Khmer Abridged Explanation of the Quran — Fatır 35:1 – Zümer 39:75
Contents
- Fatır 35:1
- Fatır 35:2
- Fatır 35:3
- Fatır 35:4
- Fatır 35:5
- Fatır 35:6
- Fatır 35:7
- Fatır 35:8
- Fatır 35:9
- Fatır 35:10
- Fatır 35:11
- Fatır 35:12
- Fatır 35:13
- Fatır 35:14
- Fatır 35:15
- Fatır 35:16
- Fatır 35:17
- Fatır 35:18
- Fatır 35:19
- Fatır 35:20
- Fatır 35:21
- Fatır 35:22
- Fatır 35:23
- Fatır 35:24
- Fatır 35:25
- Fatır 35:26
- Fatır 35:27
- Fatır 35:28
- Fatır 35:29
- Fatır 35:30
- Fatır 35:31
- Fatır 35:32
- Fatır 35:33
- Fatır 35:34
- Fatır 35:35
- Fatır 35:36
- Fatır 35:37
- Fatır 35:38
- Fatır 35:39
- Fatır 35:40
- Fatır 35:41
- Fatır 35:42
- Fatır 35:43
- Fatır 35:44
- Fatır 35:45
- Yâsin 36:1
- Yâsin 36:2
- Yâsin 36:3
- Yâsin 36:4
- Yâsin 36:5
- Yâsin 36:6
- Yâsin 36:7
- Yâsin 36:8
- Yâsin 36:9
- Yâsin 36:10
- Yâsin 36:11
- Yâsin 36:12
- Yâsin 36:13
- Yâsin 36:14
- Yâsin 36:15
- Yâsin 36:16
- Yâsin 36:17
- Yâsin 36:18
- Yâsin 36:19
- Yâsin 36:20
- Yâsin 36:21
- Yâsin 36:22
- Yâsin 36:23
- Yâsin 36:24
- Yâsin 36:25
- Yâsin 36:26
- Yâsin 36:27
- Yâsin 36:28
- Yâsin 36:29
- Yâsin 36:30
- Yâsin 36:31
- Yâsin 36:32
- Yâsin 36:33
- Yâsin 36:34
- Yâsin 36:35
- Yâsin 36:36
- Yâsin 36:37
- Yâsin 36:38
- Yâsin 36:39
- Yâsin 36:40
- Yâsin 36:41
- Yâsin 36:42
- Yâsin 36:43
- Yâsin 36:44
- Yâsin 36:45
- Yâsin 36:46
- Yâsin 36:47
- Yâsin 36:48
- Yâsin 36:49
- Yâsin 36:50
- Yâsin 36:51
- Yâsin 36:52
- Yâsin 36:53
- Yâsin 36:54
- Yâsin 36:55
- Yâsin 36:56
- Yâsin 36:57
- Yâsin 36:58
- Yâsin 36:59
- Yâsin 36:60
- Yâsin 36:61
- Yâsin 36:62
- Yâsin 36:63
- Yâsin 36:64
- Yâsin 36:65
- Yâsin 36:66
- Yâsin 36:67
- Yâsin 36:68
- Yâsin 36:69
- Yâsin 36:70
- Yâsin 36:71
- Yâsin 36:72
- Yâsin 36:73
- Yâsin 36:74
- Yâsin 36:75
- Yâsin 36:76
- Yâsin 36:77
- Yâsin 36:78
- Yâsin 36:79
- Yâsin 36:80
- Yâsin 36:81
- Yâsin 36:82
- Yâsin 36:83
- Saffat 37:1
- Saffat 37:2
- Saffat 37:3
- Saffat 37:4
- Saffat 37:5
- Saffat 37:6
- Saffat 37:7
- Saffat 37:8
- Saffat 37:9
- Saffat 37:10
- Saffat 37:11
- Saffat 37:12
- Saffat 37:13
- Saffat 37:14
- Saffat 37:15
- Saffat 37:16
- Saffat 37:17
- Saffat 37:18
- Saffat 37:19
- Saffat 37:20
- Saffat 37:21
- Saffat 37:22
- Saffat 37:23
- Saffat 37:24
- Saffat 37:25
- Saffat 37:26
- Saffat 37:27
- Saffat 37:28
- Saffat 37:29
- Saffat 37:30
- Saffat 37:31
- Saffat 37:32
- Saffat 37:33
- Saffat 37:34
- Saffat 37:35
- Saffat 37:36
- Saffat 37:37
- Saffat 37:38
- Saffat 37:39
- Saffat 37:40
- Saffat 37:41
- Saffat 37:42
- Saffat 37:43
- Saffat 37:44
- Saffat 37:45
- Saffat 37:46
- Saffat 37:47
- Saffat 37:48
- Saffat 37:49
- Saffat 37:50
- Saffat 37:51
- Saffat 37:52
- Saffat 37:53
- Saffat 37:54
- Saffat 37:55
- Saffat 37:56
- Saffat 37:57
- Saffat 37:58
- Saffat 37:59
- Saffat 37:60
- Saffat 37:61
- Saffat 37:62
- Saffat 37:63
- Saffat 37:64
- Saffat 37:65
- Saffat 37:66
- Saffat 37:67
- Saffat 37:68
- Saffat 37:69
- Saffat 37:70
- Saffat 37:71
- Saffat 37:72
- Saffat 37:73
- Saffat 37:74
- Saffat 37:75
- Saffat 37:76
- Saffat 37:77
- Saffat 37:78
- Saffat 37:79
- Saffat 37:80
- Saffat 37:81
- Saffat 37:82
- Saffat 37:83
- Saffat 37:84
- Saffat 37:85
- Saffat 37:86
- Saffat 37:87
- Saffat 37:88
- Saffat 37:89
- Saffat 37:90
- Saffat 37:91
- Saffat 37:92
- Saffat 37:93
- Saffat 37:94
- Saffat 37:95
- Saffat 37:96
- Saffat 37:97
- Saffat 37:98
- Saffat 37:99
- Saffat 37:100
- Saffat 37:101
- Saffat 37:102
- Saffat 37:103
- Saffat 37:104
- Saffat 37:105
- Saffat 37:106
- Saffat 37:107
- Saffat 37:108
- Saffat 37:109
- Saffat 37:110
- Saffat 37:111
- Saffat 37:112
- Saffat 37:113
- Saffat 37:114
- Saffat 37:115
- Saffat 37:116
- Saffat 37:117
- Saffat 37:118
- Saffat 37:119
- Saffat 37:120
- Saffat 37:121
- Saffat 37:122
- Saffat 37:123
- Saffat 37:124
- Saffat 37:125
- Saffat 37:126
- Saffat 37:127
- Saffat 37:128
- Saffat 37:129
- Saffat 37:130
- Saffat 37:131
- Saffat 37:132
- Saffat 37:133
- Saffat 37:134
- Saffat 37:135
- Saffat 37:136
- Saffat 37:137
- Saffat 37:138
- Saffat 37:139
- Saffat 37:140
- Saffat 37:141
- Saffat 37:142
- Saffat 37:143
- Saffat 37:144
- Saffat 37:145
- Saffat 37:146
- Saffat 37:147
- Saffat 37:148
- Saffat 37:149
- Saffat 37:150
- Saffat 37:151
- Saffat 37:152
- Saffat 37:153
- Saffat 37:154
- Saffat 37:155
- Saffat 37:156
- Saffat 37:157
- Saffat 37:158
- Saffat 37:159
- Saffat 37:160
- Saffat 37:161
- Saffat 37:162
- Saffat 37:163
- Saffat 37:164
- Saffat 37:165
- Saffat 37:166
- Saffat 37:167
- Saffat 37:168
- Saffat 37:169
- Saffat 37:170
- Saffat 37:171
- Saffat 37:172
- Saffat 37:173
- Saffat 37:174
- Saffat 37:175
- Saffat 37:176
- Saffat 37:177
- Saffat 37:178
- Saffat 37:179
- Saffat 37:180
- Saffat 37:181
- Saffat 37:182
- Sâd 38:1
- Sâd 38:2
- Sâd 38:3
- Sâd 38:4
- Sâd 38:5
- Sâd 38:6
- Sâd 38:7
- Sâd 38:8
- Sâd 38:9
- Sâd 38:10
- Sâd 38:11
- Sâd 38:12
- Sâd 38:13
- Sâd 38:14
- Sâd 38:15
- Sâd 38:16
- Sâd 38:17
- Sâd 38:18
- Sâd 38:19
- Sâd 38:20
- Sâd 38:21
- Sâd 38:22
- Sâd 38:23
- Sâd 38:24
- Sâd 38:25
- Sâd 38:26
- Sâd 38:27
- Sâd 38:28
- Sâd 38:29
- Sâd 38:30
- Sâd 38:31
- Sâd 38:32
- Sâd 38:33
- Sâd 38:34
- Sâd 38:35
- Sâd 38:36
- Sâd 38:37
- Sâd 38:38
- Sâd 38:39
- Sâd 38:40
- Sâd 38:41
- Sâd 38:42
- Sâd 38:43
- Sâd 38:44
- Sâd 38:45
- Sâd 38:46
- Sâd 38:47
- Sâd 38:48
- Sâd 38:49
- Sâd 38:50
- Sâd 38:51
- Sâd 38:52
- Sâd 38:53
- Sâd 38:54
- Sâd 38:55
- Sâd 38:56
- Sâd 38:57
- Sâd 38:58
- Sâd 38:59
- Sâd 38:60
- Sâd 38:61
- Sâd 38:62
- Sâd 38:63
- Sâd 38:64
- Sâd 38:65
- Sâd 38:66
- Sâd 38:67
- Sâd 38:68
- Sâd 38:69
- Sâd 38:70
- Sâd 38:71
- Sâd 38:72
- Sâd 38:73
- Sâd 38:74
- Sâd 38:75
- Sâd 38:76
- Sâd 38:77
- Sâd 38:78
- Sâd 38:79
- Sâd 38:80
- Sâd 38:81
- Sâd 38:82
- Sâd 38:83
- Sâd 38:84
- Sâd 38:85
- Sâd 38:86
- Sâd 38:87
- Sâd 38:88
- Zümer 39:1
- Zümer 39:2
- Zümer 39:3
- Zümer 39:4
- Zümer 39:5
- Zümer 39:6
- Zümer 39:7
- Zümer 39:8
- Zümer 39:9
- Zümer 39:10
- Zümer 39:11
- Zümer 39:12
- Zümer 39:13
- Zümer 39:14
- Zümer 39:15
- Zümer 39:16
- Zümer 39:17
- Zümer 39:18
- Zümer 39:19
- Zümer 39:20
- Zümer 39:21
- Zümer 39:22
- Zümer 39:23
- Zümer 39:24
- Zümer 39:25
- Zümer 39:26
- Zümer 39:27
- Zümer 39:28
- Zümer 39:29
- Zümer 39:30
- Zümer 39:31
- Zümer 39:32
- Zümer 39:33
- Zümer 39:34
- Zümer 39:35
- Zümer 39:36
- Zümer 39:37
- Zümer 39:38
- Zümer 39:39
- Zümer 39:40
- Zümer 39:41
- Zümer 39:42
- Zümer 39:43
- Zümer 39:44
- Zümer 39:45
- Zümer 39:46
- Zümer 39:47
- Zümer 39:48
- Zümer 39:49
- Zümer 39:50
- Zümer 39:51
- Zümer 39:52
- Zümer 39:53
- Zümer 39:54
- Zümer 39:55
- Zümer 39:56
- Zümer 39:57
- Zümer 39:58
- Zümer 39:59
- Zümer 39:60
- Zümer 39:61
- Zümer 39:62
- Zümer 39:63
- Zümer 39:64
- Zümer 39:65
- Zümer 39:66
- Zümer 39:67
- Zümer 39:68
- Zümer 39:69
- Zümer 39:70
- Zümer 39:71
- Zümer 39:72
- Zümer 39:73
- Zümer 39:74
- Zümer 39:75
Fatır 35:1
រាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមកឡើយ។ ទ្រង់ជាអ្នកដែលបានបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលពួកគេទទួលអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលបានកំណត់។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលនាំសារទៅឲ្យបណ្តាព្យាការី ហើយទ្រង់បានពង្រឹងពួកគេទៅលើការបំពេញនូវទំនុកចិត្តឲ្យពួកគេ។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលមានស្លាបពីរ មានស្លាបបី និងមានស្លាបបួន ដោយពួកគេហោះហើរជាមួយស្លាបនោះដើម្បីអនុវត្តន៍នូវបទបញ្ជាដែលគេ(អល់ឡោះ)បានបង្គាប់ប្រើ។ អល់ឡោះទ្រង់អាចបន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា ដូចជាអវយវៈ ឬភាពស្រស់ស្អាត ឬសម្លេងជាដើម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Fatır 35:2
ពិតប្រាកដណាស់ កូនសោរនៃអ្វីៗគ្រប់យ៉ាង គឺស្ថិតក្នុងដៃរបស់អល់ឡោះ។ ដូច្នេះ អ្វីដែលទ្រង់បានប្រទានឲ្យមនុស្សលោក ដូចជាលាភសក្ការៈ ការចង្អុលបង្ហាញ និងសុភមង្គលនោះ គឺគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ ហើយអ្វីដែលទ្រង់រារាំងមិនប្រទានឲ្យអំពីរបស់ទាំងនោះ ក៏គ្មាននរណាម្នាក់អាចទទួលបានវានោះដែរ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
Fatır 35:3
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកលើពួកអ្នក (ដោយរំលឹកវា)តាមរយៈចិត្ត អណ្តាត និងអវយវៈរបស់ពួកអ្នកដោយការធ្វើសកម្មភាព។ តើពួកអ្នកមានអ្នកបង្កើតផ្សេងណាក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃតាមរយៈការបញ្ចុះទឹកភ្លៀងមកឲ្យពួកអ្នក និងផ្តល់លាភសក្ការៈដល់ពួកអ្នកពីក្នុងដីមក តាមរយៈការបណ្តុះនូវដើមឈើ និងដំណាំនានាដែរទេ? គឺគ្មានឡើយអ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកអ្នកងាកចេញពីការពិតនេះ ថែមទាំងប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ហើយអះអាងថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់មានដៃគូទៅវិញ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក និងប្រទានលាភសក្ការៈដល់ពួកអ្នកនោះ?
Fatır 35:4
ហើយប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបដិសេធនឹងអ្នកនោះ ចូរអ្នកទ្រាំអត់ធ្មត់ចុះ ព្រោះអ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលត្រូវបានក្រុមរបស់ខ្លួនបដិសេធនោះទេ។ ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនអ្នកជាច្រើន ក៏ពួកគេបានបដិសេធចំពោះពួកអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ ដូចជា ក្រុមអាទ ពួកសាមូទ និងក្រុមរបស់ព្យាការីលូត។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ នៅពេលនោះ គេនឹងបំផ្លាញពួកដែលបដិសេធ ហើយនឹងជួយដល់បណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកមានជំនឿទាំងឡាយ។
Fatır 35:5
ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្វីដែលអល់ឡោះបានសន្យាចំពោះវា (ដូចជាការពង្រស់ឡើងវិញ និងការតបស្នងនៅថ្ងៃបរលោក)នោះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ដូច្នេះ ចូរពួកអ្នកកុំឲ្យភាពត្រេកត្រអាលនៃជីវិតលោកិយ និងចំណង់តណ្ហារបស់វាបោកបញ្ឆោតពួកអ្នកអំពីការត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយការសាងទង្វើកុសលឲ្យសោះ ហើយចូរពួកអ្នកកុំឲ្យស្ហៃតនបោកបញ្ឆោតពួកអ្នកដោយការតុបតែងលម្អចំពោះប្រការមិនពិត ហើយបណ្តោយខ្លួនទៅតាមឆាកជីវិតលោកិយឲ្យសោះ។
Fatır 35:6
ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវសួពូជរបស់ពួកអ្នក(ឱមនុស្សលោក)គ្មានទីបញ្ចប់ឡើយ ។ ដូច្នេះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវដោយត្រូវប្រឆាំងតទល់ជាមួយវាជានិច្ច។ តាមពិត ស្ហៃតនវាអំពាវនាវពួកដែលដើរតាមវាទៅរកការប្រឆាំងនឹងអល់ឡោះ ដើម្បីឲ្យលទ្ធផលចុងក្រោយរបស់ពួកគេ គឺត្រូវចូលឋាននរកដែលឆេះឆាបយ៉ាងសន្ធោសន្ធៅ(ជាមួយពួកវា)នៅថ្ងៃបរលោក។
Fatır 35:7
ពួកដែលប្រឆាំងនឹងអល់ឡោះដោយដើរតាមស្ហៃតននោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលវិញ ពួកគេនឹងទទួលបាននូវការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ហើយពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេងអំពីទ្រង់ នោះគឺឋានសួគ៌។
Fatır 35:8
ពិតប្រាកដណាស់ អ្នកដែលត្រូវបានស្ហៃតនតុបតែងលម្អទង្វើអាក្រក់របស់គេ ហើយរូបគេជឿថាវាជាប្រការល្អនោះ គឺមិនដូចនឹងអ្នកដែលអល់ឡោះបានតុបតែងលម្អចំពោះការពិតដល់គេ ហើយរូបគេជឿថា វាជាការពិតនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មានអ្នកដែលបង្ខិតបង្ខំទ្រង់នោះឡើយ។ ដូច្នេះ សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើឲ្យខ្លួនឯងអន្តរាយ មានទុក្ខព្រួយ ដោយសារតែការវង្វេងរបស់ពួកដែលវង្វេងទាំងនោះឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
Fatır 35:9
ហើយអល់ឡោះទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ ហើយខ្យល់នោះក៏បានធ្វើឲ្យពពករសាត់។ ហើយយើងបានឲ្យពពកនោះបញ្ចុះនូវទឹកភ្លៀងទៅកាន់ទឹកដីដែលគ្មានរុក្ខជាតិដុះ ហើយដោយសារទឹកភ្លៀងនោះ យើងក៏បានឲ្យដីនោះរស់ឡើងវិញ(មានជីជាតិ)ក្រោយពីដីនោះបានស្ងួតហួតហែង ដោយយើងបានបណ្តុះនូវរុក្ខជាតិជាច្រើននៅលើវា។ ហើយដូចដែលយើងបានឲ្យដីនោះរស់ឡើងវិញដោយមានរុក្ខជាតិដុះនៅក្នុងនោះក្រោយពីវាបានស្លាប់រួចហើយនោះដែរ ការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោកនោះ ក៏ដូច្នោះដែរ។
Fatır 35:10
ជនណាហើយដែលចង់បានភាពខ្លាំងក្លានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកនោះ ចូរកុំឲ្យគេសុំវាពីនរណាផ្សេងក្រៅពីអល់ឡោះឲ្យសោះ ព្រោះភាពខ្លាំងក្លានៅក្នុងលោកិយឬនៅថ្ងៃបរលោកនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ការរំលឹកចំពោះអល់ឡោះដែលល្អ និងទង្វើកុសលនៃខ្ញុំបម្រើរបស់ទ្រង់នឹងឡើងទៅកាន់ទ្រង់។ រីឯពួកដែលរៀបឧបាយកលអាក្រក់(ដូចជា ការព្យាយាមចង់សម្លាប់អ្នកនាំសារមូហាំម៉ាត់)នោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ហើយឧបាយកលរបស់ពួកប្រឆាំងនឹងត្រូវទទួលបរាជ័យ ហើយពួកគេក៏មិនអាចសម្រេចគោលបំណងរបស់ពួកគេដែរ។
Fatır 35:11
ហើយអល់ឡោះគឺជាអ្នកដែលបានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកពីទឹកកាម។ បន្ទាប់មកទៀត ទ្រង់បានបង្កើតពួកអ្នកឲ្យមានប្រុសស្រី ដែលពួកអ្នកនឹងរៀបការជាមួយគ្នា។ ហើយគ្មានស្រ្តីណាម្នាក់ដែលពពោះ ហើយក៏គ្មានស្ត្រីណាម្នាក់ដែលប្រសូត្របុត្រនោះដែរ លើកលែងតែស្ថិតក្នុងការដឹងរបស់អល់ឡោះទាំងអស់។ គ្មានអ្វីមួយអំពីរឿងនោះជាអាថ៌កំបាំងសម្រាប់ទ្រង់នោះឡើយ។ ហើយគ្មានការបន្ថែម ឬកាត់បន្ថយអាយុនរណាម្នាក់នៃម៉ាខ្លូករបស់ទ្រង់នោះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ឡាវហ៊ុលម៉ះហ្វ៊ូសប៉ុណ្ណោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានរៀបរាប់ខាងលើនេះ (ដូចជាការបង្កើតពួកអ្នកអំពីដី ហើយបង្កើតពួកអ្នកជាដំណាក់កាលៗ និងការកត់ត្រាអាយុជីវិតរបស់ពួកអ្នកនៅក្នុងឡាវហ៊ុលម៉ះហ្វ៊ូសនោះ) គឺជារឿងដែលងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។
Fatır 35:12
ហើយសមុទ្រពីរមិនអាចស្មើគ្នាឡើយ គឺសមុទ្រមួយមានរសជាតិសាប ងាយស្រួលក្នុងការទទួលទានព្រោះវាមានរសជាតិសាប ហើយសមុទ្រមួយទៀតមានរសជាតិប្រៃល្វីងដែលមិនអាចទទួលទានបាន។ ហើយរាល់សមុទ្រទាំងពីរខាងលើនេះ គឺពួកអ្នកអាចបរិភោគនូវសាច់ស្រស់ដែលនៅក្នុងវា ពោលគឺត្រី ហើយពួកអ្នកក៏អាចយកចេញពីសមុទ្រទាំងពីរនោះនូវគុជខ្យង និងផ្កាថ្មដែលពួកអ្នកយកវាមកពាក់ធ្វើជាគ្រឿងអលង្ការតុបតែងលម្អ។ ហើយអ្នកអាចឃើញសំពៅទាំងឡាយធ្វើដំណើរពុះកាត់ផ្ទៃសមុទ្រទៅមុខ ទៅក្រោយ ដើម្បីស្វែងរកការប្រោសប្រទានរបស់អល់ឡោះតាមរយៈការធ្វើជំនួញ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណអល់ឡោះចំពោះឧបការគុណដ៏ច្រើនលើសលប់ដែលទ្រង់បានប្រទានឲ្យពួកអ្នក។
Fatır 35:13
អល់ឡោះជាម្ចាស់ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ដែលធ្វើឲ្យពេលយប់កាន់តែមានរយៈពេលវែង។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ អ្នកដែលមានសមត្ថភាពអាចធ្វើរឿងទាំងអស់នោះ ហើយអាចឲ្យវាមានដំណើរការនោះ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ រីឯរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។ ហេតុនេះ តើពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាក្រៅពីយើងយ៉ាងដូចម្តេច?
Fatır 35:14
ទោះបីជាពួកអ្នកបួងសួងសុំពីព្រះរបស់ពួកអ្នកក៏ដោយ ក៏ពួកវាមិនឮការបួងសួងរបស់ពួកអ្នកដែរ ព្រោះថាពួកវាជាវត្ថុដែលគ្មានជីវិត ហើយក៏មិនអាចស្តាប់ឮអ្វីនោះដែរ។ ហើយបើទោះបីជាពួកវាអាចស្តាប់ឮការបួងសួងរបស់ពួកអ្នកក៏ដោយ ក៏ពួកវាមិនអាចឆ្លើយតបនឹងការបួងសួងរបស់ពួកអ្នកបាននោះដែរ។ ហើយនៅថ្ងៃបរលោក ពួកវានឹង(ដោះសារ)យករួចខ្លួនអំពីការធ្វើស្ហ៊ីរិករបស់ពួកអ្នក និងការដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាមិនខាន។ ជាការពិតណាស់ គ្មាននរណាម្នាក់អាចប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវដំណឹងដែលពិតប្រាកដជាងអល់ឡោះជាម្ចាស់នោះឡើយ។
Fatır 35:15
ឱមនុស្សលោកទាំងឡាយ! ពួកអ្នកគឺជាអ្នកដែលត្រូវការអល់ឡោះបំផុតចំពោះគ្រប់កិច្ចការរបស់ពួកអ្នក និងគ្រប់ស្ថានភាពរបស់ពួកអ្នក។ ចំណែកឯអល់ឡោះជាម្ចាស់វិញ ទ្រង់មហាមានលើសលប់ដោយទ្រង់មិនត្រូវការពួកអ្នកសូម្បីបន្តិចឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកទៅលើអ្វីដែលទ្រង់បានកំណត់ឲ្យខ្ញុំបម្រើរបស់ទ្រង់។
Fatır 35:16
ប្រសិនបើអល់ឡោះទ្រង់មានចេតនាបំផ្លាញពួកអ្នកដោយវិនាសកម្មណាមួយនោះ ទ្រង់នឹងបំផ្លាញពួកអ្នកមិនខាន ហើយទ្រង់នឹងបង្កើតម៉ាខ្លូកថ្មីផ្សេងមួយទៀតមកជំនួសពួកអ្នក ដោយពួកគេនឹងគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះឡើយ។
Fatır 35:17
ហើយការបំផ្លាញពួកអ្នក និងបង្កើតម៉ាខ្លូកថ្មីជំនួសពួកអ្នកនោះ គឺជារឿងដែលងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។
Fatır 35:18
ហើយគ្មានបុគ្គលណាទទួលរ៉ាប់រងបាបកម្មរបស់អ្នកដទៃដែលធ្វើបាបកម្មនោះទេ ផ្ទុយទៅវិញ បុគ្គលគ្រប់រូបដែលជាអ្នកប្រព្រឹត្តអំពើបាបនោះ ត្រូវទទួលរ៉ាប់រងចំពោះបាបកម្មដែលខ្លួនបានសាង(ដោយខ្លួនឯង)។ ហើយប្រសិនបើបុគ្គលដែលមានអំពើបាបធ្ងន់ធ្ងរសុំឲ្យអ្នកដទៃរែកពុនបាបកម្មនោះជំនួសខ្លួន ក៏គ្មាននរណាម្នាក់អាចរែកពុនបាបកម្មនោះជំនួសគេបាននោះដែរ ទោះបីជាម្នាក់នោះ ជាសាច់ញាតិរបស់គេក៏ដោយ។ តាមពិត អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនបន្លាចពីទណ្ឌកម្មរបស់អល់ឡោះចំពោះអ្នកដែលខ្លាចម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេបំពេញកាតព្វកិច្ចសឡាតបានយ៉ាងពេញលេញប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីការព្រមានបន្លាចរបស់អ្នក។ ហើយជនណាដែលបានសម្អាតខ្លួនពីអំពើល្មើស(ហើយអំពើល្មើសដែលធំជាងគេបំផុតនោះ គឺការធ្វើស្ហ៊ីរិក)នោះ តាមពិត គឺគេសម្អាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ ព្រោះថា ផលនៃទង្វើនោះ គឺវិលត្រឡប់ទៅកាន់ខ្លូនគេវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិរបស់គេនោះឡើយ។ ហើយការវិលត្រឡប់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។
Fatır 35:19
ហើយឋានៈរបស់អ្នកដែលគ្មានជំនឿ និងអ្នកដែលមានជំនឿនោះ គឺមិនស្មើគ្នាឡើយ ដូចដែលការមិនស្មើគ្នារវាងអ្នកដែលងងឹតភ្នែក និងអ្នកដែលមើលឃើញនោះដែរ។
Fatır 35:20
ហើយភាពគ្មានជំនឿនិងការមានជំនឿ ក៏មិនស្មើគ្នានោះដែរ ដូចដែលភាពងងឹត និងការមានពន្លឺដែលមិនអាចមានភាពស្មើគ្នានោះដែរ។
Fatır 35:21
ហើយឋានសួគ៌និងឋាននរកក៏មិនស្មើគ្នានោះដែរចំពោះឥទ្ធិពលរបស់វាទាំងពីរនោះ ប្រៀបដូចជាម្លប់និងកន្លែងក្តៅដែលមិនមានភាពស្មើគ្នានោះដែរ។
Fatır 35:22
ហើយបណ្តាអ្នកមានជំនឿ និងពួកដែលគ្មានជំនឿ គឺមិនស្មើគ្នាឡើយ ប្រៀបដូចជាភាពមិនស្មើគ្នារវាងអ្នករស់និងអ្នកស្លាប់ដូច្នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឲ្យស្តាប់ឮនូវការចង្អុលបង្ហាញរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពុំមែនជាអ្នកដែលអាចធ្វើឲ្យពួកប្រឆាំងដែលប្រៀបដូចជាមនុស្សស្លាប់ដែលនៅក្នុងផ្នូរនោះស្តាប់ឮបានឡើយ។
Fatır 35:23
អ្នកពុំមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ។
Fatır 35:24
ពិតប្រាកដណាស់ យើងបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមួយនឹងការពិតដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ ដើម្បីឲ្យអ្នកធ្វើជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿនូវផលបុណ្យដ៏ប្រពៃដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ និងធ្វើជាអ្នកដាស់តឿនព្រមានពួកប្រឆាំងពីទណ្ឌកម្មដ៏ខ្លោចផ្សាបំផុតដែលទ្រង់បានរៀបចំសម្រាប់ពួកគេ។ ហើយរាល់ប្រជាជាតិជំនាន់មុនទាំងអស់ គឺតែងតែមានអ្នកនាំសារពីអល់ឡោះទៅកាន់ពួកគេដែលដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់ទ្រង់។
Fatır 35:25
ហើយប្រសិនបើក្រុមរបស់អ្នកបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកអត់ធ្មត់ចុះ ព្រោះថា អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលត្រូវក្រុមរបស់ខ្លួនបដិសេធនោះឡើយ។ ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកគេទាំងនោះក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដែរ ដូចជា ក្រុមអាទ ក្រុមសាមូទ និងក្រុមរបស់ព្យាការីលូត។ បណ្តាអ្នកនាំសារទាំងនោះបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ពីអល់ឡោះដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ។ ហើយបណ្តាអ្នកនាំសារទាំងនោះ ក៏បាននាំមកឲ្យពួកគេនូវគម្ពីរស៊ូហ៊ុហ្វ និងគម្ពីរដែលបំភ្លឺសម្រាប់អ្នកដែលចេះគិតពិចារណាចំពោះវាផងដែរ។
Fatır 35:26
តែទោះបីជាយ៉ាងនេះក្តី ក៏ពួកគេនៅតែប្រឆាំងចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ដដែល ហើយពួកគេមិនជឿនូវអ្វីដែលបណ្តាអ្នកនាំសារទាំងនោះបាននាំមកពីអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ យើងក៏បានបំផ្លាញពួកដែលប្រឆាំងទាំងនោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើល៍ថា តើទណ្ឌកម្មរបស់យើងទៅលើពួកគេតាមរយៈការដែលយើងបំផ្លាញពួកគេនោះយ៉ាងដូចម្តេចដែរ?
Fatır 35:27
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលយ៉ាងច្រើនដែលមានពណ៌ខុសៗគ្នា មានតាំងពីពណ៌ក្រហម ពណ៌បៃតង ពណ៌លឿង និងពណ៌ផ្សេងៗទៀត ក្រោយពីយើងបានស្រោចស្រពដើមឈើទាំងនោះដោយទឹកភ្លៀង។ ហើយភ្នំមួយចំនួន មានឆ្នូតពណ៌ស ឆ្នូតពណ៌ក្រហម និងឆ្នូតពណ៌ខ្មៅងងឹត។
Fatır 35:28
ហើយមនុស្សលោកមួយចំនួន សត្វល្មូន និងសត្វពាហនៈ(អូដ្ឋ គោ និងពពែ) ក៏មានពណ៌ខុសៗគ្នាដូចដែលបានរៀបរាប់ខាងលើដែរ។ តាមពិត មានតែអ្នកដែលមានចំណេះដឹងទេដែលលើកតម្កើងអល់ឡោះឲ្យសក្តិសមនឹងឋានៈរបស់ទ្រង់ ហើយនិងកោតខ្លាចទ្រង់នោះ ពីព្រោះពួកគេបានដឹងពីលក្ខណៈសម្បត្តិរបស់ទ្រង់ ក្បួនច្បាប់របស់ទ្រង់ និងបណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់ឡើយ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Fatır 35:29
ពិតប្រាកដណាស់ បណ្តាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះដែលយើងបានបញ្ចុះវាទៅលើអ្នកនាំសាររបស់យើង ហើយបានអនុវត្តន៍នូវអ្វីដែលមាននៅក្នុងវា និងបានបំពេញកាតព្វកិច្ចសឡាតយ៉ាងពេញលេញ ព្រមទាំងបានបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ ជាហ្សាកាត់ និងអ្វីផ្សេងទៀត ទាំងដោយលាក់បាំងនិងបើកចំហនោះ តាមរយៈទង្វើទាំងនោះ ពួកគេសង្ឃឹមថា វាជាជំនួញមួយចំពោះអល់ឡោះដែលគ្មានការខាតបង់ឡើយ។
Fatır 35:30
ដើម្បីអល់ឡោះនឹងបំពេញឲ្យពួកគេនូវផលបុណ្យលើទង្វើរបស់ពួកគេយ៉ាងពេញលេញ ហើយទ្រង់នឹងបន្ថែមឲ្យពួកគេថែមទៀតនូវការប្រោសប្រទានអំពីទ្រង់ ព្រោះថា ទ្រង់ជាអ្នកដែលមានសមត្ថភាពលើរឿងនេះ។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើល្អរបស់ពួកគេ។
Fatır 35:31
ហើយគម្ពីរ(គួរអាន)ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ វាគឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ដែលអល់ឡោះបានបញ្ចុះវាមកដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរទាំងឡាយពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងមហាឃើញបំផុត។ ដូច្នេះ ទ្រង់ផ្តល់វ៉ាហ៊ីទៅកាន់អ្នកនាំសារនៃប្រជាជាតិនីមួយៗនូវអ្វីដែលប្រជាជាតិនោះត្រូវការនៅក្នុងសម័យកាលរបស់ពួកគេ។
Fatır 35:32
ក្រោយមក យើងបានប្រទានគម្ពីរគួរអានដល់ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ដែលយើងបានជ្រើសរើសពួកគេក្នុងចំណោមបណ្តាប្រជាជាតិទាំងឡាយ។ ហើយក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯងដោយប្រព្រឹត្តនូវទង្វើទាំងឡាយដែលគេហាមឃាត់ ហើយបោះបង់នូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកធុនកណ្តាល ដោយពួកគេបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់ តែពួកគេក៏បានបោះបង់ចោលប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត) និងធ្វើប្រការមួយចំនួនដែលមិនគួរគប្បីធ្វើ(ប្រការម៉ាក្រុះ)ផងដែរ។ ហើយក្នុងចំណោមពួកគេទៀត ក៏មានអ្នកដែលឈានមុខគេក្នុងការសាងទង្វើកុសលផងដែរដោយការអនុញ្ញាតអំពីអល់ឡោះ ដោយពួកគេបានបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់និងប្រការដែលគួរគប្បីធ្វើ និងបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់និងប្រការដែលមិនគួរគប្បីធ្វើ។ អ្វីដែលរៀបរាប់ខាងលើ(ដូចជាការជ្រើសរើសប្រជាជាតិនេះ និងប្រទានគម្ពីរគួរអានដល់ពួកគេ) វាគឺជាការប្រោសប្រទានដ៏ធំធេងដែលគ្មានការប្រោសប្រទានណាអាចប្រៀបផ្ទឹមបានឡើយ។
Fatır 35:33
គឺឋានសួគ៌អាត់និនដែលបណ្តាអ្នកដែលត្រូវបានគេជ្រើសរើសទាំងនោះនឹងចូលទៅក្នុងវា ដោយពួកគេត្រូវបានគេតុបតែងនៅក្នុងនោះដោយខ្សែដៃធ្វើអំពីគុជនិងអំពីមាស។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺធ្វើពីក្រណាត់សូត្រ។
Fatır 35:34
ហើយពួកគេបាននិយាយក្រោយពីពួកគេបានចូលទៅក្នុងឋានសួគ៌ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានបំបាត់នូវទុក្ខព្រួយចេញពីពួកយើង ដោយសារតែពួកយើងធ្លាប់ខ្លាចការចូលឋាននរក។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើង គឺមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ទ្រង់មហាដឹងគុណបំផុតចំពោះពួកគេលើការគោរពប្រតិបត្តិរបស់ពួកគេ។
Fatır 35:35
ទ្រង់គឺជាអ្នកដែលបានប្រទានឲ្យពួកយើងនូវកន្លែងស្នាក់នៅដែលអមតៈ(ដែលគ្មានការផ្លាស់ទីទៀតឡើយបន្ទាប់ពីនោះ)តាមការប្រោសប្រទានរបស់ទ្រង់ ពុំមែនមកពីសមត្ថភាពរបស់ពួកយើងឡើយ ហើយក៏ពុំមែនដោយសារតែភាពខ្លាំងក្លារបស់ពួកយើងនោះដែរ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកយើងក៏មិនទទួលនូវភាពហត់នឿយ និងការលំបាកនោះដែរ។
Fatır 35:36
រីឯពួកដែលប្រឆាំងនឹងអល់ឡោះវិញ សម្រាប់ពួកគេគឺឋាននរកជើហាន់ណាំដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ គេមិនកំណត់ឲ្យពួកគេស្លាប់ដើម្បីឲ្យពួកគេបានសម្រាកពីទណ្ឌកម្មឡើយ ហើយពួកគេក៏មិនត្រូវបានគេបន្ធូរបន្ថយអ្វីបន្តិចអំពីទណ្ឌកម្មនៃនរកជើហាន់ណាំនោះដែរ។ ដូចជាការតបស្នងបែបនេះដែរ នៅថ្ងៃបរលោកយើងនឹងតបស្នងរាល់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណនៃម្ចាស់របស់គេ។
Fatır 35:37
ហើយពួកគេស្រែកយ៉ាងខ្លាំងនៅក្នុងឋាននរកនោះ ដោយសុំឲ្យគេជួយដល់ពួកគេ ដោយពួកគេពោលថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចេញពួកយើងអំពីឋាននរកវិញផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើអាក្រក់ដែលពួកយើងធ្លាប់បានសាងនៅលើលោកិយ ដើម្បីឲ្យពួកយើងទទួលបាននូវការពេញចិត្តពីទ្រង់ ហើយនិងបានរួចផុតពីទណ្ឌកម្មរបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបទៅកាន់ពួកគេវិញថាៈ តើយើងមិនបានផ្តល់ជីវិតឲ្យពួកអ្នករស់នៅ(ក្នុងលោកិយ) ហើយធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ហើយសារភាពកំហុសចំពោះអល់ឡោះ និងសាងទង្វើកុសល ថែមទាំងអ្នកនាំសារក៏បានមកដល់ពួកអ្នកដោយដាស់តឿនព្រមានពួកអ្នកអំពីទណ្ឌកម្មរបស់អល់ឡោះទេឬ? ដូច្នេះ ពួកអ្នកគ្មានអ្វីជាសំអាងនោះឡើយ ក៏គ្មានលេសអ្វីដោះសានោះដែរ បន្ទាប់ពីយើងបានផ្តល់ឲ្យពួកអ្នកនូវប្រការទាំងអស់នេះហើយនោះ។ ហេតុនេះ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្មភ្លើងនរក។ ពិតណាស់ សម្រាប់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងប្រព្រឹត្តល្មើសនោះ គឺគ្មានអ្នកជួយណាដែលអាចជួយសង្រ្គោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះ ឬបន្ធូរបន្ថយវាដល់ពួកគេឡើយ។
Fatır 35:38
ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។ គ្មានអ្វីមួយដែលរំលងផុតពីការដឹងរបស់ទ្រង់បានឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលខ្ញុំបម្រើរបស់ទ្រង់បានលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេនៃប្រការល្អនិងប្រការអាក្រក់។
Fatır 35:39
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)ឲ្យស្នងតំណែងពីគ្នានៅលើផែនដីនេះ(ពីមួយជំនាន់ទៅមួយជំនាន់) ដើម្បីទ្រង់សាកល្បងពួកអ្នក ថាតើពួកអ្នកនឹងធ្វើយ៉ាងដូចម្តេច? ដូច្នេះ ជនណាហើយដែលបានប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្វីដែលបណ្តាអ្នកនាំសារបាននាំមកនោះ ពិតណាស់ បាបកម្មនៃការប្រឆាំងរបស់គេនិងទណ្ឌកម្មរបស់គេ គឺត្រឡប់ទៅរកខ្លួនគេផ្ទាល់ប៉ុណ្ណោះ ហើយការប្រឆាំងរបស់គេនោះ មិនបានធ្វើឲ្យមានគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ។ ហើយការប្រឆាំងរបស់ពួកគេ គឺគ្មានបានបន្ថែមអ្វីដល់ពួកគេនៅចំពោះអល់ឡោះ ក្រៅពីការខឹងសម្បាយ៉ាងខ្លាំងប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ ក៏គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីការខាតបង់នោះដែរ ដោយពួកគេគឺជាអ្នកដែលបានខាតបង់នូវអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៅក្នុងឋានសួគ៌ ប្រសិនបើពួកគេមានជំនឿ។
Fatır 35:40
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ តើផ្នែកណាមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? តើពួកវាបានបង្កើតភ្នំដែរឬទេ? តើពួកវាបានបង្កើតទន្លេដែរឬទេ? តើពួកវាបានបង្កើតសត្វដែលដើរនៅលើវាដែរឬទេ? ឬមួយក៏ពួកវា(ព្រះទាំងនោះ)បានចូលរួមជាមួយអល់ឡោះជាម្ចាស់ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយក៏យើង(អល់ឡោះ)ធ្លាប់បានប្រទានឲ្យពួកគេនូវគម្ពីរមួយ ដែលក្នុងគម្ពីរនោះ គឺមានភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃការគោរពសក្ការៈរបស់ពួកគេចំពោះព្រះទាំងនោះ? ជាក់ស្តែង គឺគ្មានអ្វីបន្តិចទាល់តែសោះ។ ផ្ទុយទៅវិញ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងប្រព្រឹត្តល្មើសនោះ មិនបានសន្យាអ្វីចំពោះគ្នាទៅវិញទៅមកក្រៅពីការបោកប្រាស់នោះឡើយ។
Fatır 35:41
ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលបានទប់មេឃជាច្រើនជាន់និងផែនដីដើម្បីកុំឲ្យវាទាំងពីររញ្ជួយ។ ហើយប្រសិនបើវាទាំងពី(មេឃនិងផែនដី)រញ្ជួយនោះ ក៏គ្មាននរណាម្នាក់អាចទប់វាទាំងពីរមិនឲ្យរញ្ជូយក្រៅពីអល់ឡោះនោះដែរ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មភ្លាមៗនោះឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Fatır 35:42
ហើយពួកប្រឆាំងដែលជាអ្នកបដិសេធទាំងនោះបានស្បថយ៉ាងម៉ឺងម៉ាត់ជាមួយនឹងអល់ឡោះថាៈ ប្រសិនបើមានអ្នកនាំសារម្នាក់មកពីអល់ឡោះបានមកដល់ពួកគេ ដោយដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់ទ្រង់នោះ ប្រាកដជាពួកគេនឹងប្រកាន់ខ្ជាប់ ហើយនិងដើរតាមសេចក្តីពិតច្រើនជាងពួកយូដា ពួកណាសរ៉នី និងអ្នកផ្សេងក្រៅពីពួកគេទៅទៀតជាមិនខាន។ ក៏ប៉ុន្តែ នៅពេលដែលព្យាការីមូហាំម៉ាត់ជាអ្នកនាំសារម្នាក់ដែលត្រូវបានបញ្ជូនមកពីម្ចាស់របស់គាត់បានមកដល់ពួកគេ ដោយដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ ការមកដល់របស់គាត់គ្មានបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតកាន់តែឆ្ងាយពីការពិត ហើយតោងស្អិតនឹងប្រការមិនពិតនោះឡើយ ហើយពួកគេក៏មិនបំពេញតាមសម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេដែលពួកគេបានស្បថថា ពួកគេនឹងក្លាយជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាងអ្នកជំនាន់មុនទាំងអស់(ប្រសិនបើមានអ្នកនាំសារបានមកដល់ពួកគេ)នោះដែរ។
Fatır 35:43
ហើយការស្បថរបស់ពួកគេដែលពួកគេបានស្បថនឹងអល់ឡោះនោះ មិនមែនក្នុងចេតនាល្អ និងបំណងត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាគឺជាការក្រអឺតក្រទមនៅលើផែនដី និងបោកប្រាស់អ្នកដទៃប៉ុណ្ណោះ។ ហើយល្បិចកលដ៏អាក្រក់នោះ វាមិនធ្លាក់លើអ្នកណាផ្សេងក្រៅពីពួកដែលប្រើល្បិចកលអាក្រក់ខ្លួនឯងនោះឡើយ។ ដូច្នេះ តើពួកដែលក្រអឺតក្រទមដែលពោរពេញដោយឧបាយកលទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីមាគ៌ារបស់អល់ឡោះដែលបានកំណត់រួចទេឬ នោះគឺការបំផ្លាញពួកគេដូចដែលទ្រង់បានបំផ្លាញពួកជំនាន់មុនពួកគេដែលប្រព្រឹត្តទង្វើដូចពួកគេនោះ? ជាការពិតណាស់ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនបានឃើញមាគ៌ារបស់អល់ឡោះចំពោះការបំផ្លាញពួកដែលក្រអឺតក្រទមនោះត្រូវបានផ្លាស់ប្តូរ ដោយវាមិនកើតឡើងចំពោះពួកគេនោះឡើយ ហើយក៏មិនបង្វែរការបំផ្លាញនោះទៅកាន់អ្នកផ្សេងក្រៅពីពួកគេនោះដែរ ព្រោះវាជាមាគ៌ារបស់ព្រះជាម្ចាស់ដែលត្រូវបានកំណត់រួច។
Fatır 35:44
តើពួកគូរ៉័ស្ហដែលបដិសេធនឹងអ្នកមិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬថាតើលទ្ធផលចុងក្រោយនៃប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? តើពុំមែនទេឬ លទ្ធផលចុងក្រោយរបស់ពួកគេគឺអាក្រក់បំផុត ដោយអល់ឡោះបានបំផ្លាញពួកគេ ខណៈដែលពួកគេ គឺជាពួកដែលខ្លាំងក្លាជាងពួកគូរ៉័ស្ហទៅទៀតនោះ? ហើយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីអាចរំលងផុតពីអល់ឡោះបានឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលដឹងបំផុតពីទង្វើរបស់ពួកដែលបដិសេធ(គ្មានជំនឿ)ទាំងនោះ។ គ្មានទង្វើណាមួយរបស់ពួកគេជាអាថ៌កំបាំងសម្រាប់ទ្រង់ និងរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់មហាមានអានុភាពបំផុតក្នុងការបំផ្លាញពួកគេនៅពេលណាដែលទ្រង់មានចេតនា។
Fatır 35:45
ហើយប្រសិនបើអល់ឡោះទ្រង់ប្រញាប់ដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែអំពើល្មើសដែលពួកគេបានសាង និងបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ប្រាកដជាទ្រង់នឹងបំផ្លាញអ្នកដែលនៅលើផែនដី ហើយនិងអ្វីដែលពួកគេគ្រប់គ្រង ដូចជាសត្វធាតុនិងទ្រព្យសម្បត្តិទាំងអស់ក្នុងពេលនេះជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារឲ្យពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ហើយនោះ ពិតប្រាកដណាស់នៅពេលនោះ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងបានផលល្អ តែប្រសិនបើជាទង្វើអាក្រក់ នោះនឹងបានផលអាក្រក់។
Yâsin 36:1
យ៉ា ស៊ីន (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)។
Yâsin 36:2
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលវាក្យខណ្ឌទាំងឡាយរបស់វាប្រកបទៅដោយគតិបណ្ឌិត ហើយដែលប្រការមិនពិតមិនអាចមកដល់វា ទាំងពីមុខ និងពីក្រោយវាបានឡើយ។
Yâsin 36:3
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសារដែលអល់ឡោះទ្រង់បានបញ្ជូនពួកគេទៅកាន់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដើម្បីបង្គាប់ប្រើពួកគេឲ្យទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ និងគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់។
Yâsin 36:4
ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់។ ហើយមាគ៌ាដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់របស់អ្នក ជាអ្នកដែលមហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ និងមហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
Yâsin 36:5
ដែលស្ថិតនៅលើមាគ៌ាដ៏ត្រង់ និងក្បួនច្បាប់ដ៏ត្រង់។ ហើយមាគ៌ាដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់របស់អ្នកដែលមហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ និងមហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
Yâsin 36:6
យើងបានបញ្ចុះគម្ពីរនោះមកឲ្យអ្នក ដើម្បីឲ្យអ្នកដាស់តឿនព្រមានបន្លាចទៅចំពោះក្រុមមួយ ពោលគឺពួកអារ៉ាប់ ដែលពុំធ្លាប់មានអ្នកនាំសារណាម្នាក់ដែលដាស់តឿនព្រមានពួកគេនោះបានមកដល់ពួកគេឡើយ។ ដូច្នេះហើយ ពួកគេគឺជាពួកដែលធ្វេសប្រហែសអំពីសេចក្តីជំនឿ និងការគោរពសក្ការៈចំពោះទ្រង់តែមួយ។ ក៏ដូចគ្នាដែរ រាល់ប្រជាជាតិទាំងឡាយដែលបានដាច់អំពីពួកគេនូវការដាស់តឿនព្រមាននោះ គឺត្រូវការអ្នកនាំសារដើម្បីមកដាស់តឿនព្រមានពួកគេ។
Yâsin 36:7
ពិតប្រាកដណាស់ ទណ្ឌកម្មអំពីអល់ឡោះចាំបាច់ត្រូវតែធ្លាក់ទៅលើពួកគេភាគច្រើន(ពួកមុស្ហរីគីនម៉ាក្កះ) បន្ទាប់ពីការពិតអំពីអល់ឡោះជាម្ចាស់ដែលបាននាំមកតាមរយៈអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ តែពួកគេបែរជាមិនមានជំនឿចំពោះវាទៅវិញ ហើយបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ជាការពិតណាស់ ពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដែរ ហើយពួកគេមិនធ្វើតាមការពិតដែលគាត់បាននាំមកឲ្យពួកគេឡើយ។
Yâsin 36:8
ការប្រៀបធៀបចំពោះពួកគេក្នុងរឿងនោះ ប្រៀបដូចជាអ្នកដែលត្រូវបានដាក់ច្រវាក់ជាប់នៅនឹងករបស់ពួកគេ ហើយដៃទាំងគូរបស់ពួកគេត្រូវបានចងភ្ជាប់ជាមួយនឹងករបស់ពួកគេដាក់នៅក្រោមចង្ការរបស់ពួកគេ ធ្វើឲ្យក្បាលរបស់ពួកគេងើយទៅលើមេឃ ដោយពួកគេមិនអាចឱនចុះបានឡើយ។ ពិតប្រាកដណាស់ ពួកទាំងនោះត្រូវបានដាក់ច្រវាក់មិនឲ្យមានជំនឿចំពោះអល់ឡោះឡើយ ដែលជាហេតុធ្វើឲ្យគេមិនអាចគោរពតាមទ្រង់បានឡើយ ហើយពួកគេក៏មិនឱនក្បាលរបស់ពួកគេដើម្បីទ្រង់ដែរ។
Yâsin 36:9
ហើយយើងបានដាក់រនាំងមួយដែលបាំងការពិតនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ។ ហើយយើងបានបិតបាំងភ្នែករបស់ពួកគេអំពីការពិត។ ដូច្នេះ ពួកគេមិនអាចមើលឃើញការពិតនូវការមើលឃើញមួយដែលពួកគេអាចទាញយកផលប្រយោជន៍អំពីវាឡើយ។ រឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេដូច្នោះ គឺក្រោយពីពួកគេបានស្តែងចេញនូវភាពចចេសរឹងរូសរបស់ពួកគេ និងការបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ។
Yâsin 36:10
វាដូចតែគ្នាទេសម្រាប់ពួកប្រឆាំងដែលចចេសរឹងរូសមិនព្រមទទួលយកការពិតទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនបន្លាចពួកគេ ឬក៏មិនដាស់តឿនបន្លាចពួកគេក៏ដោយ ក៏ពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកពីអល់ឡោះនោះដែរ។
Yâsin 36:11
ពិតប្រាកដណាស់ អ្នកដែលអាចទទួលផលពិតប្រាកដអំពីការដាស់តឿនព្រមានរបស់អ្នកនោះ គឺអ្នកដែលបានជឿជាក់នឹងគម្ពីរគួរអាននេះ និងបានដើរតាមអ្វីដែលមានចែងក្នុងវា ហើយកោតខ្លាចម្ចាស់របស់គេនៅពេលដែលគេនៅកន្លែងស្ងាត់ ខណៈដែលគ្មាននរណាម្នាក់ឃើញគេក្រៅពីទ្រង់។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះថា ជាការពិតណាស់ រូបគេនឹងត្រូវទទួលបាននូវការលុបលាងទោសកំហុសពីអល់ឡោះចំពោះបាបកម្មរបស់គេ និងទទួលបាននូវការអភ័យទោសពីទ្រង់ ព្រមទាំងទទួលបាននូវផលបុណ្យដ៏ធំធេងដែលកំពុងតែរង់ចាំរូបគេនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌។
Yâsin 36:12
ពិតប្រាកដណាស់ យើងជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ ដោយពង្រស់ពួកគេឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ ហើយយើងកត់ត្រាទុកនូវអំពើល្អ និងអំពើអាក្រក់របស់ពួកគេដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ ហើយយើងក៏កត់ត្រាទុកផងដែរនូវកេរដំណែលល្អៗរបស់ពួកគេ ដូចជាការបរិច្ចាគទាន ឬកេរដំណែលអាក្រក់(របស់ពួកគេ) ដូចជាភាពគ្មានជំនឿដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេបានស្លាប់។ ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយយ៉ាងច្បាស់លាស់ នោះគឺសៀវភៅកំណត់ត្រា ឡាវហ៊ុលម៉ះហ្វ៊ូស។
Yâsin 36:13
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកឧទាហរណ៍មួយសម្រាប់ពួកបដិសេធដែលចចេសរឹងរូសទាំងនោះដើម្បីជាមេរៀនឲ្យពួកគេពិចារណា នោះគឺរឿងរ៉ាវរបស់អ្នកស្រុកភូមិមួយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបានមកដល់ពួកគេ។
Yâsin 36:14
នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ដំបូងទៅកាន់ពួកគេដើម្បីអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពសក្ការៈទៅចំពោះទ្រង់ ប៉ុន្តែពួកគេបានបដិសេធ(មិនជឿ)នឹងអ្នកនាំសារទាំងពីរនាក់នោះ ហើយយើងក៏បានពង្រឹងគេទាំងពីរដោយបញ្ជូនអ្នកនាំសារទីបីទៅជាមួយពួកគេទៀត។ ហើយអ្នកនាំសារទាំងបីនាក់នោះបាននិយាយទៅកាន់អ្នកស្រុកភូមិនោះថាៈ ពិតប្រាកដណាស់ ពួកយើង(ទាំងបីនាក់) គឺជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកកាន់ពួកអ្នកទាំងអស់គ្នា ដើម្បីអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងដើរតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។
Yâsin 36:15
អ្នកស្រុកភូមិក៏បាននិយាយទៅកាន់អ្នកនាំសារវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សលោកដូចពួកយើងប៉ុណ្ណោះ។ ពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ ហើយម្ចាស់ដ៏មហាសប្បុរសក៏មិនបានបញ្ចុះវ៉ាហ៊ីមកកាន់ពួកអ្នកនោះដែរ។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សដែលពោលពាក្យភូតកុហកទៅលើអល់ឡោះចំពោះការអះអាងរបស់ពួកអ្នកនេះប៉ុណ្ណោះ។
Yâsin 36:16
អ្នកនាំសារទាំងបីនាក់នោះក៏បានឆ្លើយតបចំពោះការបដិសេធរបស់អ្នកភូមិនោះវិញថាៈ ម្ចាស់របស់ពួកយើងទ្រង់ដឹងថា ជាការពិតណាស់ ពួកយើងពិតជាអ្នកនាំសាររបស់ទ្រង់ដែលត្រូវបានបញ្ជូនមកកាន់ពួកអ្នក(ឱអ្នកភូមិ)ពិតមែន។ គ្រប់គ្រាន់ហើយដែលនោះគឺជាអំណះអំណាងសម្រាប់ពួកយើងនោះ។
Yâsin 36:17
ហើយពួកយើងគ្មានតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយយ៉ាងច្បាស់លាស់ដល់ពួកអ្នកនូវអ្វីដែលគេបានប្រើពួកយើងឲ្យផ្សព្វផ្សាយវាប៉ុណ្ណោះ ពួកយើងគ្មានសិទ្ធិអំណាចអ្វីក្នុងការផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះឡើយ។
Yâsin 36:18
ពួកអ្នកភូមិក៏បាននិយាយទៅកាន់អ្នកនាំសារទាំងនោះថាៈ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកមិនបញ្ឈប់ការអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ទេនោះ ពួកយើងប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកដោយគប់នឹងដុំថ្មរហូតដល់ស្លាប់ជាមិនខាន ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់បំផុតពីពួកយើង។
Yâsin 36:19
បណ្តាអ្នកនាំសារទាំងនោះបានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅជាប់ជាមួយនឹងពួកអ្នក ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ ហើយបោះបង់ចោលនូវការធ្វើតាមអ្នកនាំសារទាំងឡាយរបស់ទ្រង់។ តើវាជាប្រផ្នូលលអាក្រក់ចំពោះពួកអ្នកឬ នៅពេលដែលពួកយើងបានក្រើនរំលឹកពួកអ្នកពីអល់ឡោះជាម្ចាស់នោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានហួសហេតុក្នុងការប្រឆាំង(ចំពោះអល់ឡោះ)និងប្រព្រឹត្តល្មើស។
Yâsin 36:20
ហើយមានបុរសម្នាក់មកពីជាយក្រុង បានមកដល់ទាំងប្រញាប់ប្រញាល់ដោយភ័យខ្លាចក្រុមរបស់គេបដិសេធនឹងបណ្តាអ្នកនាំសារ ថែមទាំងគម្រាមចង់សម្លាប់ និងធ្វើបាបអ្នកនាំសារទាំងនោះថែមទៀត ដោយបុរសនោះបាននិយាយថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកអនុវត្តន៍តាមអ្វីដែលបណ្តាអ្នកនាំសារទាំងនោះបាននាំមកចុះ។
Yâsin 36:21
ចូរពួកអ្នក(ឱក្រុមរបស់ខ្ញុំ)អនុវត្តន៍តាមអ្នកដែលមិនបានទាមទារកម្រៃពីពួកអ្នកលើការផ្សព្វផ្សាយនូវអ្វីដែលពួកគេបាននាំមកនេះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញចំពោះអ្វីដែលពួកគេបានផ្សព្វផ្សាយវាពីអល់ឡោះនៃវ៉ាហ៊ីរបស់ទ្រង់។ ដូច្នេះ អ្នកណាដែលមានលក្ខណៈបែបនោះ គឺចាំបាច់ត្រូវតែគោរពតាមជននោះ។
Yâsin 36:22
ហើយបុរសដែលផ្តល់ដំបូន្មាននេះបាននិយាយទៀតថាៈ តើមានអ្វីមួយដែលរារាំងខ្ញុំមិនឲ្យគោរពសក្ការៈចំពោះអល់ឡោះដែលជាអ្នកបានបង្កើតខ្ញុំនោះ? ហើយតើមានអ្វីមួយដែលរារាំងពួកអ្នកមិនឲ្យគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នក ខណៈពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់ ដោយនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងនោះ?
Yâsin 36:23
តើឲ្យខ្ញុំយកព្រះនានាដែលមិនមែនជាព្រះពិតទាំងនោះមកគោរពសក្ការៈក្រៅពីអល់ឡោះដែលជាអ្នកបានបង្កើតខ្ញុំនោះឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានចេតនាឲ្យខ្ញុំទទួលនូវរឿងអាក្រក់ណាមួយនោះ ការអន្តរាគមន៍របស់ព្រះក្លែងក្លាយដែលត្រូវបានគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ខ្ញុំឡើយ ព្រោះពួកវាមិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏គ្មានសមត្ថភាពអាចសង្គ្រោះរូបខ្ញុំឲ្យរួចផុតពីរឿងអាក្រក់ដែលអល់ឡោះមានចេតនាចង់ឲ្យវាកើតឡើងចំពោះខ្ញុំនោះដែរ ប្រសិនបើខ្ញុំស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿនោះ។
Yâsin 36:24
ពិតប្រាកដណាស់ ប្រសិនបើខ្ញុំយកពួកវាធ្វើជាព្រះមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់នោះ ប្រាកដជាខ្ញុំនឹងស្ថិតនៅក្នុងភាពខុសឆ្គងយ៉ាងច្បាស់លាស់ ខណៈដែលខ្ញុំគោរពសក្ការៈចំពោះអ្នកដែលមិនសក្តិសមត្រូវគោរពសក្ការៈ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្នកដែលសក្តិសមត្រូវគោរពសក្ការៈនោះ។
Yâsin 36:25
(ឱក្រុមរបស់ខ្ញុំ!) ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយនឹងម្ចាស់របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។ ជាការពិតណាស់ ខ្ញុំមិនខ្វល់នោះទេចំពោះការគំរាមរបស់ពួកអ្នកដែលថា ចង់សម្លាប់ខ្ញុំនោះ។ ភ្លាមនោះ ក្រុមរបស់គាត់ក៏បានសម្លាប់គាត់ចោល ហើយអល់ឡោះក៏បានបញ្ចូលគាត់ទៅក្នុងឋានសួគ៌។
Yâsin 36:26
ក្រោយពីបុរសនោះបានពលីជីវិតរួចមក មានគេពោលទៅកាន់គាត់ជាការលើកតម្កើងចំពោះគាត់ថាៈ ចូរអ្នកចូលក្នុងឋានសួគ៌ចុះ។ ហើយនៅពេលដែលបុរសនោះបានចូលក្នុងឋានសួគ៌ ហើយបានឃើញនូវឧបការគុណទាំងឡាយដែលមាននៅក្នុងឋានសួគ៌នោះ គាត់ក៏បាននិយាយដោយប៉ងប្រាថ្នាក្នុងចិត្តថាៈ ឱអនិច្ចាក្រុមរបស់ខ្ញុំដែលបានបដិសេធចំពោះខ្ញុំ ហើយបានសម្លាប់ខ្ញុំនោះ! ប្រសិនបើពួកគេបានដឹងនូវអ្វីដែលខ្ញុំបានទទួលនៃការទទួលបានការអភ័យទោសចំពោះបាបកម្ម ហើយនិងអ្វីដែលម្ចាស់របស់ខ្ញុំបានលើកតម្កើងចំពោះខ្ញុំនោះ ប្រាកដជាពួកគេមានជំនឿដូចដែលខ្ញុំមានជំនឿនេះដែរ ហើយពួកគេក៏នឹងទទួលបានការតបស្នងដូចអ្វីដែលខ្ញុំបានទទួលនេះដែរជាមិនខាន។
Yâsin 36:27
ក្រោយពីបុរសនោះបានពលីជីវិត មានគេពោលទៅកាន់គាត់ជាការលើកតម្កើងចំពោះគាត់ថាៈ ចូរអ្នកចូលក្នុងឋានសួគ៌ចុះ។ ហើយនៅពេលដែលបុរសនោះបានចូលក្នុងឋានសួគ៌ ហើយបានឃើញនូវឧបការគុណទាំងឡាយដែលមានននៅក្នុងនោះ គាត់បាននិយាយដោយប៉ងប្រាថ្នាក្នុងចិត្តថាៈ ឱអនិច្ចាក្រុមរបស់ខ្ញុំដែលបានបដិសេធចំពោះខ្ញុំ ហើយបានសម្លាប់ខ្ញុំនោះ! ប្រសិនបើពួកគេបានដឹងនូវអ្វីដែលខ្ញុំបានទទួលនៃការទទួលបានការអភ័យទោសចំពោះបាបកម្ម និងអ្វីដែលម្ចាស់របស់ខ្ញុំលើកតម្កើងខ្ញុំនោះ ពួកគេប្រាកដជាមានជំនឿដូចដែលខ្ញុំមានជំនឿនេះដែរ ហើយពួកគេក៏នឹងទទួលបានការតបស្នងដូចអ្វីដែលខ្ញុំបានទទួលនេះដែរ។
Yâsin 36:28
ហើយយើងពុំចាំបាច់ត្រូវការបញ្ជូនកងទ័ពអំពីពួកម៉ាឡាអ៊ីកាត់ចុះពីលើមេឃដើម្បីទៅបំផ្លាញក្រុមរបស់គេដែលបានបដិសេធចំពោះគេ និងបានសម្លាប់គេនោះទេ ព្រោះថាកិច្ចការរបស់ពួកគេ គឺងាយស្រួលសម្រាប់យើងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងមានសមត្ថភាពក្នុងការបំផ្លាញពួកគេ ដោយគ្រាន់តែបញ្ជូនសម្រែកមួយពីលើមេឃមក ដោយមិនចាំបាច់បញ្ចុះពពួកម៉ាឡាអ៊ីកាត់ឡើយ។
Yâsin 36:29
ហើយរឿងរ៉ាវនៃការបំផ្លាញក្រុមរបស់គេនោះ គឺគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាងខ្លាំងដែលយើងបានបញ្ជូនវាទៅកាន់ពួកគេនោះទេ ហើយនៅពេលនោះ ពួកគេក៏ស្លាប់អស់គ្មានសល់នោះឡើយ។ ការប្រៀបធៀបរបស់ពួកគេនោះ គឺប្រៀបដូចជាភ្លើងដែលបានឆេះសន្ធោសន្ធៅ ក្រោយមកស្រាប់តែរលត់ឈឹងដោយគ្មានបន្សល់ទុកស្លាកស្នាមអ្វីសោះឡើយ។
Yâsin 36:30
គួរឱ្យសោកស្តាយ និងមានវិប្បដិសារីបំផុតចំពោះខ្ញុំបម្រើរបស់អល់ឡោះដែលបដិសេធ នៅថ្ងៃបរលោក នៅពេលដែលពួកគេបានឃើញទណ្ឌកម្មនោះផ្ទាល់នឹងភ្នែក។ នោះគឺដោយសារតែពួកគេកាលនៅលើលោកិយ នៅពេលដែលអ្នកនាំសារណាម្នាក់មកពីអល់ឡោះមកដល់ពួកគេ គឺពួកគេនាំគ្នាមើលងាយ និងចំអកឡកឡឺយចំពោះអ្នកនាំសារនោះ។ ដូច្នេះ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែវិប្បដិសារីនៅថ្ងៃបរលោកចំពោះការធ្វេសប្រហែសរបស់ពួកគេលើការគោរពតាមបទបញ្ជារបស់អល់ឡោះប៉ុណ្ណោះ។
Yâsin 36:31
តើពួកបដិសេធដែលចំអកឡកឡឺយចំពោះបណ្តាអ្នកនាំសារទាំងនេះមិនបានឃើញទេឬនូវមេរៀនរបស់ប្រជាជាតិជំនាន់មុនៗនោះ? ជាការពិតណាស់ ពួកគេបានស្លាប់ ហើយពួកគេមិនបានវិលត្រឡប់មកកាន់លោកិយវិញម្តងទៀតឡើយ ផ្ទុយទៅវិញ ពួកគេបានទៅដល់អ្វីដែលពួកគេបានសាងអំពីទង្វើទាំងឡាយ ហើយអល់ឡោះនឹងតបស្នងដល់ពួកគេលើទង្វើនោះ។
Yâsin 36:32
ហើយប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវមានវត្តមាននៅចំពោះមុខយើងនៅថ្ងៃបរលោក ក្រោយពីយើងបានពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មានការលើកលែងឡើយ ដើម្បីយើងនឹងធ្វើការតបស្នងឲ្យពួកគេទៅលើទង្វើរបស់ពួកគេ។
Yâsin 36:33
ហើយសញ្ញាភស្តុតាងមួយសម្រាប់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដើម្បីបញ្ជាក់ថាពិតណាស់ ការពង្រស់ពួកគេឲ្យរស់ឡើងវិញគឺជាការពិតនោះ គឺដីដែលស្លាប់(ស្ងួតហួតហែង) នៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃមក ពេលនោះយើងក៏បានបណ្តុះនូវរុក្ខជាតិជាច្រើនប្រភេទ ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិជាច្រើនប្រភេទដើម្បីឲ្យមនុស្សទទួលទានវា។ ដូច្នេះ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះអាចរស់ឡើងវិញបានដោយការបញ្ចុះទឹកភ្លៀង ហើយនិងបញ្ចេញរុក្ខជាតិទាំងឡាយ ក៏ជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដូចគ្នាដែរ។
Yâsin 36:34
ហើយយើងបានធ្វើឲ្យដីដែលយើងបញ្ចុះទឹកភ្លៀងទៅលើវានោះក្លាយជាចម្ការជាច្រើន ដូច ជាដើមល្មើ និងទំពាំងបាយជូរ ហើយយើងបានធ្វើឲ្យមានប្រភពទឹកបាញ់ចេញពីក្នុងវាដើម្បីស្រោចស្រពចម្ការនោះ។
Yâsin 36:35
ដើម្បីឲ្យមនុស្សលោកទទួលទានអំពីភោគផលនៃចម្ការទាំងនោះដែលអល់ឡោះបានប្រទានជាឧបការគុណដល់ពួកគេ ខណៈដែលពួកគេមិនបានខិតខំប្រឹងប្រែងអ្វីនោះឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះទៅលើឧបការគុណជាច្រើនរបស់ទ្រង់នេះ ដោយគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ទេឬ?
Yâsin 36:36
ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ដែលបានបង្កើតរុក្ខជាតិនិងដើមឈើជាច្រើនប្រភេទ ហើយនិងអំពីខ្លួនរបស់មនុស្សផ្ទាល់ ដោយទ្រង់បានបង្កើតឲ្យមានប្រុស មានស្រី ហើយនិងម៉ាខ្លូកជាច្រើនទៀតរបស់អល់ឡោះដែលមនុស្សលោកមិនបានដឹង មិនថានៅលើគោក នៅក្នុងទឹក និងនៅកន្លែងផ្សេងៗទៀតនោះឡើយ។
Yâsin 36:37
ហើយសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺយើងបានធ្វើឲ្យពន្លឺបាត់បង់ដោយសារពេលថ្ងៃបានចាកចេញ ហើយពេលយប់ក៏បានចូលមកដល់ នៅពេលដែលយើងបានដកយកពេលថ្ងៃចេញ ហើយយើងបានធ្វើឲ្យភាពងងឹតមកដល់ក្រោយពីពេលថ្ងៃបានចាកចេញទៅ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។
Yâsin 36:38
ហើយសញ្ញាភស្តុតាងសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដែរនោះ គឺព្រះអាទិត្យដែលធ្វើចលនាទៅតាមគន្លងរបស់វាដែលអល់ឡោះបានដឹងនូវដែនកំណត់របស់វាដោយវាមិនធ្វើចលនាខុសពីគន្លងរបស់វាឡើយ។ នោះគឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាដឹងដែលគ្មានកិច្ចការអ្វីមួយនៃម៉ាខ្លូករបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
Yâsin 36:39
ហើយសញ្ញាភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់ទ្រង់នោះ គឺព្រះចន្ទដែលយើងបានកំណត់វាជាកម្រិតៗជារៀងរាល់យប់ ដោយចាប់ផ្តើមពីតូច បន្ទាប់មកក៏ធំឡើងៗ រួចមក វាក៏ត្រឡប់ទៅជាតូចវិញ រហូតដល់ក្លាយទៅជាដូចជាចង្កោមផ្លែល្មើដែលស្ងួត។
Yâsin 36:40
ហើយសញ្ញាភស្តុតាងទាំងឡាយនៃព្រះអាទិត្យ ព្រះចន្ទ ពេលយប់ និងពេលថ្ងៃ គឺត្រូវបានកំណត់ដោយការកំណត់របស់អល់ឡោះជាម្ចាស់។ ដូចនេះ វាមិនបំពាននូវអ្វីដែលអល់ឡោះបានកំណត់ចំពោះពួកវានោះឡើយ។ ដូច្នេះ ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទដើម្បីកែប្រែគន្លងរបស់វា ឬធ្វើឲ្យបាត់ពន្លឺរបស់វានោះទេ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃ ហើយចូលទៅក្នុងពេលថ្ងៃមុនពេលដែលពេលវេលានៃពេលថ្ងៃត្រូវអស់នោះដែរ។ ហើយរាល់ម៉ាខ្លូកទាំងអស់ដែលបានរៀបរាប់ខាងលើនេះ និងអ្វីផ្សេងទៀត ដូចជា ដួងតារា និងភពទាំងឡាយ គឺសុទ្ធតែមានគន្លងរបស់វាដាច់ដោយឡែកទៅតាមការកំណត់ និងការថែរក្សារបស់អល់ឡោះជាម្ចាស់ទាំងអស់។
Yâsin 36:41
ហើយសញ្ញាភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ក៏ដូចជាបញ្ជាក់ពីឧបការគុណរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់នោះ គឺយើងបានដឹកកូនចៅរបស់ព្យាការីអាហ្ទាំដែលបានរួចជីវិតពីទឹកជំនន់នៅក្នុងសម័យកាលព្យាការីនួហនោះនៅក្នុងសំពៅដែលពោរពេញដោយម៉ាខ្លូកជាច្រើនរបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ទុកនៅក្នុងសំពៅនោះនូវរាល់ប្រភេទនីមួយៗ គឺមានជាគូៗ(ប្រុសស្រី ញីឈ្មោល)។
Yâsin 36:42
ហើយសញ្ញាភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ក៏ដូចជាបញ្ជាក់ពីឧបការគុណរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ដែរនោះ គឺយើងបានបង្កើតយានជំនិះជាច្រើនសម្រាប់ពួកគេដែលដូចទៅនឹងសំពៅរបស់ព្យាការីនួហដែរ។
Yâsin 36:43
ហើយប្រសិនបើយើងមានចេតនាពន្លិចពួកគេនោះ ប្រាកដជាយើងនឹងពន្លិចពួកគេជាមិនខាន។ នៅពេលនោះ ពួកគេនឹងគ្មានអ្នកដែលជួយសង្គ្រោះពួកគេឡើយប្រសិនបើយើងមានចេតនាចង់ពន្លិចពួកគេនោះ ហើយពួកគេក៏គ្មានអ្នកដែលអាចជួយសង្គ្រោះពួកគេឡើយ ប្រសិនបើពួកគេត្រូវបានលិចលង់ដោយសារតែបទបញ្ជារបស់យើង និងការកំណត់របស់យើងនោះ។
Yâsin 36:44
លើកលែងតែយើងមានក្តីមេត្តាករុណាចំពោះពួកគេដោយសង្គ្រោះពួកគេពីការលិចលង់ ហើយធ្វើឲ្យពួកគេរួចផុតពីការលិចលង់នោះប៉ុណ្ណោះ ដើម្បីឲ្យពួកគេសើយសុខរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលពួកគេមិនអាចបន្តមានជីវិតរស់នៅហួសពីពេលកំណត់នោះឡើយ សង្ឃឹមថាពួកគេនឹងយកជាមេរៀន ហើយមានជំនឿ។
Yâsin 36:45
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកមុស្ហរីគីនដែលងាកចេញអំពីសេចក្តីជំនឿទាំងនោះថាៈ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលនៅខាងមុខពួកអ្នកនៃកិច្ចការថ្ងៃបរលោកនិងភាពតានតឹងរបស់វា ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយដែលនៅខាងក្រោយពួកអ្នក សង្ឃឹមថាអល់ឡោះនឹងប្រទាននូវក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកអ្នក ស្រាប់តែពេលនោះ ពួកគេមិនធ្វើតាមការដាស់តឿននោះឡើយ ផ្ទុយទៅវិញ ពួកគេបែរជាងាកចេញពីការដាស់តឿននោះទៅវិញដោយមិនខ្វល់អ្វីឡើយ។
Yâsin 36:46
ហើយរាល់ពេលដែលសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងភាពសក្តិសមរបស់ទ្រង់ក្នុងការត្រូវគេគោរពសក្ការៈតែមួយគត់បានមកដល់ពួកមុស្ហរីគីនដែលរឹងរូសទាំងនោះ គឺពួកគេងាកចេញអំពីវាដោយមិនយកវាធ្វើជាមេរៀនឡើយ។
Yâsin 36:47
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលរឹងរូសទាំងនោះថាៈ ចូរពួកអ្នកជួយពួកអ្នកក្រខ្សត់ និងអ្នកក្រីក្រដោយបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះបានប្រទានវាដល់ពួកអ្នកទៅចំពោះពួកគេ ពួកគេក៏បានឆ្លើយតបដោយបដិសេធទៅកាន់បណ្តាអ្នកមានជំនឿវិញថាៈ តើឲ្យពួកយើងផ្តល់អាហារឲ្យអ្នកដែលប្រសិនបើអល់ឡោះមានចេតនាចង់ប្រទានអាហារដល់គេនោះ ទ្រង់ប្រាកដជានឹងប្រទានឲ្យគេនោះឬ? ហេតុនេះ ពួកយើងមិនធ្វើឲ្យខុសពីចេតនារបស់ទ្រង់ឡើយ។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គ្មានធ្វើអ្វីក្រៅពីស្ថិតក្នុងភាពខុសឆ្គងយ៉ាងច្បាស់លាស់ និងឃ្លាតឆ្ងាយអំពីការពិតប៉ុណ្ណោះ។
Yâsin 36:48
ហើយពួកប្រឆាំងដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញនោះបាននិយាយថាៈ តើការពង្រស់ឡើងវិញនោះ នឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ជាអ្នកដែលនិយាយពិតក្នុងការអះអាងថា វានឹងកើតឡើងយ៉ាងពិតប្រាកដមែននោះ?
Yâsin 36:49
ពួកដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញទាំងនោះ គឺពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកនៃការផ្លុំត្រែលើកទីមួយនៅពេលវាត្រូវបានគេផ្លុំឡើង ហើយសម្លេងនោះបានឆក់យកជីវិតពួកគេ ខណៈដែលពួកគេស្ថិតនៅក្នុងភាពមមាញឹកនៃកិច្ចការលោកិយ ដូចជាការលក់ដូរ ការឲ្យទឹកសត្វ និងស្រោចស្រពដំណាំ ការឃ្វាលសត្វ និងអ្វីផ្សេងទៀតនៃកិច្ចការលោកិយនោះឡើយ។
Yâsin 36:50
នៅពេលនោះ ពួកគេមិនអាចផ្តាំផ្ញើគ្នា ហើយក៏មិនអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងក្រុមគ្រួសាររបស់ពួកគេបានឡើយនៅពេលដែលសម្លេងត្រែត្រូវបានគេផ្លុំឡើងហើយនោះ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវស្លាប់មួយរំពេច ខណៈដែលពួកគេស្ថិតនៅក្នុងភាពមមាញឹករបស់ពួកគេនោះ។
Yâsin 36:51
ហើយត្រែក៏ត្រូវបានគេផ្លុំឡើងជាលើកទីពីរដើម្បីពង្រស់ពួកគេឲ្យរស់ឡើងវិញ។ ពេលនោះពួកគេស្រាប់តែក្រោកចេញពីផ្នូររបស់ពួកគេទាំងអស់គ្នាសំដៅទៅកាន់ម្ចាស់របស់ពួកគេយ៉ាងលឿនដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Yâsin 36:52
ពួកប្រឆាំងដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញទាំងនោះបាននិយាយទាំងមានវិប្បដិសារីថាៈ ឱវិនាសអន្តរាយហើយពួកយើង! តើនរណាជាអ្នកដែលពង្រស់ពួកយើងអំពីផ្នូររបស់ពួកយើងនេះ? នៅពេលនោះ មានគេឆ្លើយតបចំពោះសំណួររបស់ពួកគេថាៈ នេះហើយជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះវានោះ។ ដូចនេះ វាចាំបាច់ត្រូវតែកើតឡើងយ៉ាងពិតប្រាកដ(ដោយចៀសមិនផុត)។ ហើយបណ្តាអ្នកនាំសារទាំងឡាយដែលបានពាំនាំរឿងនោះពីម្ចាស់របស់ពួកគេនោះ វាគឺជារឿងពិតត្រឹមត្រូវមែន។
Yâsin 36:53
កិច្ចការនៃការពង្រស់មនុស្សចេញពីផ្នូរវិញនោះ គឺគ្មានអ្វីក្រៅពីជាឥទ្ធិពលនៃការផ្លុំត្រែលើកទីពីរនោះទេ។ ពេលនោះ ស្រាប់តែម៉ាខ្លូកទាំងអស់មានវត្តមាននៅចំពោះមុខយើងនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ។
Yâsin 36:54
នៅថ្ងៃនោះ ការកាត់សេចក្តីគឺប្រកបដោយភាពយុត្តិធម៌បំផុត។ ដូច្នេះ ពួកអ្នក(ឱបណ្តាខ្ញុំបម្រើរបស់អល់ឡោះ)មិនត្រូវបានគេបំពានដោយបន្ថែមនូវអំពើអាក្រក់លើសពីទង្វើរបស់ពួកអ្នក ឬក៏ត្រូវបានគេកាត់បន្ថយអំពើល្អរបស់អ្នកបន្តិចនោះឡើយ ផ្ទុយទៅវិញ ពួកអ្នកនឹងត្រូវបានគេផ្តល់ជូននូវការតបស្នងយ៉ាងពេញលេញរាល់ទង្វើដែលពួកអ្នកបានសាងនៅក្នុងជីវិតលោកិយ។
Yâsin 36:55
ពិតប្រាកដណាស់ បណ្តាអ្នកដែលបានចូលឋានសួគ៌នៅថ្ងៃបរលោកនោះ គឺពួកគេរវល់មិនបានគិតអំពីអ្នកដទៃឡើយ ដោយសារតែពួកគេបានឃើញនូវឧបការគុណដែលស្ថិតស្ថេរ និងជោគជ័យដ៏ធំធេង។ ដូច្នេះ ពួកគេរវល់តែនឹងភាពសប្បាយរីករាយដែលពួកគេទទួលបាននោះប៉ុណ្ណោះ។
Yâsin 36:56
ពួកគេ និងភរិយារបស់ពួកគេសើយសុខនៅលើគ្រែដ៏ល្អប្រណីត ក្រោមម្លប់ឋានសួគ៌យ៉ាងត្រជាក់ត្រជុំ។
Yâsin 36:57
នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបានផ្លែឈើល្អៗជាច្រើនប្រភេទ ដូចជាទំពាំងបាយជូ ផ្លែទីន និងផ្លែទទឹម ហើយពួកគេនឹងទទួលបាននូវរាល់អ្វីសព្វបែបយ៉ាងដែលពួកគេស្នើសុំ។ ជាការពិតណាស់ រាល់អ្វីៗដែលពួកគេស្នើសុំ គឺពួកគេនឹងទទួលបានវាយ៉ាងពិតប្រាកដ។
Yâsin 36:58
លើសពីនេះទៅទៀត សាឡាម(សន្តិភាព)នឹងកើតមានដល់ពួកគេ ដែលជាបន្ទូលអំពីម្ចាស់ដ៏មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ដូច្នេះ នៅពេលដែលទ្រង់ឲ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ពួកគេនឹងទទួលបានសុខសន្តិភាពពីគ្រប់ប្រការទាំងអស់ ហើយពួកគេនឹងទទួលបានការស្វាគមន៍ដែលគ្មានការស្វាគមន៍ណាដែលលើសពីនេះទៀតនោះឡើយ។
Yâsin 36:59
ហើយមានគេនិយាយទៅកាន់ពួកមុស្ហរីគីននៅថ្ងៃបរលោកថាៈ ចូរពួកអ្នកបំបែកខ្លួនចេញពីបណ្តាអ្នកមានជំនឿចុះ ពីព្រោះពួកគេមិនសក្តិសមនៅជាមួយពួកអ្នកឡើយ ដោយសារការតបស្នងចំពោះពួកអ្នក គឺមិនដូចគ្នាជាមួយនឹងការតបស្នងចំពោះពួកគេនោះឡើយ ហើយលក្ខណៈសម្បត្តិរបស់ពួកអ្នកក៏មិនដូចលក្ខណៈសម្បត្តិរបស់ពួកគេនោះដែរ។
Yâsin 36:60
តើយើងមិនបានផ្តែផ្តាំពួកអ្នក និងមិនបានបង្គាប់ប្រើពួកអ្នកតាមរយៈពាក្យសំដីអ្នកនាំសាររបស់យើង ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកទេឬថាៈ ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកកុំធ្វើតាមស្ហៃតន ដោយការប្រឆាំង និងការប្រព្រឹត្តល្មើសគ្រប់បែបយ៉ាងឲ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។ ដូច្នេះ តើអ្នកដែលមានប្រាជ្ញាចេះគិតពិតចារណាអាចធ្វើតាមសត្រូវរបស់ខ្លួនដែលវាបានបង្ហាញនូវភាពជាសត្រូវរបស់វានោះយ៉ាងដូចម្តេច?
Yâsin 36:61
ហើយយើងបានប្រើពួកអ្នក(ឱកូនចៅអាហ្ទាំ)ឲ្យគោរពសក្ការៈមកចំពោះយើងតែមួយគត់ ហើយមិនឲ្យពួកអ្នកធ្វើស្ហ៊ីរិកចំពោះយើងនូវអ្វីមួយឡើយ។ ពិតណាស់ ការគោរពសក្ការៈចំពោះយើងតែមួយគត់ និងការគោរពប្រតិបត្តិចំពោះយើងនោះ គឺជាមាគ៌ាដ៏ត្រឹមត្រូវដែលនាំទៅរកការពេញចិត្តពីយើង និងបានចូលឋានសួគ៌។ ប៉ុន្តែពួកអ្នកមិនបានធ្វើតាមអ្វីដែលយើងបានផ្តាំផ្ញើពួកអ្នក ហើយនិងអ្វីដែលគេបានបង្គាប់ប្រើពួកអ្នកនោះទេ។
Yâsin 36:62
ហើយជាការពិតណាស់ ស្ហៃតនបានធ្វើឲ្យអ្នកមួយចំនួនធំក្នុងចំណោមពួកអ្នកវង្វេង។ ដូច្នេះ តើពួកអ្នកមិនមានសតិបញ្ញាល្អដែលប្រើពួកអ្នកឲ្យគោរពប្រតិបត្តិម្ចាស់របស់ពួកអ្នក និងគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ហើយនិងព្រមានពួកអ្នកពីការគោរពតាមស្ហៃតនដែលជាសត្រូវយ៉ាងច្បាស់លាស់របស់ពួកអ្នកទេឬ?
Yâsin 36:63
នេះគឺជាឋាននរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យាចំពោះវាកាលនៅលើលោកិយលើភាពប្រឆាំងរបស់ពួកអ្នក ហើយកាលនោះ វាជារឿងអាថ៌កំបាំងចំពោះពួកអ្នក ក៏ប៉ុន្តែនៅថ្ងៃនេះ គឺពួកអ្នកបានឃើញវាផ្ទាល់នឹងភ្នែកហើយ។
Yâsin 36:64
នៅថ្ងៃនេះ ចូរពួកអ្នកចូលទៅក្នុងឋាននរកនេះចុះ ហើយចូរពួកអ្នកភ្លក់រសជាតិកម្ដៅរបស់វា ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះកាលពួកអ្នករស់នៅក្នុងលោកិយ។
Yâsin 36:65
នៅថ្ងៃនេះ យើងបោះត្រាភ្ជិតទៅលើមាត់របស់ពួកគេដោយពួកគេមិនអាចនិយាយបដិសេធនូវអ្វីដែលពួកគេធ្លាប់បានសាងពីមុនមក(កាលនៅលើលោកិយ)នៃការប្រឆាំង និងការប្រព្រឹត្តល្មើសនោះទេ ហើយយើងបានឲ្យដៃទាំងពីររបស់ពួកគេនិយាយប្រាប់យើងនូវអ្វីដែលវាបានធ្វើនៅលើលោកិយ ហើយជើងរបស់ពួកគេធ្វើជាសាក្សីលើទង្វើល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្ត និងបានដើរទៅប្រព្រឹត្តវានោះ។
Yâsin 36:66
ហើយប្រសិនបើយើងមានចេតនាចង់បំបាត់ភ្នែករបស់ពួកគេ(ធ្វើឲ្យងងឹត)នោះ យើងប្រាកដជានឹងបំបាត់ភ្នែករបស់ពួកគេជាមិនខានដោយពួកគេនឹងមិនអាចមើលឃើញបានឡើយ។ នៅពេលនោះ ពួកគេនឹងប្រជែងគ្នានៅលើស្ពានស៊ីរ៉តដើម្បីឆ្លងទៅកាន់ឋានសួគ៌ជាមិនខាន។ ដូចនេះ តើពួកគេអាចឆ្លងផុតបានយ៉ាងដូចម្តេច ខណៈដែលភ្នែករបស់ពួកគេបានបាត់បង់ទៅហើយនោះ?
Yâsin 36:67
ហើយប្រសិនបើយើងមានចេតនាចង់ផ្លាស់ប្តូររូបរាងរបស់ពួកគេ ហើយធ្វើឲ្យពួកគេខ្វិនដើរមិនរួចនោះ យើងប្រាកដជានឹងផ្លាស់ប្តូររូបរាងរបស់ពួកគេ និងធ្វើឲ្យជើងពួកគេខ្វិនជាមិនខាន។ នៅពេលនោះ ពួកគេនឹងមិនអាចផ្លាស់ប្តូរទីកន្លែងរបស់ពួកគេបានឡើយ ដោយពួកគេទៅមុខក៏មិនរួច ទៅក្រោយក៏មិនរួច។
Yâsin 36:68
ហើយជនណាក្នុងចំណោមមនុស្សលោកដែលយើងប្រទានឲ្យគេមានអាយុវែងនោះ យើងនឹងឲ្យគេវិលត្រឡប់ទៅកាន់ដំណាក់កាលទន់ខ្សោយវិញ។ ដូច្នេះ តើពួកគេមិនយកប្រាជ្ញារបស់ពួកគេមកពិចារណា ហើយស្វែងយល់ថា ពិតណាស់ លោកិយនេះមិនមែនជាទីកន្លែងអមតៈនោះឡើយ ហើយពិណាស់ កន្លែងដែលអមតៈនោះ គឺនៅថ្ងៃបរលោកឯណោះ។
Yâsin 36:69
ហើយយើងមិនបានបង្រៀនកំណាព្យដល់ព្យការីមូហាំម៉ាត់ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេ(ក្នុងការរៀនវា)នោះដែរ ព្រោះនោះមិនមែនជាចរិតលក្ខណៈរបស់គេនោះទេ។ ហើយចរិតលក្ខណៈពីកំណើតរបស់គេក៏មិនមានចំណូលចិត្តចំពោះកំណាព្យនោះ រហូតដល់អាចឲ្យពួកអ្នកអះអាងថា រូបគេគឺជាកវីនិពន្ធកំណាព្យនោះ។ អ្វីដែលយើងបានបង្រៀនដល់គេ គឺគ្មានអ្វីក្រៅពីការដាស់រំឭក និងគម្ពីរគួរអានដ៏ច្បាស់លាស់សម្រាប់ជនណាដែលពិចារណាចំពោះវាប៉ុណ្ណោះ។
Yâsin 36:70
ដើម្បីឲ្យគេ(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នកដែលដួងចិត្តរបស់គេនៅរស់ ដែលអាចបំភ្លឺមើលឃើញខុសត្រូវ ពីព្រោះបុគ្គលនោះហើយជាអ្នកដែលអាចទាញយកផលប្រយោជន៍អំពីវាបាន។ ហើយទណ្ឌកម្មនឹងធ្លាក់ទៅលើពួកប្រឆាំង ពីព្រោះសញ្ញាភស្តុតាងទាំងឡាយបានបង្ហាញទៅលើពួកគេរួចទៅហើយតាមរយៈការបញ្ចុះនូវគម្ពីរគួរអាន ហើយការផ្សព្វផ្សាយអំពីវាក៏បានទៅដល់ពួកគេហើយដែរ។ ដូច្នេះ ពួកគេគ្មានលេសអ្វីដើម្បីនឹងដោះសារនោះឡើយ។
Yâsin 36:71
តើពួកគេមិនបានឃើញទេ ពិតប្រាកដណាស់ យើងបានបង្កើតសត្វពាហនៈជាច្រើនសម្រាប់ពួកគេ ហើយពួកគេជាអ្នកគ្រប់គ្រងសត្វពាហនៈទាំងនោះ ដោយពួកគេអាចយកវាប្រើប្រាស់វាក្នុងការបម្រើផលប្រយោជន៍របស់ពួកគេបាន។
Yâsin 36:72
ហើយយើងបានបង្កើតសត្វពាហនៈទាំងនោះសម្រាប់ពួកគេ និងបានធ្វើឲ្យពួកវាស្តាប់បង្គាប់ពួកគេ។ ដូច្នេះ សត្វមួយចំនួន ពួកគេអាចជិះលើខ្នងវានិងអាចផ្ទុកទំនិញរបស់ពួកគេបាន ហើយសត្វមួយចំនួនទៀត ពួកគេអាចបរិភោគសាច់របស់វាបាន។
Yâsin 36:73
ហើយក្រៅពីការជិះនៅលើខ្នងរបស់វា និងទទួនទានសាច់របស់វានោះ ពួកគេក៏អាចទាញយកផលប្រយោជន៍ផ្សេងទៀតពីវាផងដែរ ដូចជារោមរបស់វា ស្បែករបស់វា និងតម្លៃរបស់វា ដោយក្នុងនោះ ពួកគេអាចយកធ្វើជាកម្រាលនិងធ្វើជាសម្លៀកបំពាក់។ ហើយពួកគេក៏អាចទទួលបាននូវទឹកដោះអំពីសត្វពាហនៈនោះដើម្បីយកមកពិសារផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះដែលទ្រង់បានប្រទានឲ្យពួកគេនូវឧបការគុណទាំងអស់នេះ ក៏ដូចជាឧបការគុណផ្សេងៗទៀតនោះទេឬ?
Yâsin 36:74
ហើយពួកមុស្ហរីគីនបានយកអ្នកផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈធ្វើជាព្រះ ដោយពួកគេសង្ឃឹមថា ពួកវានឹងអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះបាន។
Yâsin 36:75
ព្រះនានាដែលពួកគេយកពួកវាធ្វើជាម្ចាស់ទាំងនោះ ពួកវាមិនអាចជួយខ្លួនឯងឡើយ ហើយក៏មិនអាចជួយអ្នកដែលគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះបាននោះដែរ ហើយពួកគេ(ពួកមុស្ហរីគីន)រួមជាមួយនឹងរូបបដិមារបស់ពួកគេនោះ ពួកគេទាំងអស់គ្នានឹងត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម ដោយពួកគេម្នាក់ៗដោះសារយករួចខ្លួនតែរៀងៗខ្លួន។
Yâsin 36:76
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពាក្យសម្ដីរបស់ពួកគេដែលនិយាយថាៈ រូបអ្នកមិនមែនជាអ្នកនាំសារ ឬថា អ្នកជាកវីនិពន្ធ ឬអ្វីផ្សេងពីនេះដែលជាការចោទប្រកាន់របស់ពួកគេ(មកលើអ្នក)នោះធ្វើឲ្យអ្នកពិបាកចិត្តឲ្យសោះ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាងអំពីរឿងនោះ។ គ្មានអ្វីមួយដែលអាចលាក់បាំងពីយើងបានឡើយ ហើយយើងនឹងតបស្នងដល់ពួកគេទៅលើរឿងទាំងនោះ។
Yâsin 36:77
តើអ្នកដែលបដិសេធមិនជឿលើការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ មិនបានគិតពិចារណាទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតរូបគេអំពីទឹកកាម បន្ទាប់មក ពួកគេបានឆ្លងកាត់នូវដំណាក់កាលជាច្រើនរហូតដល់បានប្រសូត្រចេញមក និងបានទទួលការអប់រំ។ បន្ទាប់មក ពួកគេបែរជាក្លាយជាអ្នកដែលជជែកដេញដោលច្រើនទៅវិញ។ តើរូបគេមិនបានឃើញប្រការទាំងអស់នោះ រួចទាញយកវាធ្វើជាភស្តុតាងដែលបញ្ជាក់ទៅលើភាពដែលអាចកើតឡើងនៃការពង្រស់(ឲ្យរស់ឡើងវិញក្រោយពីស្លាប់)ទេឬ?
Yâsin 36:78
អ្នកប្រឆាំងរូបនេះបានភ្លេចភ្លាំងនិងល្ងង់ខ្លៅ ខណៈដែលគេបានយកឆ្អឹងដែលពុកផុយអស់នោះមកធ្វើជាភស្តុតាងបញ្ជាក់ពីភាពមិនអាចទៅរួចនៃការពង្រស់ឲ្យរស់ឡើងវិញ ដោយគេបាននិយាយថាៈ តើអ្នកណាដែលអាចឲ្យវាដូចដើមឡើងវិញបាននោះ? តែរូបគេបានភ្លេចថា រូបគេត្រូវបានគេបង្កើតពីភាពទទេ ដោយគ្មានអ្វីសោះពីមុនមកនោះ។
Yâsin 36:79
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់គេវិញថាៈ អ្នកដែលអាចឲ្យឆ្អឹងដែលពុកផុយនេះរស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ដូច្នេះ អ្នកដែលបានបង្កើតវាពីដំបូងបាន មិនមែនអសមត្ថភាពក្នុងការបង្កើតឲ្យវារស់ឡើងវិញសារជាថ្មីម្តងទៀតនោះឡើយ។ ហើយទ្រង់មហាដឹងបំផុតពីអ្វីដែលទ្រង់បានបង្កើតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Yâsin 36:80
ទ្រង់គឺជាអ្នកដែលបានបង្កើតភ្លើងចេញពីដើមឈើពណ៌បៃតងស្រស់សម្រាប់ពួកអ្នក(ឱមនុស្សលោក) ហើយពេលនោះ ពួកអ្នកបានបង្កាត់ភ្លើងអំពីដើមនោះ។ ដូច្នេះ អ្នកដែលអាចផ្តុំគ្នារវាងរបស់ពីរដែលផ្ទុយគ្នា(គឺរវាងដើមឈើស្រស់ពណ៌បៃតងដែលមានទឹកនៅក្នុងនោះ និងរវាងភ្លើងដែលឆាបឆេះនៅក្នុងដើមតែមួយ) ពិតជាអ្នកដែលមានសមត្ថភាពអាចឲ្យអ្នកស្លាប់រស់ឡើងវិញបាន។
Yâsin 36:81
តើអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេងនោះ ពុំមែនជាអ្នកដែលមានសមត្ថភាពអាចឲ្យអ្នកដែលស្លាប់ហើយនោះរស់ឡើងវិញទេឬ? ពិតមែនហើយ ទ្រង់ពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់ពួកគេឡើងវិញបាន។ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពក្នុងការបង្កើតដែលទ្រង់បានបង្កើតម៉ាខ្លូកទាំងអស់ ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Yâsin 36:82
តាមពិត បទបញ្ជារបស់អល់ឡោះ និងកិច្ចការរបស់ទ្រង់នោះ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យអ្វីមួយកើតមាននោះ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” នោះរបស់ដែលទ្រង់មានចេតនានោះ នឹងកើតឡើងភ្លាមមួយរំពេច។ ក៏ដូចគ្នាដែរ អ្វីដែលទ្រង់មានចេតនា ដូចជាការធ្វើឲ្យរស់ ការធ្វើឲ្យស្លាប់ ការធ្វើឲ្យរស់ឡើងវិញម្តងទៀតជាដើមនោះ(នឹងកើតឡើងភ្លាមមួយរំពេចនៅពេលដែលទ្រង់មានចេតនា)។
Yâsin 36:83
ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ចាកផុតពីការអសមត្ថភាពដែលពួកមុស្ហរីគីនបានចោទប្រកាន់ចំពោះទ្រង់។ ជាការពិតណាស់ អ្វីៗទាំងអស់គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដោយទ្រង់ចាត់ចែងវាតាមដែលទ្រង់មានចេតនា។ ហើយកូនសោរនៃអ្វីៗទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើរបស់ពួកអ្នកដែលបានសាង។
Saffat 37:1
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលរៀបជាជួរយ៉ាងត្រង់ស្មើនៅក្នុងការគោរពសក្ការៈរបស់ពួកគេ។
Saffat 37:2
ហើយទ្រង់ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលគ្រប់គ្រងពពក និងនាំវាទៅកាន់កន្លែងណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចុះវា(ជាទឹកភ្លៀង ឬព្រិល)។
Saffat 37:3
ហើយទ្រង់ស្បថនិងពួកម៉ាឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។
Saffat 37:4
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ នោះគឺអល់ឡោះជាម្ចាស់។
Saffat 37:5
ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាម្ចាស់នៃព្រះអាទិត្យដែលគ្រប់គ្រងកន្លែងដែលវារះឡើង និងកន្លែងដែលវាលិចទៅវិញ អំឡុងពេលពេញមួយឆ្នាំ។
Saffat 37:6
ពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃដែលនៅជិតផែនដីជាងគេ(មេឃជាន់ទីមួយ)នូវការតុបតែងយ៉ាងស្រស់ស្អាត នោះគឺ(តុបតែងដោយ)ដួងតារាជាច្រើនដែលមើលទៅប្រៀបដូចជាត្បូងពេជ្រដែលភ្លឺចែងចាំង។
Saffat 37:7
ហើយយើងបានការពារមេឃជាន់ក្រោម(មេឃជាន់ទីមួយ)ពីពពួកស្ហៃតនដែលបំពានដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះនោះដោយផ្កាយជាច្រើន ដោយពួកវាត្រូវបានផ្កាយទាំងនោះគប់។
Saffat 37:8
ពួកស្ហៃតនទាំងនោះមិនអាចស្តាប់ឮពួកម៉ាឡាអ៊ីកាត់ដែលនៅលើមេឃនោះនិយាយគ្នាឡើយ នៅពេលដែលម៉ាឡាអ៊ីកាត់និយាយគ្នាពីអ្វីដែលម្ចាស់របស់ពួកគេបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនៃក្បួនច្បាប់ និងការកំណត់ជោគវាសនាផ្សេងៗនោះ។ ហើយពួកស្ហៃតនទាំងនោះត្រូវបានគេគប់ដោយភ្លើងផ្កាយពីគ្រប់ទិសទីទាំងអស់។
Saffat 37:9
ដើម្បីបណ្តេញពួកវាឲ្យចេញឆ្ងាយកុំឲ្យស្តាប់ឮនូវអ្វីដែលពួកម៉ាឡាអ៊ីកាបានត់និយាយ។ ហើយនៅថ្ងៃបរលោក ពួកវានឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត និងជាអមតៈគ្មានទីបញ្ចប់ឡើយ។
Saffat 37:10
លើកលែងតែស្ហៃតនមួយចំនួនដែលបានលួចស្តាប់ប៉ុណ្ណោះ ដែលពួកវាអាចស្តាប់ឮពាក្យសម្តីមួយចំនួនដែលពួកម៉ាឡាអ៊ីកាត់បានជជែកគ្នានូវអ្វីដែលអ្នកនៅលើផែនដីមិនទាន់បានដឹង។ នៅពេលនោះ ភ្លើងផ្កាយក៏បានដេញតាមដុតពួកវា។ ហើយជួនកាល វា(ស្ហៃតន)បានបញ្ជូនពាក្យសម្តីដែលវាបានស្តាប់ឮពីពួកម៉ាឡាអ៊ីកាត់នោះទៅកាន់បងប្អូនរបស់វាមុនពេលដែលផ្កាយនោះបានឆេះវា រួចព័ត៌មាន(ដែលពួកវាបានស្តាប់ឮពីម៉ាឡាអ៊ីកាត់)នោះក៏បានទៅដល់គ្រូទាយ ហើយពួកគេ(គ្រូទាយ)ក៏បានយកទៅនិយាយកុហកបន្ថែមជាមួយពាក្យសម្តី(ដែលគេបានឮ)នោះរាប់រយ។
Saffat 37:11
ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះថាៈ តើពួកគេគឺជាម៉ាខ្លូកដែលខ្លាំងក្លា មានរាងកាយនិងអវយវៈមាំមួនជាងអ្វីដែលយើងបានបង្កើត ដូចជាមេឃជាច្រើនជាន់ ផែនដី និងពួកម៉ាឡាអ៊ីកាត់នោះឬ? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ(មនុស្សលោក)អំពីដីដែលស្អិតប៉ុណ្ណោះ។ ដូច្នេះ តើពួកគេបដិសេធនឹងការពង្រស់ឡើងវិញយ៉ាងដូចម្តេច ខណៈដែលពួកគេត្រូវបានបង្កើតពីម៉ាខ្លូកដែលទន់ខ្សោយ គឺអំពីដីដែលស្អិតសោះនោះ?
Saffat 37:12
ផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងរបស់ទ្រង់ចំពោះកិច្ចការនៃម៉ាខ្លូករបស់ទ្រង់ ហើយអ្នកក៏មានការងឿងឆ្ងល់ផងដែរចំពោះការបដិសេធ(មិនជឿ)របស់ពួកមុស្ហរីគីនចំពោះការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ខណៈដែលពួកមុស្ហរីគីនទាំងនោះ ពួកគេបានចំអកឡកឡឺយទៅលើអ្វីដែលអ្នកបាននិយាយអំពីរឿងនេះ ព្រោះតែការបដិសេធដ៏ខ្លាំងក្លារបស់ពួកគេចំពោះការពង្រស់ឡើងវិញ។
Saffat 37:13
ហើយនៅពេលដែលមានគេទូន្មានពួកមុស្ហរីគីនទាំងនោះនូវការទូន្មានណាមួយនោះ ពួកគេមិនទទួលយកការទូន្មាននោះឡើយ ហើយពួកគេក៏មិនទទួលបានផលអ្វី(ពីការទូន្មាននេះ)នោះដែរ ព្រោះតែចិត្តរឹងរូសរបស់ពួកគេ។
Saffat 37:14
ហើយនៅពេលដែលពួកគេបានឃើញសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ព្យាការីមូហាំម៉ាត់ដែលបញ្ជាក់ទៅលើសច្ចភាពរបស់គាត់នោះ គឺពួកគេនាំគ្នាចំអកមើលងាយ និងមានការងឿងឆ្ងល់ចំពោះវា ។
Saffat 37:15
ហើយពួកគេបាននិយាយថាៈ អ្វីដែលមូហាំម៉ាត់បាននាំមកនេះ គឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។
Saffat 37:16
នៅពេលដែលពួកយើងបានស្លាប់កើតទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឱ្យរស់រានមានជីវិតសាជាថ្មីម្តងទៀតបន្ទាប់ពីនោះឬ? ពិតប្រាកដណាស់ រឿងនេះមិនអាចទៅរួចឡើយ។
Saffat 37:17
តើជីដូនជីតារបស់ពួកយើងពីមុនៗដែលបានស្លាប់មុនពួកយើងនោះ នឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដែរឬ?
Saffat 37:18
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកនឹងត្រូវបានគេពង្រស់ឡើងវិញក្រោយពីពួកអ្នកបានក្លាយទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ហើយនោះ ហើយជីដូនជីតារបស់ពួកអ្នកពីមុនមក ក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដូចគ្នាដែរ។ ពួកអ្នកនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទាំងអស់គ្នា ខណៈដែលពួកអ្នក គឺជាពួកដែលថោកទាបបំផុត។
Saffat 37:19
ការពង្រស់ឲ្យរស់ឡើងវិញនោះ គឺគ្មានអ្វីក្រៅពីការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ជាការផ្លុំត្រែលើកទីពីរ) ខណៈនោះស្រាប់តែពួកគេទាំងអស់គ្នាសម្លឹងមើលទៅកាន់ស្ថានភាពដ៏រន្ធត់នៃថ្ងៃបរលោក ដើម្បីរង់ចាំមើលថា តើអល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើយ៉ាងដូចម្តេចចំពោះពួកគេ។
Saffat 37:20
ហើយពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយថាៈ ឱវិនាសអន្តរាយហើយពួកយើង! នេះគឺជាថ្ងៃតបស្នងដែលអល់ឡោះនឹងតបស្នងដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់ទៅលើទង្វើដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ។
Saffat 37:21
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយគឺជាថ្ងៃកាត់សេចក្តីរវាងខ្ញុំបម្រើរបស់អល់ឡោះដែលពួកអ្នកធ្លាប់បានបដិសេធ និងមិនជឿចំពោះវាកាលនៅលើលោកិយនោះ។
Saffat 37:22
ហើយមានគេពោលទៅកាន់ពួកម៉ាឡាអ៊ីកាត់នៅថ្ងៃនោះថាៈ ចូរពួកអ្នកប្រមូលពួកមុស្ហរីគីនដែលជាពួកបំពានតាមរយៈការប្រព្រឹត្តទង្វើស្ហ៊ីរិករបស់ពួកគេ និងពួកដែលដូចនឹងពួកគេក្នុងការធ្វើស្ហ៊ីរិក ហើយនិងពួកដែលគាំទ្រពួកគេក្នុងការបដិសេធ ព្រមទាំងរូបបដិមាទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះមក ហើយចូរណែនាំផ្លូវពួកគេទៅកាន់ឋាននរក និងចង្អុលបង្ហាញប្រាប់ពួកគេ ហើយនិងនាំពួកគេទៅកាន់ឋាននរកចុះ ពីព្រោះឋាននរកនោះហើយជាកន្លែងត្រឡប់របស់ពួកគេ។
Saffat 37:23
ហើយមានគេពោលទៅកាន់ពពួកម៉ាឡាអ៊ីកាត់នៅថ្ងៃនោះថាៈ ចូរពួកអ្នកប្រមូលពួកមុស្ហរីគីនដែលជាពួកបំពានដោយការប្រព្រឹត្តទង្វើស្ហ៊ីរិកចំពោះអល់ឡោះ និងពួកដែលដូចនឹងពួកគេក្នុងការធ្វើស្ហ៊ីរិក និងពួកដែលគាំទ្រពួកគេក្នុងការបដិសេធ ព្រមទាំងរូបបដិមានទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះចុះ។ ហើយចូរណែនាំផ្លូវពួកគេទៅកាន់ឋាននរក ហើយចង្អុលបង្ហាញប្រាប់ពួកគេ និងនាំពួកគេទៅកាន់ឋាននរកចុះ ពីព្រោះឋាននរកនោះហើយជាកន្លែងត្រឡប់របស់ពួកគេ។
Saffat 37:24
ហើយចូរឃាត់ខ្លួនពួកគេដើម្បីជំនុំជម្រះសិនមុននឹងបញ្ចូលពួកគេទៅក្នុងឋាននរក ព្រោះពួកគេនឹងត្រូវបានសួរចម្លើយ។ បន្ទាប់ពីនោះមក ចូរនាំពួកគេទៅកាន់ឋាននរកចុះ។
Saffat 37:25
ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នាទៅវិញទៅមកដូចដែលពួកអ្នកធ្លាប់បានជួយគ្នាកាលនៅលើលោកិយ ហើយពួកអ្នកធ្លាប់បានអះអាងទៀតថា ជាការពិតណាស់ រូបបដិមារបស់ពួកអ្នកអាចជួយពួកអ្នកបាននោះ?
Saffat 37:26
ផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះ ពួកគេជាអ្នកដែលគោរពតាមបទបញ្ជារបស់អល់ឡោះក្នុងលក្ខណៈទាបថោកបំផុត។ ពួកគេមិនអាចជួយគ្នាបានឡើយ ព្រោះតែការអសមត្ថភាពរបស់ពួកគេ និងភាពទន់ខ្សោយរបស់ពួកគេ។
Saffat 37:27
ហើយពួកគេបានបែរសំដៅទៅរកគ្នាដោយស្តីបន្ទោសគ្នាទៅវិញទៅមក និងឈ្លោះប្រកែកគ្នា ខណៈដែលការស្តីបន្ទោសគ្នា និងការឈ្លោះប្រកែកគ្នានោះលែងមានប្រយោជន៍ទៅហើយ។
Saffat 37:28
ពួកដែលដើរតាមគេ បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកអ្នក(ឱមេដឹកនាំរបស់ពួកយើង)បានបោកប្រាស់ពួកយើងដោយនាំមកនូវសាសនាដែលមិនពិត ប៉ុន្តែពួកអ្នកបានតុបតែងលម្អមកចំពោះពួកយើងនូវការប្រឆាំងនិងការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងការប្រព្រឹត្តល្មើស ហើយពួកអ្នកបានធ្វើឲ្យពួកយើងងាកចេញពីការពិតដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមកពីអល់ឡោះ។
Saffat 37:29
ពួកមេដឹកនាំទាំងនោះបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេវិញថាៈ រឿងនោះមិនដូចអ្វីដែលពួកអ្នកបានអះអាងនោះទេ។ ផ្ទុយទៅវិញ ពួកអ្នកទេដែលស្ថិតនៅលើការប្រឆាំង ដោយពួកអ្នកមិនបានមានជំនឿឡើយ។ ផ្ទុយទៅវិញ ពួកអ្នក គឺជាពួកដែលបដិសេធ(ចំពោះការពិត)។
Saffat 37:30
ហើយពួកយើងក៏មិនបានប្រើអំណាចគាបសង្កត់ បង្ខិតបង្ខំពួកអ្នក រហូតធ្វើឲ្យពួកអ្នកធ្លាក់ទៅក្នុងការប្រឆាំង ការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសនោះដែរ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលបំពានព្រំដែនក្នុងការប្រឆាំងនិងវង្វេង។
Saffat 37:31
ជាការពិតណាស់ ការព្រមានដាក់ទណ្ឌកម្មរបស់អល់ឡោះចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង និងចំពោះពួកអ្នក ដែលការព្រមាននោះ មាននៅក្នុងវាក្យខណ្ឌ ៖
﴿لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّنْ تَبِعَكَ مِنْهُمْ أَجْمَعِينَ ﴾
“យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នកឯង(ស្ហៃតន) និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោមពួកគេ”។ (ជំពូក សទ វាក្យខណ្ឌទី៨៥)។ ដូច្នេះ ប្រាកដណាស់ ពួកយើងនឹងត្រូវភ្លក់នូវអ្វីដែលម្ចាស់របស់ពួកយើងបានព្រមានចំពោះពួកយើង(ដោយគេចមិនផុតឡើយ)។
Saffat 37:32
ហើយពួកយើងបានអំពាវនាវពួកអ្នកទៅរកភាពវង្វេង និងការប្រឆាំង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញ។
Saffat 37:33
ពិតប្រាកដណាស់ ពួកដែលដើរតាមគេ ហើយនិងពួកមេដឹកនាំ នឹងត្រូវទទួលទណ្ឌកម្មរួមជាមួយគ្នាទាំងអស់នៅថ្ងៃបរលោក។
Saffat 37:34
ពិតប្រាកដណាស់ ដូចដែលយើងបានធ្វើចំពោះពួកទាំងនោះដោយឲ្យពួកគេភ្លក្សនូវទណ្ឌកម្មនោះដែរ យើងក៏នឹងធ្វើដូច្នោះចំពោះពួកដែលបំពានផ្សេងទៀតដែរ។
Saffat 37:35
ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះ កាលនៅលើលោកិយ នៅពេលណាដែលមានគេនិយាយទៅកាន់ពួកគេថាៈ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ដើម្បីអនុវត្តន៍ទៅតាមការគោលបំណងរបស់ពាក្យនេះ ហើយនិងបោះបង់នូវអ្វីដែលផ្ទុយពីវានោះ គឺពួកគេបដិសេធមិនព្រមទទួលយកឡើយ ថែមទាំងក្រអឺតក្រទមនិងតម្កើងខ្លួនមិនទទួលយកការពិតទៀតផង។
Saffat 37:36
ហើយពួកគេបាននិយាយដោយប្រើអំណះអំណាងគាំទ្រការប្រឆាំងរបស់ពួកគេថាៈ តើពួកយើងត្រូវបោះបង់ការគោរពសក្ការៈចំពោះព្រះទាំងឡាយរបស់ពួកយើងទៅតាមសម្តីរបស់កវីនិពន្ធម្នាក់ដែលជាមនុស្សវិកលចរិតនោះឬ? ដោយពួកចង់សំដៅលើអ្នកនាំសាររបស់អល់ឡោះ(គឺព្យាការីមូហាំម៉ាត់)
Saffat 37:37
ពិតប្រាកដណាស់ ពួកគេបានប្រឌិតនូវពាក្យកុហកដ៏ធំធេងបំផុត។ ពិតណាស់ អ្នកនាំសាររបស់អល់ឡោះពុំមែនជាមនុស្សវិកលចរិតឡើយ ហើយក៏មិនមែនជាកវីនិពន្ធអ្វីនោះដែរ ផ្ទុយទៅវិញ គាត់បាននាំមកនូវគម្ពីរគួរអានដែលអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងដើរតាមអ្នកនាំសាររបស់ទ្រង់ ហើយនិងបញ្ជាក់ទៅលើបណ្តាអ្នកនាំសារ(ជំនាន់មុនៗ)ចំពោះអ្វីដែលពួកគេបាននាំមកពីអល់ឡោះ ដូចជាការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងទទួលស្គាល់ថ្ងៃបរលោក(ថាវានឹងកើតឡើងយ៉ាងពិតប្រាកដ) ហើយគាត់ក៏មិនធ្វើអ្វីខុសពីពួកគេ(បណ្តាអ្នកនាំសារ)នូវអ្វីមួយនោះដែរ។
Saffat 37:38
ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវភ្លក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក ព្រោះតែការប្រឆាំង និងការបដិសេធរបស់ពួកអ្នក(មិនជឿ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយ។
Saffat 37:39
ហើយពួកអ្នក(នែពួកមុស្ហរីគីន)មិនត្រូវបានគេតបស្នងអ្វីក្រៅពីទង្វើដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយនៃការប្រឆាំងចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសនោះឡើយ។
Saffat 37:40
ក៏ប៉ុន្តែ បណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកមានជំនឿដែលអល់ឡោះបានធ្វើឲ្យធ្វើឲ្យពួកគេមានភាពបរិសុទ្ធដើម្បីគោរពសក្ការៈទៅចំពោះទ្រង់ ហើយពួកគេក៏បានគោរពសក្ការៈចំពោះទ្រង់ដោយភាពស្មោះសនោះ ពួកគេគឺជាអ្នកដែលនឹងត្រូវរួចផុតពីទណ្ឌកម្មនេះ។
Saffat 37:41
បណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលមានចិត្តស្មោះសទាំងនោះ ពួកគេនឹងទទួលបានលាភសក្ការៈដែលអល់ឡោះប្រទានវាដល់ពួកគេ ដែលគេដឹងថា វាជាលាភសក្ការៈដែលល្អ ស្អាត និងមានជានិរន្តន៍(មិនបាត់បង់)។
Saffat 37:42
ហើយក្នុងចំណោមលាភសក្ការៈនេះដែរ ពិតប្រាកដណាស់ពួកគេនឹងត្រូវបានគេប្រទាននូវផ្លែឈើដែលល្អបំផុតដែលពួកគេប្រាថ្នា។ លើសពីនេះទៅទៀត ពួកគេគឺជាអ្នកដែលត្រូវបានគេលើកតម្កើង តាមរយៈការលើកឋានៈរបស់ពួកគេ និងតាមរយៈការបានមើលទៅកាន់ព្រះភ័ក្ររបស់អល់ឡោះជាម្ចាស់។
Saffat 37:43
របស់ទាំងអស់នេះ គឺពួកគេនឹងទទួលបានវានៅក្នុងឋានសួគ៌ណាអ៊ីមដែលឧបការគុណរបស់វាមានជាប់រហូត គ្មានការកាត់ផ្តាច់ ហើយក៏មិនមានការបាត់បង់ដែរ។
Saffat 37:44
ពួកគេផ្អែកខ្លួននៅលើគ្រែដោយបែរមុខរកគ្នាទៅវិញទៅមក។
Saffat 37:45
ហើយមានកែវស្រាជាច្រើនដែលនៅជុំវិញពួកគេ ដែលភាពថ្លារបស់វា ប្រៀបដូចទឹកដែលហូរ។
Saffat 37:46
វាមានពណ៌សដែលមានរសជាតិឆ្ងាញ់បំផុតសម្រាប់អ្នកដែលបានទទួលទាន។
Saffat 37:47
វាមិនដូចស្រានៅក្នុងលោកិយឡើយ ព្រោះនៅក្នុងសា្រនោះ មិនមានសារជាតិស្រវឹងដែលធ្វើឲ្យបាត់បង់សតិបញ្ញានោះទេ ហើយក៏មិនធ្វើឲ្យអ្នកដែលផឹកវាឈឺក្បាលនោះដែរ។ វាផ្តល់សុវត្ថិភាពដល់អ្នកដែលផឹកវា ដោយវាមិនប៉ះពាល់សុខភាពរាងកាយ និងប្រាជ្ញាឡើយ។
Saffat 37:48
ហើយនៅក្នុងឋានសួគ៌នោះដែរ ពួកគេនឹងទទួលបានស្ត្រីដែលល្អបរិសុទ្ធដែលកែវភ្នែករបស់ពួកនាងមិនសម្លឹងមើលទៅកាន់អ្វីផ្សេងក្រៅពីស្វាមីរបស់ពួកនាងឡើយ ហើយពួកនាងមានកែវភ្នែកស្រស់ស្អាត។
Saffat 37:49
សម្បុរសរបស់ពួកនាង ប្រៀបដូចជាពងសត្វដែលត្រូវបានគេថែរក្សាយ៉ាងល្អ មិនមាននរណាប៉ះពាល់ដូច្នោះដែរ។
Saffat 37:50
ហើយអ្នកនៅក្នុងឋានសួគ៌បានបែរសំដៅទៅកាន់គ្នា ហើយសួរគ្នាទៅវិញទៅមកពីអតីតកាលរបស់ពួកគេ ហើយនិងអ្វីដែលបានកើតឡើងចំពោះពួកគេកាលនៅក្នុងលោកិយ។
Saffat 37:51
ម្នាក់ក្នុងចំណោមបណ្តាអ្នកមានជំនឿទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្តម្នាក់កាលនៅលើលោកិយ ដែលរូបគេបានបដិសេធ(មិនជឿ)ចំពោះការពង្រស់ឡើងវិញ។
Saffat 37:52
គេបាននិយាយមកកាន់ខ្ញុំក្នុងលក្ខណៈបដិសេធ(មិនជឿ) និងសើចចំអកថាៈ (ឱសម្លាញ់!) តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់លើការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញឬ?
Saffat 37:53
នៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងក៏ត្រូវបានពុកផុយអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ ហើយទទួលការតបស្នងទៅលើទង្វើរបស់ពួកយើងដែលពួកយើងបានសាងនៅលើលោកិយឬ?
Saffat 37:54
មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បាននិយាយទៅកាន់មិត្តភក្តិរបស់គេដែលជាអ្នកឋានសួគ៌ថាៈ សូមពួកអ្នករកមើលគេជាមួយខ្ញុំដើម្បីឲ្យពួកយើងបានឃើញកន្លែងវិលត្រឡប់របស់មិត្តភក្តិ(របស់ខ្ញុំ)ដែលគេបានបដិសេធនឹងការពង្រស់ឡើងវិញម្នាក់នោះ។
Saffat 37:55
នៅពេលនោះ គេក៏បានរកមើល ហើយក៏បានឃើញមិត្តភក្តិរបស់គេនោះស្ថិតនៅកណ្តាលនរកជើហ៊ីម។
Saffat 37:56
គេក៏និយាយថាៈ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំដោយត្រូវចូលឋាននរក(ជាមួយអ្នក)ទៅហើយ ដោយសារតែការអំពាវនាវរបស់អ្នកមកចំពោះខ្ញុំឲ្យប្រឆាំង និងបដិសេធនឹងការពង្រស់ឡើងវិញ។
Saffat 37:57
ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកចំពោះខ្ញុំដោយចង្អុលបង្ហាញខ្ញុំទៅកាន់ការមានជំនឿចំពោះទ្រង់ទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវទទួលទណ្ឌកម្មដូចអ្នកដែរជាមិនខានហើយ។
Saffat 37:58
ពិតប្រាកដណាស់ពួកយើង(បណ្តាអ្នកចូលឋានសួគ៌) នឹងមិនស្លាប់ទៀតឡើយ
Saffat 37:59
លើកលែងការស្លាប់លើកទីមួយដែលពួកយើងបានស្លាប់នៅលើលោកិយនោះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងនឹងស្ថិតនៅជាអមតៈក្នុងឋានសួគ៌ ហើយពួកយើងមិនត្រូវបានគេដាក់ទណ្ឌកម្មដូចពួកប្រឆាំងដែលត្រូវបានគេដាក់ទណ្ឌកម្មនោះឡើយ។
Saffat 37:60
ពិតប្រាកដណាស់ អ្វីដែលម្ចាស់របស់ពួកយើងបានតបស្នងដល់ពួកយើង(ដូចជាការបានចូលឋានសួគ៌ ការស្ថិតនៅក្នុងឋានសួគ៌ជាជាអមតៈ និងការមានសុវត្ថិភាពរួចផុតពីភ្លើងនរក) គឺពិតជាជោគជ័យដ៏ធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Saffat 37:61
ដើម្បីទទួលបានការតបស្នងដ៏ធំធេងនេះ ចាំបាច់លើអ្នកដែលសាងអំពើល្អ ត្រូវតែខិតខំសាងនូវអំពើល្អ(ឲ្យបានច្រើន) ព្រោះវាជាការជួញដូរដែលមានផលចំណេញបំផុត។
Saffat 37:62
តើឧបការគុណដែលបានរៀបរាប់ខាងលើដែលអល់ឡោះបានរៀបចំវាសម្រាប់បណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលទ្រង់បានឲ្យពួកគេមានភាពបរិសុទ្ធសម្រាប់គោរពប្រតិបត្តិទ្រង់នោះ ល្អប្រសើរនិងមានឋានៈខ្ពង់ខ្ពស់ជាង ឬក៏ដើមហ្សឹកគូមដែលត្រូវបានគេដាក់បណ្តាសានៅក្នុងគម្ពីរគួរអានដែលជាអាហាររបស់ពួកប្រឆាំង ដែលវាមិនអាចធ្វើឲ្យគេធំធាត់ ហើយក៏មិនអាចធ្វើឲ្យបាត់ឃ្លានដែរនោះល្អជាង?
Saffat 37:63
ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាទណ្ឌកម្មសម្រាប់ពួកដែលបំពាន ដោយការប្រឆាំងនិងការប្រព្រឹត្តល្មើស ដោយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ភ្លើងឆេះដើមឈើ ដូច្នេះ វាមិនអាចមានដំណាំអ្វីដុះនៅក្នុងឋាននរកបានឡើយ។
Saffat 37:64
ជាការពិតណាស់ ដើមហ្សឹកគូម គឺជាដើមឈើដែលដុះចេញពីកន្លែងដ៏អាក្រក់បំផុត ដោយវាជាដើមឈើដែលដុះចេញពីបាតនរកជើហ៊ីម។
Saffat 37:65
ផ្លែរបស់វា គឺមានរូបរាងអាក្រក់មើលបំផុត ប្រៀបដូចជាក្បាលពួកស្ហៃតន ហើយរូបរាងដ៏អាក្រក់មើលរបស់វា គឺជាភស្តុតាងបញ្ជាក់ទៅលើរសជាតិដ៏អាក្រក់របស់វា ពោលគឺបានន័យថា ផ្លែរបស់វា មានរសជាតិអាក្រក់។
Saffat 37:66
ពិតប្រាកដណាស់ ពួកប្រឆាំងពិតជានឹងទទួលទានផ្លែរបស់វាដែលល្វីងនិងអាក្រក់នោះ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែ(ហ្សឹកគូម)នោះ។
Saffat 37:67
បន្ទាប់មក ក្រោយពីពួកគេបានទទួលទានផ្លែ(ហ្សឹកគូម)នោះរួចហើយ ពួកគេនឹងបានផឹកទឹកដ៏អាក្រក់ ហើយក្តៅបំផុត។
Saffat 37:68
ក្រោយពីនោះមក ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ទណ្ឌកម្មនៃនរកដែលឆាបឆេះ។ ជាការពិតណាស់ ពួកគេត្រូវផ្លាស់ប្តូរពីទណ្ឌកម្មមួយទៅកាន់ទណ្ឌកម្មមួយផ្សេងទៀត។
Saffat 37:69
ពិតប្រាកដណាស់ ពួកប្រឆាំងទាំងនោះ ពួកគេបានឃើញជីដូនជីតារបស់ពួកគេដែលវង្វេងពីមាគ៌ានៃការចង្អុលបង្ហាញ។ ដូច្នេះ ពួកគេក៏បានធ្វើតាមជីដូនជីតារបស់ពួកគេទាំងងងឹតងងុល គ្មានទីសំអាងអ្វីឡើយ។
Saffat 37:70
បន្ទាប់មក ពួកគេបានធ្វើតាមលំអានរបស់ជីដូនជីតាពួកគេដែលស្ថិតក្នុងភាពវង្វេងនោះយ៉ាងឆាប់រហ័ស។
Saffat 37:71
ហើយជាការពិតណាស់ ពួកអ្នកជំនាន់មុនពួកគេភាគច្រើនបានវង្វេង។ ដូចនេះ ក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាប្រជាជាតិដំបូងគេដែលវង្វេងនោះទេ។
Saffat 37:72
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិជំនាន់មុនៗដើម្បីព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ តែពួកគេបែរជាប្រឆាំង។
Saffat 37:73
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ក្រុមជាច្រើនដែលបណ្តាអ្នកនាំសាររបស់ពួកគេបានដាស់តឿនព្រមានពួកគេ តែពួកគេមិនទទួលយកនូវការដាស់តឿនព្រមាននោះយ៉ាងដូចម្តេច? ជាការពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺការចូលឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយសារតែការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ពួកគេ។
Saffat 37:74
លើកលែងតែអ្នកដែលអល់ឡោះបានធ្វើឲ្យពួកគេមានភាពបរិសុទ្ធក្នុងការមានជំនឿចំពោះទ្រង់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបានរួចផុតពីទណ្ឌកម្មដែលជាលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនិងប្រឆាំងនោះ។
Saffat 37:75
ហើយជាការពិតណាស់ ព្យាការីរបស់យើង គឺព្យាការីនួហបានបួងសួងសុំមកចំពោះយើង ខណៈដែលគេបានបួងសួងមកកាន់យើងឲ្យកម្ចាត់ក្រុមរបស់គេដែលបានបដិសេធចំពោះគេ ហើយយើងពិតជាអ្នកដែលទទួលយកនូវការបួងសួងបំផុត។ ពិតប្រាកដណាស់ យើងបានឆ្លើយតបចំពោះការបួងសួងរបស់គេ(ព្យការីនួហ)យ៉ាងឆាប់រហ័ស។
Saffat 37:76
ហើយពិតប្រាកដណាស់ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) ក្រុមគ្រួសាររបស់គេ និងបណ្តាអ្នកមានជំនឿជាមួយគេឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់គេ និងពីការលិចលង់ក្នុងទឹកជំនន់ដ៏ធំដែលត្រូវបានបញ្ជូនទៅលើពួកប្រឆាំងនៃក្រុមរបស់គេ។
Saffat 37:77
ហើយយើងបានសង្គ្រោះតែក្រុមគ្រួសាររបស់គេ(ព្យាការីនួហ) និងបណ្តាអ្នកមានជំនឿដែលដើរតាមគេប៉ុណ្ណោះ ហើយយើងបានពន្លិចអ្នកដទៃទៀតនៃក្រុមរបស់គេដែលជាពួកប្រឆាំង(ក្នុងទឹកជំនន់)។
Saffat 37:78
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អរបស់គេដល់ប្រជាជាតិជំនាន់ក្រោយដែលបានកោតសរសើរទៅលើគេ។
Saffat 37:79
សូមសន្តិភាព និងសុវត្ថិភាពកើតមានដល់ព្យាការីនួហពីការចោទប្រកាន់ដែលមិនល្អរបស់ប្រជាជាតិជំនាន់ក្រោយទៅលើរូបគេ។ ផ្ទុយទៅវិញ វានឹងបន្សល់ទុកឲ្យគេនូវការកោតសរសើរ និងកេរ្តិ៍ឈ្មោះដ៏ល្អ។
Saffat 37:80
ពិតប្រាកដណាស់ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះព្យាការីនួហនេះដែរ យើងនឹងប្រទាននូវការតបស្នងដល់អ្នកដែលសាងអំពើល្អ តាមរយៈការដែលពួកគេគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
Saffat 37:81
ជាការពិតណាស់ ព្យាការីនួហ គឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដែលគោរពប្រតិបត្តិចំពោះអល់ឡោះ។
Saffat 37:82
បន្ទាប់មក យើងបានពន្លិចអ្នកដែលសេសសល់ដោយទឹកជំនន់ដែលយើងបានបញ្ជូនវាទៅលើពួកគេ។ ដូច្នេះ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលនៅសេសសល់(រស់រានមានជីវិត)នោះឡើយ។
Saffat 37:83
ហើយពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺស្ថិតក្នុងចំណោមអ្នកដែលកាន់តាមសាសនារបស់គេ(ព្យាការីនួហ)ដែលពួកគេស្ថិតនៅលើមាគ៌ាតែមួយ ដោយអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
Saffat 37:84
ហើយចូរចងចាំ នៅពេលដែលគេ(ព្យាការីអ៊ីព្រហ៊ីម)បានមកជួបម្ចាស់របស់គេដោយចិត្តស្អាតស្អំចាកផុតពីប្រការស្ហ៊ីរិក ជាអ្នកដាស់តឿនម្នាក់របស់អល់ឡោះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។
Saffat 37:85
នៅពេលដែលគេបាននិយាយទៅកាន់ឪពុករបស់គេ និងក្រុមរបស់គេដែលជាពួកមុស្ហរីគីនដោយស្តីបន្ទោសទៅកាន់ពួកគេថាៈ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះនោះ?
Saffat 37:86
តើព្រះក្លែងក្លាយទាំងនេះឬដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះជាម្ចាស់នោះ?
Saffat 37:87
តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គិតដូចម្តេចចំពោះម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់នៅពេលដែលពួកអ្នកទៅជួបទ្រង់ ខណៈដែលពួកអ្នកកំពុងគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីទ្រង់នោះ? តើពួកអ្នកយល់ថា ទ្រង់នឹងធ្វើយ៉ាងណាចំពោះអ្នក?
Saffat 37:88
ហើយព្យាការីអ៊ីព្រហ៊ីមបានសម្លឹងមើលទៅកាន់ហ្វូងផ្កាយមួយស្របក់ ដោយគាត់រិះរកឧបាលកលដើម្បីអាចដកខ្លួនចេញពីក្រុមរបស់គាត់បាន។
Saffat 37:89
ហើយគាត់ក៏បាននិយាយដោះសារដើម្បីមិនចេញទៅចូលរួមជាមួយក្រុមរបស់គាត់ក្នុងពិធីបុណ្យរបស់ពួកគេថាៈ ជាការពិតណាស់ ខ្ញុំមានជំងឺ(មិនអាចទៅចូលរួមបានទេ)។
Saffat 37:90
ដូច្នេះ ពួកគេក៏ទុកគាត់ចោល ហើយពួកគេក៏នាំគ្នាចាកចេញទៅ។
Saffat 37:91
ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)ក៏បានងាកទៅរកព្រះទាំងឡាយរបស់ពួកគេដែលពួកគេគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះនោះ ហើយបាននិយាយចំអកឡកឡឺយទៅលើព្រះទាំងឡាយរបស់ពួកគេថាៈ តើពួកឯងមិនបរិភោគអាហារដែលពួកមុស្ហរីគីនទាំងនោះយកមកសែនឲ្យពួកឯងទេឬ?
Saffat 37:92
ហេតុអ្វីបានជាពួកឯងមិនព្រមនិយាយ និងមិនព្រមឆ្លើយតបទៅកាន់អ្នកដែលសួរពួកឯង? តើព្រះបែបនេះឬដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះនោះ?
Saffat 37:93
ហើយព្យាការីអ៊ីព្រហ៊ីមក៏បានដើរទៅជិតពួកវា ហើយវាយបំបែកវានឹងដៃស្តាំរបស់គាត់។
Saffat 37:94
ហើយពួកដែលគោរពសក្ការៈចំពោះរូបបដិមាទាំងនោះក៏បានដើរសំដៅមកកាន់គាត់យ៉ាងលឿន។
Saffat 37:95
ហើយព្យាការីអ៊ីព្រហ៊ីមក៏បានជួបជាមួយពួកគេដោយភាពជឿជាក់ ហើយបាននិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសពួកគេថាៈ តើពួកអ្នកនាំគ្នាគោរពសក្ការៈទៅកាន់ព្រះផ្សេងក្រៅពីអល់ឡោះ ដែលពួកអ្នកជាអ្នកឆ្លាក់វាដោយផ្ទាល់ដៃរបស់ពួកអ្នកនោះឬ
Saffat 37:96
ខណៈដែលអល់ឡោះជាម្ចាស់គឺជាអ្នកដែលបានបង្កើតពួកអ្នកអ្នក និងបានបង្កើតការងារឲ្យពួកអ្នកធ្វើ ហើយក្នុងចំណោមការងាររបស់ពួកអ្នកនោះ គឺ(ការឆ្លាក់)រូបបដិមាទាំងនេះ។ ដូច្នេះ អល់ឡោះជាម្ចាស់ទៅវិញទេទើបជាព្រះដែលសក្តិសមឲ្យគេគោរពសក្ការៈតែមួយគត់ ហើយមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ។
Saffat 37:97
នៅពេលដែលពួកគេអសមត្ថភាពតទល់ជាមួយគាត់ដោយប្រើអំណះអំណាងនោះ ពួកគេក៏ងាកទៅកាន់ការប្រើអំណាច(កម្លាំងបាយ)វិញម្តង។ នៅពេលនោះ ពួកគេក៏បានពិភាក្សាគ្នា ថាតើត្រូវធ្វើដូចម្តេចចំពោះព្យាការីអ៊ីព្រហ៊ីម។ ពួកគេបាននិយាយថាៈ ចូរពួកអ្នកសង់សំណង់មួយសម្រាប់គេ ហើយដាក់អុសឲ្យពេញក្នុងនោះ។ រួចមក ចូរពួកអ្នកដុតភ្លើង រួចហើយ ចូរបោះគេចូលទៅក្នុងភ្លើងនោះ។
Saffat 37:98
ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមមានបំណងអាក្រក់ចំពោះព្យាការីអ៊ីព្រហ៊ីម ដោយពួកគេចង់បំផ្លាញគាត់ដើម្បីឲ្យពួកគេបានសម្រាកអំពីការអុកឡុករបស់គាត់ តែយើងបានធ្វើឲ្យពួកគេបរាជ័យ ខណៈដែលយើងបានធ្វើឲ្យភ្លើងនោះក្លាយជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់ព្យាការីអ៊ីព្រហ៊ីម។
Saffat 37:99
ហើយព្យាការីអ៊ីព្រហ៊ីមបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងភៀសខ្លួនទៅកាន់ម្ចាស់របស់ខ្ញុំដោយបោះបង់ចោលស្រុកទេសនិងក្រុមរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចគោរពសក្ការៈទៅចំពោះទ្រង់បាន។ ម្ចាស់របស់ខ្ញុំទ្រង់នឹងចង្អុលបង្ហាញខ្ញុំទៅកាន់អ្វីដែលល្អប្រសើសម្រាប់ខ្ញុំ ទាំងក្នុងលោកិយ និងថ្ងៃបរលោក។
Saffat 37:100
ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាប្រទានកូនប្រុសដ៏កតញ្ញូម្នាក់ឲ្យខ្ញុំផង ដើម្បីឲ្យគេក្លាយជាជំនួយការ និងជាការជំនួសឲ្យក្រុមរបស់ខ្ញុំដែលខ្ញុំបានចាកចេញពីពួកគេនោះផង។
Saffat 37:101
ដូច្នេះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានប្រាប់នូវដំណឹងរីករាយមួយដល់គេ ដោយយើងនឹងប្រទានកូនប្រុសម្នាក់ដែលនឹងធំឡើង ហើយគេក្លាយទៅជាអ្នកដែលអត់ធ្មត់។ កូនប្រុសម្នាក់នោះ គឺព្យាការីអ៊ីស្មាអែល។
Saffat 37:102
នៅពេលដែលព្យាការីអ៊ីស្មាអែលធំពេញវ័យ ហើយអាចរត់តាមឪពុករបស់គេទាន់ហើយនោះ ឪពុករបស់គេ គឺព្យាការីអ៊ីព្រហ៊ីម បានយល់សុបិន្តមួយ ហើយការយល់សុបិន្តរបស់បណ្តាព្យាការីទាំងឡាយ គឺជាវ៉ាហ៊ី(សារពីអល់ឡោះ)។ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយប្រាប់កូនរបស់គាត់ពីខ្លឹមសារនៃសុបិន្តនោះថាៈ ឱកូនសម្លាញ់! ជាការពិតណាស់ ឪពុកបានឃើញក្នុងសុបិន្តថា ពុកពិតជាត្រូវសម្លេះកូន។ ដូច្នេះ សូមកូនគិតមើលមើល៍ តើកូនយល់យ៉ាងណាដែរចំពោះរឿងនេះ? ពេលនោះ ព្យាការីអ៊ីស្មាអែលក៏បានតបទៅកាន់ឪពុករបស់ខ្លួនវិញថាៈ ឱលោកឪពុករបស់ខ្ញុំជាទីស្រឡាញ់របស់កូន! សូមលោកឪពុកធ្វើចុះទៅតាមបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើពុកឲ្យសម្លេះកូននោះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកពិតជានឹងបានឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ និងជាអ្នកដែលពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាមិនខាន។
Saffat 37:103
ហើយនៅពេលដែលគេទាំងពីរទទួលធ្វើតាមបទបញ្ជារបស់អល់ឡោះហើយនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានដាក់កូនរបស់គាត់ដេកផ្កាប់មុខទៅនឹងដីដើម្បីអនុវត្តន៍ទៅតាមបទបញ្ជារបស់ទ្រង់ដែលបានប្រើគាត់ឲ្យសម្លេះព្យាការីអ៊ីស្មាអែលនោះ។
Saffat 37:104
ពេលនោះ យើងបានហៅព្យាការីអ៊ីព្រហ៊ីមខណៈពេលដែលគេប្រុងនឹងអនុវត្តន៍នូវបទបញ្ជារបស់អល់ឡោះដែលប្រើឲ្យសម្លេះកូនរបស់គេនោះថាៈ ឱអ៊ីព្រហ៊ីម!
Saffat 37:105
ពិតប្រាកណាស់ អ្នកពិតជាបានបំពេញតាមសុបិន្តរបស់អ្នកដែលបានសុបិន្តឃើញក្នុងដំណេករបស់អ្នក ដោយការប្តេជ្ញាចិត្តរបស់អ្នកលើការសម្លេះកូនប្រុសរបស់អ្នក។ ពិតប្រាកដណាស់ (ដូចដែលយើងតបស្នងដល់អ្នកដោយឲ្យអ្នករួចផុតពីការសាកល្បងដ៏ធំធេងនេះដូច្នេះដែរ) យើងនឹងតបស្នងដល់បណ្តាអ្នកដែលធ្វើអំពើល្អ ដោយយើងនឹងឲ្យពួកគេរួចផុតពីការសាកល្បង និងភាពតានតឹងទាំងឡាយដូចគ្នាដែរ។
Saffat 37:106
ពិតប្រាកដណាស់ រឿងនេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់ ហើយពិតណាស់ព្យាការីអ៊ីព្រហ៊ីមបានទទួលជោគជ័យចំពោះការសាកល្បងនេះ។
Saffat 37:107
ហើយយើង(អល់ឡោះ)ក៏បានលោះព្យាការីអ៊ីស្មាអែលជាមួយសត្វចៀមដ៏ធំមួយជំនួសឲ្យការសម្លេះអ៊ីស្មាអែលនោះវិញ។
Saffat 37:108
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ព្យាការីអ៊ីព្រហ៊ីមដល់ប្រជាជាតិជំនាន់ក្រោយ។
Saffat 37:109
សូមឲ្យការស្វាគមន៍ពីអល់ឡោះកើតមានដល់ព្យាការីអ៊ីព្រហ៊ីម និងសូមសុខសន្តិភាពកើតមានដល់គាត់អំពីប្រការគ្រោះថ្នាក់ និងប្រការអាក្រក់ទាំងឡាយ។
Saffat 37:110
ដូចដែលយើងបានតបស្នងដល់ព្យការីអ៊ីព្រហ៊ីមនូវការតបស្នងបែបនេះចំពោះការគោរពប្រតិបត្តិរបស់គេនោះដែរ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងទង្វើកុសលទាំងឡាយដូចគ្នាដែរ។
Saffat 37:111
ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿដែលគោរពសក្ការៈទៅចំពោះអល់ឡោះទៅតាមបទបញ្ជាដែលទ្រង់បានបង្គាប់ប្រើ។
Saffat 37:112
ហើយយើងបានប្រទានដំណឹងរីករាយមួយទៀតដល់ព្យាការីអ៊ីព្រហ៊ីម ដោយគេនឹងមានកូនប្រុសម្នាក់ទៀតដែលនឹងក្លាយជាព្យាការី និងជាខ្ញុំបម្រើដ៏ល្អម្នាក់ នោះគឺព្យាការីអ៊ីស្ហាក ជាការតបស្នងទៅលើការគោរពប្រតិបត្តិរបស់គេចំពោះអល់ឡោះលើការសម្លេះព្យាការីអ៊ីស្មាអែលដែលជាកូនប្រុសតែមួយគត់របស់គេ។
Saffat 37:113
ហើយយើងបានបញ្ចុះនូវពរជ័យអំពីយើងទៅកាន់គេ និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយយើងបានប្រទាននូវឧបការគុណយ៉ាងច្រើនដល់គេទាំងពីរ ហើយក្នុងចំណោមឧបការគុណទាំងនោះ គឺអល់ឡោះបានប្រទាននូវកូនចៅជាច្រើនដល់គេទាំងពីរ។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងទង្វើកុសលដោយគោរពប្រតិបត្តិម្ចាស់របស់គេ(ដើរតាមគន្លងធម៌របស់គេ) ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងប្រព្រឹត្តល្មើស ដែលជាការបំពានយ៉ាងច្បាស់លាស់។
Saffat 37:114
ហើយពិតប្រាកដណាស់ យើងបានប្រទាននូវភាពជាព្យាការីដល់ព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន។
Saffat 37:115
ហើយយើងបានផ្តល់សុត្ថិភាពដល់គេទាំងពីរ និងក្រុមរបស់គេទាំងពីរនៃអម្បូរអ៊ីស្រាអែលឲ្យរួចផុតពីការចាប់ធ្វើជាទាសកររបស់ហ្វៀរអោន និងរួចផុតពីការលិចលង់(ក្នុងទឹកសមុទ្រ)។
Saffat 37:116
ហើយយើងបានជួយពួកគេឲ្យយកឈ្នះលើហ្វៀរអោននិងកងទ័ពរបស់គេ។ ដូចនេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យទៅលើសត្រូវរបស់ពួកគេ។
Saffat 37:117
ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន គឺជាគម្ពីរមួយដែលមកពីអល់ឡោះយ៉ាងច្បាស់លាស់ដោយគ្មានការមន្ទិលសង្ស័យឡើយ។
Saffat 37:118
ហើយយើងបានចង្អុលបង្ហាញគេទាំងពីរទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយក្នុងវា នោះគឺមាគ៌ានៃសាសនាឥស្លាមដែលនាំទៅកាន់ការពេញចិត្តពីអល់ឡោះជាម្ចាស់(ដែលជាអ្នកបង្កើតអ្វីៗទាំងអស់)។
Saffat 37:119
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ និងការរំលឹកដ៏ល្អចំពោះគេទាំងពីរដល់ប្រជាជាតិជំនាន់ក្រោយ។
Saffat 37:120
ការស្វាគមន៍យ៉ាងល្អប្រពៃពីអល់ឡោះចំពោះគេទាំងពីរ ការកោតសរសើរទៅលើគេទាំងពីរ និងសូមឲ្យគេទាំងពីរមានសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។
Saffat 37:121
ពិតប្រាកដណាស់ ដូចដែលយើងបានតបស្នងដល់ព្យាការីមូសា និងព្យាការីហារូននូវការតបស្នងដ៏ល្អបែបនេះដែរ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងទង្វើកុសលតាមរយៈការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេដូចគ្នាដែរ។
Saffat 37:122
) ពិតប្រាកដណាស់ ព្យាការីមូសានិងព្យាការីហារូន គឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះអល់ឡោះ ដែលអនុវត្តន៍នូវកាតព្វកិច្ចដែលម្ចាស់របស់ពួកគេបានបង្គាប់ប្រើ។
Saffat 37:123
ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺស្ថិតក្នុងចំណោមអ្នកនាំសារមកពីម្ចាស់របស់គេ ដោយអល់ឡោះបានប្រទានដល់គេនូវភាពជាព្យាការី និងជាអ្នកនាំសារ។
Saffat 37:124
) នៅពេលដែលគេបាននិយាយទៅកាន់ក្រុមរបស់គេដែលជាអម្បូរអ៊ីស្រាអែលថាៈ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមការបង្គាប់ប្រើរបស់ទ្រង់ ដែលក្នុងនោះ គឺមានការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដែលក្នុងនោះ គឺមានធ្វើស្ហ៊ីរិកចំពោះទ្រង់ទេឬ?
Saffat 37:125
តើពួកអ្នកគោរពសក្ការៈចំពោះរូបបដិមាដែលមានឈ្មោះថាហ្ពាក់ឡាន់ នោះផ្សេងពីអល់ឡោះ ហើយពួកអ្នកបោះបង់ការគោរពសក្ការៈទៅចំពោះអល់ឡោះដែលជាម្ចាស់បង្កើតដ៏ប្រសើរជាងគេនោះឬ?
Saffat 37:126
ហើយអល់ឡោះ គឺជាម្ចាស់របស់ពួកដែលបានបង្កើតពួកអ្នក និងបានបង្កើតជីដូនជីតារបស់ពួកអ្នកពីមុនមក គឺទ្រង់នោះហើយដែលសក្តិសមឲ្យគេគោរពសក្ការៈ ពុំមែនរូបបដិមាដែលគ្មានផ្តល់ប្រយោជន៍ ហើយក៏គ្មានផ្តល់គ្រោះថ្នាក់នោះនោះទេ។
Saffat 37:127
តែក្រុមរបស់គេ(ព្យាការីអ៊ិលយ៉ាស) ពួកគេបានបដិសេធ(មិនជឿ)ចំពោះគេ ហើយដោយសារតែការបដិសេធរបស់ពួកគេនេះ ធ្វើឲ្យពួកគេត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។
Saffat 37:128
លើកលែងតែក្រុមរបស់គេមួយចំនួនដែលជាអ្នកមានជំនឿដែលគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសប៉ុណ្ណោះ ដែលពួកគេបានរួចផុតពីការនាំទៅកាន់ទណ្ឌកម្ម។
Saffat 37:129
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃ និងការរំលឹកដ៏ល្អៗចំពោះគេដល់បណ្តាប្រជាជាតិជំនាន់ក្រោយ។
Saffat 37:130
សូមឲ្យការស្វាគមន៍ និងការកោតសរសើរពីអល់ឡោះកើតមានដល់ព្យាការីអ៊ិលយ៉ាស។
Saffat 37:131
ពិតប្រាកដណាស់ ដូចដែលយើងបានតបស្នងដល់ព្យាការីអ៊ិលយ៉ាសនូវការតបស្នងដ៏ល្អប្រពៃនេះដែរ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងទង្វើក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដូចគ្នាដែរ។
Saffat 37:132
ពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស ស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿយ៉ាងពិតប្រាកដ ដែលជាអ្នកដែលស្មោះត្រង់ក្នុងការមានជំនឿចំពោះម្ចាស់របស់ពួកគេ។
Saffat 37:133
ហើយពិតប្រាកដណាស់ ព្យាការីលូត គឺជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបញ្ជូនពួកគេទៅកាន់ក្រុមរបស់ពួកគេ ជាអ្នកផ្តល់ដំណឹងរីករាយ(ដល់អ្នកដែលមានជំនឿ) និងដាស់តឿនព្រមាន(ដល់ពួកដែលគ្មានជំនឿ)។
Saffat 37:134
ហើយចូរចងចាំ នៅពេលដែលយើងបានសង្គ្រោះរូបគេនិងក្រុមគ្រួសាររបស់គេទាំងអស់ពីទណ្ឌកម្មដែលត្រូវបានបញ្ជូនទៅកាន់ក្រុមរបស់គេ
Saffat 37:135
លើកលែងតែភរិយារបស់គេប៉ុណ្ណោះ។ ពិតប្រាកដណាស់ នាងគឺជាស្រ្តីម្នាក់ដែលត្រូវទទួលទណ្ឌកម្មជាមួយនឹងក្រុមរបស់នាង ពីព្រោះនាងគឺជាអ្នកដែលប្រឆាំងដូចពួកគេដែរ។
Saffat 37:136
បន្ទាប់មក យើងបានបំផ្លាញអ្នកដែលនៅសេសសល់នៃក្រុមរបស់គេ(ព្យាការីលូត)ដែលបានបដិសេធ(មិនជឿ)ចំពោះគេ និងមិនជឿចំពោះអ្វីដែលគេបាននាំមកនោះទាំងអស់។
Saffat 37:137
ហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)បានឆ្លងកាត់លំនៅដ្ឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)នៅក្នុងការធ្វើដំណើររបស់ពួកអ្នកទៅកាន់ប្រទេសស្ហាមជារៀងរាល់ព្រឹក។
Saffat 37:138
ហើយក៏ដូគ្នាដែរ ពួកអ្នកបានឆ្លងកាត់លំនៅដ្ឋានរបស់ពួកគេនៅពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណា ហើយយកធ្វើជាមេរៀននូវអ្វីដែលបានកើតឡើងចំពោះពួកគេ ក្រោយពីការបដិសេធរបស់ពួកគេ ការប្រឆាំងរបស់ពួកគេ និងការប្រព្រឹត្តអំពើអសីលធម៌របស់ពួកគេដែលមិនធ្លាប់មានអ្នកណាបានធ្វើមុនពួកគេនោះទេឬ?
Saffat 37:139
ហើយពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើង ព្យាការីយូនុស គឺជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានបញ្ជូនពួកគេទៅកាន់ក្រុមរបស់ពួកគេ ជាអ្នកផ្តល់ដំណឹងរីករាយ(ដល់អ្នកដែលមានជំនឿ) និងដាស់តឿនព្រមាន(ដល់អ្នកដែលគ្មានជំនឿ)។
Saffat 37:140
នៅពេលដែលគាត់(ព្យាការីយូនុស)បានចាកចោលក្រុមរបស់គាត់ដោយគ្មានការអនុញ្ញាតពីម្ចាស់របស់គាត់ ហើយគាត់បានជិះសំពៅមួយដែលពោរពេញទៅដោយអ្នកដំណើរ និងឥវ៉ាន់។
Saffat 37:141
នៅពេលនោះ សំពៅនោះហៀបតែនឹងលិចដោយសារការផ្ទុកលើសចំណុះ។ ដូច្នេះ អ្នកដំណើរទាំងអស់ក៏បានធ្វើការចាប់ឆ្នោតដើម្បីបោះមនុស្សមួយចំនួននៃពួកគេ(ចូលក្នុងសមុទ្រ) ព្រោះតែខ្លាចសំពៅនោះលិច ដោយសារតែការអ្នកដំណើរច្រើនពេក(ដឹកលើសចំណុះ)។ ពេលនោះ ព្យាការីយូនុសក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបរាជ័យ ហើយពួកគេក៏បានបោះគាត់ចូលទៅក្នុងសមុទ្រ។
Saffat 37:142
នៅពេលដែលពួកគេបោះគាត់ចូលទៅក្នុងសមុទ្រ ពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស ដោយសារតែគាត់បានចេញទៅសមុទ្រ(ចាកចោលក្រុមរបស់គាត់)ដោយពុំមានការអនុញ្ញាតពីម្ចាស់របស់គាត់។
Saffat 37:143
ពិតប្រាកដណាស់ ប្រសិនបើព្យាការីយូនុសមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរំលឹកចំពោះអល់ឡោះយ៉ាងច្រើនមុនពេលហេតុការណ៍នោះកើតឡើង និងជាអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)នៅក្នុងពោះត្រីទេនោះ
Saffat 37:144
ប្រាកដជារូបគាត់នឹងត្រូវស្ថិតនៅក្នុងពោះត្រីនោះរហូតដល់ថ្ងៃបរលោក ដោយត្រីនោះក្លាយជាផ្នូររបស់គាត់ជាមិនខាន។
Saffat 37:145
ហើយយើងក៏បានបញ្ចេញគេពីពោះត្រីនៅឯវាលរហោស្ថានមួយដែលគ្មានដើមឈើនិងគ្មានសំណង់អ្វីឡើយ ខណៈដែលខ្លួនប្រាណរបស់គេទន់ខ្សោយដោយសារតែការស្ថិតនៅក្នុងពោះត្រីមួយរយៈនោះ។
Saffat 37:146
ហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅនៅតំបន់ដែលគ្មានដើមឈើនោះ ដែលគេអាចយកវាធ្វើជាម្លប់ និងអាចទទួលទានអំពីវាបានផងដែរ។
Saffat 37:147
ហើយយើងបានបញ្ជូនគេ(ព្យាការីយូនុស)ទៅកាន់ក្រុមរបស់គេ ដែលពួកគេមានចំនួនមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។
Saffat 37:148
ពេលនោះ ពួកគេក៏បានមានជំនឿ និងជឿជាក់ចំពោះអ្វីដែលគេ(ព្យាការីយូនុស)បាននាំមក ហើយអល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេសើយសុខនៅក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពេលវេលាកំណត់នៃជីវិតរបស់ពួកគេត្រូវបានបញ្ចប់(ស្លាប់)។
Saffat 37:149
ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីននូវសំនួរបែបបដិសេធថាៈ តើពួកអ្នកចាត់ទុកកូនស្រីដែលពួកអ្នកស្អប់នោះសម្រាប់អល់ឡោះ ហើយពួកអ្នកចាត់ទុកកូនប្រុសដែលពួកអ្នកស្រលាញ់នោះសម្រាប់ពួកអ្នកឬ? តើការបែងចែកបែបនេះ តើយ៉ាងណាទៅវិញ?
Saffat 37:150
តើពួកគេអាចអះអាងបានយ៉ាងដូចម្តេច ថាពួកម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមិនមានវត្តមាន(នៅពេលបង្កើតម៉ាឡាអ៊ីកាត់) និងមិនបានឃើញពីការបង្កើតម៉ាឡាអ៊ីកាត់ផងនោះ?
Saffat 37:151
តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកមុស្ហរីគីននោះ ដោយសារតែការបដិសេធរបស់ពួកគេទៅលើអល់ឡោះ និងការប្រឌិតពាក្យភូតកុហករបស់ពួកគេទៅចំពោះទ្រង់នោះ គឺពួកគេបានចោទប្រកាន់ទ្រង់ថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ហើយពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលភូតកុហកចំពោះការចោទប្រកាន់នេះ។
Saffat 37:152
តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកមុស្ហរីគីននោះ ដោយសារតែការបដិសេធរបស់ពួកគេទៅលើអល់ឡោះ និងការប្រឌិតពាក្យភូតកុហករបស់ពួកគេទៅចំពោះទ្រង់នោះ គឺពួកគេបានចោទប្រកាន់ទ្រង់ថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ហើយពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលភូតកុហកចំពោះការចោទប្រកាន់នេះ។
Saffat 37:153
តើអល់ឡោះជាម្ចាស់ទ្រង់ជ្រើសរើសសម្រាប់ខ្លួនទ្រង់ផ្ទាល់នូវកូនស្រីដែលពួកអ្នកមិនពេញចិត្ត ដោយមិនជ្រើសយកកូនប្រុសដែលពួកអ្នកពេញចិត្តនោះឬ? គឺមិនដូច្នោះឡើយ។
Saffat 37:154
តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីនូវការកាត់សេចក្តីដែលបំពានបែបនេះ ដោយពួកអ្នកចាត់ទុកកូនស្រីសម្រាប់អល់ឡោះ រីឯកូនប្រុសវិញសម្រាប់ពួកអ្នកនោះ?
Saffat 37:155
តើពួកអ្នកមិនគិតពិចារណាពីភាពខុសឆ្គងនៃគោលជំនឿមិនត្រឹមត្រូវដែលពួកអ្នកកំពុងតែប្រកាន់យកនោះទេឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកចេះគិតពិចារណានោះ ពួកអ្នកនឹងមិននិយាយបែបនេះនោះឡើយ។
Saffat 37:156
ឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់មកពីគម្ពីរ ឬក៏មកពីអ្នកនាំសារណាម្នាក់ដែលបញ្ជាក់ប្រាប់ដូច្នោះ?
Saffat 37:157
ប្រសិនបើមានមែននោះ ចូរពួកអ្នកនាំយកគម្ពីរដែលមានភស្តុតាងដែលបញ្ជាក់ដូចនោះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ។
Saffat 37:158
ហើយពួកមុស្ហរីគីនបានចាត់ទុករវាងអល់ឡោះនិងពួកម៉ាឡាអ៊ីកាត់ដែលពួកគេមើលមិនឃើញផងនោះ ថាជាសាច់ញាតិនឹងគ្នា ខណៈដែលពួកគេអះអាងថា ជាការពិតណាស់ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងនោះបានដឹងថា ពិតណាស់ អល់ឡោះនឹងនាំពួកមុស្ហរីគីនទាំងនេះមកកាត់ក្តី(នៅថ្ងៃបរលោក)។
Saffat 37:159
អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់នូវអ្វីដែលមិនសាកសមចំពោះទ្រង់ ដូចជាការចោទប្រកាន់ថា ទ្រង់មានបុត្រ ទ្រង់មានដៃគូ និងផ្សេងៗទៀត។
Saffat 37:160
លើកលែងតែបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលមានចិត្តស្មោះសប៉ុណ្ណោះ គឺពួកគេមិនពិពណ៌នាពីលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់នោះឡើយ លើកលែងលក្ខណៈសម្បត្តិដែលសាកសមនឹងទ្រង់ ដូចជាលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ និងពេញលេញ។
Saffat 37:161
ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន) ហើយនិងអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះនោះ
Saffat 37:162
ពុំមែនជាអ្នកដែលអាចធ្វើឲ្យនរណាម្នាក់វង្វេងពីសាសនាពិតនោះឡើយ
Saffat 37:163
លើកលែងតែជនណាដែលអល់ឡោះបានកំណត់ឲ្យរូបគេស្ថិតក្នុងចំណោមអ្នកចូលឋាននរកប៉ុណ្ណោះ ដោយអល់ឡោះបានសម្រេចរួចហើយនៅក្នុងការកំណត់របស់ទ្រង់។ ដូច្នេះ រូបគេក៏ប្រឆាំង ហើយនឹងត្រូវចូលឋាននរក។ ចំណែកឯពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈទៅចំពោះវានោះ គឺគ្មានសមត្ថភាពអាចធ្វើដូច្នោះបានឡើយ។
Saffat 37:164
ហើយពួកម៉ាឡាអ៊ីកាត់បាននិយាយបញ្ជាក់ពីភាពជាខ្ញុំបម្រើរបស់ពួកគេចំពោះអល់ឡោះ និងបានច្រានចោលនូវការចោទប្រកាន់របស់ពួកមុស្ហរីគីនថាៈ បុគ្គលម្នាក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់រួចជាស្រេចក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់។
Saffat 37:165
ហើយពិតប្រាកដណាស់ ពួកយើង(ម៉ាឡាអ៊ីកាត់) គឺជាអ្នកដែលឈរជាជួរៗក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយពួកយើងគឺជាអ្នកដែលលើកតម្កើងអល់ឡោះជាម្ចាស់ពីលក្ខណៈសម្បត្តិទាំងឡាយណាដែលមិនសាកសមនឹងទ្រង់។
Saffat 37:166
ហើយពិតប្រាកដណាស់ ពួកយើង(ម៉ាឡាអ៊ីកាត់) គឺជាអ្នកដែលឈជាជួរៗក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយពួកយើងគឺជាអ្នកដែលលើកតម្កើងអល់ឡោះជាម្ចាស់អំពីលក្ខណៈសម្បត្តិទាំងឡាយណាដែលមិនសមរមនឹងទ្រង់។
Saffat 37:167
ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយក្នុងចំណោមបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក)ជាមិនខាន តែ(ជាក់ស្តែង) ពួកគេគឺជាអ្នកដែលភូតកុហកចំពោះការអះអាងនោះ ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងនឹងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងពីទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេមិនខានឡើយ។
Saffat 37:168
ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។
Saffat 37:169
ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។
Saffat 37:170
ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។
Saffat 37:171
ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថាៈ ជាការពិតណាស់ ពួកគេនឹងត្រូវបានគេជួយឲ្យទទួលបានជោគជ័យលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជម្នះនោះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។
Saffat 37:172
ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថា ពិតណាស់ ពួកគេនឹងត្រូវបានគេគេជួយឲ្យយកជ័យជំនះលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជំនះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។
Saffat 37:173
ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថា ពិតណាស់ ពួកគេនឹងត្រូវបានគេគេជួយឲ្យយកជ័យជំនះលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជំនះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។
Saffat 37:174
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកមុស្ហរីគីនដែលរឹងរូសទាំងនោះមួយរយៈពេលសិនចុះដែលមានតែអល់ឡោះទេដែលដឹង រហូតដល់ពេលវេលាដាក់ទណ្ឌកម្មពួកគេនោះបានមកដល់។
Saffat 37:175
ហើយចូរអ្នកមើលពួកគេចុះនៅពេលដែលទណ្ឌកម្មបានធ្លាក់លើពួកគេ ហើយពួកគេក៏គង់តែនឹងឃើញដែរ នៅពេលដែលការមើលឃើញរបស់ពួកគេនោះលែងមានប្រយោជន៍អ្វីទៀតហើយ។
Saffat 37:176
តើពួកមុស្ហរីគីនទាំងនោះសុំឲ្យទណ្ឌកម្មរបស់អល់ឡោះឆាប់កើតឡើងចំពោះពួកគេឬ?
Saffat 37:177
ហើយនៅពេលដែលទណ្ឌកម្មរបស់អល់ឡោះបានធ្លាក់ទៅលើពួកគេនោះ វាគឺជាពេលព្រឹកដ៏អាក្រក់បំផុតរបស់ពួកគេ។
Saffat 37:178
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ រហូតដល់ពេលដែលអល់ឡោះកំណត់ឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកគេ។
Saffat 37:179
ហើយចូរអ្នកមើលចុះ ពួកទាំងនោះក៏នឹងឃើញទណ្ឌកម្មរបស់អល់ឡោះ និងការដាក់ទោសរបស់ទ្រង់ដែលកើតឡើងចំពោះពួកគេដែរ។
Saffat 37:180
ម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)មហាស្អាតស្អំ ជាម្ចាស់ដែលខ្លាំងពូកែ និងជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់អំពីលក្ខណៈសម្បត្តិខ្វះខាតដែលពួកមុស្ហរីគីនបានចោទប្រកាន់ចំពោះទ្រង់។
Saffat 37:181
ហើយការស្វាគមន៍របស់អល់ឡោះ និងការកោតសសើររបស់ទ្រង់ សូមកើតមានដល់បណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ដ៏ឧត្តុង្គឧត្តម។
Saffat 37:182
ហើយការកោតសរសើរទាំងអស់ គឺសម្រាប់អល់ឡោះជាម្ចាស់(តែមួយគត់) ព្រោះទ្រង់គឺជាអ្នកដែលសាកសមនឹងគេកោតសរសើរ ហើយទ្រង់គឺជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ ដែលគ្មានម្ចាស់ណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។
Sâd 38:1
សទ (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ អល់ឡោះបានស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំលឹកដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេទាំងនៅក្នុងជីវិតលោកិយរបស់ពួកគេ និងនៅថ្ងៃបរលោករបស់ពួកគេ។ រឿងនោះ គឺមិនដូចការស្មានរបស់ពួកមុស្ហរីគីនដែលថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះទេ។
Sâd 38:2
ប៉ុន្តែពួកប្រឆាំងស្ថិតក្នុងភាពក្តៅក្រហាយ និងក្រអឺតក្រទមអំពីការទទួលស្គាល់នូវភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងស្ថិតក្នុងការប្រឆាំងនឹងព្យាការីមូហាំម៉ាត់ ព្រមទាំងចងភាពជាសត្រូវជាមួយគាត់។
Sâd 38:3
យើងបានបំផ្លាញប្រជាជាតិជំនាន់មុនពួកគេជាច្រើនរួចមកហើយដែលពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ ហើយពួកគេបានស្រែកសុំជំនួយនៅពេលដែលទណ្ឌកម្មបានធ្លាក់លើពួកគេ ខណៈដែលពេលនោះ ពុំមែនជាពេលដែលអាចឲ្យពួកគេរួចផុតពីទណ្ឌកម្ម ដែលការស្រែកហៅរកជំនួយរបស់ពួកគេនោះមានផលប្រយោជន៍ដល់ពួកគេនោះទេ។
Sâd 38:4
ហើយពួកគេមានការងឿងឆ្ងល់នៅពេលដែលអ្នកនាំសារម្នាក់ដែលមកពីជាតិសាសន៍របស់ពួកគេបានមកដល់ពួកគេ ដោយអ្នកនាំសារនោះបានដាស់តឿនបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេនៅតែបន្តស្ថិតនៅលើភាពប្រឆាំងនោះតទៅទៀត។ ហើយពួកប្រឆាំង នៅពេលដែលពួកគេបានឃើញភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិតនៃអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកនោះ ពួកគេក៏បាននិយាយថាៈ បុរសម្នាក់នេះ គឺជាគ្រូមន្តអាគម ដែលដាក់មន្តអាគមលើមនុស្ស និងជាជនដែលកុហកបោកប្រាស់ចំពោះអ្វីដែលរូបគេបានអះអាងថា ពិតណាស់រូបគេ គឺជាអ្នកនាំសារមកពីអល់ឡោះដែលទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់គេនោះ។
Sâd 38:5
តើបុរសម្នាក់នេះ(ព្យាការីមូហាំម៉ាត់)ចាត់ទុកព្រះច្រើនថាជាព្រះតែមួយ ដែលគ្មានព្រះឯណាផ្សេងក្រៅពីទ្រង់(អល់ឡោះ)នោះឬ? ពិតប្រាកដណាស់ ទង្វើរបស់គេនោះ ពិតជាចម្លែកខ្លាំងណាស់។
Sâd 38:6
ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃពួកគេក៏បានដើរចេញ ហើយនិយាយទៅកាន់ពួកដែលដើរតាមពួកគេថាៈ ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នកកំពុងតែប្រកាន់ខ្ជាប់នេះចុះ ហើយចូរពួកអ្នកកុំចូលក្នុងសាសនារបស់មូហាំម៉ាត់(សាសនាឥស្លាម)ឲ្យសោះ និងចូរពួកអ្នកគោរពសក្ការៈទៅកាន់ព្រះទាំងឡាយរបស់ពួកអ្នកដដែលចុះ។ ពិតប្រាកដណាស់ អ្វីដែលមូហាំម៉ាត់បានអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះព្រះតែមួយគត់នោះ វាគឺជារឿងមួយដែលមូហាំម៉ាត់ចង់បានប៉ុណ្ណោះ ពោលគឺគេចង់ឲ្យខ្លួនគេខ្ពង់ខ្ពស់លើសពួកយើង ហើយពួកយើងក្លាយទៅជាអ្នកដែលដើរតាមគេវិញប៉ុណ្ណោះ។
Sâd 38:7
ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ដែលមូហាំម៉ាត់បានអំពាវនាវពួកយើងទៅកាន់នោះ គឺពួកយើងពុំធ្លាប់បានឮពីជីដូនជីតារបស់ពួកយើងមកនោះឡើយ ហើយក៏មិនមានដែរនៅក្នុងសាសនារបស់ព្យាការីអ៊ីសា(សាសនាគ្រឹស្ត)។ ហើយអ្វីដែលពួកយើងបានឮពីគេ(មូហាំម៉ាត់)នោះ គ្មានអ្វីក្រៅពីការភូតកុហកបោកប្រាស់នោះទេ។
Sâd 38:8
តើជារឿងត្រឹមត្រូវដែរឬទេដែលគេបញ្ចុះគម្ពីរគួរអានទៅឲ្យមូហាំម៉ាត់ដោយរំលងពួកយើង និងជ្រើសរើសរូបគេជាពិសេសដើម្បីបញ្ចុះគម្ពីរគួរអានឲ្យ ដោយមិនបញ្ចុះគម្ពីរគួរអាននោះមកឲ្យពួកយើង ខណៈដែលពួកយើងជាអ្នកមានឋានៈខ្ពង់ខ្ពស់ និងជាមេដឹកនាំទៀតនោះ? ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះស្ថិតនៅក្នុងភាពសង្ស័យចំពោះវ៉ាហ៊ីដែលគេ(អល់ឡោះ)បានបញ្ចុះមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)។ ហើយពួកគេមិនទាន់បានភ្លក់ទណ្ឌកម្មរបស់អល់ឡោះនៅឡើយនោះទេ។ ហេតុនេះហើយទើបពួកគេបានចាញ់បោកការបោកបញ្ឆោតនឹងការពន្យារពេលឲ្យពួកគេ។ ហើយប្រសិនបើពួកគេបានភ្លក់ទណ្ឌកម្មវិញនោះ ប្រាកដជាពួកគេនឹងមិនបន្តស្ថិតលើការប្រឆាំង ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ និងការមានការសង្ស័យចំពោះអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកបែបនេះឡើយ។
Sâd 38:9
ឬមួយក៏ពួកមុស្ហរីគីនដែលបដិសេធទាំងនោះ ពួកគេមានឃ្លាំងនៃការប្រោសប្រទានរបស់ម្ចាស់អ្នកដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បាន និងជាម្ចាស់ដែលប្រទាននូវអ្វីដែលទ្រង់មានចេតនាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយក្នុងចំណោមឃ្លាំងនៃការប្រោសប្រទានរបស់ទ្រង់គឺ ភាពជាព្យាការីដែលទ្រង់អាចប្រទាននូវភាពជាព្យាការីនេះឲ្យទៅជនណាដែលទ្រង់មានចេតនា? ទេ វា(ឃ្លាំងនៃការប្រោសប្រទាន)មិនមែនស្ថិតនៅលើពួកគេ រហូតអាចឲ្យពួកគេផ្តល់វាឲ្យទៅជនណាដែលពួកគេចង់ និងមិនផ្តល់វាទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យនោះឡើយ។
Sâd 38:10
ឬមួយក៏ពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើននិងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដីនេះ ដោយពួកគេមានសិទ្ធិអាចផ្តល់ឲ្យ ឬមិនផ្តល់ឲ្យអ្នកណាក៏បាន? ប្រសិនបើនោះគឺជាការអះអាងរបស់ពួកគេមែននោះ ចូរឲ្យពួកគេរកវិធីឡើងទៅលើមេឃចុះ ដើម្បីឲ្យពួកគេអាចចាត់ចែងតាមអ្វីដែលពួកគេចង់ ដោយពួកគេអាចផ្តល់ឲ្យឬមិនផ្តល់ឲ្យ(ចំពោះជនណាដែលពួកគេប្រាថ្នា)។ តែពួកគេមិនអាចធ្វើដូច្នោះបានជាដាច់ខាត។
Sâd 38:11
ពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ាត់នោះ ពួកគេគឺជាកងទ័ពដែលបរាជ័យ ដូចជាកងទ័ពជំនាន់មុនដែលបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូច្នោះដែរ។
Sâd 38:12
ពួកដែលបដិសេធទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ)ពុំមែនជាអ្នកទីមួយដែលបដិសេធ(មិនជឿអ្នកនាំសារ)នោះទេ។ ពិតណាស់ ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ហើយនិងហ្វៀរអោនដែលគេមានដែកគោលសម្រាប់ធ្វើទារុណកម្មមនុស្សនោះបានបដិសេធមុនពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ)ទៅទៀត។
Sâd 38:13
ហើយពួកសាមូទ និងក្រុមរបស់ព្យាការីលូត ហើយនិងក្រុមរបស់ព្យាការីស៊្ហូអែប ក៏ពួកគេបានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)ដែរ។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាបដិសេធនឹងអ្នកនាំសាររបស់ពួកគេ ហើយប្រឆាំងនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងនោះបាននាំមក។
Sâd 38:14
ក្រុមទាំងអស់នោះ សុទ្ធតែបានបដិសេធនឹងបណ្តាអ្នកនាំសារ(របស់ពួកគេ)។ ដូច្នេះ ទណ្ឌកម្ម និងការដាក់ទោសពីអល់ឡោះក៏បានធ្លាក់ទៅលើពួកគេ ទោះបីជាក្រុមខ្លះត្រូវបានគេពន្យារបន្តិចក៏ដោយ។
Sâd 38:15
ហើយពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ាត់ទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្លេងនៃការផ្លុំត្រែលើកទីពីរដែលមិនអាចត្រឡប់ក្រោយវិញនោះនោះឡើយ។ ដូច្នេះ ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកគេប្រសិនបើពួកគេបានស្លាប់ក្នុងខណៈដែលពួកគេបានបដិសេធចំពោះគាត់(ព្យាការីមូហាំម៉ាត់)នោះ។
Sâd 38:16
ហើយពួកគេបាននិយាយដោយចំអកឡកឡឺយថាៈ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាផ្តល់ឲ្យមួយចំណែកអំពីទណ្ឌកម្មដល់ពួកយើងភ្លាមៗក្នុងលោកិយនេះមុននឹងថ្ងៃបរលោកមកដល់ផងចុះ។
Sâd 38:17
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកបដិសេធទាំងនោះបាននិយាយអំពីពាក្យសម្តីទាំងឡាយដែលធ្វើឲ្យអ្នកមិនពេញចិត្តនោះ។ ហើយចូរអ្នករំលឹកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង គឺព្យាការីហ្ទាវូទ ជាអ្នកដែលមានអំណាចខ្លាំងក្លាលើការប្រយុទ្ធជាមួយនឹងសត្រូវរបស់គេ និងអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ។ ពិតប្រាកដណាស់ រូបគេជាអ្នកដែលសារភាពកំហុសច្រើនបំផុតចំពោះអល់ឡោះ និងសាងនូវទង្វើទាំងឡាយដែលធ្វើឲ្យទ្រង់ពេញចិត្ត។
Sâd 38:18
ពិតប្រាកដណាស់ យើងបានបញ្ជាឲ្យភ្នំឲ្យទាំងឡាយលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេ(ព្យាការីហ្ទាវូទ)នៅពេលណាដែលគេសរសើរលើកតម្កើង(ចំពោះយើង)ទាំងពេលល្ងាច និងទាំងពេលព្រឹកនៅពេលដែលថ្ងៃរះ។
Sâd 38:19
ហើយយើងក៏បានបញ្ជាឲ្យសត្វស្លាបទាំងឡាយប្រមូលផ្តុំគ្នានៅលើអាកាស ដោយពួកវាទាំងអស់សុទ្ធតែគោរពតាម និងលើកតម្កើងដោយសរសើរ(ចំពោះយើង)តាមគេ(ព្យាការីហ្ទាវូទ)ទាំងអស់។
Sâd 38:20
ហើយយើងបានពង្រឹងអំណាចរបស់គេដោយយើងបានប្រទានឲ្យគេនូវភាពខ្លាំងក្លា និងទទួលជ័យជម្នះលើសត្រូវទាំងឡាយរបស់គេ ហើយយើងបានប្រទានឲ្យគេនូវភាពជាព្យាការី និងធ្វើកិច្ចការទាំងឡាយប្រកបដោយភាពត្រឹមត្រូវ។ ហើយយើងក៏បានប្រទានឲ្យគេផងដែរនូវការយល់ដឹងនូវរាល់គោលបំណងទាំងអស់ និងការវែកញែកក្នុងពាក្យសំដី និងការកាត់ក្តី។
Sâd 38:21
តើដំណឺងនៃគូជម្លោះពីរនាក់នៅពេលដែលគេទាំងពីរបានផ្លោះរបងចូលទៅកាន់ព្យាការីហ្ទាវូទនៅកន្លែងគោរពសក្ការៈរបស់គាត់នោះបានមកដល់អ្នកដែរទេ(ឱអ្នកនាំសារមូហាំម៉ាត់)?
Sâd 38:22
នៅពេលដែលគេទាំងពីរបានចូលទៅជួបព្យាការីហ្ទាវូទភ្លាមៗ(ដោយមិនបានប្រាប់ឲ្យដឹងជាមុន)។ ពេលនោះ គាត់មានការភិតភ័យដោយសារគេទាំងពីរបានចូលទៅជួបគាត់ភ្លាមៗតាមវីធីបែបនេះ(ផ្លោះរបងចូល)ដែលខុសពីទម្លាប់ធម្មតា។ នៅពេលដែលគេទាំងពីបានឃើញថាគាត់មានការភិតភ័យបែបនេះ គេទាំងពីរក៏បាននិយាយថាៈ សូមអ្នកកុំខ្លាចពួកយើងអ្វី! ពិតណាស់ ពួកយើងទាំងពីរ គឺជាគូជម្លោះនឹងគ្នាដោយសារតែម្នាក់នៃពួកយើងបានបំពានទៅលើម្នាក់ទៀត។ ដូច្នេះ សូមអ្នកមេត្តាកាត់សេចក្តីឲ្យពួកយើងទាំងពីរដោយយុត្តិធម៌ផង ហើយសូមកុំឲ្យមានភាពអយុត្តិធម៌កើតឡើងចំពោះពួកយើងនៅពេលដែលអ្នកកាត់សេចក្តីរវាងពួកយើងឲ្យសោះ ហើយសូមអ្នកចង្អុលបង្ហាញពួកយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។
Sâd 38:23
ម្នាក់ក្នុងចំណោមគូជម្លោះទាំងពីរនាក់នោះបាននិយាយទៅកាន់ព្យាការីហ្ទាវូទថាៈ ពិតប្រាកដណាស់ បុរសម្នាក់នេះគឺជាបងប្អូនរបស់ខ្ញុំ! គាត់មានពពែញីចំនួនកៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់ ហើយគាត់បានទាមទារឲ្យខ្ញុំប្រគល់ពពែញីមួយ្បាលនេះឲ្យទៅគាត់ទៀត ហើយគាត់មានប្រៀបជាងខ្ញុំក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)។
Sâd 38:24
នៅពេលនោះ ព្យាការីហ្ទាវូទក៏បានកាត់ក្តីរវាងពួកគេទាំងពីរដោយពោលទៅកាន់ដើមចោទថាៈ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈដែលគាត់បានសុំឲ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឲ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានទៅលើគ្នាដោយយកកម្មសិទ្ធិរបស់គ្នាដោយអយុត្តិធម៌ លើកលែងតែបណ្តាអ្នកមានជំនឿដែលសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេគឺមានភាពយុត្តិធម៌ក្នុងការចូលហ៊ុន(រកស៊ីជាមួយគ្នា)របស់ពួកគេ ហើយពួកគេមិនបំពានលើគ្នាឡើយ។ ក៏ប៉ុន្តែអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គឺមានតិចតួចណាស់។ ក្រោយមក ព្យាការីហ្ទាវូទបានដឹងច្បាស់ថាៈ តាមពិត យើង(អល់ឡោះ)គ្រាន់តែធ្វើឲ្យគេធ្លាក់ទៅក្នុងការសាកល្បងនៅក្នុងរឿងជម្លោះនេះប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការអភ័យទោសពីម្ចាស់របស់គេ ហើយបានក្រាបស៊ូជូតបញ្ជិតខ្លួនទៅកាន់អល់ឡោះ ហើយបានសារភាពកំហុសចំពោះទ្រង់។
Sâd 38:25
ពេលនោះ យើងក៏បានទទួលយកនូវការសុំអភ័យទោសអំពីគេ ហើយយើងក៏បានអភ័យទោសដល់គេចំពោះរឿងនោះ។ ហើយពិតណាស់ រូបគេគឺស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង ហើយគេនឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុតនៅថ្ងៃបរលោក។
Sâd 38:26
ឱហ្ទាវូទ! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី ដោយអ្នកត្រូវអនុវត្តន៍ច្បាប់ និងកាត់សេចក្តី(ដល់មនុស្សលោក)ទាំងកិច្ចការសាសនា និងកិច្ចការលោកិយ(របស់ពួកគេ)។ ដូច្នេះ ចូរអ្នកកាត់ក្តីរវាងមនុស្សលោកប្រកបដោយភាពយុត្តិធម៌ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់អ្នកក្នុងការកាត់សេចក្តីរវាងមនុស្សលោក ដោយលម្អៀងទៅកាន់ភាគីជម្លោះណាម្នាក់ដោយសារតែជាប់សាច់ញាតិ ឬជាមិត្តភក្តិ ឬក៏លម្អៀងចេញពីគេដោយសារតែគេជាសត្រូវ(របស់អ្នក)ឲ្យសោះ ដែលជាហេតុធ្វើឲ្យទំនើងចិត្តរបស់អ្នកធ្វើឲ្យអ្នកវង្វេងពីមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកដែលវង្វេងពីមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវនោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដោយសារតែពួកគេបានភ្លេចថ្ងៃជំនុំជម្រះ ព្រោះថា ប្រសិនបើពួកគេនឹកឃើញថ្ងៃនោះ ហើយខ្លាចចំពោះវានោះ ប្រាកដជាពួកគេនឹងមិនលម្អៀងជាមួយចំណង់តណ្ហា ឬទំនើងចិត្តរបស់ពួកគេនោះឡើយ។
Sâd 38:27
ហើយយើងមិនបានបង្កើតមេឃជាច្រើននិងផែនដីមកដោយឥតប្រយោជន៍ ទទេរៗនោះឡើយ។ នោះហើយគឺជាការគិតស្មានរបស់ពួកប្រឆាំងនោះ។ ដូច្នេះ ភាពវិនាសអន្តរាយដោយទណ្ឌកម្មភ្លើងនរកនៅថ្ងៃបរលោក គឺសម្រាប់ពួកប្រឆាំងដែលពួកគេគិតស្មានបែបនោះ ប្រសិនបើពួកគេស្លាប់ក្នុងខណៈដែលពួកគេស្ថិតនៅលើភាពប្រឆាំង ហើយគិតស្មានអាក្រក់ទៅលើអល់ឡោះបែបនេះ។
Sâd 38:28
បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ដាច់ខាតយើងមិនចាត់ទុកពួកគេដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីដោយការប្រព្រឹត្តប្រឆាំង និងការប្រព្រឹត្តល្មើសនោះឡើយ ហើយយើងក៏មិនចាត់ទុកបណ្តាអ្នកដែលកោតខ្លាចទៅចំពោះម្ចាស់របស់ពួកគេ ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ដូចជាពួកប្រឆាំងនិងពួកពុតត្បុតដែលលិចលង់ក្នុងអំពើល្មើសនោះដែរ ពីព្រោះ ការចាត់ទុកពួកគេទាំងពីរក្រុមថាមានភាពស្មើគ្នានោះ គឺជាអំពើអយុត្តិធម៌ដែលមិនសាកសមឡើយចំពោះអល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងដល់បណ្តាអ្នកមានជំនឿដែលកោតខ្លាចនោះ ដោយឲ្យពួកគេចូលឋានសួគ៌ ហើយទ្រង់នឹងដាក់ទណ្ឌកម្មដល់ពួកប្រឆាំង ដែលជាមនុស្សអាក្រក់នោះ ដោយឲ្យពួកគេចូលឋាននរក ពីព្រោះពួកគេទាំងពីរក្រុម គឺមិនស្មើគ្នានោះឡើយសម្រាប់អល់ឡោះ។ ដូច្នេះ ការតបស្នងរបស់ពួកគេទាំងពីរក្រុមនោះ ក៏មិនស្មើគ្នានោះដែរសម្រាប់ទ្រង់។
Sâd 38:29
ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺជាគម្ពីរមួយដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដែលពោរពេញទៅដោយប្រការល្អនិងផលប្រយោជន៍ជាច្រើន ដើម្បីឲ្យមនុស្សលោកត្រិះរិះពិចារណាចំពោះបណ្តាវាក្យខណ្ឌទាំងឡាយរបស់វា និងពិចារណាឈ្វេងយល់ពីអត្ថន័យខ្លឹមសាររបស់វា ហើយនិងដើម្បីឲ្យបណ្តាបញ្ញាជនទាំងឡាយយកវាធ្វើជាមេរៀន។
Sâd 38:30
ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវកូនប្រុសរបស់គេ គឺព្យាការីសូឡៃម៉ាន ជាឧបការគុណរបស់យើងទៅលើរូបគេ និងជាការប្រោសប្រទានអំពីយើងចំពោះគេ ដើម្បីឲ្យគេមានភាពរីករាយជាមួយនឹងកូនរបស់គេនោះ។ ព្យាការីសូឡៃម៉ាន គឺជាខ្ញុំបម្រើម្នាក់ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ព្យាការីស៊ូឡៃម៉ាន) គឺជាអ្នកដែលតែងតែសារភាពកំហុសចំពោះអល់ឡោះ និងតែងតែវិលត្រឡប់ទៅកាន់ទ្រង់។
Sâd 38:31
ចូរចងចាំ នៅពេលដែលគេបានបង្ហាញឲ្យព្យាការីស៊ូឡៃម៉ានបានឃើញនៅពេលរសៀលនូវសត្វសេះដែលជាពូជសេះរត់លឿន ដែលវាអាចឈរជើងបី ហើយលើកជើងមួយបាន ហើយគេនៅតែបន្តបង្ហាញឲ្យគាត់មើលសេះនោះ រហូតដល់ថ្ងៃលិច។
Sâd 38:32
នៅពេលនោះ ព្យាការីសូឡៃម៉ានក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំបានផ្តល់អាទិភាពលើការស្រឡាញ់ទ្រព្យសម្បត្តិ(ដែលក្នុងនោះគឺសត្វសេះនេះ)ជាងការរំលឹកចំពោះម្ចាស់របស់ខ្ញុំ រហូតដល់ថ្ងៃបានលិច ហើយបានធ្វើឲ្យខ្ញុំខកខានពីការប្រតិបត្តិសឡាតពេលរសៀល(សឡាតអាសើរ)។
Sâd 38:33
ចូរពួកអ្នកនាំសេះនោះត្រឡប់មកកាន់យើងវិញ។ នៅពេលដែលពួកគេនាំសេះនោះត្រឡប់មកកាន់គាត់វិញ គាត់ក៏បានកាប់ជើង និងកសេះនោះនឹងផ្លែដាវ។
Sâd 38:34
ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)បានសាកល្បងព្យាការីស៊ូឡៃម៉ាន ហើយយើងបានដាក់ស្ហៃតនម្នាក់ទៅលើបល្ល័ង្គ(កៅអីស្តេច)របស់គេដោយវាបានតំណែងខ្លួនជាមនុស្សម្នាក់ ហើយវា(ស្ហៃតន)បានគ្រប់គ្រងអំណាចរបស់គេមួយរយៈពេលខ្លី។ បន្ទាប់មក យើងក៏បានត្រឡប់អំណាចនោះទៅព្យាការីឡៃម៉ានវិញ ហើយយើងបានឲ្យគេគ្រប់គ្រងទៅលើពួកស្ហៃតន។
Sâd 38:35
ព្យាការីស៊ូឡៃម៉ានបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផងចុះនូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយសូមទ្រង់មេត្តាប្រទាននូវអំណាចជាពិសេសដល់ខ្ញុំ ដែលគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សលោកអាចទទួលបានវាបន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ (ឱម្ចាស់របស់ខ្ញុំ) ទ្រង់គឺជាអ្នកដែលប្រទានដ៏ច្រើនលើសលុប និងជាម្ចាស់ដ៏មហាសប្បុរសបំផុត។
Sâd 38:36
ដូចនេះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងក៏បានធ្វើឲ្យខ្យល់ស្តាប់បង្គាប់គេ ដោយវាបោកបក់បានយ៉ាងល្អ ដោយវាមិនមានការយោលយោគនោះទេ ទោះបីជាវាខ្លាំង និងលឿនយ៉ាងណាក៏ដោយ ដោយវានាំគេ(ព្យាការីស៊ូឡៃម៉ាន)ទៅកាន់ទីណាដែលគេប្រថ្នា។
Sâd 38:37
ហើយយើងក៏បានធ្វើឲ្យពួកស្ហៃតនស្ថិតនៅក្រោមការបញ្ជារបស់គេផងដែរ។ ក្នុងចំណោមពួកវា មានក្រុមសាងសង់ មានក្រុមអ្នកដែលជ្រមុជទឹករាវរកគុជ(និងវត្ថុមានតម្លៃដទៃទៀត)ក្នុងសមុទ្រឲ្យគេ(ស៊ូឡៃម៉ាន)។
Sâd 38:38
ហើយក្នុងចំណោមពពួកស្ហៃតននោះទៀត មានពួកដែលធ្វើខុសដែលពួកវាត្រូវបានគេចាប់ឲ្យគេ(ស៊ូឡៃម៉ាន) ដោយពួកវាត្រូវបានដាក់ច្រវ៉ាក់ដោយមិនអាចកម្រើកបានឡើយ។
Sâd 38:39
ឱស៊ូឡៃម៉ាន! នេះហើយគឺជាការប្រទានរបស់យើងដែលយើងបានប្រទានវាដល់អ្នក ជាការឆ្លើយតបតាមការស្នើសុំរបស់អ្នកមកចំពោះយើង។ ដូច្នេះ ចូរអ្នកផ្តល់វាឲ្យទៅជនណាដែលអ្នកប្រាថ្នា និងមិនផ្តល់វាទៅឲ្យជនណាដែលអ្នកប្រាថ្នាចុះ ដោយអ្នកមិនត្រូវបានគេយកទោសពៃរ៍លើការផ្តល់ឲ្យ ឬមិនផ្តល់ឲ្យនោះឡើយ។
Sâd 38:40
ហើយពិតប្រាកដណាស់ ព្យាការីស៊ូឡៃម៉ាន គឺស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង) ហើយគេនឹងទទួលបានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌។
Sâd 38:41
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវរឿងខ្ញុំបម្រើរបស់យើង គឺព្យាការីអៃយ៉ូប នៅពេលដែលគេបានបួងសួងទៅកាន់អល់ឡោះដែលជាម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឲ្យខ្ញុំមានការឈឺចាប់ និងទណ្ឌកម្ម។
Sâd 38:42
ហើយយើងក៏បានមានបន្ទូលទៅកាន់គេវិញថាៈ ចូរអ្នកទន្ទ្រាំជើងរបស់អ្នកទៅនឹងដីចុះ។ ពេលនោះ គេក៏បានទន្ទ្រាំជើងរបស់គេទៅនឹងដី រួចហើយក៏មានទឹកផុសចេញដីនោះមកសម្រាប់ឲ្យគេផឹក និងងូតវា។ នៅពេលនោះ ជំងឺ និងការឈឺចាប់ដែលគេមាននោះ ក៏បានជាសះស្បើយ។
Sâd 38:43
ដូច្នេះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានបំបាត់នូវគ្រោះទាំងឡាយដែលគេជួបប្រទះ។ ហើយយើងបានប្រទានឲ្យគេនូវក្រុមគ្រួសាររបស់គេវិញ ហើយយើងបានបន្ថែមឲ្យគេលើសពីអ្វីដែលគេធ្លាប់មានពីមុននោះទៀត ដូចជាទទួលបានកូនចៅច្រើន ជាក្តីមេត្តាករុណាអំពីយើង និងជាការតបស្នងដល់គេលើការអត់ធ្មត់របស់គេ ក៏ដូចជាដើម្បីឲ្យបណ្តាអ្នកដែលមានប្រាជ្ញាវាងវៃនោះត្រិះរិះពិចារណាថា ពិតណាស់ លទ្ធផលចុងក្រោយនៃការអត់ធ្មត់នោះ គឺការទទួលបាននូវភាពធូរស្រាល(រួចផុតពីទុក្ខកង្វល់) និងទទួលបាននូវផលបុណ្យ។
Sâd 38:44
នៅពេលដែលព្យាការីអៃយ៉ូបបានខឹងសម្បាចំពោះប្រពន្ធរបស់គេ ហើយគេបានស្បថថានឹងវាយនាងមួយរយរំពាត់នោះ យើង(អល់ឡោះ)ក៏បានមានបន្ទូលទៅកាន់គេថាៈ ចូរអ្នក(ឱអៃយ៉ូប)យកស្មៅមួយកណ្តាប់ដៃ រួចវាយទៅលើនាងចុះ ដើម្បីជាការលាងសម្បថរបស់អ្នក ហើយសូមកុំបំពានចំពោះពាក្យសម្បថដែលអ្នកបានស្បថស្បែឲ្យសោះ។ ពេលនោះ ព្យាការីអៃយ៉ូបក៏បានយកស្មៅមួយកណ្តាប់ដៃនោះទៅវាយលើនាង(ភរិយារបស់គេ)។ ពិតប្រាកដណាស់ យើងបានឃើញគេជាអ្នកដែលអត់ធ្មត់ទៅលើអ្វីដែលយើងបានសាកល្បងចំពោះគេ។ រូបគេ គឺជាខ្ញុំបម្រើដ៏ល្អប្រពៃម្នាក់។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែវិលត្រឡប់(សារភាពកំហុស)ទៅចំពោះអល់ឡោះជាម្ចាស់។
Sâd 38:45
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវបណ្តាខ្ញុំបម្រើរបស់យើងដែលយើងបានជ្រើសរើសពួកគេ និងបណ្តាអ្នកនាំសាររបស់យើងដែលយើងបានតែងតាំពួកគេ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលមានភាពខ្លាំងក្លា(រវាសរវៃ)ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងស្វែងរកការពេញចិត្តពីទ្រង់ ហើយពួកគេគឺជាអ្នកដែលមានប្រាជ្ញាឈ្លាសវៃចំពោះសេចក្តីពិត និងភាពស្មោះត្រង់។
Sâd 38:46
ពិតប្រាកដណាស់ យើងបានប្រទានឲ្យពួកគេជាពិសេស នោះគឺការធ្វើឲ្យដួងចិត្តរបស់ពួកគេគិតគូរជានិច្ចចំពោះថ្ងៃបរលោក និងត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយការសាងទង្វើកុសល ព្រមទាំងអំពាវនាវមនុស្សឲ្យសាងនូវទង្វើកុសលសម្រាប់ថ្ងៃនោះ។
Sâd 38:47
ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមបណ្តាអ្នកដែលយើងបានជ្រើសរើសពួកគេដើម្បីគោរពប្រតិបត្តិ និងគោរពសក្ការៈមកចំពោះយើង ហើយយើងបានជ្រើសរើសពួកគេដើម្បីពាំនាំសាររបស់យើង និងផ្សព្វផ្សាយវាទៅកាន់មនុស្សលោក។
Sâd 38:48
ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំពីព្យាការីអ៊ីស្មាអែលដែលកូនប្រុសរបស់ព្យាការីអ៊ីព្រហ៊ីម ហើយចូរអ្នកចងចាំផងដែរពីព្យាការីអ៊ិលយ៉ាសាក់ និងព្យាការីហ្ស៊ុលគីហ្វលី ហើយចូរកោតសរសើរចំពោះពួកគេដោយការកោតសសើរយ៉ាងល្អប្រពៃចុះ ព្រោះពួកគេសាកសមនឹងទទួលបាននូវការកោតសរសើរនោះ។ ហើយអ្នកទាំងនោះ គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសចំពោះអល់ឡោះជាម្ចាស់។
Sâd 38:49
ទាំងនេះគឺជាការរៀបរាប់អំពីបណ្តាអ្នកនាំសារទាំងនោះតាមរយៈការកោតសរសើរយ៉ាងល្អប្រពៃ(ចំពោះពួកគេ)នៅក្នុងគម្ពីរគួរអាន។ ហើយពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាចដោយគោរពតាមការបង្គាប់ប្រើរបស់អល់ឡោះ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ល្អប្រពៃនៅថ្ងៃបរលោក។
Sâd 38:50
កន្លែងវិលត្រឡប់ដ៏ល្អប្រពៃនោះ គឺឋានសួគ៌អាត់និន ដែលពួកគេនឹងបានចូលក្នុងវានៅថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ទ្វាររបស់វាត្រូវបានគេបើកសម្រាប់ទទួលសា្វគមន៍ពួកគេយ៉ាងរាក់ទាក់បំផុត។
Sâd 38:51
ពួកគេទម្រេតខ្លួននៅលើគ្រែដែលគេបានតុបតែងសម្រាប់ពួកគេ។ ពួកគេស្នើសុំពីអ្នកបម្រើរបស់ពួកគេដើម្បីបម្រើដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ ដូចជាផ្លែឈើជាច្រើនប្រភេទ និងភេសជ្ជៈដែលពួកគេចូលចិត្ត ដូចជាស្រា និងអ្វីផ្សេងទៀត។
Sâd 38:52
ហើយពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលពួកនាងមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងនោះឡើយ ហើយពួកនាងមានអាយុស្មើៗគ្នា។
Sâd 38:53
ទាំងនេះគឺជាការតបស្នងដ៏ល្អប្រពៃនៅថ្ងៃបរលោកទៅលើទង្វើកុសលរបស់ពួកអ្នក(ឱបណ្តាអ្នកដែលកោតខ្លាច)ដែលពួកអ្នកបានសាងនៅលើលោកិយ ដែលគេធ្លាប់បានសន្យាចំពោះពួកអ្នក(កាលពីមុន)។
Sâd 38:54
ពិតប្រាកដណាស់ ការតបស្នងដែលយើងបានរៀបរាប់ខាងលើនេះ គឺជាលាភសក្ការៈរបស់យើងដែលយើងនឹងប្រទានលាភសក្ការៈនេះទៅឲ្យបណ្តាអ្នកដែលកោតខ្លាចនៅថ្ងៃបរលោក ហើយវាគឺជាលាភសក្ការៈដែលមានជាប់ជានិច្ច គ្មានទីបញ្ចប់ឡើយ។
Sâd 38:55
អ្វីដែលយើងបានរៀបរាប់មកនេះ គឺជាការតបស្នងសម្រាប់អ្នកដែលកោតខ្លាច។ ហើយប្រាកដណាស់ សម្រាប់ពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសវិញនោះ ការតបស្នងរបស់ពួកគេគឺផ្ទុយពីការតបស្នងចំពោះអ្នកដែលកោតខ្លាច ដោយពួកគេនឹងទទួលបានកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតដែលពួកគេនឹងវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោក។
Sâd 38:56
ការតបស្នងនេះ គឺនរកជើហាន់ណាំដែលហ៊ុមព័ទ្ធពួកគេ ហើយពួកគេនឹងទទួលរងនូវកម្ដៅរបស់វា និងអណ្តាតភ្លើងរបស់វា ហើយអណ្តាតភ្លើងនោះឯង គឺជាកម្រាលសម្រាប់ពួកគេ។ ពិតណាស់ កម្រាលដែលអាក្រក់បំផុត គឺកម្រាលរបស់ពួកគេនេះឯង។
Sâd 38:57
ទណ្ឌកម្មនេះ គឺទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះដែលហូរចេញពីខ្លួនប្រាណពួកចូលនរកដែលត្រូវបានគេដាក់ទណ្ឌកម្មនៅក្នុងនោះ។ ដូច្នេះ ចូរឲ្យពួកគេផឹកវាចុះ។ វានោះហើយគឺជាភេសជ្ជៈរបស់ពួកគេដែលវាមិនអាចបំបាត់ការស្រេករបស់ពួកគេបាននោះឡើយ។
Sâd 38:58
ហើយសម្រាប់ពួកគេ គឺមានទណ្ឌកម្មផ្សេងទៀតដែលមានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។ ជាការពិតណាស់ ពួកគេនឹងទទួលទណ្ឌកម្មជាច្រើនប្រភេទដែលគេនឹងដាក់ទណ្ឌកម្មលើពួកគេនៅថ្ងៃបរលោក។
Sâd 38:59
ហើយនៅពេលដែលពួកឋាននរកបានចូលក្នុងទៅក្នុងឋាននរកហើយនោះ ពួកគេបានឈ្លោះប្រកែកគ្នា និងបានប្រកែកយករួចខ្លួនរៀងៗខ្លួន ដោយពួកគេមួយចំនួនបាននិយាយថាៈ នេះគឺជាក្រុមមួយក្នុងចំណោមពួកឋាននរកដែលបានចូលឋាននរកជាមួយពួកអ្នក។ ពេលនោះ អ្នកទាំងនោះក៏បានឆ្លើយតបវិញថាៈ គ្មានការស្វាគមន៍អ្វីចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវទទួលទណ្ឌកម្មនៃភ្លើងនរក ដូចដែលពួកយើងបានទទួលនេះដែរ។
Sâd 38:60
មួយក្រុមនៃពួកដែលដើរតាមគេបាននិយាយទៅកាន់មេដឹកនាំរបស់ខ្លួនថាៈ ផ្ទុយទៅវិញ ពួកអ្នក(ឱពួកមេដឹកនាំ) គឺគ្មានការស្វាគមន៍អ្វីសម្រាប់ពួកអ្នកឡើយ ព្រោះពួកអ្នក គឺជាមូលហេតុដែលនាំឲ្យពួកយើងត្រូវទទួលទណ្ឌកម្មដ៏ឈឺផ្សានេះ ដោយពួកអ្នកបានធ្វើឲ្យពួកយើងវង្វេង និងបានបោកប្រាស់ពួកយើង។ ពិតប្រាកដណាស់ កន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត គឺកន្លែងនេះហើយ ដែលជាកន្លែងស្នាក់អាស្រ័យសម្រាប់ទាំងអស់គ្នា នោះគឺឋាននរកជើហាន់ណាំ។
Sâd 38:61
ពួកដែលដើរតាមគេនោះបាននិយាយទៀតថាៈ ឱម្ចាស់របស់ពួកយើង! ជនណាហើយដែលបានធ្វើឲ្យពួកយើងវង្វេងចេញពីការចង្អុលបង្ហាញក្រោយពីការចង្អុលបង្ហាញនោះបានមកដល់ពួកយើងហើយនោះ សូមទ្រង់មេត្តាដាក់ទណ្ឌកម្មទ្វេដងនៅក្នុងឋាននរក(ចំពោះពួកគេ)ផងចុះ។
Sâd 38:62
ហើយពួកក្រអឺតក្រទម ក្អេងក្អាង ដែលបំពាននោះបាននិយាយថាៈ ហេតុអ្វីបានជាពួកយើងមិនឃើញពួកបុរសៗដែលកាលនៅលើលោកិយ ពួកយើងធ្លាប់បានចាត់ទុកពួកគេថា ជាពួកមនុស្សអាក្រក់ដែលសាកសមនឹងទទួលទណ្ឌកម្មនោះ ស្ថិតក្នុងឋាននរកជាមួយពួកយើង?
Sâd 38:63
តើការមើលងាយ និងការចំអកឡកឡឺយរបស់ពួកយើងចំពោះពួកគេនោះខុស ដោយពួកគេមិនមែនជាអ្នកដែលសាកសមត្រូវទទួលទណ្ឌកកម្ម ឬក៏ការចំអកឡកឡឺយរបស់ពួកយើងចំពោះពួកគេនោះត្រឹមត្រូវ ដោយពួកគេបានចូលឋាននរកហើយ គ្រាន់តែពួកយើងមិនបានឃើញពួកគេ?
Sâd 38:64
ពិតប្រាកដណាស់ ការឈ្លោះប្រកែកគ្នារបស់ពួកប្រឆាំងនៅថ្ងៃបរលោកដែលយើងបានរៀបរាប់ប្រាប់អ្នកនោះ គឺជារឿងពិតដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។
Sâd 38:65
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកប្រឆាំងនៃក្រុមរបស់អ្នកថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះប៉ុណ្ណោះ ខ្លាចក្រែងទណ្ឌកម្មនោះធ្លាក់មកលើពួកអ្នកដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះទ្រង់ និងការបដិសេធរបស់ពួកអ្នកចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ហើយគ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់តែមួយគត់ចំពោះភាពធំធេង លក្ខណៈសម្បត្តិ និងព្រះនាមរបស់ទ្រង់។ ទ្រង់មហាខ្លាំងពូកែ ដែលជាអ្នកខ្លាំងពូកែលើសអ្វីៗទាំងអស់។ ដូចនេះ អ្វីៗទាំងអស់ គឺឱនលំទោនទៅចំពោះទ្រង់។
Sâd 38:66
ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែក្នុងការគ្រប់គ្រងរបស់ទ្រង់ដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសារភាពកំហុសក្នុចំណោមខ្ញុំបម្រើរបស់ទ្រង់។
Sâd 38:67
ចូរអ្នក(អ្នកនាំសារឱមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាដំណឹងដែលមានរឿងរ៉ាវដ៏ធំធេង។
Sâd 38:68
តែពួកអ្នកបែរជាងាកចេញពីដំណឺងដ៏ធំធេងនេះទៅវិញ ដោយពួកអ្នកមិនងាកមើលវាឡើយ។
Sâd 38:69
ខ្ញុំពុំបានដឹងអំពីអ្វីដែលពួកម៉ាឡាអ៊ីកាត់បានសន្ទនាគ្នានៅក្នុងរឿងបង្កើតព្យាការីអាហ្ទាំនោះទេ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានផ្តល់វ៉ាហ៊ីដល់ខ្ញុំ និងមិនបានប្រាប់ខ្ញុំទេនោះ។
Sâd 38:70
តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនេះ គឺដោយសារតែខ្ញុំជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់ទ្រង់នូវការដាស់តឿនព្រមានមួយយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
Sâd 38:71
ចូរអ្នកចងចាំ នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងជាអ្នកបង្កើតមនុស្សលោកពីដីឥដ្ឋ គឺព្យាការីអាហ្ទាំ។
Sâd 38:72
ហើយនៅពេលដែលយើងបង្កើតគេ(ព្យាការីអាហ្ទាំ)រួចរាល់ និងបានធ្វើឲ្យគេមានរូបរាងសមសួនពេញលក្ខណៈហើយនោះ ព្រមទាំងបានផ្លុំបញ្ចូលទៅក្នុងខ្លួនរបស់គេនូវវិញ្ញាណរបស់យើងហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ឱនស៊ូជូតទៅចំពោះគេចុះ។
Sâd 38:73
ពេលនោះ បណ្តាម៉ាឡាអ៊ីកាត់ទាំងអស់ក៏បានគោរពតាមបទបញ្ជានៃម្ចាស់របស់ពួកគេ ហើយពួកគេទាំងអស់ក៏បានឱនស៊ូជូតចំពោះព្យាការីអាហ្ទាំទាំងអស់គ្នា ជាការស៊ូជូតក្នុងន័យលើកតម្កើង(ពុំមែនក្នុងន័យគោរពសក្ការៈនោះទេ) ដោយគ្មាននរណាម្នាក់ដែលមិនស៊ូជោតនោះឡើយ។
Sâd 38:74
លើកលែងតែអ៊ិព្លីសប៉ុណ្ណោះដែលវាក្រអឺតក្រទម ក្អេងក្អាងមិនព្រមស៊ូជូទចំពោះព្យាការីអាហ្ទាំឡើយ ហើយដោយសារតែភាពក្រអឺតក្រទមរបស់វាចំពោះបទបញ្ជានៃម្ចាស់របស់វានោះ វាក៏បានស្ថិតនៅក្នុងចំណោមពួកដែលប្រឆាំង។
Sâd 38:75
អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ិព្លីស! តើមានអ្វីដែលរារាំងឯងមិនឲ្យស៊ូជូទចំពោះព្យាការីអាហ្ទាំដែលយើងបានបង្កើតរូបគេដោយដៃទាំងពីររបស់យើងនោះ? តើភាពក្រអឺតក្រទមនោះឬដែលរារាំងឯងមិនឲ្យស៊ូជូត ឬមួយក៏អ្នកមានភាពក្រអឺតក្រទមចំពោះម្ចាស់របស់ឯងតាំងពីមុនមកហើយ?
Sâd 38:76
អ៊ិព្លីសបានឆ្លើយថាៈ ខ្ញុំល្អជាងអាហ្ទាំ។ ពិតប្រាកដណាស់ ទ្រង់បានបង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតអាហ្ទាំពីដីឥដ្ឋប៉ុណ្ណោះ។ ហើយតាមការអះអាងរបស់វា(អ៊ិព្លីស) គឺវាយល់ថា ភ្លើងប្រសើរថ្កំថ្កើងជាងដី។
Sâd 38:77
អល់ឡោះបានមានបន្ទូលទៅកាន់អ៊ិព្លីសថាៈ ដូច្នេះ ចូរឯងចាកចេញពីឋានសួគ៌ចុះ ព្រោះថា ពិតណាស់ ឯងគឺជាអ្នកដែលត្រូវបានគេដាក់បណ្តាសាដែលត្រូវបានជេរស្តីហើយ។
Sâd 38:78
ហើយពិតប្រាកដណាស់ ឯងត្រូវបានគេបណ្តេញចេញពីឋានសួគ៌ រហូតដល់ថ្ងៃតបស្នង ពោលគឺថ្ងៃបរលោក។
Sâd 38:79
អ៊ិព្លីសបាននិយាយថាៈ បើដូច្នេះ សូមទ្រង់មេត្តាពន្យារពេល និងសូមទុកជីវិតដល់ខ្ញុំ រហូតដល់ថ្ងៃដែលទ្រង់ពង្រស់ខ្ញុំបម្រើរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ។
Sâd 38:80
អល់ឡោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ ឯងគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល
Sâd 38:81
រហូតដល់ថ្ងៃដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ដើម្បីបំផ្លាញអ្នក។
Sâd 38:82
អ៊ិព្លីសបាននិយាយថាៈ ជាការពិតណាស់ ខ្ញុំសូមស្បថនឹងសមត្ថភាពរបស់ទ្រង់ និងភាពខ្លាំងក្លារបស់ទ្រង់ថា ពិតប្រាកដណាស់ ខ្ញុំប្រាកដជានឹងធ្វើឲ្យកូនចៅរបស់អាហ្ទាំទាំងអស់វង្វេង។
Sâd 38:83
លើកលែងតែជនណាដែលទ្រង់បានការពាររូបគេពីការពង្វក់(ធ្វើឲ្យវង្វេង)របស់ខ្ញុំ និងធ្វើឲ្យគេមានចិត្តស្មោះសក្នុងការគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ប៉ុណ្ណោះ។
Sâd 38:84
អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ការពិត គឺមកអំពីយើង ហើយបន្ទូលរបស់យើង គឺជាការពិត ដោយយើងមិនមានបន្ទូលនូវអ្វីដែលមិនមែនជាការពិតឡើយ។
Sâd 38:85
នៅថ្ងៃបរលោក យើងពិតជានឹងបំពេញនរកជើហាន់ណាំអំពីឯង(អ៊ិព្លីស) និងអ្នកដែលដើរតាមឯងក្នុងការប្រឆាំងក្នុងចំណោមកូនចៅអាហ្ទាំទាំងអស់គ្នា។
Sâd 38:86
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ខ្ញុំមិនបានស្នើសុំកម្រៃពីពួកអ្នកចំពោះការផ្សព្វផ្សាយនូវដំបូន្មានទាំងឡាយដែលខ្ញុំបានផ្សព្វផ្សាយទៅកាន់ពួកអ្នកនោះឡើយ ហើយខ្ញុំក៏មិនមែនស្ថិតនៅក្នុងចំណោមពួកដែលប្រឌិតបន្ថែមពីលើអ្វីដែលគេបានបញ្ជាមកចំពោះខ្ញុំ(ឲ្យផ្សព្វផ្សាយវា)នោះដែរ។
Sâd 38:87
គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការដាស់រំឭកដល់បណ្តាអ្នកដែលត្រូវទទួលកាតព្វកិច្ចក្នុងចំណោមមនុស្សលោក និងពួកជិននោះឡើយ។
Sâd 38:88
ហើយពួកអ្នកប្រាកដជានឹងបានដឹងពីដំណឹងនៃគម្ពីរគួរអាននេះ ក្រោយពីពេលនេះតទៅ រហូតដល់ពេលពួកអ្នកស្លាប់ថាៈ ពិតប្រាកដណាស់ គម្ពីរគួរអាន គឺជាការពិតពិតប្រាកដមែន។
Zümer 39:1
ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ដោយវា(គម្ពីរគួរអាន)មិនមែនបញ្ចុះមកអំពីអ្នកផ្សេងក្រៅទ្រង់នោះឡើយ។
Zümer 39:2
ពិតប្រាកដណាស់ យើងបានបញ្ចុះទៅលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដែលពោរពេញដោយការពិតនៅក្នុងនោះ។ ដូចនេះ ព័ត៌មានទាំងអស់(ដែលមាននៅក្នុងគម្ពីរគួរអាននេះ) គឺជាពិត ហើយក្បួនច្បាប់ទាំងអស់ដែលមាននៅក្នុងវា គឺប្រកបដោយភាពយុត្តិធម៌។ ដូច្នេះ ចូរអ្នកគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ប្រកបដោយភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់ ចាកផុតពីអំពើស្ហ៊ីរិក។
Zümer 39:3
តើពុំមែនទេឬ សាសនាដែលបរិសុទ្ធចាកផុតពីអំពើស្ហ៊ីរិក(សាសនាឥស្លាម)នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពួកដែលយករូបបដិមានិងស្ហៃតនទាំងឡាយធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ដោយគោរពសក្ការៈទៅចំពោះពួកវាផ្សេងពីអល់ឡោះនោះ ពួកគេបាននិយាយយកលេសចំពោះការគោរពសក្ការៈទៅកាន់ព្រះទាំងនោះថាៈ ពួកយើងមិនបានគោរពសក្ការៈទៅចំពោះព្រះទាំងនោះឡើយ លើកលែងតែដើម្បីឲ្យពួកវាបញ្ជិតខ្លួនពួកយើងឲ្យមានឋានៈនៅជិតអល់ឡោះ ហើយលើកយកនូវតម្រូវការរបស់ពួកយើងទៅកាន់ទ្រង់ ព្រមទាំងជួយអន្តរាគមន៍ដល់ពួកយើងចំពោះទ្រង់តែប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកមានជំនឿដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងរវាងពួកប្រឆាំងដែលប្រព្រឹត្តអំពើស្ហ៊ីរិក(ពហុទេពនិយម)នៅថ្ងៃបរលោក ចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនប្រទាននូវការចង្អុលបង្ហាញទៅកាន់ការពិតចំពោះជនណាដែលកុហកបោកប្រាស់ទៅលើអល់ឡោះដោយចោទថាទ្រង់មានដៃគូ និងរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់គេនោះឡើយ។
Zümer 39:4
ប្រសិនបើអល់ឡោះមានចេតនាចង់យកនរណាម្នាក់ធ្វើជាបុត្រនោះ ទ្រង់ប្រាកដជានឹងជ្រើសរើសនរណាម្នាក់ក្នុងចំណោមម៉ាខ្លូករបស់ទ្រង់នូវអ្វីដែលទ្រង់មានចេតនា ហើយផ្តល់ឋានៈជាបុត្រដល់គេមិនខានឡើយ។ ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់។ ទ្រង់គឺជាព្រះជាម្ចាស់តែមួយ ដោយខ្លួនទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើទាំងឡាយរបស់ទ្រង់ ដោយគ្មានដៃគូណាមករួមជាមួយទ្រង់ក្នុងរឿងទាំងនោះឡើយ។ ទ្រង់ជាម្ចាស់មហាខ្លាំងក្លាបំផុតលើម៉ាខ្លួកទាំងឡាយរបស់ទ្រង់។
Zümer 39:5
ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ ពុំមែនបង្កើតវាទាំងពីរជាការលេងសើចដូចដែលពួកបំពានបាននិយាយនោះឡើយ។ ទ្រង់បញ្ចូលពេលយប់ទៅលើពេលថ្ងៃ ហើយបញ្ចូលពេលថ្ងៃទៅលើពេលយប់។ នៅពេលណាដែលពេលវេលាមួយ(ពេលយប់ឬពេលថ្ងៃ)បានមកដល់ ពេលវេលាមួយទៀតនឹងបាត់។ ហើយទ្រង់បញ្ជាព្រះអាទិត្យ និងបញ្ជាព្រះចន្ទ ដោយឲ្យវាទាំងពីរធ្វើដំណើរ(តាមគន្លងរៀងៗខ្លួន)រហូតដល់ពេលវេលាដែលត្រូវបានកំណត់ ពោលគឺពេលបញ្ចប់នៃការរស់នៅ(លើលោកិយ)នេះ។ តើពុំមែនទេឬ ទ្រង់មហាខ្លាំងពូកែ ដែលអាចផ្តន្ទាទោសសត្រូវរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Zümer 39:6
ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)បានបង្កើតពួកអ្នកពីមនុស្សតែម្នាក់ គឺព្យាការីអាហ្ទាំ។ បន្ទាប់មក ទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ា។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វអូដ្ឋ សត្វគោ សត្វពពែ និងសត្វចៀម ចំនួនប្រាំបីប្រភេទ ដោយរាល់ប្រភេទនីមួយៗនោះ ទ្រង់បានបង្កើតឲ្យមានឈ្មោលនិងញី។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្តាយរបស់ពួកអ្នកជាដំណាក់កាលៗ ដោយស្ថិតក្នុងទីងងឹតចំនួនបី គឺទីងងឹតនៃពោះ ទីងងឹតនៃស្បូន និងទីងងឹតនៃសុក។ អ្នកដែលបង្កើតអ្វីៗទាំងនោះហើយ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ការគ្រប់គ្រងទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរពីការគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)ទៅកាន់ការគោរពសក្ការៈចំពោះអ្នកដែលមិនបានបង្កើតអ្វីសោះ ខណៈដែលពួកគេជាអ្នកដែលត្រូវបានគេបង្កើតដែរនោះយ៉ាងដូចម្តេច?
Zümer 39:7
ប្រសិនបើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រឆាំងនឹងម្ចាស់របស់ពួកអ្នកនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវសេចក្តីជំនឿរបស់ពួកអ្នកឡើយ ហើយការប្រឆាំងរបស់ពួកអ្នកនោះ ក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ។ តាមពិត គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺវិលត្រឡប់ទៅរកពួកអ្នកវិញតែប៉ុណ្ណោះ។ ហើយទ្រង់មិនពេញចិត្តឲ្យខ្ញុំបម្រើរបស់ទ្រង់ប្រឆាំងនឹងទ្រង់ឡើយ ហើយទ្រង់ក៏មិនប្រើពួកគេឲ្យប្រឆាំងដែរ ព្រោះអល់ឡោះជាម្ចាស់មិនប្រើឲ្យប្រព្រឹត្តទង្វើអសីលធម៌ និងទង្វើអាក្រក់នោះឡើយ។ ហើយប្រសិនបើពួកអ្នកដឹងគុណអល់ឡោះទៅលើឧបការគុណទាំងឡាយរបស់ទ្រង់ និងមានជំនឿចំពោះទ្រង់នោះ គឺទ្រង់ពេញចិត្តចំពោះការដឹងគុណរបស់ពួកអ្នក ហើយទ្រង់នឹងផ្តល់ផលបុណ្យដល់ពួកអ្នកទៅលើការមានជំនឿ និងការដឹងគុណនោះ។ ហើយគ្មានបុគ្គលណាម្នាក់ត្រូវទទួលបាបកម្មជំនួសអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ បុគ្គលគ្រប់រូប គឺទទួលខុសត្រូវតែទៅលើទង្វើដែលខ្លួនបានសាងប៉ុណ្ណោះ។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក គឺទៅកាន់ម្ចាស់របស់ពួកអ្នកតែមួយគត់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយ ហើយទ្រង់នឹងតបស្នងពួកអ្នកទៅលើទង្វើរបស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មានអ្វីមួយដែលនៅក្នុងចិត្តរបស់គេអាចលាក់បាំងពីទ្រង់បានឡើយ។
Zümer 39:8
ហើយនៅពេលដែលពួកប្រឆាំងបានជួបប្រទះនឹងគ្រោះអ្វីមួយ ដូចជាជំងឺឈឺថ្កាត់ បាត់បង់ទ្រព្យសម្បត្តិ និងមានការភ័យខ្លាចពីការលិចលង់ជាដើមនោះ គឺរូបគេបួងសួងទៅកាន់ម្ចាស់របស់គេឲ្យទ្រង់ដកយកគ្រោះភ័យទាំងនោះ ដោយវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់តែមួយគត់។ បន្ទាប់មក នៅពេលដែលទ្រង់បានប្រទានឲ្យគេនូវឧបការគុណដោយឲ្យរូបគេបានរួចផុតពីគ្រោះភ័យដែលគេបានទទួលរងនោះ គឺរូបគេបែរជាបោះបង់ចោលអ្នកដែលរូបគេបានបួងសួងអង្វរករទៅកាន់ទ្រង់កាលពីមុនមក គឺអល់ឡោះជាម្ចាស់ ទៅវិញ ហើយគេក៏បានបង្កើតនូវដៃគូជាច្រើនសម្រាប់អល់ឡោះជាម្ចាស់ ដោយរូបគេគោរពសក្ការៈទៅចំពោះពួកវា(ព្រះនានា)ផ្សេងពីអល់ឡោះ ដើម្បីធ្វើឲ្យអ្នកដទៃវង្វេងពីមាគ៌ារបស់អល់ឡោះដែលអាចនាំទៅកាន់ទ្រង់នោះទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកដែលស្ថានភាពរបស់គេបែបនេះថាៈ ចូរអ្នកសប្បាយរីករាយជាមួយភាពគ្មានជំនឿរបស់អ្នកសម្រាប់ជីវិតដែលនៅសេសសល់របស់អ្នកនេះទៀតចុះ វាគឺជារយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ។ ពិតប្រាដកណាស់ អ្នកគឺស្ថិតក្នុងចំណោមពួកឋាននរក ដែលស្ថិតនៅក្នុងនោះជាអមតៈនៅថ្ងៃបរលោក។
Zümer 39:9
តើអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះដោយចំណាយពេលវេលានៅពេលយប់របស់គេ ក្រាបស៊ូជូត និងឈរចំពោះម្ចាស់របស់គេ ដោយគេខ្លាចទណ្ឌកម្មនៅថ្ងៃបរលោក ហើយសង្ឃឹមចំពោះក្តីមេត្តាករុណាដ៏ល្អប្រពៃពីម្ចាស់របស់គេនោះល្អជាង ឬក៏ពួកប្រឆាំងដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេលមានគ្រោះអាសន្ន ហើយប្រឆាំងនឹងទ្រង់វិញនៅពេលមានក្តីសុខ ព្រមទាំងបានបង្កើតដៃគូជាច្រើនជាមួយអល់ឡោះនោះល្អជាង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តើស្មើគ្នាដែរឬទេរវាងអ្នកដែលបានដឹងនូវអ្វីដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេ ដោយសារតែពួកគេស្គាល់អល់ឡោះ ហើយនិងពួកទាំងនោះដែលមិនដឹងអ្វីសោះអំពីរឿងនោះ? តាមពិត មានតែបញ្ញាជនប៉ុណ្ណោះដែលដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរនេះ។
Zümer 39:10
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះយើង និងមានជំនឿលើបណ្តាអ្នកនាំសារទាំងឡាយរបស់យើងថាៈ ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយជៀសវាងពីបំរាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សម្រាប់បណ្តាអ្នកដែលបានសាងអំពើល្អក្នុងចំណោមពួកអ្នកនៅលើលោកិយនេះ ពួកគេនឹងទទួលបានផលល្អក្នុងលោកិយនេះដោយការទទួលបាននូវជំនួយ(ពីអល់ឡោះ) មានសុខភាពល្អ និងមានទ្រព្យសម្បត្តិ ហើយនឹងទទួលបានឋានសួគ៌នៅថ្ងៃបរលោក។ ហើយផែនដីរបស់អល់ឡោះ គឺទូលំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកភៀសខ្លួននៅលើផែនដីនេះចុះ រហូតដល់ពួកអ្នកបានជួបប្រទះនូវទីកន្លែងដែលពួកអ្នកអាចគោរពសក្ការៈទៅចំពោះអល់ឡោះបាន ដោយគ្មាននរណាម្នាក់រារាំងពួកអ្នក(ពីការគោរពសក្ការៈចំពោះទ្រង់)។ ពិតប្រាកដណាស់ គេនឹងប្រទានឲ្យបណ្តាអ្នកដែលអត់ធ្មត់នូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកដោយមិនអាចគណនាបានឡើយ ព្រោះតែវាមានចំនួនច្រើនលើសលប់។
Zümer 39:11
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ រូបខ្ញុំត្រូវបានអល់ឡោះបង្គាប់ប្រើឲ្យគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ប្រកបដោយចិត្តស្មោះចំពោះទ្រង់ក្នុងការគោរពសក្ការៈនោះ។
Zümer 39:12
ហើយទ្រង់ក៏បានបង្គាប់ប្រើខ្ញុំឲ្យក្លាយជាអ្នកដែលកាន់សាសនាឥស្លាមមុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។
Zümer 39:13
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាចរូបខ្ញុំត្រូវទទួលទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក ប្រសិនបើខ្ញុំល្មើសនឹងអល់ឡោះ និងមិនគោរពប្រតិបត្តិចំពោះទ្រង់ទេនោះ។
Zümer 39:14
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងការគោរពសក្ការៈ ដោយខ្ញុំមិនគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយទ្រង់ឡើយ។
Zümer 39:15
ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)គោរពសក្ការៈទៅកាន់រូបបដិមានានាក្រៅពីអល់ឡោះតាមតែចិត្តរបស់ពួកអ្នកចុះ។ (ការបញ្ជាបែបនេះ គឺជាការគម្រាមប៉ុណ្ណោះ ពុំមែនប្រើឲ្យពួកគេគោរពសក្ការៈចំពោះរូបបដិមាពិតមែននោះទេ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់ពិតប្រាកដនោះ គឺជាពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេ ដោយពួកគេមិនបានជួបគ្នា ដោយសារម្នាក់ត្រូវចូលឋានសួគ៌ ម្នាក់ទៀតត្រូវចូលឋាននរក ឬក៏ពួកគេត្រូវចូលនរកទាំងអស់គ្នា។ ដូច្នេះ ពួកគេមិនអាចជួបគ្នាជារៀងរហូត។ តើមិនមែនជាការពិតទេឬដែលថា នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់ដែលគ្មានការសង្ស័យឡើយ។
Zümer 39:16
នៅពីលើពួកគេនិងនៅពីក្រោមពួកគេនោះ គឺមានផ្សែង អណ្តាតភ្លើង ហើយនិងកំដៅ(ដ៏ក្តៅបំផុត)។ ទណ្ឌកម្មដែលបានលើកឡើងនោះហើយដែលអល់ឡោះបានព្រមានបន្លាចខ្ញុំបម្រើរបស់ទ្រង់ឲ្យពួកគេមានការភ័យខ្លាចនោះ។ ឱបណ្តាខ្ញុំបម្រើទាំងឡាយរបស់យើង! ចូរពួកអ្នកកោតខ្លាចមកចំពោះយើងដោយគោរពតាមការបង្គាប់ប្រើរបស់យើង និងជៀសវាងពីបម្រាមទាំងឡាយរបស់យើងចុះ។
Zümer 39:17
ហើយបណ្តាអ្នកដែលបានចៀសឆ្ងាយពីការគោរពសក្ការៈចំពោះរូបបដិមា និងអំពីរាល់អ្វីៗដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះ ហើយពួកគេវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុសនោះ ពួកគេនឹងទទួលបាននូវដំណឹងរីករាយនៅពេលដែលពួកគេស្លាប់ នៅពេលស្ថិតក្នុងផ្នូរ និងនៅថ្ងៃបរលោកថា (ពួកគេ)នឹងទទួលបាននូវឋានសួគ៌។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយនេះដល់បណ្តាខ្ញុំបម្រើទាំងឡាយរបស់យើងចុះ។
Zümer 39:18
គឺបណ្តាអ្នកដែលស្តាប់នូវពាក្យសម្ដីទាំងឡាយ ហើយចេះបែងចែករវាងអ្វីដែលល្អនិងអ្វីដែលអាក្រក់អំពីពាក្យសម្តីទាំងនោះ ហើយពួកគេធ្វើតាមពាក្យសម្តីណាដែលល្អ ដែលផ្តល់ផលប្រយោជន៍ដល់គេ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះប្រទាននូវការចង្អុលបង្ហាញដល់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលមានសតិបញ្ញាល្អប្រពៃនោះ។
Zümer 39:19
ជនណាហើយដែលទណ្ឌកម្មបានកំណត់ត្រូវធ្លាក់ទៅលើគេ ដោយសារតែការបន្តស្ថិតនៅក្នុងការប្រឆាំង និងការវង្វេងរបស់គេនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានមធ្យោបាយអ្វីដើម្បីចង្អុលបង្ហាញដល់រូបគេនោះឡើយ។ ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានសមត្ថភាពអាចសង្គ្រោះអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះឲ្យចាកផុតពីភ្លើងនរកបានឬ?
Zümer 39:20
ផ្ទុយទៅវិញ បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយគោរពតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ពួកគេនឹងទទួលបានវិមានដ៏ខ្ពស់ស្កឹមស្កៃដែលស្ថិតនៅពីលើគ្នា ព្រមទាំងមានទន្លេហូរកាត់ពីក្រោមវាផងដែរ។ នេះគឺជាការសន្យារបស់អល់ឡោះចំពោះពួកគេ ហើយអល់ឡោះជាម្ចាស់ ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់ឡើយ។
Zümer 39:21
ពិតប្រាកដណាស់ ពួកអ្នកបានដឹងដោយបានឃើញយ៉ាងច្បាស់ហើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបញ្ចូលវាទៅក្នុងដីក្លាយជាប្រភពទឹក។ បន្ទាប់មក តាមរយៈទឹកនោះ ទ្រង់បានបញ្ចេញនូវដំណាំដាំដុះដែលពណ៌របស់វាខុសៗគ្នា។ បន្ទាប់មក ទ្រង់បានធ្វើឲ្យដំណាំនោះបានប្រែទៅជាស្ងួត ហើយអ្នកបានឃើញវាមានពណ៌លឿងក្រោយពីវាមានពណ៌បៃតងស្រស់នោះ។ បន្ទាប់មក ក្រោយពីវាស្ងួតហើយនោះ ទ្រង់ក៏បានធ្វើឲ្យវារលាយខ្ទេចខ្ទី។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងនោះ គឺជាការដាស់រំឮកសម្រាប់បណ្តាអ្នកដែលមានចិត្តចេះគិតពិចារណា។
Zümer 39:22
តើអ្នកដែលអល់ឡោះបានបើកចិត្តរបស់គេឲ្យទូលាយទៅរកសាសនាឥស្លាម ដូច្នេះ គេក៏ទទួលការចង្អុលបង្ហាញទៅកាន់វា(សាសនាឥស្លាម) ហើយរូបគេទទួលបានការបំភ្លឺពីម្ចាស់របស់គេនោះ ដូចជាអ្នកដែលចិត្តរបស់គេរឹងរូសពីការរំលឹកចំពោះអល់ឡោះឬ? ទេ គេទាំងពីរមិនស្មើគ្នាជាដាច់ខាត ពីព្រោះ ជោគជ័យ គឺសម្រាប់បណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ រីឯភាពបរាជ័យ គឺសម្រាប់ពួកដែលចិត្តរបស់ពួកគេរឹងរូសពីការការរំលឹកចំពោះអល់ឡោះ។ ពួកទាំងនោះគឺស្ថិតក្នុងភាពវង្វេងអំពីការពិតយ៉ាងច្បាស់លាស់។
Zümer 39:23
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ នូវគម្ពីរគួរអានដែលជាបន្ទូលដ៏ល្អប្រពៃជាទីបំផុត។ ទ្រង់បានបញ្ចុះវាដោយមានលក្ខណៈស្រដៀងគ្នាចំពោះភាពសច្ច ភាពល្អប្រពៃ ភាពស៊ីគ្នា(ស្របគ្នា) និងមិនមានភាពផ្ទុយគ្នានោះឡើយ ដោយនៅក្នុងគម្ពីរគួរអាននោះ មាននិយាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗ ក្បួនច្បាប់នានា ការសន្យា(ឋានសួគ៌សម្រាប់អ្នកមានជំនឿ) និងការព្រមាន(ដាក់ទណ្ឌកម្មចំពោះពួកប្រឆាំង) លក្ខណៈសម្បត្តិរបស់អ្នកដែលស្ថិតនៅលើការពិត លក្ខណៈសម្បត្តិរបស់ពួកដែលស្ថិតនៅលើភាពខុសឆ្គង និងរឿងរ៉ាវផ្សេងៗទៀត។ ស្បែករបស់បណ្តាអ្នកដែលខ្លាចម្ចាស់របស់ពួកគេ ព្រឺញាប់ញ័រនៅពេលដែលពួកគេបានឮវាក្យខណ្ឌដែលដែលលើកឡើងពីការព្រមានដាក់ទណ្ឌកម្ម និងការគម្រាមដែលមានក្នុងវា(គម្ពីរគួរអាន)នោះ។ បន្ទាប់មក ស្បែករបស់ពួកគេ និងចិត្តរបស់ពួកគេមានភាពទន់ភ្លន់ទៅកាន់ការរំលឹករបស់អល់ឡោះនៅពេលដែលពួកគេបានឮវាក្យខណ្ឌដែលលើកឡើងពីក្តីសង្ឃឹម និងដំណឹងរីករាយ។ អ្វីដែលបានលើកឡើងខាងលើទាក់ទងនឹងគម្ពីរគួរអាន ហើយនិងឥទ្ធិពលរបស់វានោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះដែលទ្រង់ចង្អុលបង្ហាញនឹងវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងដោយទ្រង់មិនផ្តល់ការចង្អុលបង្ហាញដល់រូបគេទេនោះ ពិតណាស់ គឺរូបគេគ្មានអ្នកដែលចង្អុលបង្ហាញរូបគេ(ទៅកាន់ការពិត)នោះឡើយ។
Zümer 39:24
តើរវាងអ្នកដែលអល់ឡោះចង្អុលបង្ហាញរូបគេ និងបានបំភ្លឺផ្លូវដល់គេនៅក្នុងលោកិយ ព្រមទាំងបញ្ចូលរូបគេទៅក្នុងឋានសួគ៌នៅថ្ងៃបរលោក ហើយនិងអ្នកដែលប្រឆាំង និងបានស្លាប់ដោយស្ថិតនៅលើភាពប្រឆាំងរបស់គេ ព្រមទាំងទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរក ដោយដៃទាំងពីរនិងជើងទាំងពីររបស់គេជាប់ខ្នោះដោយមិនអាចការពារខ្លួនពីភ្លើងនរកលើកលែងតែយកមុខរបស់គេទៅផ្កាប់ទៅលើភ្លើងនរកនោះ តើស្មើគ្នាដែរឬទេ? ហើយមានគេនិយាយទៅកាន់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងការប្រព្រឹត្តល្មើសក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកបានសាងនៃការប្រឆាំង និងការប្រព្រឹត្តល្មើស ព្រោះថា នេះហើយគឺជាការតបស្នងរបស់ពួកអ្នកនោះ។
Zümer 39:25
ប្រជាជាតិជំនាន់មុនពួកមុស្ហរីគីន(ម៉ាក្កះ)ទាំងនោះបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ) រួចមក ទណ្ឌកម្មក៏បានមកដល់ពួកគេភ្លាមៗដោយពួកគេមិនបានដឹងខ្លួនដើម្បីឲ្យពួកគេអាចត្រៀមខ្លួនសម្រាប់វាដោយការសារភាពកំហុសនោះឡើយ។
Zümer 39:26
ដូច្នេះ អល់ឡោះក៏បានឲ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏សែនវេទនា និងដ៏អាម៉ាសបំផុតនៅលើលោកិយនេះ ហើយពិតប្រាកដណាស់ ទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេនោះ គឺធ្ងន់ធ្ងរនិងខ្លាំងក្លាជាងនេះទៅទៀតប្រសិនបើពួកគេបានដឹង។
Zümer 39:27
ហើយពិតប្រាកដណាស់ យើងបានលើកជាឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកលើព្យាការីមូហាំម៉ាត់នេះនូវឧទាហរណ៍ជាច្រើនប្រភេទ ដូចជាប្រការល្អ ប្រការអាក្រក់ ភាពត្រឹមត្រូវ ភាពខុសឆ្គង ភាពមានជំនឿ និងភាពគ្មានជំនឿ ហើយនិងអ្វីផ្សេងៗទៀត សង្ឃឹមថាពួកគេយកឧទាហរណ៍ដែលយើងបានលើកឡើងទាំងនោះធ្វើជាមេរៀន ហើយអនុវត្តន៍តាមអ្វីដែលជាប្រការត្រឹមត្រូវ និងបោះបង់ចោលប្រការខុសឆ្គង ។
Zümer 39:28
យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ ដែលគ្មានភាពវៀចវេរ គ្មានភាពលម្អៀង និងគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា សង្ឃឹមថាពួកគេកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។
Zümer 39:29
អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់អ្នកដែលធ្វើស្ហ៊ីរិក និងអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះតែមួយ គឺរឿងបុរសម្នាក់(ជាខ្ញុំបម្រើគេ)ដែលមានចៅហ្វាយជាច្រើន(ជាអ្នកគ្រប់គ្រង)ដែលឈ្លោះប្រជែងគ្នាក្នុងរឿងរបស់គេ(ខ្ញុំបម្រើនោះ)។ ប្រសិនបើគេ(ខ្ញុំបម្រើ)ធ្វើឲ្យចៅហ្វាយម្ខាងពេញចិត្ត នោះនឹងធ្វើឲ្យម្ខាងទៀតខឹងសម្បា ពោលគឺគេស្ថិតក្នុងភាពអល់អែក មិនច្បាស់លាស់។ រីឯបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត) មានភាពស្មោះត្រង់ចំពោះចៅហ្វាយនាយតែម្នាក់គត់ ហើយចៅហ្វាយម្នាក់នោះឯងដែលជាអ្នកគ្រប់គ្រងគេ(ខ្ញុំបម្រើនោះ) ហើយរូបគេដឹងនូវអ្វីដែលចៅហ្វាយនាយរបស់គេចង់បាន។ ដូច្នេះ រូបគេស្ថិតក្នុងភាពស្ងប់ចិត្ត និងមានចិត្តនឹងនរ។ មិនស្មើគ្នាឡើយរវាងបុរសទាំងពីរនេះ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនបានដឹងឡើយ។ ដូច្នេះហើយទើបពួកគេនាំគ្នាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ)នោះ។
Zümer 39:30
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ ដោយចៀសមិនផុតឡើយ។
Zümer 39:31
បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងឈ្លោះប្រកែកគ្នានៅចំពោះមុខម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកប្រកែក(ខ្វែងគំនិត)គ្នាចំពោះវានោះ ហើយទ្រង់នឹងបញ្ជាក់ប្រាប់ឲ្យពួកអ្នកបានដឹងថា តើអ្នកណាដែលស្ថិតនៅលើការពិត ហើយតើអ្នកណាដែលស្ថិតនៅលើប្រការមិនពិតនោះ។
Zümer 39:32
ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ដូចជាចោទថា ទ្រង់មានដៃគូ មានប្រពន្ធ និងមានកូននោះទេ ហើយក៏គ្មានអ្នកណាដែលបំពានខ្លាំងជាងអ្នកដែលបដិសេធចំពោះវ៉ាហ៊ីដែលអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)បាននាំមកនោះដែរ។ តើនៅក្នុងឋាននរកនោះ ពុំមានកន្លែងស្នាក់អាស្រ័យសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកទេឬ? ពិតមែនហើយ ប្រាកដណាស់ នៅក្នុងឋាននរកនោះ គឺមានកន្លែងស្នាក់អាស្រ័យសម្រាប់ពួកគេពិតប្រាកដមែន។
Zümer 39:33
រីឯអ្នកដែលនាំមកនូវការពិតក្នុងពាក្យសម្ដីនិងនិងទង្វើរបស់គេ ដូចជាបណ្តាព្យាការីទាំងឡាយនិងអ្នកផ្សេងក្រៅពីពួកគេ ហើយនិងអ្នកដែលបានជឿជាក់យ៉ាងពិតប្រាកដចំពោះវា និងបានអនុវត្តន៍តាមកាតព្វកិច្ចទាំងឡាយរបស់វានោះ អ្នកទាំងនោះហើយគឺអ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់)យ៉ាងពិតប្រាកដ ដោយពួកគេបានអនុវត្តន៍តាមការបង្គាប់ប្រើរបស់ម្ចាស់ពួកគេ និងបានជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។
Zümer 39:34
ពួកគេនឹងទទួលបាននូវការសើយសុខជាអមតៈពីម្ចាស់របស់ពួកគេតាមអ្វីដែលពួកគេចង់បាន។ នោះហើយគឺជាការតបស្នងរបស់បណ្តាអ្នកដែលសាងអំពើល្អជាមួយអ្នកដែលបង្កើតពួកគេ(អល់ឡោះជាម្ចាស់) និងជាមួយខ្ញុំបម្រើរបស់ទ្រង់នោះ។
Zümer 39:35
ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាងនៅក្នុងលោកិយ ព្រោះតែការសារភាពកំហុសរបស់ពួកគេពីទង្វើនោះ ហើយបានវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញ។ ហើយទ្រង់នឹងតបស្នងឲ្យពួកគេនូវផលបុណ្យរបស់ពួកគេដែលល្អប្រសើរជាងទង្វើកុសលដែលពួកគេធ្លាប់បានសាងនោះទៅទៀត។
Zümer 39:36
តើមិនគ្រប់គ្រាន់ទេឬដែលអល់ឡោះជាអ្នកថែរក្សាខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ចំពោះកិច្ចការសាសនារបស់គេ និងកិច្ចការលោកិយរបស់គេ ហើយការពារគេពីសត្រូវរបស់គេនោះ? ពិតមែនហើយ ទ្រង់គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ។ ហើយពួកគេបានបន្លាចអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីរូបបដិមាទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ ដោយថាវាអាចបង្កផលអាក្រក់ណាមួយដល់អ្នក ព្រោះតែភាពល្ងង់ខ្លៅរបស់ពួកគេនោះ។ ហើយជនណាដែលអល់ឡោះបានធ្វើឲ្យគេវង្វេងដោយទ្រង់មិនប្រទាននូវការចង្អុលបង្ហាញដល់គេទេនោះ ពិតប្រាកដណាស់ គឺគ្មានអ្នកណាម្នាក់ដែលអាចចង្អុលបង្ហាញរូបគេ(ទៅរកមាគ៌ាដែលត្រឹមត្រូវ)នោះឡើយ។
Zümer 39:37
ហើយជនណាដែលអល់ឡោះចង្អុលបង្ហាញដល់រូបគេនោះ ក៏គ្មានអ្នកណាម្នាក់មានសមត្ថភាពអាចធ្វើឲ្យគេវង្វេងបាននោះដែរ។ តើពុំមែនទេឬដែលអល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ជាអ្នកដែលផ្តន្ទាទោសចំពោះអ្នកដែលប្រឆាំងនឹងទ្រង់ និងប្រព្រឹត្តល្មើសនឹងទ្រង់នោះ? ពិតមែនហើយ ប្រាកដណាស់ ទ្រង់ជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអានុភាពបំផុតក្នុងការផ្តន្ទាទោស(ចំពោះពួកទាំងនោះ)។
Zümer 39:38
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីនោះ ពួកគេប្រាកដជានឹងឆ្លើយថា គឺអល់ឡោះជាអ្នកដែលបានបង្កើតពួកវាទាំងនោះ។ ចូរអ្នកពោលទៅកាន់ពួកគេដើម្បីជាការបង្ហាញពីភាពអសមត្ថភាពនៃព្រះទាំងឡាយរបស់ពួកគេចុះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះទាំងនោះ ប្រសិនបើអល់ឡោះទ្រង់មានបំណងចង់ឲ្យខ្ញុំទទួលរងនូវគ្រោះថ្នាក់អ្វីមួយនោះ តើរូបបដិមានេះអាចបំបាត់(ការពារ)គ្រោះថ្នាក់នោះចេញអំពីខ្ញុំបានដែរឬទេ? ឬក៏ ប្រសិនបើម្ចាស់របស់ខ្ញុំមានចេតនាប្រទានឲ្យខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់នោះ តើបដិមានោះអាចរារាំងក្តីមេត្តាករុណានោះអំពីខ្ញុំបានដែរឬទេ? ចូរអ្នកពោលចុះថាៈ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ ខ្ញុំប្រគល់ការទុកចិត្តទៅលើទ្រង់ទាំងស្រុងនូវរាល់កិច្ចការរបស់ខ្ញុំទាំងអស់ ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តទាំងឡាយ ប្រគល់ការទុកចិត្ត(ទៅចំពោះទ្រង់)នោះ។
Zümer 39:39
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកធ្វើចុះតាមរបៀបដែលពួកអ្នកពេញចិត្តនៃការប្រព្រឹត្តស្ហ៊ីរិកចំពោះអល់ឡោះនោះ ចំណែកខ្ញុំវិញ ក៏ធ្វើទៅតាមអ្វីដែលម្ចាស់របស់ខ្ញុំបានបង្គាប់ប្រើចំពោះខ្ញុំ ដូចជាការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមានភាពស្មោះសក្នុងគោរពសក្ការៈចំពោះទ្រង់ដូចគ្នាដែរ។ ពិតប្រាកដណាស់ ពួកអ្នកគង់តែនឹងដឹងពីលទ្ធផលចុងក្រោយនៃមាគ៌ាដែលគ្រប់គ្នាប្រកាន់យកជាមិនខាន។
Zümer 39:40
ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មលោកិយនឹងធ្លាក់ទៅលើគេដែលនឹងធ្វើឲ្យគេទាបថោក និងអាម៉ាស់នោះ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏អមតៈនឹងធ្លាក់ទៅលើរូបគេជាមិនខាន ដោយវាគ្មានទីបញ្ចប់ និងគ្មានស្រាកស្រាន្តឡើយ។
Zümer 39:41
ពិតប្រាកដណាស់ យើងបានបញ្ចុះទៅឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន សម្រាប់មនុស្សលោកប្រកបដោយការពិត ដើម្បីឲ្យអ្នកដាស់តឿនព្រមានពួកគេ។ ដូច្នេះ ជនណាហើយដែលទទួលបានការចង្អុលបង្ហាញនោះ ជាការពិតណាស់ ផលនៃទទួលបានការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេប៉ុណ្ណោះ ព្រោះថា ការដែលទទួលបានការចង្អុលបង្ហាញរបស់គេនោះ គឺពុំផ្តល់ផលប្រយោជន៍អ្វីសម្រាប់អល់ឡោះជាម្ចាស់ឡើយ ពីព្រោះទ្រង់មិនត្រូវការវានោះទេ។ ហើយជនណាដែលវង្វេងអំពីការពិតនោះ គ្រោះថ្នាក់នៃការវង្វេងរបស់គេ គឺធ្លាក់ទៅលើរូបគេផ្ទាល់ ព្រោះថា ការវង្វេងរបស់គេនោះ គឺពុំបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេដោយបង្ខំពួកគេឲ្យទទួលបានការចង្អុលបង្ហាញនោះឡើយ។ តាមពិត តួនាទីរបស់អ្នក គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបានបង្គាប់ប្រើអ្នកឲ្យផ្សព្វផ្សាយវានោះឡើយ។
Zümer 39:42
អល់ឡោះជាម្ចាស់ គឺជាអ្នកដែលដកយកព្រលឹងទាំងឡាយនៅពេលដែលជីវិតរបស់គេដល់ទីបញ្ចប់ ហើយទ្រង់ក៏ជាអ្នកដែលដកយកព្រលឹងទាំងឡាយដែលមិនទាន់ដល់ពេលកំណត់របស់វានៅពេល(ដែលគេ)ដេកលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឲ្យគេស្លាប់ ហើយទ្រង់នឹងបញ្ជូន(ព្រលែង)ព្រលឹងទាំងឡាយដែលទ្រង់មិនទាន់កំណត់ឲ្យគេស្លាប់នោះមក(រកខ្លួនប្រាណរបស់គេ)វិញ រហូតដល់ពេលវេលាដែលបានកំណត់ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ ពិតប្រាកដណាស់ នៅក្នុងការដកយកព្រលឹង ការបញ្ជូនព្រលឹងមកវិញ ការធ្វើឲ្យស្លាប់ និងការធ្វើឲ្យរស់នោះ គឺជាភស្តុតាងសម្រាប់អ្នកដែលចេះគិតពិចារណាទៅលើថា ពិតណាស់អ្នកដែលអាចធ្វើបែបនោះបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញក្រោយពីពួកគេបានស្លាប់ ដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងដែរ។
Zümer 39:43
ពិតប្រាកដណាស់ ពួកមុស្ហរីគីនបានយករូបបដិមាទាំងឡាយរបស់ពួកគេធ្វើជាអ្នកជួយអន្តរាគមន៍ក្រៅពីអល់ឡោះជាម្ចាស់ ដោយពួកគេសង្ឃឹមថា ពួកវា(ព្រះទាំងនោះ)អាចផ្តល់ផលប្រយោជន៍ដល់ពួកគេបាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ តើពួកអ្នកយកពួកវាធ្វើជាអ្នកជួយអន្តរាគមន៍ឬ បើទោះបីជាពួកវាគ្មានលទ្ធភាព(ជួយ)អ្វីសោះទៅលើពួកអ្នក ហើយក៏គ្មានលទ្ធភាពអ្វីសោះទៅខ្លួនពួកវាផ្ទាល់ ហើយពួកវាក៏គ្មានប្រាជ្ញាចេះគិតផងនោះ? ពិតណាស់ ពួកវាគឺជាវត្ថុគ្មានជីវិត ដែលមិនចេះនិយាយ មិនចេះស្តាប់ មិនអាចមើលឃើញ មិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដែរអ្វីនោះដែរ។
Zümer 39:44
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ការជួយអន្តរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គ្មាននរណាម្នាក់អាចជួយអន្តរាគមន៍ដល់នរណាម្នាក់នៅចំពោះមុខទ្រង់បានឡើយ លើកលែងតែដោយ(មាន)ការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ ហើយគេក៏មិនអាចជួយអន្តរាគមន៍បានដែរ លើកលែងតែអ្នកដែលទ្រង់ចេញចិត្ត(ចំពោះគេ)ប៉ុណ្ណោះ។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
Zümer 39:45
ហើយនៅពេលដែលមានរំលឹកពីអល់ឡោះជាម្ចាស់តែមួយគត់នោះ ចិត្តរបស់ពួកមុស្ហរីគីនដែលគ្មានជំនឿនឹងថ្ងៃបរលោក ក៏ដូចជា(គ្មានជំនឿនឹង)ហេតុការណ៍ដែលនឹងកើតឡើងនៅថ្ងៃនោះ ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ និងការទទួលការតបស្នងនោះ មានការខ្ពើមរអើម។ តែនៅពេលដែលគេរំលឹកពីរូបបដិមានានាដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ស្រាប់តែពួកគេសប្បាយរីករាយ។
Zümer 39:46
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាម្ចាស់ ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមក ជាអ្នកដែលដឹងនូវអ្វីដែលជាប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ! ទ្រង់តែមួយគត់ដែលជាអ្នកកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់មានការខ្វែងគំនិតគ្នាកាលនៅលើលោកិយ ដោយទ្រង់នឹងបញ្ជាក់ប្រាប់ថា អ្នកណាត្រូវ អ្នកណាខុស អ្នកណាដែលជាអ្នកមានសុភមង្គល ហើយអ្នកណាជាអ្នកដែលអពមង្គល។
Zümer 39:47
ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសនោះ ប្រសិនបើពួកគេមានអ្វីគ្រប់យ៉ាងនៅលើលោកិយនេះនៃទ្រព្យសម្បត្តិដ៏មហាសាលនោះ ពួកគេប្រាកដជានឹងយកទ្រព្យសម្បត្តិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មដ៏ខ្លាំងក្លាដែលពួកគេបានឃើញក្រោយពីពួកគេត្រូវបានគេពង្រស់(ឲ្យក្រោកចេញពីផ្នូរ)ជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនអាចធ្វើបែបនោះបានឡើយ ហើយបើទោះបីថាពួកគេអាចធ្វើបែបនោះបានក៏ដោយ ក៏គេមិនទទួលយកពីពួកគេនោះដែរ។ ហើយទណ្ឌកម្មជាច្រើនប្រភេទអំពីអល់ឡោះដែលពួកគេមិនធ្លាក់គិតថា វានឹងអាចកើតឡើងនោះ បានលាតត្រដាងឡើងចំពោះពួកគេ។
Zümer 39:48
ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាង ដូចជាការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)នោះ ក៏បានលាតត្រដាងឡើងចំពោះ(មុខ)ពួកគេផងដែរ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកចំពោះវាកាលនៅលើលោកិយនៅពេលដែលមានគេបន្លាចពួកនោះ គឺបានហ៊ុមព័ទ្ធពួកគេ។
Zümer 39:49
នៅពេលដែលពួកប្រឆាំងបានទទួលរងនូវជំងឺឈឺថ្កាត់ ឬភាពក្រខ្សត់ ឬអ្វីផ្សេងទៀតនោះ គឺរូបគេបានបួងសួងមកចំពោះយើងដើម្បីឲ្យយើងបំបាត់នូវគ្រោះដែលគេកំពុងជួបនោះ។ បន្ទាប់មក នៅពេលដែលយើងប្រទានឲ្យគេនូវឧបការគុណ ដូចជាមានសុខភាពល្អ និងទ្រព្យសម្បត្តិនោះ ពួកប្រឆាំងនោះបែរជានិយាយថាៈ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ប្រទាននូវប្រការទាំងនេះឲ្យខ្ញុំ ព្រោះទ្រង់ដឹងថា ខ្ញុំសក្តិសមនឹងទទួលបានវា។ តែតាមការពិត វាជាការសាកល្បងចំពោះគេ និងជាការល្បួងចំពោះគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកប្រឆាំងមិនបានដឹងអំពីរឿងនេះឡើយ។ ដូច្នេះហើយ ពួកគេក៏បានចាញ់បោកចំពោះអ្វីដែលអល់ឡោះបានប្រទានជាឧបការគុណចំពោះពួកគេនោះ។
Zümer 39:50
ពិតប្រាកដណាស់ ពួកប្រឆាំងជំនាន់មុនពួកគេក៏ធ្លាប់បាននិយាយពាក្យនេះដែរ។ ដូច្នេះ អ្វីដែលពួកគេបានប្រឹងប្រែងរកស្វែងរកកន្លងមក ដូចជាទ្រព្យសម្បត្តិនិងបុណ្យសក្តិនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីបន្តិចសោះឡើយសម្រាប់ពួកគេ។
Zümer 39:51
ដូច្នេះ ពួកគេបានទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានសាងនៃអំពើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើស។ ហើយពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើស ក្នុងចំណោមពួកគេនាពេលបច្ចុប្បន្ននេះ ពួកគេគង់តែនឹងទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេបានសាងដូចពួកជំនាន់មុននោះដែរមិនខានឡើយ។ ហើយពួកគេមិនអាចគេចផុតពីអល់ឡោះ ហើយក៏មិនអាចយកឈ្នះអល់ឡោះជាម្ចាស់បានជាដាច់ខាត។
Zümer 39:52
តើពួកមុស្ហរីគីនទាំងនេះបាននិយាយដូចពាក្យសម្តីដែលអ្នកជំនាន់មុនបាននិយាយនោះឬ? ហើយពួកគេមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងចំពោះគេ ថាតើគេចេះដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងចំពោះគេ ថាតើគេអត់ធ្មត់ ឬក៏ខឹសម្បាទៅលើព្រេងវាសនាដែលអល់ឡោះបានកំណត់? ពិតប្រាកដណាស់ ចំពោះការបើកទូលាយលាភសក្ការៈ និងការត្បិតត្បៀតលាភសក្ការៈដែលបានលើកឡើងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើការចាត់ចែងរបស់អល់ឡោះ សម្រាប់បណ្តាអ្នកដែលមានជំនឿទាំងឡាយ ពីព្រោះពួកគេ គឺអ្នកដែលទទួលបានផលប្រយោជន៍អំពីភស្តុតាងទាំងនោះ។ រីឯពួកប្រឆាំងវិញ ពិតណាស់ពួកគេបានឆ្លងកាត់ភស្តុតាងទាំងនេះ តែពួកគេបែរជាងាកចេញ(មិនគិតពិចារណា)ចំពោះវាទៅវិញ។
Zümer 39:53
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលបានបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសថាៈ ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និង(កុំអស់សង្ឃឹម)ពីការអភ័យទោសរបស់ទ្រង់ចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងអស់ចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសារភាពកំហុស មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Zümer 39:54
ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកដោយការសារភាពកំហុស និងសាងទង្វើកុសល ព្រមទាំងប្រគល់ខ្លួនចំពោះទ្រង់ មុនពេលដែលទណ្ឌកម្មថ្ងៃបរលោកបានមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនឃើញរូបបដិមាទាំងឡាយរបស់ពួកអ្នក ហើយនិងក្រុមគ្រួសាររបស់ពួកអ្នកអាចជួយសង្គ្រោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មបានឡើយ។
Zümer 39:55
ហើយចូរពួកអ្នកប្រតិបត្តិតាមគម្ពីរគួរអានដែលជាអ្វីដែលប្រសើរជាងគេបំផុតដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ចូរពួកអ្នកអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់វា(គម្ពីរគួរអាន) និងចៀសវាងពីបម្រាមទាំងឡាយរបស់វា មុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នកភ្លាមៗខណៈដែលពួកអ្នកមិនដឹងខ្លួនជាមុន ដោយមិនបានត្រៀមខ្លួនសម្រាប់វាដោយការសារភាពកំហុសនោះ។
Zümer 39:56
ចូរពួកអ្នកធ្វើបែបនោះចុះ ដើម្បីកុំឲ្យបុគ្គលណាម្នាក់និយាយទាំងមានវិប្បដិសារីបំផុតនៅថ្ងៃបរលោកថាៈ គួរឲ្យសោកស្តាយខ្លាំងណាស់ដែល(ពួកយើង)បានធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបានប្រឆាំងនិងប្រព្រឹត្តល្មើស(ចំពោះទ្រង់) និងធ្លាប់តែបានមើលងាយបណ្តាអ្នកមានជំនឿ និងអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះនោះ។
Zümer 39:57
ឬក៏និយាយយកលេស(ដោះសារ)នឹងព្រេងវាសនាដែល(អល់ឡោះ)បានកំណត់ ដោយនិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់ប្រទាននូវការចង្អុលបង្ហាញដល់ខ្ញុំនោះ ប្រាកដជាខ្ញុំនឹងស្ថិតក្នុងចំណោមបណ្តាអ្នកដែលកោតខ្លាចចំពោះទ្រង់ ហើយខ្ញុំនឹងប្រតិបត្តិតាមនូវការបង្គាប់ប្រើរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ជាមិនខាន។
Zümer 39:58
ឬក៏និយាយនៅពេលដែលគេបានឃើញទណ្ឌកម្មដោយក្តីប្រាថ្នាថាៈ ប្រសិនបើខ្ញុំអាចវិលត្រឡប់ទៅលោកិយវិញម្តងទៀតនោះ ជាការពិតណាស់ ខ្ញុំនឹងសារភាពកំហុសចំពោះអល់ឡោះ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។
Zümer 39:59
រឿងនោះ គឺមិនដូចការដែលអ្នកអះអាងថាអ្នកប្រាថ្នាចង់ទទួលបានការចង្អុលបង្ហាញនោះទេ។ ជាការពិតណាស់ ភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នករួចហើយ តែអ្នកបែរជាបដិសេធ និងបានក្រអឺតក្រទមទៅវិញ ហើយអ្នកថែមទាំងបានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងភស្តុតាងរបស់ទ្រង់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ថែមទៀត។
Zümer 39:60
ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហកទៅលើអល់ឡោះដោយចោទថា ទ្រង់មានដៃគូ និងទ្រង់មានបុត្រនោះ (អ្នកនឹងឃើញ)មុខរបស់ពួកគេខ្មៅងងឹតដែលជាសញ្ញាបញ្ជាក់ពីភាពអពមង្គលរបស់ពួកគេ។ តើពុំមែនទេឬ នៅក្នុងនរកជើហាន់ណាំ គឺជាកន្លែងរបស់ពួកដែលក្រអឺតក្រទមពីការមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ? ពិតមែនហើយ នៅក្នុងឋាននរកនោះ គឺជាកន្លែងសម្រាប់ពួកគេ។
Zümer 39:61
ហើយអល់ឡោះជាម្ចាស់នឹងផ្តល់សុវត្ថិភាពដល់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ឲ្យពួកគេរួចផុតពីទណ្ឌកម្ម ដោយបញ្ចូលពួកគេទៅកាន់កន្លែងជោគជ័យរបស់ពួកគេ នោះគឺឋានសួគ៌។ ទណ្ឌកម្មនឹងមិនអាចបៀតបៀនពួកគេបានឡើយ ហើយពួកគេក៏ពុំមានទុក្ខព្រួយចំពោះលាភសំណាងលោកិយដែលបានកន្លងផុតពីពួកគេនោះដែរ។
Zümer 39:62
អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ដូចនេះ គ្មានអ្នកបង្កើតណាផ្សេងក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ជាអ្នកថែរក្សារាល់អ្វីៗទាំងអស់ ដោយទ្រង់រៀបចំកិច្ចការរបស់វា និងចាត់ចែងវាទៅតាមអ្វីដែលទ្រង់មានចេតនា។
Zümer 39:63
កូនសោរឃ្លាំងនៃប្រការល្អទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់ប្រទានវាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយរារាំងវា(មិនប្រទានឲ្យ)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះនោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ ដោយសារតែពួកគេត្រូវបានរារាំងពីការមានជំនឿនៅក្នុងជីវិតលោកិយរបស់ពួកគេ និងដោយសារតែពួកគេនឹងត្រូវចូលឋាននរកជាអមតៈនៅថ្ងៃបរលោក។
Zümer 39:64
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលកំពុងតែអូសទាញអ្នកឲ្យគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេថាៈ ឱពួកដែលល្ងង់ខ្លៅក្នុងរឿងម្ចាស់របស់ពួកអ្នក! តើពួកអ្នកប្រើខ្ញុំឲ្យគោរពសក្ការៈទៅចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ឬ? មិនសក្តិសមត្រូវគោរពសក្ការៈនោះទេ លើកលែងតែចំពោះអល់ឡោះតែមួយគត់។ ដូចនេះ ខ្ញុំមិនគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ជាដាច់ខាត។
Zümer 39:65
ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយទ្រង់ក៏បានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកផងដែរថាៈ ប្រសិនបើអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះរួមជាមួយនឹងទ្រង់នោះ ផលបុណ្យនៃទង្វើកុសលទាំងឡាយរបស់អ្នក(ដែលអ្នកបានសាងកន្លងមក)ពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់នៅក្នុងលោកិយនេះ ដោយបានខាតបង់សាសនាពិតរបស់អ្នក ហើយនឹងត្រូវទទួលទណ្ឌកម្មនៅថ្ងៃបរលោកជាមិនខាន។
Zümer 39:66
ផ្ទុយទៅវិញ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះឡើយ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានឲ្យអ្នកចុះ។
Zümer 39:67
ហើយពួកមុស្ហរីគីនមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឲ្យសក្តិសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែលពួកគេបានធ្វើការគោរពសក្ការៈទៅចំពោះម៉ាខ្លូករបស់ទ្រង់ដែលទន់ខ្សោយនិងអសមត្ថភាពរួមជាមួយនឹងទ្រង់ ហើយពួកគេបែរជាភ្លេចពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ ដែលក្នុងចំណោមសក្ខីភាពដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់នោះគឺ ពិតប្រាកដណាស់ ភពផែនដី រួមទាំងភ្នំ ដើមឈើ និងសមុទ្រទាំងឡាយដែលនៅលើផែនដីនោះ គឺស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក។ ហើយមេឃទាំងប្រាំពីរជាន់ គឺត្រូវបានមូរដោយដៃស្តាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ចាកផុតពីអ្វីដែលពួកមុស្ហរីគីនបានចោទប្រកាន់ និងបានជឿជាក់នោះ។
Zümer 39:68
នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី បានស្លាប់ទាំងអស់ លើកលែងតែអ្នកដែលទ្រង់មានចេតនាប៉ុណ្ណោះ។ បន្ទាប់មក ម៉ាឡាអ៊ីកាត់នោះក៏បានផ្លុំត្រែម្តងទៀតដើម្បីពង្រស់(ពួកគេ)ឲ្យរស់ឡើងវិញ ស្រាប់តែអ្នកដែលបានរស់ឡើងវិញទាំងអស់នោះ ក្រោកឈររង់ចាំមើល ថាតើអល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើយ៉ាងដូចម្តេចចំពោះពួកគេ ។
Zümer 39:69
ហើយផែនដីត្រូវបានបំភ្លឺឡើង នៅពេលដែលម្ចាស់ដ៏មហាខ្លាំងពូកែបានបង្ហាញខ្លួន(យាងមក)ដើម្បីកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ។ ហើយសៀវភៅកំណត់ត្រាទង្វើរបស់មនុស្សលោកត្រូវបានគេចែកឲ្យ(មនុស្សគ្រប់គ្នា)។ ហើយគេបាននាំបណ្តាព្យាការីទាំងឡាយមក និងបាននាំប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់មកផងដែរ ដើម្បីឲ្យពួកគេ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ធ្វើជាសាក្សីសម្រាប់បណ្តាព្យាការីទាំងឡាយប្រឆាំងនឹងក្រុមរបស់ពួកគេ(ព្យាការីទាំងនោះ)។ ហើយអល់ឡោះនឹងកាត់សេចក្តីរវាងពួកគេទាំងអស់គ្នាដោយភាពយុត្តិធម៌បំផុត ដោយនៅក្នុងថ្ងៃនោះ ពួកគេមិនត្រូវបានគេបំពានដោយបន្ថែមនូវអំពើអាក្រក់ ឬកាត់បន្ថយកុសលផលបុណ្យរបស់គេ(ដែលគេបានសាង)នោះឡើយ។
Zümer 39:70
ហើយអល់ឡោះជាម្ចាស់ទ្រង់ប្រទាននូវការតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូប មិនថាអំពើល្អ ឬអំពើអាក្រក់(ដែលគេបានសាង)នោះទេ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកគេ មិនថាល្អឬអាក្រក់ អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេក្នុងថ្ងៃនេះ(ថ្ងៃបរលោក)ទៅតាមទង្វើរបស់ពួកគេដែលពួកគេបានសាង។
Zümer 39:71
ហើយបណ្តាម៉ាឡាអ៊ីកាត់បានកៀងពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗដោយភាពថោកទាបបំផុត។ លុះនៅពេលដែលពួកគេបានមកដល់ឋាននរកជើហាន់ណាំហើយនោះ ឆ្មាំនរកដែលជាម៉ាឡាអ៊ីកាត់នោះបានបើកបណ្តាទ្វារឋាននរកឲ្យពួកគេ និងបានទទួលពួកគេដោយការស្តីបន្ទោស ដោយបាននិយាយទៅកាន់ពួកគេថាៈ តើអ្នកនាំសារទាំងឡាយដែលមកពីពូជសាសន៍របស់ពួកអ្នកមិនបានមកដល់ពួកអ្នក ដោយពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់ម្ចាស់ពួកអ្នកដែលត្រូវបានបញ្ចុះទៅកាន់ពួកគេ និងបានព្រមានបន្លាចពួកអ្នកពីជំនួបនៅថ្ងៃបរលោក ដោយសារតែនៅក្នុងថ្ងៃនោះ គឺមានទណ្ឌកម្មយ៉ាងខ្លាំងក្លាទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបដោយទទួលស្គាល់កំហុសខ្លួនឯងថាៈ ពិតមែនហើយ រឿងទាំងអស់នោះពិតជាបានកើតឡើងដូច្នោះមែន។ ក៏ប៉ុន្តែពាក្យសម្តីដាក់ទណ្ឌកម្មនោះ ត្រូវបានកំណត់ទៅលើពួកប្រឆាំង ហើយពួកយើង ធ្លាប់ជាពួកដែលប្រឆាំង។
Zümer 39:72
មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈមើលងាយ និងធ្វើឲ្យពួកគេអស់សង្ឃឹមពីមេត្តាករុណារបស់អល់ឡោះ និង(អស់សង្ឃឹម)ពីការអាចចេញពីឋាននរកវិញថាៈ ចូរពួកអ្នកចូលទៅតាមទ្វារនានារបស់នរកជើហាន់ណាំចុះ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមមិនព្រមទទួលយកសេចក្តីពិតនោះ គឺអាក្រក់បំផុត។
Zümer 39:73
ហើយម៉ាឡាអ៊ីកាត់ទាំងឡាយបាននាំបណ្តាអ្នកមានជំនឿដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តន៍តាមការបង្គាប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ទ្រង់ ទៅកាន់ឋានសួគ៌ទាំងក្រុមៗដោយភាពទន់ភ្លន់ និងលើកតម្កើងពួកគេ។ លុះនៅពេលដែលពួកគេបានមកដល់ឋានសួគ៌ហើយនោះ គេក៏បើកទ្វារនានារបស់ឋានសួគ៌នោះឲ្យពួកគេ ហើយអ្នកយាមទ្វារឋានសួគ៌បាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្តិភាពពីប្រការគ្រោះថ្នាក់ និងពីរាល់ប្រការទាំងឡាយដែលអ្នកមិនពេញចិត្តនោះ កើតមានចំពោះពួកអ្នក។ ចិត្តរបស់ពួកអ្នកនិងទង្វើរបស់ពួកអ្នក គឺស្អាតស្អំហើយ។ ដូច្នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។
Zümer 39:74
ហើយបណ្តាអ្នកមានជំនឿទាំងឡាយ នៅពេលដែលពួកគេបានចូលទៅក្នុងឋានសួគ៌ហើយនោះ ពួកគេក៏បាននិយាយថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំពេញនូវការសន្យារបស់ទ្រង់ដែលទ្រង់បានសន្យាចំពោះពួកយើង តាមរយៈពាក្យសម្ដីនៃបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ជាការពិតណាស់ ទ្រង់បានសន្យាថា នឹងបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ ហើយទ្រង់ក៏បានប្រទានឲ្យពួកយើងនូវមត៌កនៃទឹកដីនៃឋានសួគ៌(ពិតប្រាកដមែន) ដោយពួកយើងអាចរស់នៅទីកន្លែងណាក៏ដោយតាមតែពួកយើងប្រាថ្នា។ ដូច្នេះ ផលបុណ្យ(ការតបស្នង)របស់បណ្តាអ្នកដែលបានសាងទង្វើកុសលដោយស្វែងរកការពេញចិត្តពីម្ចាស់របស់ពួកគេនោះ គឺល្អប្រសើរបំផុត។
Zümer 39:75
ហើយនៅក្នុងថ្ងៃនោះ គេនឹងឃើញម៉ាឡាអ៊ីកាត់ទាំងឡាយនៅព័ទ្ធជុំវិញអារ៉ស្ហ ដោយពួកគេលើកតម្កើងអល់ឡោះជាម្ចាស់អំពីប្រការទាំងឡាយដែលមិនសក្តិសមនឹងទ្រង់ ដែលពួកប្រឆាំងបានចោទប្រកាន់ទៅលើទ្រង់។ ហើយអល់ឡោះទ្រង់កាត់សេចក្តីរវាងម៉ាខ្លូកទាំងអស់ដោយភាពយុត្តិធម៌។ ដូច្នេះ ទ្រង់លើកតម្កើងជនណាដែលត្រូវលើកតម្កើង និងដាក់ទណ្ឌកម្មជនណាដែលត្រូវដាក់។ ហើយមានគេនិយាយថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ចំពោះការកាត់សេចក្តីរបស់ទ្រង់ ដោយសារការកាត់ក្តីរបស់ទ្រង់ដែលប្រកបដោយក្តីមេត្តាករុណាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយដាក់ទណ្ឌកម្មចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាពួកគ្មានជំនឿ។