួកអ្នកត្រូវបានគេសម្លាប់។ ពិតប្រាកដណាស់ ពួកយើងខ្លាចពួកអ្នកត្រូវបានគេសម្លាប់។ ហើយពួកក្បត់ទាំងនេះ ពួកគេមិនដែលទៅសមរភូមិឡើយ ហើយក៏មិនដែលចូលរួមប្រយុទ្ធនោះដែរ លើកលែងតែដោយកម្របំផុត (ដែលការចូលរួមរបស់ពួកគេនោះគឺ) ដើម្បីការពារខ្លួនរបស់ពួកគេកុំឲ្យខ្មាសអ្នកដទៃប៉ុណ្ណោះ ពុំមែនដើម្បីជួយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ។
Ahzab 33:19
ពួកគេកំណាញ់បំផុតមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ដោយពួកគេមិនព្រមជួយពួកអ្នកតាមរយៈការបរិច្ចាគវាឡើយ ហើយពួកគេកំណាញ់ជាមួយខ្លួនពួកគេផ្ទាល់ ដោយពួកគេមិនចេញទៅប្រយុទ្ធជាមួយពួកអ្នកឡើយ ហើយពួកគេក៏កំណាញ់ជាមួយក្តីស្រលាញ់របស់ពួកគេដែរ ដោយពួកគេមិនស្រលាញ់ពួកអ្នកឡើយ។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់នៅពេលដែលជួបសត្រូវ អ្នកនឹងបានឃើញពួកគេមើលមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយកែវភ្នែករបស់ពួកគេក្រឡាប់ចុះឡើងដោយភាពកំសាក ប្រៀបដូចជាកែវភ្នែកដែលក្រឡាប់ចុះឡើងនៅពេលដែលគេជិតស្លាប់ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ទៅវិញ ហើយពួកគេមានភាពស្ងប់ក្នុងអារម្មណ៍វិញនោះ ពួកគេក៏បញ្ឈឺពួកអ្នកដោយប្រើពាក្យសម្ដីមិនសមរម្យ ថា(ពួកអ្នក)កំណាញ់ចំពោះទ្រព្យជ័យភណ្ឌដែលពួកគេកំពុងស្វែងរកវា(ពួកអ្នកមិនចែកទ្រព្យជ័យភណ្ឌឲ្យពួកគេ)។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេពុំមែនជាអ្នកដែលមានជំនឿពិតប្រាកដឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវផលបុណ្យនៃទង្វើរបស់ពួកគេ ហើយការលុបបំបាត់(ផលបុណ្យ)នេះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។
Ahzab 33:20
ពួកជនកំសាកទាំងនោះនឹកស្មានថា ពួកពហុក្រុមដែលប្រមូលផ្តុំគ្នាដើម្បីប្រយុទ្ធនឹងអ្នកនាំសាររបស់អល់ឡោះ និងប្រយុទ្ធនឹងបណ្តាអ្នកមានជំនឿនោះ ពួកគេនឹងមិនដកថយទៅវិញឡើយ លុះត្រាតែពួកគេបានជីកឫសអ្នកមានជំនឿអស់សិន។ ហើយប្រសិនបើពួកពហុក្រុមទាំងអស់នេះអាចត្រឡប់មកវិញម្តងទៀតនោះ ពួកពុតត្បុតទាំងនោះពេញចិត្តនឹងចាកចេញពីក្រុងម៉ាទីណះជាមួយពួកអារ៉ាប់ជនបទ ហើយចាំស៊ើបសួរពត៌មានរបស់ពួកអ្នក ថាតើមានអ្វីកើតឡើងចំពោះពួកអ្នកក្រោយពីសត្រូវបានប្រយុទ្ធជាមួយពួកអ្នកនោះ? ហើយបើទោះបីជាពួកគេស្ថិតនៅក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក៏ដោយ ក៏ពួកគេមិនចូលរួមប្រយុទ្ធជាមួយពួកអ្នកដែរ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូច្នេះ ចូរពួកអ្នកខ្វល់ពីពួកគេ ហើយកុំពិបាកចិត្តចំពោះពួកគេ។
Ahzab 33:21
ពិតប្រាកដណាស់ សម្រាប់ពួកអ្នក ចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននិយាយ និងអ្វីដែលគាត់បានធ្វើនោះ គឺជាគំរូដ៏ល្អ ព្រោះថា គាត់បានមានវត្តមានដោយខ្លួនគាត់ផ្ទាល់ដ៏ឧត្តុង្គឧត្តម ហើយគាត់បានទៅច្បាំងផ្ទាល់។ ដូច្នេះ បន្ទាប់ពីនោះ តើពួកអ្នកនៅតែកំណាញ់ខ្លួនរបស់ពួកអ្នក(មិនហ៊ានចេញទៅច្បាំង)ជាងខ្លួនគាត់យ៉ាងដូចម្តេច? ហើយគ្មាននរណាដែលយកអ្នកនាំសារមូហាំម៉ាត់ធ្វើជាគំរូឡើយ លើកលែងតែអ្នកដែលសង្ឃឹមថានឹងជួបនឹងថ្ងៃបរលោក ហើយប្រឹងប្រែងសាងនូវទង្វើកុសលសម្រាប់ថ្ងៃនោះ ព្រមទាំងបានរំលឹកទៅអល់ឡោះដ៏ច្រើនប៉ុណ្ណោះ។ រីឯអ្នកដែលគ្មានសង្ឃឹមថានឹងជួបថ្ងៃបរលោក និងមិនរំលឹកចំពោះអល់ឡោះដ៏ច្រើនទេនោះ ពិតណាស់ រូបគេមិនយកអ្នកនាំសារធ្វើជាគំរូឡើយ។
Ahzab 33:22
ហើយនៅពេលដែលអ្នកមានជំនឿបានឃើញពួកពហុក្រុមជាច្រើនដែលប្រមូលផ្តុំគ្នាដើម្បីមកប្រយុទ្ធនឹងពួកគេ(អ្នកមានជំនឿ)នោះ ពួកគេបាននិយាយថាៈ នេះហើយជាអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើងអំពីការសាកល្បង ការលំបាក និងភាពជោគជ័យនោះ។ ហើយអ្វីដែលអល់ឡោះនិងអ្នកនាំសារបានសន្យាក្នុងរឿងនេះ ប្រាកដណាស់ វាបានកើតឡើងពិតមែន។ ហើយការដែលពួកគេប្រឈមនឹងពួកពហុក្រុមជាច្រើននេះ ពុំបានបន្ថែមអ្វីដល់ពួកគេក្រៅពីធ្វើឲ្យពួកគេកាន់តែបន្ថែមនូវការមានជំនឿចំពោះអល់ឡោះ និងការគោរពតាមទ្រង់នោះឡើយ។
Ahzab 33:23
ក្នុងចំណោមបណ្តាអ្នកមានជំនឿ មានបុរសជាច្រើនដែលជាអ្នកស្មោះត្រង់ចំពោះអល់ឡោះ ដោយពួកគេបានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយទ្រង់ ដូចជាការប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿ និងការអត់ធ្មត់លើការតស៊ូក្នុងមាគ៌ាអល់ឡោះ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកខ្លះបានស្លាប់ ឬត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ហើយក្នុងចំណោមពួកគេខ្លះទៀត មានអ្នកដែលរង់ចាំការពលីជីវិតក្នុងមាគ៌ារបស់ទ្រង់។ ហើយបណ្តាអ្នកមានជំនឿទាំងនោះ ពុំបានផ្លាស់ប្តូរនូវអ្វីដែលពួកគេបានសន្យាជាមួយអល់ឡោះដូចអ្វីដែលពួកពុតត្បុតបានធ្វើចំពោះការសន្យារបស់ពួកគេឡើយ។
Ahzab 33:24
ដើម្បីអល់ឡោះជាម្ចាស់នឹងតបស្នងដល់បណ្តាដែលស្មោះត្រង់ដែលបានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយអល់ឡោះដោយសារតែសច្ចភាពរបស់ពួកគេ និងបានបំពេញនូវការសន្យារបស់ពួកគេ។ ហើយអល់ឡោះនឹងដាក់ទណ្ឌកម្មពួកពុតត្បុតដែលជាអ្នកក្បត់ពាក្យសន្យារបស់ពួកគេ ប្រសិនបើទ្រង់មានចេតនា ដោយទ្រង់នឹងឲ្យពួកគេស្លាប់មុនពេល(ពួកគេ)សារភាពកំហុសពីការប្រឆាំងរបស់ពួកគេ ឬក៏ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ ដោយចង្អុលបង្ហាញឲ្យពួកគេសារភាពកំហុស។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសពីបាបកម្មរបស់គេ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះរូបគេ។
Ahzab 33:25
ហើយអល់ឡោះបានឲ្យពួកគូរ៉័ស្ស ពួកកុលសម្ព័ន្ធហ្គត់ហ្វាន និងពួកដែលបានមកជាមួយពួកគេត្រឡប់ទៅវិញជាមួយនឹងការពិបាកចិត្តនិងទុក្ខព្រួយ ដោយសារតែបាត់បង់(មិនទទួលបាន)នូវអ្វីដែលពួកគេសង្ឃឹម ដោយមិនបានទទួលជោគជ័យនូវអ្វីដែលពួកគេប៉ុនប៉ងនៃការគាស់រំលើង(កម្ទេច)បណ្តាអ្នកមានជំនឿនោះឡើយ។ ហើយអល់ឡោះបានជួយជ្រោមជ្រែងបណ្តាអ្នកមានជំនឿក្នុងការប្រយុទ្ធជាមួយពួកគេ ដោយទ្រង់បានបញ្ជូនខ្យល់ និងបញ្ចុះពពួកម៉ាឡាអ៊ីកាត់ជាច្រើន។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ លើកលែងតែទ្រង់យកឈ្នះលើរូបគេ និងធ្វើឲ្យគេអាម៉ាស់ប៉ុណ្ណោះ។
Ahzab 33:26
ហើយអល់ឡោះបានឲ្យពួកយូដាដែលបានជួយពួកសត្រូវក្នុងការច្បាំងជាមួយបណ្តាអ្នកមានជំនឿនោះចុះចេញពីបន្ទាយរបស់ពួកគេ ដែលពួកគេធ្លាប់ការពារខ្លួនរបស់ពួកគេនៅក្នុងបន្ទាយនោះពីសត្រូវរបស់ពួកគេ ហើយអល់ឡោះបានបញ្ចូលភាពភ័យខ្លាចទៅក្នុងខ្លួនរបស់ពួកគេ។ មួយក្រុមនៃពួកគេត្រូវបានពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)សម្លាប់ ហើយមួយក្រុមទៀតត្រូវបានពួកអ្នកចាប់ជាឈ្លើយសឹក។
Ahzab 33:27
ហើយក្រោយពីពួកគេត្រូវបានបំផ្លាញរួចមក អល់ឡោះជាម្ចាស់បានឲ្យពួកអ្នកគ្រប់គ្រងលើដីរបស់ពួកគេ ដែលក្នុងនោះមានទាំងដំណែដំណាំ និងដើមល្មើ។ ហើយអល់ឡោះក៏បានឲ្យពួកអ្នកគ្រប់គ្រងផ្ទះសម្បែងរបស់ពួកគេ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ពួកគេផងដែរ។ ទ្រង់ក៏បានពួកអ្នកគ្រប់គ្រងដីនៅតំបន់ខយហ្ពើរ ដែលពួកគេមិនធ្លាប់បានជាន់លើវាសោះពីមុនមក ក៏ប៉ុន្តែពួកអ្នកនឹងបានជាន់លើវា(គ្រប់គ្រងវា)។ នេះហើយគឺជាការសន្យានិងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកមានជំនឿ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Ahzab 33:28
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកពោលទៅកាន់បណ្តាភរិយាទាំងឡាយរបស់អ្នកនៅពេលដែលពួកនាងទាមទារចង់បានពីអ្នកនូវការផ្គត់ផ្គង់(ជីវភាព)ឲ្យទូលាយ ខណៈដែលអ្នកគ្មានអ្វីដែលអាចនឹងចំណាយចាយវាយឲ្យបានទូលាយដល់ពួកនាងថាៈ ប្រសិនបើពួកនាងត្រូវការតែការរស់នៅក្នុងលោកិយ និងការតុបតែងលម្អដែលមាននៅក្នុងលោកិយនោះ ចូរពួកនាងមករកខ្ញុំចុះ ខ្ញុំនឹងផ្តល់ជូននូវភាពសប្បាយរីករាយ(ទ្រព្យសម្បត្តិ)ដល់ពួកនាង ហើយខ្ញុំនឹងលែងលះពួកនាងដោយមិនបង្កផលលំបាក ឬបញ្ឈឺចិត្តអ្វីនោះឡើយ។
Ahzab 33:29
តែបើសិនជាពួកនាងចង់បានការពេញចិត្តពីអល់ឡោះ និងការពេញចិត្តពីអ្នកនាំសាររបស់ទ្រង់ ហើយនិងចង់បានឋានសួគ៌នៅថ្ងៃបរលោកនោះ ចូរពួកនាងអត់ធ្មត់នឹងស្ថានភាពរបស់ពួកនាងនាបច្ចុប្បន្ននេះសិនចុះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់អ្នកដែលធ្វើល្អក្នុងចំណោមពួកនាងចំពោះការ(ដែលពួកនាង)មានភាពអត់ធ្មត់ និងមានទំនាក់ទំនងល្អជាមួយគ្នានោះនូវផលបុណ្យដ៏ធំធេង។
Ahzab 33:30
ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការី! ជនណាហើយក្នុងចំណោមពួកនាងបានប្រព្រឹត្តអំពើល្មើសណាមួយដោយលាតត្រដាងនោះ នាងនឹងត្រូវគេដាក់ទណ្ឌកម្មទ្វេដងនៅថ្ងៃបរលោក ដោយសារតែឋានៈរបស់ពួកនាង និងដើម្បីជាការការពារកិត្តិយសរបស់ព្យាការី ហើយការដាក់ទណ្ឌកម្មទ្វេដងនេះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។
Ahzab 33:31
ហើយជនណាក្នុងចំណោមពួកនាងដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារទ្រង់ជានិច្ច និងបានសាងទង្វើកុសលដែលអល់ឡោះពេញចិត្តនោះ យើងនឹងប្រទានឲ្យនាងនូវផលបុណ្យទ្វេដងលើសស្ត្រីដទៃទៀត(ដែលមិនមែនជាភរិយាព្យាការី) ហើយយើងបានរៀបចំសម្រាប់នាងនូវផលបុណ្យដ៏ប្រពៃនៅថ្ងៃបរលោក នោះគឺឋានសួគ៌ ។
Ahzab 33:32
ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់! ភាពថ្លៃថ្នូរ និងកិត្តិយសរបស់ពួកនាងមិនដូចស្ត្រីដទៃឡើយ ផ្ទុយទៅវិញ ពួកនាងស្ថិតក្នុងឋានៈដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមដែលស្ត្រីដទៃមិនអាចឈានដល់ឡើយ ប្រសិនបើពួកនាងគោរពតាមនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ ហើយជៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់នោះ។ ដូចនេះ ចូរពួកនាងកុំប្រើពាក្យសម្ដីទន់ភ្លន់ម្ញិកម្ញ៉ក់ នៅពេលដែលពួកនាងនិយាយជាមួយបុរសដែលអាចរៀបការជាមួយបានឲ្យសោះ ដែលហេតុធ្វើឲ្យបុរសដែលមានជំងឺ(ចំណង់តណ្ហា)នៅក្នុងចិត្តរបស់គេមានអារម្មណ៍ចំពោះពួកនាង។ តែចូរពួកនាងនិយាយដោយប្រើពាក្យសម្តីល្អៗដែលច្បាស់លាស់ ដោយមិនលាយឡំនឹងការលេងសើច ហើយនិយាយត្រឹមតែភាពចាំបាច់ប៉ុណ្ណោះ។
Ahzab 33:33
ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះឲ្យរបស់ពួកនាង ដោយកុំចេញពីផ្ទះដោយគ្មានការចាំបាច់ឲ្យសោះ។ ហើយចូរពួកនាងកុំបង្ហាញសម្រស់របស់ពួកនាងដូចពួកស្ត្រីសម័យកាលមុនឥស្លាមបានធ្វើដោយពួកនាងបញ្ចេញការតុបតែងរបស់ពួកនាងដើម្បីទាក់ទាញប្រុសៗឲ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកនាង និងចូរពួកនាងគោរពប្រតិបត្តិអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំបាត់នូវភាពស្មោកគ្រោក និងភាពអាក្រក់ចេញពីពួកអ្នក ឱបណ្តាភរិយា និងក្រុមគ្រួសាររបស់អ្នកនាំសាររបស់អល់ឡោះ ហើយទ្រង់មានបំណងចង់ជម្រះសម្អាតចិត្តរបស់ពួកអ្នកដោយសម្អាតវាជាមួយនឹងសីលធម៌ដ៏ប្រពៃ និងជម្រះវាពីប្រការអាក្រក់ដោយការសម្អាតមួយយ៉ាងពេញលេញ ដែលគ្មានបន្សល់ទុកនូវប្រការអាក្រក់ណាមួយបន្ទាប់ពីនោះឡើយ។
Ahzab 33:34
ហើយចូរពួកនាងរំលឹកនូវអ្វីដែលគេបានសូត្រវានៅក្នុងផ្ទះរបស់ពួកនាងនៃបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលត្រូវបានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់ និងអំពីស៊ុណ្ណះ(មាគ៌ា)ដ៏ស្អាតស្អំរបស់អ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាទន់ភ្លន់បំផុតចំពោះពួកនាង ខណៈដែលទ្រង់បានប្រោសប្រទានឲ្យពួកនាងបានស្ថិតនៅក្នុងគេហដ្ឋានរបស់ព្យាការី(ជាភរិយាព្យាការី) ហើយទ្រង់មហាដឹងបំផុតចំពោះពួកនាង ខណៈដែលទ្រង់បានជ្រើសរើសពួកនាងធ្វើជាភរិយារបស់អ្នកនាំសាររបស់ទ្រង់ និងបានជ្រើសរើសពួកនាងធ្វើជាមាតានៃអ្នកមានជំនឿទាំងអស់ក្នុងចំណោមប្រជាជាតិនេះ។
Ahzab 33:35
ពិតប្រាកដណាស់ បណ្តាអ្នកមូស្លីមដែលជាអ្នកបន្ទាបខ្លួនដោយការប្រតិបត្តិចំពោះអល់ឡោះទាំងប្រុសទាំងស្រី បណ្តាអ្នកដែលជឿជាក់លើអល់ឡោះទាំងប្រុសទាំងស្រី បណ្តាដែលគោរពប្រតិបត្តិអល់ឡោះទាំងប្រុសទាំងស្រី បណ្តាអ្នកដែលស្មោះត្រង់ក្នុងជំនឿរបស់ពួកគេនិងពាក្យសម្តីរបស់ពួកគេទាំងប្រុសទាំងស្រី បណ្តាដែលអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើការជៀសវាងពីការប្រព្រឹត្តល្មើស និងអត់ធ្មត់លើការសាកល្បងនានាទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេទាំង(ការបរិច្ចាគ)ជាកាតព្វកិច្ចនិងទាំងស្ម័គ្រចិត្តទាំងប្រុសទាំងស្រី បណ្តាអ្នកដែលកាន់អំណត់បួសចំពោះអល់ឡោះទាំង(ការបួស)ជាកាតព្វកិច្ចនិងទាំងស្ម័គ្រចិត្តទាំងប្រុសទាំងស្រី បណ្តាអ្នកដែលថែរក្សាកេរខ្មាសរបស់គេទាំងប្រុសទាំងស្រីដោយបិទបាំងវានៅពីមុខអ្នកដែលគេមិនអនុញាតឲ្យមើលទៅកាន់វា និងចាកឆ្ងាយពីអំពើអសីលធម៌ហ្ស៊ីណានិងអំពើទាំងឡាយដែលនាំទៅរកវា ហើយនិងបណ្តាអ្នកដែលរំលឹកអល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រីដោយចិត្តរបស់ពួកគេនិងដោយអណ្តាតរបស់ពួកគេ ទាំងដោយអាថ៌កំបាំងនិងដោយបើកចំហនោះ អ្នកទាំងអស់នោះ អល់ឡោះជាម្ចាស់បានរៀបចំសម្រាប់ពួកគេនូវការអភ័យទោសពីបាបកម្មទាំងឡាយរបស់ពួកគេ ហើយទ្រង់បានត្រៀមសម្រាប់ពួកគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺឋានសួគ៌។
Ahzab 33:36
ហើយមិនត្រឹមត្រូវឡើយសម្រាប់អ្នកមានជំនឿប្រុសស្រី នៅពេលណាដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវបទបញ្ជាណាមួយចំពោះពួកគេហើយនោះ ពួកគេបែរជាមានជម្រើសក្នុងការទទួលយកឬក៏បដិសេធនោះ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺគេពិតជាវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងច្បាស់លាស់។
Ahzab 33:37
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេដោយឲ្យគេបានចូលសាសនាឥស្លាម ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរដោយអ្នកបានលោះគេចេញពីភាពជាទាសករ(គឺសំដៅលើហ្ស៊េត កូន ហារីសះ នៅពេលដែលគេបានមករកអ្នកដើម្បីពិភាក្សាគ្នាពីរឿងលែងលះប្រពន្ធរបស់គេ(ហ្ស៊េទ) គឺហ្សៃណប់ កូនស្រី ហ្ជះស៊ិន) ដោយអ្នកបាននិយាយទៅកាន់គេ(ហ្ស៊េទ)ថាៈ ចូរអ្នករួមរស់ជាមួយប្រពន្ធរបស់អ្នកចុះ ហើយកុំលែងលះនាងឲ្យសោះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងបម្រាមទាំងឡាយរបស់ទ្រង់។ ប៉ុន្តែអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានវ៉ាហ៊ីដល់អ្នកដោយឲ្យអ្នករៀបការជាមួយហ្ស៊ៃណប់ ដោយសារអ្នកខ្លាច(ខ្មាស់)មនុស្សលោក ហើយអល់ឡោះនឹងបង្ហាញនូវការលែងលះរបស់ហ្ស៊េទចំពោះនាង បន្ទាប់មកអ្នកនឹងរៀបការជាមួយនាង។ ប៉ុន្តែអល់ឡោះទេដែលសាកសមឲ្យអ្នកខ្លាចក្នុងរឿងនេះនោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត ហើយបានលែងលះគ្នាជាមួយនាងហើយនោះ យើងក៏បានរៀបការនាងឲ្យទៅអ្នក ដើម្បីកុំឲ្យបណ្តាអ្នកមានជំនឿទាំងឡាយមានបាបកម្មចំពោះការរៀបការជាមួយនឹងប្រពន្ធរបស់កូនចិញ្ចឹមនៅពេលដែលគេ(កូនចិញ្ចឹម)បានលែងលះពួកនាង និងបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិទហ្ទះ)ហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ត ដោយគ្មាននរណាអាចរារាំងវាបានឡើយ។
Ahzab 33:38
គ្មានទោសពៃរ៍ ឬការចង្អៀតចង្អល់អ្វីឡើយចំពោះព្យាការីមូហាំម៉ាត់ក្នុងការរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹមដែលអល់ឡោះបានអនុញ្ញាតនោះ ខណៈដែលការធ្វើដូច្នោះ ក៏ជាការធ្វើតាមមាគ៌ារបស់បណ្តាព្យាការីជំនាន់មុនគាត់ដែរ ដោយវាពុំមែនជារឿងថ្មីដែលគាត់ទើបតែបង្កើតឡើងនោះទេ។ ហើយអ្វីដែលអល់ឡោះបានសម្រេច(នៃការបំពេញនូវការរៀបអាពាហ៍ពិពាហ៍នេះ និងលុបបំបាត់ការយកកូនចិញ្ចឹមមកធ្វើជាកូនបង្កើតសម្រាប់ព្យាការីក្នុងរឿងនេះគឺគាត់គ្មានយោបល់ ឬការជ្រើសរើសឡើយ) វាជាការកំណត់យ៉ាងដាច់ខាត(មកពីអល់ឡោះ)ដែលមិនអាចបដិសេធបានឡើយ។
Ahzab 33:39
បណ្តាព្យាការីទាំងនោះ គឺជាអ្នកដែលបានផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះដែលត្រូវបានបញ្ចុះមកលើពួកគេទៅកាន់ប្រជាជាតិរបស់ពួកគេ ហើយពួកគេមិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះឡើយ។ ដូច្នេះ ពួកគេមិនបានបែរទៅរកអ្វីដែលអ្នកដទៃនិយាយនោះឡើយនៅពេលដែលពួកគេធ្វើនូវអ្វីដែលអល់ឡោះបានអនុញ្ញាតឲ្យពួកគេនោះ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សានូវទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ដើម្បីទ្រង់ជំនុំជម្រះពួកគេលើទង្វើទាំងនោះ ហើយទ្រង់នឹងតបស្នងដល់ពួកគេ។ ប្រសិនបើទង្វើរបស់ពួកគេល្អ នោះគេនឹងទទួលបានផលល្អ តែប្រសិនបើទង្វើរបស់ពួកគេអាក្រក់វិញ នោះគេក៏នឹងទទួលបានផលអាក្រក់ដែរ។
Ahzab 33:40
ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ហេតុនេះ គាត់មិនមែនឪពុករបស់ហ្ស៊េត រហូតដល់មានការហាមឃាត់គាត់មិនឲ្យរៀបការជាមួយប្រពន្ធរបស់គេ(ហ្ស៊េទ)នៅពេលដែលគេបានលែងលះនាងហើយនោះទេ ក៏ប៉ុន្តែព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទៅកាន់មនុស្សលោក និងជាព្យាការីចុងក្រោយបង្អស់ដែលគ្មានព្យាការីណាបន្ទាប់ពីគាត់ទៀតឡើយ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ គ្មានកិច្ចការណាមួយរបស់ខ្ញុំបម្រើទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
Ahzab 33:41
ឱបណ្តាអ្នកមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ដល់ពួកគេ! ចូរពួកអ្នករំលឹកចំពោះអល់ឡោះឲ្យបានច្រើនបំផុតតាមរយៈចិត្តរបស់ពួកអ្នក អណ្តាតរបស់ពួកអ្នក និងតាមរយៈអវយវៈរបស់ពួកអ្នក។
Ahzab 33:42
ហើយចូរពួកអ្នកលើកតម្កើងទ្រង់ ទាំងពេលព្រឹកនិងពេលល្ងាច ដោយសារលក្ខណៈពិសេសនៃពេលវេលាទាំងពីរនេះ។
Ahzab 33:43
ទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ពួកអ្នក និងកោតសរសើរចំពោះពួកអ្នក ហើយបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ក៏បានបួងសួងឲ្យពួកអ្នកផងដែរ ដើម្បីឲ្យទ្រង់បញ្ចេញពួកអ្នកពីភាពងងឹតនៃភាពគ្មានជំនឿទៅរកពន្លឺនៃជំនឿ។ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាអ្នកមានជំនឿ ដោយទ្រង់មិនដាក់ទណ្ឌកម្មដល់ពួកគេឡើយ កាលណាពួកគេគោរពប្រតិបត្តិទ្រង់ ដោយធ្វើតាមការបង្គាប់ប្រើរបស់ទ្រង់ និងជៀសវាងបម្រាមទាំងឡាយរបស់ទ្រង់នោះ។
Ahzab 33:44
ការស្វាគមន៍របស់បណ្តាអ្នកមានជំនឿនៅថ្ងៃដែលពួកគេជួបនឹងម្ចាស់របស់ពួកគេនោះ គឺពាក្យ សន្តិភាពនិងសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកគេនូវផលបុណ្យដ៏ឧត្តុង្គឧត្តម (នោះគឺឋានសួគ៌របស់ទ្រង់) ជាការតបស្នងដល់ពួកគេលើការគោរពប្រតិបត្តិរបស់ពួកគេ និងការឃ្លាតឆ្ងាយរបស់ពួកគេពីការប្រព្រឹត្តល្មើសចំពោះទ្រង់។
Ahzab 33:45
ឱព្យាការីមូហាំម៉ាត់! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកទៅកាន់មនុស្សលោក ដើម្បីធ្វើជាសាក្សីទៅលើពួកគេថាៈ ជាការពិតណាស់ អ្នកពិតជាបានផ្សព្វផ្សាយដល់ពួកគេហើយនូវសារដែលយើងបានផ្តល់ឲ្យអ្នកពាំនាំវាទៅកាន់ពួកគេនោះ និងដើម្បីផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿក្នុងចំណោមពួកគេនូវអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៃឋានសួគ៌ ហើយនិងព្រមានបន្លាចពួកប្រឆាំងពីទណ្ឌកម្មដែលទ្រង់បានរៀបចំសម្រាប់ពួកគេ។
Ahzab 33:46
ហើយយើងបានតែងតាំងអ្នកជាអ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពតាមនូវការបង្គាប់ប្រើរបស់ទ្រង់ ហើយយើងបានតែងតាំងអ្នកជាចង្កៀងភ្លឺសម្រាប់រាល់អ្នកដែលចង់ទទួលបានការចង្អុលបង្ហាញ។
Ahzab 33:47
ហើយចូរអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះដែលពួកគេអនុវត្តតាមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេថាៈ សម្រាប់ពួកគេនឹងទទួលបាននូវការប្រោសប្រទានដ៏ធំធេងពីអល់ឡោះ ដែលក្នុងនោះ រួមមានទាំងការជួយរបស់អល់ឡោះដល់ពួកគេនៅលើលោកិយនេះ និងការទទួលបានជោគជ័យនៅថ្ងៃបរលោកដោយបានចូលឋានសួគ៌។
Ahzab 33:48
ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតក្នុងរឿងដែលពួកគេអំពាវនាវទៅកាន់ការរារាំង(អ្នកដទៃ)អំពីសាសនារបស់អល់ឡោះឲ្យសោះ ហើយចូរបែរចេញពីពួកគេចុះ។ សង្ឃឹមថាការធ្វើបែបនោះ គឺអាចអូសទាញពួកគេឲ្យមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេបាន។ ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះរាល់គ្រប់កិច្ចការរបស់អ្នក ដែលក្នុងនោះ រួមមានការជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកផងដែរ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ ដែលខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ប្រគល់ការទុកចិត្តចំពោះកិច្ចការរបស់ពួកគេទាំងក្នុងលោកិយនិងថ្ងៃបរលោកទៅចំពោះទ្រង់នោះ។
Ahzab 33:49
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកពួកនាងនោះ ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ឡើយ មិនថាគិតជាចំនួនដងនៃការមករដូវ ឬគិតជាចំនួនខែនោះឡើយ ដោយសារតែគេបានដឹងពីភាពស្អាតស្អំនៃស្បូនរបស់នាងរួចទៅហើយ ដោយគេមិនទាន់បានរួមដំណេកជាមួយនាងឡើយ។ តែសូមពួកអ្នកផ្តល់ឲ្យពួកនាងនូវទ្រព្យសម្បត្តិរបស់ពួកអ្នកទៅតាមលទ្ធភាពរបស់ពួកអ្នក ដើម្បីជាការប៉ះប៉ូវទៅលើអារម្មណ៍របស់ពួកនាងដែលប្រេះស្រាំដោយសារការលែងលះនេះ។ ហើយចូរពួកអ្នកបើកផ្លូវឲ្យពួកនាងទៅរកក្រុមគ្រួសារពួកនាងវិញតាមសម្រួល ដោយគ្មានការបៀតបៀនអ្វីឡើយចំពោះនាង។
Ahzab 33:50
ឱព្យាការីមូហាំម៉ាត់! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឲ្យអ្នកនូវបណ្តាភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់ឲ្យពួកនាងនូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរនូវស្ត្រីបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឲ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយកូនស្រីរបស់ពូខាងឪពុករបស់អ្នក និងកូនស្រីរបស់មីងខាងឪពុករបស់អ្នក(ក្មួយបង្កើតខាងឪពុក) និងកូនស្រីរបស់ពូខាងម្តាយរបស់អ្នក និងកូនស្រីរបស់មីងខាងម្តាយរបស់អ្នក(ក្មួយបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយអ្នក។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយស្ត្រីមានជំនឿដែលស្ម័គ្រចិត្តរៀបការជាមួយអ្នកដោយមិនត្រូវការប្រាក់ខាន់ស្លា ប្រសិនបើអ្នកចង់រៀបការជាមួយនាង។ ការរៀបការដោយមិនមានប្រាក់ខាន់ស្លាបែបនេះ គឺជាករណីពិសេសសម្រាប់តែព្យាការីមូហាំម៉ាត់ប៉ុណ្ណោះ ដោយគេមិនអនុញ្ញាតឲ្យអ្នកផ្សេងក្រៅពីព្យាការីអាចធ្វើដូច្នេះឡើយ។ ពិតប្រាកដណាស់ យើងបានដឹងនូវអ្វីដែលយើងបានដាក់វាជាកាតព្វកិច្ចចាំបាច់ទៅលើបណ្តាអ្នកមានជំនឿនៅក្នុងរឿងភរិយារបស់ពួកគេ ដោយគេមិនអនុញ្ញាតឲ្យពួកគេអាចយកភរិយាលើសពីបួននាក់នោះ ហើយនិងអ្វីដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិចំពោះពួកគេក្នុងរឿងស្រ្តីខ្ញុំបម្រើដាច់ថ្លៃ ដោយពួកគេអាចរួមដំណេកជាមួយពួកនាងចំពោះនរណាម្នាក់ដែលពួកគេចង់ដោយគ្មានកំណត់ចំនួនឡើយ។ ហើយយើងបានអនុញ្ញាតឲ្យអ្នក(ព្យាការីមូហាំម៉ាត់)នូវអ្វីដែលយើងមិនបានអនុញ្ញាតឲ្យអ្នកដទៃក្រៅពីអ្នកនោះ គឺដើម្បីកុំឲ្យអ្នកមានការចង្អៀតចង្អល់ និងការលំបាក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Ahzab 33:51
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចបែងចែកពេលវេលាក្នុងការរួមដំណេកជាមួយពួកនាងតាមដែលអ្នកប្រាថ្នា ដោយអ្នកអាចជ្រើសរើសការរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង ឬមិនរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង(អាស្រ័យទៅតាមវេនរបស់ពួកនាង)បាន។ ហើយអ្នកណាហើយដែលអ្នកទាមទារចង់រួមដំណេកជាមួយនាងក្នុងចំណោមអ្នកដែលត្រូវបានពន្យារពេល(មិនទាន់ដល់វេន)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកក្នុងការធ្វើដូច្នេះ។ ការផ្តល់ជម្រើស និងការបើកទូលាយសម្រាប់អ្នកយ៉ាងដូច្នោះ គឺជារឿងជិតបំផុតដែលធ្វើឲ្យភរិយាទាំងឡាយរបស់អ្នកសប្បាយរីករាយ និងធ្វើឲ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឲ្យពួកនាងទាំងអស់គ្នា ព្រោះពួកនាងបានដឹងថា អ្នកនឹងមិនបោះបង់ចោលកាតព្វកិច្ចរបស់អ្នក ហើយក៏មិនកំណាញ់ចំពោះសិទ្ធិដែលត្រូវទទួលបាននោះដែរ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក(ឱបុរសទាំងឡាយ)ដែលលម្អៀងទៅកាន់ភរិយាមួយចំនួនផ្សេងពីភរិយាមួយចំនួនផ្សេងទៀតនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះទង្វើខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាអត់ធ្មត់ ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មពួកគេភ្លាមៗឡើយ ដោយសង្ឃឹមថា ពួកគេនឹងសារភាពកំហុស(កែខ្លួន)ទៅកាន់ទ្រង់វិញ។
Ahzab 33:52
គេមិនអនុញ្ញាតឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រៀបការជាមួយស្ត្រីផ្សេងក្រៅពីភរិយារបស់អ្នកដែលនៅក្នុងបន្ទុកររបស់អ្នកនោះឡើយ ហើយគេក៏មិនអនុញ្ញាតឲ្យអ្នកលែងលះពួកនាង ឬលែងលះភរិយាមួយចំនួនដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាស្រ្តីនោះមានសម្រស់ស្រស់ស្អាត ធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ប៉ុន្តែគេអនុញ្ញាតឲ្យអ្នកអាចយកស្ត្រីខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកបាន ដោយគ្មានកំណត់ចំនួនឡើយ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាលើអ្វីៗទាំងអស់។ ហើយច្បាប់នេះ គឺសបញ្ជាក់ឲ្យឃើញពីឧត្តមភាពរបស់មាតានៃអ្នកមានជំនឿ ពីព្រោះគេបានហាមឃាត់(ព្យាការី)មិនឲ្យលែងលះពួកនាង និងមិនឲ្យយកភរិយាបន្ថែមពីលើពួកនាងទៀតនោះឡើយ។
Ahzab 33:53
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំចូលផ្ទះរបស់ព្យាការី លើកលែងតែក្រោយពីគាត់បានអនុញ្ញាតឲ្យពួកអ្នកចូល តាមរយៈការអញ្ជើញពួកអ្នកឲ្យទទួលទានអាហារប៉ុណ្ណោះ ហើយពួកអ្នកមិនត្រូវទៅអង្គុយរង់ចាំមុនពេលចំអិនអាហារ(រួចរាល់)នោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេបានអញ្ជើញពួកអ្នកឲ្យទទួលទានអាហារនោះ សូមពួកអ្នកចូលទៅចុះ ហើយបើកាលណាពួកអ្នកបានទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយចូរពួកអ្នកកុំនៅបន្តនិយាយគ្នាលេងបន្ទាប់ពីនោះ(បន្ទាប់ពីទទួលទានអាហារ)ឲ្យសោះ។ ពិតប្រាកដណាស់ ការដែលពួកអ្នកនៅបន្ត(និយាយគ្នាលេងបន្ទាប់ពីទទួលទានអាហាររួច)ដូច្នោះ គឺធ្វើឲ្យប៉ះពាល់ដល់ព្យាការី ហើយគាត់មានភាពអៀនខ្មាសក្នុងការសុំឲ្យពួកអ្នកចាកចេញ។ ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនឡើយក្នុងការបង្គាប់ឲ្យធ្វើរឿងដែលត្រឹមត្រូវនោះ។ ដូច្នេះ អល់ឡោះទ្រង់ប្រើឲ្យពួកអ្នកចាកចេញពីព្យាការី ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ព្យាការីដោយសារការនៅបន្តរបស់ពួកអ្នក(នៅក្នុងផ្ទះរបស់គាត់)នោះ។ ហើយនៅពេលដែលពួកអ្នកស្នើសុំពីភរិយារបស់ព្យាការីនូវសេចក្តីត្រូវការណាមួយ ដូចជារបស់របរប្រើប្រាស់ជាដើមនោះ ចូរពួកអ្នកស្នើសុំនូវតម្រូវការរបស់ពួកអ្នកនៅពីក្រោយរបាំង ហើយចូរពួកអ្នកកុំស្នើសុំនូវតម្រូវការរបស់ពួកអ្នកអំពីពួកនាង(ភរិយាព្យាការី)ដោយទល់មុខគ្នាផ្ទាល់ដើម្បីកុំឲ្យពួកអ្នកឃើញពួកនាងផ្ទាល់ភ្នែក ដើម្បីជាការការពារដល់ពួកនាង(ភរិយារបស់ព្យាការី) ដោយសារតែឋានៈរបស់អ្នកនាំសាររបស់អល់ឡោះ។ ការដែលពួកអ្នកស្នើសុំពីខាងក្រោយរបាំងនោះ គឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង ដើម្បីកុំឲ្យស្ហៃតនពង្វក់ដួងចិត្តរបស់ពួកអ្នកនិងដួងចិត្តរបស់ពួកនាង តាមរយៈការញុះញង់និងតុបតែងលម្អនូវប្រការអាក្រក់(ឲ្យមើលឃើញថាជាប្រការល្អ)។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឲ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ តាមរយៈការបន្តអង្គុយនិយាយគ្នាលេង(ក្នុងផ្ទះរបស់គាត់)នោះ។ ហើយពួកអ្នកក៏មិនអាចរៀបការជាមួយភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់បានស្លាប់ហើយនោះដែរ ព្រោះថា ពួកនាង គឺជាមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ ហើយគេមិនអនុញ្ញាតឲ្យនរណាម្នាក់រៀបការជាមួយនឹងម្តាយខ្លួនឯងឡើយ។ ពិតប្រាកដណាស់ ការបង្កការប៉ះពាល់(ដល់ព្យាការី)ដូច្នោះ(ដែលក្នុងចំណោមនោះ គឺការរៀបការជាមួយភរិយារបស់គាត់ក្រោយពីគាត់បានស្លាប់) គឺជាប្រការដែលត្រូវបានហាមឃាត់ និងត្រូវបានចាត់ទុកថាជាអំពើបាបដ៏ធំធេងចំពោះអល់ឡោះជាម្ចាស់។
Ahzab 33:54
ទោះបីជាពួកអ្នកលាតត្រដាងនូវទង្វើអ្វីមួយរបស់ពួកអ្នក ឬក៏លាក់បាំងវានៅក្នុងខ្លួនរបស់ពួកអ្នកក៏ដោយ ក៏គ្មានអ្វីមួយអាចលាក់បាំងពីអល់ឡោះបានដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ គ្មានទង្វើណាមួយរបស់ពួកអ្នក ឬក៏អ្វីផ្សេងក្រៅពីនេះអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងទទួលបានផលល្អ តែប្រសិនបើទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។
Ahzab 33:55
គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងនៅក្នុងការមើល និងការនិយាយជាមួយពួកនាងដោយគ្មានរបាំងនោះ ដូចជា(ជាមួយនឹង)ឪពុករបស់ពួកនាង កូនប្រុសរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសរបស់បងប្អូនប្រុសពួកនាង កូនប្រុសរបស់បងប្អូនស្រីពួកនាង ទាំងសាច់ញាតិបង្កើត ឬសាច់ញាតិរួមដោះ។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះពួកនាងក្នុងការនិយាយជាមួយពួកនាងដោយគ្មានរបាំងខណ្ឌ ដូចជា(ជាមួយនឹង)បណ្តាស្ត្រីដែលមានជំនឿ និងស្ត្រីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកនាង។ ហើយចូរពួកនាង(ឱបណ្តាស្រ្តីដែលជាអ្នកមានជំនឿទាំងឡាយ)កោតខ្លាចអល់ឡោះជាម្ចាស់ចំពោះអ្វីដែលអល់ឡោះបានបង្គាប់ប្រើ និងអ្វីដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើសាក្សីលើអ្វីដែលស្តែងចេញពីពួកនាង និងអ្វីដែលផុសចេញអំពីពួកនាង។
Ahzab 33:56
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់កោតសរសើរចំពោះព្យាការីមូហាំម៉ាត់នៅក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់របស់ទ្រង់ ហើយម៉ាឡាអ៊ីកាត់ទាំងឡាយរបស់ទ្រង់ក៏បានសុំបួងសួងឲ្យគាត់ផងដែរ។ ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះខ្ញុំបម្រើរបស់ទ្រង់! ចូរពួកអ្នកបួងសួងសុំពរជ័យ និងសុំឲ្យមានសន្តិភាពកើតឡើងចំពោះអ្នកនាំសារចុះ។
Ahzab 33:57
ពិតប្រាកដណាស់ ពួកដែលបញ្ឈឺអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់តាមរយៈពាក្យសម្ដី ឬកាយវិការនោះ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេឃ្លាតឆ្ងាយ និងបណ្ដេញពួកគេចេញពីរង្វង់នៃក្តីមេត្តាករុណារបស់ទ្រង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត ជាការតបស្នងដល់ពួកគេទៅលើការដែលពួកគេបញ្ឈឺអ្នកនាំសាររបស់ទ្រង់។
Ahzab 33:58
ហើយពួកដែលបញ្ឈឺបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី តាមរយៈពាក្យសម្ដីឬកាយវិការ ដោយពួកគេ(បណ្តាអ្នកមានជំនឿទាំងនោះ)មិនបានប្រព្រឹត្តទោសកំហុសអ្វីដែលធ្វើឲ្យពួកគេសមនឹងទទួលបានការបញ្ឈឺបែបនេះសោះនោះ អ្នកទាំងនោះប្រាកដជាត្រូវទទួលខុសត្រូវចំពោះការភូតកុហក និងទទួលបាបកម្មយ៉ាងច្បាស់លាស់។
Ahzab 33:59
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកប្រាប់ទៅកាន់ភរិយាទាំងឡាយរបស់អ្នក កូនស្រីទាំងឡាយរបស់អ្នក និងទៅកាន់បណ្តាស្ត្រីដែលជាអ្នកមានជំនឿទាំងឡាយ ឲ្យពួកនាងបិទបាំងរាងកាយរបស់ពួកនាងដោយស្បៃដែលពួកនាងពាក់វា ដើម្បីកុំឲ្យរបើកចេញនូវកេរខ្មាសរបស់ពួកនាងនៅពីមុខបុរសដទៃ។ ការធ្វើបែបនោះ គឺងាយស្រួលឲ្យគេស្គាល់ថា ពួកនាងជាស្ត្រីដែលមានសិទ្ធិសេរីភាព។ ដូច្នេះ គ្មាននរណាម្នាក់ហ៊ានបៀតបៀនពួកនាងដូចដែលគេធ្វើទៅលើស្រ្តីដែលជាខ្ញុំបម្រើដាច់ថ្លៃឡើយ។ ហើយអល់ឡោះទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះគេ។
Ahzab 33:60
ប្រសិនបើពួកពុតត្បុតដែលជាពួកលាក់ទុកនូវភាពគ្មានជំនឿ ហើយបង្ហាញនូវផ្នែកខាងក្រៅរបស់ខ្លួនថាជាអ្នកឥស្លាម ហើយនិងពួកដែលក្នុងចិត្តរបស់ពួកគេមាននូវភាពគ្មានសីលធម៌តាមរយៈការពាក់ព័ន្ធរបស់ពួកគេទៅនឹងចំណង់តណ្ហារបស់ពួកគេ ព្រមទាំងពួកដែលនាំព័ត៌មានភូតកុហកក្នុងក្រុងម៉ាទីណះដើម្បីបំបែកបំបាក់រវាងបណ្តាអ្នកដែលមានជំនឿនោះ ប្រសិនបើពួកទាំងនោះមិនព្រមបញ្ឈប់នូវទង្វើអាក្រក់របស់ពួកគេទេនោះ យើងប្រាកដជានឹងប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យដាក់ទណ្ឌកម្មចំពោះពួកគេ ហើយនឹងឲ្យអ្នកគ្រប់គ្រងទៅលើពួកគេជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនអាចរស់នៅជាមួយអ្នកនៅក្នុងក្រុងម៉ាទីណះទៀតឡើយ លើកលែងតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ការកម្ចាត់ពួកគេ ឬបណ្តេញពួកគេចេញពីក្រុងម៉ាទីណះនេះ គឺដោយសារតែពួកគេបានបង្កវិនាសកម្មនៅលើផែនដី។
Ahzab 33:61
ពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ នៅទីកន្លែងណាក៏ដោយដែលគេបានជួបពួកគេនោះ ពួកគេនឹងត្រូវគេចាប់ខ្លួន ហើយនិងត្រូវគេសម្លាប់រង្គាល ដោយសារតែភាពពុតត្បុតរបស់ពួកគេ និងការបង្កវិនាសកម្មរបស់ពួកគេនៅលើផែនដី។
Ahzab 33:62
នេះគឺជាមាគ៌ារបស់អល់ឡោះដែលត្រូវបានអនុវត្តន៍ចំពោះពួកអ្នកពុតត្បុតកាលណាពួកគេបានស្តែងចេញនូវអំពើពុតត្បុតរបស់ពួកគេ ហើយមាគ៌ារបស់អល់ឡោះគឺនៅឋិតថេរជានិច្ច ដោយអ្នកនឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ។
Ahzab 33:63
ពួកមុស្ហរីគីននឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវសំណួរបែបបដិសេធ និងមិនជឿ ហើយពួកយូដាក៏នឹងសួរអ្នកដែរ(នូវសំណួរតែមួយ) គឺអំពីថ្ងៃបរលោក ថាតើវានឹងកើតឡើងនៅពេលណា? ចូរអ្នកប្រាប់ទៅកាន់ពួកគេថាៈ ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង ហើយខ្ញុំមិនបានដឹងអ្វីបន្តិចអំពីវាឡើយ។ ហើយតើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើងក្នុងពេលឆាប់ៗនោះ?
Ahzab 33:64
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបណ្តេញពួកប្រឆាំងចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនោះនូវភ្លើងនរកដែលឆេះឆាបយ៉ាងសន្ធោសន្ធៅដែលកំពុងតែរង់ចាំពួកគេ។
Ahzab 33:65
ពួកគេនឹងស្ថិតនៅក្នុងទណ្ឌកម្មភ្លើងនរកដែលគេបានរៀបចំសម្រាប់ពួកគេនោះជាអមតៈ។ នៅក្នុងនោះ ពួកគេគ្មានអ្នកគាំពារណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេបានឡើយ ហើយក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មនោះដែរ។
Ahzab 33:66
គឺនៅថ្ងៃបរលោក ថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរកជើហាន់ណាំ ពួកគេនឹងនិយាយដោយភាពសោកស្តាយ និងមានវិប្បដិសារីថាៈ ឱអនិច្ចាពួកយើង! កាលនៅក្នុងលោកិយ គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ ដោយអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើមកចំពោះពួកយើង ហើយជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់ ហើយគោរពប្រតិបត្តិតាមអ្នកនាំសារនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់។
Ahzab 33:67
ពួកទាំងនោះបាននាំយកនូវអំណះអំណាងដែលមិនត្រឹមត្រូវ ដោយពួកគេបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានគោរពតាមពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃក្រុមរបស់ពួកយើង ហើយពួកគេបានធ្វើឲ្យពួកយើងវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវ។
Ahzab 33:68
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាដាក់ទណ្ឌកម្មទ្វេដងនៃទណ្ឌកម្មដែលទ្រង់បានដាក់លើពួកយើងនេះទៅចំពោះពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់ទាំងនោះដែលពួកគេបានធ្វើឲ្យពួកយើងវង្វេងពីមាគ៌ាដែលត្រឹមត្រូវផងចុះ ពីព្រោះពួកទាំងនោះហើយដែលបានធ្វើឲ្យពួកយើងវង្វេង ហើយសូមទ្រង់បណ្តេញពួកគេឲ្យចេញឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។
Ahzab 33:69
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំបៀតបៀនអ្នកនាំសាររបស់ពួកអ្នកឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកដូចទៅនឹងពួកដែលបានបៀតបៀនចំពោះព្យាការីមូសា ដូចជាពួកគេបានបង្អាប់ព្យាការីមូសាចំពោះខ្លួនប្រាណរបស់គាត់។ ពេលនោះ អល់ឡោះក៏បានឲ្យគាត់ស្អាតស្អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ដូច្នេះ វាក៏បានបង្ហាញយ៉ាងច្បាស់ដល់ពួកគេនូវភាពស្អាតស្អំរបស់គាត់អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ហើយពិតប្រាកដណាស់ ព្យាការីមូសាជាអ្នកដែលមានឋានៈដ៏ឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់មិនដែលបដិសេធនូវសំណើររបស់គាត់ឡើយ ហើយទ្រង់ក៏មិនដែលធ្វើឲ្យគាត់ខកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់គាត់នោះដែរ។
Ahzab 33:70
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរពួកអ្នកនិយាយនូវពាក្យពិត ត្រឹមត្រូវ។
Ahzab 33:71
ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិយាយនូវពាក្យសម្តីដែលត្រឹមត្រូវនោះ ទ្រង់នឹងកែលម្អនូវទង្វើទាំងឡាយរបស់ពួកអ្នក និងទទួលយកវាអំពីពួកអ្នក ហើយទ្រង់នឹងលុបលាងនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់មិនយកទោសពៃរ៍ពីពួកអ្នកឡើយ។ ហើយជនណាដែលប្រតិបត្តិតាមអល់ឡោនិងអ្នកនាំសាររបស់ទ្រង់នោះ រូបគេពិតជាទទួលបាននូវជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ នោះគឺជោគជ័យដោយទទួលបានការពេញចិត្តពីអល់ឡោះ និងបានចូលឋានសួគ៌។
Ahzab 33:72
ពិតប្រាកដណាស់ យើងបានបង្ហាញនូវការទទួលខុសត្រូវចំពោះក្បួនច្បាប់ឥស្លាម ហើយនិងទំនួលខុសត្រូវនៃការថែរក្សាទ្រព្យសម្បត្តិ និងអាថ៌កំបាំងទាំងឡាយ ដោយប្រគល់វាទៅឲ្យមេឃជាច្រើន ទៅឲ្យផែនដី និងភ្នំទាំងឡាយ ប៉ុន្តែពួកវាបានបដិសេធមិនទទួលយកឡើយ ហើយពួកវាខ្លាចលទ្ធផលចុងក្រោយរបស់វា(ខ្លាចមិនអាចអនុវត្តន៍បាន) តែមនុស្សលោកបានទទួលយកវា។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកបំពានចំពោះខ្លួនឯង ជាអ្នកដែលល្ងង់ខ្លៅមិនដឹងលទ្ធផលចុងក្រោយនៃការទទួលយកវានោះឡើយ។
Ahzab 33:73
មនុស្សលោកបានទទួលយកវា(ការទទួលខុសត្រូវក្នុងការអនុវត្តក្បួនច្បាប់ឥស្លាម)ដោយការកំណត់ពីអល់ឡោះ ដើម្បីអល់ឡោះនឹងដាក់ទណ្ឌកម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងពួកមុស្ហរីគីនទាំងប្រុសទាំងស្រីទៅលើអំពើពុតត្បុតរបស់ពួកគេ និងការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ហើយនិងដើម្បីអល់ឡោះទទួលយកនូវការសារភាពកំហុសរបស់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រីដែលពួកគេបានបំពេញយ៉ាងល្អចំពោះទំនួលខុសត្រូវ(ក្នុងការអនុវត្តក្បួនច្បាប់ឥស្លាម)របស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Sebe' 34:1
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលអ្វីៗគ្រប់យ៉ាងនៅលើមេឃជាច្រើនជាន់ និងអ្វីៗគ្រប់យ៉ាងដែលនៅលើផែនដី គឺជាកម្មសិទ្ធរបស់ទ្រង់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង ហើយការកោតសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែង ហើយទ្រង់មហាដឹងបំផុតពីស្ថានភាពនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Sebe' 34:2
ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកនិងរុក្ខជាតិ ហើយទ្រង់ដឹងនូវអ្វីដែលផុសចេញពីដី ដូចជារុក្ខជាតិនិងអ្វីផ្សេងទៀត។ ហើយទ្រង់ដឹងនូវអ្វីដែលចុះមកពីលើមេឃ ដូចជាទឹកភ្លៀង ពួកម៉ាឡាអ៊ីកាត់ និងលាភសក្ការៈ ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃវិញ ដូចជាម៉ាឡាអ៊ីកាត់ ទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ និងព្រលឹងរបស់ពួកគេ។ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់។
Sebe' 34:3
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ថ្ងៃបរលោកនឹងមិនអាចមកដល់(កើតឡើង)ចំពោះពួកយើងឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ពុំដូច្នោះឡើយ សូមស្បថនឹងអល់ឡោះ! ថ្ងៃបរលោកដែលពួកអ្នកបដិសេធមិនជឿចំពោះវានោះ ប្រាកដជានឹងមកដល់ពួកអ្នកពុំខានឡើយ ក៏ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីពេលវេលារបស់វាក្រៅពីអល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ ដូចជាថ្ងៃបរលោក និងប្រការផ្សេងទៀតដោយគ្មានអ្វីមួយអាចលាក់បាំងពីការដឹងរបស់ទ្រង់ឡើយ សូម្បីតែវាមានទម្ងន់តូចប៉ុនសត្វស្រមោចក៏ដោយ មិនថានៅលើមេឃជាច្រើនជាន់ ឬនៅលើផែនដីនោះឡើយ។ ហើយក៏គ្មានអ្វីដែលអាចលាក់បាំងពីទ្រង់បានដែរ មិនថាអ្វីដែលតូចជាងនេះ ឬធំជាងនេះនោះឡើយ លើកលែងតែត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរយ៉ាងច្បាស់លាស់ គឺនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលគេបានកត់ត្រានៅក្នុងវានោះនូវរាល់អ្វីៗទាំងអស់ដែលកើតឡើង រហូតដល់ថ្ងៃបរលោក។
Sebe' 34:4
អល់ឡោះបានកំណត់នូវអ្វីដែលបានកត់ត្រាទៅក្នុងឡាវហ៊ុលម៉ះហ្វ៊ូសនោះ គឺដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ចំពោះបាបកម្មរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយពួកគេនឹងទទួលបាននូវលាភសក្ការៈដ៏ឧត្តុង្គឧត្តម នោះគឺឋានសួគ៌របស់ទ្រង់នៅថ្ងៃបរលោក។
Sebe' 34:5
ហើយពួកដែលខំប្រឹងព្យាយាមប្រឆាំងនឹងបណ្តាភស្តុតាងដែលអល់ឡោះបានបញ្ចុះមក ដោយពួកគេបាននិយាយថាៈ វាគឺជាមន្តអាគម ហើយបាននិយាយចោទប្រកាន់អ្នកនាំសាររបស់យើងថា ជាគ្រូទាយ គ្រូមន្តអាគម និងជាកវីនិពន្ធនោះ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាងអាក្រក់ និងខ្លាំងក្លាបំផុតនៅថ្ងៃបរលោក។
Sebe' 34:6
ហើយបណ្តាអ្នកដែលចេះដឹងក្នុងចំណោមមិត្តភក្តិ(របស់ព្យាការី) និងអ្នកដែលមានជំនឿក្នុងចំណោមអ្នកដែលមានចំណេះដឹងនៃពួកអះលីគីតាប(ដែលគេបានប្រទានគម្ពីរឲ្យ)បានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ វ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ ហើយដែលវាចង្អុលបង្ហាញទៅកាន់មាគ៌ារបស់ម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចាស់ដែលត្រូវបានគេកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
Sebe' 34:7
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយទៅកាន់គ្នាទៅវិញទៅមកដោយភាពភ្ញាក់ផ្អើល និងសើចចំអកចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមកថាៈ តើពួកអ្នកចង់ឲ្យយើងណែនាំដល់ពួកអ្នកដែរឬទេអំពីបុរសម្នាក់ដែលបានប្រាប់ពួកអ្នកថា ពិតប្រាកដណាស់ នៅពេលពួកអ្នកបានស្លាប់ និងបានរលួយខ្ទេចខ្ទីទៅហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ?
Sebe' 34:8
ហើយពួកគេបាននិយាយថាៈ តើបុរសម្នាក់នេះប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ ជាម្ចាស់ដោយអះអាងថា ពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីពួកយើងបានស្លាប់ ឬក៏គេជាមនុស្សវិកលចរិតដែលនិយាយនូវពាក្យសម្តីដែលគ្មានការពិតអ្វីសោះនោះ? រឿងនោះ គឺមិនដូចអ្វីដែលពួកទាំងនោះបានអះអាងឡើយ។ ផ្ទុយទៅវិញ ជាក់ស្តែង ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកនោះ ពួកគេនឹងស្ថិតនៅក្នុងទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោក និងស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយពីសេចក្តីពិតនៅក្នុងលោកិយនេះ។
Sebe' 34:9
តើពួកដែលបដិសេធ(គ្មានជំនឿ)ចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញផែនដីដែលនៅពីមុខពួកគេ និងមេឃដែលនៅពីក្រោយពួកគេទេឬ? ប្រសិនបើយើងមានចេតនាឲ្យដីស្រូបយកពួកគេពីក្រោមជើងរបស់ពួកគេនោះ យើងពិតជានឹងឲ្យដីស្រូបយកពួកគេ ហើយប្រសិនបើយើងមានចេតនាឲ្យមួយផ្នែកនៃមេឃធ្លាក់មកលើពួកគេនោះ យើងពិតជានឹងឲ្យវាធ្លាក់មកលើពួកគេជាមិនខានឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងដ៏ច្បាស់លាស់សម្រាប់រាល់ខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយណាដែលតែងតែវិលត្រឡប់ទៅកាន់ការគោរពប្រតិបត្តិម្ចាស់របស់គេយកធ្វើជាភស្តុតាងបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ ព្រោះថា អ្នកដែលមានសមត្ថភាពក្នុងការធ្វើបែបនោះ ពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបានស្លាប់ ខណៈខ្លួនប្រាណរបស់ពួកអ្នកបានរលួយខ្ទេចខ្ទីហើយនោះ។
Sebe' 34:10
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវភាពជាព្យាការី និងភាពជាស្តេចផែនដីអំពីយើង ហើយយើងបានមានបន្ទូលទៅកាន់ភ្នំថា៖ ឱភ្នំ និងសត្វបក្សីទាំងឡាយ! ចូរពួកឯងទាំងអស់គ្នាលើកតម្កើងមកចំពោះយើងជាមួយព្យាការីហ្ទាវូទចុះ។ ហើយយើងបានឲ្យដែកក្លាយទៅជាទន់សម្រាប់គេ(ព្យាការីហ្ទាវូទ)ដើម្បីឲ្យគេអាចយកវាធ្វើជាសម្ភារៈផ្សេងៗតាមដែលគេប្រាថ្នា។
Sebe' 34:11
ចូរអ្នក(ឱហ្ទាវូទ)ធ្វើអាវក្រោះដែលទូលាយដែលអាចការពារកងទ័ពរបស់អ្នកប្រយុទ្ធនឹងសត្រូវរបស់ពួកគេ ហើយចូរកំណត់ទំហំរបស់វាឲ្យបានសមរម្យ ដោយមិនឲ្យតូចពេកហើយក៏មិនធំពេក។ ហើយចូរពួកអ្នកសាងនូវទង្វើកុសល។ ពិតប្រាកដណាស់ យើងឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីយើងបានឡើយ ហើយយើងនឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។
Sebe' 34:12
ហើយយើងបានឲ្យខ្យល់ស្តាប់បង្គាប់ព្យាការីសូឡៃម៉ានដែលជាកូនប្រុសរបស់ព្យាការីហ្ទាវូទ ដោយវាធ្វើដំណើរ(ជាមួយព្យាការី)មួយព្រឹកស្មើនឹងរយៈពេលធ្វើដំណើរធម្មតា១ខែ ហើយការធ្វើដំណើរមួយល្ងាច ស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយ១ខែ។ ហើយយើងបានធ្វើឲ្យស្ពាន់ក្លាយទៅជាទន់សម្រាប់គេ ដើម្បីឲ្យគេយកធ្វើជាអ្វីក៏បានតាមដែលគេប្រាថ្នា។ ហើយយើងបានឲ្យពួកជិនមួយចំនួនធ្វើការឲ្យគេ(ព្យាការីស៊ូឡៃម៉ាន)នៅចំពោះមុខគេទៅតាមបទបញ្ជានៃម្ចាស់របស់គេ។ ហើយចំពោះពួកជិនមួយចំនួនដែលងាកចេញ(មិនធ្វើ)នូវអ្វីដែលយើងបានដាក់បទបញ្ជាចំពោះវា(ឲ្យធ្វើ)ទេនោះ យើងនឹងឲ្យវាភ្លក្សនូវទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។
Sebe' 34:13
ពពួកជិនទាំងនោះធ្វើការឲ្យព្យាការីសូឡៃម៉ានទៅតាមអ្វីដែលគាត់ចង់បាន ដូចជាវិហារដើម្បីថ្វាយបង្គំ វិមាន(ដែលធំស្កឹមស្កៃ) រូបភាពដែលគាត់ចង់បាន ចានធំដូចជាស្រះទឹក និងឆ្នាំងដាំបាយដែលនៅនឹងមួយកន្លែងមិនអាចរំកិលបានដោយសារតែទំហំធំរបស់វា។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នក(ឱក្រុមគ្រួសាររបស់ហ្ទាវូទ) អនុវត្តន៍តាមជាការដឹងគុណចំពោះអល់ឡោះទៅលើឧបការគុណដែលទ្រង់បានប្រទានចំពោះពួកអ្នក។ តែខ្ញុំបម្រើរបស់យើងដែលដឹងគុណចំពោះយើងទៅលើឧបការគុណដែលយើងបានប្រទានឲ្យគេនោះ គឺតិចតួចបំផុត។
Sebe' 34:14
ហើយនៅពេលដែលយើងបានកំណត់ឲ្យព្យាការីសូឡៃម៉ានស្លាប់ គឺគ្មានអ្វីដែលបង្ហាញឲ្យពួកជិនដឹងថា គាត់បានស្លាប់នោះឡើយ រហូតទាល់តែសត្វកណ្តៀរបានស៊ីឈើច្រត់របស់គាត់ដែលគាត់បានផ្អែកនឹងវានោះ(ទើបពួកគេដឹងថាគាត់ស្លាប់)។ នៅពេលដែលសាកសពរបស់គាត់បានដួល ពួកជិនទាំងនោះក៏បានដឹងថាៈ ពិតណាស់ ពួកវាមិនបានដឹងពីប្រការអាថ៌កំបាំងឡើយ ព្រោះថា ប្រសិនបើពួកវាបានដឹងនូវប្រការអាថ៌កំបាំងមែននោះ ពួកវាក៏មិនស្ថិតនៅក្នុងទណ្ឌកម្មដ៏អាម៉ាស់នោះដែរ ពោលគឺការដែលពួកគេនៅតែបន្តធ្វើការងារដ៏លំបាកដែលពួកគេធ្វើវាឲ្យព្យាការីសូឡៃម៉ាន ដោយពួកគេគិតស្មានថា គាត់នៅរស់នៅឡើយ ហើយកំពុងតែឃ្លាំមើលពួកគេធ្វើការ។
Sebe' 34:15
ពិតប្រាកដណាស់ សម្រាប់កុលសម្ព័ន្ធសាហ្ពាក់ ចំពោះស្រុកភូមិរបស់ពួកគេដែលពួកគេបានរស់នៅនោះ គឺជាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងការប្រោសប្រទានរបស់ទ្រង់ចំពោះពួកគេ នោះគឺមានចម្ការពីរ ដោយចម្ការមួយនៅខាងស្តាំ ហើយមួយទៀតនៅខាងឆ្វេង(នៃភូមិស្រុករបស់ពួកគេ)។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទានចុះអំពីលាភសក្ការៈនៃម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណទ្រង់ទៅលើឧបការគុណដែលទ្រង់បានប្រទានឲ្យពួកអ្នក។ នេះគឺជាទឹកដីដ៏ល្អប្រសើរ ហើយនេះគឺជាអល់ឡោះដែលជាម្ចាស់មហាអភ័យទោសបំផុត ដោយទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅចំពោះទ្រង់។
Sebe' 34:16
ក៏ប៉ុន្តែពួកគេបានងាកចេញពីការដឹងគុណអល់ឡោះ និងការមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូចនេះ យើងក៏បានដាក់ទោសពួកគេដោយបានផ្លាស់ប្តូរឧបការគុណរបស់ពួកគេទៅជាទណ្ឌកម្ម ដោយយើងបានបញ្ជូនទឹកជំនន់ដែលហូរបក់បោកយ៉ាងខ្លាំងទៅលើពួកគេ ដែលបានបំផ្លាញទំនប់របស់ពួកគេ(ធ្វើឲ្យទំនប់របស់ពួកគេបាក់) និងធ្វើឲ្យដំណាំរបស់ពួកគេលិចលង់។ ហើយយើងបានផ្លាស់ប្តូរចម្ការពីររបស់ពួកគេនោះឲ្យក្លាយទៅជាចំការពីរដែលផ្លែរបស់វានោះមានរសជាតិល្វីង ហើយមានដើមឈើដែលមិនផ្តល់ផ្លែផ្កា ហើយនិងមានតែដើមពុទ្រាតិចតួចប៉ុណ្ណោះ។
Sebe' 34:17
ការផ្លាស់ប្តូរនោះ(ដែលជាក់ស្តែងពីមុន ពួកគេធ្លាប់ទទួលបាននូវឧបការគុណ) គឺដោយសារតែការប្រឆាំង និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណទាំងនោះ។ ហើយយើងមិនបានដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបែបនេះឡើយ លើកលែងតែចំពោះពួកដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងប្រឆាំងចំពោះទ្រង់តែប៉ុណ្ណោះ។
Sebe' 34:18
ហើយយើងបានធ្វើឲ្យ(ភូមិស្រុក)ពួកកុលសម្ព័ន្ធសាហ្ពាក់ដែលស្ថិតនៅក្នុងប្រទេសយេមែន ហើយនិងទឹកដីស្ហាមដែលយើងបានប្រទានពរជ័យនៅក្នុងវានោះ ក្លាយទៅជាភូមិដ្ឋានដែលស្ថិតនៅជិតគ្នា។ ហើយយើងបានធ្វើឲ្យការធ្វើដំណើរពីភូមិមួយទៅភូមិមួយមានភាពងាយស្រួលដោយគ្មានការលំបាកអ្វីឡើយ រហូតពួកគេទៅដល់ទឹកដីស្ហាម។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកធ្វើដំណើរនៅក្នុងទឹកដីនោះតាមដែលពួកអ្នកប្រាថ្នាចុះ មិនថាពេលយប់ឬពេលថ្ងៃ ប្រកបដោយសុវត្ថិភាពពីសត្រូវ និងគ្មានការស្រេកឃ្លាននោះឡើយ។
Sebe' 34:19
ក៏ប៉ុន្តែពួកគេបែរជារមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលបានធ្វើឲ្យចម្ងាយ(នៃការធ្វើដំណើររបស់ពួកគេ)មានចម្ងាយជិតនោះទៅវិញ ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់ធ្វើឲ្យការធ្វើដំណើររបស់ពួកយើងមានរយៈចម្ងាយឆ្ងាយវិញផងចុះ ដោយជម្លៀសភូមិទាំងនោះចេញវិញ ដើម្បីឲ្យពួកយើងស្គាល់រសជាតិនៃការហត់នឿយក្នុងការធ្វើដំណើរ និងបង្ហាញនូវលក្ខណៈពិសេសនៃជំនិះរបស់ពួកយើង។ ហើយពួកគេបានបំពានលើខ្លួនឯងតាមរយៈការរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងបែរចេញពីការដឹងគុណចំពោះទ្រង់ ព្រមទាំងច្រណែនឈ្នានីសទៅចំពោះពួកអ្នកក្រីក្រក្នុងចំណោមពួកគេ។ ដូច្នេះ យើងក៏បានធ្វើឲ្យរឿងរ៉ាវរបស់ពួកគេក្លាយជារឿងដែលអ្នកជំនាន់ក្រោយពីពួកគេលើកមកនិយាយតៗគ្នា ហើយយើងបានបំបែកពួកគេនៅក្នុងទឹកដីនោះឲ្យបែកបាក់ខ្ចាត់ខ្ចាយ ដោយពួកគេមិនអាចទាក់ទងគ្នាបានឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើង(ដូចជាការប្រទានឧបការគុណដល់ពួកកុលសម្ព័ន្ធសាហ្ពាក់ បន្ទាប់មកដាក់ទណ្ឌកម្មពួកគេដោយសារតែការប្រឆាំងនិងការរមិលគុណរបស់ពួកគេ)នោះ គឺជាមេរៀនសម្រាប់រាល់អ្នកដែលអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើការចៀសវាងពីការប្រព្រឹត្តបទល្មើសចំពោះទ្រង់ និងអត់ធ្មត់ទៅលើការសាកល្បង និង(ជាមេរៀន)សម្រាប់រាល់អ្នកដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើរូបគេ។
Sebe' 34:20
ហើយប្រាកដណាស់ អ៊ិព្លីសបានបញ្ជាក់ពីភាពពិតនៃអ្វីដែលវាគិតស្មាន ដែលវាគិតថា វាអាចពង្វក់ពួកគេ និងធ្វើឲ្យពួកគេវង្វេងអំពីការពិតបាន។ ពេលនោះ ពួកគេក៏បានធ្វើតាមអ៊ិព្លីសដោយប្រឆាំង និងវង្វេង លើកលែងតែមួយក្រុមក្នុងចំណោមបណ្តាអ្នកមានជំនឿប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេបានធ្វើឲ្យក្តីស្រមៃរបស់អ៊ិព្លីសប្រែទៅជាខកបំណង ដោយពួកគេ(អ្នកមានជំនឿ)មិនបានធ្វើតាមវាឡើយ។
Sebe' 34:21
ហើយអ៊ិព្លីសគ្មានអំណាចអ្វីអាចបង្ខំពួកគេឲ្យវង្វេងនោះឡើយ។ តាមពិត វាគ្រាន់តែតុបតែងលម្អ និងបញ្ឆោតពួកគេ(ឲ្យឃើញល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ)ប៉ុណ្ណោះ។ ប៉ុន្តែយើងបានអនុញ្ញាតឲ្យអ៊ិព្លីសនោះអាចបោកបញ្ឆោតពួកគេបាន ដើម្បីឲ្យយើងដឹងថា តើជនណាក្នុងចំណោមពួកគេជាអ្នកដែលមានជំនឿចំពោះថ្ងៃបរលោក ហើយនិងការទទួលបានការតបស្នងនៅថ្ងៃនោះ និងជនណាដែលមានមន្ទិលសង្ស័យអំពីថ្ងៃបរលោក។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកដែលថែរក្សាលើអ្វីៗទាំងអស់ ដោយទ្រង់នឹងថែរក្សាទុកនូវទង្វើខ្ញុំបម្រើរបស់ទ្រង់ ហើយនិងធ្វើការតបស្នងដល់ពួកគេលើទង្វើទាំងនោះ។
Sebe' 34:22
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកហៅអ្នកដែលពួកអ្នកអះអាងថា ពិតណាស់ ពួកគេជាព្រះជាម្ចាស់របស់ពួកអ្នកក្រៅពីអល់ឡោះនោះមក ដើម្បីឲ្យពួកទាំងនោះនាំមកនូវផលប្រយោជន៍ដល់ពួកអ្នក ឬបញ្ចៀសពួកអ្នកអំពីគ្រោះថ្នាក់។ ជាការពិតណាស់ ពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងអ្វីឡើយ សូម្បីតែវត្ថុដែលតូចប៉ុនគ្រាប់ស្ពៃក៏ដោយ មិនថានៅលើមេឃក្តី ឬនៅលើផែនដីក្តី ហើយពួកវាក៏គ្មានចំណែកអ្វីនៅក្នុងវាជាមួយអល់ឡោះនោះដែរ។ ហើយអល់ឡោះជាម្ចាស់ពុំមានអ្នកដែលជួយដល់ទ្រង់ឡើយ ពីព្រោះទ្រង់គឺជាម្ចាស់ដែលមហាមានលើសលប់មិនត្រូវការដៃគូ និងមិនត្រូវការអ្នកជួយនោះឡើយ។
Sebe' 34:23
ហើយការធ្វើអន្តរាគមន៍នោះ គឺគ្មានប្រយោជន៍អ្វីនៅចំពោះមុខអល់ឡោះជាម្ចាស់នោះឡើយ លើកលែងតែជនណាដែលទ្រង់អនុញ្ញាតឲ្យគេប៉ុណ្ណោះ ហើយអល់ឡោះក៏មិនអនុញ្ញាតឲ្យនរណាម្នាក់អាចធ្វើអន្តរាគមន៍នោះដែរ លើកលែងតែជនណាដែលទ្រង់ពេញចិត្តចំពោះគេប៉ុណ្ណោះ ព្រោះតែភាពធំធេងរបស់ទ្រង់។ ហើយក្នុងចំណោមភាពធំធេងរបស់ទ្រង់នោះគឺ ពិតណាស់ នៅពេលដែលទ្រង់មានបន្ទូលនៅលើមេឃនោះ ពពួកម៉ាឡាអ៊ីកាត់ទាំងឡាយបានទទះស្លាបរបស់ពួកគេដោយបន្ទាបខ្លួនចំពោះបន្ទូលរបស់ទ្រង់។ លុះដល់ភាពភ័យខ្លាចបានបាត់ចេញពីចិត្តរបស់ពួកគេ ពេលនោះ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយបានសួរទៅកាន់ម៉ាឡាអ៊ីកាត់ជីព្រីលថាៈ តើម្ចាស់របស់ពួកអ្នកមានបន្ទូលអ្វី? ជីព្រីលបានឆ្លើយថាៈ ទ្រង់បានមានបន្ទូលពិត ហើយទ្រង់មហាខ្ពង់ខ្ពស់ដោយខ្លួនទ្រង់ផ្ទាល់ និងដោយអំណាចរបស់ទ្រង់ ហើយទ្រង់មហាឧត្តុង្គឧត្តមលើសអ្វីៗទាំងអស់។
Sebe' 34:24
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើនរណាជាអ្នកដែលបានប្រទានលាភសក្ការៈមកឲ្យពួកអ្នកពីលើមេឃ តាមរយៈការបញ្ចុះទឹកភ្លៀង និង(ប្រទានលាភសក្ការៈឲ្យពួកអ្នក)ចេញអំពីដីតាមរយៈការបណ្ដុះចេញនូវរុក្ខជាតិ ចម្ការ និងផ្លែឈើនានានោះ? ចូរអ្នកពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលបានប្រទានលាភសក្ការៈទាំងនោះឲ្យពួកអ្នក។ ហើយពិតប្រាកដណាស់ ពួកយើង ឬពួកអ្នក(ឱពួកមុស្ហរីគីន)ដែលស្ថិតនៅលើការចង្អុលបង្ហាញ ឬស្ថិតនៅលើភាពវង្វេងយ៉ាងច្បាស់ពីមាគ៌ា(ដ៏ត្រឹមត្រូវ)នោះ។ ហើយគ្មានការសង្ស័យឡើយថា ពិតណាស់ ក្រុមដែលទទួលការចង្អុលបង្ហាញនោះ គឺបណ្តាអ្នកមានជំនឿ រីឯក្រុមដែលវង្វេងនោះ គឺពួកមុស្ហរីគីន។
Sebe' 34:25
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ នៅថ្ងៃបរលោក ពួកអ្នកមិនត្រូវបានគេសួរពីបាបកម្មដែលពួកយើងបានប្រព្រឹត្តនោះទេ ហើយពួកយើងក៏មិនត្រូវបានគេសួរអំពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។
Sebe' 34:26
ចូរអ្នកពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់ទ្រង់នឹងប្រមូលផ្តុំពួកយើង និងពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក។ ក្រោយមក ទ្រង់នឹងកាត់សេចក្តីរវាងពួកយើង និងពួកអ្នកប្រកបដោយភាពយុត្តិធម៌បំផុត។ ពេលនោះ វានឹងបញ្ជាក់ឲ្យឃើញថា តើអ្នកណាត្រូវ អ្នកណាខុស។ ហើយទ្រង់គឺជាអ្នកជំនុំជម្រះដែលកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មហាដឹងចំពោះអ្វីដែលទ្រង់កាត់ក្តី។
Sebe' 34:27
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបង្ហាញខ្ញុំមកនូវព្រះនានាដែលពួកអ្នកយកវាមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់នោះ។ មិនដូច្នោះទេ រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតស្មាននោះឡើយដែលថាអល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះ។ ផ្ទុយទៅវិញ អល់ឡោះទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
Sebe' 34:28
ហើយយើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅ ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយចំពោះអ្នកកោតខ្លាចថា ពួកគេនឹងទទួលបានឋានសួគ៌ និងដើម្បីធ្វើជាអ្នកព្រមានបន្លាចពួកប្រឆាំងនិងពួកប្រព្រឹត្តអាក្រក់ពីភ្លើងនរកប៉ុណ្ណោះ។ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងអំពីរឿងនេះនោះឡើយ។ ប្រសិនបើពួកគេបានដឹងដូច្នោះនោះ ពួកគេប្រាកដជានឹងមិនបដិសេធអ្នកឡើយ។
Sebe' 34:29
ហើយពួកមុស្ហរីគីនដែលសុំឲ្យទណ្ឌកម្មដែលគេបានព្រមានបន្លាចពួកគេឆាប់មកដល់នោះបាននិយាយថាៈ តើការសន្យាដាក់ទណ្ឌកម្មនោះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងថា វាគឺជាការពិតមែននោះ?
Sebe' 34:30
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់មកដល់ទាំងនោះថាៈ ការសន្យាសម្រាប់ពួកអ្នកនោះ គឺនៅថ្ងៃមួយដែលត្រូវបានកំណត់ច្បាស់លាស់ដែលពួកអ្នកមិនអាចសុំពន្យារពេលសូម្បីតែមួយវិនាទី ហើយក៏មិនអាចសុំឲ្យវាមកដល់មុនសូម្បីមួយវិនាទីឡើយ ហើយថ្ងៃនោះ គឺជាថ្ងៃបរលោក។
Sebe' 34:31
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ពួកយើងមិនជឿនឹងគម្ពីរគួរអានដែលមូហាំម៉ាត់អះអាងថា វាជាគម្ពីរដែលត្រូវបានគេបញ្ចុះមកឲ្យរូបគេនោះជាដាច់ខាត ហើយពួកយើងក៏មិនជឿនឹងគម្ពីរដែលត្រូវបានបញ្ចុះពីលើមេឃពីមុនមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញនៅពេលដែលពួកបំពានទាំងនោះត្រូវបានតម្រៀបឲ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេនៅថ្ងៃបរលោកដើម្បីជំនុំជម្រះនោះ ពួកគេនឹងស្តីបន្ទោសគ្នាទៅវិញទៅមកដោយចោទគ្នាទៅវិញទៅមកឲ្យទទួលខុសត្រូវ ដោយពួកទន់ខ្សោយដែលដើរតាមមេដឹកនាំរបស់ពួកគេនោះនឹងនិយាយទៅកាន់មេដឹកនាំរបស់ពួកគេនៅក្នុងលោកិយថាៈ ប្រសិនបើពួកអ្នកមិនបាននាំពួកយើងឲ្យវង្វេងទេនោះ ប្រាកដជាពួកយើងនឹងក្លាយជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងចំពោះបណ្តាពួកអ្នកនាំសារទ្រង់ជាមិនខាន។
Sebe' 34:32
ពួកមេដឹកនាំដែលក្រអឺតក្រទមមិនទទួលយកការពិត បាននិយាយទៅកាន់ពួកទន់ខ្សោយដែលដើរតាមពួកគេៈ តើពួកយើងបានហាមឃាត់ពួកអ្នកមិនឲ្យទទួលយកការចង្អុលបង្ហាញដែលព្យាការីមូហាំម៉ាត់បាននាំមកកាន់ពួកអ្នកឬ? គឺគ្មានទេ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពាន និងជាក្រុមដែលសាងបាបកម្ម និងបង្កវិនាសកម្ម។
Sebe' 34:33
ហើយពួកទន់ខ្សោយដែលដើរតាមមេដឹកនាំរបស់ពួកគេ បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេដែលក្រអឺតក្រទមមិនទទួលយកការពិតវិញថាៈ ផ្ទុយទៅវិញ ពួកអ្នកបានរារាំងពួកយើងអំពីការទទួលបានការចង្អុលបង្ហាញ តាមរយៈការប្រើឧបាយកលរបស់ពួកអ្នកមកលើពួកយើងទាំងយប់ទាំងថ្ងៃ នៅពេលដែលពួកអ្នកបានប្រើពួកយើងឲ្យប្រឆាំងចំពោះអល់ឡោះ និងឲ្យគោរពសក្ការៈទៅកាន់ម៉ាខ្លូកទាំងឡាយក្រៅពីអល់ឡោះ។ ហើយពួកគេបានលាក់ទុកនូវវិប្បដិសារីចំពោះការប្រឆាំងដែលពួកគេបានធ្វើកាលនៅលើលោកិយ នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក ហើយពួកគេបានដឹងថា ពិតណាស់ ពួកគេនឹងត្រូវគេដាក់ទណ្ឌកម្ម។ ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ ការដែលពួកគេត្រូវបានគេតបស្នងបែបនេះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកគេធ្លាប់គោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ និងប្រព្រឹត្តនូវអំពើល្មើសកាលនៅលើលោកិយនោះឡើយ។
Sebe' 34:34
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ទៅកាន់ភូមិស្រុកមួយក្នុងចំណោមភូមិស្រុកទាំងឡាយដើម្បីបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ លើកលែងតែពួកមេដឹកនាំ ពួកដែលមានឋានៈបុណ្យសក្តិ និងពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងចំពោះអ្វីដែលពួកអ្នក(ឱអ្នកនាំសារទាំងឡាយ)ត្រូវបានគេតែងតាំងមក។
Sebe' 34:35
ហើយពួកដែលមានឋានៈសក្តិទាំងនោះបាននិយាយដោយភាពក្រអឺតក្រទម និងអំណួតថាៈ ពួកយើងជាអ្នកដែលមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងគេ។ ចំណែកឯអ្វីដែលពួកអ្នកអះអាងថា ពួកយើងនឹងត្រូវគេដាក់ទណ្ឌកម្មនោះ គឺជាការកុហកប៉ុណ្ណោះ។ ពិតណាស់ ពួកយើងនឹងមិនត្រូវបានគេដាក់ទណ្ឌកម្មឡើយ មិនថានៅលើលោកិយ ឬនៅថ្ងៃបរលោកនោះទេ។
Sebe' 34:36
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវបានគេបោកបញ្ឆោតដោយសារតែឧបការគុណដែលពួកគេបានទទួលបានទាំងនោះថាៈ ម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងដល់គេ ថាតើរូបគេដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈទៅចំពោះជនណាដែលទ្រង់មានចេតនា ដើម្បីសាកល្បងដល់គេផងដែរ ថាតើគេទ្រាំអត់ធ្មត់ ឬខឹងសម្បា? ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាគតិបណ្ឌិតបំផុត។ ទ្រង់មិនកំណត់កិច្ចការណាមួយនោះឡើយ លើកលែងតែមានបុព្វហេតុច្បាស់លាស់ ដែលមានតែអ្នកដែលមានចំណេះដឹងប៉ុណ្ណោះដែលដឹង។ ចំណែកឯអ្នកដែលល្ងង់ខ្លៅវិញ គឺមិនដឹងឡើយ។
Sebe' 34:37
ទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកដែលពួកអ្នកមានមោទនភាពជាមួយវានោះ មិនអាចនាំពួកអ្នកទៅកាន់ការពេញចិត្តពីអល់ឡោះនោះឡើយ ក៏ប៉ុន្តែអ្នកដែលមានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសលទៅវិញទេដែលនឹងទទួលបានផលបុណ្យទ្វេដងនោះ។ ជាការពិតណាស់ ទ្រព្យសម្បត្តិអាចធ្វើឲ្យគេខិតជិតទ្រង់បានតាមរយៈការបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះ ហើយកូនចៅ(ក៏អាចធ្វើឲ្យគេខិតជិតទ្រង់បានដែរ)តាមរយៈការបួងសួងរបស់កូនចៅឲ្យគេ។ ដូច្នេះ បណ្តាអ្នកមានជំនឿដែលជាអ្នកសាងទង្វើកុសលនោះ ពួកគេនឹងទទួលបានផលបុណ្យទ្វេដងនៃទង្វើកុសលដែលពួកគេបានសាង ហើយពួកគេនឹងស្ថិតនៅកន្លែងដ៏ខ្ពង់ខ្ពស់បំផុតនៃឋានសួគ៌ ជាអ្នកដែលមានសុខសុវត្ថិភាពអំពីអ្វីដែលពួកគេភ័យខ្លាច ដូចជាទណ្ឌកម្ម សេចក្តីស្លាប់ និងការកាត់ផ្តាច់នូវឧបការគុណ។
Sebe' 34:38
ហើយពួកប្រឆាំងដែលព្យាយាមបំផុតក្នុងការបង្វែរមនុស្សពីបណ្តាភស្តុតាងរបស់យើង និងបានប្រឹងប្រែងដើម្បីសម្រេចគោលបំណងរបស់ពួកគេនោះ ពួកទាំងនោះហើយគឺជាពួកដែលទទួលការខាតបង់នៅក្នុងលោកិយ ហើយនិងត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃបរលោក។
Sebe' 34:39
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវាទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះនោះ ពិតប្រាកដណាស់ទ្រង់នឹងជំនួសវាឲ្យពួកអ្នកវិញនៅក្នុងលោកិយ ដោយប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អប្រសើជាងវាទៅទៀត ហើយ(ទ្រង់នឹងជំនួសឲ្យ)នៅថ្ងៃបរលោកនោះ ដោយ(ការតបស្នង)ផលបុណ្យដ៏ច្រើនលើសលប់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈដ៏ល្អបំផុត។ ដូច្នេះ ជនណាហើយដែលស្វែងរកលាភសក្ការៈនោះ ចូរឲ្យគេពឹងផ្អែកទៅកាន់ទ្រង់ចុះ។
Sebe' 34:40
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះទ្រង់ប្រមូលផ្តុំពួកគេទាំងអស់គ្នា បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ក្នុងលក្ខណៈស្តីបន្ទោសចំពោះពួកមុស្ហរីគីនថាៈ តើពួកទាំងនោះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នកនៅក្នុងជីវិតលោកិយផ្សេងពីអល់ឡោះនោះ?
Sebe' 34:41
ពួកម៉ាឡាអ៊ីកាត់បានឆ្លើយតបថាៈ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់! ទ្រង់គឺជាអ្នកគាំពារពួកយើង មិនមែនពួកគេឡើយ។ ពិតណាស់ រវាងពួកយើង និងពួកគេគ្មានភាពជាអ្នកគាំពារអ្វីឡើយ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះ ពួកគេបានគោរពសក្ការៈទៅចំពោះពពួកស្ហៃតន ដែលពួកស្ហៃតនទាំងនោះបានតំណែងខ្លួនជាម៉ាឡាអ៊ីកាត់។ ដូច្នេះ ពួកគេក៏នាំគ្នាគោរពសក្ការៈចំពោះពួកវា(ស្ហៃតន)ផ្សេងពីអល់ឡោះ ដោយភាគច្រើននៃពួកគេ គឺមានជំនឿចំពោះពពួកស្ហៃតននោះ។
Sebe' 34:42
នៅថ្ងៃប្រមូលផ្តុំនិងជំនុំជម្រះ(ថ្ងៃបរលោក)នោះ ពួកដែលត្រូវបានគោរពសក្ការៈនោះ មិនអាចផ្តល់ផលប្រយោជន៍ ឬក៏បង្កគ្រោះថ្នាក់អ្វីទៅដល់ពួកដែលបានគោរពសក្ការៈចំពោះពួកវាកាលនៅក្នុងលោកិយផ្សេងពីអល់ឡោះនោះឡើយ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងការប្រព្រឹត្តល្មើសថាៈ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បដិសេធ(មិនជឿ)នឹងវាកាលនៅលើលោកិយនោះ។
Sebe' 34:43
ហើយនៅពេលដែលបណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាដែលត្រូវបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះត្រូវបានគេសូត្រឲ្យពួកមុស្ហរីគីនដែលបដិសេធទាំងនោះស្តាប់ ពួកគេបាននិយាយថាៈ បុរសម្នាក់នេះ(ព្យាការីមូហាំម៉ាត់)ដែលនាំនូវវាក្យខណ្ឌទាំងនោះមក គឺគ្មានគោលបំណងអ្វីក្រៅពីចង់បង្វែរពួកអ្នកចេញពីសាសនាដូនតារបស់ពួកអ្នកឡើយ។ ហើយពួកគេបាននិយាយថាៈ គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការភូតកុហកដែលមូហាំម៉ាត់បានប្រឌិតវាឡើង ហើយថាវាមកពីអល់ឡោះនោះឡើយ។ ហើយពួកដែលបានប្រឆាំងនឹងអល់ឡោះបាននិយាយចំពោះគម្ពីរគួរអាន នៅពេលដែលវាបានមកដល់ពួកគេថាៈ គម្ពីរគួរអាននេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់លាស់ ដើម្បីបំបែកបំបាក់រវាងប្តីប្រពន្ធ និងរវាងឪពុកនិងកូនតែប៉ុណ្ណោះ។
Sebe' 34:44
ហើយយើងមិនបានប្រទានគម្ពីរណាមួយដល់ពួកគេដែលពួកគេបានអានវា រហូតដល់វា(គម្ពីរនោះ)បានបង្ហាញប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺជាការភូតកុហកដែលព្យាការីមូហាំម៉ាត់បានប្រឌិតវាឡើងនោះទេ ហើយយើងក៏មិនបានបញ្ជូនអ្នកនាំសារណាម្នាក់ដែលព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះទៅកាន់ពួកគេ មុននឹង(យើង)បញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ពួកគេនោះដែរ។
Sebe' 34:45
ហើយប្រជាជាតិជំនាន់មុនៗ ដូចជា ក្រុមអាទ ក្រុមសាមូទ និងក្រុមរបស់ព្យាការីលូត បានបដិសេធ(មិនជឿចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកមុស្ហរីគីននៃក្រុមរបស់អ្នកនេះ(ពួកមុស្ហរីគីនម៉ាក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលប្រជាជាតិជំនាន់មុនទទួលបាននោះផង ដូចជាភាពខ្លាំងក្លា និងភាពខ្លាំងពូកែ ទ្រព្យសម្បត្តិ និងមានគ្នាច្រើន តែពួកគេសុទ្ធតែបដិសេធ(មិនជឿ)លើអ្នកនាំសាររបស់ពួកគេ។ ដូច្នេះ អ្វីដែលគេបានផ្តល់ឲ្យពួកគេនៃទ្រព្យសម្បត្តិ ភាពខ្លាំងក្លា និងមានគ្នាច្រើននោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ ដូចនេះ ទណ្ឌកម្មរបស់យើងបានធ្លាក់ទៅលើពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើការមិនពេញចិត្តរបស់យើង និងទណ្ឌកម្មរបស់យើងទៅចំពោះពួកគេនោះយ៉ាងដូចម្តេចដែរ?
Sebe' 34:46
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ពិតណាស់ ខ្ញុំសូមផ្តល់ការណែនាំ និងទូន្មានដល់ពួកអ្នកនូវរឿងមួយប៉ុណ្ណោះ នោះគឺ ចូរពួកអ្នកក្រោកឈរពីរនាក់ក៏បាន ម្នាក់ឯងក៏បាន ដោយស្មោះសចំពោះអល់ឡោះ។ បន្ទាប់មក ចូរពួកអ្នកគិតពិចារណាពីជីវប្រវត្តិមិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់) ហើយអ្វីដែលពួកអ្នកបានដឹងអំពីប្រាជ្ញារបស់គាត់ ភាពសច្ចៈរបស់គាត់ និងភាពស្មោះត្រង់របស់គាត់ នោះវានឹងបញ្ជាក់ច្បាស់ដល់ពួកអ្នកថា ពិតណាស់ រូបគាត់(ព្យាការីមូហាំម៉ាត់)មិនមែនជាមនុស្សវិកលចរិតនោះទេ។ រូបគាត់គ្មានអ្វីក្រៅពីជាអ្នកដាស់តឿងព្រមានពួកអ្នកពីទណ្ឌកម្មដ៏ខ្លាំងក្លាប៉ុណ្ណោះ ប្រសិនបើពួកអ្នកមិនព្រមសារភាពកំហុសចំពោះអល់ឡោះពីទង្វើស្ហ៊ីរិកទេនោះ។
Sebe' 34:47
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ អ្វីដែលខ្ញុំទាមទារពីពួកអ្នកនៃផលបុណ្យទៅលើអ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នក ដូចជាការចង្អុលបង្ហាញ និងប្រការល្អនោះ ពិតណាស់ វាគឺសម្រាប់ពួកអ្នកប៉ុណ្ណោះ។ ចំណែកឯផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់ជាអ្នកដែលធ្វើសាក្សីលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់នឹងធ្វើសាក្សីថា ពិតប្រាកដណាស់ រូបខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នករួចហើយ ហើយទ្រង់ក៏នឹងធ្វើសាក្សីលើទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងធ្វើការតបស្នងឲ្យពួកអ្នកយ៉ាងពេញលេញ។
Sebe' 34:48
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបានឲ្យប្រការពិតយកឈ្នះលើប្រការមិនពិត ហើយប្រការមិនពិតក៏បានក្លាយជាអសារបង់។ ហើយទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ គ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ ហើយទង្វើទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់នោះ ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ។
Sebe' 34:49
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ការពិតបានមកដល់ហើយ នោះគឺសាសនាឥស្លាម ហើយប្រការមិនពិតក៏បានរលាយបាត់បង់ ដែលមិនបន្សល់នូវស្លាកស្នាម ឬថាមពលអ្វីឡើយ ហើយវាក៏មិនអាចវិលត្រឡប់សារជាថ្មីនោះដែរ។
Sebe' 34:50
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈប្រសិនបើខ្ញុំវង្វេងចេញពីការពិតចំពោះអ្វីដែលខ្ញុំបានផ្សព្វផ្សាយទៅកាន់ពួកអ្នកនោះ ពិតណាស់ គ្រោះថ្នាក់នៃការវង្វេងរបស់ខ្ញុំនោះ គឺធ្លាក់មកលើខ្ញុំតែម្នាក់គត់ដោយគ្មានប៉ះពាល់អ្វីដល់ពួកអ្នកនោះឡើយ។ តែប្រសិនបើខ្ញុំទទួលបានការចង្អុលបង្ហាញវិញនោះ គឺដោយសារតែម្ចាស់របស់ខ្ញុំបានផ្តល់វ៉ាហ៊ីឲ្យខ្ញុំដឹងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតចំពោះពាក្យសំដីនៃខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នៅជិតបំផុតដោយគ្មានពាក្យសម្តីណាមួយរបស់ខ្ញុំដែលបាននិយាយ ទ្រង់ស្តាប់មិនឮនោះឡើយ។
Sebe' 34:51
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ នៅពេលដែលពួកដែលបដិសេធទាំងនោះមានការភ័យខ្លាចនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកគេគ្មានកន្លែងរត់គេចពីទណ្ឌកម្មឡើយ ហើយក៏គ្មានកន្លែងជ្រកកោនណាដែលពួកគេអាចជ្រកកោនបាននោះដែរ។ ហើយពួកគេត្រូវបានគេចាប់យកពីកន្លែងដ៏ជិតដែលងាយស្រួលក្នុងការមើល(ដោយគ្រាន់តែក្រឡេកភ្នែកបន្តិច គឺអាចមើលឃើញហើយ)។ ប្រសិនបើអ្នកបានឃើញដូច្នោះនោះ ប្រាកដជាអ្នកបានឃើញរឿងមួយដ៏ធំធេង។
Sebe' 34:52
ហើយនៅពេលដែលពួកគេបានឃើញកន្លែងវិលត្រឡប់របស់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមានជំនឿហើយនឹងថ្ងៃបរលោក។ តើពួកគេទទួលយកសេចក្តីជំនឿយ៉ាងដូចម្តេច ខណៈដែលកន្លែងដែលគេទទួលយកជំនឿបានឃ្លាតឆ្ងាយពីពួកគេ ដោយពួកគេបានចាកចេញពីលោកិយដែលជាឋានសាងទង្វើមិនមែនឋានតបស្នង ទៅកាន់ឋានបរលោកដែលជាឋានតបស្នងមិនមែនជាឋានសាងទង្វើហើយនោះ?
Sebe' 34:53
តើការមានជំនឿនោះកើតឡើងចំពោះពួកគេ ហើយគេទទួលយកយ៉ាងដូចម្តេច ខណៈដែលពួកគេធ្លាប់បានប្រឆាំងនឹងទ្រង់កាលនៅលើលោកិយហើយនោះ ហើយពួកគេបានចោទប្រកាន់ខុសយ៉ាងឆ្ងាយចំពោះការពិត ដោយពួកគេបាននិយាយចោទប្រកាន់ទៅលើអ្នកនាំសារមូហាំម៉ាត់ថា ជាគ្រូមន្តអាគម ជាគ្រូទាយ និងជាកវីនិពន្ធនោះ?
Sebe' 34:54
ហើយពួកដែលបដិសេធទាំងនោះត្រូវបានគេរារាំងពីការទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៃរសជាតិជីវិត(ក្នុងថ្ងៃបរលោក) និងត្រូវបានគេរារាំងអំពីការសារភាពកំហុសពីការប្រឆាំង និងការរួចចាកផុតពីភ្លើងនរក ព្រមទាំងត្រូវបានគេរារាំងពីការវិលត្រឡប់ទៅកាន់ជីវិតលោកិយម្តងទៀត ដូចដែលគេបានធ្វើចំពោះប្រជាជាតិជំនាន់មុនៗដែលបានបដិសេធដូចពួកគេនោះដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់មានភាពមន្ទិលសង្ស័យចំពោះអ្វីដែលបណ្តាអ្នកនាំសារបាននាំមកកាន់ពួកគេ ដូចជាការគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់ និងការមានជំនឿចំពោះការពង្រស់ឡើងវិញ ជាការសង្ស័យដែលនាំពួកគេទៅរកភាពគ្មានជំនឿ។